បណ្ណាល័យ
មេរៀន​ទី​ ៧០ ៖ យ៉ូហាន ១០


មេរៀន​ទី​ ៧០

យ៉ូហាន ១០

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បាន​បង្រៀន​ថា ទ្រង់​គឺ​ជា​អ្នក​គង្វាល​ល្អ ហើយ​ថា​ទ្រង់​នឹង​លះបង់​ជីវិត​របស់​ទ្រង់​ដើម្បី​ចៀម​របស់​ទ្រង់ ។ ទ្រង់​ក៏​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​បាន​ប្រទាន​អំណាច​ឲ្យយកឈ្នះ​លើ​សេចក្ដី​ស្លាប់​ដល់​ទ្រង់​ផង​ដែរ ។ មនុស្ស​មួយ​ចំនួន​បានចោទព្រះយេស៊ូវ​អំពីថា ទ្រង់​ប្រមាថព្រះ ដោយសារ​តែ​ការ​ប្រកាស​ថា​ទ្រង់​គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១០:១-២៤

ព្រះយេស៊ូវ​បាន​បង្រៀន​ថា ទ្រង់​គឺ​ជា​អ្នក​គង្វាល​ល្អ ហើយ​ថា​ទ្រង់​នឹង​លះបង់​ជីវិត​របស់​ទ្រង់​ដើម្បី​ប្រជារាស្ត្រ​របស់​ទ្រង់

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើង​មក​ខាង​មុខ​ក្ដារខៀន ។ ចូរ​យក​កន្សែង​បិទ​មុខ​សិស្ស រួច​ប្រមូល​ព្រះគម្ពីរ​បី​បួន​ក្បាល រួម​ទាំង​ព្រះគម្ពីរ​របស់​សិស្ស​ដែល​បាន​បិទ​មុខ​នោះ​ផង​ដែរ ។ ចូរ​សុំ​ឲ្យ​សិស្ស​ដែល​បាន​បិទ​មុខ​ជិត​នោះ​ស្ទាប​ព្រះគម្ពីរ​នីមួយៗ ហើយ​សាកល្បង​សម្រេច​ថាតើ​ព្រះគម្ពីរ​មួយ​ណា​ជា​របស់​ខ្លួន ។ បន្ទាប់​ពី​សិស្ស​នោះ​បាន​សាកល្បង​ធ្វើ​កិច្ចការ​នោះ​មក ចូរ​សួរ ៖

  • ហេតុអ្វី​អ្នក​អាច ( ឬ​មិន​អាច ) សម្រេចថា​ ព្រះគម្ពីរ​មួយ​ណា​ជា​របស់​ខ្លួន ?

  • ប្រសិន​បើ​ខ្ញុំ​ឲ្យ​អ្នក​ស្ទាប​មុខ​មិត្ត​រួម​ថ្នាក់​ម្នាក់ៗ តើ​អ្នក​គិត​ថា អ្នក​អាចស្មាន​ដឹងត្រូវ​បាន​ប៉ុន្មាន​នាក់ ? ( ចូរ​កុំ​សុំ​ឲ្យ​សិស្ស​ធ្វើ​រឿង​នេះ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដោះ​កន្សែង​ចេញ ហើយ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​របស់​ខ្លួន​វិញ ។ សូម​ពន្យល់​ថា មាន​គ្រា​មួយ​អ្នកគង្វាល​នៅក្នុង​បញ្ចឹម​ប្រទេស​ត្រូវបាន​គេ​ទទួល​ថា តើ​គាត់​ស្គាល់​ចៀម​របស់​គាត់​ច្បាស់​ប៉ុណ្ណា ។ គាត់បាន​ឆ្លើយ​ថា « ប្រសិនបើ​អ្នក​យក​ក្រណាត់​មក​បិទ​ភ្នែក​របស់​ខ្ញុំ ហើយ​យក​ចៀម​ណា​មួយ​ក៏​បាន ហើយ​គ្រាន់តែ​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​មុខ​របស់​វា នោះ​ខ្ញុំ​អាច​ប្រាប់​ភ្លាម​ថា​វា​ជា​ចៀម​របស់​ខ្ញុំ ឬ​មិនមែន​ជា​ចៀម​របស់​ខ្ញុំ ( ជី អិម ម៉ាក់គី [ គ្មាន​កាលបរិច្ឆេទ ] ទំព័រ ៣៥ ) ។

  • ប្រសិនបើ​អ្នក​គឺ​ជា​អ្នក​គង្វាល តើ​អ្នក​គិត​ថា អ្នក​ធ្វើ​អ្វី​ដើម្បី​ស្គាល់​ចៀម​នៅក្នុង​ហ្វូង​ចៀម​របស់​អ្នក ដូច​ដែល​អ្នក​គង្វាល​ចៀម​ម្នាក់​នេះ​បាន​ធ្វើ ?

សូម​អញ្ជើញ​សិស្ស​អាន យ៉ូហាន ១០:១៤ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​អ្វី​ ដែល​ព្រះយេស៊ូវ​បាន​ហៅ​ដល់​អង្គ​ទ្រង់ ។ ចូរ​សុំ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ ។

  • ហេតុអ្វី​អ្នក​គិត​ថា « អ្នក​គង្វាល​ល្អ » គឺជា​ងារ​មួយ​ដ៏​សមត្រឹមត្រូវសម្រាប់​ព្រះអង្គ​សង្គ្រោះ ?

កាល​សិស្ស​សិក្សា យ៉ូហាន ១០ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត ​ដែល​បង្រៀន​យើង​ពី​របៀបដែល​ព្រះអង្គ​សង្គ្រោះ​គឺជា​អ្នក​គង្វាល​ដ៏​ល្អ​របស់​យើង ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី មជ្ឈដ្ឋាន វប្បធម៌​នៅ​ក្នុង យ៉ូហាន ១០:១–៥សូម​ពន្យល់​ថា នៅ​សម័យ​ព្រះអង្គ​សង្គ្រោះ ពួក​អ្នក​គង្វាល​បាន​នាំ​ហ្វូង​សត្វ​របស់​ខ្លួន​ទៅ​រក​ស៊ី ផឹក​ទឹក ហើយ​សម្រាក​នៅ​ពេល​ថ្ងៃ ។ នៅពេល​យប់ អ្នក​គង្វាល​មួយ​ចំនួន​កៀង​ហ្វូង​ចៀម​របស់​ខ្លួន​ទៅ​ក្រោល​រួម​គ្នា​មួយ ។ ក្រោល​ចៀម​គឺ​ជា​រូង​មួយ ឬ​បរិវេណ​ដែល​មាន​ជញ្ជាំង​ថ្ម​បិទ​ជុំ​ជិត ដែល​មាន​បន្លា​មុត​ស្រួច​ដាក់​នៅ​ខាងលើ​ចុងចម្រឹង​ជញ្ជាំង​នោះ ដើម្បី​ការពារ​សត្វ​ព្រៃ​ចូល​មក​ក្នុង​ក្រោល ។

សូម​ចែក​សិស្ស​ជា​គូ ។​ សូម​អញ្ជើញ​ដៃ​គូ​នីមួយៗ​អាន យ៉ូហាន ១០:១–៥ឲ្យ​ឮៗ​រួម​គ្នា ហើយ​រកមើល​អ្វី​ដែល​អ្នក​គង្វាល​ល្អ​ធ្វើ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ប្រាប់​ពី​អ្វី ​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើ​ក្ដារខៀន ក្រោម​ឃ្លា ព្រះយេស៊ូវ​គ្រីស្ទ​​គឺ​ជា​អ្នក​គង្វាល​ល្អ ។ ( ចម្លើយ​អាច​រួម​មាន​ដូច​ខាងក្រោម ៖ ទ្រង់​យាង​ចូល​តាម​ទ្វារ ទ្រង់​ហៅ​ចៀម​របស់​ទ្រង់​តាម​ឈ្មោះ ហើយ​ទ្រង់​នៅ​ពី​មុខ​ចៀម​របស់​ទ្រង់ ) ។

  • យោង​តាម ខ​ទី ៣តើ​អ្នក​គង្វាល​នាំ​ចៀម​ខ្លួន​ចេញពី​ក្រោល​តាម​របៀប​ណា ?

  • យោងតាម ខ​ទី ៤–៥ហេតុអ្វី​បាន​ជា​ចៀម​ធ្វើតាម​តែ​អ្នក​គង្វាល​នេះ​ប៉ុណ្ណោះ ?

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ហៅ ​អស់​អ្នក​ដែល​ព្យាយាម​ចូល​ទៅ​ក្នុង​ក្រោល​តាម​ផ្លូវ​ផ្សេង​ក្រៅ​ពី​ទ្វារ​ចូល​នោះ​ ថា​ដូច​ម្ដេច ?

សូម​ពន្យល់​ថា ពួក​ផារិស៊ី​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល ( សូម​មើល យ៉ូហាន ៩:៤១ ) ។

  • តើ​ពួក​ផារិស៊ី​ប្រៀប​បាន​នឹង​ពួក​ចោរ​ឆក់ ពួក​ចោរ​ប្លន់ និង​ពួក​មនុស្ស​ចំឡែក​នៅ​ក្នុង​ក្រោល​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​អានយ៉ូហាន ១០:៦ដោយ​ស្ងាត់​ស្ងៀម ហើយ​រកមើល​ការ​ឆ្លើយ​តប​របស់​ពួក​ផារិស៊ី​ ទៅ​នឹង​ការ​បង្រៀន​ព្រះអង្គ​សង្គ្រោះ ។ ចូរ​សុំ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

ដូចដែល​បាន​កត់ត្រា​នៅ​ក្នុង យ៉ូហាន ១០:៧–១៦ចូរ​ពន្យល់ថា ព្រះអង្គសង្គ្រោះ​បាន​បន្ត​បង្រៀន​អំពី​ភាព​ខុស​គ្នា​រវាង​ទ្រង់ និង​ពួក​ផារិស៊ី ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ខ​ទី ៧-១០ ឲ្យ​ឮៗ រូម​ទាំង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុងខ​ទី ៨ ​​ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​គំនិតស៊ីជម្រៅ​បន្ថែម​ទៀត​អ្វីខ្លះ ដែល​ការ​បកប្រែដោយ​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង ខ​ទី ៨ បាន​ផ្ដល់​ឲ្យ ?

  • តើ​អ្នក​គិត​ថា ព្រះអង្គសង្គ្រោះ​មាន​ន័យ​យ៉ាង​ណា នៅពេល​ទ្រង់​មាន​បន្ទូល​ថា « ខ្ញុំ​គឺ​ជា​ទ្វារ » ( ខ​ទី ៧ ) ?

សូម​ពន្យល់​ថា « អ្នក​គង្វាល​នៅ​អ៊ីស្រាអែល​ឈរ​នៅ​ច្រកចូល​នៃ​ក្រោល​ចៀម ហើយ​ត្រួតពិនិត្យ​មើល​ចៀម​នីមួយៗ នៅពេល​វា​ដើរ​ចូល​ក្រោល ហើយ​ព្យាបាល​របួស​តាម​ការចាំបាច់ ។ បន្ទាប់​ពី​ចៀម​ត្រូវបាន​កៀង​ចូល​ក្រោល​នៅពេល​យប់​រួចហើយ នោះ​អ្នកគង្វាល​នឹង​ដេក​នៅ​ច្រកទ្វារ ជា​របាំង​ការពារ​ផ្លូវ​ប្រយោជន៍​កុំ​ឲ្យ​សត្វ​សាហាវ ឬ ចោរលួច​អាច​ធ្វើ​បាប​ចៀម​ខ្លួន » (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ២៣១–៣២) ។

  • តើ​សកម្មភាព​របស់​អ្នក​គង្វាល​ទាំងនេះ​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ចំពោះ​យើង​ដូចម្តេច​ទៅ ?

  • តើ​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​ប្រទាន​ព្រះជន្ម​ទ្រង់ « ពេញ​បរិបូរណ៍ » (​យ៉ូហាន ១០:១០) ដល់​អស់​អ្នក​ដែល​ធ្វើ​តាម​ទ្រង់​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១០:១១-១៥​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើលអ្វី​ផ្សេង​ទៀត ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​​ពី​អ្នក​គង្វាល​ល្អ​ធ្វើ ។ ចូរ​ចង្អុល​បង្ហាញ​ថា អ្នក​ស៊ី​ឈ្នួល​ម្នាក់ គឺ​ជា​មនុស្ស​ដែល​ជំរុញ​ចិត្ត​ខ្លួន​ឲ្យ​ធ្វើ​ការងារ​ ​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​តែ​ប៉ុណ្ណោះ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ឡើង​មក​ក្ដារខៀន ហើយ​សរសេរ​នូវ​អ្វី​ផ្សេង​ទៀត​ដែល​ពួកគេ​បាន​រកឃើញ​អំពី​អ្នក​គង្វាល​ល្អ នៅ​ក្រោម ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ ។ ( ចម្លើយ​អាច​រួម​មាន​ដូច​ខាងក្រោម ៖ ទ្រង់​លះបង់​ជិវិត​សម្រាប់​ចៀម​របស់​ទ្រង់ ទ្រង់​ស្គាល់​ចៀម​របស់​ទ្រង់ ហើយ​ចៀម​របស់​ទ្រង់​ស្គាល់​ទ្រង់ ) ។

  • តើ​អ្វី​ទៅ​ដែល​អ្នក​គង្វាល​ម្នាក់​សុខចិត្ត​ធ្វើ ប៉ុន្តែ​អ្នក​ស៊ី​ឈ្នួល​ពុំ​ព្រម​ធ្វើ ?

  • តើសេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀន អំពី​ព្រះអង្គ​សង្គ្រោះ​មកពី​ខគម្ពីរទាំង​នេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែចូរ​ប្រាកដ​ថា​​​ពួកគេ​​ស្គាល់សេចក្ដីពិត​​ដូចខាងក្រោម​នេះ ៖ ក្នុង​នាម​ជា​អ្នក​គង្វាល​ល្អ​មួយ​រូប​ ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​ពួក​យើង​ម្នាក់ៗ ហើយ​ថ្វាយ​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​ពួក​យើង ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ក្រោម​ឃ្លា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ ) ។

សូម​រំឭក​សិស្ស​ពី​អ្នក​គង្វាល​នៅ​បញ្ចឹម​ប្រទេស ​ដែល​បាន​ស្គាល់​កូនចៀម​នីមួយៗ​របស់​ខ្លួន​ផង​ដែរ ។

  • តើ​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​ស្គាល់​អ្នក​ច្បាស់​ប៉ុណ្ណា ?

  • តើ​របៀប​ដែល​អ្នក​រស់នៅ​សព្វថ្ងៃ​អាច​ត្រូវបានប្រែប្រួល​យ៉ាង​ណា​ខ្លះ ដោយ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​ស្គាល់​អ្នក ហើយ​មាន​ព្រះឆន្ទៈ​ថ្វាយ​ព្រះជន្ម​ទ្រង់​សម្រាប់​អ្នក​ដូច្នេះ ?

សូម​ពន្យល់​ថា បន្ទាប់​ពី​ទ្រង់​បាន​បង្រៀន​ថា ទ្រង់​នឹង​លះបង់​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​យើង នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ចង្អុល​បង្ហាញ​ពី​រឿង​មួយ​ផ្សេង​ទៀត​ដែល​ទ្រង់​នឹង​ធ្វើ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១០:១៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើលអ្វី​ផ្សេង​ទៀត​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ធ្វើ​សម្រាប់​ចៀម​របស់​ទ្រង់ ( មានន័យ​ថា រាស្ត្រ​របស់​ទ្រង់ ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ធ្វើ​អ្វីខ្លះ​សម្រាប់​ចៀម​របស់​ទ្រង់ ?

  • តើ​ខគម្ពីរ​នេះ​ចង្អុល​បង្ហាញ​អ្វីខ្លះ​អំពី​ទីតាំង​របស់​ចៀម​ទ្រង់ ?

សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​កំពុង​បង្រៀន​ពួក​សាសន៍​យូដា​នៅក្នុង​ក្រុង​យេរូសាឡិម​ថា ទ្រង់​នឹង​ជួប​កូនចៅ​របស់​ព្រះ​នៅ​ទឹកដី​ផ្សេង​ទៀត បង្រៀន​ពួកគេ​អំពី​ដំណឹង​ល្អ​ទ្រង់ ហើយ​នាំ​ពួកគេ​ចូល​មក​ឯ​ហ្វូងចៀម​ទ្រង់ ( សាសនាចក្រ​ទ្រង់ ) ។ សូម​ពន្យល់​ថា ព្រះគម្ពីរមរមន​បាន​ពន្យល់​អំពី​ខគម្ពីរ​នេះ ។

សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ប្ដូរ​វេន​គ្នា​អាន​នៅក្នុង នីហ្វៃទី ៣ ១៥:១៥–១៧, ២១, ១៦:១–៣ ។ អ្នក​គួរ​ស្នើរ​ឲ្យ​សិស្ស​សរសេរ​សេចក្ដីយោង​នេះ​​នៅ​រឹម​នៃ​ព្រះគម្ពីរ​របស់​ខ្លួន នៅ​ក្បែរ យ៉ូហាន ១០:១៦ ។

  • តើ​ខគម្ពីរ​ទាំង​នេះ​ជួយ​យើង​យល់​កាន់តែ​ច្បាស់​ពី យ៉ូហាន ១០:១៦​បាន​ដោយ​របៀប​ណា ? ( ពាក្យ « ចៀម​ផ្សេង​ទៀត » សំដៅ​ទៅ​លើ​ពួក​សាសន៍​នីហ្វៃ និង​ពូជ​អំបូរ​ដែល​វង្វេង ពុំ​មែន​ពួក​សាសន៍​ដទៃ​ទេ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​អាន យ៉ូហាន ១០:១៧-១៨ដោយ​រកមើល​គោល​លទ្ធិ​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ ។ សុំ​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលលទ្ធិ​ខាង​ក្រោម​នេះ ៖ ក្នុង​នាម​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះចេស្ដាដើម្បី​ដាក់​ព្រះជន្ម​ទ្រង់​ចុះ ហើយ​យក​មកវិញ​បាន ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ​ទាំងឡាយ ដែល​បង្រៀន​អំពី​គោលការណ៍​នេះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ) ។

  • ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​មាន​ទាំង​លទ្ធភាព​ដើម្បី​សុគត និង​លទ្ធភាព​ដើម្បី​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បន្ទាប់​ពី​សុគត​ដូច្នេះ ? ( មកពី​មាតា​ទ្រង់ ម៉ារា​​ ជាស្ត្រីដែលជីវិត​រមែង​ស្លាប់ នោះ​ព្រះយេស៊ូវ​គ្រង​មរតក​នៃ​មតភាព​រួម​មាន​នូវ​សមត្ថភាព​ដែល​អាច​ស្លាប់ ។ មក​ពី​អេឡូហិម ​ជាព្រះ​វរបិតា​របស់​ទ្រង់ នោះ​ទ្រង់​គ្រង​មរតក​នៃ​អមតៈភាព និង ព្រះ​ចេស្តា​ដើម្បី​រស់នៅ​ជា​រៀង​រហូត ។ ហេតុដូច្នេះហើយ ទ្រង់​បាន​គ្រង​មរតក​នូវ​លទ្ធភាព​ដើម្បី​សុគត ហើយ​មាន​ព្រះជន្ម​ឡើង​វិញ ដែល​ជា​កត្តា​ចាំបាច់​ដើម្បី​ឲ្យ​ព្រះយេស៊ូវ​អាច​មាន​លទ្ធភាព​ធ្វើ​ដង្វាយធួន​បាន ។ [ សូម​មើល​មេរៀន​ស្ដីពី ម៉ាថាយ ១–២ ] ) ។

សូម​សង្ខេប យ៉ូហាន ១០:១៩–២៤ ដោយ​ពន្យល់​ថា បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ការណ៍​ទាំង​នេះ​ហើយ នោះ​មនុស្ស​បាន​ខ្វែងគំនិត​គ្នា ​ថាតើ​ព្រះយេស៊ូវ​គឺ​ជា​នរណា ។ ពួកគេ​បាន​មករក​ព្រះយេស៊ូវ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​បង្ខំ​ទ្រង់​ឲ្យ​ប្រាប់​ពី​អត្តសញ្ញាណ​ពិត​របស់​ទ្រង់​ថា​ជា​ព្រះគ្រីស្ទ ។

យ៉ូហាន ១០:២៥-៤២

ព្រះយេស៊ូវ​ប្រកាស​ថា ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​ឲ្យ​ឡើង​មក​ខាង​មុខ​ក្ដារខៀន ។ ចូរ​យក​កន្សែង​បិទ​មុខ​សិស្ស​ម្នាក់​នោះ រួច​ប្រាប់​ឲ្យ​សិស្ស​បី​បួន​នាក់​ផ្សេង​ទៀត​ប្ដូរ​វេន​គ្នា​និយាយ​ពាក្យ​មួយ​ជាក់លាក់ ( ឧទាហរណ៍ « អ្នក​គង្វាល » ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ដែល​បិទ​មុខ​ជិត​ស្ដាប់​ទៅ​សិស្ស​ម្នាក់ៗ​ដែល​និយាយ​ពាក្យនោះ​ ហើយ​សម្រេចថាតើ​គាត់​អាច​ស្គាល់​សិស្ស​ដែល​និយាយ​ពាក្យ​នោះ​បាន​ដែរ​ឬអត់ តាមរយៈ​សំឡេង​របស់​ពួកគេ ។

  • ហេតុអ្វី​មាន​សំឡេងខ្លះ ​ងាយ​នឹង​​ស្គាល់​ជាង​សំឡេង​ដទៃ​ទៀត ?

សូម​ប្រាប់​សិស្ស​នោះ​ឲ្យ​ដោះ​កន្សែង​ចេញ ហើយ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១០:២៥-៣០​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ការ​ឆ្លើយ​តប​របស់​​ព្រះអង្គសង្គ្រោះ​ចំពោះ​សំណួរ​របស់​ប្រជាជន​​ ឲ្យ​ប្រាប់​ពួកគេ​ថា​តើ​ទ្រង់​គឺ​ជា​ព្រះគ្រីស្ទ​មែន ឬ មិនមែន ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​យ៉ាង​ដូចម្តេច​ខ្លះ​អំពី​ចៀម​របស់​ទ្រង់​ ? ( ចៀម​របស់​ព្រះអង្គ​សង្គ្រោះ​ស្ដាប់​សំឡេង​ទ្រង់ ហើយ​ដើរ​តាម​ទ្រង់ ) ។

  • យោងតាម ខ​ទី ២៨តើ​អ្នក​ដែល​ស្ដាប់​តាម​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ដើរ​តាម​ទ្រង់​នឹង​ទទួល​បាន​អ្វី ?

  • តើ​គោលការណ៍​អ្វី​ខ្លះ ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​នឹង​រកឃើញ​គោលការណ៍​ខុសៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ដើម្បី​គូសបញ្ជាក់​ថា ប្រសិនបើ​យើង​ស្គាល់​សំឡេង​នៃ​អ្នក​គង្វាល​ល្អ ហើយ​ធ្វើ​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ដឹកនាំ​យើង​ឆ្ពោះ​ទៅ​រក​ជីវិត​​អស់កល្ប​ជានិច្ច ។ សូម​សរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ក្រោម​ឃ្លា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ ។ អ្នក​គួរ​ណែនាំ​សិស្ស​ឲ្យ​សរសេរ​គោលការណ៍​នេះ​ នៅ​​រឹម​ទំព័រ​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ យ៉ូហាន ១០:២៧-២៨ ) ។

សូម​រំឭក​សិស្ស​ពី​សិស្ស​ទីពីរ​ដែល​បាន​បិទមុខ និង​លទ្ធភាព​របស់​គាត់​ក្នុងការ​ស្គាល់​សំឡេង​មិត្ត​រួម​ថ្នាក់​របស់​ខ្លួន ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​ស្គាល់​សំឡេង​របស់​ព្រះអង្គសង្គ្រោះ ? ( សូមមើល​ផងដែរ គ. និង ស. ១៨:៣៤-៣៦ ) ។

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យកាន់តែ​ស្គាល់​សំឡេង​របស់​ព្រះអង្គសង្គ្រោះ ?

  • តើ​យើងអាច​បង្ហាញ​ថា​ យើង​ដើរ​តាម​ព្រះអង្គសង្គ្រោះ​តាមរបៀប​ណា ?

សូម​ទុកពេល​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​របៀប​ ដែល​ពួកគេ​អាច​ស្ដាប់​ឮ​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ​ហើយ​ដើរ​តាម​ទ្រង់​កាន់​តែ​ប្រសើរ​ឡើង ។ សូម​អញ្ជើញ​ឲ្យ​សរសេរ​ចំណុច​មួយ​ណា​ក៏​បានក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ (១) គោលដៅ​មួយ​ដើម្បី​យក​ចិត្ត​ទុកដាក់​ស្តាប់​កាន់តែ​ច្រើន​ដល់​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ និង របៀប​ជាក់លាក់​នានា​ដែល​ពួកគេ​អាច​ធ្វើ​បែប​នោះ​បាន ឬ (២) គោលដៅ មួយ​ដើម្បី​ធ្វើ​តាម​សំឡេង​របស់​ទ្រង់​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង និង របៀប​ដែល​ពួកគេ​ដាក់​ផែនការ​ដើម្បី​ធ្វើ​វា ។

សូម​សង្ខេប យ៉ូហាន ១០:៣១–៤២ ដោយ​ពន្យល់​ថា បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ថ្លែង​ទីបន្ទាល់​ថាទ្រង់ និង​ព្រះវរបិតា​របស់​ទ្រង់​គឺ​តែ​មួយ នោះ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ចង់​យក​ដុំថ្ម​ចោល​ដាក់​ទ្រង់​ ដោយសារការប្រើប្រមាថព្រះ ។ ប៉ុន្តែ ទ្រង់​បាន​ឆ្លើយតប​ចំពោះ​ការចោទ​ប្រកាន់​របស់​ពួកគេ ទំនុក​ដំកើង ៨២:៦ដែល​អាន​ថា « យើង​បាន​និយាយ​ថា ឯង​រាល់​គ្នា​ជា​ព្រះ ហើយ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុតទាំង​អស់​គ្នា » ។ ក្រោយមក​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ពួក​សាសន៍​យូដាថា ហេតុអ្វី​ពួកគេ​ចោទ​​ទ្រង់​អំពី​ការ​ប្រើ​ពាក្យ​ប្រមាថដល់ព្រះ កាល​ទ្រង់​មាន​ព្រះបន្ទូល​ថា ​ទ្រង់​គឺ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​នៅពេល​ដែល​ព្រះគម្ពីរ​ចែង​ថា ពួក​យើង​គឺ​ជា​កូនចៅ​នៃ​ព្រះ ហើយ​ខ្លួន​យើង​អាច​ក្លាយ​ដូច​ជា​ព្រះ ។

សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត និង​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង យ៉ូហាន ១០ ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​វា ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ១០:៣០ ។ « ខ្ញុំ​ហើយ និង​ព្រះវរបិតា គឺ​តែ​មួយ​ព្រះអង្គ​ទេ »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​​ពី​អត្ថន័យ​នៃ​ការ​ប្រកាស​ថា ព្រះអង្គសង្គ្រោះ​គឺតែ​មួយជាមួយ​នឹង​ព្រះវរបិតា​របស់​ទ្រង់ ៖

« មាត្រា​នៃ​សេចក្តី​ជំនឿ​ទីមួយ និង ដំបូង​គេ​របស់​យើង​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ « យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច និង ដល់​ព្រះរាជ​បុត្រា​ទ្រង់​គឺព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ » [មាត្រានៃសេចក្តីជំនឿ ១:១] ។ យើង​ជឿ​លើ​តួអង្គ​នៃ​ក្រុមព្រះ​ទាំង​បី​អង្គ​ ដែល​រួម​គ្នា​ជា​ក្រុម​ព្រះ​តែមួយ​ដែល​មាន​គោល​បំណង លក្ខណៈ ទីបន្ទាល់ និងបេសកកម្ម​តែមួយ ។ យើង​ជឿ​ថា ​ពួក​អង្គ​ទ្រង់​នឹង​ត្រូវបាន​បំពេញ​ដោយ​អារម្មណ៍​នៃ​សេចក្តី​មេត្តា​ករុណា និង សេចក្តី​ស្រឡាញ់​ព្រមទាំង​ព្រះគុណ សេចក្តីអត់ធ្មត់ ការអភ័យទោស និង សេចក្តី​ប្រោសលោះ​ដូច​គ្នា ។ ខ្ញុំ​គិត​ថា​វា​ត្រឹមត្រូវ​ដើម្បី​និយាយ​ថា​យើង​ជឿ​ថា ពួក​ទ្រង់​មាន​ព្រះទ័យតែ​មួយ​ក្នុង​គ្រប់​ទិដ្ឋភាពដ៏​សំខាន់ និង អស់កល្បជានិច្ច ប៉ុន្តែ សូម​កុំ​ជឿ​ថា​ពួក​ទ្រង់​គឺ​ជា​តួអង្គ​បី ដែល​រួម​​គ្នាតែ​មួយ​ឡើយ ជំនឿ​ដែល​ថា​ពួកទ្រង់​គឺជាត្រៃ​ទេព​ជា​តួអង្គ​តែ​មួយ​ពុំ​មាន​ឡើយ ​នៅក្នុង​ព្រះគម្ពីរ​ដោយ​សារ​វា​មិន​ពិត​ទេ ( « The Only True God and Jesus Christ Whom He Hath Sent » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ​ ២០០៧ ទំព័រ ៤០ ) ។

អែលឌើរ ប៊ី អេជ រ៉ូប៊ឺត ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់​បាន​ជួយ​យើង​ឲ្យ​យល់ដឹង​ពី​ការ​ពិចារណា​រក​ហេតុផល​របស់​ព្រះអង្គ​សង្គ្រោះ​ ដោយការមិនព្រមឆ្លើយតប​នឹង​ពួក​ផារិស៊ី​ ដែល​បានចោទទ្រង់​ថា​ប្រើ​ពាក្យ​ប្រមាថ ៖

« ចូរ​សង្កេត​មើល​ថា ការ​សន្ទនា​ខាង​លើ កាល​ព្រះយេស៊ូវ​ត្រូវបានចោទថា​ទ្រង់​តាំង​ខ្លួនទ្រង់​ធ្វើ​ជា​ព្រះ នោះ​ទ្រង់​ពុំ​បាន​បដិសេធ​ការចោទនោះទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ទ្រង់​បាន​បញ្ជាក់​ដល់​ពួកគេ​ថា ព្រះ​នៅ​ក្នុង​ក្រឹត្យ​វិន័យ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​សាសន៍​អ៊ីស្រាអែល​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​មួយ​ចំនួន​ថា— ‹ អ្នករាល់គ្នា​គឺជា​ព្រះ › ។ ហើយ​លើស​ពី​នេះ​ទៀត ព្រះយេស៊ូវ​បានជជែកតវ៉ា ប្រសិន​បើ​ជន​ដែល​ព្រះ​បន្ទូល​នៃ​ព្រះ​ហៅ​ថាជា​ព្រះ​នៅ​ក្នុង​ក្រឹត្យវិន័យ​យូដា ហើយ​ព្រះគម្ពីរ​ក៏​បាន​ប្រកាស​ដែរ នោះ​វាមិន​អាច​រំលង​បាន​ឡើយ —ហេតុអ្វីបាន​ជា​សាសន៍​យូដា​ត្អូញត្អែរ កាល​ទ្រង់​ដែល​ជា​ព្រះគ្រីស្ទ ជា​អង្គ​ដែល​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ​ជា​ពិសេស​ដោយ​ព្រះ​ជា​ព្រះវរបិតា ហៅ​អង្គ​ទ្រង់​ថា​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​នោះ ? » (  វ៉ុលទី ៣ [ ឆ្នាំ​១៩០៩–១១ ] ១:៤៦៥–៦៦ ) ។

យ៉ូហាន ១០:២៧ ។ « ចៀមខ្ញុំ … ស្ដាប់ខ្ញុំ ហើយមកតាមខ្ញុំ » ។

ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន​អំពី​វិធី​ផ្សេងៗ ​ដែល​យើងអាច​ស្ដាប់​ឮ​សំឡេង​របស់​ព្រះអង្គសង្គ្រោះ ។

« ប្រសិន​បើ​យើង​នឹង​រស់​នៅ​ដោយ​សក្ដិសម នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង—​តាម​រយៈការលេចមករបស់ព្រះអង្គដោយ​ផ្ទាល់ ឬ​ដោយ​សំឡេង​របស់​ទ្រង់ ឬ​ដោយ​សំឡេង​របស់​ទ្រង់​ចូល​មក​ក្នុង​គំនិត​របស់​យើង ឬ​ដោយ​ដក់​ជាប់​នៅ​ក្នុង​ដួងចិត្ត និង​ព្រលឹង​របស់​យើង ។ មែនហើយ តើ​យើង​គួរ​មាន​អំណរគុណ​បែប​ណា​ទៅ ប្រសិន​បើ​ព្រះអម្ចាស់​បញ្ជូន​សុបិន​មួយ​ដល់​យើង​ ដែល​​បើក​សម្ដែង​ដល់​យើង​ពី​ភាព​ស្រស់​ស្អាត​នៃ​ភាព​អស់​កល្ប​ជានិច្ច ឬ​ការ​ព្រមាន និង​ការ​ដឹកនាំ​មួយ​សម្រាប់​ការ​លួងលោមជាពិសេស​របស់​យើង ។ មែនហើយ ប្រសិន​បើ​យើង​រស់​នៅ​ដូច្នោះ​មែន នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​ទៅ​រក​សេចក្ដី​សង្គ្រោះ​របស់​យើង និង​ប្រយោជន៍​របស់​យើង » (  [ ឆ្នាំ​ ២០០០ ] ទំព័រ ៥១-៥២ ) ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ៖

« តើ​យើង​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ? ដោយ​អនុវត្ត​សេចក្ដីជំនឿ ។ ដោយ​ជឿ​លើ​ទ្រង់ ។ ដោយ​ជឿ​លើ​ព្រះវរបិតា​សួគ៌​យើង ។ ដោយ​ជឿ​ថា ព្រះ​មាន​បន្ទូល​មក​កាន់​មនុស្ស​លោក​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ។

« យើង​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ដោយ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង—ដោយ​ដក​ពិសោធន៍​ភាព​សោកសៅ​ដោយ​សារ​អំពើបាប​នោះ ហើយ​បោះបង់​វា​ចោល ។

« យើង​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ដោយ​ចូល​ទៅ​ក្នុង​ទឹក​នៃ​ពិធី​បុណ្យជ្រមុជទឹក ហើយ​ទទួល​ការ​ផ្ដាច់​បាប​ពី​អំពើបាប​របស់​យើង ដោយ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អនុញ្ញាត​​ឲ្យ​ព្រះចេស្ដា​នោះ​បំផុស​គំនិត ណែនាំ ដឹកនាំ ហើយ​លួង​លោម​ដល់​យើង ។

« តើ​យើង​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ? ដោយ​គោរព​ប្រតិបត្តិ​ទ្រង់ ។ ទ្រង់ និង​ព្រះវរបិតា​សួគ៌​របស់​យើង​បាន​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង—ពុំមែន​ដើម្បី​ដាក់​ទោស ឬ​ធ្វើ​ទុក្ខទោស​យើង​ទេ ប៉ុន្តែ​ដើម្បី​ជួយ​យើង​ឲ្យ​មក​រក​ភាព​ពេញ​លេញ​​នៃសេចក្តី​អំណរ ទាំង​នៅ​ក្នុង​ជីវិត​នេះ និង​ដល់​ភាព​អស់​កល្ប​ជានិច្ច ក្នុង​ពិភពលោក​ដែល​គ្មាន​ទីបញ្ចប់​នេះ » ( « Follow Me » Ensign ខែ ​ឧសភា ឆ្នាំ​ ២០០២ ទំព័រ ១៦–១៧ ) ។