បណ្ណាល័យ
មេរៀន​ទី ១៤៣ ៖ យ៉ាកុប ៤–៥


មេរៀន​ទី ១៤៣

យ៉ាកុប ៤–៥

សេចក្ដីផ្ដើម

យ៉ាកុប​បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ​ឲ្យ​តតាំង​នឹង​អារក្ស ឲ្យ​ខិត​ទៅ​កាន់តែជិតព្រះ ហើយ​ស៊ូទ្រាំ​នឹង​ការ​រងទុក្ខ​ដោយ​អត់ធ្មត់ កាល​កំពុង​​រង់​ចាំ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​បង្រៀន​ថា អ្នក​ឈឺ​គួរ​ « ​ហៅ​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ » ( យ៉ាកុប ៥:១៤ ) ឲ្យព្យាបាលពួកគេ ។ យ៉ាកុប​ក៏​បាន​​បង្រៀន​ផង​ដែរ​អំពី​សារៈសំខាន់​​នៃ​ការ​ជួយ​ពួក​អ្នក​មាន​បាប​ឲ្យ​ប្រែ​ចិត្ត ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប ៤

យ៉ាកុប​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ខិតកាន់​តែ​​ជិត​ព្រះ ហើយ​តតាំង​នឹង​អារក្ស

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់​ដែល​ពួកគេ​មាន​អារម្មណ៍​ស្និទ្ធ​ស្នាល ។

  • តើ​អ្នក​បាន​គិត​ដល់​នរណា​ដែរ ? ហេតុអ្វី​អ្នក​មាន​អារម្មណ៍ស្និទ្ធស្នាល​នឹង​បុគ្គល​នេះ ?

  • តើ​អ្នក​មាន​ភាព​ស្និទ្ធស្នាល​នឹង​បុគ្គល​នេះ​តាម​របៀបណា ?

ចូរ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា ពួកគេ​មាន​អារម្មណ៍​​នៅ​ជិត​នឹង​ព្រះ​កម្រិត​ណា​ដែរ ។

  • តើ​ជីវិត​របស់​យើង​នឹង​មាន​ពរ​យ៉ាង​ណា​ដែរ​ តាមរយៈ​ការ​មាន​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​ជាមួយ​នឹង​ព្រះ ?

នៅពេល​សិស្ស​សិក្សា​យ៉ាកុប ៤ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​​ពិត​ដែល​អាច​ជួយ​ពួកគេឲ្យ​​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេជាមួយ​​នឹង​ព្រះ ។

សូម​សង្ខេប យ៉ាកុប ៤:១–៣ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​ស្ដី​បន្ទោស​ដល់​ពួក​បរិសុទ្ធ​ចំពោះទោរទន់​របស់​ពួកគេ​​តាម​បំណង​ប្រាថ្នា​ខាង​លោកិយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ៤:៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ប្រភេទ​​នៃ​មិត្តភាព ​ដែល​យ៉ាកុប​បាន​ព្រមាន​ដល់​ពួក​បរិសុទ្ធ ។ ចូរ​ពន្យល់​ថា ​ពាក្យស្អប់មានន័យ​ថា ការ​ជំទាស់ ឬ​ការ​ស្អប់​ខ្ពើម ។

  • តើ​ប្រភេទ​មិត្តភាព​បែបណា​ទៅ​ដែល​យ៉ាកុប​បាន​ព្រមាន​ដល់​ពួក​បរិសុទ្ធ ?

  • តើ​អ្នក​គិត​ថា ការ « ​ស្រឡាញ់​ដល់​លោកីយ៍ » មាន​ន័យ​ដូចម្ដេច ? ( ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់​ថា ពាក្យ​ទូន្មាន​របស់​យ៉ាកុប​នៅ​ក្នុង ខ​ទី ៤​ពុំ​មែន​មាន​ន័យ​ថា​ យើង​ពុំ​គួរ​សេពគប់​នឹង​បុគ្គល​​ដែល​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​នេះ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​ចៀស​វាង​ការ​ឱប​ក្រសោប​ការ​បង្រៀន​ខុស​ឆ្គង និង​បំណង​ប្រាថ្នា បទដ្ឋាន និង​ការ​អនុវត្ត​ទុច្ចរិត​នានា​​របស់​លោកិយ ) ។

  • យោង​តាម​យ៉ាកុប តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​មនុស្ស​ម្នាក់​​ដែល​សេព​គប់​នឹង​លោកិយ ?

ចូរ​សុំ​ឲ្យ​សិស្ស​អាន យ៉ាកុប ៤:៦–៨ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ថា យ៉ាកុប​បាន​ទូន្មានឲ្យ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ។

  • តើ​យ៉ាកុប​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វីខ្លះ ?

  • តើ​ការ​យើង​ចុះចូល​ចំពោះ​ព្រះ​អាច​ជួយ​យើង​ឲ្យ​តតាំង​នឹង​អារក្ស​បាន​យ៉ាង​ដូចម្ដេច ?

  • យោង​តាម ខ​ទី ៨តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ប្រសិន​បើ​យើង​ចង់​នៅ​ជិត​ព្រះ ? ( នៅពេល​សិស្ស​ឆ្លើយ​រួច ចូរ​សរសេរ​គោល​ការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖​ប្រសិន​បើ​យើង​ខិត​ទៅ​ជិត​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ចូល​មកជិត​យើង )

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​​ដើម្បី​ខិត​ទៅ​ជិត​ព្រះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារ​ខៀន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​នូវ​វិធី​មួយ​​ដែល​យើង​អាច​ខិត​ទៅ​ជិត​ព្រះ សូម​ចង្អុល​បង្ហាញ​ការ​ណែនាំ​របស់​ប៉ុល​ឲ្យ​ « លាង​ដៃ​ឲ្យ​ស្អាត » ហើយ​ « សម្អាត​ចិត្ត​ឡើង » ( យ៉ាកុប ៤:៨​ ) ។ សូម​ពន្យល់​ថា ដូច​ដែល​ប្រើ​នៅ​ក្នុង​បទគម្ពីរ ដៃ​អាច​តំណាង​ឲ្យ​ការ​ប្រព្រឹត្ត​របស់​យើង ហើយ​ចិត្ត​អាច​តំណាង​ឲ្យ​បំណង​ប្រាថ្នា​របស់​យើង ។

  • តើ​អ្នក​គិត​ថា ការ​មាន​ដៃ​ស្អាត ហើយ​ចិត្ត​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះ​បាន​យ៉ាង​​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ៤:៩–១២, ១៧ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​ពាក្យ​ទូន្មាន​បន្ថែម​ទៀត ​ដែល​យ៉ាកុប​បាន​ផ្ដល់​ឲ្យ​ពួក​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ខិត​កាន់​តែ​​ជិត​ព្រះ ។ សូម​ពន្យល់​ថា ឃ្លា​ « សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ » ​( ខ​ទី ៩​ ) សំដៅ​ទៅ​លើ​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​សម្រាប់​អំពើ​បាប ។

  • តើ​ពាក្យ​ទូន្មាន​អ្វីខ្លះ​ទៀត​ដែល​យ៉ាកុប​បាន​ផ្ដល់​ឲ្យ​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ខិត​កាន់​តែ​​ជិត​ព្រះ ?

  • យោងតាម ខទី ១៧តើ​យ៉ាកុប​បាន​បង្រៀន​ថា ​អ្វីខ្លះ​គឺជា​អំពើបាប ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួច សូម​សរសេរ​​គោល​ការណ៍​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​ដឹង​ថា​ត្រូវ​ធ្វើ​ល្អ ប៉ុន្តែ​ជ្រើស​រើស​ពុំ​ធ្វើ​វា នោះ​យើង​ប្រព្រឹត្ត​អំពើ​បាប​ហើយ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​គឺជា​អំពើបាប​មួយ នៅ​ពេល​យើង​ដឹង​ថា​យើង​គួរ​ធ្វើ​កិច្ចការ​ល្អ​ ប៉ុន្តែ​យើង​រើស​មិន​ធ្វើ​វា​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​​ខាងក្រោម​​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ដែលបានបម្រើក្នុង​គណៈប្រធាន​ទីមួយ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ខ្ញុំ​ខ្លាច​ក្រែង​ថា អំពើ​បាប​ដ៏​ធំ​បំផុត​មួយ​ចំនួន​របស់​យើង​​គឺជា​អំពើ​បាប​នៃ​ការ​ធ្វេស​ប្រហែស ។ អំពើបាប​ទាំងនេះ​គឺជា​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​មួយ​ចំនួន​នៃ​ក្រឹត្យវិន័យ ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​​មាន​បន្ទូល​ថា យើង​មិន​ត្រូវ​ទុកចោល​ដោយ​មិនធ្វើវា​នោះ​ឡើយ [ សូម​មើល ម៉ាថាយ ២៣:២៣​ ] ។ អំពើបាប​ទាំងនេះ​គឺជា​ទង្វើ​ដែល​ចេះ​គិត​ពិចារណា ហើយបរាជ័យ​​ពុំ​បាន​ធ្វើ ហើយ​ធ្វើឲ្យមាន​អារម្មណ៍​ថា​សោកស្តាយយ៉ាង​​ខ្លាំង​ចំពោះ​ការ​ពុំ​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ ។

« កាល​ជា​ក្មេង​ប្រុស​ម្នាក់​រស់​នៅ​កសិដ្ឋាន​អំឡុង​រដូវ​ក្ដៅ ខ្ញុំ​នៅ​ចាំ​ថា​ជីដូន​របស់​ខ្ញុំ​ឈ្មោះ ម៉ារី ហ្វីនលីន​សុន បាន​ចម្អិន​អាហារ​យ៉ាង​ឆ្ងាញ់​​សម្រាប់​យើង​នៅ​លើ​ចង្ក្រាន​ប្រើ​អុស​មួយ ។ កាល​ធុង​ដាក់​អុស​នៅ​ក្បែរ​ចង្ក្រាន​នោះ​អស់ ជីដូន​ខ្ញុំ​បាន​យកធុង​​ដ៏​ស្រាល​នោះ​​ចេញ​​ទៅ​ខាង​ក្រៅ ហើយ​រើស​មែក​ឈើ​មក​ដាក់​បំពេញ​ក្នុង​នោះ ហើយ​យក​វា​ទៅ​ទុក​ក្នុង​ផ្ទះ​វិញ ។ ខ្ញុំ​ជាប់ចិត្ត​ការ​សន្ទនា​នៅ​ក្នុង​ផ្ទះ​បាយ​ជា​ខ្លាំង ខ្ញុំ​បាន​អង្គុយ​នៅ​ទី​នោះ ហើយ​ទុក​ឲ្យ​ជីដូន​ខ្ញុំ​រើស​អុសដាក់​ក្នុង​ធុង​នោះ​តែ​ម្នាក់​ឯង ។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស់​ខ្លួន​ឯង ហើយ​សោក​ស្ដាយ​​ចំពោះ​ការ​ធ្វេស​ប្រហែស​របស់​ខ្ញុំ​អស់​មួយ​ជីវិត ។ ខ្ញុំ​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​សូម​ឲ្យ​គាត់​អភ័យ​ទោស​ដល់​ខ្ញុំ » ( «The Weightier Matters of the Law: Judgment, Mercy, and Faith » Ensign ខែ វិច្ឆិកា ឆ្នាំ ​១៩៩៧ ទំព័រ ៥៩ ) ។

  • តើ​ទង្វើ​ល្អ​អ្វី​ទៅ​ដែល​ប្រធាន ហ្វោស្ត ពុំ​បាន​ធ្វើ​កាល​ពី​នៅ​ក្មេង ? តើ​លោក​មាន​អារម្មណ៍​បែប​ណា​ដែរ ?

  • តើ​អ្វី​ទៅ​ជា​គំរូ​ស្ដីពី​អំពើ​បាប​នៃ​ការ​ធ្វេស​ប្រហែស​ ដែល​អាច​រារាំង​យើង​ពី​ការ​ខិត​ទៅ​ជិត​ព្រះ ?

  • តើ​អ្វី​ទៅ​អាច​រារាំង​យើង​មិន​ឲ្យធ្វើ​​កិច្ចការ​ល្អ​ ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ឲ្យ​យើង​ធ្វើនោះ ?

  • តើ​អ្នក​ធ្លាប់​ខិត​ទៅ​ជិត​ព្រះ​ដោយ​ការ​ធ្វើ​ល្អ​ នៅ​ពេល​អ្នក​ទទួល​ការ​បង្រៀន​​ឲ្យ​ធ្វើ​ដូច្នោះ​នៅ​ពេល​ណា​ដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ នូវ​រឿង​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​បាន​ខិត​ទៅ​កាន់តែជិត​ព្រះ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​​ទទួល​បាន ។

យ៉ាកុប ៥

យ៉ាកុប​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យ​ស៊ូទ្រាំ​ដោយ​អត់​ធ្មត់​ចំពោះ​ទុក្ខ​លំបាក ហើយ​ណែនាំ​ដល់​អ្នក​ឈឺ​ឲ្យ​ហៅ​​រក​ពួក​ចាស់​ទុំ ។

សូម​សង្ខេប យ៉ាកុប ៥:១–៦ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​ថ្កោល​ទោស​ដល់​អ្នក​មាន​​ដែល​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ខុស ហើយ​បៀតបៀន​ដល់​មនុស្ស​សុចរិត ។ លោក​បាន​ព្រមាន​ថា សេចក្ដី​ទុក្ខ​វេទនា និង​ការ​ជំនុំ​ជម្រះ​កំពុង​រង់ចាំ​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង យ៉ាកុប ៥:៧–១១​​ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​ថា យ៉ាកុប​បាន​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វីខ្លះ នៅ​ពេល​ពួកគេ​ជួប​នឹង​ទុក្ខ​លំបាក កាល​កំពុង​រង់​ចាំ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • យោង​តាម ខ​ទី ៧–៨ តើ​យ៉ាកុប​បាន​ណែនាំ​​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វីខ្លះ នៅ​ពេល​ពួក​គេ​រង់​ចាំ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • យោង​តាម ខ​ទី ១០ តើ​ពួក​បរិសុទ្ធ​គួរ​មើល​ទៅ​នរណា​ សម្រាប់​គំរូ​នៃ​មនុស្ស​​ដែល​បាន​ស៊ូទ្រាំ​នឹង​ទុក្ខ​វេទនា​ដោយ​អត់​ធ្មត់ ?

  • តើ​មាន​គំរូ​អ្វីខ្លះ​នៅ​ក្នុង​ព្រះគម្ពីរ​ស្ដីពី​ពួក​ព្យាការី​ ដែល​បាន​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​អត់ធ្មត់ ?

សូម​ពន្យល់​ថា យ៉ាកុប ៥:១៣–១៦ កត់ត្រា​ពាក្យ​ទូន្មាន​របស់​យ៉ាកុបដល់​អ្នក​ឈឺ និង​អ្នក​រងទុក្ខ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន​សាច់រឿង​ដូច​ខាង​ក្រោម​ឮៗ ។

មាន​មិត្ត​ម្នាក់​បាន​ពោល​ថា « ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​សោះ ។ ខ្ញុំ​ឈឺ​ជាង​មួយ​សប្ដាហ៍​ហើយ ។ ខ្ញុំ​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត ហើយ​បាន​ប្រើ​ថ្នាំ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​បាន​ប្រសើរ​សោះ ។ ខ្ញុំ​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​នោះ​ទេ » ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា ពួកគេ​នឹង​និយាយ​អ្វីខ្លះ​ទៅ​មិត្ត​ម្នាក់​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប ៥:១៣–១៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​យ៉ាកុប​បាន​ទូន្មាន​អ្នក​ឈឺ និង​អ្នក​រង​ទុក្ខ​ឲ្យ​ធ្វើ​អ្វីខ្លះ ។

  • តើ​យ៉ាកុប​បាន​ទូន្មាន​ឲ្យ​អ្នក​ឈឺ និង​អ្នក​រង​ទុក្ខ​​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​យ៉ាកុប​បាន​ណែនាំ​ពួក​អែលឌើរ​ឲ្យ​ធ្វើ​អ្វីខ្លះ​ចំពោះ​អ្នក​ឈឺ ? ( បម្រើ​អ្នក​ឈឺ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិត​ភាព ហើយចាក់​ប្រេងតាំង​ដល់​ពួកគេ ) ។

សូម​ពន្យល់​ថា អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា « នៅ​ពេល​ពួក​អែលឌើរ​លាបប្រេងតាំង​ដល់​អ្នក​ឈឺ​ម្នាក់ ហើយ​ផ្សារភ្ជាប់​ការ​តាំង​ប្រេង​នោះ ពួកគេ​បើក​បង្អួច​​ស្ថានសួគ៌​ថ្វាយ​ព្រះអម្ចាស់ ​ឲ្យ​ចាក់​ស្រោច​ពរជ័យ​ដែល​ទ្រង់​មាន​សម្រាប់​អ្នក​ឈឺ​នោះ » ( « Healing the Sick » EnsignLiahona ខែ ឧសភា ឆ្នាំ ​២០១០ ទំព័រ ៤៨ ) ។

  • បន្ថែម​ពី​លើ​អំណាច​នៃ​បព្វជិតភាព តើ​យ៉ាកុប​​បាន​និយាយ​ថា អ្វី​ផ្សេ​ងទៀត​ដែល​នឹង​សង្គ្រោះ ឬ​ព្យាបាល​ដល់​អ្នក​ឈឺ ? ( « ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ » [ យ៉ាកុប៥:១៥ ] ) ។

  • តើ​យើងអាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​មក​ពី​យ៉ាកុប អំពី​របៀប​ដែល​អ្នក​ឈឺ​អាច​ទទួល​បាន​​ការ​ព្យាបាល ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​នូវ​សេចក្ដី​ពិត​ដូច​ត​ទៅ​​នេះ ៖ តាម​រយៈ​ការ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ និង​អំណាច​នៃ​បព្វជិតភាព នោះ​អ្នក​ឈឺ​អាច​ទទួល​បាន​ការ​ព្យាបាល ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សេចក្ដី​ពិត​នេះ សូម​ចែក​ឯកសារ​ស្ដីពី​សេចក្ដី​ថ្លែង​ការណ៍​​​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ដាល្លិន អេក អូក ​ដល់​សិស្ស​ម្នាក់ៗ ។ សូម​ចែក​សិស្ស​ជា​គូ ហើយ​អញ្ជើញ​ដៃ​គូ​នីមួយៗ​​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​នោះ​ឮ​ៗ​រួម​គ្នា ។ សូម​ឲ្យ​ពួកគេ​រក​មើល​ថា​អែលឌើរ អូក បាន​​បង្រៀន​អ្វីខ្លះ​អំពី​ការ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ និង​អំណាច​ព្យាបាល​នៃ​បព្វជិតភាព ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« នៅពេល​យើង​អនុវត្ត​អំណាច​បព្វជិតភាព​នៃ​ព្រះ​ដោយ​ឥតសង្ស័យ និង​នៅពេល​យើង​ឱប​ក្រសោប​​​សេចក្ដី​សន្យា​របស់​ទ្រង់ ថា​ទ្រង់​នឹង​ឮ និង​ឆ្លើយតប​ការអធិស្ឋាន​ដោយ​សេចក្ដីជំនឿនោះ​យើង​​ត្រូវតែ​​ចងចាំ​​ជានិច្ច​ថា សេចក្ដីជំនឿ និង​អំណាច​​បព្វជិត​ភាព​នៃ​ការព្យាបាល​មិន​អាច​មាន​លទ្ធផល​មួយ​​​ផ្ទុយទៅនឹង​ព្រះឆន្ទៈ​របស់​ទ្រង់ ដែល​ទ្រង់​ជា​ម្ចាស់​នៃ​​បព្វជិតភាព​នោះ​ឡើយ ។ …

« … ទោះបីជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ដែល​មាន​ការអនុវត្ត​អំណាច​ដ៏​ទេវភាព​របស់​ទ្រង់​នៅ​ក្នុង​​កាលៈទេសៈ​មួយ ដែល​មាន​សេចក្ដី​ជំនឿ​គ្រប់គ្រាន់​ដើម្បី​ត្រូវបាន​ព្យាបាល​ក្ដី ក៏​មិន​អាច​ទទួល​បាន​ពរជ័យ​បព្វជិតភាព​មួយ ដែល​នឹង​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់បាន​ជា​សះ​ស្បើយដែរ ប្រសិនបើ​ការព្យាបាល​នោះ​មិន​មែន​​ជា​ឆន្ទៈ​របស់​ព្រះអម្ចាស់ ។

« ក្នុងនាម​ជា​បុត្រ​របស់​ព្រះ ដោយ​ដឹង​ពី​សេចក្ដី​​ស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់ និង​ចំណេះ​ដឹង​ដ៏​គ្មាន​កម្រិត​របស់​ទ្រង់​អំពី​អ្វី​​ដែល​ល្អ​បំផុត​​សម្រាប់សុខុមាលភាព​ដ៏​អស់កល្ប​របស់​យើង នោះ​យើង​នឹង​ទុកចិត្ត​លើ​ទ្រង់ ។ គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​ គឺជា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយ​សេចក្ដីជំនឿ​មាន​ន័យ​ថា​ការទុកចិត្ត ។ …ខ្ញុំ​ទទួលអារម្មណ៍​ដឹង​ពីទំនុកចិត្ត​ដូចគ្នា​នេះ នៅក្នុង​ពាក្យ​សម្ដី​របស់​ឪពុក​ នៃកូន​ស្រី​ម្នាក់​​បានផុតជីវិត ដោយសារ​ជំងឺ​មហារីក​នៅ​ក្នុង​យុវវ័យ​របស់នាង ។ គាត់​បាន​ប្រកាស​ថា ‹ សេចក្ដី​ជំនឿ​របស់​គ្រួសារ​​យើង​គឺ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ហើយ​វា​មិន​ពឹង​ផ្អែក​ទៅលើ​លទ្ធផល​ណាមួយ​នោះ​ទេ › ។ ការបង្រៀន​ទាំងនោះ​ស្ដាប់ទៅ​ពិត​ណាស់ចំពោះ​ខ្ញុំ ។ យើងធ្វើនូវអ្វីៗ​ទាំង​អស់ដែល​យើងអាច​ធ្វើ ដើម្បី​ព្យាបាល​ដល់មនុស្ស​ជា​ទីស្រឡាញ់របស់​យើង រួច​ហើយ​យើង​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់​ចំពោះ​លទ្ធផល​នោះ » (« Healing the Sick » ទំព័រ ៥០ ) ។

  • តើ​ការ​បង្រៀន​របស់​អែលឌើរ អូក ជួយ​យើង​ឲ្យ​យល់​អំពី​អំណាច​ព្យាបាល​នៃ​បព្វជិតភាព​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​វា​សំខាន់​សម្រាប់​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ ដោយពុំ​ពឹង​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ប្រសិទ្ធពរ​នៃ​បព្វជិតភាព ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​បទ​ពិសោធន៍​ដែល​ពួកគេ ​ឬ​​មនុស្ស​ដែល​ពួកគេ​ស្គាល់​ ធ្លាប់​មាន​ពរ​តាមរយៈ​ការ​អធិស្ឋាន​​ដោយ​សេចក្ដី​ជំនឿ និង​អំណាច​នៃ​បព្វជិតភាព ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អំពី​របៀប​ដែល​បទ​ពិសោធន៍​ទាំង​នេះ​បាន​ពង្រឹង​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ ។ ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែក​ចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន ឬ​ពិសិដ្ឋ​ពេក​នោះទេ ) ។

សូម​ចង្អុល​​បង្ហាញ​នៅ​ក្នុង ខ​ទី ១៥ ពី​ទំនាក់​ទំនង​រវាង​ការ​ព្យាបាល​អ្នក​ឈឺ និង​ការ​អភ័យទោស​ពី​អំពើបាប ។ ប្រភេទ​នៃ​សេចក្ដី​រាបសា និង​សេចក្ដី​ជំនឿ​ដែល​តម្រូវ​​ឲ្យ​យើង​មាន ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ខាង​រាង​កាយ​គឺជា​ប្រភេទ​នៃ​សេចក្ដីរាបសា និង​សេចក្ដី​ជំនឿ​ដូចគ្នា​ដែល​តម្រូវ​ឲ្យ​យើង​មាន​ដើម្បី​ទទួល​បាន​ការ​អភ័យទោស​ដែរ ( សូម​មើល Bruce R. McConkie Mormon Doctrine កំណែ​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២៩៧–៩៨ ) ។

សូម​សង្ខេប យ៉ាកុប ៥:១៧–២០ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​ហៅ​ព្យាការី​អេលីយ៉ា​ថា​ជា​គំរូ​នៃ​មនុស្ស​ម្នាក់​ ដែល​បាន​ប្រើ​អំណាច​នៃ​ការអធិស្ឋាន​ដោយ​ចិត្ត​ក្លៀវក្លា ។ លោក​ក៏​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ជួយ​ពួក​អ្នក​មាន​បាប​ឲ្យ​ប្រែ​ចិត្ត​ផង​ដែរ ។

សូម​បញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ាកុប ៤:៨ ។ « ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ … ចូរ​សំអាត​ចិត្ត​ឡើង »

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពី​របៀប​ដែល​យើង​អាច​លាង​ដៃ​ឲ្យ​ស្អាត ហើយ​មាន​ចិត្ត​បរិសុទ្ធ ៖

« ដៃ​ត្រូវ​បាន​សម្អាត​ដោយសារ​ដំណើរការ​នៃ​ការសម្រាតចេញ​នូវ​និស្ស័យខាង​សាច់​ឈាម និង​ដោយ​ការយកឈ្នះ​លើ​អំពើ​បាប និង​ឥទ្ធិពល​អាក្រក់​ទាំងឡាយ​​នៅក្នុង​ជីវិត​របស់​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ដួង​ចិត្ត​បាន​បរិសុទ្ធ ​នៅ​ពេល​យើង​ទទួល​បាន​ព្រះចេស្ដា​ដ៏​ជា​កម្លាំង​របស់​ទ្រង់​ឲ្យ​ធ្វើ​ការ​ល្អ ហើយ​ធ្វើ​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង » ( « Clean Hands and a Pure Heart »​​​ EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​ ២០០៧ ទំព័រ ៨២ ) ។

យ៉ាកុប ៥:១៥ ។ « បើ​គាត់​បាន​ធ្វើ​បាប​អ្វី នោះ​នឹង​បាន​អត់​ទោស​ឲ្យ​ផង »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានពន្យល់​អំពី​ទំនាក់​ទំនង​រវាង​ការ​ព្យាបាល​អ្នក​ឈឺ និង​ការអភ័យ​ទោស​​ពី​អំពើ​បាប ៖

« មនុស្ស​ដែល​មាន​សេចក្ដី​ជំនឿ ការ​លះបង់ សេចក្ដី​សុចរិត និង​ភាព​សក្ដិសម​ផ្ទាល់​ខ្លួន​នឹង​ទទួល​បាន​ការ​ព្យាបាល ហើយ​ក៏​ទទួល​បាន​នូវ​ការ​អនុមតិ​នៃ​ការ​រាប់​ជា​សុចរិត​ពី​ព្រះវិញ្ញាណ ហើយ​អំពើ​បាប​របស់​គាត់​ត្រូវ​បាន​អភ័យទោស​ឲ្យ ដែល​រាប់​ទុក​ជា​សាក្សី​ដោយសារ​តែ​គាត់​បាន​​ទទួល​ភាព​គូកន​នៃ​ព្រះវិញ្ញាណ ហើយ​ជា​អ្វី​ដែល​គាត់​នឹង​ពុំ​អាច​ទទួល​​បាន​ឡើយ ប្រសិន​បើ​គាត់​ខ្វះ​ភាព​សក្ដិសម​នោះ » ( Mormon Doctrine កំណែ​ទី២ [ ឆ្នាំ​ ១៩៦៦ ] ទំព័រ ​២៩៧–៩៨ ) ។

យ៉ាកុប ៥:២០ ។ « ​គ្រប​បាំង​អំពើ​បាប​ជា​អនេក​អនន្ត »

« យ៉ាកុប​បាន​បង្រៀន​ថា នៅ​ពេល​អ្នក​មាន​បាប​ម្នាក់​បាន​ប្រែ​ចិត្ត​ជឿ ហើយ​ទទួល​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ នោះ​អំពើ​បាប​របស់​គាត់​ត្រូវ​បាន​ ‹ គ្រប​បាំង › —លាក់ ឬ​អភ័យ​ទោស​—តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​គាត់​ត្រូវ​បាន​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​​ខាង​វិញ្ញាណ » ( New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៤៩៩ ) ។

ដូចគ្នា​នេះ​ដែរ មនុស្ស​ម្នាក់​ដែល​ជួយ​មនុស្ស​ម្នាក់​ទៀត​ឲ្យ​ប្រែ​ចិត្ត​ជឿ​​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​ទទួល​បាន​ពរជ័យ​ដ៏​ធំ​ផង​ដែរ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ដូច​តទៅ​នេះ ៖

« តាមរយៈ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៃ​ការ​សង្គ្រោះ​ព្រលឹង​មនុស្ស​ដទៃ​នេះ មនុស្ស​ម្នាក់​នឹង​​នាំ​យក​សេចក្ដី​សង្គ្រោះ និង​ភាព​រីករាយ​មក​កាន់​ខ្លួន​គាត់​ដែរ ។ …

« ការ​លើក​ទឹក​ចិត្ត​ដ៏​ត្រឹមត្រូវ​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គ្រប់​ប្រភេទ គ្រប់​ការ​បម្រើ​ក្នុង​សាសនាចក្រ គឺជា​បព្វហេតុ​នៃ​សេចក្ដីស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ ប៉ុន្តែ​កិច្ចការ​បែប​នេះ​ជានិច្ច​កាល​ វា​មាន​ឥទ្ធិពល​មក​លើ​ជីវិត​របស់​មនុស្ស​ម្នាក់ ។ ដូច្នេះ នៅ​ពេល​យើង​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះ​​នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ជីវិត​របស់​មនុស្ស​ដទៃ នោះ​ជីវិត​របស់​យើង​ក៏​​នឹង​ត្រូវ​បាន​លើក​ស្ទួយ​ដែរ ។ មនុស្ស​ម្នាក់​មិន​​អាច​ជួយ​មនុស្ស​ម្នាក់​ទៀត​ឲ្យ​ឡើង​ដល់​កំពូល​ភ្នំ​ ដោយ​គ្មាន​ការ​ឡើង​ទៅ​ទីនោះ​ដោយ​ខ្លួន​ឯង​បាន​ឡើយ » ( The Miracle of Forgiveness [ ឆ្នាំ​ ១៩៦៩ ] ទំព័រ ២០៥ ) ។