មេរៀនសិក្សានៅផ្ទះ
ម៉ាថាយ ២៦:៣១– ម៉ាកុស ៣:៣៥ ( មេរៀនទី ៧ )
សេចក្ដីផ្ដើម
ព្រះយេស៊ូវគ្រីស្ទបានរស់ឡើងវិញ ហើយបានបង្ហាញព្រះកាយដល់បុគ្គលជាច្រើន រួមទាំងពួកសាវករបស់ទ្រង់ ។ ទ្រង់បានបញ្ជាដល់ពួកសាវករបស់ទ្រង់ឲ្យនាំយកដំណឹងល្អរបស់ទ្រង់ដល់គ្រប់ជាតិសាសន៍ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ២៨
ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ហើយបានបង្ហាញព្រះកាយដល់មនុស្សជាច្រើន
ចូរសុំឲ្យសិស្សគិតថាតើពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់ មាននរណាម្នាក់ដែលជិតដិតនឹងពួកគេបានស្លាប់ ។ បន្ទាប់មក សូមសួរសិស្ស ៖
-
ហេតុអ្វីសេចក្ដីស្លាប់របស់មនុស្សជាទីស្រឡាញ់ម្នាក់ ជាការលំបាកសម្រាប់យើង ?
ចូរសុំឲ្យសិស្សស្វែងរកសេចក្ដីពិត នៅពេលពួកគេសិក្សាម៉ាថាយ ២៨ដែលនឹងជួយពួកគេរកបានភាពលួងលោមចិត្ត នៅពេលមនុស្សជាទីស្រឡាញ់ម្នាក់បានស្លាប់ ។
ចូរពន្យល់ថា នៅព្រឹកថ្ងៃដំបូងនៃសប្ដាហ៍--ថ្ងៃអាទិត្យ--ម៉ារា ម៉ាក់ដាឡា និងស្ត្រីម្នាក់ទៀតដែលមានឈ្មោះថា ម៉ារា បានទៅផ្នូរ ជាកន្លែងដែលដាក់ព្រះសពរបស់ព្រះយេស៊ូវ ។
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី ម៉ាថាយ ២៨:១-៦ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វីដែលស្ត្រីបានរកឃើញ នៅពេលពួកគេបានទៅដល់ផ្នូរនោះ ។
-
តើស្ត្រីទាំងនោះបានរកឃើញអ្វីខ្លះ ពេលពួកគេបានទៅដល់ផ្នូរ ? ( សូមពន្យល់ថា ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ សម្រាប់ខគម្ពីរទាំងនេះ បញ្ជាក់ថា ពួកស្ត្រីបានឃើញទេវតាពីរអង្គ ពុំមែនមួយអង្គទេ [សូមមើល យ៉ូហាន ២០:១២]) ។
-
តើអ្នកគិតថាអ្នកនឹងមានប្រតិកម្មយ៉ាងណា ប្រសិនបើអ្នកបានឃើញទេវតាពីរអង្គនោះ ?
-
យោងតាមខទី ៤តើពួកអ្នកយាមមានប្រតិកម្មយ៉ាងដូចម្ដេច ?
-
យោងតាម ខទី ៥-៦តើពួកទេវតាបានប្រាប់អ្វីខ្លះដល់ស្ត្រីទាំងនោះ ?
-
តើសេចក្ដីពិតអ្វីខ្លះ ដែលយើងអាចរៀនមកពីពាក្យទាំងនេះ ? ( បន្ទាប់ពីសិស្សឆ្លើយសូមសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះយេស៊ូវបានរស់ឡើងវិញពីការសុគត )។
ដើម្បីជួយសិស្សយល់គោលលទ្ធិនៃការរស់ឡើងវិញ សូមបំបែកពួកគេជាក្រុមៗមានគ្នាពីរនាក់ ឬបីនាក់ ហើយអញ្ជើញពួកគេឲ្យបំពេញឯកសារចែកចាយដែលដាក់អមបន្ថែម នៅក្នុងក្រុមរបស់ពួកគេ ។
« ទ្រង់រស់ឡើងវិញ » (ម៉ាថាយ ២៨:៦)
សៀវភៅសិក្សាគម្ពីរសញ្ញាចាស់ថ្នាក់សិក្ខាសាលាសម្រាប់គ្រូបង្រៀន—មេរៀនសិក្សានៅផ្ទះ ( មេរៀនទី ៧ )
សូមសិក្សាចំណងជើង« ការរស់ឡើងវិញ » នៅក្នុងវនានុក្រមគម្ពីរប៊ីប ។ បន្ទាប់មកពីភាក្សាអំពីសំណួរដូចខាងក្រោម ហើយកត់ត្រាចម្លើយរបស់អ្នកនៅក្នុងចម្លោះដែលបានផ្ដល់ឲ្យ ។
តើមានភាពខុសគ្នាអ្វីខ្លះរវាងការត្រូវបានប្រោសឲ្យរស់ពីសេចក្ដីស្លាប់ និងការត្រូវបានរស់ឡើងវិញ ? | |
តើនឹងមានអ្វីកើតឡើងចំពោះមនុស្សលោកគ្រប់រូប ដែលជាលទ្ធផលមួយមកពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ? | |
តើការយល់ដឹងអំពីគោលលទ្ធិនៃការរស់ឡើងវិញអាចផ្ដល់នូវការលួងលោមចិត្តដល់អ្នកទាំងឡាយដែលបានបាត់បង់មនុស្សជាទីស្រឡាញ់យ៉ាងដូចម្ដេច ? |
© ២០១៥ ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។
ចូរសុំឲ្យសិស្សពីរបីនាក់រាយការណ៍ទៅសិស្សក្នុងថ្នាក់អំពីអ្វីដែលពួកគេបានរៀន តាមរយៈការបំពេញឯកសារចែកចាយ ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖
រូបភាពប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី« អព្ភូតហេតុនៅព្រឹកនៃការរស់ឡើងវិញនោះ ជាថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរដំបូង គឺជាអព្ភូតហេតុមួយសម្រាប់មនុស្សលោកគ្រប់រូប ។ វាគឺជាអព្ភូតហេតុនៃព្រះចេស្ដារបស់ព្រះ ជាព្រះរាជបុត្រាសំណប់ បានប្រទានជីវិតរបស់ទ្រង់ដើម្បីធ្វើឲ្យធួនចំពោះអំពើបាបនៃមនុស្សទាំងអស់ ជាពលិកម្មនៃក្ដីស្រឡាញ់សម្រាប់បុត្រា និងបុត្រីគ្រប់រូបរបស់ព្រះ ។ នៅក្នុងការធ្វើដូច្នោះ ទ្រង់បានបំបាក់ចំណងនៃសេចក្ដីស្លាប់ ។ …
« ហើយក៏ដូចជាទ្រង់បានយកព្រះកាយរបស់ទ្រង់មកវិញ ហើយយាងចេញពីផ្នូរ នោះយើងទាំងអស់គ្នានឹងរីករាយចំពោះការរួបរួមនៃរូបកាយ និងវិញ្ញាណដើម្បីក្លាយជាមនុស្សរស់នៅក្នុងថ្ងៃនៃការរស់ឡើងវិញផ្ទាល់ខ្លួនរបស់យើងផងដែរ ។
« ហេតុដូច្នោះហើយ យើងរីករាយ ដូចជាមនុស្សជាច្រើនផងដែរ ហើយក៏ដូចជាមនុស្សគ្រប់រូបផងដែរ នៅពេលយើងចងចាំអំពីព្រឹត្តិការណ៍ដ៏រុងរឿងបំផុត ដ៏លួងលោមចិត្តបំផុត ដ៏អះអាងបំផុតនៃគ្រប់ព្រឹត្តការណ៍ទាំងអស់ក្នុងប្រវត្តិសាស្ត្រមនុស្ស—គឺជាជោគជ័យឈ្នះលើសេចក្ដីស្លាប់ » (« The Victory over Death »Ensign,ខែ មេសា ឆ្នាំ ១៩៩៧ ទំព័រ ៤ ) ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ២៨:៧-១០ ឲ្យឮៗ ។ ចូរឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វីដែលស្ត្រីៗនៅឯផ្នូររបស់ព្រះយេស៊ូវត្រូវបានប្រាប់ឲ្យធ្វើ ។
-
យោងតាម ខទី ៧តើពួកទេវតាបញ្ជាឲ្យស្ត្រីទាំងនោះធ្វើអ្វីខ្លះ ?
-
ហេតុអ្វីក៏អ្នកគិតថា ស្ត្រីទាំងនោះបានចាកចេញ « ទាំងភ័យ ហើយមានសេចក្តីអំណរជាខ្លាំងផង » ដូច្នេះ ? ( ម៉ាថាយ ២៨:៨ ) ។
-
តើមានអ្វីកើតឡើងចំពោះស្ត្រីទាំងនោះ នៅពេលពួកគេបានទៅប្រាប់ដល់ពួកសិស្សអំពីបទពិសោធន៍របស់ពួកគេ ?
ចូរសង្ខេបម៉ាថាយ ២៨:១១-១៥ដោយពន្យល់ថា ខណៈដែលស្ត្រីទាំងនោះប្រញាប់ទៅប្រាប់ដំណឹងដល់ពួកសិស្សអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ នោះពួកមេសង្ឃបានស្ដាប់ឮអំពីអ្វីដែលបានកើតឡើងមកពីពួកទាហានដែលបានចាំយាមផ្នូរ ។ ពួកអ្នកដឹកនាំសាសន៍យូដាបានភ័យខ្លាចថាមនុស្សអាចដឹងអំពីសេចក្ដីពិត នោះពួកគេបានឲ្យប្រាក់ដល់អ្នកយាមឲ្យនិយាយរឿងកុហកថា ពួកសិស្សរបស់ព្រះអង្គសង្គ្រោះបានយកព្រះសពរបស់ទ្រង់ចេញពីផ្នូរខណៈដែលអ្នកយាមកំពុងដេកលក់ ។
ចូរសុំឲ្យសិស្សម្នាក់អាន ម៉ាថាយ ២៨:១៦-១៨ ឮៗ ។ សូមអញ្ជើញសិស្សឲ្យផ្ទៀងតាម ហើយរកមើលនូវពរជ័យដែលកើតមានដល់សាវកដប់មួយនាក់ ពេលពួកគេបានគោរពតាមសារដែលស្ត្រីទាំងឡាយបានប្រាប់ពួកគេ ហើយបានចេញទៅស្រុកកាលីឡេ ។
-
តើមានពរជ័យអ្វីខ្លះកើតមានដល់ពួកសាវកដប់មួយនាក់ ដោយសារតែពួកគេបានគោរពតាមសារឲ្យចេញទៅស្រុកកាលីឡេនោះ ? ( ពួកគេបានមើលឃើញព្រះអម្ចាស់ដែលរស់ឡើងវិញ ) ។
សូមអញ្ជើញសិស្សឲ្យក្រោកឈរ ហើយអានម៉ាថាយ ២៨:១៩-២០ឮៗជាមួយគ្នា ។ សូមរំឭកពួកគេថា នេះគឺជាចំណេះចំណានបទគម្ពីរមួយ ។
ចូរសុំឲ្យសិស្សក្នុងថ្នាក់រំឭកខទី ១៩-២០ស្វែងរកនូវអ្វីដែលព្រះអង្គសង្គ្រោះបានបញ្ជាដល់ពួកសាវករបស់ទ្រង់ឲ្យធ្វើ បន្ទាប់ពីពួកគេបានឃើញទ្រង់ ។
-
តើពួកសិស្សត្រូវបានបញ្ជាឲ្យធ្វើអ្វីខ្លះ បន្ទាប់ពីពួកគេបានមើលឃើញព្រះអង្គសង្គ្រោះ?
-
តើយើងអាចរៀនអ្វីខ្លះមកពីបទពិសោធន៍របស់ពួកគេអំពីទំនួលខុសត្រូវដែលយើងមាន នៅពេលយើងទទួលបានទីបន្ទាល់មួយអំពីព្រះយេស៊ូវគ្រីស្ទ? ( បន្ទាប់ពីសិស្សឆ្លើយសូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ នៅពេលយើងទទួលបានទីបន្ទាល់មួយអំពីព្រះយេស៊ូវគ្រីស្ទ នោះយើងមានទំនួលខុសត្រូវដើម្បីថ្លែងទីបន្ទាល់អំពីទ្រង់ចំពោះអ្នកដទៃ )។
សូមរំឭកសិស្សថា ជាផ្នែកនៃមេរៀនសិក្សានៅផ្ទះរបស់ពួកគេនៅក្នុងម៉ាថាយ ២៧-២៨នោះពួកគេបានសរសេររបៀបដែលពួកគេអាចថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដល់អ្នកដទៃ ( កិច្ចការទី ៣ នៅក្នុងមេរៀនទី ៧ ៖ មេរៀនថ្ងៃទី ២ ) ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ ហើយពន្យល់ និងផ្ដល់ឧទាហរណ៍អំពីគំនិតរបស់ពួកគេ ។ អ្នកអាចកត់ត្រាគំនិតទាំងឡាយរបស់ពួកគេនៅលើក្តារខៀន ។
-
ស្របតាមម៉ាថាយ ២៨:២០តើមានការសន្យាអ្វីខ្លះដែលព្រះអង្គសង្គ្រោះបានប្រទានដល់ពួកសិស្សរបស់ទ្រង់ ?
-
តើតាមរបៀបណាខ្លះដែលព្រះអម្ចាស់បាន « គង់នៅនឹងអ្នក » ឬបានជួយអ្នកនៅក្នុងកិច្ចខិតខំដើម្បីចែកចាយដំណឹងល្អ ?
សូមពិចារណាធ្វើការអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទជាមួយនឹងសិស្សនៅក្នុងថ្នាក់ ជាក្រុមតូចៗ ឬជាដៃគូ ។ អ្នកក៏គួរតែចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទជាមួយនឹងសិស្សក្នុងថ្នាក់ផងដែរ ។ សូមរំឭកសិស្សថា ពួកគេក៏បានសរសេរគោលដៅមួយនៅក្នុងកិច្ចការសរសេរកំណត់ហេតុការសិក្សាព្រះគម្ពីរ ស្ដីអំពីរបៀបដែលពួកគេនឹងថ្លែងទីបន្ទាល់ចំពោះអ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគោលដៅរបស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។
មេរៀនបន្ទាប់ (ម៉ាកុស ៤-៩)
សូមពន្យល់ដល់សិស្សថា នៅក្នុងមេរៀនបន្ទាប់ នោះពួកគេនឹងរៀនបន្ថែមអំពីអព្ភូតហេតុដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ដូចជាការយាងដើរនៅលើទឹក ការបណ្ដេញអារក្សចេញពីបុរសម្នាក់ និងការប្រោសក្មេងស្រីម្នាក់ពីសេចក្ដីស្លាប់ ។ ចូរសួរដល់សិស្សប្រសិនបើពួកគេធ្លាប់ស្ថិតនៅក្នុងព្យុះដ៏ខ្លាំងមួយ ហើយតើពួកគេនឹងមានអារម្មណ៍យ៉ាងណាក្នុងពេលនោះ ។ សូមអញ្ជើញពួកគេឲ្យពិចារណាថាតើពួកគេធ្លាប់មានអារម្មណ៍ដូចជាពួកគេស្ថិតនៅក្នុងព្យុះដ៏ខ្លាំង ឬឧបសគ្គធ្ងន់ធ្ងរក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេឬទេ ។ នៅពេលពួកគេសិក្សាម៉ាកុស ៤–៩អំឡុងសប្ដាហ៍បន្ទាប់ សូមអញ្ជើញពួកគេឲ្យរកមើលនូវរបៀបដើម្បីរកបានសេចក្ដីសុខសាន្ដនៅក្នុងគ្រាលំបាកទាំងឡាយ ។