បណ្ណាល័យ
មេរៀនទី ៤០ ៖ ម៉ាកុស ៩:៣០-៥០


មេរៀនទី ៤០

ម៉ាកុស ៩:៣០-៥០

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បានប្រាប់​ដល់ពួកសិស្ស​របស់ទ្រង់អំពី​ការ​ចូលមក​ដល់​នៃការសុគត និងការ​រស់ឡើងវិញរបស់​ទ្រង់ ហើយ​បាន​បង្រៀន​ពួកគេ​អំពី​នរណា​នឹងធំ​ជាងគេ​បំផុត​នៅក្នុង​នគរ​នៃ​ព្រះ ។ ទ្រង់​បានព្រមាន​អំពី​ផល​វិបាក​នៃ​ការ​ដឹកនាំ​អ្នកដទៃ​ទៅ​កាន់អំពើបាប ហើយ​បាន​ណែនាំ​ដល់ពួកសិស្ស​របស់ទ្រង់​ដើម្បី​ញែក​ខ្លួនពួកគេ​ចេញពី​ឥទ្ធិពល​ដែលនឹង​ដឹកនាំ​ពួកគេ​ទៅរក​អំពើបាប ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ៩:៣០-៣៧

ព្រះយេស៊ូវ​បានប្រាប់ទុកជា​មុន​អំពី​ការ​ចូលមក​ដល់​នៃការសុគត និង ការ​រស់ឡើងវិញ​របស់​ទ្រង់ ហើយ​បាន​បង្រៀន​អំពី​នរណា​នឹងក្លាយ​ជា​ធំ​ជាងគេ​បំផុត​នៅក្នុង​នគរ​នៃ​ព្រះ

សូម​នាំ​យក​វត្ថុ​មួយទៅ​ថ្នាក់រៀន ដែល​មាន​ក្លិន​​ខ្លាំង ដែល​សិស្ស​នឹង​ស្គាល់ ( ដូចជា ក្លិន​ក្រូច​ដែល​ពុះ​ថ្មីៗ ឬ​ក្លិន​ខ្ទឹម​បារាំង ឬក្លិន​នំប៉័ង​ដុត​ថ្មី ) ។ មុន​ពេល​ចាប់​ផ្ដើម​ថ្នាក់​រៀន សូម​ដាក់​វត្ថុ​នោះ​នៅក្នុង​បន្ទប់​រៀន​កុំ​ឲ្យ​សិ្សស​មើល​ឃើញ ។

សូម​ចាប់​ផ្ដើម​មេរៀន​ដោយ​ការ​សួរ​ដល់សិស្ស​ថា​តើ​ពួកគេ​មាន​សម្គាល់ដឹងអំពី​ក្លិន​ថ្មីមួយ ពេល​ពួកគេ​ចូល​មក​ក្នុង​ថ្នាក់​រៀន​ឬទេ ។

  • បើ​មាន តើ​ក្លិន​នេះ​មានឥទ្ធិពល​ឲ្យ​អ្នក​គិត​អំពីអ្វី ឬ​ធ្វើអ្វី​ពេល​អ្នកស្គាល់​វា ?

សូម​ចង្អុល​បង្ហាញ​ថា ក្លិន​អាច​មានឥទ្ធិពល​លើយើង ​យើងអាចមានឥទ្ធិពល​ក្នុងគំនិត និង ​អាកប្បកិរិយា​របស់អ្នក​ដទៃ​​ស្រដៀងនឹងក្លិននេះផងដែរ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​សេចក្ដីពិត​នៅក្នុង​ម៉ាកុស ៩:៣០-៥០​ដែល​អាច​ជួយពួកគេ​ឲ្យ​គិត​ពិចារណា​អំពី​ឥទ្ធិពល​របស់​ពួកគេ​ទៅលើ​ការ​ខិតខំ​របស់អ្នកដទៃ​ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ក៏ដូចជា​ឥទ្ធិពល​របស់​អ្នក​ដទៃ​មានមក​លើ​ពួកគេ​ផងដែរ ។

សូម​ពន្យល់​ថា បន្ទាប់ពី​ការ​បណ្ដេញ​វិញ្ញាណ​អសោច​ចេញ​ពី​យុវជន​ម្នាក់ (សូម​មើលម៉ាកុស ៩:១៧-២៩) នោះ​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​កាលីឡេ​ជាមួយ​នឹង​ពួកសិស្ស​របស់ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ​៩: ៣១- ៣២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលព្រឹត្តការណ៍​ដែល​ព្រះអង្គសង្គ្រោះ​បាន​ព្យាករ​ ។

  • តើមានព្រឹត្តការណ៍​អ្វីខ្លះ​ដែលព្រះយេស៊ូវ​គ្រីស្ទ​បានព្យាករ ?

សូមសង្ខេបម៉ាកុស ៩:៣៣-៣៧ដោយពន្យល់​ថា នៅពេល​ព្រះ​យេស៊ូវ​បាន​យាងមក​ស្រុក​កាពើណិម នោះទ្រង់​បាន​បង្រៀន​ដល់ពួកសិស្ស​របស់ទ្រង់​អំពី​នរណា​ដែលជា​អ្នកធំជាង​គេ​បង្អស់នៅក្នុងនគរ​នៃ​ព្រះ ។ ទ្រង់​ក៏បាន​ណែនាំពួកគេ​​ឲ្យ​ទទួលអស់អ្នក​ដែល​បន្ទាប​ខ្លួន​ដូចជា​កុមារ​តូច​ៗ​ និង​អ្នក​ដែល​ទទួល​ទ្រង់មក​ក្នុង​សាសនាចក្រ ( សូមមើល ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ម៉ាកុស ៩:៣៤-៣៥  ។ ( កំណត់ចំណាំ ៖ ការ​បង្រៀន​ទាំង​នេះ​នឹង​ពិភាក្សា​កាន់តែ​ជ្រៅជ្រះ​នៅក្នុង​មេរៀន​សម្រាប់​ម៉ាកុស ១០ ) ។

ម៉ាកុស ៩:៣៨-៥០

ព្រះយេស៊ូវ​ព្រមាន​ទាស់នឹង​ការ​មានឥទ្ធិពល​លើ​អ្នកដទៃ​ឲ្យ​ធ្វើអំពើបាប ហើយ​នឹង​អំពីការ​មិនញែក​ខ្លួន​ចេញ​ពី​ឥទ្ធិពល​អាក្រក់

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ៩:៣៨ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ស្ថានភាព​ដែលសាវក​យ៉ូហាន បាន​ប្រាប់​​ដល់​ព្រះអង្គសង្គ្រោះ ។

  • តើ​យ៉ូហាន​បាន​រាយការណ៍​អ្វីខ្លះ​ទៅ​ព្រះអង្គសង្គ្រោះ ?

សូមពន្យល់​ថា ពួកសាវក​បាន​ហាម​បុរស​ម្នាក់​នេះមិន​ឲ្យ​បណ្ដេញ​អារក្ស​ចេញ ដោយ​សារ​គាត់​ពុំ​មែនជា​ដៃគូ​ធ្វើដំណើរ​របស់​ពួកសាវក​ដប់ពីរ​នាក់ ។ ទោះ​ជា​យ៉ា​ង​ណា​ក៏​ដោយ ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​ដល់ពួកគេ​កុំ​ឲ្យ​ហាម​ដល់បុរស​នេះ​ឡើយ ( ដោយ​ចង្អុល​បង្ហាញ​ថា គាត់​គឺ​ជា​បុរស​សុចរិត​ម្នាក់ ដែល​មានសិទ្ធិអំណាច ) ហើយ​បាន​បង្រៀន​ថា អស់អ្នក​ដែល​ជួយ​ដល់​អ្នកតំណាង​របស់ទ្រង់ នឹង​ត្រូវ​បាន​ទទួល​រង្វាន់ ( សូមមើលម៉ាកុស ៩:៣៩-៤១) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ៩:៤២ឲ្យ ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វីដែល​ព្រះអង្គ​សង្គ្រោះ​បានព្រមាន ។ សូមពន្យល់​ថា​នៅក្នុង​បរិបទ​នេះ ពាក្យរវាត​ចិត្តមានន័យ​ថា​មាន​ឥទ្ធិពល​លើអ្នកដទៃ​ឲ្យ​ជំពប់​ដួល នាំ​ឲ្យ​វង្វេង ឬ​មានឥទ្ធិពល​លើ​នរណា​ម្នាក់​ឲ្យ​មាន​បាប ឬ​បោះបង់ជំនឿ​របស់ពួកគេ ។

  • តើ​ក្រុម​មនុស្ស​ណា​ខ្លះ ដែលព្រះអង្គសង្គ្រោះ​ព្រមាន​ទាស់នឹង​ការ​មានឥទ្ធិពល​ឲ្យធ្វើបាប ? ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា « កូន​ណា​មួយ​​ដែល​ជឿ​ដល់ [ព្រះយេស៊ូវ] » រួមទាំង​អ្នកដែល​ក្មេង​ខ្ចី​នៅក្នុង​សេចក្ដីជំនឿ ដូចជា​យុវវ័យ ឬ​អ្នកផ្លាស់ប្រែចិត្តជឿ​ថ្មី ក៏ដូចជា​ពួក​សិស្ស​រាបសារ ទុកចិត្ត​គ្រប់វ័យ ) ។

  • តើអ្វីខ្លះគឺជា​ការ​ព្រមាន​របស់ព្រះយេស៊ូវ​ទាស់​ នឹង​ការ​មានឥទ្ធិពល​របស់​សិស្ស​ទ្រង់​ឲ្យធ្វើអំពើបាប ? ( ទ្រង់បាន​ចង្អុល​បង្ហាញ​ថា វា​ល្អប្រសើរ​ដើម្បី​ស្លាប់ ជាជាង​ទទួល​បទពិសោធន៍​នៃការ​រងទុក្ខដ៏​ខ្លាំង និង​ ការ​បែក​ចេញពីព្រះ ដែល​យើង​នឹង​ជួប​ប្រទះ ប្រសិន​បើ​យើង​មានឥទ្ធិពល​ទៅលើ​អ្នកដទៃ​ឲ្យ​ធ្វើអំពើបាប​នោះ ) ។

  • តើ​គោលការណ៍​​អ្វីខ្លះ​ដែល​យើង​អាច​រៀន ពី​ការព្រមាន​​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង ខទី ៤២ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​មានឥទ្ធិពល​លើ​អ្នកដទៃ​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ប្រព្រឹត្តអំពើ​បាប នោះ​យើង​នឹង​ទទួលខុសត្រូវ​នៅចំពោះ​មុខ​ព្រះ )

  • តើជន​ម្នាក់អាចធ្វើឲ្យខ្លួន​មានឥទ្ធិពល​លើ​អស់អ្នក ដែលជឿ​លើ​ព្រះយេស៊ូវ​ឲ្យ​ប្រព្រឹត្តអំពើ​បាប​តាម​របៀប​ណា ?

សូម​រំឭក​សិស្ស​អំពី​ក្លិន​នៅក្នុង​ថ្នាក់ និង​ អំពី​ភាពពិត​ដែល​ដូចជា​ក្លិន​នោះ គឺយើង​មាន​ឥទ្ធិពល​វិជ្ជមាន ឬ​អវិជ្ជមាន​ទៅលើ​អ្នកដទៃ ។ ចូរ​សុំ​ឲ្យសិស្ស​ពិចារណា​អំពី​ឥទ្ធិពល​របស់ពួកគេ​ ទៅលើ​អស់អ្នក​ដែល​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ដើម្បី​រៀប​ចំសិស្ស​ឲ្យ​ប្រាប់​អំពីគោលការណ៍​ផ្សេងទៀត​ដែលបាន​បង្រៀន​ដោយ​ព្រះអង្គសង្គ្រោះ ចូរ​សុំ​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ដែល​ពាក់​ស្បែក​ជើង​ចង​ខ្សែ​ឲ្យ​ឡើងមក​ក្ដារខៀន ។ សូម​ណែនាំ​សិស្ស​ឲ្យ​ស្រាយ​ខ្សែ​ស្បែកជើង ហើយ​ចង​វា​ឡើងវិញ​ដោយប្រើ​ដៃ​តែ​មួយ ។ ខណៈ​ដែល​សិស្ស​ព្យាយាម​ដើម្បី​ធ្វើ​ដូច​នេះ ចូរ​សួរ​ដល់សិស្ស​ក្នុងថ្នាក់ ៖

  • តើ​ឧបសគ្គ​អ្វីខ្លះ​ដែលអ្នក​នឹង​ជួប​ពិសោធន៍ ប្រសិន​បើ​អ្នក​បាត់បង់​ដៃ​ម្ខាង ?

  • បើកើត​​មាន​មែន តើ​អ្វីដែល​សក្ដិសម​នឹង​ឲ្យអ្នក​បាត់បង់​ដៃ​របស់ដៃ ?

ចូរ​ពន្យល់​ថា ការ​ដក​ផ្នែក​មួយ​នៃ​រូបកាយ​ចេញ​ដោយសេរី គឺត្រូវ​បាន​ស្គាល់​ថា​ កាត់ដៃ​កាត់​ជើង ហើយ​ប្រហែលជា​វា​ត្រូវ​កាត់​ចេញ​ បើ​ផ្នែក​ណាមួយ​នៃ​រូបកាយ ត្រូវ​បាន​ខូចខាត បាក់​បែក​យ៉ាង​ធ្ងន់ធ្ងរ ឬ​ស្លាប់​នោះ ។ ទោះ​បី​ជា​ការ​កាត់ចេញ និង ​ការជាសះស្បើយតាម​ក្រោយ​អាច​នឹង​ឈឺចាប់ ហើយមានដំបៅក្ដី ក៏ដំណើរ​ការនៃការ​កាត់ចេញ​​នេះ​អាច​ជួយ​ការពារ​កុំ​​ឆ្លងមកពីការ​​ឆ្លង​ទៅ​ផ្នែក​ផ្សេងទៀត​នៃ​រូបកាយ ហើយបណ្ដាល​ឲ្យ​ខូចខាត​បន្ថែមទៀត ឬ​រហូតដល់ស្លាប់ឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ៩:៤៣ឲ្យ ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅពេល​វា​នឹង​ល្អ​ប្រសើរ​ជាង​ដើម្បី​បាត់បង់​ដៃ​ម្ខាង​ជាជាង​ទុក​ដៃទាំង​ពីរ ។

  • តើ​ពេល​ណា​វា​នឹង​ល្អ​ប្រសើរជាង​ដើម្បី​បាត់បង់​ដៃ​ម្ខាង​ជាជាង​ទុកដៃ​ទាំងពីរ​នៅ ?

  • តើអ្នកគិត​ថា​យើងគប្បីទទួលយក​ការ​បង្រៀន​នេះ​ដោយ​ន័យត្រង់ ហើយកាត់ដៃ​ម្ខាង​​ដែល​ធ្វើ « ឲ្យ​រវាត​ចិត្ត » យើង​ ឬ​មានឥទ្ធិពល​លើ​យើង​ឲ្យធ្វើ​បាប​ចោល​ឬ ? (អ្នកអា​ច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​ពុំ​មានបន្ទូលថា អស់អ្នក​គួរ​តែ​កាត់​ដៃ​របស់​ពួកគេ​​មែនទែន​នោះទេ ។ តែ​ទ្រង់​ប្រើ​ការ​ប្រៀបធៀប​ដើម្បី​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​អ្វី​ដែល​ទ្រង់​កំពុង​បង្រៀន ) ។

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​គូ​រូបមនស្ស​ម្នាក់​នៅ​លើ​ក្ដារខៀន ។ ខណៈដែល​សិស្ស​កំពុង​គូ​រូប សូមពន្យល់​ថា ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ អំពី​ម៉ាកុស ៩:៤៣-៤៨អាច​បង្កើន​ការ​យល់​ដឹងរបស់​យើង​អំពី​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ​នៅក្នុង​វគ្គ​គម្ពីរ​នេះ ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ យើង​រៀន​ថា ព្រះអង្គសង្គ្រោះ​បានប្រើដៃ ជើង និង ​ភ្នែក​ជា​និមិត្ត​រូប​នៃ​ឥទ្ធិពល​នានា​នៅក្នុងជីវិត​របស់​យើង ដែល​អាច​នាំ​យើង​ឲ្យធ្វើបាប ។ សូម​ណែនាំ​សិស្ស​ដែល​កំពុង​គូ​រូប​នៅលើ​ក្ដារខៀន គូរង្វង់​ជុំវិញដៃ ជើង និង ភ្នែក​មួយ​នៅលើ​រូបភាព​ដែល​គាត់​បាន​គូ​នោះ ។ បន្ទាប់មក​អញ្ជើញ​សិស្ស​ឲ្យ​ត្រឡប់​ទៅ​កន្លែង​អង្គុយ​របស់ពួកគេ​វិញ ។

សូមអញ្ជើញ​សិស្ស​ផ្សេងទៀត​ឲ្យ​ផ្លាស់វេណ​គ្នា​អាន​ឮៗ​ចេញពីការ​បក​ប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាកុស ៩:៤០-៤៨( នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​នូវអ្វី​ដែលព្រះអង្គសង្គ្រោះ​ប្រៀប​ប្រដូច​ទៅនឹង​ដៃ ជើង និងភ្នែក ដែល​បាន « ធ្វើ​ឲ្យ​រវាតចិត្ត » នរណាម្នាក់ ឬ​មាន​ឥទ្ធិពល​លើ​នរណា​ម្នាក់​ឲ្យ​ធ្វើបាប ។ អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ពាក្យជីវិត​នៅក្នុងការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ម៉ាកុស ៩:៤០-៤១, ៤៣សំដៅទៅលើ​ជីវិត​អស់កល្បជានិច្ច ។

  • យោងតាម​ការ​បកប្រែនេះ តើ​ដៃ ជើង និង ភ្នែក​ដែល​ធ្វើ​ឲ្យ​រវាត​ចិត្ត​នោះតំណាង​ឲ្យអ្វី ? ( ដៃ​តំណាង​ឲ្យ​សមាជិកគ្រួសារ​ និង​ មិត្តភក្ដិ​របស់​យើង ជើង​តំណាង​ឲ្យ​អស់អ្នក​ដែល​យើង​មើលជាគំរូ​អំពី​របៀប​គិត និង​ធ្វើសកម្មភាព ហើយភ្នែក​ជាតំណាង​ឲ្យ​អ្នក​ដឹកនាំ​របស់​យើង ) ។

សូម​សរសេរដាក់​ស្លាក​ផ្នែក​ទាំង​នេះ​ជាមួយនឹង​ការ​បកប្រែ​របស់​វា​នៅលើ​រូបភាព ​ដែល​សិស្ស​បានគូ​នៅ​លើ​ក្ដារខៀន ។

  • តើ​ព្រះអង្គសង្គ្រោះ​បង្រៀន​យើង​ឲ្យធ្វើ​អ្វីខ្លះ​ជាមួយ​នឹង​ឥទ្ធិពល​មិនសុចរិត ឬ​ឥទ្ធិពល​ដែល​នាំ​ឲ្យ​យើង​ធ្វើ​បាប ?

  • តើ​ការ​ញែកខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​មិនសុចរិត អាច​​ស្រដៀងគ្នា​ទៅនឹង​ការ​កាត់​ដៃ ឬ​ជើង​ចោល​តាម​របៀប​ណា ?

  • តើ​មានអ្វី​ខ្លះអាច​កើតឡើង បើ​យើង​មិន​ញែកខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​មិនសុចរិត ? ហេតុអ្វី ?

  • តើសេចក្ដីពិត​អ្វីខ្លះ​ដែល​​យើង​អាច​​រៀន​មកពីការ​បង្រៀន​​​របស់​ព្រះអង្គ​សង្គ្រោះ​ នៅក្នុង​ខ​ទាំង​​នេះ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ វា​ប្រសើរជាង​ដើម្បី​ញែកខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​មិនសុចរិត ជាជាង​យើង​ត្រូវ​ញែកចេញ​ពី​ព្រះ​នៅថ្ងៃចុងក្រោយ ។ ចូរ​​ប្រើ​ពាក្យ​របស់សិស្ស ​សរសេរ​សេចក្ដីពិត​​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ​ដោយ​អែលឌើរ វ៉លធើរ អែហ្វ ហ្គុងស្សាឡែស្ស នៃ​ពួក​ចិតសិប​នាក់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​ឥទ្ធិពល​ផ្សេងៗ​ទៀត​ដែល​យើង​គប្បី​ញែកខ្លួន​យើង​ចេញ​ពី​វា ។

រូបភាព
អែលឌើរ វ៉លធើរ អែហ្វ ហ្គុងស្សាឡែស្ស

« ដូច្នេះ ការកាត់ចេញ​មិនគ្រាន់តែ​សំដៅទៅលើ​មិត្តភក្ដិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​គ្រប់​ឥទ្ធិពល​អាក្រក់ ដូចជា​កម្មវិធី​ទូរទស្សន៍​មិន​ត្រឹមត្រូវ គេហទំព័រ​អ៊ិនធើរណិត ខ្សែភាពយន្ដ សៀវភៅ ល្បែង​វីដេអូ ឬ​តន្ត្រី​ជាដើម ។ ការ​ឆ្លាក់​នៅក្នុង​ព្រលឹង​របស់​យើង​នូវ​គោលការណ៍នេះ នឹង​ជួយយើង​ឲ្យ​ទប់ទល់​នឹង​ការ​ល្បួង​ដែល​នាំ​ទៅរក​ឥទ្ធិពល​មិនល្អ​នានា » (« Today Is the Time »EnsignLiahonaខែ​វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៥៥ ) ។

  • តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​យើងអាច​ជួប​ដោយការ​ញែកយើង​ចេញពី​ឥទ្ធិពល​មិន​សុចរិត ?

  • តើ​យើង​អាច​ដឹង​ថា​របៀប​ត្រឹមត្រូវ ដើម្បី​ញែកខ្លួន​យើង​ចេញពី​ឥទ្ធិពល​មិនសុចរិត​បាន​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ការ​ញែកខ្លួន​យើង​ចេញ​ពី​ឥទ្ធិពល​មិន​សុចរិត ពុំ​មានន័យ​ថា​ជាការ​ប្រព្រឹត្ត​នឹង​អ្នកដទៃ​ដោយ​ឈ្លើយ កាត់​ទោស​អ្នកដទៃ ឬ​បដិសេធ​មិនទំនាក់ទំនង​នឹង​អស់អ្នក​ដែល​មិន​មែនជា​សមាជិក​សាសនាចក្រ​ស្មោះត្រង់នោះទេ ។ ផ្ទុយទៅវិញ យើង​គប្បី​ញែកខ្លួន​យើង​ពីអស់អ្នក​ដែល​នឹង​ដឹកនាំ​យើង​ទៅ​ធ្វើអំពើបាប ឬ​ចៀសវាង​ពី​ការប្រាស្រ័យទាក់ទង​ស្និតស្នាលអស់អ្នក​ដែល​នឹង​ដឹកនាំ​យើង​ទៅ​ធ្វើអំពើបាប ។ ទោះជា​យើង​ពុំអាច​ដកចេញ ឬ​ចៀស​វាង​ពី​គ្រប់ឥទ្ធិពល​ទាំងអស់ ដែល​នាំ​យើង​ឲ្យធ្វើ​បាប​ក្ដី ក៏ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើង នៅពេល​យើង​ព្យាយាម​ញែកខ្លួន​យើង​ចេញពី​ឥទ្ធិពល​អាក្រក់​នានា តាម​ដែល​យើង​អាច ហើយ​នៅពេល​យើង​ព្យាយាម​អភិវឌ្ឍ​ការលត់ដំ​ខ្លួន ​ដើម្បី​ចៀសវាង​ពី​ឥទ្ធិពល​ទាំងឡាយ ដែល​យើង​មិន​អាច​ដក​ចេញ​ទាំងស្រុង​បាន ។

​ដើម្បីជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​អំពី​សេចក្ដីពិត​នេះ ចូរ​អញ្ជើញ​សិស្ស​​ពីរ​នាក់​ឲ្យឡើង​មក​ខាង​មុខ​​ក្ដារខៀន ។ សូម​ណែនាំ​សិស្ស​ម្នាក់ៗ​ឲ្យអាន​ឮៗ​នូវស្ថានភាព​មួយដូច​ខាង​ក្រោម ហើយ​សួរ​សំណួរ​​ពាក់ព័ន្ធ​ជាមួយ​នោះ​​ទៅដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូមអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឆ្លើយ​តប​ចំពោះ​សំណួរ ​ដោយ​ផ្អែកទៅលើ​សេចក្ដីពិត​ដែល​បាន​ប្រាប់នៅក្នុង​ម៉ាកុស ៩:៤៣-៤៨

ស្ថានភាពទី ១ ។ ខ្ញុំ​មាន​មិត្ត​ដែល​លើក​ទឹកចិត្ត​ខ្ញុំ​ជា​រឿយៗ​ ឲ្យចូលរួម​នៅក្នុងសកម្មភាព​ដែល​មិនគោរព​បទបញ្ញត្តិ​​របស់ព្រះ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិត​ថា ខ្ញុំអាច​មានឥទ្ធិពល​ល្អ​ចំពោះ​ពួកគេ បើ​ខ្ញុំ​បន្ដ​ចំណាយ​ពេល​​នៅជាមួយពួកគេ ។

  • តើ​ខ្ញុំ​នឹង​មិន​បាត់បង់​លទ្ធភាព​របស់ខ្ញុំ​ ដើម្បីមានឥទ្ធិពលល្អ​លើ​មិត្តភក្ដិ​ទាំងឡាយ​ទេ​ឬ បើ​ខ្ញុំ​ញែកខ្លួនខ្ញុំពី​ពួកគេ​នោះ ? តើ​ខ្ញុំ​គួរ​មាន​ទំនាក់​ទំនងប្រភេទណា ​ជាមួយ​ពួកគេ​?

  • តើ​ខ្ញុំ​គួរ​និយាយ ហើយធ្វើ​អ្វីខ្លះ ដើម្បី​ញែកខ្លួន​ខ្ញុំ​ពី​មិត្ត​ទាំងនោះ​ដោយ​សមរម្យ ?

ស្ថានភាពទី ២ ។ ខ្ញុំចូលចិត្ត​​ក្រុមភ្លេង​ដ៏ល្បី​មួយអស់ជាច្រើនឆ្នាំ ។ នៅក្នុង​ចម្រៀងតន្ត្រី និង ការ​សម្ភាស​ថ្មីៗ​មួយចំនួន​របស់​ពួកគេ ពួកគេ​បាន​លើក​ទឹក​ចិត្ត​ដល់​ឥរិយាបថ និង ​គំនិត​ដែល​ផ្ទុយ​ពី​បទដ្ឋាន និង ការបង្រៀន​របស់ព្រះអម្ចាស់ ។

  • តើវា​គ្រាន់តែ​ជាចម្រៀង និង​ទំនុកច្រៀង​ប៉ុណ្ណោះ មែនទេ ?​ ដូច្នេះ​តើ​វា​មានគ្រោះ​ថ្នាក់អ្វី​ ពេល​បន្ដ​ស្ដាប់​ចម្រៀងរបស់ពួកគេ ហើយ​ធ្វើតាម​ពួកគេ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គមនោះ ?

សូមអរគុណ​​អ្នកស្ម័គ្រចិត្ត​សម្រាប់ជំនួយរបស់ពួកគេ ហើយ​សូមអញ្ជើញពួកគេ​ឲ្យ​ត្រឡប់​ទៅកាន់កន្លែង​អង្គុយ​របស់ពួកគេ​វិញ ។ សូម​សួរ​សិស្ស ៖

  • ទោះជា​ការ​ញែកខ្លួន​យើង​ចេញពី​ឥទ្ធិពល​ទាំងឡាយ​ ដែល​ដឹកនាំ​យើង​ឲ្យធ្វើ អំពើបាប ដែលពេលខ្លះ អាច​នឹង​ពិបាកធ្វើក្តី​ តើ​យើងអាច​ទទួលបាន​អ្វី​ខ្លះ​តាមរយៈ​ការពលិកម្ម​នេះ ? ( ពរជ័យ​ជាច្រើន រួមមានទាំង​ជីវិត​អស់កល្បជានិច្ច ) ។ ហេតុអ្វី​ក៏រង្វាន់នេះ​មាន​តម្លៃ​ចំពោះ​ការ​ពលិកម្មនានា ?

  • តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នកស្គាល់បានជ្រើសរើស​ញែកខ្លួន​ចេញ​ពី​ឥទ្ធិពល​មិនសុចរិត​នៅពេល​ណា ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ) ។ តើ​មានការ​លំបាក​អ្វីខ្លះ​ចំពោះការ​ញែកខ្លួន​ចេញពី​ឥទ្ធិពល​នោះ ? តើពរជ័យអ្វី​ខ្លះ​អាច​កើតមាន​មកពី​ការ​ធ្វើដូច្នោះ ?

ចូរ​សុំ​សិស្ស​ឲ្យពិចារណា​ថា​តើ​មាន​ឥទ្ធិពល​អ្វីខ្លះ​ នៅក្នុងជីវិត​របស់ពួកគេ​ដែលអាច​នឹង​នាំ​ពួកគេ​ឲ្យធ្វើ​បាប ។ សូមអញ្ជើញ​ពួកគេ​ឲ្យសរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ អំពី​របៀប​ដែល​ពួកគេ​នឹង​ញែកខ្លួន​ចេញពី​ឥទ្ធិពល​ទាំងនេះ ។​

សូមសង្ខេបម៉ាកុស​៩:៤៩-៥០ដោយការ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បានណែនាំ​ដ​ល់​ពួកសិស្ស​របស់ទ្រង់​​ឲ្យមាន​ទំនាក់ទំនង​សុខសាន្ដ​ជាមួយ​គ្នាទៅ​វិញ​ទៅ​មក ។

សូមបញ្ចប់​ដោយការ​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការ​បំផុសគំនិត​នានា ដែលពួកគេ​បាន​ទទួល​ក្នុងមេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាកុស ៩:៣១ ។ « កូនមនុស្ស »

« កូនមនុស្ស » គឺជា​ « នាម​មួយទៀត​ដែលព្រះយេស៊ូវ​បាន​ប្រើ​នៅពេល​ទ្រង់មាន​បន្ទូល​អំពី​ព្រះអង្គទ្រង់ (លូកា ៩:២២,​២១:៣៦​) ។ វាមានន័យថា កូនមនុស្ស​នៃ​បរិសុទ្ធភាព ។ ​បុរស​នៃ​បរិសុទ្ធភាព គឺ​ជា​ព្រះនាម​មួយ​នៃ​ព្រះជា​ព្រះវរបិតា ។ នៅពេល​ព្រះយេស៊ូវ​បាន​ហៅ​ព្រះអង្គទ្រង់ថាជា កូន​មនុស្ស វា​គឺជា​ការ​ប្រកាស​ដោយ​ឥតលាក់លាមអំពី​ទំនាក់ទំង​ដ៏ទេវភាព​របស់ទ្រង់ជាមួយ​នឹង​ព្រះបិតា ។ នាម​នេះ ត្រូវ​បាន​រកឃើញ​ជាញឹកញាប់នៅក្នុង​ដំណឹងល្អ ។ វិវរណៈ​ថ្ងៃចុង​ក្រោយ បញ្ជាក់​អំពី​អត្ថន័យពិសេស និង ភាពពិសិដ្ឋ​នៃ​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ (គ និង ស ៤៥:៣៩,៤៩:៦, ២២​,៥៨:៦៥,ម៉ូសេ ៦:៥៧​) »​ ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ« កូនមនុស្ស »scriptures.lds.org ) ។

ម៉ាកុស ៩:៣៨-៤០ ។ បុរស​ដែល​បណ្ដេញ​វិញ្ញាណ​អសោច​ចេញ​​ដោយនៅក្នុងព្រះនាម​នៃ​ព្រះអង្គសង្គ្រោះ

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​​បាន​ពន្យល់​ថា សាវក​យ៉ូហាន មានកង្វល់​អំពី​បុរស​ដែល​បណ្ដេញ​អារក្ស​ចេញនៅក្នុងព្រះនាម​របស់ព្រះអង្គសង្គ្រោះ​បាន ដោយសារ​បុរស​នេះ « ពុំ​ស្ថិត​នៅក្នុង​ចំណោម​នៃ​ពួកសិស្ស​ដែលបានធ្វើ​ដំណើរ បរិភោគ ដេក និង​ មានទំនាក់ទំនង​ជាបន្ដ​បន្ទាប់​ជាមួយនឹង​លោកចៅហ្វាយ ។ លូកា​ចែង​ ‹ គេ​មិន​ដើរ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ › នោះ​គឺថា គាត់មិនមែន​ជា​ដៃគូ​ធ្វើដំណើរ​របស់​យើង​ទេ ។ ប៉ុន្តែ​ចេញមកពី​ការ​ឆ្លើយតប​របស់ព្រះអម្ចាស់​យើង​ វា​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​គឺជា​សមាជិកម្នាក់​នៃនគរ ជា​អ្នកចាត់ចែងស្របច្បាប់​ម្នាក់ ដែល​ធ្វើកិច្ចការ​នៅក្នុង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព និង​ អំណាច​នៃ​សេចក្ដីជំនឿ ។ ទោះជា​យ៉ូហាន​ពុំស្គាល់គាត់ ដែល​បាន​យល់ស្មាន​ខុស​ថា​គាត់​គ្មានសិទ្ធិ​អំណាច ឬ​យ៉ូហាន​បាន​ស្មាន​ដោយ​ភាន់ច្រឡំ​ថា អំណាច​ដើម្បី​បណ្ដេញ​អារក្ស គឺ​កំណត់​សម្រាប់តែ​ពួកដប់ពីរ​នាក់ ហើយ​ពុំ​បាន​ផ្ដល់​ទៅដល់​អ្នកកាន់បព្វជិតភាព​ស្មោះត្រង់ទាំងអស់​នោះ ។ វាអាច​ធ្វើទៅបាន​ដែល​មនុស្ស​ម្នាក់​ដែលបណ្ដេញ​អារក្ស​ចេញ គឺជា​ពួកចិតសិបនាក់ ។ គ្មានកំណត់ត្រា​គម្ពីរ​សញ្ញា​ថ្មី​ណា​អំពី​ ការហៅ​នៃ​កូរ៉ូម​ទីមួយ​នៃ​ពួក​ចិតសិបនាក់​ទេ ប៉ុន្តែ​នៅពេល​ព្រះយេស៊ូវ ( មួយថ្ងៃក្រោយមក ) បានហៅ​កូរ៉ុម​ទីពីរ​នៃ​ពួកចិតសិបនាក់​ឲ្យបម្រើ ទ្រង់​ក៏​បាន​ប្រទាន​ដល់ពួកគេ​នូវ​អំណាច​ដើម្បីបណ្ដេញ​អារក្សយ៉ាង​ច្បាស់​ផងដែរ ។ ( លូកា ១០:១-២០ ) » ។ ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥--៧៣​ ], ១:៤១៧ ) ។

« ចម្លើយ​របស់ព្រះអង្គសង្គ្រោះ​ចំពោះ​យ៉ូហាន បាន​កត់ត្រា​នៅក្នុងម៉ាកុស ៩:៤០បាន​អះអាង​នឹង​យ៉ូហាន និង​ពួកដប់ពីរ​នាក់ថា បុរស​នេះគឺជា​ពួក​សិស្ស​ម្នាក់​ដែលមានសិទ្ធិអំណាច ទោះជា​ពុំ​មែនជា​សាវក​ក្ដី » (New Testament Student Manual [Church Educational System manual, ឆ្នាំ ២០១៤ ], ១២៥) ។

ម៉ាកុស ៩:៤២ ។ « នោះ​បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ចង​ក​អ្នក​នោះ យ៉ាង​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង »

អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​ក្នុង​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពីការ​ព្រមាន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ម៉ាកុស ៩:៤២ ៖

« ឧក្រិដ្ឋកម្មមួយចំនួន​គឺ​កខ្វក់ ហើយទុច្ចរិតដូចជា​ការ​បង្រៀន​គោលលទ្ធិ​ខុស​ឆ្គង និង​ ការដឹកនាំ​ព្រលឹង​ឲ្យឃ្លាត​ឆ្ងាយ​ចេញ​ពី​ព្រះ និង ​សេចក្ដីសង្គ្រោះ ។ … ប្រសិនបើ​ក្ដីអំណរ​ដ៏អស់កល្ប គឺ​ជា​រង្វាន់​ដែល​បានប្រទាន​ឲ្យ​ដល់អ្នកទាំងឡាយ​ដែល​បង្រៀន​សេចក្ដីពិត ហើយនាំ​ព្រលឹង​មក​រក​សេចក្ដីសង្គ្រោះ តើ​អ្នកទាំងឡាយ​ដែល​បង្រៀន​គោលលទ្ធិ​ខុសឆ្គង ហើយដឹកនាំ​ព្រលឹង​ទៅ​រក​ការ​ផ្ដន្ទាទោស ពុំ​គួរ​ទទួលបាន​នូវ​ការ​សោក​ស្ដាយ​ដ៏នៅអស់កល្បជានិច្ច​របស់ពួកគេ​ទេ​ឬអី ? (គ. និង ស. ១៨:១០-១៦) ។

« … ស៊ូស្លាប់​ ហើយ​បដិសេធ​នូវ​រាល់ពរជ័យ​ទាំងឡាយ​ដែល​បន្ដ​​រស់នៅ​ក្នុងជីវិតរមែង​ស្លាប់នេះ​ ជាជាងរស់នៅ ហើយដឹកនាំ​ព្រលឹង​ឲ្យ​​ឃ្លាត​ចេញពី​សេចក្ដីពិត ដែល​ជាហេតុ​ដែល​បុគ្គល​នោះ​ទទួល​នូវ​ការ​ផ្ដន្ទាទោស​ដ៏​នៅ​អស់កល្បជានិច្ច » (Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣], ១:៤២០) ។

ម៉ាកុស៩ :៤៣– ៤៨​។ ការ​ញែកខ្លួន​យើង​ចេញពី​ឥទ្ធិពល​ទាំងឡាយ​ដែល​ដឹកនាំ​យើង​ឲ្យធ្វើអំពើបាប

ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានបង្រៀនអំពី​ពេល វេលា​ដែល​វា​ត្រឹម​ត្រូវ​ដើម្បី​ញែកខ្លួន​យើង​ចេញ ពី​អ្នកទាំងឡាយ​ដែល​នាំ​យើង​ឲ្យ​ធ្វើ​អំពើបាប ៖

« តើ​អ្នក​នឹង​ជ្រើសរើស​សេពគប់​មនុស្ស​បែប​ណា ?

« អ្នក​នឹង​សេពគប់​មនុស្ស​ល្អ​ជាច្រើន ដែល​ជឿ​លើ​ព្រះ​ដូចគ្នា ។ មិនថា​ពួកគេ​ជា​សាសនា​យូដា កាតូលីក ប្រូតេស្ដង់ ឬ ម៉ូស្លីមទេ ​ពួក​អ្នក​ជឿ​ដឹង​ថា​មាន​សេចក្ដីពិតទាំង​ស្រុង ។ …

« នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ក្នុង​ជីវិត អ្នក​ក៏​នឹង​ជួបមនុស្ស​​ដែល​មិន​ជឿព្រះ​ផង​ដែរ ។ ពួកគេ​ភាគ​ច្រើន ពុំ​ទាន់​រក​ឃើញ​សេចក្ដី​ពិតអំ​ពី​ព្រះ​ ហើយ​មិន​ដឹងថា​ទៅរក​នៅ​កន្លែងណា​នៅឡើយទេ ។ ប៉ុន្តែ​អ្នក​រាល់​គ្នា ដែល​ជា​យុវវ័យ​ដែល​មាន​សិទ្ធិពីកំណើតដ៏​ថ្លៃថ្នូរ នឹង​ជួយស្រោច​ស្រង់ដល់​ពួកគេ ។ …

« នៅ​ពេល​អ្នក​សេពគប់​នឹង​ពួក​អ្នក​មិន​ជឿ​ព្រះ ចូរ​ប្រុង​ប្រយ័ត្ន​ថា ពួក​គេ​មួយ​ចំនួន​អាច​នឹង​មិន​ខ្វល់​ពីចំណាប់អារម្មណ៍​ក្នុង​ចិត្ត​អ្នក​ឡើយ ( សូមមើល គ. និង ស. ១:១៦; ៨៩:៤ ) ។ កាល​អ្នក​ដឹង​ពី​ការណ៍​នោះភ្លាម សូម​ចាកចេញ​ពី​ពួកគេឲ្យឆាប់ ហើយ​ជា​រៀង​រហូត (សូម​មើលធីម៉ូថេទី ១ ៦:៥–៦, ១១) (« What Will You Choose? » Ensign, ខែ ​មករា ឆ្នាំ ២០១៥, ៣៣, ឬ Liahona, ខែ​ មករា ឆ្នាំ ២០១៥, ២១ ) ។

ម៉ាកុស៩ :៤៣– ៤៨​។ ទៅក្នុង « នរក …ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ »

ពាក្យថា នរក នៅក្នុង ម៉ាកុស ៩:៤៣, ៤៥, ៤៧​ គឺជា​ការ​បក​ប្រែ​នៃពាក្យ gehenna ដែល​ជាទម្រង់​ភាសា​ក្រិក​ចេញមកពី​ពាក្យ​ហេព្រើរ​ថា gehinnom, ដែល​មានន័យថា « ច្រក​ភ្នំ​ហ៊ីនណំម » ។ នៅក្នុង​ជ្រលង​ភ្នំ​ក៏​ជ្រៅ​នេះ​នៅប៉ែក​ខាង​ត្បូង​នៃ​ទីក្រុង​យេរូសាឡិម « ពួក​យូដា​ដែល​គោរព​រូប​សំណាក បាន​ថ្វាយ​កូនចៅ​របស់ពួកគេ [ ជាពលិកម្ម ] ដល់ [ ព្រះ​ផាហ្គាន ] ព្រះ​ម៉ូឡុក​របស់​ពួកគេ (របា. ទី ២ ២៨:៣, ៣៣:៦, យេរេ. ៧:៣១, ១៩:២–៦) » (Bible Dictionary, « Hell ») ។ បន្ទាប់ពី​ស្តេច​យ៉ូសៀស បាន​បញ្ឈប់​នូវ​ការ​អនុវត្តនេះ នោះ​ជ្រលង​ភ្នំ​នេះ « បានប្រើ​ធ្វើជា​កន្លែង​មួយ​សម្រាប់​ដុតមនុស្ស​ដែល​គេ​បដិសេធ​នៃទីក្រុង (ពង្សាវ. ទី ២ ២៣:១០) ហើយ​តាមរបៀប​នោះ វា​បានក្លាយទៅជា​និមិត្តរូប​នៃកន្លែង​ធ្វើទណ្ឌកម្ម (ម៉ាថាយ. ៥:២២, ២៩–៣០, ១០:២៨, ១៨:៩, ២៣:១៥, ៣៣, ម៉ាកុស ៩:៤៣, ៤៥, ៤៧, លូកា ១២:៥, យ៉ាកុប ៣:៦) ។ ការ​បង្ហាញអំពី ‹ ភ្លើង​នរក › ប្រហែលជា​ពាក់ព័ន្ធ​ទៅនឹង​ការបង្ហាញ​ដែល​ចេញមកពី​គំនិត​របស់​មនុស្ស ដែល​​មើល​ឃើញ​ពី​ការ​ឆេះ​មិន​រលត់​នេះ និង​គឺជា​និមិត្តរូប​អំពី​ទណ្ឌកម្ម​នៃ​អ្នកទាំងឡាយ​ដែល​មិនមានឆន្ទៈ​គោរព​ព្រះ » ( Bible Dictionary,« Hell ») ។

ម៉ាកុស ៩:៤៤, ៤៦សំដៅទៅលើ​ការ​បះបោរ ដែលមាន​ដង្កូវ​ដែល​ « មិនដែល​ស្លាប់ » ។ ប្រភេទ​​ដង្កូវ​មួយ​ចំនួនរស់រវើក​នៅក្នុង​សម្រាម ។ ដង្កូវ​ប៉ារ៉ាស៊ីតរស់នៅ​ក្នុង​រូបកាយមនុស្ស​ ដែលបណ្ដាល​ឲ្យ​មាន​នូវ​ជំងឺ និង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង ។ ហេតុដូច្នេះ ដង្កូវ​ « មិនដែល​ស្លាប់ » តំណាង​ឲ្យ​ការ​ចងចាំ និង​វិប្បដិសារី​ក្នុងមនសិកា​រអំពី​ការ​បះបោរ​ដែល​នឹង​បន្ដ​នៅ​រវើក និង​ដាក់ទណ្ឌកម្ម​ដល់ពួកគេ​នៅក្នុងជីវិត​ក្រោយ ។