បណ្ណាល័យ
មេរៀន​ទី ១៥០ ៖ យូដាស


មេរៀន​ទី ១៥០

យូដាស

សេចក្ដីផ្ដើម

យូដាស​បាន​ដាស់តឿន​សមាជិក​សាសនាចក្រឲ្យ​ខំ​តយុទ្ធ​ ដើម្បី​ការពារ​សេចក្តី​ជំនឿ​ទាស់​នឹង​ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ​នានា ។ លោក​បាន​ពិពណ៌នា​អំពីគ្រូបង្រៀន​ក្លែង​ក្លាយ ហើយ​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ស្ថាបនា​ជីវិត​រ​បស់​ពួកគេ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាម​ប្រពៃណី យូដាស​ត្រូវ​បាន​គេ​យល់​ថា​ជា​ប្អូន​ប្រុស​ពោះ​តែ​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​( សូម​មើល ម៉ាថាយ ១៣:៥៥ ) ។ យូដាស​ទំនង​ជា​សមាជិក​សាសនាចក្រ​ដ៏​សកម្ម​ ហើយ​មាន​កិត្តិយខ្ពស់ម្នាក់​​នៅ​ក្រុង​យេរូសាឡិម ។

យោបល់​សម្រាប់​ការបង្រៀន

យូដាស ១:១-១៩

យូដាស​ដាស់តឿន​សមាជិក​សាសនាចក្រ​ ឲ្យ​ខំ​តយុទ្ធ​ដើម្បី​ការពារ​សេចក្តី​ជំនឿ​ទាស់​នឹង​ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ

សូម​អាន​ស្ថានភាព​ខាងក្រោម​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​គិត​ថា ពួកគេ​នឹង​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​ទាំងនោះ​យ៉ាង​ដូចម្ដេច ៖

  1. នៅ​​ក្នុង​ប្រព័ន្ធ​សង្គម​មួយ មាន​មិត្ត​ម្នាក់បាន​សរសេរ​ប្រយោគ​រិះគន់ដល់​គោលជំហ​របស់​សាសនាចក្រ​ស្ដីពី​ការ​រៀបការ​ភេទ​ដូចគ្នា ។

  2. មាន​អ្នក​ជិត​ខាង​ម្នាក់​ដឹង​ថា អ្នក​គឺ​ជា​សមាជិក​សាសនាចក្រ ។ គាត់​ប្រាប់​អ្នក​ថា គាត់​បាន​អាន​ព្រះគម្ពីរ​មរមន ហើយ​ទទួល​អារម្មណ៍​ថា​វា​គឺជា​សៀវភៅ​ដែលលើកស្ទួយ​ចិត្ត​មួយ​ក្បាល​ដ៏​មាន​ប្រយោជន៍ ប៉ុន្តែ​ពុំ​មែន​ជា​បន្ទូល​របស់​ព្រះ​ទេ ។

  3. នៅ​ឯ​ការ​ពិភាក្សា​ក្នុង​ថ្នាក់​មួយ​នៅ​សាលារៀន មាន​មិត្ត​ម្នាក់​បាន​ប្រកែក​​ថា ការ​មើល​រូបភាព​អាសគ្រាម​គឺជា​រឿង​ធម្មតា ហើយ​វា​ពុំ​គួរ​ហាម​ឃាត់​នោះ​ទេ ។

  • តើ​វិធី​ខុសៗគ្នាបែបណាខ្លះ ​ដែល​មនុស្ស​ម្នាក់​អាច​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​ទាំងនេះ​ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យអាន យ៉ូដាស ១:៣-៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​ថា​យូដាស​បាន​ព្រមាន​សមាជិក​សាសនាចក្រ​អំពី​អ្វីខ្លះ ។

  • យោង​តាម ខ​ទី ៤តើ​យូដាស​បាន​ព្រមាន​សមាជិក​សាសនាចក្រ​អំពី​អ្វីខ្លះ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា « មនុស្ស​ទមិល​ល្មើស »​ ដែល​មាន​បំណង​អាក្រក់​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សមាជិក​ភាព​ក្នុង​សាសនាចក្រ ។ សមាជិក​ទាំង​នេះ​ក្នុង​សាសនាចក្រ​បាន​លើក​កម្ពស់​ទម្លាប់​ពុក​រលួយ ហើយ​អសីលធម៌​ដោយ​បង្រៀន​ថា គោលលទ្ធិ​នៃ​ព្រះគុណ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​អំពើ​បាប ដោយសារ​ព្រះ​នឹង​អត់ទោស​ដោយ​សេចក្ដី​មេត្តា​ករុណា ។ ពួកគេ​ក៏​បាន​បដិសេធ​សេចក្ដី​ពិត​ជាក់​លាក់​អំពី​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​ផង​ដែរ ។ ឃ្លា​ថា « ​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក តាំង​ពី​ដើម​មក » ( ខ​ទី ៤ ) មាន​ន័យ​ថា ការ​ដាក់​ទោស​ដល់​មនុស្ស​បែប​នេះ​ត្រូវ​បាន​សរសេរ​ទុក​ជា​យូរ​មក​ហើយ ។

  • នៅ​ក្នុង​ពន្លឺ​នៃ​ការ​បង្រៀន​ខុស​ឆ្គង និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដែល​មនុស្ស​ទាំងនេះ​កំពុង​ធ្វើ​ឲ្យ​សាយ​ភាយ តើ​យូដាស​បាន​ទូន្មាន​ឲ្យ​សមាជិក​សាសនាចក្រ​ស្មោះ​ត្រង់​ធ្វើ​អ្វីខ្លះ ? ( « ឲ្យ​ខំ​តយុទ្ធ​ដើម្បី​ការពារ​សេចក្ដី​ជំនឿ » [ ខ​ទី៣ ] ) ។

សូម​ពន្យល់​ថា « សេចក្តី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច » ( ខ​ទី ​៣​ ) សំដៅ​ទៅ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ—សេចក្ដី​ពិត ក្រឹត្យវិន័យ និង​ពិធី​បរិសុទ្ធ ដែល​ព្រះ​អង្គ​សង្គ្រោះ និង​ពួក​សាវក​របស់​ទ្រង់​បាន​បង្រៀន ។

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​ អំពី​ការ​ទទួល​ខុស​ត្រូវ​នៃ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ នៅ​ក្នុង​ប្រឈម​នឹង​ការ​បង្រៀន​ខុសឆ្គង និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទាំងឡាយ ? (សិស្ស​អាច​ប្រើ​ពាក្យ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ​ដើម្បី​បង្ហាញ​អំពីសេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គួរ​ខំ​តយុទ្ធ ដើម្បី​ការពារ​ដំំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទាស់​នឹង​ការ​បង្រៀន​ខុស​ឆ្គង និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ) ។

  • តើ​អ្នក​គិត​ថា ការ​ខំ​តយុទ្ធ​ដើម្បី​ការពារ​ដំណឹងល្អ​មាន​ន័យ​យ៉ាង​ណា ? (យើង​ត្រូវ​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​អំពីដំណឹងល្អ​ដោយ​ភាព​ក្លា​ហាន ។ ប៉ុន្តែ យើង​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ដោយ​មាន​ចិត្ត​មេត្តា គ្មាន​ជិះជាន់ ឬ​ការ​ទាស់​ទែង​គ្នា​ឡើយ [ សូម​មើល អាលម៉ា ៣៨:១២, នីហ្វៃទី៣ ១១:២៩ ] ) ។

  • តើ​យើង​អាច​ការពារ​ដំណឹងល្អ​ ដោយ​គ្មាន​ការ​ទាស់​ទែង​គ្នា​បាន​យ៉ាង​ដូចម្ដេច ?

ចូរ​រំឭក​សិស្ស​អំពី​ស្ថានភាព​ដែល​បាន​លើក​ឡើង​ខាង​ដើម​ក្នុង​មេរៀន​នេះ ។

  • នៅ​ក្នុង​សា្ថនភាព​ទាំង​នេះ និង​ស្ថានភាព​ស្រដៀង​គ្នា​ដែរ តើ​វិធី​ណាខ្លះ ​ដែល​យើង​អាច​ការ​ពារ​ដំណឹង​ល្អ​ទាស់​នឹង​ការ​បង្រៀន​ខុស​ឆ្គង និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ទាំងឡាយ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ដំណើរ​រឿង​ខាង​ក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ថា​ យុវនារី​នោះ​បាន​តយុទ្ធការពារ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ។

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« ថ្មីៗនេះ ខ្ញុំបាន​និយាយ​​ជាមួយ​នឹង​ក្មេងស្រី​ថ្នាក់​ឡូរ៉ល​ម្នាក់ រស់នៅ​សហរដ្ឋ​អាមេរិក ។ ខ្ញុំ​សូម​ដកស្រង់​ពី​អ៊ីម៉ែល​របស់នាង ៖

« ‹ កាលពី​ឆ្នាំ​មុន មិត្តភក្ដិ​របស់​ខ្ញុំ​នៅលើ​ហ្វេសប៊ុកមួយចំនួន បាន​ចាប់ផ្ដើម​ប្រកាស​អំពីគោលជំហរ​របស់​ពួកគេ​អំពី​រឿង​​អាពាហ៍ពិពាហ៍ ។ មនុស្ស​ជាច្រើន​ពេញចិត្ត​នឹង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ហើយ​ពួកយុវវ័យ​អិលឌីអេស​ជាច្រើន​បាន​បង្ហាញ​ថា ពួកគេ​បាន « ចូលចិត្ត » ការប្រកាស​ទាំងនោះ ។ ខ្ញុំ​មិន​បាន​បញ្ចេញ​​មតិ​អ្វី​សោះ​ឡើយ ។

« ‹ ខ្ញុំ​បានសម្រេចចិត្ត​ប្រកាស​អំពីជំនឿ​ខ្ញុំ លើ​ការរៀបការ​បែបប្រពៃណី​ តាម​វិធី​ដ៏​ប្រុង​ប្រយ័ត្ន​មួយ ។

« ‹ ដោយ​ដាក់​រូបភាព​លើ​ប្រូហ្វាល​របស់​ខ្ញុំ ខ្ញុំ​បាន​បន្ថែម​ចំណងជើង​ថា « ខ្ញុំ​ជឿ​លើ​អាពាហ៍ពិពាហ៍​​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ » ។ មិន​បាន​មួយ​សន្ទុះ​ផង ខ្ញុំ​បាន​ចាប់ផ្ដើម​ទទួល​បាន​សារ​ជាច្រើន ។ « អ្នក​អាត្មានិយម​ពេក​ហើយ » ។ « អ្នក​កំពុង​តែ​កាត់សេចក្ដី​គេ » ។ មាន​ម្នាក់​នោះ បាន​ប្រៀបធៀប​ខ្ញុំ​ទៅនឹង​ម្ចាស់​ទាសករ​ម្នាក់ ។ ហើយ​ខ្ញុំ​បាន​ទទួល​ការបង្ហោះ​នេះ​មកពី​មិត្តដ៏សំខាន់ម្នាក់​របស់​ខ្ញុំ ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​ដ៏​រឹងមាំ​ម្នាក់ ៖ « ឯង​ត្រូវ​រស់​នៅ​តាម​កាលសម័យ ។ អ្វីៗ​ប្រែប្រួល ហើយ​ឯង​ក៏​គួរ​តែ​ប្រែប្រួល​ដែរ » ។

នាង​បាន​ថ្លែង​ថា « ‹ ខ្ញុំមិនបាន​ឈ្លោះ​តបវិញទេ តែ​ខ្ញុំក៏មិន​បាន​ដក​យកពាក្យ​សំដីខ្ញុំចេញវិញដែរ › ។

« នាង​បាន​បញ្ចប់​ថា ‹ ពេលខ្លះ ដូចជា​ប្រធាន​ម៉នសុន បាន​មាន​ប្រសាសន៍​ថា « បងប្អូន​ត្រូវតែ​ឈរ​ម្នាក់​ឯង » ។ ខ្ញុំ​សង្ឃឹម​ថា ក្នុង​នាម​ជា​យុវវ័យ យើង​នឹង​ឈរ​រួម​គ្នា​មាន​ភក្ដីភាព​ចំពោះ​ព្រះ និង​ចំពោះ​ការបង្រៀន​ទាំង​ឡាយ​របស់​ព្យាការី​នៅរស់​របស់​ទ្រង់ › » ( « Spiritual Whirlwinds »​EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៩–២០ ) ។

  • តើ​យុវនារី​នេះ​បាន​ការពារ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ធ្លាប់​ការ​ពារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេល​ណា ? តើ​អ្នក​បាន​រៀន​អ្វីខ្លះ​តាម​រយៈ​បទពិសោធន៍​នោះ ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា ពួកគេ​អាច​ធ្វើ​អ្វីខ្លះ ​ដើម្បី​ខំ​តយុទ្ធ​ការ​ពារ​​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​តាម​ការបំផុស​គំនិត​ទាំងឡាយ ដែល​ពួកគេ​ទទួល​បាន ។

សូម​សង្ខេប យូដាស ១:៥–៧ ដោយ​ពន្យល់​ថា យូដាស​បាន​ប្រៀបធៀប​សមាជិក​សាសនាចក្រ​ ដែល​បះបោរ​ទាំងនេះ​ទៅ​នឹង​ប្រជាជន​នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​ ដែល​បាន​បះបោរ​ទាស់​នឹង​ព្រះ ហើយ​រង​គ្រោះដោយ​ការ​កាត់​សេចក្ដី​របស់​ទ្រង់ ។ មនុស្ស​ទាំងនេះ​រួម​បញ្ចូល​ទាំង​កូនចៅ​អ៊ីស្រាអែល​ជាច្រើន​ ដែល​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​ក្នុង​ទីរហោស្ថាន និង​ប្រជាជន​នៃ​ទីក្រុង​ស៊ូដុំម និង ក្រុង​កូម៉ូរ៉ា​ដែល​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​ភ្លើង ។ យូដាស​ក៏​បាន​ប្រៀប​ធៀប​​សមាជិក​សាសនាចក្រ​ដែល​បះបោរ ទៅ​នឹង​ជន​ដែល​បះ​បោរ​ទាស់​នឹង​ព្រះ​នៅ​ក្នុង ​« សណ្ឋាន​ដើម​របស់​ខ្លួន » ឬ​ជីវិត​មុន​ផែនដី ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​វត្តមាន​របស់​ទ្រង់ ( យូដាស ១:៦, សូម​មើល​ផង​ដែរ អ័ប្រាហាំ ៣:២២–២៦ ) ។

ចូរ​សរសេរ​ចំណង​ជើង​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖​ បុគ្គលិក​លក្ខណៈ​នៃ​ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ ។

សូម​ពន្យល់​ថា នៅ​ក្នុង យូដាស ១:៨–១៦​យើង​បាន​អាន​អំពីការ​ពិពណ៌​​របស់​យូដា​ស​ទាក់ទង​នឹង​បុគ្គលិក​លក្ខណៈ​ជាច្រើន​ ដែល​នឹង​ជួយ​សមាជិក​សាសនាចក្រ​ស្គាល់​ជន​ដែល​កំពុង​បង្រៀន​ទស្សនវិជ្ជា និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​សាសនាចក្រ ។ ដើម្បី​បង្ហាញ​អំពីគំនិត​នេះ សូម​ចង្អុល​បង្ហាញ​ឃ្លា « គេ​ជា​ពពក​ឥត​ទឹក ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក » និង « ជា​ដើម​ឈើ​ឥត​ផ្លែ » នៅ​ក្នុង យូដាស ១:១២ ។

  • តើ​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​អាច​ប្រៀប​បាន​នឹង​ពពក​ឥត​ទឹក និង​ដើម​ឈើ​ឥត​ផ្លែ​បាន​​យ៉ាង​ដូចម្ដេច ?

សូម​បំបែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី ឬ​បួន​នាក់ ។ សូម​ណែនាំ​ឲ្យ​សិស្ស​អាន យូដាស ១:៨, ១០, ១៤–១៩ ជាមួយ​សមាជិក​ក្រុម​របស់​​ពួកគេ រក​មើល​បុគ្គលិក​លក្ខណៈ​បន្ថែម​ទៀត​នៃ​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ ។ សូម​ឲ្យ​សិស្ស​ពិចារណា​ពី​​អ្វី​ដែល​ពួកគេ​រក​ឃើញ ។ អ្នក​អាច​នឹង​ត្រូវ​ពន្យល់​ថា « ជាន់​ក្រោយ​បង្អស់ » ( ខ​ទី ១៨ ) សំដៅ​ទៅ​លើ​គ្រា​ដែល​យូដាស​​បាន​រស់​នៅ ក៏​ដូចជា​ថ្ងៃ ចុង​ក្រោយ​ដែល​យើង​រស់​នៅ​ផង​ដែរ ។

បន្ទាប់ពី​ឲ្យ​ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​មក ក្ដារខៀន ហើយ​សរសេរ​បុគ្គលិក​លក្ខណៈ​នៃ​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​ដែល​ពួកគេ​បាន​រក​ឃើញ ។ បុគ្គលិក​លក្ខណៈ​ដែល​សិស្ស​អាច​សរសេរ​រួម​មាន​ដូច​តទៅ ( អ្នក​អាច​នឹង​ត្រូវ​ប្រើ​ឃ្លា​ទាំង​នេះ​មួយ​ចំនួន​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពីអ្វី​ដែល​ពួកគេ​បាន​អាន ) ៖

បុគ្គលិក​លក្ខណៈ​នៃ​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ

ធ្វើ​ឲ្យ​ខ្លួន​ស្មោកគ្រោក​នឹង​រឿង​អសីលធម៌ ( ខ​ទី ៨ )

មើល​ងាយ​សិទ្ធិ​អំណាច ហើយ​ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម ( ខ​ទី ៨ )

ជេរ​ប្រមាថ​ដល់​ទាំង​អ្វីៗ ដែល​គេ​មិន​យល់ ( ខ​ទី ១០ )

បង្ខូច​ខ្លួន​ដោយ​រស់​នៅ​តាម​ចំណេះ​ដឹង​ខាង​សាច់​ឈាមដែល​ពួកគេ​មាន ( ខ​ទី ១០ )

ប្រព្រឹត្ត​ធ្វើ​ដោយ​ចិត្ត​ល្មើស ( ខ​ទី ១៥ )

ពោល​​ពាក្យ​ប្រមាថ​ទាស់​នឹង​ព្រះ ( ខ​ទី ១៥ )

រអ៊ូរទាំ ហើយ​ត្អូញ​ត្អែរ ( ខ​ទី ១៦ )

ដើរ​តាម​​តែសេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ( ខ​ទី ១៦ )

អួត​អាង ( ខទី ១៦ ) ។

សរសើរ​មនុស្ស​ដទៃ​ដើម្បី​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន ( ខ​ទី ១៦​ )

ចំអក​ឲ្យ​សាសនាចក្រ​របស់​ព្រះអម្ចាស់ និង​បទដ្ឋាន​របស់​សាសនាចក្រ ( ខ​ទី ១៨ )

ញែក​ខ្លួន​ពួកគេ​ចេញ​ពី​ពួក​អ្នក​ជឿ ( ខ​ទី ១៩ )

គិតហើយ​ធ្វើ​តាម​របៀប​ខាង​សាច់​ឈាម ( ខ​ទី ១៩ )

គ្មាន​ព្រះវិញ្ញាណ​ទេ ( ខ​ទី ១៩ )

  • តើ​ការ​គ្មាន​ព្រះវិញ្ញាណ​ដឹកនាំ​ទៅ​រក​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ ​ដែល​មាន​នៅ​លើ​ក្ដារ​ខៀន​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​ស្គាល់​បុគ្គលិក​លក្ខណៈ​របស់​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ពុំ​មែន​មនុស្ស​គ្រប់​គ្នា​ដែល​មាន​បុគ្គលិក​លក្ខណៈ​​មួយ ឬ​ច្រើន​នៃ​បុគ្គលិកលក្ខណៈ​​ទាំងនេះ ឬ​អ្នក​ដែល​បង្រៀន​ពុំ​ត្រឹមត្រូវ​គឺជា​គ្រូបង្រៀន​ក្លែង​ក្លាយ​ទាំងអស់​ ដូចដែល​យូដា​ស​បាន​ពិពណ៌នា​នោះ​ទេ ។ បុគ្គល​បែប​នេះ​អាច​ធ្វើ​ខុស​ដោយ​អចេតនា​ នៅ​ក្នុង​ការ​យល់​ឃើញ​របស់​គាត់​អំពី​ប្រធាន​​បទ​មួយ ។ ប៉ុន្តែ បុគ្គលិក​លក្ខណៈ​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ពី​គ្រូបង្រៀន​ក្លែង​ក្លាយ ​ដែល​មាន​បំណង​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ និង​ការ​គោរព​ប្រតិបត្តិ​របស់​មនុស្ស​ដទៃ​ចុះ​ខ្សោយ​ដោយ​បោក​បញ្ឆោត​ពួកគេ ហើយ​លើក​កម្ពស់​អំពើ​អាក្រក់ឡើង ។

សូម​ឲ្យ​សិស្ស​រំឭក​ឡើង​វិញ​នូវ យូដាស១:១៧-១៨ ដោយ​ស្ងៀម​ស្ងាត់ ។

  • តើ​នរណា​ធ្លាប់​ព្រមាន​ដល់​សមាជិក​សាសនា​ចក្រ ​កាល​ពី​មុន​អំពី​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ ទាក់ទង​នឹង​របៀប​ដែល​ពួក​សាវក និង​ពួក​ព្យាការី​អាច​ជួយ​យើង​នៅ​ក្នុង​ការ​ខិតខំ​របស់​យើងឲ្យ​តយុទ្ធ​ទាស់​នឹង​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្ទាល់ខ្លួន ប៉ុន្តែ​ពួក​គេ​គួរ​ស្គាល់​សេចក្ដីពិត​មួយ​ដូច​តទៅ​នេះ ៖ ពួក​សាវក និង​ពួក​ព្យាការី​ព្រមាន​យើង ហើយ​ជួយ​យើង​ឲ្យ​ស្គាល់​ជន ​ដែល​ខិតខំ​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ និងការ​គោរព​ប្រតិបត្តិ​​របស់​យើង​ចុះ​ខ្សោយ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន​សេចក្ដី​ថ្លែង​ការណ៍​​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ថា ប្រសាសន៍​របស់​លោក​ឆ្លុះ​បញ្ចាំង​អំពីសេចក្ដី​ពិត​នេះ​យ៉ាង​ដូចម្ដេច ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« នៅ​ថ្ងៃ​នេះ​ យើង​ព្រមាន​បងប្អូន​ថា មាន​ពួក​ព្យាការី និង​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​ជា​​ច្រើន ហើយ​ប្រសិន​បើ​យើង​ពុំ​ប្រយ័ត្ន​ប្រយែង​​ទេ សូម្បី​តែ​ជន​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​សមាជិក​ស្មោះ​ត្រង់​ក្នុង​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក៏​ដោយ ​ក៏​នឹង​ធ្លាក់​ខ្លួន​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយការ​បោក​បញ្ឆោត​របស់​ពួកគេ​ដែរ » ( « Beware of False Prophets and False Teachers » Ensign ខែ វិច្ឆិកា ឆ្នាំ ​១៩៩៩ ទំព័រ ៦២ ) ។

  • ដោយ​ពិចារណា​ពី​សេចក្ដី​ពិត​នេះ ហេតុអ្វី​ក៏​វា​សំខាន់​​ដើម្បី​សិក្សា​ប្រសាសន៍​របស់​ពួក​សាវក និង​ពួក​ព្យាការី​ទាំងឡាយ ?

  • តើ​ការ​បង្រៀន​ក្លែង​ក្លាយ​មួយ​ចំនួន​ ដែល​ពួក​ព្យាការី និង​ពួក​សាវក​បច្ចុប្បន្ន​បាន​ព្រមាន​ដល់​យើង​មាន​អ្វីខ្លះ ?

យូដាស១:២០–២៥

យូដាស​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ស្ថាបនា​ជីវិត​របស់​ពួកគេ​​​នៅ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ដទៃ

ចូរ​សរសេរ​ឃ្លា​ពុំ​ពេញលេញ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖​ យើង​អាច​បន្ត​ស្មោះ​ចំពោះ​សេចក្ដី​ជំនឿ​តាមរយៈ …

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន យូដាស ១:២០-២១ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើលថា យូដាស​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វី​ខ្លះ ដើម្បី​​បន្ត​ស្មោះ​ចំពោះ​សេចក្ដី​ជំនឿ​នោះ ។ អ្នក​អាច​នឹង​ត្រូវ​ពន្យល់ថា « ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ​មានន័យ​ថា ការ​អធិស្ឋាន​ដោយ​សុំជំនួយ​នៃការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • យោង​តាម ខទី ២០–២១ តើ​អ្នក​នឹង​បំពេញ​ឃ្លា​នៅ​លើ​ក្ដារ​ខៀន​យ៉ាង​ដូច​ម្ដេច ? ( របៀប​មួយ​ដែល​សិស្ស​អាច​បំពេញ​ឃ្លា​នោះ​គឺ​ដូចតទៅនេះ ៖ យើង​អាច​បន្ត​ស្មោះ​ចំពោះ​សេចក្ដី​ជំនឿ​ដោយ​ស្ថាបនា​ជីវិត​របស់​យើង នៅ​​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • តើ​ការ​ធ្វើ​តាម​ការ​ណែនាំ​បន្ថែម​ទៀត​របស់​យូដាស​នៅ​ក្នុងខទី ២០-២១​អាច​ជួយយើង​ឲ្យ​​ស្ថាបនា​ជីវិត​របស់យើង​ នៅ​លើ​ដំណឹងល្អ​បាន​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ការ​បន្ត​ស្មោះ​ចំពោះ​សេចក្ដី​ជំនឿ ​គឺជា​ការ​ខិតខំ​ដ៏​មាន​តម្លៃ ?

  • តើ​ការ​រស់​នៅ​តាម​ពាក្យ​ទូន្មាន​របស់​យូដាស​​ធ្លាប់​បាន​​ជួយ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ឲ្យ​បន្ត​ស្មោះ​ចំពោះ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​អំពីវិធី​មួយ​ ដែល​ពួកគេ​អាច​កែលម្អ​ នៅ​ក្នុង​ការ​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ប៉ុល​នៅ​ក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ​សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​អ្វី​​ដែល​ពួកគេ​បាន​សរសេរ ។

សូម​សង្ខេប យូដាស ១:២២–២៥ ដោយ​ពន្យល់​ថា យូដាស​បាន​ទូន្មាន​ដល់​សមាជិក​​សាសនាចក្រ​ដ៏​ស្មោះ​ត្រង់​ ឲ្យ​ជួយ​មនុស្ស​ដទៃ​ដែល​កំពុង​ជួប​បញ្ហា​ខាង​វិញ្ញាណ ដែល​អាច​នឹង​កើត​ឡើង​ ដោយសារ​ឥទ្ធិពល​នៃ​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ ហើយ​បាន​ថ្វាយ​ការ​សរសើរ​ចំពោះ​ព្រះ ។

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ទាំងឡាយ ​ដែល​បាន​ពិភាក្សា​​​នៅក្នុង​មេរៀន​នេះ ។

រូបភាព
scripture mastery icon
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

សូម​ចាត់​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​ខុសៗ​គ្នា​មួយ​ឲ្យ​សិស្ស​ម្នាក់ៗ ។ សូម​ណែនាំ​សិស្ស​ឲ្យ​សរសេរ​អំពីសាច់​រឿង​ជីវិត​ពិត​មួយនៅ​លើ​ក្រដាស​មួយ​សន្លឹក ​ដែល​​អាច​មាន​នូវ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​មាន​​នៅ​ក្នុងវគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​ ដែល​បាន​ចាត់​ឲ្យ​ពួកគេ​អាន​នោះ ។ បន្ទាប់​ពី​សិស្ស​បញ្ចប់​ការ​សរសេរ​ហើយ សូម​ប្រមូល​សាច់​រឿង​របស់​ពួកគេ ។ សូម​អាន​សាច់​រឿង​ពីរ​បី ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពីរបៀប​ដែល​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​វគ្គ​ចំណេះ​ចំណាន​​ខគម្ពីរ​អាច​យក​ទៅ​ប្រើ ហើយ​អនុវត្ត​ដល់​សាច់​រឿង​នីមួយ​ៗ ។ អ្នក​អាច​បង្ហាញ​សាច់​រឿង​មួយ​ចំនួន​នៅ​ដើម ឬ ចុង​មេរៀន​នៅ​សប្ដាហ៍​ក្រោយ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យូដាស១:៣ ។ « ខំ​តយុទ្ធ ដើម្បី​ការពារ​សេចក្តី​ជំនឿ »

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​អំពី​ការ​ការពារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទាស់​នឹង​ការ​បង្រៀន​​ក្លែង​ក្លាយ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ៖

« នៅ​ពេល​អំពើ​អាក្រក់​ចង់​បំផ្លាញ ហើយ​រារាំង​កត្តា​ដ៏​សំខាន់​នៃ​កិច្ចការ​របស់​ព្រះ នោះ​វា​នឹង​វាយ​ប្រហារមក​​លើ​ក្រុម​គ្រួសារ ។ វា​ធ្វើ​ដូច្នេះ​ដោយ​ព្យាយាម​បដិសេធ​ច្បាប់​ព្រហ្មចារីភាព បំភ័ន្ត​ភេទ ធ្វើ​ឲ្យ​អំពើ​ហឹង្សា​ថា​ជា​​រឿង​មួយ​ដែល​​ទទួល​យក​បាន ធ្វើ​ឲ្យ​ពាក្យ​សម្ដី​គ្រោតគ្រាត ហើយ​ប្រមាថ​ថា​ជា​រឿង​ធម្មតា ហើយ​ធ្វើ​ឲ្យ​ឥរិយាបថ​​អសីលធម៌ ហើយ​សង្គម​មិន​ទទួល​យក​ទៅ​ជា​រឿង​ដែល​​ទំនង​ជា​​ត្រូវ​តែ​ធ្វើ​ ដែល​ចៀស​ពុំ​បាន ។

« យើង​ត្រូវ​ចងចាំ​អំពីសម្ដី​របស់​អេដម៉ាន់ ប៊ឺក ៖ ‹ រឿង​ចាំបាច់​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​អំពើ​អាក្រក់​មាន​ជ័យ​ជំនះ គឺ​រារាំង​មនុស្ស​ល្អ​កុំ​ឲ្យ​ធ្វើ​អ្វី​ទាំងអស់ › [ attributed in John Bartlett, comp., Familiar Quotations កំណែ​ទី១៥ ( ឆ្នាំ ​១៩៨០ ) ទំព័រ ix ] ។ យើង​ត្រូវ​បន្លឺ​សំឡេង​ជាមួយ​នឹង​ពលរដ្ឋ​ផ្សេង​ទៀត​ ដែល​មាន​ការ​ព្រួយ​បារម្ភ​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ទាស់​នឹង​និន្នាការ​បច្ចុប្បន្ន » ( « Let Our Voices Be Heard » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ១៨ ) ។

ពួក​សាវក​បច្ចុប្បន្ន​បាន​ណែនាំ​សមាជិក​សាសនា​ចក្រ​ស្ដី​ពី​របៀប​ការពារ​ដំណឹងល្អ​ដោយ​គ្មាន​​ការ​ឈ្លោះ​ប្រកែក​គ្នា ។ ឧទាហរណ៍ សូម​មើល អែលឌើរ រ៉ូបឺត ឌី ហែល « Christian Courage: The Price of Discipleship » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​ ២០០៨ ទំព័រ ៧២–៧៥ , អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « The Cost and Blessings of Discipleship » EnsignLiahona ខែ ​ឧសភា ឆ្នាំ​ ២០១៤ ទំព័រ ៦–៩ និង ​អែលឌើរ ដាល្លិន អេក អូក « Loving Others and Living with Differences » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​ ២០១៤ ទំព័រ​ ២៥–២៨ ។

យូដាស ១:៩, ១៤-១៥ ។ គម្ពីរ​អ័ប៉ូគ្រីផា

យូដាស​ប្រហែល​ជា​ហៅ​គម្ពីរ​អ័ប៉ូគ្រីផា​ថា​ជា​ការ​សន្មត​របស់​ម៉ូសេ ( សូម​មើល ខ​ទី ៩ ) និងជា​​គម្ពីរ​ហេណុក ( សូម​មើល ខ​ទី១៤–១៥ ) ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា រឿង​ជាច្រើន​ដែល​មាន​នៅ​ក្នុង​គម្ពីរ​អ័ប៉ូគ្រីផា​គឺជា​រឿង​​ត្រឹមត្រូវ ហើយ​ជន​ដែល​បាន​ទទួល​ការ​បំភ្លឺ​ដោយ​ព្រះវិញ្ញាណ​អាច​ទទួល​ប្រយោជន៍​មក​ពី​ការ​អាន​វា ។ ប៉ុន្តែ គម្ពីរ​មួយ​ចំនួន​នៅ​ក្នុង​គម្ពីរ​ទាំងនោះ​មាន​នូវ​ពាក្យ​បន្ថែម​ដែល​បង្ខូច​អត្ថបទ​ដើម ( សូម​មើល គ. និង ស. ៩១ ) ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អ័ប៉ូគ្រីផា សូម​មើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ័ប៉ូគ្រីផា » ។