បណ្ណាល័យ
មេរៀន​សិក្សា​នៅផ្ទះ ៖ ហេព្រើរ៥-យ៉ាកុប១ ( មេរៀនទី ២៨ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ហេព្រើរ ៥យ៉ាកុប១ ( មេរៀនទី ២៨ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្ស​ដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពីព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​​ដែល​​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ហេព្រើរ៥​–យ៉ាកុប១ ( មេរៀន​ទី ២៨ ) ពុំ​ត្រូវ​យក​មក​បង្រៀន ​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី១ ( ហេព្រើរ ៥-៦ )

នៅ​ក្នុង​ការ​សរសេរ​របស់​ប៉ុល​អំពី​សិទ្ធិ​អំណាច​បព្វជិតភាព សិស្ស​បាន​រៀន​ថា​ ជន​ដែល​ទទួល​បានការ​តែង​តាំង​សម្រាប់​បព្វជិតភាព​ត្រូវ​មាន​ការ​ហៅ​មក​ពី​ព្រះ​ដោយ​វិវរណៈ​ តាមរយៈ​ពួក​អ្នក​បម្រើ​​​របស់​ទ្រង់​​ដែល​មាន​សិទ្ធិ​អំណាច ។ សិស្ស​ក៏​រៀន​ផង​ដែរ​នូវ​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ តាមរយៈ​ភាព​ឧស្សាហ៍​ព្យាយាមរហូត​ដល់​ទី​បញ្ចប់ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​អត់ធ្មត់ យើង​អាច​គ្រង​ពរជ័យ​ដែល​ព្រះបាន​សន្យា ។ សេចក្ដីសង្ឃឹម​របស់​យើង​លើ​ការ​សន្យា​របស់​ព្រះ​គឺជា​យុថ្កា​ខាង​វិញ្ញាណ​មួយ​សម្រាប់​ព្រលឹង​យើង ។

ថ្ងៃ​ទី ២ ( ហេព្រើរ៧-១០ )

នៅ​ពេល​សិស្ស​សិក្សា ហេព្រើរ ៧–១០ ពួក​គេ​បាន​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ថ្វាយ​ព្រះជន្ម​ទ្រង់​ផ្ទាល់​ជា​ដង្វាយ​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​ថា​ដោយ​សារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល​បាន ប្រសិន​បើ​យើង​កាន់​ខ្ជាប់​ទៅ​នឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ទ្រង់ ។

ថ្ងៃ​ទី៣ ( ហេព្រើរ ១១ )

នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​ស្ដីពី​ការ​បង្រៀន​របស់​​ប៉ុល​អំពី​សេចក្ដី​ជំនឿ សិស្ស​បាន​រៀន​ថា សេចក្ដី​ជំនឿ​គឺជា​ការ​អះអាង​ថា​នឹង​បាន នូវ​អ្វី​ដូចជា​សង្ឃឹម​ទុក ជា​ភស្តុតាង​នៃ​រឿង​ដែល​មើល​មិន​ឃើញ ។ ពួកគេ​ក៏​បាន​រៀន​ដូច​តទៅ​នេះ​ផង​ដែរ ៖ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះទ័យ យើង​ត្រូវ​តែ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​ដោយ​ការ​មក​រក​ទ្រង់ ជឿ​លើ​ទ្រង់ ហើយ​ជឿ​ថា​ទ្រង់នឹង​​ប្រទាន​រង្វាន់​ដល់​ជន​ដែល​ខិតខំ​រក​ទ្រង់​ដោយ​ឧស្សាហ៍​ ។ នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ស៊ូទ្រាំ​នឹង​ការ​រង​ទុក្ខ ធ្វើ​អព្ភូតហេតុ ទទួល​ការ​សន្យា​មក​ពី​ព្រះ ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ ហើយ​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ ។

ថ្ងៃ​ទី ៤ ( ហេព្រើរ១២​–​យ៉ាកុប១ )

នៅ​ពេល​សិស្ស​សិក្សា​នៅ​ផ្នែក​ចុង​បញ្ចប់​នៃ​សំបុត្រ​របស់​ប៉ុល​រហូត​ដល់​ហេព្រើរ ពួក​គេ​បាន​រៀន​ថា នៅ​ពេល​យើង​មើល​ទៅ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​រកឃើញ​កម្លាំង​ដើម្បី​បោះ​បង់​ចោល​អំពើ​បាប​របស់​យើង ហើយ​ស៊ូ​ទ្រាំ​នឹង​ការ​ផ្ទុយ​ដោយ​អត់ធ្មត់ ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​ថា ប្រសិន​បើ​យើង​ចុះ​ចូល​នឹង​ការ​ផ្ចាញ់​ផ្ចាល​មក​ពី​ព្រះវរបិតា​សួគ៌ យើង​នឹង​ប្រែក្លាយ​កាន់​តែ​ដូចទ្រង់ ហើយ​មាន​សេចក្ដី​សុខសាន្ត​ដែល​កើត​ចេញ​ពី​សេចក្ដី​សុចរិត ។ នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​អំពី យ៉ាកុប១ សិស្ស​បាន​រៀន​ថា ព្រះ​ប្រទាន​ប្រាជ្ញា​ដោយ​សប្បុរស​ដល់​ជន​ដែល​ទូល​សូម​ទ្រង់​ដោយ​សេចក្ដី​ជំនឿ ។

សេចក្ដីផ្ដើម

សាវក​យ៉ាកុប​បាន​ទូន្មាន​​ពួក​អ៊ីស្រាអែល​ដែល​ខ្ចាត់ព្រាត់ ​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល ឲ្យ​បម្រើ​ដល់​មនុស្ស​ដទៃ ហើយ​បន្ត​មាន​ភាព​​ស្អាត​ស្អំ​ខាង​វិញ្ញាណ ។

យោបល់​សម្រាប់​ការបង្រៀន

កំណត់​ចំណាំ ៖ សិស្ស​បាន​រៀន​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​ចំនួន​ពីរ​នៅ​ក្នុង​មេរៀន​នេះ—ហេព្រើរ ១២:៩ និង​យ៉ាកុប ១:៥–៦ ។ អ្នក​គួរ​អាន ឬ​សូត្រ​វគ្គ​ទាំងនេះ​រួម​គ្នា​ជាមួយ​សិស្ស ហើយ​អញ្ជើញ​ឲ្យ​សិស្ស​ពន្យល់​ពី​គោលលទ្ធិ និង​ គោលការណ៍​ទាំងឡាយ​ដែល​វគ្គ​នេះ​បង្រៀន ។

យ៉ាកុប១:២២-២៧

យ៉ាកុប​អញ្ជើញ​ពួក​អ្នក​អាន​របស់​លោក​ឲ្យ​ធ្វើ​ជា​អ្នក​ស្ដាប់ និង​អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល ហើយ​បម្រើ​ដល់​មនុស្ស​ដទៃ

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន​ដំណើរ​រឿង​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ឃ្វីនថិន អិល ឃុក

« ថ្មីៗនេះ ខ្ញុំ​បាន​ជួប​នឹង​យុវជន​ដ៏​ប្រពៃ​ម្នាក់ ។ គោលដៅ​របស់​គាត់​គឺ​ការ​ទៅ​បម្រើ​បេសកកម្ម បញ្ចប់​ការសិក្សា រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​ក្រុម​គ្រួសារ​រីករាយ​ដ៏​ស្មោះត្រង់​មួយ ។ ខ្ញុំ​ពេញចិត្ត​គោលដៅ​របស់​គាត់ ។ ប៉ុន្តែ​នៅពេល​បន្ត​ការ​ពិភាក្សា វា​បង្ហាញ​ថា​ការប្រព្រឹត្ត និង​ជម្រើស​របស់​គាត់​ពុំ​ស្រប​ទៅ​នឹង​គោលដៅ​គាត់​ឡើយ ។ ខ្ញុំ​ឃើញថា​គាត់​ពិតជា​ចង់​ទៅ​បម្រើ​បេសកកម្ម ហើយ​ចៀសវាង​ពីអំពើ​រំលង​ធ្ងន់ធ្ងរ​នានា ​ដែល​នឹង​បង្អាក់​គាត់​ពី​បេសកកម្ម ប៉ុន្តែ​ការប្រព្រឹត្ត​របស់​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពុំ​រៀបចំ​ខ្លួន​គាត់​​សម្រាប់​ឧបសគ្គ​ខាង​សាច់ឈាម សតិអារម្មណ៍ សង្គម បញ្ញា និង​ខាងវិញ្ញាណ​​​ដែល​គាត់​នឹង​ជួបប្រទះ​ឡើយ ។ គាត់​ពុំ​ទាន់​ចេះ​ធ្វើការ​ដោយ​ព្យាយាម​នៅ​ឡើយ​ទេ ។ គាត់​ពុំ​យក​ចិត្តទុក​ដាក់​នឹង​ការសិក្សា ឬ​ចូល​ថ្នាក់​សិក្ខា​សាលា​ឡើយ។ គាត់​ទៅ​ព្រះវិហារ​ តែ​ពុំ​អាន​ព្រះគម្ពីរ​មរមន​ឡើយ ។ គាត់​ចំណាយ​ពេល​ច្រើន​លេង​វីដេអូ​ហ្គេម និង​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ គាត់​ទំនង​ជា​គិត​ថា ​ការចេញ​បម្រើ​បេសកកម្ម​ដ៏​សាមញ្ញ​មួយ​គឺ​គ្រប់គ្រាន់​ហើយ​មើល​ទៅ » ( ​« Choose Wisely » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ​២០១៤ ទំព័រ ៤៧ ) ។

  • ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​របស់​អែលឌើរ ឃុក តើ​អ្នក​មាន​ក្ដី​បារម្ភ​អ្វីខ្លះ​ចំពោះ​កង្វះ​ខាត​នៃ​ការ​ត្រៀម​ខ្លួន​ទៅ​បេសកកម្ម​របស់​យុវជន​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប១:២២ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រកមើល​ថា យ៉ាកុប​បាន​បង្រៀន​អ្វី​ខ្លះ​ ដែល​វា​អាច​ជួយ​យុវជន​នោះ​នៅ​ក្នុង​ដំណើរ​រឿង​របស់​អែលឌើរ ឃុក ។

  • តើ​យ៉ាកុប​បាន​បង្រៀន​អ្វី​ខ្លះ​ដែល​វា​អាច​ជួយ​យុវជន​នោះ ?

សូម​ពន្យល់​ថា ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង យ៉ាកុប ១:២៣–២៤ យ៉ាកុប​បាន​ប្រៀបប្រដូច​មនុស្ស​ម្នាក់​ដែល​ស្ដាប់ ប៉ុន្តែ​ពុំ​បាន​ប្រព្រឹត្ត​តាម​ ទៅ​នឹង​មនុស្ស​ដែល​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង ប៉ុន្តែ​ភ្លេច​ថា​ខ្លួន​គាត់​មានភិនភាគ​យ៉ាង​ណា កាល​គាត់​ដើរ​ចេញ​ទៅ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ១:២៥ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ថា​មាន​អ្វី​កើត​ឡើង​​ចំពោះ​ជន​ដែល​ជ្រើស​រើស​ធ្វើ​តាម​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​ស្ដាប់​ឮ ។

  • តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ជន​ដែល​ស្ដាប់ ហើយ​ប្រព្រឹត្ត​តាម ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ នៅ​ពេល​យើង​ស្ដាប់ ហើយ​ធ្វើ​តាម​ព្រះបន្ទូល​ ទ្រង់​នឹង​ប្រទាន​ពរដល់​យើង​​នៅ​ក្នុង​ការ​ប្រព្រឹត្ត​តាមរបស់​យើង ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយ​តម្លៃ​ខ្លួន​ឯង​ថា​ជា​អ្នក​ស្ដាប់ និង​អ្នកប្រព្រឹត្ត​តាម​ព្រះបន្ទូល​ ដោយ​ពិចារណា​ពី​សំណួរ​ខាង​ក្រោម​នេះ ។ អ្នក​គួរ​អាន​សំណួរ​ទាំងនេះ​ឲ្យ​ឮៗ ឬ​សរសេរ​វា​ដាក់​លើ​ក្ដារខៀន ។

  • តើ​ខ្ញុំ​ជឿ​លើ​សេចក្ដី​ពិត​ដែល​ខ្ញុំ​កំពុង​រៀន​នៅ​ក្នុង​ព្រះគម្ពីរ នៅ​ផ្ទះ នៅ​ព្រះវិហារ និង​នៅ​ថ្នាក់​សិក្ខាសលា​ខ្លាំង​ប៉ុណ្ណាដែរ ?

  • តើ​ខ្ញុំ​ដាក់​គោលដៅ​ខាង​វិញ្ញាណ​ ដើម្បី​ធ្វើ​តាម​សេចក្ដីពិត​​ដែល​ខ្ញុំ​នឹង​រៀន​ញឹក​ញាប់​ប៉ុណ្ណា​ដែរ ? តើ​ខ្ញុំ​សម្រេច​វា​បាន​ញឹក​ញាប់​ប៉ុណ្ណា​ដែរ ? តើ​ខ្ញុំ​ភ្លេច​វាជា​ញឹក​ញាប់​ប៉ុណ្ណា​ដែរ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​​ឲ្យវា​​ប្រសើរ​ឡើង ​ក្នុង​ការ​​ធ្វើ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល ​ពុំ​គ្រាន់​តែ​ជា​អ្នក​ស្ដាប់​ម្នាក់​នោះ​ទេ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​​ដែល​បាន​មក​ នៅ​ពេល​យើង​ធ្វើតាម​អ្វីដែល​យើង​រៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ១:២៦-២៧​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រកមើល​ការ​ផ្ដល់​យោបល់​របស់​យ៉ាកុប ​ចំពោះ​របៀប​ដែល​យើង​អាច​រស់​នៅ​តាម​សាសនា​របស់​យើង ។

  • យោងតាម​យ៉ាកុប តើ​អ្វី​ទៅ​ជា​វិធី​មួយ​ចំនួន​ដែល​យើង​អាច​រស់​នៅ ​តាម​សាសនា​របស់​យើង ឬ​បង្ហាញ​ការ​លះបង់​របស់​លោក​ចំពោះ​ព្រះ ?

សូម​ពន្យល់​ថា ខ​ទី ២៧ យ៉ាកុប​បាន​ប្រើ​គំនិត​នៃ​ការ « ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ » ដែល​ខ្វះ​ខាត​ជា​គំរូ​មួយ​នៃ​ការ​មើល​ថែ​មនុស្ស​ដទៃ ហើយ​ថា​ការ « រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍ »​ មាន​ន័យ​ថា​ការ​បន្ត​ស្អាត​ស្អំ​ខាង​វិញ្ញាណ សូម្បី​នៅ​ក្នុង​ពិភព​លោក​មួយ ​ដែល​សេចក្ដី​ទុច្ចរិត​កាន់​តែ​មាន​ច្រើន​ឡើង​ក្ដី ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង យ៉ាកុប១:២៧ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​ស្គាល់​សេចក្ដី​ពិត​ដូច​ត​ទៅ​នេះ ៖ យើង​បង្ហាញ​ពី​សាសនា​ដែល​បរិសុទ្ធ នៅ​ពេល​យើង​ខ្វល់​ខ្វាយ​ពី​មនុស្ស​ដទៃ ហើយ​រក្សា​ខ្លួន​យើង​ឲ្យ​ស្អាត​ស្អំ​ខាង​វិញ្ញាណ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ការ​ខ្វល់ខ្វាយ​ចំពោះ​មនុស្ស​ដទៃ ហើយ​រក្សា​ខ្លួន​​យើង​ឲ្យ​ស្អាត​ស្អំ​ខាង​វិញ្ញាណ​ អាច​ជា​ការ​បង្ហាញ​ដ៏​សំខាន់​អំពី​ការ​លះបង់​របស់​យើង​ចំពោះ​ព្រះ​តាម​របៀប​ណា ?

  • តើ​អ្នក​ស្គាល់​នរណា​ ដែល​ជា​គំរូ​ដ៏​ល្អ​ម្នាក់​នៃ​ការ​បង្ហាញ « សាសនា​ដែល​បរិសុទ្ធ »​ នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់​ដែរ​ឬទេ ? តើ​បុគ្គល​នេះ​ធ្វើ​អ្វីខ្លះ​ដែល​បំផុស​គំនិត​អ្នក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្រដាស​នូវ​ការ​ប្រព្រឹត្ត​មួយ ឬ​ពីរ​ដែល​ពួកគេ​នឹង​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​មើល​ថែ​មនុស្ស​ម្នាក់ ដែល​ខ្វះ​ខាត ឬ​រក្សា​ខ្លួន​ពួកគេ « មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍ » ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល ​ដោយ​យកគោលការណ៍​នេះ​មក​អនុវត្ត​​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

មេរៀន​បន្ទាប់ ( យ៉ាកុប ២​–​ពេត្រុស​ទី១ ៥ )

សូម​ពន្យល់​សិស្ស​ថា នៅ​ពេល​ពួកគេ​សិក្សា យ៉ាកុប ២ពេត្រុស​ទី១ ៥ ពួក​គេ​នឹង​រៀន​ពី​ចម្លើយ​សម្រាប់​សំណួរ​ដូច​តទៅ​នេះ ៖ តើ​យ៉ាកុប​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ ប្រសិន​បើ​ពួកគេ​បាន​ឃើញ​បងប្អូន​ប្រុស ឬ​ស្រី​ម្នាក់​ដែល « ​អាក្រាត ព្រម​ទាំង​ខ្វះ​អាហារ​បរិភោគ​រាល់​ថ្ងៃ » ? ( យ៉ាកុប២:១៥ ) ។ ចុះ​បើ​យើង​ពុំ​បាន​ធ្វើ​អ្វី​សោះ​ ដើម្បី​ជួយ​ជន​ខ្វះខាត​វិញនោះ ? ហេតុអ្វី​យ៉ាកុប​បាន​និយាយ​ថា « ពី​ព្រោះ​សេចក្តី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ » ? ( យ៉ាកុប ២:២៦ ) ។ តើ​ផ្នែក​អ្វីខ្លះ​នៃ​រូបកាយ​ដែល​យ៉ាកុប​បាន​ថ្លែង​ថា​ជា « ភ្លើង » ហើយ​អាច « ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក » ? ( យ៉ាកុប៣:៦ ) ។ តើ​ពរជ័យ​អ្វី​កំពុង​រង​ចាំ​ជន​ដែល​ជួយ​ប្រែ​ចិត្ត​មនុស្ស​មាន​បាប​ម្នាក់ ​« ឲ្យ​ត្រឡប់​ពី​ផ្លូវ​វង្វេង​មក​វិញ » ? ( យ៉ាកុប ៥:២០ ) ។ តើ​ពេត្រុស​បាន​ផ្ដល់​ហេតុផល​អ្វីខ្លះ ​សម្រាប់​ការ​ប្រកាស​ដំណឹងល្អ​ដល់​ពួក​មនុស្ស​ស្លាប់ ? សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​ចម្លើយ​សម្រាប់​សំណួរ​ទាំងនេះ ​នៅពេល​ពួកគេ​សិក្សា​ខគម្ពីរ​បន្ទាប់​ទៀត ។