បណ្ណាល័យ
មេរៀន​ទី ៧៥ ៖ យ៉ូហាន ១៥


មេរៀន​ទី ៧៥

យ៉ូហាន ១៥

សេចក្ដីផ្ដើម

នា​ល្ងាច​ចុងក្រោយ​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ក្រោយ​ពី​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សាវក​របស់​ទ្រង់​ថា ទ្រង់​គឺជា​ដើម​ទំពាំង​បាយ​ជូរ​ពិត ហើយ​ថា​ពួក​សិស្ស​របស់​ទ្រង់​គឺជា​មែក ។ ទ្រង់​បាន​បញ្ជា​ដល់​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​បាន​ព្រមាន​ពួកគេ​ពី​ការបៀតបៀន​ដែល​ពួកគេ​នឹង​ជួប​ ដោយសារ​តែ​ពួកគេ​ទាក់ទង​ជាមួយ​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១៥:១-១១

ព្រះយេស៊ូវ​ពន្យល់​ថា ទ្រង់​គឺ​ជា​ដើម​ទំពាំងបាយ​ជូរពិត

ពីមុន​ថ្នាក់​ចាប់ផ្ដើម ចូរ​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​ពាក្យ ជោគជ័យ កើត​ទុក្ខ សប្បាយ មនុស្ស​ស្លាប់ មាន​ប្រយោជន៍ គ្មាន​ផលប្រកប​ដោយ​ផ្លែ​ផ្កា មាន​ផល ផ្លែយ៉ាង​ច្រើន ច្រើន​ក្រៃ​លែង និង បរាជ័យ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា​ ពួកគេ​កំពុង​សម្លឹង​មើល​ទៅ​ជីវិត​របស់​ខ្លួន​នៅ ​៦០ ឆ្នាំ​ក្រោយ​ពី​ពេល​ឥឡូវ​នេះ ។

  • តើ​ពាក្យ​ណាមួយ ​ដែល​អ្នក​ចង់​ប្រើ​ដើម្បី​ពិពណ៌នា​ពី​ជីវិត​របស់​អ្នក ? ហេតុអ្វី ?

រូបភាព
grapevine

ចូរ​គូរ​រូប​ដើម​ទំពាំង​បាយជូរ​មួយ​នៅ​លើ​ក្ដារខៀន ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​ដល់សិស្ស​ឲ្យ​ចម្លង​គំនូរ​នោះ​ នៅ​ក្នុង​សៀវភៅ​កត់ចំណាំ​ការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កំណត់​ហេតុសិក្សា​ព្រះគម្ពីរ ។ សូម​ពន្យល់ថា ព្រះយេស៊ូវ​បាន​ប្រើ​រឿង​ប្រៀបប្រដូច​អំពី​ផ្លែ​ទំពាំង​បាយជូរ ដើម្បី​ជួយ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​យល់​ពី​របៀប​​ដើម្បី​មាន​ជីវិត​ដែល​បង្កើត​ផ្លែផ្កា មាន​គំនិត​ច្នៃ​ប្រឌិត និង មាន​ភាពបរិបូរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៥:១-៥ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​ថាតើ​ធាតុ​នៃ​ពាក្យ​ប្រៀបធៀប​តំណាង​ឲ្យ​អ្វី ។

  • តើ​ដើម​ទំពាំង​បាយជូរ​តំណាង​ឲ្យ​អ្វី ? ( សូម​សរសេរ​ស្លាក​សម្រាប់​ដើម​ទំពាំង​បាយ​ជូរ​នៅ​លើ​ក្ដារខៀន​ថា ព្រះ​យេស៊ូវគ្រីស្ទ ) ។

  • តើ​មែក​តំណាង​ឲ្យ​អ្វី ? ( សូម​សរសេរ​ស្លាក​សម្រាប់​មែក​ថា សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • ប្រសិនបើ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ចម្ការ​ទំពាំងបាយជូរ ហើយ​យើង​គឺជា​ខ្នែង​របស់​វា​នោះ តើ​ផ្លែ​តំណាង​ឲ្យ​អ្វី ? ( ផ្លែ​អាច​តំណាង​ឲ្យ​កិច្ចការ និង​ទង្វើ​សុចរិត​ដែល​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​គួរតែ​បង្ក​បង្កើតឡើង ។ សូរ​សរសេរ​ស្លាក​សម្រាប់​ផ្លែ​ថា កិច្ចការ​សុចរិត ) ។

សូម​ចង្អុល​បង្ហាញ​ពាក្យ អ្នក​ដាំ នៅក្នុង ខទី ១ ។

  • តើ​អ្នក​ដាំ​ជា​នរណា ? ( មនុស្ស​ម្នាក់​ដែល​ថែទាំ​ចម្ការ​ទាំងបាយ​ជូរ ) ។

  • យោងតាម​ ខ​ទី ១–២តើ​ព្រះវរបិតា​សួគ៌​ប្រៀប​បាន​នឹង​អ្នក​ដាំ​ដោយ​របៀប​ណា ? ( សូម​ពន្យល់​ថា ព្រះជា​ព្រះវរបិតា​បាន​ដាំ​ដើម​ទំពាំង​បាយ​ជូរ​ពិត [ ព្រះយេស៊ូវគ្រីស្ទ ]​ដែល​មនុស្ស​ដទៃ​នឹង​ទទួល​បាន​ការ​ចិញ្ចឹម​បីបាច់ ) ។

សូម​បង្ហាញ​​ដល់​សិស្ស នូវមែកតូច​មួយ​ដែល​អ្នក​បាន​កាច់​មក​ពី​ដើម​ឈើ​មួយ ហើយ​ពន្យល់​ថាតើ​អ្នក​នឹង​មាន​អារម្មណ៍​រីករាយ​បែបណា សម្រាប់​ពេល​ដែល​អ្នក​អាច​បេះផលផ្លែ​មួយ​ចំនួន​ពី​មែក​នេះ​មក​ទទួលទាន ។ ចូរ​សួរ​ដល់​សិស្ស​ថា តើ​ពួកគេ​គិត​ថា​អ្នក​នឹង​អាច​ទទួលទាន​ផលផ្លែ​នោះ​មក​ពី​មែក​នោះ​នៅពេល​ណា​ដែរ ។

  • ហេតុអ្វី​មែក​នេះ​នឹង​ពុំ​ផ្ដល់​ផល​ផ្លែ​អ្វីសោះ​ឡើយ ? ( ដោយសារ​វា​បាន​កាច់​ចេញ​ពី​ដើម វា​មិន​អាច​ទទួល​ការ​ចិញ្ចឹម​បីបាច់​ឲ្យ​បង្កើត​ផល​ផ្លែ​បាន​ទេ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៥:៤-៥ ឲ្យ​ឮៗ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​ដើរ​តាម រក​មើល​ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​បន្ទូល​ថា​ អ្វី​ទៅ​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​មែក​មួយ​មាន​ផល​ផ្លែ ។

  • តើ​ព្រះយេស៊ូវ​បាន​បន្ទូល​ថា​អ្វី​ទៅ​ ដែល​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​មែក​មួយ​មាន​ផល​ផ្លែ ? ( មែក​នោះ​ត្រូវ​តែ « នៅ​ជាប់ »​ នឹង​ដើម​ទំពាំង​បាយ​ជូរ ) ។

  • តើ​មែក​នេះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​បាន​បែក​ចេញ ឬ​បាន​កាត់ចេញ​ពី​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​គូសចំណាំ​ឧទាហរណ៍​នីមួយៗ​នៃ​ពាក្យ នៅ​ជាប់បាន​ជាប់នឹង នៅក្នុង ខទី ៤–៥​ ។ សូម​ពន្យល់​ថា ពាក្យ នៅជាប់ពេល​ប្រើ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ មានន័យ​ថា បន្ដ​នៅ​យ៉ាង​រឹងមាំ ហើយ​ស្ថិតស្ថេរ​ជានិច្ច​ជាប់​នឹង​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ( សូមមើល ជែហ្វ្រី អ័រ ហូឡិន « Abide in Me » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ) ។

  • យោងតាម ខ​ទី ៥តើ​លទ្ធផល​នៃ​ការ​នៅជាប់ ឬ​ការ​តភ្ជាប់​យ៉ាង​រឹងមាំ​នឹង​ព្រះអង្គ​សង្គ្រោះ​ជា​អ្វី ? ( សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​នាំ​មក​នូវ​ផលផ្លែ​យ៉ាង​ច្រើន ) ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ហើយ … ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​វិធី​មួយ ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ ហើយ​នៅ​ជាប់​នឹង​សេចក្ដីស្រឡាញ់​របស់​ទ្រង់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យ​ឮៗ ៖

« វាគឺ … តាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់ តាមរយៈ​សេចក្តីជំនឿ​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ពួកគេ ដែល​បុគ្គល​ទាំងឡាយ​នឹង​ទទួល​បាន​កម្លាំង និង​ជំនួយ​ដើម្បី​ធ្វើ​កិច្ចការ​ល្អ​នានា បើ​ពុំ​ដូចនោះ​ទេ​ពួកគេ​​នឹង​មិន​មាន​លទ្ធភាព​ដើម្បី​បន្ត​ឡើយ ប្រសិនបើ​ត្រូវ​ទុក​ឲ្យ​ពួកគេ​ធ្វើ​ដោយ​ខ្លួនឯង​នោះ ។ ព្រះគុណ​នេះ គឺជា​អំណាច​មួយ​ដែល​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ដែល​អនុញ្ញាត​ឲ្យ​បុរស និង​ស្ត្រី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច និង​ការលើក​តម្កើង បន្ទាប់​ពី​ពួកគេ​បាន​ពង្រីក​ការខិតខំ​របស់​ពួកគេ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់ » ( Bible Dictionary « Grace » )

  • តើ​វិធី​មួយ​ចំនួន​ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ពង្រឹង​យើង​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​មាន​អ្វីខ្លះ ?

សូម​សង្ខេប យ៉ូហាន ១៥:៦–៨​ដោយ​ពន្យល់​ថា​ព្រះអង្គ​សង្គ្រោះ បាន​បង្រៀន​ថា អស់​អ្នក​ដែល​ពុំ​នៅ​ជាប់​នឹង​ទ្រង់ គឺ​ដូច​ជា​មែក​ដែល​ត្រូវបាន​កាត់​ចេញ ។ វា​ស្វិតស្លោក ហើយ​ងាប់ ប៉ុន្តែ​បុគ្គល​ម្នាក់​ដែល​នៅ​ជាប់​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ​បង្កើត​កិច្ចការ​សុចរិត​ដែល​សរសើរ​តម្កើង​ដល់​ព្រះ ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​នៅ​ជាប់​ជាមួយ ឬ មាន​ទំនាក់ទំនង​យ៉ាង​រឹងមាំ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៥:៩-១១​ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ និង ពរជ័យ​ដែល​ពួកគេ​នឹង​បាន​ទទួល ។

  • តើព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់ឲ្យ​ធ្វើអ្វីខ្លះ ?

  • តើ​ការ​គោរព​តាម​ព្រះបញ្ញត្តិ​អនុញ្ញាត​ឲ្យ​យើង​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ដោយ​របៀប​ណា ? ( សូម​ពន្យល់​ថា កាល​ព្រះវរបិតា និង ព្រះរាជបុត្រា​ស្រឡាញ់​ពួក​យើង​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ និង​អស់​កល្ប​ជានិច្ច ការរក្សា​បទបញ្ញត្តិ​របស់​ពួក​ទ្រង់​ធ្វើ​ឲ្យ​យើង​ទទួល​បាន​នូវ​ពរជ័យ​ដ៏​ពេញលេញ ដែល​ពួក​ទ្រង់​មាន​ព្រះទ័យ​ប្រទាន​ដល់​យើង​ដោយ​សេចក្តី​ស្រឡាញ់ [ សូមមើល នីហ្វៃទី ១ ១៧:៣៥​,​ ​គ. និង ស ៩៥:១២, ១៣០:២០–២១] ) ។

  • យោងតាម ខ​ទី ១១ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​នៅ​ជាប់​នឹង​ទ្រង់ ហើយ​នាំ​មក​នូវ​កិច្ចការ​សុចរិត ?

ចូរ​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​បំពេញ​ឃ្លា​មិន​ពេញ​លេញ​នៅ​លើ​ក្ដារខៀន​នោះ​យ៉ាង​ដូចម្ដេច ដើម្បី​ឲ្យ​វា​ក្លាយ​ជា​គោលការណ៍​មួយ​ ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​បាន​អាន​​នៅ​ក្នុង ខ​ទី ១១ ។ ( សូម​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន ដោយ​ប្រើ​ពាក្យ​របស់​សិស្ស​ដើម្បី​នាំ​ទៅ​រក​គោលការណ៍​ខាង​ក្រោម​នេះ ៖ ប្រសិនបើយើង​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​ នោះ​យើង​នឹង​នៅជាប់​ជាមួយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​អំណរ​ពោរពេញ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ការ​នៅជាប់​ជាមួយ​ព្រះអង្គសង្គ្រោះ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​នូវ​សេចក្តី​អំណរ​ពេញលេញ ?

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ដែល​មាន​អំណរ ដោយសារ​គាត់​នៅជាប់​នឹង​ព្រះអង្គសង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​អំពី​មនុស្ស​ម្នាក់ ​ដែល​ពួកគេ​គិត​ដល់ ហើយ​​ពន្យល់​ពី​ហេតុផល​ដែល​បុគ្គល​ម្នាក់​នោះ​គឺជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​គោលការណ៍​នេះ ។ អ្នក​ក៏​គួរ​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប ​ដែល​នៅ​ជាប់​នឹង​ព្រះអង្គ​សង្គ្រោះ​បាន​នាំ​យក​អំណរ​ឲ្យ​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​វិធី​ ដែល​ពួកគេ​អាច​បន្ត​នៅ​ជាប់​យ៉ាង​រឹងមាំ​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​ក្រោយ​មក​ទទួល​បាន​អំណរ​កាន់តែ​ប្រសើរ​ឡើង ។

យ៉ូហាន ១៥:១២-១៧

ព្រះយេស៊ូវ​បញ្ជា​ពួក​សិស្ស​របស់​ទ្រង់​​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

សូម​សរសេរ​នៅ​លើ ក្ដារខៀន នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ( សេចក្ដីថ្លែង​ការណ៍​នេះ​មាន​នៅ​ក្នុង « The Mission and Ministry of Jesus Christ » Ensign ខែ មេសា ឆ្នាំ ​២០១៣ ទំព័រ ៣៨ ) ។

« ច្បាស់ណាស់ ភស្ដុតាង​ដ៏​ល្អ​បំផុត​នៃ​ការគោរពស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេស៊ូវ គឺ​ការយក​គំរូ​តាម​ទ្រង់​របស់​យើង » ( ប្រធាន រ័សុល អិម ណិលសុន ) ។

សូម​គូស​បន្ទាត់​ក្រោម​ពាក្យ សេចក្តីស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់ និង ការធ្វើ​គំរូ​តាម នៅ​ក្នុង​ឃ្លា​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ ដែល​បាន​គូស​បន្ទាត់​ពី​ក្រោម ។ ( សេចក្តីស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់ គឺ​ជា​សេចក្តី​ស្រឡាញ់ និង ការគោរព​​យ៉ាង​ខ្លាំង ហើយ ការធ្វើ​គំរូ​តាម​ទ្រង់ មាន​ន័យ​ថា ត្រាប់​តាម ឬ ចម្លង​តាម ) ។

  • ហេតុអ្វី​អ្នក​គិត​ថា សេចក្ដី​ស្រឡាញ់​ដ៏​ខ្ពង់​ខ្ពស់​ចំពោះ​ព្រះយេស៊ូវ ​គឺជា​វិធី​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​បង្ហាញ​ថា យើង​ស្រឡាញ់ ហើយ​គោរព​ទ្រង់ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានយ៉ូហាន ១៥:១២ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថាតើ​ព្រះអង្គ​សង្គ្រោះ​បានសុំ​ឲ្យ​យើង​ផ្ដល់​សេចក្ដី​ស្រឡាញ់​ដ៏​ខ្ពង់​ខ្ពស់​ដល់​ទ្រង់​យ៉ាង​ដូចម្ដេច ។

  • តើ​ព្រះយេស៊ូវ​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ ព្រះអង្គសង្គ្រោះ​បាន​បង្គាប់​ឲ្យ​យើង​ស្រឡាញ់​គ្នា ដូចជា​ទ្រង់​ស្រឡាញ់​យើង ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពិចារណា​គូស​ចំណាំ​សេចក្ដី​ពិត​នេះ​នៅ​ក្នុង ខ​ទី ១២ ) ។

  • តើអ្នក​គិត​ថា ដើម្បី​ស្រឡាញ់​មនុស្ស​ម្នាក់​តាម​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​អ្នក មានន័យ​យ៉ាងដូចម្តេច ?

សូម​អញ្ជើញ​សិស្ស​អាន យ៉ូហាន ១៥:១៣–១៧ដោយ​ស្ងៀម​ស្ងាត់​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ស្រឡាញ់​យើង ។ បន្ទាប់ពី​ឲ្យ​ពេល​គ្រប់គ្រាន់ហើយ សូម​បំបែក​ពួកគេ​ជា​គូ ហើយ​សុំ​ឲ្យ​ពួកគេ​ពិភាក្សា​គ្នា​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ បន្ទាប់មក សួរ​​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • យោងតាម ខ​ទី ១៣តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​បំផុតគឺជាអ្វី ?

  • តើ​ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​តាម​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​អត្ថន័យ​នៃ​ការ​លះបង់​ជីវិត​របស់​យើង សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដោយ​អែលឌើរ ក្លូឌីអូ អរ អែម កូស្តា នៃ​ពួក​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ក្លូឌីអូ អរ អែម កូស្តា

« [ ព្រះយេស៊ូវគ្រីស្ទ ] បាន​ប្រទាន​ដល់​យើង​ពី​គំរូ​ដ៏អស្ចារ្យ​នៃ​សេចក្ដីស្រឡាញ់ កាល​ទ្រង់​បាន​ប្រកាស​ថា ‹ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរ​ជីវិត​ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះទេ › [ យ៉ូហាន ១៥:១៣ ] ។ ក្រោយ​មក​ទៀត ទ្រង់​បាន​ធ្វើ​ធួន​សម្រាប់​អំពើបាប​របស់​យើង​រាល់គ្នា ហើយ​នៅ​ទី​បំផុត​បាន​លះបង់​ជីវិត​របស់ទ្រង់​សម្រាប់​យើង​គ្រប់​គ្នា ។

« យើង​អាច​លះបង់​ជីវិត​របស់​យើង​ចំពោះ​អស់​អ្នក​ដែល​យើង​ស្រឡាញ់​បាន​ដោយ​ពុំ​មែន​ដោយ​ស្លាប់​ខាង​រូបកាយ​របស់​យើង​សម្រាប់​ពួកគេ​ឡើយ ប៉ុន្តែ​ដោយ​ការរស់​នៅ​សម្រាប់​ពួកគេ—គឺ​ផ្តល់​ពេល​វេលា​របស់​យើង មាន​វត្តមាន​ជានិច្ច​នៅក្នុង​ជីវិត​របស់​ពួកគេ បម្រើ​ពួកគេ មាន​ភាព​គួរសម មាន​សេចក្តី​សប្បុរស ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ពិត​ចំពោះ​អស់​អ្នក​ដែល​ជា​គ្រួសារ​របស់​យើង និង ដល់​មនុស្ស​ទាំងអស់ —ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន » (« Don’t Leave for Tomorrow What You Can Do Today » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៧៤ ) ។

  • យោង​តាម​អែលឌើរ កូស្តា តើ​វិធី​មួយ​ចំនួន​ដែល​យើង​អាច​លះបង់​ជីវិត​របស់​យើង​សម្រាប់​មនុស្ស​ដទៃទៀត​មាន​អ្វីខ្លះ ?

  • តើ​ធ្លាប់​មាន​នរណា​ម្នាក់​បាន​លះបង់​ជីវិត​ខ្លួន​តាម​របៀប​មួយ​បែប​នេះ​សម្រាប់​អ្នក​នៅ​ពេល​ណា ?

សូម​អញ្ជើញ​សិស្ស​សញ្ជឹងគិត​ពី​ព្រះបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ស្រឡាញ់​គ្នា​ដូច​ជា​ទ្រង់​ស្រឡាញ់​យើង ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​ពីរ​បី​នាទី​ ដើម្បី​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​ អំពី​មនុស្ស​ម្នាក់​ដែល​ពួកគេជឿថា ព្រះអង្គ​សង្គ្រោះ​សព្វព្រះទ័យ​ឲ្យ​ពួកគេ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ពី​ផែនការ​មួយ​ពី របៀប ដែល​ពួកគេ​នឹង​ធ្វើ​រឿង​នោះ ។

យ៉ូហាន ១៥:១៨-២៧

ព្រះយេស៊ូវ​ព្រមាន​ពួក​សិស្ស​របស់​ទ្រង់​អំពី​ការបៀតបៀន ដែល​ពួកគេ​នឹង​ជួប​ប្រទះ​ចំពោះ​ការថ្លែង​ទីបន្ទាល់​អំពី​ទ្រង់

សូម​ពន្យល់​ថា​បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ការនៅ​ជាប់​នឹង​ទ្រង់ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញ​ទៅមក នោះ​ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួកគេ​ ដោយសារ​តែ​សាក្សី​ពិសេស​ដែល​ពួកគេ​មាន​អំពី​ទ្រង់ និង​ទំនួល​ខុស​ត្រូវ​ដើម្បី​ចែកចាយ​។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអានយ៉ូហាន ១៥:១៨-២០​​​ឲ្យ​ឮៗ ហើយសុំ​ឲ្យសិស្ស​ក្នុងថ្នាក់​រក​មើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ថា តើ​លោកិយ​នេះ​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​សិស្ស​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច ។ ( សូម​ពន្យល់​ថា នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ពាក្យ « លោកិយ » ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​ប្រព្រឹត្ត​បាប ហើយ​បដិសេធ​ព្រះ ) ។

  • តើ​ព្រះយេស៊ូវបាន​មាន​បន្ទូល​ថា ​លោកិយ​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​សិស្ស​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

អ្នក​គួរ​ចង្អុល​បង្ហាញ​ដល់​សិស្ស​ថា ដោយសារ « លោកិយ​បាន​ស្អប់ »​ ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ នោះ​សិស្ស​នឹង​ទំនង​ជា​ជួបការ​ប្រឆាំង​នឹង​ពួក​មរមន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រមទាំង​វិបសាយ​ដែល​ពេញ​ដោយ​ការ​ស្អប់ ។ សិស្ស​មួយ​ចំនួន​នឹង​ជួប​នូវ​ការ​បដិសេធ ការ​ចំអក និង​ការ​បំភិតបំភ័យ​តាម​រយៈ​ឥរិយាបថ​ខឹងសម្បារ រួម​ទាំង​ការ​ផ្ញើសារ​បំភ័យ​ផង​ដែរ ។

ប្រសិន​បើ​អាច​ធ្វើ​បាន អ្នក​គួរ​ពិចារណា​ណែនាំ​សិស្ស​ពី​របៀប និង​ទីកន្លែង​ស្វែង​រក​ចម្លើយ​សម្រាប់​ការ​ចោទប្រកាន់​ ដែល​ពេញ​ដោយ​ការ​ស្អប់​ទាស់​នឹង​សាសនាចក្រ ។ បន្ថែម​ពី​លើ​ការ​ស្វែង​រក​ជំនួយ​ពី​ពួក​មជ្ឈិមវ័យ ​ដែល​ទុក​ចិត្ត សិស្ស​អាច​ស្វែង​រក​ធនធាន​តាម​អ៊ិនធើរណែត​នៅ , lds.org/topics និង seektruth.lds.org ។

សូម​សង្ខេប យ៉ូហាន ១៥:២១–២៥ ដោយ​ពន្យល់​ថាព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា ​អស់​អ្នក​ដែល​ស្អប់​ទ្រង់ ក៏​ស្អប់​ព្រះវរបិតា​ដែរ ហើយ​ថា​ពួកគេ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ជម្រើស​របស់​ពួកគេ ។

សូម​ពន្យល់​ថា ទោះបី​ជា​មាន​ការស្អប់ខ្ពើម និង ការបៀតបៀន​ពី​សំណាក់​មនុស្ស​ដទៃ​ចំពោះ​ពួក​អ្នក​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ក្តី ក៏​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​របៀប​នានា​សម្រាប់​ពិភពលោក ដើម្បី​ទទួល​នូវ​ទីបន្ទាល់​អំពី​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​អាន យ៉ូហាន ១៥:២៦-២៧ដោយ​ស្ងៀម​ស្ងាត់​រកមើល​សាក្សី​ដែល​នឹង​ថ្លែង​ទីបន្ទាល់​ អំពី​ព្រះយេស៊ូវគ្រីស្ទ​ទៅ​កាន់​ពិភព​លោក ។

  • តើ​នរណា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា នឹង​ថ្លែង​ទីបន្ទាល់​ពី​ទេវភាព​របស់​​ទ្រង់ ? ( ព្រះវិញ្ញាណបរិសុទ្ធ និង​ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ ) ។

សូម​អញ្ជើញ​សិស្ស​សញ្ជឹង​គិត​អំពី​គោលការណ៍ និង​សេចក្ដីពិត​នានា​ នៅ​ក្នុង​មេរៀន​​នេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ ​នូវ​អារម្មណ៍​ដែល​ពួកគេ​ត្រូវបាន​បំផុសគំនិត​ឲ្យ​ធ្វើ ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត ​ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ១៥:៤-៥ ។ ប្រសិនបើ​យើង​នៅជាប់​នៅក្នុង​ព្រះអង្គ​សង្គ្រោះ នោះ​យើង​នឹង​បង្កើត​កិច្ចការ​សុចរិត

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ពី​អត្ថន័យ​នៃ​ការ​នៅជាប់​នឹង​ព្រះអង្គ​សង្គ្រោះ ៖

« ‹ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ › [ យ៉ូហាន ១៥:៤ ] គឺជា​បញ្ញត្តិ​ដែល​អាច​យល់​បាន ហើយ​មាន​ន័យ​ល្មម​គ្រប់គ្រាន់​នៅ​ក្នុង​ព្រះគម្ពីរប៊ីប​របស់​ស្តេច​ជេមស៍​ជា​ភាសា​អង់គ្លេស ប៉ុន្តែ​ពាក្យ​ថា ‹ នៅ​ជាប់​នឹង › ជា​ពាក្យ​ដែល​ឈប់​ប្រើ​ច្រើន​ទៀត​ហើយ ។ ដូច្នេះ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​អំណរ​គុណ​ចំពោះ​ការ​ដាស់តឿន​នេះ​មក​ពី​ព្រះអង្គ​សង្គ្រោះ កាល​ខ្ញុំ​បាន​ណែនាំ​ឲ្យ​ស្គាល់​ការ​បកប្រែ​នៃ​សារលិខិត​នេះ​ជា​ភាសា​មួយ​ទៀត ។ ក្នុង​ភាសា​អេស្ប៉ាញ ឃ្លា​ស្រដៀង​គ្នា​នោះ​ត្រូវ​បាន​ប្រែ​ថា ‹ permaneced en mi  ដូចជា​ភាសា​អង់គ្លេស​ដែរ កិរិយាសព្ទ ‹ នៅ​ជប់​នឹង › permanecer មាន​ន័យ​ថា ‹ បន្ត នៅ › ប៉ុន្តែ​សូម្បី​តែ [ ពួក​អ្នក​និយាយ​ភាសា​អង់​គ្លេស ] ដូច​ជា​រូបខ្ញុំ​ក៏​អាច​ស្ដាប់​ដឹង​ពី​ឫស​គល់​ដូចគ្នា​នៃ​ពាក្យ ‹ អចិន្ត្រៃយ៍ភាព › ​ដែរ ។ ដូច្នេះ​អត្ថន័យ​នៃ​ពាក្យ​នេះ​គឺ ‹ នៅ—ប៉ុន្តែ​នៅ​ជារៀងរហូត › ។ នោះ​គឺជា​ការ​អំពាវនាវ​នៃ​សារលិខិត​នៃដំណឹងល្អ​ដល់ [ មនុស្ស​គ្រប់​រូប ] ​នៅ​ក្នុង​ពិភពលោក ។ ចូរ​មកប៉ុន្តែ​ត្រូវ​នៅ​បន្ត ។ ចូរ​មក​ដោយ​ជំនឿស៊ប់ និង​ការ​ស៊ូទ្រាំ ។ ចូរ​មក​ជាអចិន្ត្រៃយ៍​សម្រាប់​ប្រយោជន៍​របស់​អ្នក និង​ប្រយោជន៍​នៃ​រាល់​ជំនាន់​ក្រោយ​អ្នក​ទៀត ។ …

« … ព្រះគ្រីស្ទ​គឺជា​អ្វីៗ​គ្រប់​យ៉ាង​ចំពោះ​យើង ហើយ​យើង​ត្រូវ ‹ នៅ​ជាប់​នឹង › ​ទ្រង់​ជា​អចិន្ត្រៃយ៍ ឥត​ងាករេ ខ្ជាប់ខ្ជួន​ជា​រៀង​រហូត ។ ដើម្បី​ផលផ្លែ​នៃ​ដំណឹងល្អ​រីក​ឡើង ហើយ​ឲ្យ​ពរ​ដល់​ជីវិត​យើង យើង​ត្រូវ​តែ​នៅ​ជាប់​នឹង​ទ្រង់​ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់គ្នា និង​ចំពោះ​សាសនាចក្រ​របស់​ទ្រង់​ដែល​មាន​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ទ្រង់​គឺជា​ដើម​ទំពាំងបាយជូរ​ដែល​ជា​ប្រភព​ពិត​នៃ​កម្លាំង និង​ជា​ប្រភព​តែមួយ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( « Abide in Me » EnsignLiahona ខែ ​ឧសភា ឆ្នាំ​ ២០០៤ ទំព័រ ៣២ ) ។

អែលឌើរ ជេមស៍ អិម ប៉ារ៉ាម័រ នៃ​ពួក​ចិតសិប​នាក់​បាន​បង្រៀន​អំពី​របៀប​ដែល​ព្រះ​បញ្ជូន​សេចក្ដីស្រឡាញ់ និង​ព្រះចេស្ដា​របស់​ទ្រង់​ដល់​ជន​ ដែល​គោរព​តាម​ព្រះ​បញ្ញត្តិ ៖

« នៅ​ពេល​យើង​ស្វែង​រក​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ដោយ​ការអធិស្ឋាន និង​ដោយ​ការ​រៀនសូត្រ និង​ការ​គោរព​តាម​ព្រះបញ្ញត្តិ ទ្រង់​បញ្ជូន​សេចក្ដីស្រឡាញ់​របស់​ទ្រង់ និង​ព្រះចេស្ដា​​របស់​ទ្រង់​ជាច្រើន​ដល់​យើង ។ មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ថ្លែង​ទីបន្ទាល់​ថា បន្ទូល​របស់​ទ្រង់ ‹ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ›​( យ៉ូហាន ១៥:១០ )​គឺ​ពិត ។ បន្ទាប់មក ដូចដែល​ព្រះអង្គសង្គ្រោះ​បាន​បន្ទូល នោះ​យើង​ចាប់ផ្ដើម​ភ្ជាប់​ខ្លួន​យើង​ធ្វើ​ជា​មែក​ទៅ​នឹង​ ‹ ដើម​ទំពាំង​ជូរ​ពិត › ហើយ​ទទួល​បាន​កម្លាំង និង​អំណាច​ដូច​គ្នា ហើយ​អាច​រំពឹង​ថា​នឹង​ទទួល​បាន​ផល​ផ្លែ​ដូចគ្នា ។ ( សូមមើល យ៉ូហាន ១៥:១-៦ ) ។ ( « Love One Another » Ensign ខែ​ ឧសភា ឆ្នាំ ​១៩៨១ ទំព័រ ៥៤ ) ។

យ៉ូហាន ១៥:៨-១៤ ។ « នោះ​ទើប​នឹង​បង្កើតផលឡើង​ជាច្រើន »

ប្រធាន យ៉ូហាន ថេលើរ បាន​បង្រៀន​ថា យើង​ត្រូវ​មាន​ចិត្ត​រាបសា ស្មោះត្រង់ ឧស្សាហ៍ ហើយ​គោរព​ប្រតិបត្តិ ប្រសិន​បើ​យើង​ចង់​ធ្វើ​ជា​មែក​ដែល​មាន​ផលផ្លែ​ល្អ ៖

« ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ម្នាក់​អ្នក​ពោល​ថា ‹ ខ្ញុំ​គិត​ថា ខ្ញុំ​យល់​ពី​កាតព្វកិច្ច​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត › ។ នោះ​អាច​ការ​ពិត ។ អ្នក​ឃើញ​មែក​តូចៗ វា​មាន​ពណ៌​បៃតង កំពុង​លូតលាស់ ហើយ​បង្ហាញ​ពី​រូបភាព​នៃ​ជីវិត វា​ទទួល​ខុសត្រូវ​ផ្នែក​របស់​វា​នៅ​ក្នុង​ដើម​ឈើ​នោះ ហើយ​ភ្ជាប់​នឹង​ទង មែក និង​ឫស ចុះ​តើ​ដើមឈើ​អាច​រស់​ដោយ​គ្មាន​វា​បានទេ ? មែន​ហើយ ពិត​ជា​អាច ។ វា​មិន​ត្រូវការ​អួតខ្លួន​ឯង ហើយ​លើក​តម្កើង ដោយ​ពោលថា ‹ ខ្ញុំលូតលាស់​ខៀវខ្ចី​អ្វីម៉្លេះ ហើយ​ខ្ញុំស្ថិត​នៅ​ក្នុង​ទីតាំង​ល្អ​ម៉្លេះហ្ន៎ ខ្ញុំ​ធ្វើ​បាន​ល្អ​អ្វី​ម៉្លេះ​ទេ ហើយ​ខ្ញុំ​ស្ថិត​នៅ​កន្លែង​ដ៏​ត្រឹមត្រូវ ហើយ​ខ្ញុំ​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ › ។ ចុះ​តើ​អ្នក​អាច​ធ្វើ​វា​ដោយ​គ្មាន​ឫស​បាន​ទេ ? ទេ អ្នក​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ផ្នែក និង​ទីតាំង​ត្រឹមត្រូវ​របស់​អ្នក​នៅ​ក្នុង​ដើម​ឈើ​នោះ ។ វា​ក៏​ដូចជា​មនុស្ស​ដែរ ។ នៅ​ពេល​ពួកគេ​កំពុង​ធ្វើ​ផ្នែក​ខ្លួន នៅ​ពេល​ពួកគេ​កំពុង​ពង្រីង​ការ​ហៅ​ខ្លួន ដោយ​រស់​នៅ​តាម​សាសនា​របស់​ពួកគេ ហើយ​ដើរ​ក្នុងការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់ នោះ​ពួកគេ​មានបំណែក​មួយ​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ​​ដើម្បី​បានជា​ប្រយោជន៍ ។ ហើយ​កាល​ពួកគេ​មាន​ចិត្ត​រាបសា ស្មោះត្រង់ ឧស្សាហ៍ ហើយ​គោរព​តាម​ក្រឹត្យវិន័យ និង​ព្រះបញ្ញត្តិ​នៃ​ព្រះ ពួកគេ​ឈរ​នៅ​ក្នុង​កន្លែង​ដ៏​ត្រឹមត្រូវ​របស់​ខ្លួន​នៅ​លើ​ដើម​ឈើ​នោះ ពួកគេ​កំពុង​រីកលូតលាស់ ត្រួយពន្លក ផ្កា ស្លឹក និង​អ្វីៗ​អំពី​ពួកគេ​គឺ​ត្រឹមត្រូវ ហើយ​ពួកគេ​បង្កើត​ផ្នែក​មួយ និងចំណែកតូចៗ​នៃ​ដើម​ឈើនោះ » ​( ថ្ងៃ​ទី ១៦ ខែ ​ធ្នូ ឆ្នាំ​ ១៨៥៧ ទំព័រ ៣២៣ ) ។

យ៉ូហាន ១៥:១៣ ។ « គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ »

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ចែកចាយ​អារម្មណ៍​របស់​លោក​អំពី យ៉ូហាន ១៥:១៣ ៖

« ព្រះយេស៊ូវ​ជា​មិត្ត​របស់​ខ្ញុំ ។ គ្មាន​នរណា​ផ្សេង​ទៀត​បាន​ផ្ដល់​ដល់​ខ្ញុំ​ច្រើន​បែប​នេះ​ទេ ។ ‹ គ្មាន​​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរជីវិត​ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះទេ › (យ៉ូហាន ១៥:១៣) ។ ទ្រង់​បាន​ប្រទាន​ជីវិត​របស់​ទ្រង់​ដល់​ខ្ញុំ ។ ទ្រង់​បាន​បើក​ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ មាន​តែ​ព្រះ​ទេ ទើប​អាច​ធ្វើ​ការណ៍​នេះ​បាន ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​ត្រូវបាន​ចាត់ទុកថា​មាន​ភាពសក្ដិសម​ជា​មិត្ត​ម្នាក់​ដល់​ទ្រង់ » ( « My Testimony » Ensign ខែ​ ឧសភា ឆ្នាំ​ ២០០០ ទំព័រ​ ៧១ ) ។