បណ្ណាល័យ
មេរៀន​សិក្សា​នៅផ្ទះ ៖ យ៉ាកុប ២–ពេត្រុសទី១ ៥ ( មេរៀនទី ២៩ )


មេរៀន​សិក្សា​នៅ​ផ្ទះ

យ៉ាកុប ២ពេត្រុសទី ១ ៥ ( មេរៀនទី ២៩ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពីព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា យ៉ាកុប ២​–ពេត្រុសទី១ ៥ ( មេរៀន​ទី ២៩ ) ពុំ​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី១ ( យ៉ាកុប ២–៣ )

សិស្ស​បាន​រៀន​ចេញ​ពី​ការ​បង្រៀន​របស់​យ៉ាកុប​​​នៅ​ក្នុង​ជំពូក​នេះ​ថា ពួក​សិស្ស​ស្មោះ​ត្រង់​​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ស្រឡាញ់​មនុស្ស​គ្រប់​រូប មិន​ថា​ពួកគេ​មាន​ស្ថានភាព​បែប​ណា​ទេ ហើយ​ក៏​រៀន​ថា​ប្រសិន​បើ​យើង​ធ្វើ​អំពើ​បាប​សូម្បី​តែ​មួយ យើង​នឹង​មាន​កំហុស​ចំពោះ​ព្រះ ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​ថា សេចក្តីជំនឿ​ពិត​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​បង្ហាញ​ឡើង​ដោយ​កិច្ចការ​សុចរិត​របស់​យើង ។ នៅ​ពេល​ពួកគេសិក្សា​​ពី​ការ​បង្រៀន​របស់​យ៉ាកុប​ស្ដីពី​ការ​គ្រប់គ្រង​ពាក្យ​លើសម្ដី​របស់​យើង សិស្ស​បាន​រក​ឃើញ​ថា ការ​រៀន​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​យើង​អាច​មាន​ឥទ្ធិពល​ដ៏​ធំ​មួយមក​លើ​​ជីវិត​របស់​យើង ហើយ​ថា​ពួក​អ្នក​ដើរ​តាម​ព្រះ​ខិតខំ​ប្រើ​ពាក្យ​សម្ដី​របស់​ខ្លួន​សម្រាប់​គោលបំណង​សុចរិត ពុំ​មែន​ដើម្បី​ពង្រីក​អំពើ​អាក្រក់​នោះ​ទេ ។

ថ្ងៃ​ទី២ ( យ៉ាកុប ៤–៥ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ជំពូក​ទាំងនេះ​នៅ​ក្នុង​យ៉ាកុប ពួកគេ​បាន​រៀន​ពី​សេចក្ដី​ពិត​ដូច​តទៅ ៖ នៅ​ពេល​យើង​ខិត​ទៅជិត​ព្រះ នោះ​ទ្រង់​នឹង​ខិត​មក​ជិត​យើង ។ ប្រសិន​បើ​យើង​ដឹង​ថា យើង​​ត្រូវតែ​​ធ្វើ​ការ​ល្អ ប៉ុន្តែ​ជ្រើសរើស​ពុំ​ធ្វើ​វា​វិញ នោះ​យើង​ធ្វើ​អំពើ​បាប​ហើយ ។ តាមរយៈ​ការ​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ និង​អំណាច​នៃ​បព្វជិតភាព អ្នក​ឈឺ​អាច​ទទួល​បាន​ការ​ព្យាបាល ។

ថ្ងៃ​ទី៣ ( ពេត្រុសទី១ ១–២ )

នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​​អំពី​ការ​បង្រៀន​របស់​ពេត្រុស សិស្ស​បាន​រៀន​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ទោះ​ជា​យើង​ជួប​នឹង​ការ​សាកល្បង​ក្ដី យើង​អាច​រីករាយ​នៅ​ក្នុង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​នៅ​ក្នុង​ពរជ័យ​នៅ​ពេល​ខាង​មុខ​ ដែល​ព្រះ​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​យើង ។ សេចក្តីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ល្បង ហើយ​ពង្រឹង នៅ​ពេល​យើង​ស៊ូទ្រាំ​នឹង​​ការ​សាកល្បង​​ទាំងឡាយ​ដោយ​ស្មោះ​ត្រង់ ។ យើង​អាច​ទទួល​បាន​ការ​ប្រោស​លោះ​ តាមរយៈ​ព្រះលោហិត​ដ៏​មាន​តម្លៃ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​សារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រស់​នៅ​ក្នុង​ជីវិត​ដែល​គ្មាន​អំពើបាប ទ្រង់​អាច​ថ្វាយ​ព្រះជន្ម​ទ្រង់​ទុកជា​ការ​បូជា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​សម្រាប់​​យើង ។ ព្រះ​យេស៊ូវគ្រីស្ទ ត្រូវ​បាន​តែងតាំងពី​មុន​កំណើត​លោកិយ ដើម្បី​ឲ្យ​ក្លាយជា​ព្រះ​ប្រោស​លោះ​របស់​យើង ។ ព្រះ​ទ្រង់​ហៅ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដើម្បី​ឲ្យ​ញែក​ចេញ ហើយ​ខុស​ប្លែកពី​លោកិយ​នេះ ដើម្បី​ឲ្យ​មនុស្ស​ដទៃ​ទៀត​អាច​ឃើញ​ពី​គំរូ​របស់​ពួកគេ ហើយ​ថ្វាយ​សិរីល្អ​ចំពោះ​ទ្រង់ ។ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ នៅ​ក្នុង​ការ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ដោយ​អត់ធ្មត់ ។

ថ្ងៃ​ទី៤ ( ពេត្រុសទី១ ៣–៥ )

សិស្ស​បាន​រៀន​ចេញ​ពី​ការ​លើក​ទឹក​ចិត្ត​របស់​ពេត្រុស​ដល់​ពួក​បរិសុទ្ធ​នៅ​ជំនាន់​របស់​លោក​ថា ក្នុង​នាម​ជា​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ យើង​គួរ​ខិតខំ​ធ្វើ​ការ​​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចែកចាយ​ ហើយ​ការ​ពារ​ជំនឿ​របស់​យើង​ដោយ​ចិត្ត​រាបសា និង​គារវភាព​ជានិច្ច ។ សិស្ស​ក៏​រៀន​ផង​ដែរ​ថា ដំណឹងល្អ​ត្រូវ​បាន​ផ្សាយ​ដល់​អស់​អ្នក​ទាំងឡាយ​ណា ដែល​បាន​ស្លាប់​ទៅ ដូច្នេះ​ពួកគេ​អាច​មាន​ឱកាស​ដូច​គ្នា​នឹង​អស់​អ្នក​ទាំងឡាយ​ណា ដែល​បាន​ឮ​ដំណឹងល្អ​នៅ​ក្នុង​​ជីវិត​រមែង​ស្លាប់​ដែរ ។ ពេត្រុស​បាន​បង្រៀន​ថា ថ្នាក់​ដឹកនាំ​សាសនា​ចក្រ​មាន​ការ​ទទួល​ខុសត្រូវ​ថែទាំ ហើយ​មើល​ថែ​កូនចៀម​របស់​ព្រះ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ដោយ​គំរូ ។

សេចក្ដីផ្ដើម

សាវក​យ៉ាកុប​បាន​ពន្យល់​បញ្ជាក់​ពី​ការ​យល់​ខុស​មួយ​ចំនួន ​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​អំពី​អត្ថន័យ​នៃ​សេចក្ដី​ជំនឿ​ពិត ។ លោក​ក៏​បាន​បង្រៀន​ផងដែរ​អំពី​ទំនាក់ទំនង​រវាង​សេចក្ដី​ជំនឿ និង​ការ​ប្រព្រឹត្ត​តាម ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប២:១៤–២៦

យ៉ាកុប​បង្រៀន​ពី​តួនាទី​នៃ​សេចក្ដី​ជំនឿ និង​ការ​ប្រព្រឹត្ត​តាម​នៅ​ក្នុង​សេចក្ដី​សង្គ្រោះ​របស់​យើង

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ថា មាន​យុវជន​ម្នាក់​បាន​ទទួល​ស្គាល់​​ថាគាត់​បាន​ប្រព្រឹត្ត​អំពើ​បាប ។ គាត់​ជឿ​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​លើ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​សង្គ្រោះ​គាត់ ។ គាត់​ពោល​ថា អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​គឺ​ជឿ ហើយ​ព្រះអម្ចាស់​នឹង​អត់ទោស​ឲ្យ​គាត់ ដោយ​គាត់​ពុំ​បាច់​ធ្វើ​អ្វី​ទាំងអស់ ។

សូម​ឲ្យ​សិស្ស​ពិចារណា​ថា តើ​ជំនឿ​របស់​យុវជន​នោះ​តែ​ម្យ៉ាង​នោះ​វា​ល្មម​គ្រប់​គ្រាន់​ ដើម្បីឲ្យ​​គាត់​អាច​បាន​ការ​អត់ទោស​ពី​អំពើ​បាប​របស់​ខ្លួន​ដែរ​ឬទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប២:១៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា យ៉ាកុប​បាន​សួរ​អ្វីខ្លះ​ដល់​ពួក​បរិសុទ្ធ​ទាក់​ទង​នឹង​សេចក្ដី​ជំនឿ ។

  • តើ​យ៉ាកុប​បាន​សួរ​អ្វីខ្លះ​ដល់​ពួក​បរិសុទ្ធ​ទាក់​ទង​នឹង​សេចក្ដី​ជំនឿ ?

  • តើ​អ្នក​គិត​ថា យ៉ាកុប​ចង់​សំដៅ​លើ​ការ​ប្រព្រឹត្ត​បែប​ណា​ខ្លះ ?

សូម​រំឭក​សិស្ស​ថា នៅ​ពេល​ពួកគេ​សិក្សា​មេរៀន​​ក្នុង យ៉ាកុប ២ ពួកគេ​បាន​រៀន​ថា សាវក​យ៉ាកុប​បាន​កែតម្រូវ​គំនិត​ខុស​ឆ្គង​មួយ​អំពី​សេចក្ដី​ជំនឿ ។ មាន​មនុស្ស​មួយ​ចំនួន​បាន​យល់ខុស​ថា សេចក្ដីជំនឿ​​គឺ​គ្រាន់​តែ​ជា​ការបង្ហាញ​ឲ្យ​ឃើញ​មួយ​ពី​ជំនឿ​តាមរយៈ​ពាក្យ​សម្ដី ។ នៅ​ក្នុង​បរិបទ​នៃ យ៉ាកុប ២:១៤ យ៉ាកុប​បាន​ប្រើ​ពាក្យ ការ​ប្រព្រឹត្ត​តាម ខុស​ពី​សាវក​ប៉ុល​បាន​ប្រើ ។ នៅ​ពេល​ប៉ុល​បានប្រើ​ពាក្យ ការ​ប្រព្រឹត្ត​តាម លោក​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ នៅ​ពេល​យ៉ាកុប​បានប្រើ​ពាក្យ ការ​ប្រព្រឹត្ត​តាម លោក​សំដៅ​ទៅ​លើ​សកម្មភាព​នៃ​ការ​លះបង់ ឬ​កិច្ចការ​នៃ សេចក្ដី​​សុចរិត ។

សូម​ពន្យល់​ថា យ៉ាកុប​បាន​ប្រើ​រឿង​ប្រៀប​ធៀប​មួយ ​ដើម្បី​បង្ហាញ​ចម្លើយ​សម្រាប់​សំណួរ​របស់​លោក​នៅ​ក្នុង ខ​ទី ១៤ ។

សូម​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​ឡើង​មក​ខាងមុខ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ម្នាក់​ដើរ​តួ​ជា​អ្នក​សុំ​ទាន​ម្នាក់​ដែល​កំពុង​សុំ​អាហារ សម្លៀក​បំពាក់ និង​ទី​ជម្រក​ដែល​គាត់​ត្រូវការ​ដើម្បី​មាន​ជីវិត​រស់ ។ សូម​អញ្ជើញ​ម្នាក់​ទៀត​ឲ្យ​ដើរ​តួ​ជាមនុស្ស​ម្នាក់​ ដែល​អាច​ជួយ​ដល់​អ្នក​សុំ​ទាន​នោះ​បាន ។ សូម​អញ្ជើញ​សិស្ស​ទីបី​ឲ្យ​អាន យ៉ាកុប ២:១៥–១៦ ឮៗ កាល​សិស្ស​ពីរ​នាក់​ផ្សេង​ទៀត​ដើរ​តួ​តាម​សាច់​រឿង​ ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​មាន​អ្វី​ខុស​ឆ្គង​ជាមួយ​នឹង​ចម្លើយ ​ដែល​ត្រូវបាន​ផ្ដល់​ឲ្យ​ទៅ​សិស្ស​ដែល​ជា​អ្នក​សុំ​ទាន​នោះ ?

  • តើ​ចម្លើយ​របស់​សិស្ស​ម្នាក់​ទៀត​​ល្មម​គ្រប់​គ្រាន់​ ដើម្បី​ជួយ​ដល់​អ្នក​សុំ​ទាន​ម្នាក់នោះ​ដែរ​ឬ​ទេ ?

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​ឮៗ ឬ​សូត្រ យ៉ាកុប ២:១៧–១៨ រួម​គ្នា ដោយ​រក​មើល​ថា​តើ​យ៉ាកុប​បាន​បង្រៀន​អ្វីខ្លះ​អំពី​សេចក្ដី​ជំនឿ ។ សូម​រំឭក​ពួកគេ​ថា ​យ៉ាកុប ២:១៧–១៨​គឺជា​វគ្គ​ចំណេះចំណាន​បទ​គម្ពីរ​មួយ ។

  • តើ​អ្នក​គិត​ថាឃ្លា « សេចក្តី​ជំនឿ​បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង » ( ​ខ​ទី១៧ ) មាន​ន័យ​ដូចម្ដេច ?

  • តើ​រឿង​ប្រៀប​ធៀប​របស់​យ៉ាកុប​អំពី​អ្នក​សុំទាន​​នោះ​ ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា​នោះ​យ៉ាង​ដូច​ម្ដេច ?

  • យោង​តាម ខ​ទី១៧ តើ​យ៉ាកុប​បាន​បង្រៀន​សេចក្ដី​ពិត​អ្វីខ្លះ​ទាក់ទង​នឹង​សេចក្ដីជំនឿ​​ពិត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ សេចក្តីជំនឿ​​ពិត​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ បង្ហាញ​ឡើង ​តាមរយៈ​កិច្ចការ​សុចរិត​របស់​យើង ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប២:១៩–២០ ឲ្យឮៗ ។ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ សម្រាប់​យ៉ាកុប២:១៩ ចែ​ង​ថា « អ្នក​ជឿ​ថា មាន​ព្រះ​តែ​មួយ នោះ​ត្រូវ​ហើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ ព្រម​ទាំង​ព្រឺ​ខ្លាច​ដែរ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​ដូចជា​ពួក​វា ដោយ​ពុំ​បាន​រាប់​ថា​សុចរិត​ឡើយ » ។   ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​នូវ​ឧទាហរណ៍​​ដែល​យ៉ាកុប​បាន​ប្រើ​ដើម្បី​បង្ហាញ​​ថា ការ​ជឿ​លើ​ព្រះ​​ពុំ​ចាំបាច់​មាន​ន័យ​ថា​​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ​ឡើយ ។

  • តើ​ទាហរណ៍​អ្វីខ្លះ​ ដែល​យ៉ាកុប​បាន​ប្រើ​ដើម្បី​បង្ហាញ​ថា ការ​ជឿ​លើ​ព្រះពុំ​ចាំបាច់​​មាន​ន័យ​ថា​មាន​​សេចក្ដី​ជំនឿ​លើ​ព្រះ​ឡើយ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​​ខាងក្រោម​នេះ​ដោយអែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« សេចក្ដីជំនឿ​ពិត​គឺ​ផ្ដោតនៅក្នុង និង​ទៅលើ​ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយ​តែងតែ​ដឹក​នាំ​ទៅរក​សកម្មភាពសុចរិត ។ … សកម្មភាព​តែ​ម្យ៉ាង​ពុំ​មែន​ជា​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​សកម្ម​ភាព​ស្រប​តាម​គោលការណ៍​ត្រឹមត្រូវ​គឺជា​ធាតុ​មួយ​ដ៏​សំខាន់​នៃ​សេចក្ដី​ជំនឿ ។ ដូច្នេះ ‹ សេចក្តី​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ › ( យ៉ាកុប២:២០ ) » ( « Ask in Faith » EnsignLiahona ខែ ឧសភា ឆ្នាំ ​២០០៨ ទំព័រ ៩៥ ) ។

  • យោង​តាម​អែលឌើរ បែដណា តើ​អ្វី​ទៅ​ជា « ធាតុ​មួយ​ដ៏​សំខាន់​នៃ​សេចក្ដី​ជំនឿ » ?

  • ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​យល់​ថា​ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​ទាំង​ការ​ជឿ​លើ​ទ្រង់ និង​ការ​ប្រព្រឹត្ត​តាម​គោលការណ៍​ត្រឹម​ត្រូវ ?

សូម​រំឭក​សិស្ស​អំពី​យុវជន​នៅ​ក្នុង​សាច់​រឿង​នៅ​ដើម​មេរៀន​នេះ ។

  • តើ​ការ​យល់​ដឹង​ថា សេចក្ដី​ជំនឿ​​ដែល​រួម​បញ្ចូល​ទាំង​ការ​ជឿ និងសកម្មភាពអាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ស្វែង​រក​ការ​អត់ទោស ​សម្រាប់​អំពើ​បាប​របស់​គាត់​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប យ៉ាកុប ២:២១–២៦ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​លើក​ឡើង​ពី​អ័ប្រាហាំ និង​រ៉ាហាប ជា​ឧទាហរណ៍​នៃ​មនុស្ស​ពីរ​នាក់​​ដែល​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​​ខ្លួនបាន​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ត​តាម ។ (ដំណើរ​រឿង​នៃ​ស្ត្រី​ដ៏​ក្លាហាន ឈ្មោះ​រ៉ាហាប មាន​​នៅ​ក្នុង យ៉ូស្វេ ២:១–២២ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​សៀវភៅ​កំណត់​ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​សរសេរ​អំពី​គ្រា​មួយ​ ដែល​ពួកគេ​បាន​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ​តាមរយៈ​ការ​ប្រព្រឹត្ត​តាម​របស់​ពួកគេ និងពរជ័យ​នានា​ពួកគេ​ទទួល​បាន​ក្នុង​​ការ​ធ្វើ​ដូច្នេះ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ដាក់​បញ្ចូល​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ និង​របៀប​ដែល​ពួកគេ​នឹង​បង្ហាញ​ជំនឿ​នោះ​តាមរយៈ​សកម្មភាព​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់ឲ្យ​ចែកចាយ​អ្វី​ ដែល​​ពួកគេ​បាន​សរសេរ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ថា ពួកគេ​អាច​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវ​​គ្រីស្ទ​ឲ្យ​កាន់​តែ​ពេញ​លេញ​បាន ​តាមរយៈ​ការ​គោរព​តាម​ទ្រង់​បាន​ដោយ​របៀប​ណា ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​តាម​ការបំផុស​គំនិត​ទាំងឡាយ ដែល​ពួកគេ​ទទួល​បាន ។

មេរៀន​បន្ទាប់ ( ពេត្រុសទី ២យូដាស )

សូម​សួរ​សិស្ស​ថា ហេតុអ្វី​បាន​ជា​ពួកគេ​គិត​ថា​ មនុស្ស​ជ្រើស​យក​អំពើ​បាប ទោះ​ជា​ពួកគេ​ដឹង​ថា​វា​ខុស​ក្ដី ។ នៅ​ពេល​សិស្ស​សិក្សា ពេត្រុសទី ២ រហូត​ដល់ យូដាស​ នៅ​អំឡុងសប្ដាហ៍​ក្រោយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​នានា ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​យើង​អាច​ចៀស​វាង​កុំ​ឲ្យ​ចាញ់​បោក​គោលលទ្ធិ​ក្លែងក្លាយដូចម្តេច ? តើ​យ៉ូហាន​បាន​និយាយ​ថា​ អ្វីទៅ​នឹង​បណ្ដេញ​សេចក្ដី​ភ័យ​ខ្លាច​ឲ្យ​ចេញ​ទៅ ? តើ​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​តាម​របៀបណា ? តើ​លក្ខណៈ​ដូចជា​ព្រះ​អ្វីខ្លះ​ ដែល​យើង​ត្រូវ​អភិវឌ្ឍ​​ដើម្បី​ទទួល​មរតក​នៃ​ជីវិត​អស់​កល្ប​ជានិច្ច ? តើ​មាន​ការ​ព្រមាន​អ្វីខ្លះ​ទាក់ទង​នឹង​មនុស្ស​ដែល​យើងជ្រើសរើស​​សេពគប់​ជាមួយ ?