មេរៀនទី ១៥៨
វិវរណៈ ១៧-១៩
សេចក្ដីផ្ដើម
យ៉ូហានបានមើលឃើញថា បាប៊ីឡូនខាងវិញ្ញាណ ឬភពនៃមនុស្សទុច្ចរិត នឹងច្បាំងទាស់នឹងកូនចៀមនៃព្រះ ហើយថាកូនចៀមនឹងមានជ័យជំនះលើអារក្ស ។ ពួកបរិសុទ្ធត្រូវបានហៅឲ្យចេញពីបាប៊ីឡូនខាងវិញ្ញាណ ហើយអ្នកដែលស្អាតស្អំ ហើយសុចរិតនឹងត្រូវបានហៅឲ្យចូលរួមពិធីលាងសោយភោជក្នុងពិធីរៀបអភិសេកនៃកូនចៀម ។ យ៉ូហានបានមើលឃើញព្រះយេស៊ូវគ្រីស្ទយាងមក នៅក្នុងព្រះចេស្ដាដ៏អស្ចារ្យដើម្បីបំផ្លាញជនដែលទាស់នឹងទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
វិវរណៈ ១៧-១៨
យ៉ូហានបានឃើញទុកជាមុនពីការបំផ្លិចបំផ្លាញនៃបាប៊ីឡូនខាងវិញ្ញាណ
ចូរសរសេរនៅលើ ក្ដារខៀន នូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ លីន ជី រ៉ូប៊ីន ក្នុងពួកចិតសិបនាក់ ហើយអញ្ជើញសិស្សឲ្យអានវាឮៗ ។ (សេចក្ដីថ្លែងកាណ៍មាននៅក្នុង « Avoid It » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៣ ] ទំព័រ ១, speeches.byu.edu ) ។
-
ហេតុអ្វីអ្នកគិតថា ការគេចវេសចេញពីការល្បួងគឺងាយស្រួលជាងការតតាំងនឹងវា ?
-
តើអាចមានអ្វីកើតឡើង ប្រសិនបើយើងដាក់ខ្លួនឯងនៅក្នុងស្ថានភាពដែលយើងត្រូវតែតតាំងនឹងការល្បួងជានិច្ចនោះ ?
នៅពេលសិស្សសិក្សា វិវរណៈ ១៧–១៨ សូមអញ្ជើញពួកគេឲ្យរកមើលពី សេចក្ដីពិតដែលនឹងជួយពួកគេឲ្យស្គាល់ពីរបៀបចៀសវៀងពីការល្បួង និងអំពើបាបជាច្រើននៃពិភពលោកនេះ ។
សូមរំឭកសិស្សថា យ៉ូហានបានឃើញនៅក្នុងការនិមិត្តនូវទេវតាប្រាំពីរអង្គដែលនឹងចាក់គ្រោះចង្រៃលើមនុស្សទុច្ចរិតនៅថ្ងៃចុងក្រោយ ( សូមមើល វិវរណៈ ១៦ ) ។ សូមអញ្ជើញសិស្សម្នាក់អាន វិវរណៈ ១៧:១ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ទេវតាមួយអង្គក្នុងចំណោមទេវតាទាំងប្រាំពីរបានមានបន្ទូលថានឹងបង្ហាញអ្វីខ្លះដល់យ៉ូហាន ។
-
តើទេវតាអង្គនោះបានមានបន្ទូលថា ទ្រង់នឹងបង្ហាញអ្វីខ្លះដល់យ៉ូហាន ?
សូមអញ្ជើញសិស្សឲ្យអានវិវរណៈ ១៧:១៥ដោយស្ងាត់ស្ងៀម ហើយរកមើលថាដែនទឹកដ៏ច្រើននោះតំណាងឲ្យអ្វី ។
-
យោងតាម ខទី ១៥តើទឹកដ៏ច្រើនដែលស្ត្រីនោះអង្គុយលើតំណាងឲ្យអ្វី ? ( ប្រជាជន និងជាតិសាសន៍ដែលនាងមានអំណាច និងឥទ្ធិពលលើ [ សូមមើលផងដែរ នីហ្វៃទី ១ ១៤:១១ ] ) ។
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង វិវរណៈ ១៧:២-៦ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលពាក្យ និង ឃ្លានានាដែលពិពណ៌នាអំពីស្ត្រីនោះ និងឥទ្ធិពលរបស់នាងទៅលើពិភពលោកនេះ ។
-
តើពាក្យ ឬឃ្លាណាខ្លះដែលពិពណ៌នាពីស្ត្រីនោះ ?
-
យោងតាម ខទី ២តើឥទ្ធិពលរបស់ស្ត្រីនោះទៅលើពួកអ្នកដឹកនាំ និងប្រជាជននៅលើផែនដីនេះត្រូវបានរៀបរាប់យ៉ាងដូចម្ដេច ?
-
នៅក្នុង ខទី ៦ ការដែលស្ត្រីនោះស្រវឹងនឹងឈាមនៃពួកបរិសុទ្ធ និងពួកទុក្ករបុគ្គល តើអ្នកគិតថាវាតំណាងឲ្យអ្វី ? ( នៅគ្រប់សម័យកាល មនុស្សសុចរិតជាច្រើនត្រូវបានមនុស្សទុច្ចរិតសម្លាប់ ហើយពាក្យនៅក្នុងបទគម្ពីរបានណែនាំថា ការសម្លាប់មនុស្សសុចរិតមានឥទ្ធិពលដ៏ញៀនស្រវឹងចំពោះអស់អ្នកដែលប្រព្រឹត្តឃាតកម្ម ) ។
សូមពន្យល់ថា សត្វដែលបានរៀបរាប់នៅក្នុង ខទី ៣ អាចនឹងតំណាងឲ្យក្រុងរ៉ូមនៅជំនាន់របស់យ៉ូហាន ក៏ដូចជានគរ និងប្រជាជាតិដ៏ពុករលួយនៅថ្ងៃចុងក្រោយផងដែរ ( សូមមើល វិវរណៈ ១៧:៨–១៣ ) ។
សូមឲ្យសិស្សពិចារណាថា នរណា ឬអ្វីទៅដែលតំណាងឲ្យស្ត្រីដែលបានរៀបរាប់នៅក្នុង ខទី ១–៦ ។ សូមអញ្ជើញសិស្សឲ្យអាន វិវរណៈ ១៧:១៨ ដោយស្ងៀមស្ងាត់ ហើយរកមើលថា ស្ត្រីនោះតំណាងឲ្យអ្វី ។
-
យោងតាមខទី ១៨តើស្ត្រីនោះតំណាងឲ្យអ្វី ?
សូមពន្យល់ថា « ទីក្រុងដ៏ធំ » ( ខទី ១៨ ) សំដៅទៅលើបាប៊ីឡូនខាងវិញ្ញាណ ( សូមមើល គ. និង ស. ១៣៣:១៤ ) ។ ដោយសារតែរឿងខាងលោកិយ និងភាពពុករលួយនៃបាប៊ីឡូនកាលពីបុរាណ និងដោយសារតែវាគឺជាកន្លែងមួយដែលកូនចៅអ៊ីស្រាអែលត្រូវជាប់ក្នុងសេវកភាព ដូចបានប្រើប្រៀបធៀបនៅក្នុងព្រះគម្ពីរជារឿយៗតំណាងឲ្យអំពើបាប រឿងលោកិយ ឥទ្ធិពលនៃអំពើអាក្រក់នៅលើផែនដី និងសេវកភាពខាងវិញ្ញាណ ( សូមមើលផងដែរ នីហ្វៃទី១ ១៣:១–៩, ១៤:៩–១០ ) ។
សូមសរសេរនៅលើក្ដារខៀន ៖ ស្ត្រីនោះ = បាប៊ីឡូន ឬអំពើទុច្ចរិតនៃលោកិយ
សូមអញ្ជើញសិស្សឲ្យអាន វិវរណៈ ១៧:១៤ ដោយស្ងៀមស្ងាត់ ហើយរកមើលថាបាប៊ីឡូននឹងច្បាំងទាស់នឹងនរណា ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើអ្វីទៅនឹងក្លាយជាលទ្ធផលនៃសង្គ្រាមនេះ ? ( បន្ទាប់ពីសិស្សឆ្លើយតប ចូរសរសេរសេចក្ដីពិតដូចតទៅនៅលើក្ដារខៀន ៖ នៅថ្ងៃចុងក្រោយ ព្រះយេស៊ូវគ្រីស្ទនឹងយកឈ្នះលើអំពើទុច្ចរិតនៃលោកិយ ) ។
-
តើការដឹងពីសេចក្ដីពិតនេះអាចជួយអ្នកយ៉ាងណាដែរ នៅក្នុងនាមជាអ្នកដើរតាមម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ?
សូមសង្ខេប វិវរណៈ ១៨:១–៣ ដោយពន្យល់ថា មានទេវតាមួយអង្គទៀតបានប្រកាសពីការធ្លាក់នៃបាប៊ីឡូនដ៏ទុច្ចរិតនោះ ។
សូមអញ្ជើញសិស្សម្នាក់អាន វិវរណៈ ១៨:៤ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាព្រះអម្ចាស់បានបង្គាប់ឲ្យរាស្ត្ររបស់ទ្រង់ធ្វើអ្វីខ្លះ ។
-
តើព្រះអម្ចាស់បានបង្គាប់ឲ្យរាស្ត្ររបស់ទ្រង់ធ្វើអ្វីខ្លះ ?
-
តើហេតុផលអ្វីទៅដែលព្រះអម្ចាស់បានបង្គាប់ឲ្យរាស្ត្ររបស់ទ្រង់ចេញពីបាប៊ីឡូនដូច្នេះ ? ( ដើម្បីចៀសវាងពីអំពើបាបនៃលោកិយ និងគ្រោះចង្រៃ ឬការកាត់សេចក្ដីដែលកើតមានដល់ពួកទុច្ចរិត ) ។
-
តើយើងអាចស្គាល់ សេចក្ដីពិត អ្វីខ្លះនៅក្នុងសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដល់រាស្ត្ររបស់ទ្រង់ ឲ្យញែកខ្លួនពួកគេចេញពីអំពើទុច្ចរិតនៃលោកិយ ? ( ទោះបីជាសិស្សប្រើពាក្យខុសគ្នាក្ដី សូមធ្វើឲ្យប្រាកដថា ពួកគេស្គាល់សេចក្ដីពិតមួយស្រដៀងគ្នានឹងសេចក្ដីពិតដូចតទៅនេះ ៖ ការញែកខ្លួនយើងចេញពីអំពើទុច្ចរិតនៃលោកិយអាចជួយយើងឲ្យចៀសផុតពីអំពើបាប និងការកាត់សេចក្ដីដែលនឹងកើតមានដល់មនុស្សទុច្ចរិតនៅថ្ងៃចុងក្រោយ ។ អ្នកគួរឲ្យយោបល់សិស្សឲ្យគូសចំណាំពាក្យនៅក្នុងខទី ៤ដែលបង្រៀនពីសេចក្ដីពិតនេះ ) ។
សូមចែកសិស្សជាក្រុម ដែលមានគ្នាពីរទៅបួននាក់ ។ សូមផ្ដល់ សំណួរ ដូចខាងក្រោមនេះដល់ក្រុមនីមួយៗជាសំណៅចែក ហើយណែនាំសិស្សឲ្យពិភាក្សាសំណួរទាំងនោះជាមួយក្រុមពួកគេ ៖
ការញែកខ្លួនយើងចេញពីបាប៊ីឡូនខាងវិញ្ញាណ
ព្រះគម្ពីរសញ្ញាថ្មី សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា—មេរៀនទី ១៥៨
-
តើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលត្រូវបានស្ដារឡើងវិញ ជួយយើងឲ្យញែកខ្លួនយើងពីអំពើទុច្ចរិតនៃលោកិយយ៉ាងដូចម្ដេច ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីញែកចេញខ្លួនយើងចេញពីអំពើទុច្ចរិតខាងលោកិយ ពេលយើងបន្តរស់នៅក្នុងចំណោមសេចក្ដីស្រឡាញ់ ហើយទាក់ទងនឹងជនដែលមានបទដ្ឋានខុសពីយើង ?
-
តើការញែកខ្លួនចេញពីឥទ្ធិពល និងការអនុវត្តទុច្ចរិតបានជួយអ្នក ឬមនុស្សដទៃទៀតដែលអ្នកស្គាល់ឲ្យចៀសផុតពីការល្បួង និងអំពើបាបមួយចំនួននៃលោកិយបានយ៉ាងដូចម្ដេច ?
© 2015 by Intellectual Reserve, Inc. All rights reserved.
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សបីបួននាក់ ឲ្យចែកចាយដល់សិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានពិភាក្សា ។ សូមអញ្ជើញសិស្សឲ្យសរសេរនៅលើក្រដាស ( ១ ) ឥទ្ធិពល ឬការអនុវត្តទុច្ចរិតដែលពួកគេត្រូវញែកខ្លួនពួកគេចេញ និង ( ២ ) របៀបដែលពួកគេធ្វើកិច្ចការនេះ ។ សូមអញ្ជើញពួកគេឲ្យទុកក្រដាសនោះនៅកន្លែងដែលពួកគេអាចផ្ទៀងមើលជាញឹកញាប់ ហើយលើកទឹកចិត្តពួកគេឲ្យអនុវត្តនូវអ្វីដែលពួកគេបានសរសេរ ។
សូមសង្ខេប វិវរណៈ ១៨:៥–២៤ ដោយពន្យល់ថា យ៉ូហានបានឃើញពីការធ្លាក់នៃបាប៊ីឡូនទុច្ចរិត និងភាពសោកសៅនៃពួកអ្នកគាំទ្ររបស់វា ។
វិវរណៈ ១៩
យ៉ូហានឃើញព្រះយេស៊ូវគ្រីស្ទយាងមកនៅក្នុងព្រះចេស្ដា ដើម្បីបំផ្លាញជនដែលទាស់នឹងទ្រង់ ។
សូមបង្ហាញរូបភាពមួយនៃកូនកំលោះ និងកូនក្រមុំមួយគូ ។ សូមសួរសិស្សថា អំណោយអ្វីទៅជាអំណោយដ៏ល្អបំផុត ដែលពួកគេអាចផ្ដល់ឲ្យទៅស្វាមី ឬភរិយារបស់ពួកគេនាពេលអនាគតនៅថ្ងៃមង្គលការរបស់ពួកគេ ។ បន្ទាប់ពីសិស្សឆ្លើយតប សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
រូបភាពអែលឌើរ ជេហ្វ្រី អ័រ ហូឡិន« នៅថ្ងៃមង្គលការរបស់អ្នក អំណោយដ៏ល្អបំផុតដែលអ្នកអាចផ្ដល់ឲ្យដៃគូដ៏នៅអស់កល្បជានិច្ចរបស់អ្នកនោះគឺចរិតលក្ខណៈដ៏ល្អបំផុតរបស់អ្នក—ស្អាតស្អំ ហើយបរិសុទ្ធ ហើយសក្ដិសមនឹងទទួលបានមកវិញនូវបរិសុទ្ធភាព » ( « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ១៩៩៨ ទំព័រ ៧៧ ) ។
-
ហេតុអ្វីអ្នកគិតថាការស្អាតស្អំ ហើយបរិសុទ្ធគឺជាអំណោយដ៏ល្អបំផុតដែលអ្នកអាចផ្ដល់ឲ្យស្វាមី ឬភរិយារបស់អ្នកនៅថ្ងៃមង្គលការ ?
សូមពន្យល់ថា វិវរណៈ ១៩ កត់ត្រារឿងប្រៀបប្រដូចមួយអំពីអាពាហ៍ពិពាហ៍ដែលត្រូវបានប្រើ ដើម្បីបរិយាយពីការយាងមកជាលើកទីពីរ ។ សូមសង្ខេប វិវរណៈ ១៩:១–៦ ដោយពន្យល់ថា យ៉ូហានបានឃើញថា មនុស្សសុចរិតនឹងសរសើរព្រះចំពោះការកាត់សេចក្ដីរបស់ទ្រង់ទាស់នឹងមនុស្សទុច្ចរិត ។
សូមអញ្ជើញសិស្សម្នាក់អាន វិវរណៈ ១៩:៧ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាទេវតាបានប្រកាសដល់យ៉ូហានអំពីអាពាហ៍ពិពាហ៍របស់នរណា ។
-
តើទេវតាបានប្រកាសដល់យ៉ូហានអំពីអាពាហ៍ពិពាហ៍របស់នរណា ?
-
តើយ៉ូហានបានរៀនអ្វីខ្លះអំពីភរិយារបស់កូនចៀម ?
សូមពន្យល់ថា « ពេលរៀបវិវាហមង្គលនៃកូនចៀម » ( វិវរណៈ ១៩:៧ ) សំដៅទៅលើការយាងមកជាលើកទីពីររបស់ព្រះអង្គ សង្គ្រោះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗអំពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកថា កូនក្រមុំរបស់កូនចៀមជានរណា ។
រូបភាពអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី« នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ កូនកំលោះដែលជាកូនចៀមរបស់ព្រះនឹងយាងមកប្រកាសរកកូនក្រមុំរបស់ទ្រង់ ដែលជាសាសនាចក្រដែលមានពួកបរិសុទ្ធស្មោះត្រង់ ដែលបានទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ » (Mormon Doctrine កំណែទី២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៤៦៩ ) ។
-
តើទំនាក់ទំនងអាពាហ៍ពិពាហ៍មួយគឺជានិមិត្តរូបមួយដ៏សមរម្យ សម្រាប់ទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ? ( អ្នកអាចពន្យល់ថា អាពាហ៍ពិពាហ៍គឺជាទំនាក់ទំនងមួយ ដែលតម្រូវឲ្យភាពស្មោះត្រង់ ការលះបង់ សេចក្ដីស្រឡាញ់ ការតាំងចិត្ត និងការទុកចិត្ត ) ។
សូមអញ្ជើញសិស្សម្នាក់អាន វិវរណៈ ១៩:៨-៩ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាពួកបរិសុទ្ធអាចធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចពន្យល់ថា សំពត់ទេស-សអាចតំណាងឲ្យភាពបរិសុទ្ធ ភាពស្អាតស្អំ និងសេចក្ដីសុចរិត ។
-
ដូចដែលបានតំណាងឲ្យសំលៀកបំពាក់នៃភរិយារបស់កូនចៀម តើយើងត្រូវធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនយើងសម្រាប់ការយាងមករបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ? ( បន្ទាប់ពីសិស្សបានឆ្លើយ សូមសរសេរគោលការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ ប្រសិនបើយើងស្អាតស្អំ ហើយសុចរិត នោះយើងនឹងត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមករបស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ) ។
ចូរពន្យល់ថា ពាក្យប្រទាន នៅក្នុងខទី ៨ មានន័យថាបានផ្ដល់ឲ្យ ឬយល់ព្រម ។ ការស្អាតស្អំពីអំពើបាប ហើយបានធ្វើឲ្យសុចរិតគឺជាអំណោយទានមួយមកពីព្រះ ។
-
តើព្រះបានធ្វើអ្វីខ្លះ ដើម្បីប្រទានផ្លូវមួយឲ្យយើងបានស្អាតស្អំពីអំពើបាប ហើយក្លាយជាសុចរិត ?
-
ហេតុអ្វីអ្នកគិតថា ការមានភាពស្អាតស្អំ ហើយសុចរិតគឺជាអំណោយទានមួយដ៏ល្អបំផុតដែលយើងអាចថ្វាយព្រះអង្គសង្គ្រោះ នៅពេលទ្រង់យាងមកម្ដងទៀត ?
សូមអញ្ជើញសិស្សអាន វិវរណៈ ១៩:១០ ដោយស្ងាត់ស្ងៀម ហើយរកមើលពីប្រតិកម្មដែលយ៉ូហានមាន បន្ទាប់ពីស្ដាប់ឮរឿងដែលទេវតាបានប្រកាសដល់លោក ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើទេវតាបានប្រកាសដល់យ៉ូហានថា ទ្រង់ ( ទេវតា ) និងពួកអ្នកបម្រើផ្សេងទៀតរបស់ព្រះមានអ្វីខ្លះ ? ( ទីបន្ទាល់ពីព្រះយេស៊ូវដែលជាវិញ្ញាណនៃសេចក្តីទំនាយ) ។
សូមពន្យល់ថា « វិញ្ញាណនៃសេចក្តីទំនាយ » ( ខទី ១០ ) សំដៅទៅលើអំណោយទាននៃវិវរណៈ និងការបំផុសគំនិតមកពីព្រះ ដែលអនុញ្ញាតឲ្យមនុស្សម្នាក់ទទួល ហើយនិយាយពីបន្ទូលរបស់ព្រះ ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្យាករ, ការព្យាករ » scriptures.lds.org ) ។
-
តើមនុស្សម្នាក់ដែលមានទីបន្ទាល់មួយអំពីព្រះយេស៊ូវគ្រីស្ទអាចត្រៀមខ្លួន សម្រាប់យាងមកជាលើកទីពីរយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានឮៗនៅក្នុង វិវរណៈ ១៩:១១-១៦ ដែលមាននៅក្នុងការបកប្រែដោយ យ៉ូសែប ស្ម៊ីធ វិវរណៈ ១៩:១៥ ( នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ) ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពាក្យ ឬឃ្លាទាំងឡាយ ដែលពិពណ៌នាអំពីព្រះអង្គសង្គ្រោះនៅការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថា សេះសដែលបានលើកឡើងនៅក្នុង ខទី ១១ គឺជានិមិត្តរូបនៃជោគជ័យ និង ជ័យជំនះ ។ ព្រះអង្គសង្គ្រោះនឹងយាងមកផ្ចាញ់អំពើបាប និងសេចក្ដីទុច្ចរិត ។
-
យោងតាម ខទី ១៣ តើព្រះពស្ដរបស់ព្រះអង្គសង្គ្រោះត្រូវបានពិពណ៌នាយ៉ាងដូចម្ដេច ? ( សូមពន្យល់ថា ឃ្លា « ជ្រលក់ដោយឈាម » មានន័យថាព្រះពស្ដរបស់ទ្រង់នឹងមានពណ៌ក្រហមឆ្អៅដូចជាឈាម ។ ពណ៌នេះតំណាងឲ្យការបំផ្លិចបំផ្លាញដល់មនុស្សទុច្ចរិតនៅការយាងមករបស់ទ្រង់ [ សូមមើល គ. និង ស. ១៣៣:៤៦–៥១ ] ហើយក៏អាចរំឭកដល់យើងផងដែរពីការរងទុក្ខដែលទ្រង់បានជួបនៅគ្រានៃដង្វាយធួនរបស់ទ្រង់ ) ។
សូមចង្អុលបង្ហាញថា ការបកប្រែដោយ យ៉ូសែបសម្រាប់វិវរណៈ ១៩:១៥ បានបញ្ជាក់យ៉ាងច្បាស់ថា យ៉ូហានបានឃើញថា នៅពេលព្រះអង្គសង្គ្រោះបានយាងមកជាស្ដេចនៃអស់ទាំងស្ដេច និងជាព្រះអម្ចាស់នៃអស់ទាំងព្រះអម្ចាស់ នោះទ្រង់នឹងដឹកនាំប្រជាជាតិទាំងឡាយដោយបន្ទូលនៃព្រះ ។ សូមសង្ខេប វិវរណៈ ១៩:១៧–២១ ដោយពន្យល់ថា យ៉ូហានបានឃើញការបំផ្លិចបំផ្លាញនៃជនដែលទាស់ប្រឆាំងនឹងកូនចៀមនៃព្រះ ( សូមមើលការបកប្រែដោយ យ៉ូសែប ស្ម៊ីធ វិវរណៈ ១៩:១៨ ) ។
សូមបញ្ចប់ដោយសូមឲ្យសិស្សសញ្ជឹងគិតពីរឿង ដែលពួកគេត្រូវធ្វើដើម្បីត្រៀមខ្លួនសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តឲ្យពួកគេធ្វើសកម្មភាពតាមការបំផុសគំនិតដែលពួកគេទទួលបាន ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
វិវរណៈ ១៧:៥ ។ « ក្រុងបាប៊ីឡូនដ៏ធំ »
ការនិមិត្តរបស់យ៉ូហានអំពីក្រុងបាប៊ីឡូន ត្រូវគ្នានឹងការនិមិត្តរបស់នីហ្វៃអំពីសាសានាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើម ឬជាសាសនាចក្រនៃអារក្ស ( សូមមើល នីហ្វៃទី ១ ១៣–១៤ ) ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
« ក្រុងបាប៊ីឡូនដ៏ធំគឺជាសាសនាចក្រនៃអារក្ស វាគឺជាលោកិយដែលពោរពេញដោយអំពើអាក្រក់ និងវិបត្តិលោកិយ ។ វាគឺជាអង្គការគ្រប់ប្រភេទ គ្រប់ទម្រង់បែបបទ—មិនថាខាងសាសនា ខាងស៊ីវិល ខាងនយោបាយ ឬអ្វីផ្សេងនោះទេ—ដែលគាំទ្រទស្សនវិជ្ជាមួយ ឬលើកកម្ពស់ដល់បុព្វហេតុមួយដែលនាំមនុស្សឲ្យឃ្លាតចេញពីសេចក្ដីសង្គ្រោះ ហើយឆ្ពោះទៅរកនគរដែលមានសិរីល្អទាបជាងនៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ច » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ១៩៦៦–៧៣ ] ៣:៥៥៨ ) ។
វិវរណៈ ១៨:៤ ។ « ចូរចេញពីទីក្រុង [ បាប៊ីឡូន ] នោះមក, … ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ »
អែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីកិច្ចការ ដែលសមាជិកសាសនាចក្រអាចធ្វើ ដើម្បីរស់នៅនៅក្នុងពិភពលោកនេះដោយគ្មានការធ្វើឲ្យកខ្វក់ដោយអំពើអាក្រក់របស់វា ៖
« ភាគច្រើននៃពិភពលោកនេះគឺហ៊ុមព័ទ្ធដោយទឹកទន្លេកខ្វក់ដ៏ធំ ដោយបានលះបង់ចោលនូវគុណធម៌ សេចក្ដីសុចរិត ភាពទៀងត្រង់ផ្ទាល់ខ្លួន មង្គលការប្រពៃណី និងជីវិតគ្រួសារ ។ …
« … ថ្វីបើវាពោរពេញដោយអំពើអាក្រក់ដ៏ច្រើនក៏ដោយ ក៏ពិភពលោកនេះទាំងមូលមានភាពស្រស់បំព្រង ហើយមានមនុស្សល្អ ហើយស្មោះត្រង់ជាច្រើន ។ ព្រះបានផ្ដល់វិធីមួយ ដើម្បីរស់នៅក្នុងពិភពលោកនេះ និងមិនត្រូវបានបំពុលដោយ សម្ពាធដ៏លាមក ដែលពួកអារក្សបានពង្រីកនោះឡើយ ។ បងប្អូនអាចរស់នៅក្នុងជីវិតមួយប្រកបដោយគុណធម៌ មានជោគជ័យ សុចរិតភាពកើតមានតាមរយៈផែនការនៃការការពារ ដែលបានបង្កើតឡើងដោយព្រះវរបិតារបស់បងប្អូនគង់នៅស្ថានសួគ៌គឺ ៖ ផែនការនៃសុភមង្គលរបស់ទ្រង់ » ( « How to Live Well amid Increasing Evil » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១០០ ) ។
វិវរណៈ ១៨:៤ ។ « ក្រែងត្រូវវេទនាដូចជាវាដែរ »
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា មនុស្សសុចរិតនឹងចៀសមិនផុតពីការសាកល្បង និងការរងទុក្ខដែលកើតមានជាមួយនឹងការកាត់សេចក្ដី ដែលនឹងកើតមានដល់មនុស្សទុច្ចរិតឡើយ ៖
« វាគឺជាគំនិតខុសឆ្គងមួយ ដែលពួកបរិសុទ្ធនឹងចៀសផុតពីការជំនុំជំរះ ខណៈដែលពួកទុច្ចរិតរងទុក្ខ ដ្បិតគ្រប់សាច់ឈាមគឺស្ថិតនៅក្រោមការរងទុក្ខ ហើយ ‹ ពួកបរិសុទ្ធនឹងពិបាកចៀសផុតណាស់ › … ពួកសុចរិតជាច្រើននឹងធ្លាក់ខ្លួនរងគ្រោះនឹងជំងឺ គ្រោះចង្រៃ ជាដើម ដោយសារតែមូលហេតុនៃភាពទន់ខ្សោយខាងសាច់ឈាម តែនឹងត្រូវបានសង្គ្រោះនៅក្នុងនគរនៃព្រះ » ( នៅក្នុងHistory of the Church ៤:១១ )
វិវរណៈ ១៩:៩ ។ « បរិភោគការកូនចៀម »
« បរិភោគការកូនចៀម » ( វិវរណៈ ១៩:៩ ) គឺជានិមិត្តសញ្ញាយោងមួយទៅនឹងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ៖
« ជនដែលគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយដើរនៅក្នុងច្បាប់របស់ទ្រង់រហូតដល់ចុងបំផុត គឺជាបុគ្គលតែម្នាក់គត់ ដែលបានអនុញ្ញាតឲ្យអង្គុយនៅឯពិធីបរិភោគអាហារដ៏រុងរឿងនេះ ។ …
« សូមសញ្ជឹងគិតមួយភ្លែត បងប្អូនប្រុសស្រី ហើយសួរថាតើបងប្អូននឹងចាត់ទុកខ្លួនឯងថាសក្ដិសមដើម្បីអង្គុយ បរិភោគការនោះឬទេ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៦៥–៦៦ ) ។
វិវរណៈ ១៩:១៣ ។ « ព្រះពស្ត្រជ្រលក់ដោយឈាម »
អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីការពាក់ព្រះពស្ដពណ៌ក្រហមរបស់ព្រះយេស៊ូវគ្រីស្ទ នៅឯការយាងមកជាលើកទីពីរដូចតទៅ ៖
« ដោយមានលោហិតចេញពីគ្រប់គល់រោម ឱ!តើព្រះពស្ដរបស់ទ្រង់មានពណ៌ក្រហមយ៉ាងណាទៅនៅក្នុងច្បារគែតសេម៉ានី តើព្រះពស្ដខាងក្រៅនោះមានពណ៌ក្រហមឆ្អិនឆ្អៅយ៉ាងណាទៅ !
« គ្មានអ្វីត្រូវងឿងឆ្ងល់ឡើយ នៅពេលព្រះគ្រីស្ទយាងមកនៅក្នុងព្រះចេស្ដា និងសិរីល្អ ទ្រង់នឹងយាងមកក្នុងព្រះពស្ដក្រហម ( សូមមើល គ. និង ស. ១៣៣:៤៨ ) ដោយពុំគ្រាន់តែបង្ហាញពីការខ្ញាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យយើងចងចាំថា ទ្រង់បានរងទុក្ខយ៉ាងណាសម្រាប់យើងម្នាក់ៗនៅសួនច្បារគែតសេម៉ានី និងនៅភ្នំកាលវ៉ារី ! » ( « Overcome … Even As I Also Overcame » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៧២ ) ។