បណ្ណាល័យ
មេរៀនទី ៦៤ ៖ យ៉ូហាន ៥


មេរៀន​ទី ៦៤

យ៉ូហាន ៥

សេចក្ដីផ្ដើម

ព្រះអង្គសង្គ្រោះ​បាន​ចូលរួម​ពិធី​ជប់​លៀង​មួយ ( ស្រដៀង​នឹង​បុណ្យ​រំលង ) នៅ​ក្រុង​យេរូសាឡិម​ ហើយ​បាន​ព្យាបាល​បុរស​ពិការ​ជើង​ម្នាក់​នៅ​ឯ​ស្រះ​បេថែសដា ។ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ថា ទ្រង់​តំណាង​ឲ្យ​ព្រះវរបិតា​សួគ៌ ហើយ​បាន​ពន្យល់​ពី​ហេតុផល​ដែល​ប្រជាជន​ត្រូវ​គោរព​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ។ ទ្រង់​ក៏​បាន​ពិពណ៌នា​ផងដែរ​ពី​សាក្សី​ផ្សេង​ទៀត ​ដែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ៥:១–៣០

ព្រះយេស៊ូវ​ព្យាបាល​បុរស​ពិការ​ម្នាក់​នៅថ្ងៃ​ឈប់​សម្រាក ហើយ​បង្រៀន​អំពី​ទំនាក់ទំនង​របស់​ទ្រង់​នឹង​ព្រះវរបិតា

រូបភាព
broken pot

សូម​ដាក់​បង្ហាញ រូបភាព បំណែក​ផើង ឬ​ចាន ( ឬ​អ្នក​អាច​គូរ​រូបភាព​ចាន​បែក​មួយ​នៅ​លើ​ក្ដារខៀន ) ។

ចូរ​សុំ​ឲ្យ​សិស្ស​លើក​ដៃ​ឡើង ប្រសិន​បើ​ពួកគេ​ធ្លាប់​ធ្វើ​ឲ្យ​វត្ថុ​ដែល​មាន​តម្លៃ ឬ​សំខាន់ឲ្យ​​បែក​បាក់ ។ សូម​ពន្យល់​ថា​ក្នុងនាម​ជា​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ យើង​រាល់គ្នា​​សំខាន់ និង មាន​តម្លៃ​ខ្លាំង​បំផុត ។ ប៉ុន្តែ​ដោយ​សារ​ការជ្រើសរើស​របស់​យើង ឬ ឧបសគ្គ​នានា​ដែលយើងជួប​ប្រទះ មាន​គ្រា​នានា​ដែល​យើង​អាច​មាន​អារម្មណ៍​ថា​ខ្ទេចខ្ទាំ ឬ ដូច​ជា​មាន​តម្លៃ​តិចតួច ។

  • តើ​មនុស្ស​ម្នាក់​អាច​នឹង​មាន​អារម្មណ៍​ខ្ទេចខ្ទាំ​ខាង​វិញ្ញាណ ខាង​សាច់ឈាម ឬ ខាង​សតិ​អារម្មណ៍​តាម​របៀប​ណា​ខ្លះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដី​ពិត​មួយ កាល​ពួកគេ​សិក្សា យ៉ូហាន ៥:១–៩ ដែល​អាច​ជួយ​លួង​លោម​យើង ហើយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង នៅ​ពេល​​យើង​មាន​អារម្មណ៍​ខូច​ចិត្ត ។

សូម​សង្ខេប យ៉ូហាន ៥:១ ដោយ​ពន្យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​បម្រើ​នៅក្នុង​ស្រុក​កាលីឡេ នោះ​ទ្រង់​បាន​យាង​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ប្រតិបត្តិតាម​ពិធី​ជប់លៀង​របស់​ពួក​សាសន៍​យូដា ដែល​​ស្រដៀងនឹងបុណ្យ​រំលង ។ កាល​គង់​នៅ​ក្រុង​យេរូសាឡិម ទ្រង់​បាន​យាង​ទៅ​ស្រះ​ទឹក​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យអាន យ៉ូហាន ៥:២-៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​នរណា​ខ្លះ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅក្បែរ​ស្រះ​ទឹក​​នោះ ។

  • តើ​មនុស្ស​ប្រភេទ​ណា ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​ស្រះ​ទឹក​ បេថែសដា ? ( សូម​ចង្អុល​បង្ហាញ​ថា​ពាក្យ ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន និង ខ្លះ​ស្វិត នៅក្នុង [ ខ​ទី ៣ ] ពិពណ៌នា​អំពី​មនុស្ស​ដែល​ឈឺ ទន់ខ្សោយ ឬ ពិការ​តាម​របៀប​ផ្សេងៗ ) ។

  • តើ​មនុស្ស​រងទុក្ខ​ទាំងនេះ​កំពុង​រង់ចាំ​អ្វី ? ( សូម​ពន្យល់​ថា ​អាច​មាន​ក្បាល​ទឹក​មួយ​ដែល​យូរៗ​ម្តង​បាន​ហូរ​ចូល​ទៅ​ក្នុង​ស្រះ ហើយ​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​លើ​នៃ​ទឹក​នោះ​ឡើង​ពពុះ ដែល​អាច​នឹង​ផ្ដល់​ការ​ព្យាបាល​ដល់​មនុស្ស​ទាំងនេះ ( សូមមើល Bible Dictionary « Bethesda ») ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« គ្មាន​ចម្ងល់​សោះ​ឡើយ​ថា ស្រះ​ទឹក​បេថែសដា​គឺ​ជា​ប្រភព​ទឹក​ ដែល​វា​ជា​ទឹក​មាន​នូវ​អំណាច​ដែល​អាច​ព្យាបាល​មនុស្ស​ឲ្យ​ជា​បាន ។ ប៉ុន្តែ​ការកត់សម្គាល់​មួយ​ថា ទេវតា​បាន​យាង​ចុះ​មក​ហើយ​កូរ​ទឹក​នោះ ប្រយោជន៍​​ឲ្យ​មនុស្ស​ដំបូង​គេ ដែល​បាន​ចុះ​ទៅ​ក្នុង​ទឹក​នោះ​នឹង​បាន​ជា​សះស្បើយ គឺ​ពិត​ជា​គំនិត​រវើរវាយ​មួយ ។ អព្ភូតហេតុ​នៃ​ការព្យាបាល​វា​ពុំ​កើត​ឡើង​តាម​របៀប​នេះ​ឡើយ » (Doctrinal New Testament Commentary វ៉ុល​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:១៨៨ ) ។

  • តើ​អែលឌើរ ម៉ាក់ខន់ឃី ​បាន​បង្រៀន​អ្វីខ្លះ​ អំពី​ជំនឿដែល​មាន​ទេវតា​មួយ​អង្គ​បាន​បណ្ដាល​ឲ្យ​ទឹក​អាច​ព្យាបាល​ដល់​មនុស្ស​ដំបូង​ដែល​ចូល​ទៅ​ក្នុង​ស្រះ​នោះ ?

  • តើ​អ្នក​គិត​ថា​ទិដ្ឋភាព​នៅ​ឯ​ស្រះ​ទឹក​នោះ​មាន​សភាព​បែប​ណា​ដែរ ដោយ​មាន​មនុស្ស​ជាច្រើន​សង្ឃឹម​ថា​នឹង​បាន​ជា​សះស្បើយ ដោយ​ត្រូវ​ធ្វើ​ជា​មនុស្ស​ដំបូង​គេ​ដើម្បី​ឈាន​ជើង​ចូល​ទៅក្នុង​ស្រះ​នោះ ?

សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង យ៉ូហាន ៥:៥-៧ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​ថា​ព្រះអង្គ​សង្គ្រោះ​បាន​ទត​ឃើញ​នរណា​ដេក​នៅ​ក្បែរ​ស្រះ​ទឹក​នោះ ។

រូបភាព
ព្រះគ្រីស្ទ​ព្យាបាល​អ្នក​ឈឺ​នៅ​បេថែសដា

សូម​ដាក់​បង្ហាញ​រូប ព្រះគ្រីស្ទ​ព្យាបាល​អ្នក​ឈឺ​នៅ​បេថែសដាGospel Art Book [ ឆ្នាំ ​២០០៩ ] ល.រ.៤២ សូម​មើល​ផង​ដែរ LDS.org ) ។

  • តើ​ខគម្ពីរ​ទាំងនេះ​ពិពណ៌នា​អំពី​បុរស​ម្នាក់​នេះ​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ទត​ឃើញ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​អាន យ៉ូហាន ៥:៨-៩ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ឆ្លើយ​តប​ទៅ​​បុរស​ម្នាក់​នោះ ។ ចូរ​សុំ​ពួកគេឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​គូស​ចំណាំ​ឃ្លា « អ្នក​នោះ​បាន​ជា​ភ្លាម » ( ខ​ទី ៩ ) ។

សូម​សរសេរ​ពាក្យ បេថែសដា នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា​ពាក្យ បេថែសដា អាច​ត្រូវបាន​បកប្រែ​ថា​ជា « ដំណាក់​នៃ​សេចក្តីមេត្តា​ករុណា » ( Bible Dictionary « Bethesda »​) ។ សូម​សរសេរ​និយមន័យ​នេះ​នៅ​លើ​ក្ដារ​ខៀន​ក្បែរ​ពាក្យបេថែសដា ។ សូម​ពន្យល់​ថា សេចក្តីមេត្តា​ករុណា​គឺ​ជា​សេចក្តី​អាណិត​អាសូរ ឬ សេចក្តី​សប្បុរស ។ ទង្វើ​ដ៏​អស្ចារ្យ​បំផុត​នៃ​សេចក្តី​មេត្តា​ករុណា ​ដែល​បាន​ធ្វើ​ឡើង​នោះ​គឺ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ហេតុអ្វី​បាន​ជា បេថែសដា ​គឺ​ជា​ឈ្មោះ​សមរម្យ​មួយ​សម្រាប់​ទីកន្លែងនេះ ជាពិសេស​បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​បុរស​ម្នាក់​នេះ ?

  • តើ​យើង​អាច​ក្លាយ​ជា​បុរស​ម្នាក់​នេះ​ ដែល​នៅ​តែ​មាត់​ស្រះ​បេថែសដា​តាម​របៀប​ណា​ខ្លះ ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ ដែលយើង​អាច​រៀន​ចេញ​ពីការ​ព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​បុរស​ម្នាក់​នេះ ? ( ទោះបីជា​សិស្ស​អាច​នឹង​ឆ្លើយ​ខុស​ៗគ្នា​ក្ដី ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ដើម្បី​គូស​បញ្ជាក់​ថា តាម​រយៈ​ព្រះចេស្ដា និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ជា​សះស្បើយ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្ដីពិត​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ មើរិល ជេ ប៊ែតមែន ដែល​បាន​ផ្តល់នូវ​តំរិះដ៏ជ្រៅ​នេះ កាល​នៅ​បម្រើ​ជា​ប៊ីស្សព​ជា​អធិបតី ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​វិធី​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ព្យាបាល​យើង ៖

រូបភាព
អែលឌើរ មើរិល ជេ ប៊ែតមែន

« គឺ​ដូច​ជា​បុរស​ខ្វិន​ជើង​នៅ​ឯ​ស្រះ​បេថែសដា​ ដែល​ត្រូវការ​ឲ្យ​មនុស្ស​រឹងមាំ​ជាង​ខ្លួន​គាត់ ដើម្បី​ព្យាបាល​គាត់​ឲ្យ​ជា​ដែរ ( សូមមើល យ៉ូហាន ៥:១–៩) ដូច្នេះ​យើង​ត្រូវ​ពឹង​ផ្អែក​លើ​អព្ភូតហេតុ​នានា​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​ព្រលឹង​របស់​យើង​ត្រូវបាន​ព្យាបាល​ឲ្យ​ជា​ពី​សេចក្តី​សោកសៅ ទុក្ខ​ព្រួយ និង អំពើ​បាប ។ … តាមរយៈ​ព្រះគ្រីស្ទ នោះ​ដួងចិត្ត​ដែល​ខ្ទេចខ្ទាំ​ត្រូវបាន​ជួសជុល ហើយ​ភាព​សុខ​សាន្ត​ត្រូវ​បាន​ជំនួស​ដោយ​ភាពថប់អារម្ភ និង ក្តី​ទុក្ខព្រួយ » (​« The Power to Heal from Within » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ១៣ ) ។

  • តើ​វិធី​មួយ​ចំនួន​ដែលយើង​អាច​ជា​សះស្បើយ​បាន​តាម​រយៈ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់​មាន​អ្វីខ្លះ ? ( អ្នកគួរ​ពន្យល់​ថា យើង​អាច​នឹង​ជះ​សះស្បើយ​នៅ​ក្នុង​ជីវិត​នេះ ឬ នៅក្នុង​ជីវិត​ក្រោយ ) ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា និង​ការ​ព្យាបាល​តាម​រយៈ​​ដង្វាយ​ធួន​​របស់​ព្រះអង្គ​សង្គ្រោះ ?

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​គ្រា​នានា នៅពេល​អ្នក​បាន​ឃើញ ឬ បាន​ទទួល​អារម្មណ​នៃ​ព្រះចេស្តា សេចក្តី​មេត្តា​ករុណា ឬ សេចក្តី​អាណិតអាសូរ​របស់​ព្រះយេស៊ូវគ្រីស្ទ ជួយ​ពួកគេ ឬ នរណា​ម្នាក់​ផ្សេង​ទៀត​ដែល​មាន​អារម្មណ៍​ថា​ខ្ទេចខ្ទាំ​ចិត្ត ទាំង​ខាង​វិញ្ញាណ ខាង​សាច់​ឈាម ឬ សតិ​អារម្មណ៍ ។ សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ខ្ញុំ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​ពោរពេញ​ដោយ​សេចក្តីមេត្តា​ករុណា និង សេចក្តី​អាណិត​អាសូរ​ដោយសារ…

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​នូវ​ប្រយោគ​ខាងក្រោម ៖ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

សូម​សង្ខេប យ៉ូហាន ៥:១០–១៦ ដោយ​ពន្យល់​ថា ក្រោយ​មក​ព្រះអង្គ​សង្គ្រោះ​បាន​ទត​ឃើញ​បុរស​ម្នាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយទ្រង់​​បាន​ប្រទាន​ព្រះឱវាទ​ដល់​គាត់​ « កុំ​ឲ្យ​ធ្វើ​បាប​ទៀត​ឡើយ » ( យ៉ូហាន ៥:១៤ ) ។ នៅពេល​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ដឹង​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ដោយ​សារ​ព្រះយេស៊ូវ​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​ពួកគេ​បានបៀតបៀន ហើយ​បាន​ព្យាយាម​ចង់​សម្លាប់​ព្រះអង្គ​សង្គ្រោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន យ៉ូហាន ៥:១៧-១៨​ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលហេតុផល​មួយ​ទៀត​ដែល​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ខឹង​នឹង​ព្រះយេស៊ូវ ។

សូម​ពន្យល់​ថា ដូចដែល​បាន​កត់​ត្រា​នៅ​ក្នុង ខ​ទី ១៧ព្រះ​អង្គសង្គ្រោះ​បាន​បង្រៀន​ដល់​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ថា ដោយ​ការ​ព្យាបាល​បុរស​នោះ ទ្រង់​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតា​សួគ៌ ។ ក្រោយ​មក​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​​អំពី​ទំនាក់ទំនង​របស់​ទ្រង់ និង ព្រះ​វរបិតា ។

  • យោង​តាម ខ​ទី ១៨តើ​អ្វីទៅ​ជា​ហេតុផល​មួយ​ទៀត ​ដែល​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ខឹង​នឹង​ព្រះយេស៊ូវ ? ( ពួកគេ​បាន​ជឿ​ថា​ ព្រះយេស៊ូវ​មាន​ទោស​នៃការប្រមាថព្រះ ពីព្រោះ​ទ្រង់​បាន​មាន​បន្ទូល​ថា ព្រះ​គឺជា​ព្រះវរបិតា​ទ្រង់ ហេតុដូច្នេះ​ហើយ​បាន​ប្រកាស​ខ្លួន​ស្នើ​នឹង​ព្រះ ) ។

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារខៀន ៖ តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អ្វីខ្លះ​ អំពី​ទំនាក់ទំនង​របស់​ទ្រង់​នឹង​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ? សូម​បំបែក​សិស្ស​ជា​គូៗ ។ សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យអាន យ៉ូហាន ៥:១៩–២២, ២៦–២៧,​ ៣០​​ ឮៗ​រួមគ្នា ។ សូម​ឲ្យ​ពួកគេ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​នេះ ។

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្សឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​សង្ខេប​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​នេះ ​ដោយ​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ រាល់​កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ ព្រះយេស៊ូវគ្រីស្ទ​តំណាង​ឲ្យ​ព្រះវរបិតា​សួគ៌ ហើយ​ខិត​ខំ​គោរព​តាម​ព្រះទ័យ​របស់​ទ្រង់ ។ សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ដូច​គ្នា ) ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​យល់​ថា រាល់​កិច្ចការ​ដែល​ទ្រង់​ធ្វើ ព្រះយេស៊ូវ​គ្រីស្ទ​ឈរ​ជា​អង្គតំណាង​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ?

យ៉ូហាន ៥:៣១-៤៧

ព្រះយេស៊ូវ​បាន​បង្រៀន​ពី​សាក្សី​ជា​ច្រើន​នាក់​ ដែល​ថ្លែង​ទីបន្ទាល់​ពី​ភាព​ជា​ព្រះ​របស់​ទ្រង់

សូម​យក​សណ្ដែក​​មួយកួរ​ដែល​មិន​ទាន់​បក​សំបក​មក​ថ្នាក់រៀន ( ​សណ្ដែកបារាំងមួយកួរ​តូច​ក៏​បាន ) ។ សូម​ក្ដាប់​សណ្ដែក​មួយកួរនោះ​ ក្នុង​ដៃ​ដើម្បី​កុំ​ឲ្យ​សិស្ស​មើល​ឃើញ ។ សូម​ពន្យល់​ថា អ្នក​កំពុង​កាន់​វត្ថុ​មួយ​ដែល​មនុស្ស​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ឡើយ ។ ចូរ​សុំ​ឲ្យ​សិស្ស​លើកដៃ​ឡើង ប្រសិន​បើ​ពួកគេ​ជឿ​អ្នក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ដែល​មិន​ទាន់​ប្រាកដ​ថា តើ​រឿង​នេះ​ពិត​ឬ​អត់​នោះ​ឲ្យ​ជ្រើស​មិត្ត​រួម​ថ្នាក់​ពីរ​បី​នាក់​ដើម្បី​មើល​វត្ថុ​នោះ ។ សូម​បង្ហាញ​វត្ថុ​នោះ​ដល់​សិស្ស​ទាំងនេះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ប្រាប់​សិស្ស​ដទៃ​ទៀត​​ថា តើ​អ្នក​កំពុង​ប្រាប់​ពី​ការ​ពិត​មែន​ដែរ​ឬទេ ។

  • តើ​ការអះអាង​ពី​ភាពពោរពេញ​នៃ​សេចក្តីពិត​ណា​មួយ​ ត្រូវ​បាន​ពង្រឹង​ដោយ​របៀប​ណា នៅពេល​មាន​សាក្សី​ច្រើនជាង​​ម្នាក់​នោះ ?

សូម​បង្ហាញ​សណ្ដែក​នោះ​ដល់​សិស្ស ហើយ​ពន្យល់​ពី​របៀប​ ដែល​ផ្នែក​ខាង​ក្នុង​របស់​វា​ពុំ​ធ្លាប់​មាន​មនុស្ស​ណាម្នាក់បានមើលឃើញ​ឡើយ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ៥:៣១ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ​រកមើល​នូវអ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​អំពី​សាក្សី​របស់​ទ្រង់​ផ្ទាល់​ អំពី​ទំនាក់ទំនង​របស់ទ្រង់​នឹង​ព្រះវរបិតា​សួគ៌ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ​ បាន​បញ្ជាក់ ខ​ទី ៣១ និង ៣២ ៖ « ប្រសិន​បើ​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ នោះ​សេចក្តី​បន្ទាល់​របស់​ខ្ញុំ​គឺ​ពិត ។ ដ្បិត​ខ្ញុំ​មិន​បាន​នៅ​ម្នាក់​ឯង​ឡើយ » ( ការ​បកប្រែ​ដោយ ​យ៉ូសែ ស្ម៊ីធ យ៉ូហាន ៥:៣២–៣៣ ) ។ សូម​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​ពួក​សាសន៍​យូដា​ថា ពួកគេ​មាន​សាក្សី​ម្នាក់​ផ្សេង​ទៀត​ក្រៅ​ពី​ទ្រង់ ។

សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ យ៉ូហាន ៥:៣២–៣៥, យ៉ូហាន ៥:៣៦, យ៉ូហាន ៥:៣៧–៣៨, យ៉ូហាន ៥:៣៩, យ៉ូហាន ៥:៤៥–៤៧ ។ សូម​ឲ្យ​សេចក្ដី​យោង​ខគម្ពីរ​នីមួយៗ​ដល់​សិស្ស​ម្នាក់ ឬច្រើន​នាក់ ។ ចូរ​សុំ​ឲ្យ​ពួកគេ​អាន​ខគម្ពីរ​ទាំង​នេះ ហើយ​រក​មើល​សាក្សី​ផ្សេង ៗ​ទៀត​នៃ​ទេវភាព​របស់​ព្រះយេស៊ូវ ។ សូម​ជួយ​សិស្ស​ធ្វើ បញ្ជី មួយ​អំពី​សាក្សី​ទាំងនេះ​ដោយ​អញ្ជើញពួកគេ​សរសេរ​អ្វី​ដែលពួកគេ​រកឃើញ​នៅ​លើ​ក្ដារខៀន​ ក្បែរ​នឹង​សេចក្ដី​យោង​​ខគម្ពីរ​របស់​ពួកគេ ។

សូម​ពន្យល់​ថា ទោះបី​ជា​មាន​សាក្សី​ច្រើន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ក្តី ក៏​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ពុំ​ជឿ​លើ​ភាព​ជាព្រះ​របស់​ព្រះយេស៊ូវ​ឡើយ ។ សូម​ចង្អុល​បង្ហាញ​ថា​នៅក្នុង ខ​ទី ៣៩ ថា​នៅពេល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​ព្រះគម្ពីរ នោះ​ទ្រង់​មាន​បន្ទូល​ថា « ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក » ។

  • តើ​មាន​ជំនឿ​ខុស​ឆ្គងអ្វីខ្លះ ​ដែល​ព្រះយេស៊ូវ​បាន​ចង្អុល​បង្ហាញ​ដល់​ពួក​សាសន៍​យូដា ? ( សូម​បង្ហាញ​ថា ពួក​សាសន៍​យូដា​ជាច្រើន​បាន​ជឿ​ថា គ្រាន់​តែ​ការ​សិក្សា​ព្រះគម្ពីរ​មួយ​មុខ​ វា​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ពួកគេ​មិន​បាន​យល់​ថា គោលបំណង​នៃ​ព្រះគម្ពីរ​​ គឺដើម្បី​ចង្អុល​បង្ហាញ​ពួកគេ​ទៅ​កាន់​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ទេ ។ ក្នុង​ន័យ​នេះ ទ្រង់​បាន​មាន​បន្ទូល​ថា « អ្នករាល់គ្នា​គិត​ថា​អ្នក​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ការ​ស្វែង​រក​បទគម្ពីរ ដ្បិត​វា​ថ្លែង​ទីបន្ទាល់​ពី​ខ្ញុំ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន ៥:៤០ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល អ្វី​ដែលពួក​សាសន៍​យូដា​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

  • ទោះបី​ជា​ពួក​សាសន៍​យូដា​បាន​សិក្សា​ព្រះគម្ពីរ​ក្តី តើ​ពួកគេ​បាន​បដិសេធ​ធ្វើ​អ្វី​ខ្លះ​ដែល​ប្រហែល​ជា​បាន​ជួយ​ពួកគេ​ឲ្យ​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់ ​ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច ?

  • យោងតាម​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង ខ​ ទី ​៣៩​ និង ៤០តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ? ( សូម​ជួយ​សិស្ស​ឲ្យ​បង្ហាញ​គោលការណ៍​ស្រដៀង​គ្នា​មួយ​ដូច​នឹង​គោលការណ៍​ខាង​ក្រោម ៖ មាន​តែ​តាមរយៈ​ការ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ ទើប​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ សូម​សរសេរគោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ចូរ​រំឭក​សិស្ស​ថា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺ​រួមមាន​ការ​ប្រែក្លាយ​ដូច​ជា​ព្រះ​វរ​បិតា​សួគ៌ ហើយ​រស់នៅ​ជារៀងរហូត​ជាមួយ​នឹង​សមាជិក​សក្តិសម​នៃ​ក្រុមគ្រួសារ​របស់​យើង​នៅក្នុង​វត្តមាន​របស់​ទ្រង់ ។

  • តើ​ការ « មកឯ​ព្រះគ្រីស្ទ » មាន​ន័យ​ដូច​ម្ដេច ? ( ការ​មក​ឯ​ព្រះគ្រីស្ទ​គឺជា​ការ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ ប្រែ​ចិត្ត​ពី​អំពើបាប ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ) ។

  • ហេតុអ្វី​ការ​មក​ឯ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ចាំបាច់​ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​វិធី​​ដែល​ទីបន្ទាល់​ទាំងឡាយ​ ដែល​មាន​នៅ​លើ​ក្ដារ​ខៀន​អាច​ជួយ​មនុស្ស​ម្នាក់​​ឲ្យ​មក​ឯ​ព្រះអង្គ​សង្គ្រោះ ។

  • តើ​ទីបន្ទាល់​មួយ​ក្នុង​ចំណោម​ទីបន្ទាល់​ទាំងនេះ​ បានជួយ​អ្នក​ឲ្យ​មក​ឯ​ព្រះ​គ្រីស្ទ​នៅ​ពេល​ណា ?

សូម​ឲ្យ​សិស្ស​ពិចារណា​ពី អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​មក​ឯ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​កាន់​តែ​​ពេញលេញ ដើម្បី​ឲ្យពួកគេ​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង យ៉ូហាន ៥ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ៥:១៧–៤៧ ។ « ព្រះវរបិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ »

យោងតាម​អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​កត់​ត្រា​នៅ​ក្នុង យ៉ូហាន ៥:១៧–៤៧ « ជាទេសនកថា​ដ៏​ពេញ​លេញ​បំផុត​នៅក្នុង​ព្រះគម្ពីរ អំពី​ប្រធាន​បទ​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​រវាង​ព្រះវរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ » (Jesus the Christ កំណែ​ទី ៣ [ ឆ្នាំ​ ១៩១៦ ] ទំព័រ ២០៨ ) ។

នៅ​ក្នុង​ប្រយោគ​ខាង​គោលលទ្ធិ​មួយ ​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​ ៣០ ខែ ​មិថុនា ឆ្នាំ​ ១៩១៦ គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀនថា ៖

« ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​បន្ទូល ហើយ​បាន​ធ្វើ​ការ​ងារ​បម្រើ​នៅ​ក្នុង​និង​តាម​រយៈ​ព្រះនាម​ព្រះវរបិតា រួម​ទាំង​ព្រះចេស្ដា សិទ្ធិ​អំណាច ភាព​ជាព្រះ គឺត្រូវបាន​ពាក់​ព័ន្ធនឹងបន្ទូល​ និង​ទង្វើ​របស់​ទ្រង់​គឺជា​របស់​ព្រះវរបិតា​ផង​ដែរ » (« The Father and the Son: A Doctrinal Exposition by the First Presidency and the Quorum of the Twelve Apostles » Ensign ខែ ​មេសា ឆ្នាំ ​២០០២ ទំព័រ ១៧ ) ។

យ៉ូហាន ៥:២៩ ។ ការ​រស់​ឡើង​វិញ​នៃ​មនុស្ស​លោក

កាល​កំពុង​ពិចារណា យ៉ូហាន ៥:២៩ព្យាការី យ៉ូសែប ស្ម៊ីធ និង​ស៊ីឌនី រិកដុន បាន​ទទួល​ការនិមិត្ត​មួយ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ។ ការ​និមិត្ត​នេះផ្តល់​ការ​យល់ដឹង​បន្ថែម​ទៀត​ដល់​ពួក​លោក​អំពី​ការ​រស់​ឡើង​វិញ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ( សូម​មើល គ. និង ស. ៧៦:១១–១៩​ ) ។

យ៉ូហាន ៥:៣៩ ។ « ស្ទង់​មើល​គម្ពីរ … ដោយ … គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ »

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់បាន​បង្រៀន​ថា ៖

« នៅ​ចុង​បញ្ចប់ គោលបំណង​ដ៏​សំខាន់​បំផុត​នៃ​រាល់​ព្រះគម្ពីរ​ គឺ​ដើម្បី​បំពេញ​ព្រលឹង​យើង​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះ ជាព្រះវរបិតា និង​លើ​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ—ជា​សេចក្ដីជំនឿ​ថា ទ្រង់ទាំងពីរអង្គមាន​ពិត ជា​សេចក្ដី​ជំនឿ​លើ​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​ជីវិត​អមត និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​យើង ជា​សេចក្ដី​ជំនឿ​លើ​ដង្វាយធួន និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ​ដែល​ធ្វើ​ឲ្យ​ផែនការ​នៃ​សុភមង្គល​មានដំណើរការរស់រវើក ជា​សេចក្ដី​ជំនឿ​ដើម្បី​មក​ស្គាល់ ‹ ​ព្រះ​ពិត​តែ​១ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​​ ​[ ទ្រង់​បាន ]​ ចាត់​ឲ្យ​មក › ( យ៉ូហាន ១៧:៣ ) » ( « The Blessing of Scripture » EnsignLiahona ខែ ​ឧសភា ឆ្នាំ ​២០១០ ទំព័រ ៣៤ ) ។