បណ្ណាល័យ
មេរៀន​សិក្សា​នៅផ្ទះ ៖ វិវរណៈ ១២–២២ ( មេរៀនទី ៣២ )


មេរៀន​សិក្សា​នៅ​ផ្ទះ

វិវរណៈ ១២–២២ ( មេរៀន​ទី ៣២ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​ស្ដីពី​ព្រឹត្តិការណ៍​គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា វិវរណៈ ១២–២២ ( មេរៀន​ទី ៣២ ) ពុំ​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិតពីព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិតអំពីតម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( វិវរណៈ ១២–១៣ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ការ​និមិត្ត​របស់​យ៉ូហាន​​អំពី​នាគ និង​ស្ត្រី​មាន​គភ៌ ពួកគេ​បាន​រៀន​ថា សាតាំងដែល​តំណាង​ដោយ​សត្វ​នាគ ស្វែង​រក​បំផ្លាញ​សាសនាចក្រ និង​នគរ​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សង្គ្រាម​នេះ​បាន​ចាប់ផ្ដើម​នៅ​ជីវិត​មុន​កើត​មក​លើ​ផែនដី​នេះ ។ សិស្ស​បាន​រៀន​ថា យើង​អាច​យក​ឈ្នះ​លើ​ឥទ្ធិពល​របស់​សាតាំង​​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ដោយបន្ត​មានចិត្តស្មោះ​ចំពោះ​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹងល្អ ។

ថ្ងៃ​ទី ២ ( វិវរណៈ ១៤–១៦ )

នៅ​ក្នុង​ការ​និមិត្ត​របស់​យ៉ូហាន​អំពី​ការ​មើល​ឃើញ​ទេវតា​មួយ​អង្គ​យាង​មកផែនដី​វិញ​នៅ​ថ្ងៃ​ចុងក្រោយ សិស្ស​បាន​រៀន​ថា ហេតុផល​មួយ​ដែល​ព្រះ​បាន​ស្ដារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង​វិញ ​គឺ​ដើម្បី​រៀបចំ​មនុស្ស​លោក​នៅលើ​ផែនដី​នេះ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ក៏​រៀន​នូវ​គោលការណ៍​ដូច​តទៅ​នេះ​ផង​ដែរ ៖ ប្រសិន​បើ​យើង​រស់​នៅ​ដោយ​សុចរិត នោះ​​យើង​នឹង​មាន​ពរ​ចំពោះ​កិច្ចការ​របស់​យើង ហើយ​សម្រាក​ពី​ការងារ​របស់​យើង​បន្ទាប់​​ពី​យើង​ស្លាប់​ទៅ ។ ប្រសិន​បើ​យើង​ចាំ​យាម ហើយ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ នោះ​យើង​នឹង​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃ​ទី ៣ ( វិវរណៈ ១៧–១៩ )

សិស្ស​បាន​រៀន​ថា នៅ​ថ្ងៃចុងក្រោយ ព្រះយេស៊ូវ​​គ្រីស្ទ​នឹង​ឈ្នះ​លើ​អំពើ​ទុច្ចរិត​នៃលោកិយ​នេះ ។ ពួក​គេ​ក៏​រៀន​ផង​ដែរ​ថា ការ​ញែក​ខ្លួន​យើង​ចេញ​ពី​អំពើ​ទុច្ចរិត​នៃ​លោកិយ​អាច​ជួយ​យើង​ឲ្យ​ចៀស​ផុត​ពី​អំពើ​បាប និង​ការ​កាត់​សេចក្ដី​ដែល​នឹង​កើត​មាន​​ដល់​មនុស្ស​ទុច្ចរិត​នៅ​ថ្ងៃ​ចុងក្រោយ ។ នៅ​ពេល​សិស្ស​ប្រៀប​ធៀប​អាពាហ៍​ពិពាហ៍​ទៅ​នឹង​ការ​យាង​មក​ជា​លើក​ទីពីរ ពួកគេ​បាន​រៀន​ថា ប្រសិន​បើ​យើង​ស្អាត​ស្អំ ហើយ​សុចរិត នោះ​​យើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃ​ទី ៤ ( វិវរណៈ ២០–២២ )

នៅ​ជំពូក​បញ្ចប់​នៃ​ការ​និមិត្ត​របស់​យ៉ូហាន សិស្ស​បាន​រៀន​នូវ​សេចក្ដី​ពិត​ដូច​តទៅ ៖ ព្រះ​នឹង​កាត់​សេចក្ដី​យើង​ចេញ​ពី​សៀវភៅ​​ដែល​បាន​សរសេរ​ទុក​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​យើង ។ ព្រះ​នឹង​គង់​នៅ ហើយ​លួង​លោម​រាស្ត្រ​ទ្រង់ ហើយ​ពួកគេ​នឹង​លែង​ជួប​សេចក្ដី​ស្លាប់ ភាព​សោកសៅ ឬ​ការ​ឈឺចាប់​ទៀត​ហើយ ។ ប្រសិន​បើ​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ទទួល​បាន​នូវ​​រាល់​ពរជ័យ​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ។

សេចក្ដីផ្ដើម

សាវក​យ៉ូហាន​បាន​និមិត្តឃើញ​ព្រឹត្តិការណ៍​ជា​ច្រើន​ដែល​នឹង​កើត​ឡើង​ភ្លាមៗ ​ពី​មុន​និង​នៅ​ក្នុង​រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ ។ លោក​ក៏​បាន​ឃើញ​ផង​ដែរ​អំពី​ចម្បាំង​ចុង​ក្រោយ​រវាង​សាតាំង និង​ទ័ព​របស់​ព្រះ​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ហើយ​លោក​បាន​ឃើញ​ការ​កាត់​សេចក្ដី​ចុងក្រោយ ជា​គ្រា​ដែល​ព្រះ​នឹង​កាត់​សេចក្ដី​មនុស្ស​គ្រប់​គ្នា​ចេញ​ពី​សៀវភៅ​​ដែល​បាន​កត់ត្រា​ទុក ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ២០:១–៦

យ៉ូហាន​ឃើញ​អ្វី​ដែល​នឹង​កើត​ឡើង​ភ្លាមៗ​ពី​មុន ​និង​នៅ​ក្នុង​រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ការ​និមិត្ត

សូម​ឲ្យ​សិស្ស​គិត​អំពី​ការ​ប្រកួត​មួយ ​( ដូចជា​ព្រឹត្តិការណ៍​ខាង​សិល្បៈ ឬ​ខាង​អត្តពលកម្ម )​ ដែល​ពួកគេ​បាន​ចូល​រួម ទោះ​បី​ជា​ពួកគេ​បាន​ដឹង​ខ្លួន​ជាមុន​​ថា ពួកគេ​នឹង​ត្រូវ​ចាញ់​ក៏​ដោយ ។ បន្ទាប់​មក ​សូម​ឲ្យ​ពួកគេ​គិត​អំពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​មួយ​ដែល​ពួកគេ​ជឿ​ថា ពួកគេ​នឹង​ឈ្នះ ។

  • តើ​ការ​រំពឹង​ទុក​របស់​អ្នក​អំពី​លទ្ធផល​នៃ​ការ​ប្រកួត​មួយ​អាច​ផ្លាស់​ប្ដូរ​ការ​ខិតខំ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​មនុស្ស​សុខ​ចិត្ត​បោះបង់​ចោល​ការ​ប្រកួត ​នៅ​ពេល​ពួកគេ​គិត​ថា​ពួកគេ​នឹង​ចាញ់​នោះ ? តើ​នៅ​ពេល​ណា​ដែរ ដែល​អ្នក​គិត​ថា អ្នក​នឹង​ចាញ់ ប៉ុន្តែ​បែរ​ជា​ឈ្នះ​វិញនោះ ?

សូម​ពន្យល់​សិស្ស​ថា នៅ​ពេល​ពួកគេ​សិក្សា វិវរណៈ ២០ ពួកគេ​នឹង​រៀន​បន្ថែម​ទៀត​អំពី​ចម្បាំង​រវាង​អំពើ​ល្អ និង​អំពើ​អាក្រក់ និង​លទ្ធផល​ចុងក្រោយ​នៃ​ចម្បាំង​នោះ ។ នៅ​ពេល​សិស្ស​សិក្សា វិវរណៈ ២០ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត ​ដែល​អាចទាក់ទាញចិត្ត​ពួកគេ​ឲ្យ​បន្ត​ស្មោះ​ត្រង់​​ចំពោះ​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ចម្បាំង​​នេះ ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ២០:១–៣ ឲ្យ​ឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​ថា​នឹង​មាន​អ្វី​កើតឡើង​ដល់​សាតាំង​នៅ​ពេល​សហស្សវត្សរ៍ ។

  • តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​សាតាំង​អំឡុងពេល​សហស្សវត្សរ៍ ?

  • យោង​តាម​ខ​ទី ៣តើ​អ្វី​ទៅ​​ដែល​សាតាំង​ពុំ​អាច​ធ្វើ​បាន ដោយសារ​តែ​ត្រូវ​បាន​ចាប់​ចង ?

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ២០:៤–៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថាតើ​យ៉ូហាន​បាន​ឃើញ​ថា​នរណា​ខ្លះ​ទទួល​បាន​ការ​កាត់​សេចក្ដី ។

  • យោង​តាម ខ​ទី ៤ តើ​យ៉ូហាន​បាន​ឃើញ​ថា​ នរណា​ខ្លះ​ទទួល​បាន​ការ​កាត់​សេចក្ដី ?

  • តើ​ប្រជាជន​ទាំងនេះ​បា​នទទួល​រង្វាន់​អ្វីខ្លះ ​ដោយសារ​តែ​សេចក្ដី​ស្មោះត្រង់​របស់​ពួកគេ ?

  • តើ​ពួកគេ​នឹង​មាន​ចំណែក​អ្វីខ្លះ​នៅ​សហស្សវត្សរ៍ ? ( ការ​រស់​ឡើង​វិញ​លើក​ទីមួយ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​នៅ​ក្នុង វិវរណៈ ២០:៤–៦ អំពី​ពរជ័យ​ដែល​យើង​អាច​ទទួល​បាន ប្រសិន​បើ​យើង​ស្មោះ​ត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​គោលការណ៍​មួយ​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ស្មោះ​ត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​មាន​ចំណែក​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ ហើយ​គ្រង​រាជ្យ​ជាមួយ​នឹង​ព្រះគ្រីស្ទ​​នៅ​សហស្សវត្សរ៍ ) ។

សូម​ពន្យល់​ថា ការ​រស់​ឡើង​វិញ​លើក​​ទី​មួយ​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បានរួម​បញ្ចូល​ពួក​សុចរិត​ ដែល​បាន​ស្លាប់​ពីមុន​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ( សូម​មើល ម៉ូសាយ ១៥:២១–២៥, អាលម៉ា ៤០:១៦–២០ ) ។ ពួក​បរិសុទ្ធ​ភាគ​ច្រើន​ដែល​បាន​ស្លាប់​ បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​នឹង​បាន​រស់​ឡើង​វិញ​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល Bruce R. McConkie, Mormon Doctrine កំណែទី ២ [ ឆ្នាំ​ ១៩៦៦ ] ទំព័រ ៦៣៩; James E. Talmage The Articles of Faith កំណែទី ១២ [ ឆ្នាំ ១៩២៤ ] ទំព័រ​ ៣៨៥ ) ។ អស់អ្នកដែល​នឹងលេច​មក​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ រួម​មាន​ « ពួក​ព្យាការី និង​អស់​អ្នក​ណា​ដែល​បាន​ជឿ​តាម​ពាក្យ​សម្ដី​របស់​គេ » ( ម៉ូសាយ ១៥:២២ ) ជន​ដែល​បាន​ស្លាប់​ទៅ​នៅ​ក្នុង​ភាព​ល្ងិត​ល្ងង់ ដោយ​គ្មាន ​« អ្នក​ណា​ប្រកាស​ប្រាប់​អំពី​សេចក្ដី​សង្គ្រោះ​ដល់​គេ » ( ម៉ូសាយ ១៥:២៤, សូម​មើល​ផង​ដែរ គ. និង ស. ៤៥:៥៤ ) និង​ពួក​ក្មេង​តូចៗ​ដែល​បាន​ស្លាប់​ពី​មុន​វ័យ​ចេះ​ទទួល​ខុស​ត្រូវ ( សូម​មើល ម៉ូសាយ ១៥:២៥​,​​ មរ៉ូណៃ ៨:៤–២៤ ) ។ ពួក​ទុច្ចរិត និង​ជន​ដែល​ពុំ​ប្រែ​ចិត្ត​នឹង​ពុំ​បាន​រស់​ឡើង​វិញ​ឡើយ ​រហូត​ដល់​ការ​រស់​ឡើង​វិញ​ជា​លើក​ទីពីរ​ដែល​នឹង​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ( សូម​មើល គ. និង ស. ៧៦:៨៥ ) ។

  • តើ​ការ​ដឹង​ថា អ្នក​អាច​មាន​ចំណែក​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ ហើយ​គ្រង​រាជ្យ​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សហសវត្សរ៍ អាច​ជួយ​អ្នក​ឲ្យ​ស្មោះ​ត្រង់​នៅ​ពេល​នេះ​នៅ​ក្នុង​ចម្បាំង​ទាស់​នឹង​អំពើ​អាក្រក់​បាន​យ៉ាង​ដូច​ម្ដេច ?

សូម​ថ្លែង​ទីបន្ទាល់​ថា ជន​ដែល​បន្ត​ស្មោះត្រង់​នឹង​មាន​ចំណែក​មួយ​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​លើក​ទីមួយ ហើយ​គ្រង​រាជ្យ​នឹង​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​សហស្សវត្សរ៍ ។

វិវរណៈ ២០:៧–១១

យ៉ូហាន​ឃើញ​ចម្បាំង​ចុង​ក្រោយ​រវាង​សាតាំង និង​ទ័ព​នៃ​ព្រះ​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ។

សូម​សរសេរ​ឃ្លា​មិន​ពេញ​លេញ​ខាង​ក្រោម​នេះ នៅ​លើ​ក្ដារខៀន ៖នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ …​

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២០:៧–១០ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ព្រឹត្តិការណ៍​ ដែល​យ៉ូហាន​បាន​ពិពណ៌នា​ថា​នឹង​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ឡើង​មក​ក្ដារ​ខៀន​​សរសេរ​អំពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​យ៉ូហាន​បាន​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​អ្វីខ្លះ ? ( សូម​ពន្យល់​ថា ឈ្មោះ សាសន៍​កុក និង សាសន៍​ម៉ាកុក នៅ​ក្នុង ខទី ៨ សំដៅ​ទៅ​លើ​ទ័ព​ដែល​សាតាំង​នឹង​ប្រើ​​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ដើម្បី​ច្បាំង​ជា​លើក​ចុងក្រោយ​ទាស់​នឹង​រាស្ត្រ​របស់​ព្រះអម្ចាស់ [ សូម​មើល គ. និង ស. ៨៨:១១០–១១៤ ] ) ។

  • បន្ទាប់​ពី​ចម្បាំង​នេះ តើ​នឹង​មាន​អ្វីខ្លះ​កើត​ចំពោះ​អារក្ស និង​ពួក​បរិវារ​របស់​វា ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួច សូម​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន​ដើម្បី​ឲ្យ​វា​មាន​ន័យ​ដូច​តទៅ​នេះ ៖ នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ទ័ព​របស់​ព្រះ​នឹង​យក​ឈ្នះ​លើ​សាតាំង និង​ពួក​ពល​បរិវារ​របស់​វា  ) ។

  • ហេតុអ្វី​វា​គឺជា​រឿង​ដ៏​សំខាន់​ដែល​យើង​ត្រូវ​ដឹងអំពីលទ្ធផល​ចុងក្រោយ​នៃ​ចម្បាំង​រវាង​ព្រះ និង​សាតាំង ?

វិវរណៈ ២០:១២–១៥

យ៉ូហាន​ឃើញ​សេចក្តី​ជំនុំ​ជម្រះ​ចុងក្រោយ

សូម​ពន្យល់​ថា ជា​ផ្នែក​មួយ​នៅ​ក្នុង​ផែនការ​​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ មនុស្ស​គ្រប់​​រូប​ដែល​ធ្លាប់​រស់​នៅ​លើ​ផែនដី​នេះ​​នឹង​ឈរ​ទទួល​ការ​កាត់​សេចក្ដី​នៅ​ចំពោះ​ព្រះ ។ សូម​ឲ្យ​សិស្ស​នឹក​ស្រមៃ​អំពី​ទិដ្ឋភាព​នៃ​សេចក្តី​ជំនុំ​ជម្រះ​ចុងក្រោយ ។

  • តើ​អ្នក​ចង់​គិត ហើយ​ទទួល​អារម្មណ៍​អំពី​អ្វី​ដែរ នៅ​ពេល​អ្នក​ឈរ​ទទួល​ការ​កាត់​សេចក្ដី​នៅ​ចំពោះ​​មុខ​ព្រះនោះ ?

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន វិវរណៈ ២០:១២–១៣ ​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា ព្រះ​នឹង​កាត់​សេចក្ដី​យើង​យ៉ាង​ដូចម្ដេច ។

  • តើ​យើងអាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​នៅ​ក្នុង​ខ​ទី ១២ អំពី​របៀប​ដែល​យើង​នឹង​ទទួល​​ការ​កាត់​សេចក្ដី ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ព្រះ​នឹង​កាត់​សេចក្ដី​យើង​ចេញ​ពី​សៀវភៅ​ដែល​បាន​សរសេរ​ទុក​ស្រប​តាមការប្រព្រឹត្ត​របស់​យើង ) ។

  • តើ​យ៉ូហាន​បាន​ឃើញ​សៀវភៅ​អ្វីខ្លះ ? ( ព្រះគម្ពីរ និង​កំណត់ត្រា​សាសនាចក្រ​ដែល​កត់​ត្រា​​ពិធី​បរិសុទ្ធ​នៃ​ការ​សង្គ្រោះ ហើយ​ប្រហែល​ជា​ទង្វើ​ផ្សេងៗ​ទៀត និង​បញ្ជី​ជីវិត [ សូម​មើល នីហ្វៃទី ២ ២៩:១០–១១, គ. និង ស. ១២៨:៦–៧, Bible Dictionary « Book of life » ] ) ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ទៀត​អំពី​សេចក្តីជំនុំ​ជម្រះ​ចុងក្រោយ ? ( កំណត់​ចំណាំ ៖ នៅ​ក្នុង​មេរៀន​ទី ៣២ ៖ ថ្ងៃ​ទី ៤ លំហាត់​ទី ៣ សិស្ស​បាន​រក​ឃើញ​បទគម្ពីរ​បន្ថែម​ទៀតដែលបង្រៀន​អំពី​សេចក្តីជំនុំ​ជម្រះ​ចុងក្រោយ ) ។

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ថា បន្ថែម​ពី​លើ​ការ​ប្រព្រឹត្ត​របស់​យើង យើង​នឹង​ទទួល​ការ​កាត់​សេចក្ដី​ស្រប​តាម​បំណង​ប្រាថ្នា​នៃ​ដួង​ចិត្ត​របស់​យើង ( សូម​មើល គ. និង ស. ១៣៧:៩, សូម​មើល​ផង​ដែរ អាលម៉ា ៤១:៣–៥ ) ។

  • តើ​ការ​ដឹង​ថា យើង​នឹង​ទទួល​បាន​ការ​កាត់​សេចក្ដី​​ស្រប​តាម​បំណង​ប្រាថ្នា​នៃ​ដួង​ចិត្ត​របស់​យើង​នោះ ​ជះឥទ្ធិពល​ទៅ​លើ​អ្វី​ដែល​យើង​ធ្វើ​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ​នេះ និង​របៀប​ដែល​វា​ជះឥទ្ធិពល​ដល់​ការ​ជ្រើស​រើស​របស់​អ្នក ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២២:១៤ ឲ្យ​ឮ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ចងចាំ​អំពី​គោលការណ៍​ ដែល​ពួកគេ​បាន​រៀន​មក​ពី​ខគម្ពីរ​នេះ​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​នៅ​ផ្ទះ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​នេះ ? ( ប្រសិន​បើ​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ទទួល​បាន​នូវ​​រាល់​ពរជ័យ​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារ​ខៀន ) ។

  • ហេតុអ្វី​ក៏​ការណ៍​នេះ​គឺជា​សេចក្ដី​ពិត​ដ៏​ត្រឹមត្រូវ​មួយ​ ដើម្បី​បញ្ចប់​ការ​សិក្សា​របស់​យើង​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដី​ពិត​មួយ​ចំនួន ​ដែល​បាន​ជះឥទ្ធិពល​ដល់​ពួកគេ​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​នា​ឆ្នាំ​នេះ​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ណា​ក៏​បាន ដែល​មាន​បំណង​ចង់​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​​អំពី​សេចក្ដី​ពិត​ទាំង​នេះ និង​អំពី​ភាព​ជា​ព្រះ​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​សិក្សា​ព្រះគម្ពីរ​​ទាំងឡាយ​ជា​រៀងរាល់​ថ្ងៃ ។ ប្រសិន​បើ​ពួកគេ​ចូល​ថ្នាក់​សិក្ខាសាលា​នៅ​ឆ្នាំ​ក្រោយ ឬ​ប្រសិន​បើ​ពួកគេ​កំពុង​រៀបចំ​ខ្លួន​ទៅ​បេសកកម្ម សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចាប់​ផ្ដើម​អាន​ព្រះគម្ពីរ​មរមន​នៅ​ថ្ងៃ​នេះ ។