បណ្ណាល័យ
មេរៀន​ទី ៧៧ ៖ យ៉ូហាន ១៧


មេរៀនទី ៧៧

យ៉ូហាន ១៧

សេចក្ដីផ្ដើម

ពីមុនព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​នៅ​ក្នុងសួនច្បារគេតសេម៉ានី ទ្រង់បាន​ផ្ដល់ការ​អធិស្ឋាន​ទូល​សូមជំនួស​ដ៏មហិមា​របស់ទ្រង់ ។ ទ្រង់បាន​អធិស្ឋាន​សូម​ឲ្យ​ពួកសិស្ស​របស់​ទ្រង់ និង​អស់អ្នកដែលចូលមក​រកទ្រង់​នឹង​អាច​ស្គាល់ព្រះវរបិតាសួគ៌ ហើយទទួលបានជីវិត​ដ៏អស់កល្បជានិច្ច ហើយទ្រង់បានអធិស្ឋាន​សូម​ឲ្យពួកគេ​អាច​នឹង​បានក្លាយទៅជា​តែមួយ​ជាមួយ​នឹង​ទ្រង់ និងព្រះបិតា​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១៧:១-៨

ព្រះយេស៊ូវ​គ្រីស្ទ​បានថ្លែង​ទៅកាន់ព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋាន

សូមអញ្ជើញសិស្ស​ឲ្យ​ប្រាប់ឈ្មោះ​មនុស្ស​ដែលពួកគេ​ស្គាល់ ។ បន្ទាប់មក ​សុំ​ឲ្យពួកគេ​ប្រាប់ឈ្មោះមនុស្ស​ដែលពួកគេស្គាល់​ជាងគេបំផុត​នៅក្នុងជីវិត​ពួកគេ ។

  • តើ​ការដឹងអំពីនរណា​ម្នាក់ និង​ការ​ស្គាល់​ពិត​អំពី​បុគ្គល​នោះមានភាព​ខុសគ្នា​យ៉ាងណា ?​

  • តើ​ត្រូវ​ធ្វើអ្វីខ្លះ​ដើម្បីស្គាល់​មនុស្ស​ម្នាក់ពិត ?

  • តើបុគ្គលមួយចំនួន​ណាខ្លះ ​ដែល​អ្នក​មានអារម្មណ៍​ថា​សំខាន់​ដើម្បីនឹង​ស្គាល់​ពួកគេ​ឲ្យបាន​ល្អ​ប្រសើរនោះ ? ហេតុអ្វី ?

ចូរ​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​បានបង្រៀនអំពី​សារៈសំខាន់​នៃ​ការ​មកស្គាល់ព្រះ​វរបិតាសួគ៌ និង​ទ្រង់​ផ្ទាល់ ។ សូមអញ្ជើញសិស្ស​ឲ្យ​រកមើល​សេចក្ដីពិត នៅពេលពួកគេ​សិក្សាយ៉ូហាន ១៧ដែល​នឹងជួយ​ពួកគេឲ្យ​មកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

ដើម្បីជួយសិស្ស​ឲ្យយល់​បរិបទ​នៃយ៉ូហាន ១៧សូមចង្អុល​បង្ហាញ​ថា នៅពេលមួយ ចន្លោះ​ពេល​ដែល​ព្រះអង្គសង្គ្រោះ និងពួកសិស្ស​របស់ទ្រង់​បាន​ទទួលទាន​អាហារ​យប់ចុង​ក្រោយ និងពេល​ដែលពួកគេ​ចូល​ទៅក្នុងសួនច្បារ​គេតសេម៉ានី ព្រះយេស៊ូវ​បាន​ធ្វើការ​អធិស្ឋាន​មួយ ដែលតាម​ទំនៀមទម្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ការ​អធិស្ឋានទូលសូម​ជំនួស ។ អត្ថន័យ​មួយ​នៃ​ពាក្យជួយ​អង្វរ​គឺ​ជា​ការ​និយាយទៅនរណាម្នាក់​ជំនួស​ឲ្យ​មនុស្ស​ម្នាក់​ផ្សេងទៀត ។ នៅក្នុងករណី​នេះ ព្រះយេស៊ូវ​គ្រីស្ទ បានមានបន្ទូល​ទៅ​ព្រះវរបិតាសួគ៌​ជំនួសឲ្យ​ពួក​សិស្ស​របស់ទ្រង់ ដែលទូល​អង្វរ​សូម​ឲ្យ​ពួកគេ​អាច​ទទួលបាន​ជីវិតអស់កល្ប​ជានិច្ច ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៧:១-៣ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​​រកមើលរបៀប​​ដែល​ព្រះអង្គ​សង្គ្រោះ​​​បាន​ពិពណ៌​នា​​អំពីជីវិត​ដ៏​អស់កល្បជានិច្ច​ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​ពី​អំពីជីវិត​អស់កល្បជានិច្ច​យ៉ាង​ដូចម្តេច​ខ្លះ ?

  • ផ្អែកទៅលើខទី ៣តើអ្នក​នឹង​ថ្លែង​យ៉ាងដូច​ម្ដេច អំពី​គោល​ការណ៍​មួយ​ដែលបង្រៀន​ពីអ្វី​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បីទទួលបានជីវិត​អស់កល្ប​ជានិច្ច​ ? ( សិស្ស​អាច​នឹង​ប្រើពាក្យ​សម្ដីផ្សេងៗគ្នា ប៉ុន្តែ​ចូរ​ប្រាកដថា វា​ច្បាស់លាស់ថា​ដើម្បីទទួលបានជីវិត​អស់កល្បជានិច្ច យើង​ត្រូវ​តែ​ស្វែងស្គាល់​ព្រះវរ​បិតាសួគ៌ និងព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ )

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃការស្គាល់ព្រះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោមដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី

« វាគឺជា​រឿងមួយដើម្បីដឹងអំពីព្រះ និងជារឿងមួយទៀត​ដើម្បីស្គាល់ទ្រង់ ។ យើងនឹង​ដឹងអំពីទ្រង់ នៅពេល​យើង​រៀនថា ទ្រង់គឺជា​តួអង្គ​មួយ​ដែល​រូប​​មនុស្ស​ត្រូវបាន​បង្កើតឡើង​តាម នៅពេល​យើងដឹង​ថា​ ព្រះរាជបុត្រា​មានរូបភាព​នៃ​អង្គព្រះបិតា​របស់ទ្រង់ នៅពេល​យើង​រៀន​ថា ទាំងព្រះបិតា និងព្រះរាជបុត្រា​មាន​លក្ខណៈ និង​អំណាច​ជាក់លាក់ ។ ប៉ុន្តែ​យើង​ស្គាល់ទ្រង់ នៅក្នុងន័យ​នៃ​ការ​ទទួលបានជីវិត​អស់កល្បជានិច្ច នៅ​ពេល​​យើង​រីករាយ និង​មានបទពិសោធន៍​នូវ​រឿង​ដូចគ្នា​ដែល​ទ្រង់ទាំងពីរ​អង្គ​មាន ។ ដើម្បីស្គាល់ព្រះ គឺ​ត្រូវគិត​ដូចជា​ទ្រង់​គិត មានអារម្មណ៍ដូចជាទ្រង់​មាន មានអំណាច​ដូចដែលទ្រង់មាន យល់សេចក្ដីពិត​ដូច​ដែលទ្រង់យល់ ហើយ​ធ្វើ​​អ្វី​ដែលទ្រង់ធ្វើ ។ អ្នកទាំងឡាយ​ដែល​ស្គាល់​ព្រះ​ប្រែក្លាយដូចជាទ្រង់ ហើយមាន​ជីវិត​ដូចជា​ជីវិត​ទ្រង់ ដែលជាជីវិត​អស់កល្បជានិច្ច » (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៧៦២ ) ។

  • តើការ​ស្គាល់​ព្រះបិតា និងព្រះរាជបុត្រា ខុសពីការគ្រាន់តែ​ដឹងអំពី​​ពួក​ទ្រង់​យ៉ាងដូចម្ដេច ?

  • ហេតុអ្វី​មនុស្ស​ម្នាក់​មិនអាច​ទទួលបានជីវិត​ដ៏អស់កល្បជានិច្ច​ បើគេ​ពុំស្គាល់ព្រះជា​ព្រះបិតា និង​ព្រះយេស៊ូវគ្រីស្ទដូច្នេះ ?

  • តើមាន​វិធីណាខ្លះ​ដែល​យើងអាចបាន​ស្គាល់ព្រះបិតា និងព្រះរាជបុត្រា ?

សូមសង្ខេបយ៉ូហាន ១៧:៤-៥ដោយពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​រាយការណ៍​ទៅកាន់ព្រះបិតា​ទ្រង់​ថា ទ្រង់​បានបញ្ចប់កិច្ចការ​ដែល​ព្រះ​បិតា​របស់ទ្រង់​បានប្រទាន​ឲ្យទ្រង់​ធ្វើ​ ។ ទ្រង់បាន​ទូល​សូម​ព្រះបិតា​ទ្រង់​ឲ្យ​ប្រទាន​សិរីល្អ​ទ្រង់ដូចគ្នា​នឹង​សិរីល្អ​ដែលទ្រង់មាន​នៅក្នុងជីវិត​មុនជីវិត​លើផែនដី ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៧:៦-៨ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​នូវ​អ្វី​ដែលពួកសិស្ស​បានធ្វើ​ដើម្បី​បានស្គាល់​ព្រះអង្គ​សង្គ្រោះ ។

  • តើពួកសិស្ស​បានធ្វើអ្វីខ្លះ​ដើម្បីបានស្គាល់ព្រះអង្គសង្គ្រោះ ? ( អ្នកអាច​នឹង​ចង់​លើកទឹកចិត្តសិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា « គេ​ក៏ទទួលយក » និង « ក៏​ជឿ » នៅក្នុងខទី ៨ ) ។

យ៉ូហាន ១៧:៩-១៩

ព្រះអង្គ​សង្គ្រោះ​អធិស្ឋាន​សម្រាប់​ពួកសិស្ស​របស់ទ្រង់

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៧:៩ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​​​រកមើល​ថានរណា​​ដែល​ព្រះអង្គ​សង្គ្រោះ​​​បាន​អធិស្ឋានឲ្យជាក់​លាក់​នោះ ។

  • តើ​ព្រះអង្គសង្គ្រោះ​អធិស្ឋាន​សម្រាប់​នរណា ពេល​ទ្រង់​ហៀប​នឹង​ចាប់​ផ្ដើម​ធ្វើ​ដង្វាយ​ធួន​នោះ ?

  • ហេតុអ្វី​ក៏​អ្នកគិត​ថា ពួកសាវក​អាច​បានប្រយោជន៍​មកពី​ការ​ស្ដាប់​ព្រះអង្គសង្គ្រោះ​ទូលអង្វរ​ជំនួស​ពួកគេ​នោះ ?

ចូរសរសេរយ៉ូហាន ១៧:១១-១៨នៅលើ​ក្ដារខៀន ។ សូម​ចែក​សិស្ស​ទៅជា​គូ ។ សូមអញ្ជើញសិស្ស​ឲ្យ​សិក្សា​ខគម្ពីរ​ទាំងនេះ​ជាមួយនឹង​ដៃគូ​របស់ពួកគេ ហើយ​រកមើលនូវអ្វី​ដែល​ព្រះយេស៊ូវ​ទូលអង្វរ​ជំនួស​ពួកសិស្ស​របស់ទ្រង់ ។ អ្នក​អាច​គួរអញ្ជើញ​​​សិស្ស​ឲ្យ​គូស​ចំណាំ​អ្វី ដែល​ពួកគេ​បាន​រកឃើញ ។ បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ ចូរ​សុំឲ្យ​ពួកគេខ្លះ​​​​រៀបរាប់​ពី​អ្វី​ដែលពួកគេ​បាន​រក​ឃើញ​ទៅដល់​សិស្ស​ក្នុងថ្នាក់ ។

សូម​ចង្អុល​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះបានប្រាប់​ថា ពួកសិស្ស​របស់ទ្រង់​នឹង​បន្ដ​រស់នៅ​ក្នុង​ពិភពលោក​​មួយ​ដែលមាន​អំពើអាក្រក់ ហើយ​ដែល​ស្អប់ពួកគេ ។

  • តើយើងអាច​រៀន​សេចក្ដីពិតអ្វីខ្លះមកពីខទី ១៤-១៦អំពី​ការ​រស់នៅ​ក្នុងពិភពលោក​ ដូចជា​ពួកសិស្ស​របស់ព្រះយេស៊ូវគ្រីស្ទ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរ​សេចក្ដីពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ក្នុងនាមជា​ពួកសិស្ស​របស់ព្រះយេស៊ូវគ្រីស្ទ យើង​រស់នៅក្នុងលោកិយ ប៉ុន្តែ​ពុំ​មែនជា​របស់​លោកិយឡើយ ។

  • តើ​អ្នក​គិត​ថា ការ​រស់ នៅក្នុងលោកិយ ប៉ុន្តែ​ពុំ​មែន​ជា​របស់លោកិយ មាន​ន័យ​យ៉ាង​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« នៅក្នុង​សាសនាចក្រ ជាញឹកញាប់​យើង​ថ្លែង​ពាក្យ​កាព្យ ៖ ‹ នៅ​ក្នុង​លោកិយ ប៉ុន្តែ​ពុំ​មែន​ជា​របស់​លោកិយ​ឡើយ › ។ …

« ប្រហែលជា​យើង​គួរ​ថ្លែង​ពាក្យកាព្យ… ជា​ការ​ដាស់តឿន​ផ្សេងពីរ ។ ទីមួយ‹ នៅ​ក្នុង​លោកិយ ›។ ជាប់ទាក់ទង បាន​ទទួលដំណឹង ។ សូមព្យាយាម​យល់ ហើយ​អត់ធន់ និង​ថ្លែង​អំណរគុណ​ចំពោះ​ភាព​​​ផ្សេងៗ​ពី​គ្នា ។ សូមធ្វើ​ការ​ចែកចាយ​ដ៏មានអត្ថន័យ​ចំពោះ​សង្គម​តាមរយៈ​ការ​បម្រើ និង​​ការ​​ប្រឡូក​​ចូលរួម ។ ទីពីរ‹ ពុំ​មែន​ជា​របស់​លោកិយ ›។ មិនធ្វើតាម​ផ្លូវខុស ឬ​បត់បែន​ដើម្បីសម្រប ឬទទួលយល់ព្រមនឹងអ្វីដែល​មិន​ត្រឹមត្រូវ​ឡើយ​ ។ …

« សមាជិក​នៃ​សាសនាចក្រ​ចាំបាច់​ត្រូវ​ជះឥទ្ធិពល​ ច្រើនជាង​​ទទួល​រង​ឥទ្ធិពល ។ យើង​គួរ​តែ​កាត់​បន្ថយ​នូវកំណើន​នៃ​អំពើបាប និង​សេចក្ដីអាក្រក់ ជំនួស​ឲ្យ​ការ​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​​រងឥទ្ធិពល​នៃ​អំពើ​បាប​នោះ ។ យើងម្នាក់ៗ​ចាំបាច់​ត្រូវ​ជួយដោះស្រាយបញ្ហា ជាជាង​ចៀសវាង ឬ​បដិសេធ​វា » (« The Effects of Television » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៨០ ) ។

  • ហេតុអ្វីព្រះអម្ចាស់​ចង់​ឲ្យយើង​បន្ដ​រស់នៅ​ក្នុងលោកិយ តែ​​ពុំ​មែន​ជា​របស់​លោកិយ ?

សូមអញ្ជើញសិស្ស​ឲ្យធ្វើការ​ជាមួយដៃគូ​ពួកគេ​ម្ដងទៀត ហើយគិតពីគំរូ​មួយ​អំពី​របៀប​ដែល​មនុស្ស​ម្នាក់​អាច​នៅក្នុងលោកិយ ប៉ុន្តែ​ពុំ​មែនជា​របស់​ផង​លោកិយ​នៅក្នុងស្ថានភាព​នីមួយៗ​ដូច​ខាង​ក្រោម ៖

  1. នៅសាលា​រៀន

  2. ជាមួយ​មិត្តភក្ដិ

  3. នៅលើ​អ៊ិនធើណិត

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្ស​ពីរ​បីនាក់​ឲ្យពន្យល់​ដល់សិស្ស​ក្នុងថ្នាក់​អំពីគំរូ​ដែលពួកគេ​គិតនោះ ។ សូមអញ្ជើញសិស្ស​ពីរបីនាក់​ចែកចាយ​បទពិសោធន៍​នានា​ ដែលពួកគេមាន នៅ​ពេល​ពួកគេ ឬ​នរណាម្នាក់​ដែល​ពួកគេស្គាល់ បានបង្ហាញ​ដោយត្រឹមត្រូវ​ពីការ​នៅ​ក្នុងលោកិយ ប៉ុន្តែ​ពុំ​មែនជា​របស់​ផងលោកិយ ។

សូមអញ្ជើញសិស្ស​ឲ្យសរសេរ​នៅក្នុងសៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​ អំពីវិធីជាក់លាក់មួយ ដែលពួកគេ​នឹងព្យាយាម​ដើម្បី​ធ្វើតាមព្រះអង្គសង្គ្រោះ​ឲ្យ​បានកាន់តែ​ល្អ​ប្រសើរ តាមរយៈ​ការ​រស់នៅ​ក្នុងលោកិយ តែ​ពុំ​មែនជា​របស់​ផងលោកិយ ។

យ៉ូហាន ១៧:២០-២៦

ព្រះអង្គ​សង្គ្រោះ​អធិស្ឋាន​សម្រាប់មនុស្ស​ទាំងអស់​ដែល​ទទួល​ដំណឹងល្អ​របស់ទ្រង់

សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យ​មក​ខាង​មុខ​ថ្នាក់ ហើយ​ធ្វើកិច្ចការ​មួយ​ដែល​នឹង​ធ្វើ​ឲ្យដៃ​របស់គាត់​ប្រឡាក់ ( ដូចជា​លុបក្ដារខៀន​ដោយប្រើ​ដៃ ឬ​កកាយយក​អ្វីមួយលាក់​នៅ​ដីល្បាប់មួយចាន ) ។ សូមលើក​ទឹកចិត្តសិស្ស​ឲ្យព្យាយាម​រក្សា​ដៃ​របស់គាត់​បាន​ស្អាត ខណៈ​ដែល​គេ​ធ្វើ​កិច្ចការនោះ ។

បន្ទាប់ពីសិស្ស​បញ្ចប់​កិច្ចការ​នោះ ចូរ​សុំ​ឲ្យ​សិស្ស​បង្ហាញ​ដៃរបស់​គាត់​ដល់សិស្ស​ក្នុងថ្នាក់ ។

  • តើសកម្មភាព​នេះប្រៀបដូចជា​ការខិតខំរបស់​យើង ​ដើម្បីរស់នៅក្នុងលោកិយ តែ​ពុំ​មែនជា​របស់​ផងលោកិយ​យ៉ាងដូចម្ដេច ? ( ទោះជា​យើង​ខិតខំ​អស់ពីលទ្ធភាព​ក្ដី ក៏​យើង​នៅតែ​ពុំ​ស្អាត​ទាំង​ស្រុង​ពី​អំពើ​បាប និង​សេចក្ដី​​អាក្រក់​​ដែល​មាននៅក្នុងលោកិយ​នេះ​ដែរ ) ។

  • ប្រសិនបើ​យើង​ពុំអាច​បាន​ស្អាត​ពីអំពើបាប​របស់យើង តើ​ទីបញ្ចប់យើង​នឹង​ដកពិសោធន៍នឹងផលវិបាក​អ្វីខ្លះ ? ហេតុអ្វី ? ( យើង​នឹង​បំបែក​ចេញ​ពី​វត្តមានរបស់ព្រះ​ជា​រៀងរហូត​ ពីព្រោះ​គ្មាន​វត្ថុ​មិនស្អាត​ណា អាច​រស់នៅក្នុងវត្តមានរបស់ទ្រង់​បានឡើយ [ សូមមើល​នីហ្វៃទី ១ ១៥:៣៣-៣៤] ) ។

អរគុណ​ដល់សិស្ស​ ហើយសុំ​ឲ្យគេ​​អង្គុយចុះ ។

សូមអញ្ជើញ​​សិស្ស​ម្នាក់​អាន យ៉ូហាន ១៧:២០-២៣ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា​តើ​​ព្រះអង្គ​សង្គ្រោះ​​​បាន​អធិស្ឋានសម្រាប់​​អ្វីខ្លះ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​អធិស្ឋានសម្រាប់​អ្វី ? ( អ្នកគួរ​​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូស​ចំណាំ​ពាក្យ​តែមួយ ត្រង់កន្លែង​ណា​ដែល​ឃើញ​មានពាក្យនោះ​នៅក្នុង​ខទី ២០-២៣) ។

  • តើ​អ្វីទៅ ​ដែលធ្វើ​ឲ្យយើង​អាច​ប្រែក្លាយទៅជា​តែមួយជាមួយព្រះបិតា និងព្រះ​រាជបុត្រា​បាន ? ( ពរជ័យ​នៃ​ដង្វាយធួន​របស់ព្រះយេស៊ូវគ្រីស្ទ ដែល​យើង​ទទួល​បាន​តាមរយៈការ​គោរព​តាម​បទបញ្ញត្តិ​​ទាំងឡាយ​របស់ទ្រង់ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ) ។

សូម​សរសេរ​សេចក្តី​ពិតដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ នៅពេល​យើងមករកព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួលពរជ័យទាំងឡាយ​នៃ​ដង្វាយធួន​របស់ទ្រង់ នោះ​យើងអាច​ប្រែក្លាយទៅជា​តែមួយ​ជាមួយព្រះ និងព្រះរាជបុត្រា ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ន័យ​ពិត​នៃ​ពាក្យដង្វាយធួនជាភាសាអង់គ្លេស គឺជា​ភស្ដុតាង​ផ្ទាល់ ៖ at-one-ment ជាការ​នាំ​បញ្ចូល​គ្នានូវ​រឿង​ទាំងឡាយ​ដែល​បាន​បំបែកចេញ ឬ​ឃ្លាត​ឆ្ងាយ​នោះ » (​« The Atonement of Jesus Christ » Ensign ខែ មិនា ឆ្នាំ ២០០៨​ ទំព័រ ៣៤–៣៥ ) ។

  • ចេញ​មកពី​អ្វី​ដែល​អ្នក​ដឹងអំពី​ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហេតុអ្វី​ក៏​អ្នកចង់​ប្រែ​ក្លាយ​ទៅជា​តែមួយជា​មួយនឹង​ពួកទ្រង់ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អានសេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្សក្នុងថ្នាក់ស្ដាប់​រកមើលពរជ័យ​ដែលនឹង​កើតមាន​ចំពោះ​អស់អ្នក​ដែល​ព្យាយាម​ប្រែក្លាយទៅជា​តែមួយ​ជាមួយនឹង​ព្រះវរបិតាសួគ៌ និងព្រះ​យេស៊ូវគ្រីស្ទ ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

«​ យើង​គួរតែ​ព្យាយាម​ដោយ​ស្មោះ ពុំគ្រាន់តែ​ដឹង​អំពី​លោកចៅហ្វាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​ដើម្បី​ព្យាយាម​ដូចជា​ទ្រង់បាន​អញ្ជើញយើង​ឲ្យ​ប្រែក្លាយទៅជា​តែមួយជាមួយនឹងទ្រង់ ( សូមមើល​យ៉ូហាន ១៧:២១) ។ …

« … នៅថ្ងៃ​ខាង​មុខ​នឹង​មានពេញ​ដោយ​ទុក្ខ​ព្រួយ និងការលំបាក ។ ប៉ុន្តែ​ដោយ​ការអះអាង​ជាមួយ​នឹង​ការលួងលោម​នៃ​ទំនាក់​ទំនង​ដោយផ្ទាល់​ជាមួយ​​ព្រះ នោះ​យើង​នឹង​ត្រូវ​បាន​ប្រទាន​នូវ​ដួងចិត្តដ៏​ក្លាហាន​ដោយ​ស្ងប់ស្ងាត់​មួយ » (« That We Might Know Thee » Ensign ខែ មករា ឆ្នាំ ១៩៩៩ ទំព័រ ២, ៥ ) ។

សូមថ្លែង​ទីបន្ទាល់អំពី​សារៈសំខាន់​នៃ​ការ​មក​ស្គាល់ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតា​សួគ៌ ហើយនឹង​អំពី​​ការព្យាយាម​ដើម្បីប្រែក្លាយទៅជាតែមួយ​ជាមួយនឹង​ទ្រង់ទាំងពីរអង្គ ។

សូមអញ្ជើញសិស្ស​ឲ្យពិចារណា​អំពីអ្វី ដែលពួកគេ​អាច​ធ្វើ​ដើម្បីស្គាល់​ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់តែ​ច្បាស់ ហើយពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ពួកទ្រង់ ។

សូម​អញ្ជើញសិស្ស​​ឲ្យកត់ត្រា​​គំនិត​របស់​ពួកគេ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ។ បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្ស​ពីរបីនាក់ដែល​មានឆន្ទៈ​ចែកចាយគំនិត និងអារម្មណ៍ពួកគេជា​មួយនឹង​សិស្ស​ក្នុង​ថ្នាក់ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—យ៉ូហាន ១៧:៣

ដើម្បីជួយសិស្ស​ទន្ទេញចាំយ៉ូហាន ១៧:៣សូម​អញ្ជើញពួកគេ​ឲ្យ​យកកាត​ចំណេះចំណាន​ខគម្ពីរ ​ដែលមានវគ្គ​បទគម្ពីរ​នេះ​ដាក់តាមខ្លួន អំឡុង​សប្ដាហ៍​ក្រោយ ។ សូមលើកទឹកចិត្តពួកគេ​ឲ្យរំឮក​វគ្គបទគម្ពីរ ហើយ​ហាត់​សូត្រវាឡើងវិញ​នៅពេល​មានឱកាស ។ អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យពួកគេ​ព្យាយាម​សូត្រ​វា​ចេញមកពី​ការ​ចងចាំ​ទៅ​កាន់សមាជិក​គ្រួសារ ហើយពន្យល់​អំពី​អត្ថន័យ​របស់​វា ។ នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់​រៀន​នៅពីរបី​ថ្ងៃ​ខាង​មុខទៀត សូមអញ្ជើញសិស្ស​ឲ្យ​រាយ​ការណ៍​អំពី​ការរីក​ចម្រើន​របស់ពួកគេ​ ក្នុងការ​ទន្ទេញចាំ​វគ្គបទគម្ពីរនេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ១៧:៣។ ដើម្បីស្គាល់ព្រះជាព្រះបិតា និងព្រះយេស៊ូវគ្រីស្ទ

ដើម្បីស្គាល់ព្រះជាព្រះបិតា និងព្រះយេស៊ូវគ្រីស្ទ យើងត្រូវ​តែ​មាន​ការ​យល់ដឹង​ត្រឹម​ត្រូវ​មួយ​អំពី​ពួកទ្រង់ ។ មនុស្សជាច្រើន​ជឿ​ថា ព្រះនិង​ក្រុមព្រះ​គឺ​ពុំអាច​យល់​ដឹងទាំងស្រុង​បានទេ ប៉ុន្តែ​នេះ​គឺជា​គោលលទ្ធិ​​ខុសឆ្គង​មុយ ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖

« សេចក្ដីពិត​ដ៏ធំបំផុត​ដែលមនុស្ស​ត្រូវស្គាល់​គឺថា មានព្រះ​មួយអង្គ​គង់នៅឯស្ថាន​សួគ៌ ដែល​នៅ​ជានិរន្ដរ៍ និងអស់កល្បជានិច្ច ដែល​ទ្រង់គឺជា​អង្គបង្កបង្កើត ជាអង្គកាន់ខ្ជាប់ និង​ជាព្រះ​ថែរក្សា​នៃ​វត្ថុគ្រប់​សារពើរ ថាទ្រង់​បាន​បង្កើត​យើង ហើយ​បានបង្កើត​ស្ថានសួគ៌ និង​បានតែងតាំង និង​បាន​បង្កើត​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​មួយឡើង ដើម្បីឲ្យ​យើង​អាច​បាន​រីកចម្រើន​ និងលូតលាស់​ ហើយប្រែក្លាយដូចជាទ្រង់ ។ សេចក្ដីពិត​ទាក់ទង​នឹង​ទ្រង់​គឺថា ទ្រង់គឺជា​ព្រះបិតា​សួគ៌របស់​យើង ថាទ្រង់មាន​រូបកាយ​សាច់ និង​ឆ្អឹង រូបិយដូចជា​មនុស្ស ថា​ទ្រង់គឺ​ជា​តួអង្គពិត ហើយថា​ប្រសិន​បើ​យើង​ជឿ និងគោរព​តាមក្រិត្យវិន័យ​​ទាំងឡាយ​របស់ទ្រង់ នោះ​យើងអាច​ទទួល​បាន​ការ​លើក​តម្កើង​ដែលទ្រង់មាន ។ ឥឡូវ​នោះគឺជា​សេចក្ដីពិត​ដ៏ធំបំផុត ហើយ​ជា​គោលគំនិត​ដ៏រុងរឿង​បំផុត​ដែល​គំនិត​មនុស្ស​បាន​ដឹង » (« The Seven Deadly Heresies » [ Brigham Young University fireside ថ្ងៃទី ១ ខែ​មិថុនា ឆ្នាំ ១៩៨០] ទំព័រ ៧, speeches.byu.edu) ។

យ៉ូហាន ១៧:១២ ។ « វិនាស​តែមួយនាក់ »

វា​បង្ហាញ​ឲ្យឃើញថា ព្រះយេស៊ូវ​គ្រីស្ទ​បានប្រើពាក្យ ​« វិនាស​តែមួយនាក់ » គឺ​សំដៅ​ទៅលើ​ យូដាស អេស្ការីយ៉ុត ដែល​នៅត្រង់​ចំណុច​នេះ​បាន​ចាក​ចោល​ព្រះ​យេស៊ូវ ហើយ​នឹង​ពួក​សាវក​​ដប់មួយ​នាក់ទៀត ដើម្បី​ទៅ​រក​ពួក​អ្នកដឹកនាំ​សាសន៍​យូដា​ពុករលួយ ហើយ​ក្បត់ព្រះយេស៊ូវ​ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានកត់​សម្គាល់​ថា « យូដាស… ប្រហែលជា​ពុំ​មែនជា​អ្នកវិនាស​តែមួយនាក់​នៅ​ក្នុង​ន័យ​ថា​ជា​មនុស្ស​ម្នាក់ដែល​នឹង​ត្រូវ​បណ្ដាសារ​ជារៀងរហូត​នោះទេ ប៉ុន្តែ​ក្នុង​ន័យថា គាត់​គឺជា​កូន ឬ​អ្នកដើរ​តាម​សាតាំង​ក្នុងជីវិត​នេះ ។ ( សូម​មើល ម៉ាថាយ ២៦:២១–២៥» (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៧៦៥ ) ។

យ៉ូហាន ១៧:២០-២៣។ « ទាំងអ្នកណា​ដែល​​នឹង​ជឿ​ដល់​ទូលបង្គំ ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ… »

ទោះជា​ព្រះយេស៊ូវ​បានចាប់​ផ្ដើមការអធិស្ឋានទូល​សូម​​ជំនួស​របស់ទ្រង់​ ដោយការ​អធិស្ឋាន​​សម្រាប់​ពួកសិស្ស​ ដែល​នៅជាមួយទ្រង់​ក្ដី ក៏ទ្រង់​បាន​ពង្រីក​ការអធិស្ឋាន​របស់ទ្រង់​ ដើម្បី​បញ្ចូល​អស់អ្នកដែល​ជឿ​ទៅលើ​ព្រះនាម​ទ្រង់ « តាម​រយៈ​ពាក្យ​របស់​​ពួកគេ​ » ផងដែរ ។​ សមាជិក​នៃ​សាសនាចក្រ​របស់ព្រះអម្ចាស់ នឹងបាន​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​សាក្សី និង​ការ​បង្រៀនទាំងឡាយ​របស់ពួកសាវក ។ ការណ៍​នេះ​ជួយ​យើង​ឲ្យ​យល់អំពី​សារៈសំខាន់​នៃ​ការ​សិក្សា​អំពី​ការ​បង្រៀន​របស់គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​សព្វថ្ងៃនេះ ។ ពាក្យ​ទាំងអ្នកណា​នៅក្នុងខ ២២សំដៅ​ទៅលើ​ពួកសាវក និង​សមាជិក​ស្មោះត្រង់ ដែលបាន​សិក្សា​ការ​បង្រៀនរបស់​ពួកគេ ហើយ​ចុះ​សម្រុង​​ជាមួយ​នឹង​ពួកគេ ដូចជា​ពួកគេ​ចុះ​សម្រុង​ជាមួយ​នឹង​ព្រះរាជ​បុត្រា​នៃ​ព្រះ​ដែរ ។ សម្រាប់​ព័ត៌មានបន្ថែម​អំពី​របៀប​ដែល​យើង​ « បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច » (យ៉ូហាន ១៧:២៣) សូមមើល​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៦៩