បណ្ណាល័យ
មេរៀនទី ១៤៥ ៖ ពេត្រុស​ទី ១ ៣–៥


មេរៀនទី ១៤៥

ពេត្រុសទី ១ ៣–៥

សេចក្តីផ្ដើម

​ពេត្រុស​បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រស់នៅ​ដោយ​សុចរិត ដើម្បីពួកគេ​អាច​​​បណ្តេញ​នូវ​ការចោទប្រកាន់​ខុសឆ្គង​ ដែល​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ពួក​គេ ។ លោក​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្សាយ​ដំណឹង​ល្អ​​នៅក្នុង​ពិភពវិញ្ញាណ ​បន្ទាប់ពី​ទ្រង់​សុគត ។ ពេត្រុស​ក៏​បាន​ទូន្មាន​ពួក​អែលឌើរ​នៃ​សាសនា​ចក្រ​ផងដែរ ឲ្យ​មើល​ថែទាំ​ហ្វូង​ចៀម​របស់​ព្រះ ឲ្យ​ដូច​ជា​ការមើល​ថែទាំ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែរ ដែល​ទ្រង់​ជា​ប្រធាន​នៃ​អ្នក​គង្វាល ។

យោបល់​​សម្រាប់​ការបង្រៀន

ពេត្រុស​ទី១ ៣:១–១៧

ពេត្រុស​ទូន្មាន​ឲ្យ​ពួកបរិសុទ្ធ​មាន​ភាព​សាមគ្គី​គ្នា​នៅក្នុង​ភាព​សុចរិត ហើយ​ត្រៀម​ខ្លួន​ជានិច្ច​​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« យើង​នឹង​មាន​ឱកាស​នានា​ពេញ​មួយ​ជីវិត​យើង​ ដើម្បី​ចែកចាយ​ជំនឿ​របស់​យើង ទោះបី​ជា​យើង​​មិន​បាន​ដឹង​ពី​ពេល​​ដែល​យើង​នឹង​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ​ជានិច្ច​ក្តី ។ ឱកាស​មួយ​បែប​នេះ​បាន​កើត​មាន​ចំពោះ​ខ្ញុំ​ក្នុង​ឆ្នាំ ១៩៥៧ កាល​ខ្ញុំ​ធ្វើ​ការ​ក្នុង​អាជីព​ផ្នែក​បោះ​ពុម្ព ហើយ​ត្រូវបាន​សុំ​ឲ្យ​ទៅ​ទីក្រុង ដាឡាស រដ្ឋ តិចសាស [ ស.រ.អា. ] ពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា ‹ ទីក្រុង​ដែល​មាន​ព្រះវិហារ​ច្រើន › ដើម្បី​ថ្លែងសុន្ទរកថាក្នុង​ការប្រជុំមុខជំនួញ ។ បន្ទាប់​ពី​បញ្ចប់​សុន្ទរកថាខ្ញុំ​បាន​ជិះ​ឡាន​ក្រុង​​មើល​ទេសភាព​តាម​ជាយ​ក្រុងក្នុង​​ទីក្រុង​នោះ ។ ពេលយើង​បាន​ឆ្លងកាត់​ព្រះវិហារ​មួយ​ចំនួន តៃកុង​ឡាន​បាន​និយាយ​ថា ‹ នៅ​ខាង​ឆ្វេង​ដៃ អ្នក​នឹង​ឃើញ​ព្រះវិហារ​មេតូឌីស › ឬ ‹ នៅ​ខាង​ស្តាំ​ដៃ​គឺ​ជា​ព្រះវិហារ​កាតូលិក › ។

ពេល​យើង​ឆ្លង​កាត់​អគារ​ឥដ្ឋ​ពណ៌​ក្រហម​ដ៏​ស្រស់​ស្អាត​មួយ​ដែល​សង់​នៅ​លើ​ភ្នំ តៃកុង​ឡាន​បាន​និយាយ​ថា ‹ អគារ​នោះ​គឺ​ជា​កន្លែង​ដែល​ពួកមរមន​ប្រជុំ​គ្នា › ។ មាន​ស្ត្រី​ម្នាក់​នៅ​ក្នុង​ឡាន​ក្រុងផ្នែកខាងក្រោយ​បាន​ស្រែក​ឡើង​ថា ‹ តៃកុង​ឡាន តើ​អ្នក​អាច​ប្រាប់​ពួក​យើង​បន្ថែម​ទៀត​ពី​ពួកមរមន​បាន​ទេ ? ›

តៃកុង​ឡាន​នោះ​បាន​ឈប់​ឡាន​ក្រុង​​នៅ​ក្បែរ​គែមផ្លូវ​ ហើយ​បាន​ងាក​មក​ក្រោយ​​ដោយ​និយាយ​ថា ‹ អ្នក​ស្រី អ្វី​ដែល​ខ្ញុំ​ដឹង​ពី​ពួក​មរមន​គឺ​ថា ពួកគេ​ជួបជុំ​គ្នា​នៅ​ក្នុង​អគារ​ឥដ្ឋ​ក្រហម​នោះ ។ តើ​មាន​នរណា​ម្នាក់​នៅ​លើ​ឡាន​នេះ​ដឹង​រឿង​បន្ថែម​ទៀត​ពី​ពួកមរមន​ដែរ​ឬ​ទេ ? › » ( « Dare to Stand Alone » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦៧ ) ។

  • ប្រសិនបើ​អ្នក​នៅក្នុង​ឡាន​ក្រុង​នោះ តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ?

  • ហេតុអ្វី​ពេលខ្លះ​វា​អាច​ជា​ការលំបាក​ ​ដើម្បី​ប្រាប់​មនុស្ស​ដទៃអំពី​ជំនឿ​របស់​យើង ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​គោលការណ៍​មួយ នៅពេល​ពួកគេ​សិក្សា ពេត្រុស​ទី ១ ៣:១–១៧ដែល​នឹង​ជួយ​ដឹកនាំ​ពួកគេ ​នៅពេល​ពួកគេ​​មាន​ឱកាស​ជាច្រើន​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។

សូម​សង្ខេបពេត្រុស​ទី ១ ៣:១–១១ដោយ​ពន្យល់​ថា ពេត្រុស​បាន​ដាស់​តឿន​ភរិយា​ទាំងឡាយ​ឲ្យ​ជួយ​ដល់​​ស្វាមី​ដែល​ពុំ​ជឿ​លើ​ព្រះគ្រីស្ទ តាមរយៈ​ទង្វើសុចរិត​របស់ពួកគេ ។ លោក​បាន​ទូន្មាន​ស្វាមី​ឲ្យ​គោរព​ស្រឡាញ់​ភរិយា​របស់​ខ្លួន ។ លោក​ក៏​បាន​ទូន្មាន​ដល់​សមាជិក​ទាំងឡាយ​ឲ្យ​រស់​នៅ​ស្របតាម​បទដ្ឋាន​ដំណឹងល្អ​ផងដែរ ។

សូម​អញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី១ ៣:១៤–១៦ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​ថា​តើ​​ពេត្រុស​ទូន្មាន​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ នៅ​ពេល​ពួកគេ​រង​នូវ​ការ​បៀតបៀន ​ដោយសារ​តែ​ពួកគេ​រស់នៅ​ដោយ​សុចរិត​នោះ ។

  • តើ​​ពេត្រុស​ទូន្មាន​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ នៅ​ពេល​ពួកគេ​រង​ទុក្ខ​នូវ​ការ​បៀតបៀន​ដោយ​សារ​តែ​ពួកគេ​រស់នៅ​ដោយ​សុចរិត​នោះ ?

  • យោងតាមខទី ១៥តើ​ពេត្រុស​បាន​មានប្រសាសន៍​ថា ​ពួកអ្នកដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​គួរធ្វើ​អ្វីខ្លះ​ដើម្បី​​​ត្រៀម​ខ្លួន​​ជានិច្ច​នោះ​​ ?

  • តើ​ទិដ្ឋភាព​នៃ​ដំណឹងល្អ​អ្វីខ្លះ ដែលអ្នក​គិត​ថា​បាន​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​មនុស្ស ?

សូម​ពន្យល់​ថា​​ពាក្យ ឆ្លើយ​តប នៅក្នុង ខ​ទី ១៥ អាច​បកប្រែ​ថា « ការពារ » ផងដែរ  ។ ពេត្រុស​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ចែកចាយ និង ការពារ​ជំនឿ​សាសនា​របស់​ពួកគេ ។

  • តើ​ពាក្យ​​នៅក្នុងខទី ១៥អ្វីខ្លះ ដែល​​ពិពណ៌នា​អំពី​របៀប​ដែល​យើង​គួរ​ចែក​ចាយ និង​ការ​ពារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ ? ( អ្នកអាច​នឹង​ចង់​ពន្យល់​ថា ពាក្យ ភ័យខ្លាច​មានន័យ​ថា គារវភាព ឬ​ស្ងើច​សរសើរ​នៅក្នុង​បរិបទ​នេះ ) ។

  • តើយើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​មកពី​ពេត្រុស​ទី ១ ៣:១៥​អំពី​អ្វី​ដែល​យើង​គួរ​ព្យាយាម​ធ្វើ​ដើម្បី​ត្រៀម​ខ្លួនជានិច្ច​ ក្នុងនាមជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ? ( សិស្ស​គួរ​ស្គាល់​​សេចក្តីពិត​ស្រដៀងគ្នា​​មួយ ដូច​ខាង​ក្រោម៖ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវគ្រីស្ទ យើង​គប្បី​ព្យាយាម​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ចែកចាយ និង ការពារ​ជំនឿ​របស់​​យើង​ដោយ​ចិត្ត​សុភាព​រាបសា និង ការគោរព ។ សូម​សរសេរ​សេចក្ដីពិត​​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​​ដើម្បី​ចែក​ចាយ​​ជំនឿ​របស់​យើង​ដោយ​ចិត្ត​សុភាព​រាបសា និង ការគោរព​នោះ ?

ដើម្បីបង្ហាញ​អំពី​សេចក្ដីពិត​នៅលើ​ក្ដារខៀន សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឭៗ​អំពី​ដំណើរ​រឿង​របស់ប្រធាន ​ម៉នសុន អំពី​បទពិសោធន៍​របស់​លោក​នៅលើ​ឡាន​ក្រុង ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​បាន​ចាំ​មើល​ក្រែង​មាន​នរណា​ម្នាក់​ឆ្លើយ​តប ។ ខ្ញុំ​បាន​ក្រឡេក​មើល​ទៅ​ទឹកមុខ​របស់​មនុស្ស​គ្រប់​គ្នា រកមើល​សញ្ញា​នៃ​ការស្គាល់​ពួកមរមន និង​បំណង​របស់​អ្នក​ខ្លះ​ដែល​អាច​ចង់​បញ្ចេញ​​យោបល់ ។ គ្មាន​សោះ ។ ខ្ញុំ​បាន​ដឹង​ថា វា​អាស្រ័យ​លើ​ខ្ញុំ ដើម្បី​ធ្វើ​ដូចជា​សាវក​ពេត្រុស បាន​ផ្តល់​ដំបូន្មាន​​ ‹ ចូរ​ប្រុង​​ប្រៀប​ជានិច្ច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុផល​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា › ។ ខ្ញុំ​ក៏​ដឹង​ពី​សេចក្តី​ពិត​ដែល​បាន​និយាយ​ថា ‹ នៅ​​ពេល​វេលា​នៃ​ការសម្រេច​ចិត្ត​មក​ដល់ នោះ​ពេលនៃ​ការត្រៀម​ខ្លួន​គឺ​បាន​កន្លង​ហួស​បាត់​ទៅ​ហើយ › ។

« អស់​រយៈពេល ១៥ នាទី​ក្រោយ​មក ខ្ញុំ​មាន​ឯកសិទ្ធិ​ចែកចាយ​ជាមួយ​អស់​អ្នក​ដែល​នៅលើ​ឡាន​នោះ ដោយ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​សាសនា​ចក្រ និង ជំនឿ​របស់​យើង ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ទីបន្ទាល់​របស់​ខ្ញុំ ហើយ​​មាន​អំណរគុណ​ដែល​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចែកចាយ​វា » ( « Dare to Stand Alone » ទំព័រ ៦៧ ) ។

  • តើ​មាន​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ត្រៀម​ខ្លួន​​ជានិច្ច​ដើម្បី​​ចែកចាយ​ជំនឿ​របស់​អ្នក ?

សូមអញ្ជើញ​សិស្ស​​ឲ្យ​គិត​អំពី​គ្រា​មួយ ដែល​ពួកគេ​មាន​អំណរគុណ ដែល​ពួកគេ​បាន​ត្រៀម​​ខ្លួន​​ដើម្បី​ចែកចាយ​ជំនឿ ឬ ទីបន្ទាល់​របស់ពួកគេ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​បទ​ពិសោធន៍​របស់​ពួកគេ​ជា​មួយសិស្ស​នៅក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្សឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួក​គេ​នឹង​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​ជានិច្ច​ ដើម្បី​ចែកចាយ និងការ​ពារ​ដល់​សេចក្ដីជំនឿ​របស់​ពួកគេ ។ សូមលើក​ទឹកចិត្ត​​ពួកគេ​ធ្វើ​សកម្មភាព ​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។

ពេត្រុសទី១ ៣:១៨–៤:១៩

ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្សាយ​ដំណឹង​ល្អ​នៅក្នុង​ពិភពវិញ្ញាណ​ បន្ទាប់ពី​ទ្រង់​សុគត

សូម​អញ្ជើញ​សិស្ស​ឲ្យនឹក​ស្រមៃ​ថា ពួកគេ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ដែល​កំពុង​បង្រៀន​ដល់​មនុស្ស​ម្នាក់​ដែល​និយាយ​ដូច​តទៅនេះ ៖

« ខ្ញុំ​ជឿ​លើ​អ្វី​ដែល​អ្នក​កំពុង​បង្រៀន​ខ្ញុំ​ថាជាការ​​ពិត ប៉ុន្តែ​ខ្ញុំ​ងឿង​ឆ្ងល់​អំពី​មនុស្ស​ដែល​ស្លាប់​ទៅ​ដោយ​ពុំ​មាន​ឱកាស​​ស្ដាប់​ឮ​សេចក្ដីពិត​នោះ ។ វា​ហាក់​បីដូច​ជា​មិន​យុត្តិធម៌​ទេ ​ដែល​ព្រះ​ដាក់​ទោស​ពួកគេ ឬ​រាំរាំង​ពួកគេ​មិន​ឲ្យ​​រស់​នៅជាមួយ​ទ្រង់​ម្តង​ទៀត ប្រសិនបើ​ពួក​គេ​ពុំ​ធ្លាប់​មាន​ឱកាស​​ដើម្បី​រៀន​អំពី​ផែន​ការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​សោះ​នោះ » ។

សូម​សុំឲ្យ​​សិស្សពិចារណា​ថា​ តើ​ពួកគេ​នឹង​ឆ្លើយ​តប​យ៉ាង​ណា ។

សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ឲ្យអាន​ពេត្រុសទី ១ ៣:​១៨–២០ដោយ​ស្ងាត់ស្ងៀម រួម​ទាំង​ការ​បកប្រែ​ដោយ​ យ៉ូសែប​ស្ម៊ីធ ​ ។ រួច​សុំ​ឲ្យ​ពាក់​កណ្ដាល​ទៀត​អាន​ពេត្រុសទី ១ ៤:​៥–៦ដោយ​ស្ងាត់ស្ងៀម រួមមាន​ទាំង​ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ​ ។ចូរ​សុំ​សិស្ស​ឲ្យ​រកមើល​សេចក្ដី​ពិត​​ដែល​ពេត្រុស​បង្រៀន ដើម្បី​ពួកគេ​អាច​ចែកចាយ​ជាមួយ​នឹង​មនុស្ស​នៅក្នុង​ស្ថាន​ភាព​នេះ ។ សូម​ពន្យល់​ថា ឃ្លា ​« ពួកវិញ្ញាណ​ដែល​ជាប់ឃុំ » នៅក្នុង ពេត្រុសទី១ ៣:១៩ សំដៅ​ទៅ​លើ​អស់​អ្នក​នៅ​ក្នុង​ពិភព​វិញ្ញាណ ដែល​ពុំ​បាន​ទទួល​យក​ដំណឹងល្អ ឬ​មាន​ឱកាស​ស្តាប់​ឮ​ពី​ដំណឹង​ល្អ​កាល​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ ៖

  • តើ​យើង​រៀន​អ្វី​ខ្លះ​ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​ អំពីអស់​អ្នក​នៅ​ក្នុង​ពិភព​វិញ្ញាណ ដែល​ពុំ​បាន​ទទួល​យក​ដំណឹងល្អ ឬ មាន​ឱកាស​ទទួល​យក​ដំណឹង​ល្អ​កាល​នៅក្នុង​ជីវិត​នេះ ?

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

ចូរ​ដាក់​បង្ហាញ​រូបភាព ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ (សៀវភៅ​សិល្បៈ​ដំណឹងល្អ [​ ឆ្នាំ ២០០៩ ], ទំព័រ ១២៧ សូមមើល​ផងដែរ LDS.org). សូម​ពន្យល់​ថា ​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ពិចារណា​អំពី​អត្ថន័យ​នៅក្នុង ពេត្រុសទី១ ៣:១៨–២០ និង ពេត្រុសទី១ ៤:៦ កាល​លោក​បាន​ទទួល​វិវរណៈ និង ការនិមិត្ត​អំពី​ការយាង​ទៅ​ជួប​ពិភព​វិញ្ញាណ​របស់​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​មើល​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ចន្លោះ​​ពេល​នៃ​ការ​សុគត និង​ការ​រស់ឡើង​វិញ​របស់​ទ្រង់ លោក​បាន​បង្រៀន​ដំណឹង​ល្អ ហើយ​បាន​បម្រើ​ដោយ​ផ្ទាល់​ដល់​ពួក​វិញ្ញាណ​សុចរិត​ ។ បន្ទាប់​មក​ព្រះយេស៊ូវគ្រីស្ទ​បាន​រៀបចំ និង ផ្តល់​អំណាច​ដល់​អ្នក​បម្រើ​សុចរិត​នានា ឲ្យ​បង្រៀន​ដំណឹង​ល្អ​ដល់​វិញ្ញាណ​នៅក្នុង​ស្ថាន​ឃុំ​វិញ្ញាណ ( សូមមើល គ. និង ស. ១៣៨:១–១១, ២៩–៣០ ) ។

  • យោង​តាម ពេត្រុសទី១ ៤:៦ ហេតុអ្វី​ដំណឹងល្អ​ត្រូវ​ផ្សព្វផ្សាយ​ដល់​មរណជន​ដូច្នេះ ? ( ដើម្បី​នាំ​មក​នូវការ​ជំនុំជម្រះ​ដោយ​សុចរិត និង​យុត្តិធម៌​ដល់​កូនចៅ​របស់ព្រះវរបិតាសួគ៌​ទាំង​អស់ តាម​រយៈ​ការ​ផ្ដល់​នូវឱកាស​ដល់​ពួកគេ​ស្ដាប់ និង​រស់នៅ​ស្រប​តាម​​ក្រឹត្យវិន័យ​របស់ព្រះ ) ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ ដែល​យើង​អាច​ស្គាល់​មក​ពី​​ការ​បង្រៀន​របស់ពេត្រុស អំពីដំណឹងល្អ​ដែល​ត្រូវ​បាន​បង្រៀន​ដល់​មរណជន ? ( សិស្ស​អាច​នឹង​ប្រើ​សម្ដី​របស់ពួកគេ​ផ្ទាល់ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​សេចក្ដីពិត​ស្រដៀងគ្នា​ដូច​ខាង​ក្រោម ៖​ដំណឹងល្អ​ត្រូវ​បាន​ផ្សាយ​ដល់​អ្នកទាំងឡាយ​ដែល​បាន​ទទួល​មរណភាព ដើម្បី​ពួកគេ​អាច​មាន​ឱកាស​ដូច​គ្នា​នឹង​អស់អ្នក​ដែល​បាន​ស្ដាប់​ឮ​ដំណឹងល្អ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ដែរ )

សូម​រំឭក​ដោយ​សង្ខេប​អំពី​​ស្ថានភាព​ ដែល​បាន​បង្ហាញ​នៅ​ខាង​ដើម​នៃ​បណ្ដុំ​បទគម្ពីរ​នេះ រួច​ ហើយសួរ​ ៖

  • តើ​គោលលទ្ធិ​នៃ​សេចក្ដី​សង្គ្រោះសម្រាប់​មរណជន ​គឺជា​ភស្តុតាង​នៃ​សេចក្ដី​មេត្តា​​ករុណា​របស់​ព្រះ​ចំពោះ​កូន​ចៅ​​ទ្រង់​ដោយ​របៀប​ណា ?

សូម​សង្ខេប ពេត្រុស​ទី ១ ៤:៧–១៩​តាមរយៈ​ការ​ពន្យល់ថា ពេត្រុស​បាន​ដាស់តឿន​ដល់​ពួកបរិសុទ្ធ​ឲ្យ​មាន​សេចក្ដីសប្បុរស​ដ៏​ក្លៀវក្លា ដោយសារ​សេចក្ដី​សប្បុរស​គ្របបាំង ឬ​ទប់​ស្កាត់​ពី​​​អំពើបាប​ជា​ច្រើន ( សូម​មើល​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ ពេត្រុសទី ១ ៤:៨  ។ ពេត្រុស​ក៏​បានបង្រៀន​ពួកបរិសុទ្ធ​​ឲ្យ​រីករាយ​ផងដែរ នៅពេល​ពួកគេ​រងទុក្ខ​ក្នុងការ​សាក​ល្បង និងការ​ស្ដីបន្ទោស ដោយសារ​តែ​ពួកគេ​ជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​នោះ ។​

ពេត្រុសទី១ ៥

ពេត្រុស​បានប្រឹក្សា​ដល់​​ពួក​អែលឌើរ​ឲ្យ​មើល​ថែទាំ​ហ្វូង​ចៀម​របស់​ព្រះ ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​បរិសុទ្ធ​បន្ត​កាន់​ខ្ជាប់​នៅក្នុង​សេចក្តី​​ជំនឿ

សូម​ពន្យល់​ថា​​ ដើម្បីជួយ​​រៀបចំ​ពួកបរិសុទ្ធ​សម្រាប់​​ការសាកល្បង​ដែលពួកគេ​នឹង​ជួប ​នោះ​ពេត្រុស​បាន​បង្រៀន​ពួកអែលឌើរ​នៃ​សាសនា​ចក្រ​អំពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ ​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី១ ៥:១–៣ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលនូវ​ការ​ប្រឹក្សា​របស់​ពេត្រុស​ដល់​ពួក​អែលឌើរក្នុង​សាសនាចក្រ ។

  • តើ​ពេត្រុស​បាន​ផ្ដល់​ការ​ប្រឹក្សា​អ្វីខ្លះ​ដល់​ពួក​អែលឌើរ​ក្នុង​សាសនាចក្រ ?

សូម​ពន្យល់​ថា ​« ឃ្វាល​ហ្វូង​ចៀមរបស់​ព្រះ » ( ខ​ទី ២ ) មាន​ន័យ​ថា មើល​ថែទាំ និង​ថែរក្សា​សមាជិក​សាសនាចក្រ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​​ត្រូវ​​​បម្រើ​ដោយ​ស្មោះ​ពី​ចិត្ត និង ដោយ​ក្ដី​​ស្រឡាញ់​ ជាជាង​ដោយ​បម្រើដោយរអ៊ូរទាំ ឬ ដោយ​មាន​ចិត្ត​ចង់​បាន​រង្វាន់​ ។ ពួកគេ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​សមាជិក​នានា ជាជាង​ធ្វើ​ជា « អ្នក​មាន​អំណាច » ( ខ​ទី ៣ ) លើ​ពួកគេ ។

  • ចេញ​មកពី​ការ​ប្រឹក្សា​របស់​ពេត្រុស​ដល់​ពួក​អែលឌើរ​ក្នុង​សាសនាចក្រ តើ​​មាន​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើងអាច​រៀន​អំពី​ការ​ទទួល​ខុស​ត្រូវ​​របស់​អ្នកដឹកនាំ​សាសនាចក្រ ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​​សេចក្តីពិត​មួយ​ស្រដៀង​គ្នា​ដូច​ខាង​ក្រោម ៖ ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​ការទទួលខុសត្រូវ ដើម្បី​ថែទាំ និង​ឃ្លាំ​មើល​​ដល់​ហ្វូង​ចៀម​របស់​ព្រះ​ដោយ​សេចក្តីស្រឡាញ់ និង​គំរូ ។ សូម​សរសេរ​សេចក្ដីពិត​​នេះ​នៅលើ​ក្ដារ​ខៀន ) ។

​សូម​អញ្ជើញ​សិស្ស​ឲ្យ​​​អាន ពេត្រុសទី១ ៥:៤ ដោយស្ងាត់​ស្ងៀម ហើយ​រក​មើល​របៀប​​ដែល​ពេត្រុស​បាន​ថ្លែង​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

រូបភាព
ព្រះយេស៊ូវបី​ត្រកង​ចៀម​ដែល​បាត់

សូម​ដាក់​បង្ហាញ​រូបភាព ព្រះយេស៊ូវលើក​ព្រនរ​ចៀម​ដែល​បាត់Gospel Art Book[ ឆ្នាំ ២០០៩ ] លេខ៦៤, សូមមើលផងដរLDS.org) រួច​សួរ​ថា​

  • ហេតុអ្វី​ក៏​អ្នកគិត​ថា ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​ពិពណ៌នាជាញឹកញាប់​​​ថា​ជា​អ្នក​គង្វាល​ដូច្នេះ ?

  • តើ​គុណសម្បត្តិ និង បុគ្គលិក​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​អ្វី​ខ្លះ ដែល​អាច​ជួយ​ថ្នាក់​ដឹកនាំ​សាសនាច​ក្រ​ឲ្យ​មើល​ថែ និង ថែទាំ​ដល់​សមាជិក​​សាសនាចក្រ​នោះ ?

  • តើ​អ្នក​ធ្លាប់​​​បាន​ទទួល​ពរជ័យ ដោយ​សារ​តែ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​​មាន​សេចក្តីស្រឡាញ់ ឬ គំរូ​ដូច​ជា​ព្រះគ្រីស្ទយ៉ាង​ដូចម្ដេច ?

សូម​សង្ខេបពេត្រុសទី ១ ៥:៧–១៤ដោយ​ពន្យល់​ថា ពេត្រុស​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ទុកកង្វល់ ( មាន​ន័យ​ថា ការ​មានចិត្តអន្ទះសា ) របស់​ពួកគេ​មក​លើ​​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បន្ដ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដីជំនឿ​របស់ពួកគេ ទោះ​ជា​មាន​ការ​រងទុក្ខ​ជាច្រើន​ក្ដី ។ ពេត្រុស​បាន​អះអាង​នឹង​ពួកគេ​ថា ប្រសិនបើ​ពួកគេ​ធ្វើ​បែប​នោះ​បាន នោះ​ព្រះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​បាន​គ្រប់​លក្ខណ៍ និង មាន​ភាព​រឹង​មាំ ។

សូម​បញ្ចប់​ដោយ​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​ទុកចិត្ត និង​ធ្វើតាម​អ្នកទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​​ហៅ​ឲ្យ​ជួយ​ឃ្វាល ហើយ​មើល​ថែ​ពួកគេ​ខាងវិញ្ញាណ ។

រូបភាព
scripture mastery icon
ចំណេះ​ចំណាន​ខគម្ពីរ—ពេត្រុសទី១ ៤:៦

ដើម្បី​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​ដល់​ជីដូនជីតា​របស់​ពួកគេ សូម​រំឭក​ពេត្រុសទី ១ ៤:៦ជាមួយ​ពួកគេ រួច​ហើយ​សួរ​ ៖

  • តើ​យើង​​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ជីដូនជីតា​របស់​អ្នក​ដែល​បាន​ទទួល​ដំណឹង​ល្អ​នៅ​ពិភព​វិញ្ញាណ ហើយ​កំពុង​រង់ចាំ​ដើម្បី​បាន​រំដោះ​ឲ្យ​មាន​សេរីភាព​ពី​ស្ថាន​ឃុំ​វិញ្ញាណវិញ ?

  • តើអ្នកមានអារម្មណ៍​យ៉ាងដូចម្ដេច នៅពេល​អ្នក​ត្រូវ​បាន​ប្រទានពរ​​តាមរយៈ​​ការ​ធ្វើ​ពង្ស​ប្រវត្តិ និង​កិច្ចការ​ព្រះវិហារបរិសុទ្ធ​សម្រាប់​ជីដូនជីតា​របស់អ្នក​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ឱកាស​ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ពង្សប្រវត្តិ​អំពី​ជីដូនជីតា​របស់​ពួកគេ ហើយ​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ជំនួស​ឲ្យ​ជីដូនជីតា​ទាំងឡាយ​នោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ពេត្រុសទី ១ ៤:៦ ។ « ហេតុ​​នោះ​បាន​ជា បាន​ផ្សាយ​ដំណឹង​ល្អ​ទៅ​មនុស្ស​ដែល​ស្លាប់​ហើយ​ដែរ »

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀន​ដូច​ខាង​ក្រោម​​ស្ដីពី​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​សម្រាប់​មរណជន ៖

« អស់​អ្នកទាំងឡាយ​ដែល​ពុំ​មាន​ឱកាស​នៅ​ទីនេះ​​​ដើម្បី​ទទួលបាន​វា ដែលបាន​ប្រែចិត្ត ហើយ​ទទួល​ដំណឹងល្អនៅ​ទីនោះ នឹង​បាន​ជា​អ្នក​​គ្រង​នគរ​សេឡេស្ទាល​របស់​ព្រះ​ទុក​ជា​មរតក ។ ព្រះអង្គសង្គ្រោះ បាន​ចាប់​ផ្ដើម​កិច្ចការ​ដ៏​មហិមា​នេះ នៅពេល​ទ្រង់​បាន​យាង​ទៅ​ផ្សាយ​ដល់​ពួក​វិញ្ញាណ​ដែល​ជាប់​នៅក្នុង​ស្ថាន​ឃុំ​ព្រលឹង ដើម្បី​ពួកគេ​អាច​ត្រូវ​បាន​ជំនុំ​ជម្រះ ស្របតាម​មនុស្ស​ខាង​សាច់​ឈាម (ឬ ជាពាក្យ​ម្យ៉ាង​ទៀត​ថា ស្របតាម​គោលការណ៍​នានា​នៃ​ដំណឹង​ល្អ) បន្ទាប់មក​រស់នៅ​ស្របតាម​ព្រះ​ខាង​វិញ្ញាណ តាមរយៈ​ការ​ប្រែ​ចិត្ត និង​ការ​ទទួល​យក​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​សុគត​ដើម្បី​​ពួកគេ » (Doctrines of Salvation, comp. Bruce R. McConkie, វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ២:១៣២–៣៣ ) ។

ស្ដី​ពី​ការ​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ពិភព​វិញ្ញាណ ប្រធាន ឡូរែនសូ ស្នូ បាន​បង្រៀនថា​ ៖

« នៅពេល​ដំណឹងល្អ​ត្រូវ​បានផ្សព្វ​ផ្សាយ​ទៅកាន់​ពួក​វិញ្ញាណ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង នោះ​​​ជោគ​ជ័យ​ក្នុង​ការ​ចូលរួម​ស្ដាប់​ការ​ផ្សាយ​ គឺ​មាន​​​​ទំហំ​ខ្លាំង​ក្លា​ជាង​ការ​ចូលរួម​ស្ដាប់​ក្នុងការផ្សព្វ​ផ្សាយ​របស់ពួក​អែលឌើរ​របស់​យើង​ក្នុង​ជីវិត​នេះ​ទៅ​ទៀត ។ ខ្ញុំ​ជឿ​ថា នៅទីនោះ​នឹង​មាន​វិញ្ញាណ​តែ​បន្ដិច​ប៉ុណ្ណោះ​ ដែល​ពុំ​រីករាយ​នឹង​ទទួល​យក​ដំណឹងល្អ នៅ​ពេល​ដែល​ផ្ដល់​ទៅដល់​ពួកគេ​នោះ ។ ស្ថានភាព​ជាច្រើន​នៅទីនោះ នឹង​មាន​ការ​ពេញ​​ចិត្ត​ច្រើន​ជាង​នៅទីនេះ​រាប់ពាន់​ដង » ( «Discourse by President Lorenzo Snow, » Millennial Star, ថ្ងៃទី ២២ ខែ ​មករា ឆ្នាំ ១៨៩៤ ទំព័រ ៥០ ) ។