បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​សំបុត្រ​ទូទៅទី​មួយ​របស់​យ៉ូហាន


សេចក្ដីផ្ដើម​នៃ​សំបុត្រ​ទូទៅទី​មួយ​របស់​យ៉ូហាន

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

នៅ​ក្នុង​សំបុត្រ​នេះ យ៉ូហាន​បាន​លើក​ឡើង​អំ​ពីការ​​រាលដាលដ៏​គ្រោះថ្នាក់​នៃ​ការ​ក្បត់​សាសនា ​ដែល​កំពុង​រីកសាយ​ភាយ​ក្នុង​សាសនា​ចក្រ ។ លោក​បាន​ព្រមាន​ពួក​បរិសុទ្ធ​កុំ​ឲ្យ​ចូល​រួម​នឹង​សេចក្ដី​ងងឹត ហើយ​បន្ត​នៅ​ក្នុង​ទី​សុវត្ថិភាព​នៃ​​ពន្លឺ​នៃ​ដំណឹងល្អ ។ ការ​សិក្សា​យ៉ូហាន​ទី ១ អាច​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​​កាន់​តែ​ច្បាស់​ពី​​ការ​បង្រៀន​ក្លែង​ក្លាយ​នានា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និងការ​ធ្វើ​តាម​​ការ​ទូន្មាន​របស់​យ៉ូហាន​អាច​ជួយ​ពួកគេ ​ឲ្យ​រក្សា​ភាព​ជិតស្និទ្ធ​នឹង​ព្រះអម្ចាស់ កាល​ពួក​គេ​កាន់​ខ្ជាប់​នៅ​ក្នុង​សេចក្ដីពិត​នោះ ។ លើស​ពី​នេះ​ទៀត ការ​សិក្សា​គម្ពីរ​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​អំ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ ​ដែល​ព្រះវរបិតា​សួគ៌​មាន​ចំពោះ​កូនចៅ​រ​បស់​ទ្រង់​ម្នាក់ៗ ដែល​ទ្រង់​បាន​បង្ហាញ​ដោយ​ប្រទាន​​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ជា​ពលិកម្ម​​មួយ​សម្រាប់​មនុស្ស​លោក​គ្រប់រូប ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

« នៅ​ក្នុង​សំបុត្រ​ទាំង​បី​នេះ អ្នក​សរសេរ​ពុំ​បានដាក់​ឈ្មោះ​ខ្លួន​ឡើយ ប៉ុន្តែ​តាម​ប្រពៃណី​ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​របស់​យ៉ូហាន » ជា​សាវក​ដើម​មួយ​រូប​ក្នុង​ចំណោម​សាវក​ទាំងពីរ ( Bible Dictionary « John, Epistles of » ) ។

អ្នក​សរសេរ​សំបុត្រ​យ៉ូហាន គឺជា​សាក្សី​មួយ​រូប​អំពី​ព្រះអង្គ​សង្គ្រោះ​​ដែល​មាន​ព្រះជន្ម​ឡើងវិញ ដែល​ពិត​ជា​សាវក​យ៉ូហាន ( សូម​មើល យ៉ូហាន​ទី១ ១:១–៤, ៤:១៤ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

គ្មាន​នរណា​ម្នាក់​ដឹង​ពិត​ប្រាកដ​ពី​ពេវេលា និង​ទីកន្លែង​ដែល​យ៉ូហាន​ទី១ ត្រូវ​សរសេរ​ឡើង​នោះ​​ទេ ។ វា​ទំនង​ជា​ត្រូវបានសរសេរ​ឡើង​ប្រមាណ​ជា​ចុង​សតវត្សរ៍​ទីមួយនៃ គ.ស. ។

ទោះ​បី​ជា​យ៉ូហាន​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​ក្នុង​ជីវិត​របស់​លោក ​កាល​ពី​ក្មេង​នៅ​ស្រុក​ប៉ាឡេស្ទីន​​ក្ដី ក៏​តំបន់​នេះ​ជា​សត្រូវ​នឹង​ពួក​គ្រីស្ទាន និង​ពួក​សាសន៍​យូដា​ដែរ ដែល​បន្សល់​​នូវ​ការ​បំផ្លិច​បំផ្លាញ​ក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ​នៅ​ទី​នោះ​ក្នុង គ.ស. ៧០ ។ តាម​ប្រពៃណី​ចែង​ថា យ៉ូហាន​បាន​ចាក​ចេញ​ពី​ស្រុក​ប៉ាឡេស្ទីន​ទៅ​រស់​នៅ​ក្រុង​អេភេសូរ ​កាល​លោក​មាន​វ័យ​ចំណាស់ ។ ប្រសិន​បើ​ដូច្នេះ​មែន យ៉ូហាន​អាច​សរសេរ​សំបុត្រ​នេះ​​នៅ​ក្រុង​អេភេសូ​រ​ចន្លោះ គ.ស.​ ៧០ និង ១០០ ។

តើ​គម្ពី​រនេះ​ត្រូវបាន​សរសេរ​ឡើងទៅ​កាន់​​នរណា ហើយ​តើ​ហេតុអ្វី​ដែរ ?

ពួក​អ្នក​អាន​របស់​យ៉ូហាន​ទី១ ពុំ​បាន​អធិប្បាយ​​​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​វា​ទំនង​ដូច​ជា​យ៉ូហាន​សរសេរ​ទៅ​ពួក​អ្នក​ជឿ ( សូមមើល យ៉ូហាន​ទី១ ១:៣–៤, ២:១២–១៤ ) ប្រហែល​ជា​ប្រជាជន​នៅ​ក្នុង​អាស៊ីតូច ( ប្រទេស​​តួគី​បច្ចុប្បន្ន ) ជា​កន្លែង​ដែល​ប្រភព​នៃ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ពោល​ថា យ៉ូហាន​ធ្លាប់​​បាន​រស់នៅ ហើយ​ធ្វើ​ការ​ងារ​បម្រើ​នៅ​ក្នុង​ចុង​សតវត្សរ៍​ទី​មួយ គ.ស. ។

នៅ​ពេល​នេះ ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​បាន​បង្កើត​កលល្បិច ឬ​ការ​បែង​ចែក​មួយ​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ក្នុង​ភូមិ​ភាគ​នោះ ( សូម​មើល យ៉ូហាន​ទី១ ២:១៨–១៩, ២២, ២៦, ៤:១ ) ហើយ​​ការ​ក្បត់​សាសនា​កំពុង​រីក​សាយភាយ​​ក្នុង​សាសនាចក្រ ។ ទស្សនវិជ្ជា​​ដ៏​ជាក់​លាក់​មួយ​ ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​គឺ​ការ​បង្រៀន​ដូសិត ។ ការ​បង្រៀន​ដូសិត ​គឺជា​ផ្នែក​មួយ​នៃ​ចលនា​មួយ​ដ៏​ធំ​​ដែល​ត្រូវ​គេ​ស្គាល់​ថា សាសនា​ង៉ូស្ទីក ។ ការ​បង្រៀន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទម្រង់​ជា​ច្រើន​នៃ​សាសនា​ង៉ូស្ទីក​គឺ​ថា វិញ្ញាណ​គឺ​ល្អ​ទាំង​ស្រុង ហើយ​រូបធាតុនោះ​រួម​បញ្ចូល​ថា ​រូបកាយ​ខាង​សាច់​ឈាម គឺ​អាក្រក់​ទាំងស្រុង ។

ពួក​អ្នក​ដើរ​តាម​សាសនា​ង៉ូស្ទីក​បាន​ជឿ​ថា សេចក្ដី​សង្គ្រោះ​ពុំ​អាច​សម្រេច​បាន​ដោយ​ការ​រួច​ផុត​ពី​អំពើ​បាប​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​គឺ​តាមរយៈ​ការ​ធ្វើ​ឲ្យ​វិញ្ញាណ​រួច​ផុត​ពី​រូបធាតុ មាន​ន័យ​ថា​រូបកាយ ។ ពួកគេ​ក៏​ជឿ​ផង​ដែរ​ថា សេចក្ដី​សង្គ្រោះ​ត្រូវ​បាន​​សម្រេច​បាន​តាមរយៈ​ចំណេះដឹង​ពិសេស ( ង៉ូស៊ីស ) ជា​ជាង​តាម​រយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ពួក​អ្នក​ដើរ​តាម​សាសនា​ដូសិត​បាន​គូស​បញ្ជាក់​​ហួស​ពី​និស្ស័យ​ខាង​វិញ្ញាណ​របស់​ព្រះយេស៊ូវ​ ទៅ​ដល់​ចំណុច​ដែល​ថា ពួកគេ​បាន​បដិសេធ​គំនិត​ថា ទ្រង់​មិន​​បាន​យាង​មក​ផែនដី​នៅ​ក្នុង​រូបកាយ​ជា​សាច់ និង​ឈាម​នោះ​ទេ ។ ពួក​គេ​បាន​ជឿ​ថា ព្រះ​គឺ​គ្មាន​រូបរាង អមតៈ ត្រាស់​ដឹង​សព្វ​សារពើ ហើយ​ជា​វិញ្ញាណ ហើយ​ពួកគេ​បាន​ចាត់​ទុក​ថាពិភពលោក​នេះ និង​រូបកាយ​មាន​ភាពពុក​រលួយ ហើយ​អាក្រក់ ។ ហេតុដូច្នេះ​ហើយ ពួក​គេ​បាន​ជឿ​ថា ដោយសារ​ព្រះយេស៊ូវ​គឺជា​ព្រះរាជ​បុត្រា​របស់​ព្រះ នោះ​ទ្រង់​ពុំ​អាច​មាន​បទពិសោធន៍​របស់​មនុស្ស​លោកដែលកំណត់នោះ​បាន​ទេ ។ នៅ​ក្នុង​ទស្សនៈ​របស់​ពួកគេ ព្រះយេស៊ូវ​គ្រីស្ទ​ពុំ​បាន​ប្រសូត​មក​នៅ​ក្នុង​សាច់​ឈាម​នោះ​ទេ ហើយ​ទ្រង់​ក៏​គ្មាន​រូបកាយ ដែល​ហូរ​ឈាម រង​ទុក្ខ សុគត ឬ​រស់​ឡើងវិញ​បាន​ដែរ—ទ្រង់​ទំនង​ជា​អង្គ​ដែល​បង្កើត​អ្វី​ៗ​ទាំង​នេះ​ប៉ុណ្ណោះ ។ សាសនា​ដូសិត កើត​ចេញ​ពី​ភាសា​ក្រិក​ថា ដូកេអូ មាន​ន័យ​ថា « ទំនង » ឬ​ « ប្រហាក់​ប្រហែល » ។

ទោះ​បី​ជា​យ៉ូហាន​ទី១ ឆ្លើយ​បដិសេធ​ពី​ការ​បង្រៀន​ខុស​ឆ្គង​ទាំង​នេះ​ក៏​ដោយ ក៏​វា​ពុំ​បាន​លះបង់ ហើយ​​វា​បាន​លប​ជ្រៀតចូល​ទៅ​ក្នុង​សមាជិក​ភាព​របស់​សាសនាចក្រ​ ។ គោលលទ្ធិ​ខុស​ឆ្គង​ទាំងនេះ និង​គោលលទ្ធិ​ផ្សេង​ទៀត​គឺជា​ផ្នែក​នៃ​អ្វី ដែល​បាន​ដឹកនាំ​ទៅ​រក​ការ​ក្បត់​សាសនា​ដ៏​ធំ ។

តើមានលក្ខណៈពិសេសអ្វីខ្លះ នៅក្នុង​គម្ពីរ​នេះ ?

ក្នុង​នាម​ជា​សាវក​មួយ​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ យ៉ូហាន​គឺជា​សាក្សី​ពិសេស​មួយរូប​អំពី​ព្រះអង្គ​សង្គ្រោះ​ ដែល​មាន​ព្រះជន្ម​ឡើង​វិញ ។ យ៉ូហាន​បាន​ចាប់ផ្ដើម​ប្រកាស​ថា លោក​បាន​ឃើញ បាន​ស្ដាប់ ហើយ​បាន​ពាល់​​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ផ្ទាល់ ។ តាមរយៈ​ការ​លើក​ឡើង​បន្ថែម​ទៀត​ស្ដីពី​សាក្សី​ផ្ទាល់​ខ្លួន​នេះ យ៉ូហាន​បាន​អញ្ជើញ​ពួក​អ្នក​ស្ដាប់​​របស់​លោក​ឲ្យ​មាន​ « សេចក្ដី​ប្រកប … នឹង​ព្រះវរបិតា ហើយ​នឹង​ព្រះយេស៊ូវគ្រីស្ទជា​ព្រះរាជបុត្រា​ទ្រង់ » ( យ៉ូហាន​ទី១ ១:៣ ) ។ សេចក្ដីស្រឡាញ់​គឺជា​ប្រធាន​បទ​ដ៏​សំខាន់មួយ​​ នៅ​ក្នុង​សំបុត្រ​ទី​មួយ​របស់​យ៉ូហាន ។ យ៉ូហាន​បាន​គូស​បញ្ជាក់​ថា ជន​ដែល​និយាយ​ថា​ស្រឡាញ់​ព្រះ ប៉ុន្តែ​ពុំ​បាន​ស្រឡាញ់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គឺជា​មនុស្ស​កុហក (សូម​មើល យ៉ូហាន​ទី១ ៤:២០–២១ ) ។

គម្រោង

យ៉ូហាន​ទី ១ ១–៣ យ៉ូហាន​បង្រៀន​ថា តាមរយៈ​ការ​គោរព​​ប្រតិបត្តិ នោះ​យើង​អាច​ស្គាល់​ព្រះ មាន​សេចក្ដី​ប្រកប​នឹង​ទ្រង់ ហើយ​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។ នៅ​ថ្ងៃ​ចុង​ក្រោយ ​ពួក​អ្នក​ទាស់​នឹង​ព្រះគ្រីស្ទ​នឹង​​កើន​ឡើង ។ សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​​ចំពោះ​យើង​ត្រូវ​បាន​បង្ហាញ​ តាមរយៈ​ពលិកម្ម​ធួន​របស់​ទ្រង់ ។

យ៉ូហាន​ទី១ ៤–៥ យ៉ូហាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​កំណត់​ថា តើ​គ្រូបង្រៀន​ម្នាក់​​គឺ​មក​ព្រះ​ឬទេ ។ ព្រះ​គឺជា​សេចក្ដី​ស្រឡាញ់ ហើយ​ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​របស់​ទ្រង់​​ចំពោះ​យើង នោះ​ទ្រង់​បាន​បញ្ជូន​ព្រះរាជ​បុត្រា​ទ្រង់​ឲ្យ​មក​រង​ទុក្ខ​ជំនួស​យើង ។ ជន​ដែល​ស្រឡាញ់​ព្រះ​នឹង​គោរព​តាម​​បទ​បញ្ញត្តិ​​ទាំងឡាយ​របស់​ទ្រង់ ។ ជន​ដែល​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​​កើត​មក​ពី​ព្រះ​នឹង​យក​ឈ្នះ​លើ​លោកិយ​នេះ ។