បណ្ណាល័យ
មេរៀនទី ៦៣ ៖ យ៉ូហាន ៤


មេរៀន​ទី ៦៣

យ៉ូហាន ៤

សេចក្ដីផ្ដើម

ខណៈកំពុងយាង​ធ្វើដំណើ​ទៅ​ស្រុក​កាលីឡេ ព្រះយេស៊ូវ​បាន​ឆ្លង​កាត់​ស្រុក​សាម៉ារី ហើយ​បង្រៀន​ស្ត្រី​ម្នាក់​នៅ​ឯ​អណ្តូង​ទឹក ។ ស្ត្រី​នោះ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ក្រោយ​មក ​ព្រះយេស៊ូវ​បាន​ព្យាបាល​កូន​ប្រុស​បុរស​ត្រកូលខ្ពង់​ខ្ពស់​ម្នាក់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ៤:១–៤២

ព្រះយេស៊ូវ​បង្រៀន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើ​ធនធាន​ធម្មជាតិ​អ្វី ​ដែល​មាន​តម្លៃ​បំផុត​នៅលើ​ផែនដី​នេះ ?

បន្ទាប់មក​ សូម​ឲ្យ​សិស្សឆ្លើយ​សំណួរ​នៅលើ​ក្ដារខៀន ។ ចូរ​ពិចារណា​ដាក់​បង្ហាញ​រូបភាព​អំពី​ធនធាន​ធម្មជាតិ​ដូចជា ដី ដែក ធ្យូង​ថ្ម ប្រេង មាស ឬ​ពេជ្រ ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« យើង​អាច​គិត​ជាមុន​ថា មាស ប្រេង ឬ ពេជ្រ​មាន​តម្លៃ​ខ្លាំង​បំផុត ។ ប៉ុន្តែ​ក្រៅ​ពី​ជាតិ​ខនិច ដែក ត្បូង​ច្នៃ​ហើយ និង ធាតុ​រំលាយ​នានា​ដែល​មាន​នៅលើ​ដី និង ក្នុង​ដី នោះ​ទឹក​គឺ​មាន​តម្លៃ​ខ្លាំង​បំផុត » (« A Reservoir of Living Water » [ Church Educational System fireside for young adults ថ្ងៃ​ទី ​៤ ខែ​ កុម្ភៈ ឆ្នាំ​ ២០០៧ ] ទំព័រ ១, lds.org/broadcasts) ។

ចូរ​ដាក់​បង្ហាញ​កែវ​ថ្លា​មួយ​ដែល​មាន​ទឹក​ពេញ ។

  • ហេតុអ្វី​ទឹក​ស្អាត​មាន​តម្លៃ ? ( អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​មួយ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​មាន​អំណរ​គុណ​ដល់​សារៈសំខាន់​នៃទឹក ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល ​តើ​ព្រះយេស៊ូវ​បាន​ប្រៀប​ធៀប​ទឹក​ទៅ​នឹងអ្វី កាល​ពួកគេ​សិក្សា យ៉ូហាន ៤ ។

សូម​សង្ខេប យ៉ូហាន ៤:១–៣ ដោយ​ពន្យល់​ថា ព្រះយេស៊ូវ​បាន​យាង​ចេញ​ពី​ស្រុក​យូដា​ទៅ​ស្រុក​កាលីឡេ ។

ចូរ​សុំ​សិស្ស​ម្នាក់​អានយ៉ូហាន ៤:៤​ឲ្យ​ឮៗ ហើយ​សុំ​សិស្ស​ក្នុងថ្នាក់​រក​មើល​តំបន់​ដែល​ព្រះយេស៊ូវ​បាន​យាង​ដើរ​កាត់ កាល​ទ្រង់​យាង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​រក​មើល​ស្រុក​យូដា ស្រុក​សាម៉ារី និង​ស្រុក​កាលីឡេ​នៅ​លើ​តារាង « ជីវប្រវត្តិ​ដ៏សំខាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទនៅ​ក្នុង​ជីវិត​រមែង​ស្លាប់ » ( មាន​នៅ​ក្នុង មេរៀន​ទី ៥) ឬ​អញ្ជើញ​ពួកគេ​ឲ្យ​មើល​ផែនទីព្រះគម្ពីរ​ប៊ីប លេខ ១១ « ទឹកដីបរិសុទ្ធ​នៅក្នុង​ជំនាន់​គម្ពីរ​សញ្ញាថ្មី » ដើម្បី​រក​មើល​ភូមិភាគ​ទាំង​បី​នោះ ។

  • ហេតុអ្វី​ក៏​កាល​ដែល​ព្រះយេស៊ូវ​បាន​យាង​ឆ្លង កាត់ ស្រុក​សាម៉ារី​ជំនួស​ឲ្យ​ការ​យាង​ដើរ​វាង​ស្រុក​នោះ​ គឺជា​រឿង​ដ៏​សំខាន់ ? ( ជាទូទៅ​ពួក​សាសន៍​យូដា​ធ្វើ​ដំណើរ​វាង​ស្រុក​សាម៉ារី ​ជាជាង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​នោះ​ដោយ​សារ​ភាព​ជា​សត្រូវ​ដែល​មាន​រវាង​សាសន៍​យូដា និង សាសន៍​សាម៉ារី [ សូម​មើល James E. Talmage Jesus the Christ កំណែ​ទី ៣ ( ឆ្នាំ​ ១៩១៦ ) ទំព័រ ១៧២ ] ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ៤:៦–៩ ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​សួរ​ដល់​ស្ត្រី​ម្នាក់​កាល​ទ្រង់​បាន​យាង​ឈប់​នៅ​ក្នុង​ស្រុក​សាម៉ារី ។

  • តើព្រះយេស៊ូវ​បាន​សួរ​ស្ត្រី​ម្នាក់​នេះ​អ្វីខ្លះ​ ?

  • ហេតុអ្វី​នាង​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ព្រះយេស៊ូវ​បាន​សុំ​ទឹក​នាង​ផឹក ?

រូបភាព
ព្រះយេស៊ូវ និង​ស្ត្រី​សាសន៍​សាម៉ារី

ចូរ​ដាក់​បង្ហាញ​រូបភាព ព្រះយេស៊ូវ និង​ស្ត្រី​សាសន៍​សាម៉ារី (Gospel Art Book [ ឆ្នាំ​ ២០០៩ ] ល.រ. ៣៦សូមមើល​ផងដែរ LDS.org) ។

ចូរ​សុំ​សិស្ស​ម្នាក់​អាន យ៉ូហាន ៤:១០–១២​ឲ្យ ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ចម្លើយ​របស់​ព្រះយេស៊ូវទៅ​កាន់​ស្ត្រី​នោះ ។

  • យោង​តាម ខ​ទី ១០តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​​ដល់​ស្ត្រី​នោះ​អ្វីខ្លះ ? ( សូម​ពន្យល់​ថាឃ្លា « អំណោយទាន​នៃ​ព្រះ » សំដៅ​ទៅ​លើ​ព្រះយេស៊ូវ​ថា​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ) ។

  • យោងតាមខទី ១១តើ​ស្ត្រី​នោះ​បាន​ទូលសួរ​អ្វីខ្លះ​ដល់​ព្រះយេស៊ូវ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ យ៉ូហាន ៤:១៣–១៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​ព្រះយេស៊ូវ បាន​មានបន្ទូល​អំពី​ទឹក​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ។

  • តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អ្វីខ្លះ​ អំពី​ទឹក​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​របស់​អែលឌើរ ដេវីឌ អេ បែដណា​ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ស្ដាប់​រកមើល​ថាតើ​ទឹក​រស់​តំណាង​ឲ្យ​អ្វី ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ទឹករស់​ដែល​បាន​និយាយ​នៅក្នុង​រឿង​នេះ ​គឺ​តំណាង​ឲ្យ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​របស់​ទ្រង់ ។ ហើយ​ដោយសារ​ទឹក​​ចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវិត​ឲ្យរស់នៅ​បាន នោះ​ព្រះអង្គសង្គ្រោះ និង គោលលទ្ធិ គោលការណ៍ ព្រម​ទាំង​ពិធី​បរិសុទ្ធ​​ទាំងឡាយ​របស់​ទ្រង់​គឺ​ចាំបាច់​សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច ។ អ្នក និង រូប​ខ្ញុំ​ត្រូវការ​ទឹក​រស់​របស់​ទ្រង់​រាល់​ថ្ងៃ ហើយ​វា​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​ការរីកចម្រើន និង ការអភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ខាង​វិញ្ញាណ​របស់​យើង » (« A Reservoir of Living Water »ទំព័រ ២ ) ។

  • យោង​តាម​អែលឌើរ បែដណា តើ​ទឹក​រស់​តំណាង​ឲ្យ​អ្វី ?

នៅ​លើ​កែវ​ទឹក​ដែល​អ្នក​បាន​ដាក់​បង្ហាញ សូម​បិទ​ស្លាក​ឈ្មោះ​ថា ព្រះអង្គសង្គ្រោះ និង​ ដំណឹងល្អ​របស់​ទ្រង់ ។

  • ហេតុអ្វី​ទឹក​គឺជា​និមិត្ត​សញ្ញា​ដ៏​សមរម្យ​មួយ​​នៃ​ព្រះអង្គសង្គ្រោះ និង ដំណឹងល្អ​របស់​ទ្រង់ ?

  • តើ​អ្នក​អាច​សង្ខេប​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ខទី ១៤​​ទៅ​ជា​គោលការណ៍​មួយ​បាន​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​បង្ហាញ​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​មក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ស្មោះ​ត្រង់ នោះ​យើង​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច) ។

ចូរ​សុំ​សិស្ស​ម្នាក់​អាន យ៉ូហាន ៤:១៥-១៨ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ស្ត្រី​នោះ​​បាន​ទូល​សូម​ពី​ព្រះយេស៊ូវ ហើយ​ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​យ៉ាង​ដូច​ម្ដេច ។

  • ស្របតាម​ខទី ១៥តើ​ស្ត្រី​នោះ​បាន​ទូល​សូម​អ្វីខ្លះពី​ព្រះយេស៊ូវ ?

សូម​ពន្យល់​ថា ចម្លើយតប​របស់ព្រះយេស៊ូវ​បាន​ជួយ​ស្ត្រី​នោះ​ឲ្យ​យល់​ពី​សេចក្ដី​ត្រូវការ​របស់​នាង​ សម្រាប់​ទឹក​រស់​ដែល​ទ្រង់​ប្រទាន​ឲ្យ ។

  • យោង​តាម ខ​ទី ១៧-១៨តើ​ព្រះយេស៊ូវ​បាន​បើក​សម្ដែង​អ្វី​ខ្លះ​អំពី​ស្ត្រី​នោះ ? ( សូម​ចង្អុល​បង្ហាញ​ថា ចម្លើយ​របស់​ព្រះយេស៊ូវ​បង្ហាញ​ថា ទ្រង់​បាន​ជ្រាប​ថា​ស្ត្រី​នោះ​មាន​បញ្ហា​នៅ​ក្នុង​ការ​ស្វែង​រក​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ដ៏​មានអត្ថ​ន័យ ហើយ​យូរ​អង្វែង​មួយ​​ ប៉ុន្តែ​ដោយ​ការ​រួម​រស់​នឹង​បុរស​ម្នាក់​ដែល​ពុំ​មែន​ជា​ប្ដី​របស់​នាង នោះ​ពុំ​បាន​គោរព​តាម​ច្បាប់ព្រហ្មចារីភាព​ទេ ) ។

  • តើ​គំនិត ឬ អារម្មណ៍​បែប​ណា​ដែល​ស្ត្រី​ម្នាក់​នេះ​អាច​មាន នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បើក​សម្តែង​ព័ត៌មាន​លម្អិត​អំពី​នាង ដែល​ជា​ជន​ចម្លែក​ដែល​នាង​មិន​ដែល​ស្គាល់ ?

  • តើព្រះ​​បន្ទូល​របស់ព្រះយេស៊ូវ​បាន​ជួយ​ស្ត្រី​នោះ​ឲ្យ​យល់​ពី​សេចក្ដី​ត្រូវការ​របស់​នាង​ សម្រាប់​ទឹក​រស់​ដែល​ទ្រង់​ប្រទាន​ឲ្យ​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​ អំពី​ព្រះអង្គ​សង្គ្រោះ​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ? ( បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ​រួចហើយ សូមសរសេរ​សេចក្ដី​ពិតខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ​ជ្រាប​ពី​អំពើបាប​របស់​យើង ហើយ​ប្រទាន​ដំណឹងល្អ​របស់​ទ្រង់​ ដើម្បី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​វា) ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​យល់​ពី​សេចក្តីពិត​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៤:១៩-២០​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី​ដែល​ដែល​ស្ត្រី​នោះ​បាន​ពោល​ទៅ​កាន់​ព្រះយេស៊ូវ ។

  • តើ​ស្ត្រី​នោះ​បាន​និយាយដូចម្តេច​ ដែល​បាន​បង្ហាញ​ថា ទស្សនៈ​របស់​នាង​អំពី​ព្រះយេស៊ូវ​​ត្រូវ​បាន​ផ្លាស់​ប្ដូរ ?

សូម​ពន្យល់​ថា ​នៅ​ស្រុក​សាម៉ារី​មាន​ភ្នំ​មួយ​ឈ្មោះ​ថា​ហ្គើរីស្សីម ។ ជា​ច្រើន​សតវត្សរ៍​ពីមុន​ការបម្រើ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ នោះ​សាសន៍​សាម៉ារី​បាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនោះ​ ដើម្បី​ទុក​ជា​ទី​កន្លែងថ្វាយបង្គំ ។ ប៉ុន្តែ​មិន​ដូច​ជា​សាសន៍​យូដា​ឡើយ សាសន៍​សាម៉ារី​ពុំ​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នានា​ឡើយ ហើយ​ពួកគេ​បាន​បដិសេធ​ការបង្រៀន​ជា​ច្រើន​ពី​ព្យាការី​នៃ​ព្រះ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង យ៉ូហាន ៤:២១–២៣ដែល​មាន​នៅ​ក្នុង​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ យ៉ូហាន ៤:២៦ (នៅ​ក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ស្ត្រី​នោះ​អំពី​ការ​ថ្វាយ​បង្គំ​ព្រះ ។

  • តើ​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​ថ្វាយបង្គំ​ដល់ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

  • យោង​តាមការបកប្រែ​ដោយ ​យ៉ូសែប ស៊្មីធ តើ​ពរជ័យ​អ្វីខ្លះ​នឹង​ទទួល​បាន នៅ​​​ពេល​យើង​ថ្វាយ​បង្គំ​ព្រះ​នៅក្នុង « វិញ្ញាណ និង សេចក្តីពិត » ?

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅក្នុង​វិញ្ញាណ និង សេចក្តីពិត នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​ពួក​យើង​នៅក្នុង​វិញ្ញាណ​របស់​ទ្រង់ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល ហើយ​គូស​ចំណាំ​ពី​អត្ថន័យ​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​វរ​បិតា​នៅក្នុង​វិញ្ញាណ និង សេចក្តីពិត ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« គោលបំណង​របស់​យើង​គឺ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត និង មាន​ព្រះជន្ម​រស់ ហើយ​ដើម្បី​ធ្វើ​បែប​​នោះ ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ និង តាម​របៀប​ដែល​ទ្រង់​បាន​តាំង​ឡើង ។ ការយល់​ព្រម​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​នោះ​បាន​ដឹកនាំ​ទៅ​រក​សេចក្តី​សង្គ្រោះ ភក្តីភាព​ដែល​បាន​ផ្តល់​ឲ្យ​ដល់​ព្រះ​ក្លែងក្លាយ និង មិន​បាន​ស្ថាបនា​នៅ​លើ​សេចក្តីពិត​អស់​កល្ប​ពុំ​មាន​នូវ​ការ​ធានា​អះអាង​បែប​នេះ​ឡើយ ។

« ចំណេះ​ដឹង​នៃ​សេចក្តីពិត​មួយ គឺ​ចាំបាច់​ចំពោះ​ការថ្វាយ​បង្គំ​ដ៏​ពិត​ ។ …

« …សេចក្តីពិត និង ការថ្វាយ​បង្គំ​ដ៏​ឥត​ខ្ចោះ រួម​មាន​នៅក្នុងការដើរតាម​ជំហាន​នានា​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ វា​មាន​នៅក្នុង​ការរក្សា​ព្រះបញ្ញត្តិ ព្រមទាំង​ការគោរព​​តាម​ព្រះឆន្ទៈ​នៃ​ព្រះវរបិតា ទៅ​នឹង​កម្រិត​នោះ ដែល​យើង​រីកចម្រើន​ពី​ព្រះគុណ​ថែម​លើ​ព្រះគុណ រហូត​ដល់​យើង​បាន​សិរីរុងរឿង​នៅក្នុង​ព្រះគ្រីស្ទ ដូច​ដែល​ទ្រង់​នៅក្នុង​ព្រះវរបិតា​ទ្រង់​ដែរ ។ វា​លើស​ពី​ការគ្រាន់តែ​ការអធិស្ឋាន និង​ទេសនកថា ព្រម​ទាំង​ច្រៀង​ទៅ​ទៀត ។ វា​គឺ​ជា​ការរស់នៅ​តាម ហើយ​ធ្វើតាម និង គោរព​តាម ។ វា​គឺ​ជា​ការប្រឹង​ធ្វើ​តាម​ជីវិត​នៃ​អង្គ​ជា​គំរូ​ដ៏​អស្ចារ្យ [ ព្រះយេស៊ូវ​គ្រីស្ទ ] » (​« How to Worship » Ensign ខែ ធ្នូ ឆ្នាំ ១៩៧១ ទំព័រ ១២៩, ១៣០ ) ។

  • យោងតាម​អែលឌើរ ម៉ាក់ខន់ឃី តើការ​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅក្នុង​វិញ្ញាណ និង សេចក្តីពិត​មានន័យ​យ៉ាងណា?

  • តើអ្នក​ធ្លាប់​មាន​ពរ​ដោយសារ​អ្នក​បាន​ស្វែង​រក​ដើម្បី​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅ​ក្នុង​វិញ្ញាណ និង​សេចក្ដីពិតនៅ​ពេល​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ ដើម្បី​ថ្វាយបង្គំ​ព្រះវរបិតា​នៅ​ក្នុង​វិញ្ញាណ និង​សេចក្ដីពិត​កាន់​តែ​ប្រសើរ​ឡើង ។

  • ចូរ​សុំ​សិស្ស​ម្នាក់​អាន យ៉ូហាន ៤:២៥-២៦​ឲ្យឮ​ៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ បាន​បើក​សម្ដែង​អំពី​អង្គ​ទ្រង់​ទៅ​កាន់​ស្ត្រី​នោះ ។

  • តើ​ព្រះយេស៊ូវ​បាន​បើក​សម្ដែង​អ្វីខ្លះ ​អំពី​អង្គ​ទ្រង់​ទៅ​កាន់​ស្ត្រី​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៤:២៧-៣០​ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​អ្វី​ ដែល​ស្ត្រី​ម្នាក់​នោះ​បាន​ធ្វើ​បន្ទាប់​ពី​បាន​ជជែក​ជាមួយ​ព្រះអង្គ​​សង្គ្រោះ ។

  • តើ​ស្ត្រី​ម្នាក់​នោះ​បាន​ធ្វើ​ដូចម្តេច បន្ទាប់​ពី​បាន​ជជែក​ជាមួយ​ព្រះអង្គ​សង្គ្រោះ ?

  • តើ​គាត់​បាន​និយាយ​អ្វី​ខ្លះ ដែល​បង្ហាញ​ថា​គាត់​បាន​ទទួល​ទីបន្ទាល់​មួយ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​មក​ពី​ដំណើរ​រឿង​នេះ អំពី​អ្វី​ដែល​នឹង​កើត​ឡើង នៅពេល​យើង​ទទួលបាន​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ នៅពេល​យើង​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ត្រូវបាន​ពោរពេញ​ដោយ​បំណង​ប្រាថ្នា​ ដើម្បី​ចែកចាយ​វា​ដល់​មនុស្ស​ដទៃ​ទៀត ) ។

សូម​សង្ខេប ខ​ទី ៣១–៣៧ ដោយ​ពន្យល់​ថា ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​ត្រឡប់​មក​វិញ​ដោយ​មាន​អាហារ ។ នៅពេល​ពួកគេ​បាន​អញ្ជើញ​ឲ្យ​ទ្រង់​សោយ​អាហារ នោះ​ទ្រង់​បាន​បង្រៀន​ពួកគេ​ថា ទ្រង់​ត្រូវបាន​ទ្រទ្រង់​ឲ្យ​រស់​ ពុំ​មែន​ដោយ​ការសោយ​អាហារ​នោះ​ទេ ប៉ុន្តែ​ដោយ​ការធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​ទ្រង់ទៅ​​វិញ​ ។ ក្រោយ​មក​ទ្រង់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ឃើញ​ថា ឱកាស​នានា​ដើម្បី​ផ្សាយ​ដំណឹងល្អ​វា​មាន​ច្រើន​ណាស់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ៤:៣៩-៤២​​​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ឥទ្ធិពល​នៃ​ទីបន្ទាល់​របស់​ស្ត្រី​ម្នាក់​នោះ​ទៅ​លើ​ប្រជា​ជន​នៅក្នុង​ទីក្រុង​របស់​នាង ។

  • តើ​ទីបន្ទាល់​របស់​ស្ត្រី​ម្នាក់​នោះ​មាន​ឥទ្ធិពល​អ្វីខ្លះ​ទៅ​លើ​ប្រជាជន​នៅក្នុង​ទីក្រុង​របស់​នាង ?

  • យោងតាម ខ​ទី ៤២ តើ​ប្រជាជន​បាន​និយាយ​ដូចម្តេច​ទៅ​ស្ត្រី​នោះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​បាន​ស្គាល់​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​ទាន​ទឹក​រស់​របស់​ទ្រង់ យើង​នឹងត្រូវបាន​ពោរពេញ​ដោយ​បំណង​ប្រាថ្នា​មួយ​ដើម្បី​ចែក​ចាយ​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់​ជាមួយ​នឹង​មនុស្ស​ដទៃ ។

យ៉ូហាន ៤:៤៣-៥៤

ព្រះយេស៊ូវ​ព្យាបាល​កូន​ប្រុស​របស់​បុរស​ត្រកូលខ្ពង់​ខ្ពស់​ម្នាក់

សូម​សង្ខេប យ៉ូហាន ៤:៤៣–៤៥ ដោយ​ពន្យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ស្ត្រី​នោះ​ នៅ​ក្នុង​ស្រុក​សាម៉ារី​មក ទ្រង់​បាន​យាង​ចូល​ទៅ​ស្រុក​កាលីឡេ ជា​ទីកន្លែង​ដែល​ប្រជាជន​បាន​ទទួល​ទ្រង់ ។

សូម​ផ្ដល់ ឯកសារ​ខាង​ក្រោម​នេះ​ដល់​សិស្ស ។ សូម​អញ្ជើញ​ពួកគេ​អាន យ៉ូហាន ៤:៤៦–៥៤ ដោយ​ស្ងៀម​ស្ងាត់ ហើយ​ឆ្លើយ​សំណួរ​ទាំងឡាយ​ដែល​មាន​នៅ​លើ​​ឯកសារ​នោះ ។

រូបភាព
handout, John 4

យ៉ូហាន ៤:៤៦-៥៤

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៦៣

  1. តើ​នរណា​បាន​ជួប​នឹង​ព្រះយេស៊ូវ ហើយតើ​គាត់​ចង់​បាន​ពរជ័យ​អ្វី​ពី​ព្រះអង្គ​សង្គ្រោះ ?

  2. ដោយ​ផ្អែក​លើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បន្ទូល​ ហេតុអ្វី​បាន​ជា​ទ្រង់​បាន​ពន្យា​ពេល​ក្នុង​ការ​ប្រទាន​ពរ​ដល់​ការស្វែងរក​របស់​បុរស​ម្នាក់​នេះ ?

  3. តើ​បុរស​ម្នាក់​នេះ​បាន​បង្ហាញ​ថា ​គាត់​ពុំ​ត្រូវការ​ទីសម្គាល់​មួយ ​ដើម្បី​ជឿ​ដោយ​របៀប​ណា ?

  4. យោងតាម ខទី ៥១–៥៣តើ​ជំនឿ​របស់​បុរស​ម្នាក់​នេះ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បញ្ជាក់​ដោយ​របៀប​ណា ?

  5. តើគោលការណ៍​អ្វី​ខ្លះ​ ដែល​យើងអាច​រៀន​ពី​បទពិសោធន៍​របស់​បុរស​ម្នាក់​នេះ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ នៅ​ពេល​ពួកគេ​ប្រាប់​ពី​គោលការណ៍​ ដែល​ពួកគេ​បាន​រៀន​ពី​បទពិសោធន៍​របស់​បុរស​ត្រកូល​ខ្ពស់​ម្នាក់​នោះ សូម​ជួយ​ពួកគេ​ឲ្យ​បង្ហាញ​នូវ​សេចក្ដីពិត​ដូចខាង​ក្រោម​​នេះ ៖ នៅពេល​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ពុំ​ត្រូវការ​ទីសម្គាល់ នោះ​ព្រះអម្ចាស់​នឹង​បញ្ជាក់​ពី​សេចក្តីជំនឿ​របស់​យើង ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ពុំ​ចាំបាច់​ត្រូវការ​ទីសម្គាល់ ?

  • តើ​របៀប​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​បាន​បញ្ជាក់​សេចក្ដី​ជំនឿ​របស់​យើង នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់​នោះមាន​អ្វីខ្លះ ?

សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​ស្វែង​រក​ព្រះអម្ចាស់​ដោយ​សេចក្ដី​ជំនឿ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង​នូវ​ភស្តុតាង ​ដើម្បី​គាំទ្រ​ដល់​ជំនឿ​របស់​យើង ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ៤:៤។ « ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី »

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការ​យល់​ដឹង​ថា​ហេតុអ្វី​​ព្រះយេស៊ូវ​ចាំបាច់​ត្រូវ​យាង​​កាត់​ស្រុក​សាម៉ារី ៖ « ផ្លូវ​ត្រង់​ពី​ស្រុក​យូដា​ទៅ​ស្រុក​កាលីឡេ​ត្រូវ​ឆ្លង​កាត់​ស្រុក​សាម៉ារី ប៉ុន្តែ​ពួក​សាសន៍​យូដា​ជាច្រើន ជា​ពិសេស​ពួក​អ្នក​ស្រុក​កាលីឡេ បាន​ជ្រើស​ដើរ​តាម​ផ្លូវ​វាង​ដែល​មាន​ចម្ងាយ​ផ្លូវ​វែង​ជាង ដោយ​ចៀស​វាង​ពី​ការ​ដើរ​កាត់​ប្រជាជន​សាម៉ារី​ដែល​ពួកគេ​ស្អប់​យ៉ាង​ខ្លាំង ។ អារម្មណ៍​ស្អប់​រវាង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​សាម៉ារី​កាន់​តែ​មាន​ភាព​ខ្លាំង​ឡើងៗ​អស់​ជាច្រើន​សតវត្សរ ហើយ​នៅ​គ្រា​នៃ​ការងារ​បម្រើ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី ការ​ស្អប់​នោះ​កាន់​តែ​មាន​ភាព​ខ្លាំង​ក្លា​បំផុត » (Jesus the Christ, កំណែ​ទី ៣ [ ឆ្នាំ ​១៩១៦ ] ទំព័រ ១៧២ ) ។

យ៉ូហាន ៤:១០–១៤ ។ ព្រះអង្គសង្គ្រោះ​ប្រទាន​ទឹក​រស់

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ដក​ស្រង់​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង យ៉ូហាន ៤:១៤ ហើយ​បាន​បង្រៀន​ថាការទទួល​ទាន « ទឹក​រស់ » ​នឹង​នាំ​ឲ្យ​យើង​មាន​សុភមង្គល​ដ៏​ធំធេង ។ បន្ទាប់មក​ ទ្រង់​បាន​សួរ ៖

« តើអ្នកចង់ទទួលទានទឹករស់ ហើយទទួលបទពិសោធន៍នូវរន្ធទឹកនៅក្នុងខ្លួនអ្នកដែលផុសឡើងដល់ទៅបានជីវិតដ៏នៅអស់កល្បជានិច្ចដែរឬទេ ?

« ដូច្នេះ ចូរកុំខ្លាចឡើយ ។ សូមជឿឲ្យអស់ពីដួងចិត្តរបស់អ្នក ។ សូមអភិវឌ្ឍនូវសេចក្ដីជំនឿមួយដ៏រឹងមាំលើព្រះរាជបុត្រានៃព្រះ ។ ចូរឲ្យដួងចិត្តរបស់យើង​ពោរពេញដោយការអធិស្ឋានដ៏ស្មោះត្រង់ ។ សូមបំពេញគំនិតរបស់អ្នកជាមួយនឹងចំណេះដឹងអំពីទ្រង់ ។ សូមបោះបង់ចោលនូវភាពទន់ខ្សោយរបស់អ្នក ។ ដើរ​នៅ​ក្នុង​ភាព​បរិសុទ្ធ និង​ភាព​សុខដុម​ជាមួយ​នឹង​ព្រះបញ្ញត្តិ » (« The Abundant Life » EnsignLiahona ខែ ​ឧសភា ឆ្នាំ​ ២០០៦ ទំព័រ ១០០ ) ។

យ៉ូហាន ៤:១០–១៤ ។ ព្រះគម្ពីរ​គឺជា​វិធី​មួយ​ ដើម្បី​ទទួល​ទាន​ទឹក​រស់​របស់​ព្រះគ្រីស្ទ

អែលឌើរ ដេវីឌ អេ បែដណា ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា វិធី​មួយ​ដែល​យើង​អាច​ទទួល​ទាន​ទឹក​រស់​របស់​ព្រះគ្រីស្ទ​បាន គឺ​តាមរយៈការ​សិក្សា​ព្រះគម្ពីរ ៖

« ព្រះគម្ពីរ​មាន​នូវ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ ហើយ​ជា​អាង​នៃ​ទឹក​រស់ ​ដែល​យើង​មាន​សិទ្ធិ​ប្រើ​បាន ហើយ​ដែល​យើង​អាច​ផឹក​បាន​យ៉ាង​ច្រើន ហើយដ៏​យូរ​អង្វែង ។ អ្នក និង​ខ្ញុំ​ត្រូវ​តែ​មើល​ទៅ ហើយ​មក​ឯ​ព្រះគ្រីស្ទដែល​ជា ‹ ប្រភព​នៃ​ទឹក​រស់ › (នីហ្វៃទី ១ ១១:២៥ប្រៀបធៀប​នឹង អេធើរ ៨:២៦, ១២:២៨)ដោយ​អាន ( សូម​មើល ម៉ូសេ ១:៥) សិក្សា (សូមមើល គ. និង ស. ២៦:១) ស្វែងរក ( សូមមើល យ៉ូហាន ៥:៣៩​,​ អាលម៉ា ១៧:២) ហើយ​ទទួល​ទាន ( សូមមើល នីហ្វៃទី ២ ៣២:៣) ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ដែល​មាន​​នៅ​ក្នុង​ព្រះគម្ពីរដ៏​​បរិសុទ្ធ ។ តាមរយៈ​ការ​ធ្វើ​ដូច្នេះ យើង​អាច​ទទួល​បាន​ទាំង​ការ​ដឹកនាំ និង​ការការពារ​ខាង​វិញ្ញាណ​នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង » (« A Reservoir of Living Water » [ Church Educational System fireside for young adults ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឆ្នាំ​ ២០០៧ ] ទំព័រ ២ lds.org/broadcasts) ។

យ៉ូហាន ៤:៤៦-៥៤ ។ ការ​ព្យាបាល​កូន​ប្រុស​របស់​បុរស​ត្រកូលខ្ពង់​ខ្ពស់​ម្នាក់

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​​នៃ​អព្ភូតហេតុ​នេះ ៖

« នេះ​គឺ​ជា​អព្ភូត​ដំបូង​គេ ដែល​បាន​ពិពណ៌នា​យ៉ាង​លម្អិត​នៅក្នុង​ដំណឹង​ល្អ ។ អព្ភូតហេតុ​ដែល​បាន​សម្តែង​ឡើង​នៅ​ពិធី​ជប់​លៀង​នៃ​បុណ្យ​រំលង និង អព្ភូតហេតុ​ទាំងអស់​ដែល​មាន​នៅ​ស្រុក​យូដា​គឺ​ពុំ​បាន​ពិពណ៌នា ឬ​ពន្យល់អ្វី​​ឡើយ ។ អព្ភូតហេតុ​នេះ—ការសម្តែង​លើក​ទីពីរ​នៅក្នុង​ស្រុក​កាណា—បន្ថែម​ការ​យល់​របស់​យើង​កាន់តែ​ប្រសើរ​ឡើង​ទៅ​លើ​ការព្យាបាល​របស់​ព្រះយេស៊ូវ ដែល​យើង​ពុំបាន​ឃើញ​រហូត​មក​ដល់​ចំណុច​នេះ ។ ពិត​ណាស់ វា​គឺ​ជា​អព្ភូតហេតុ​ពីរ​ផ្សេង​គ្នា ៖ អព្ភូតហេតុ​មួយ​នោះ​គឺ​បាន​ព្យាបាល​រូបកាយ​នៃ​កូន​ប្រុស​ដែល​ពុំមាន​មុខ​នៅ​ទីនោះ ហើយ​មួយ​ទៀត​គឺ​បាន​ព្យាបាល​នូវ​ការឥត​ជំនឿ និង បាន​ដាំគ្រាប់​ពូជ​នៃ​សេចក្តីជំនឿ​នៅក្នុង​ដួងចិត្ត​នៃ​ឪពុក​ដែល​មាន​វត្តមាន​នៅ​ទីនោះ »​( វ៉ុល ៤ [ ឆ្នាំ​ ១៩៧៩–៨១ ] ២:១២ ) ។