បណ្ណាល័យ
មេរៀនទី ១៤៦ ៖​ ពេត្រុស​ទី២ ១


មេរៀនទី ១៤៦

ពេត្រុសទី២ ១

សេចក្ដីផ្ដើម

ពេត្រុស​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ ឲ្យ​ខិតខំ​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។ ពេត្រុស​បាន​បញ្ជាក់​ដល់​ពួក​គេ​ថា ការ​រីកចម្រើន​ខាង​វិញ្ញាណ​នេះ​នឹង​ជួយ​ដល់ « ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​[ របស់​ពួកគេ ] បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុសទី២ ១:១០ ) ។ ពេត្រុស​ក៏​បាន​ថ្លែងអំពីបទពិសោធន៍​របស់​លោក​នៅ​លើ​ភ្នំ​ប្រែរូប ហើយ​បាន​បញ្ជាក់​ថា ព្រះ​បាន​បំផុស​គំនិត​ឲ្យ​មាន​បទគម្ពីរ ។

យោបល់​សម្រាប់​ការបង្រៀន

ពេត្រុសទី២ ១:១-១១

ពេត្រុស​បង្រៀនអំពីរបៀប​ដើម្បី​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ពីមុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​នៅ​លើ ក្ដារខៀន ( « The Will Within » Ensign ខែ ឧសភា ឆ្នាំ​ ១៩៨៧ ទំព័រ ៦៨ ) ៖

«ការងារ​របស់​យើង​គឺ​ដើម្បី​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត » ( ប្រធាន​ ថូម៉ាស អេស ម៉នសុន ) ។

សូម​ចែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ឃ្លា​នៅ​លើ​ក្ដារខៀន ហើយ​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​នឹង​ដៃគូ​របស់ខ្លួន ៖

  • តើ​អ្នក​គិត​ថា​ ប្រធាន​ ម៉នសុន ​ចង់​មាន​ន័យ​ដូចម្ដេច​​ដោយ​ពោល​ឡើង​ថាឲ្យ « ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត » ?

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត ?

  • តើ​អ្វី​ទៅ​ដែល​រារាំង​យើង​ពុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត ?

នៅ​ពេល​សិស្ស​សិក្សា ពេត្រុសទី២ ១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ ​ដែល​អាច​ជួយ​ឲ្យ​ពួកគេ​ស្គាល់​ អំពី​របៀប​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​បំផុត ។

សូម​សង្ខេប ពេត្រុសទី២ ១:១–២ ដោយ​ពន្យល់​ថា ពេត្រុស​បាន​សរសេរ​ទៅ​ពួក​សមាជិក​សាសនាចក្រ​ ដែល​បាន​ទទួល​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី២ ១:៣-៤ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ ​ដើម្បី​ជួយ​ពួកបរិសុទ្ធ​ឲ្យបន្ត​ស្មោះ​ត្រង់​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​ពេត្រុស​បាន​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​ការ ​« បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ »​ មាន​ន័យ​ដូចម្ដេច ? ( ខ​ទី ៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ពេត្រុសទី ២ ១:៥–៧ ដោយ​ស្ងាត់​ស្ងៀម ​រក​មើល​លក្ខណៈនៃ​ព្រះយេស៊ូវ​គ្រីស្ទ​ ដែល​ពេត្រុស​បាន​អញ្ជើញ​ពួក​បរិសុទ្ធ​ឲ្យ​អភិវឌ្ឍ ។ សូម​ឲ្យសិស្ស​​សរសេរ​លក្ខណៈ​ដែល​ពួកគេ​រកឃើញ​នៅ​លើ​ក្ដារ​ខៀន ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​នៅ​ក្នុង​វចនា​នុ​ក្រម​​នូវ​និយមន័យ​​នៃ​លក្ខណៈ​ទាំងនេះ​ ដែល​ពួកគេ​ចង់​យល់​ឲ្យ​បាន​ប្រសើរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតអំពីគំរូ​ កាល​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​​ពី​លក្ខណៈ​ដ៏​ទេវភាព​មួយ ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្រាប់​អំពីគំនិត​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

សូម​សរសេរ​គោលការណ៍​ពុំ​ពេញ​លេញ​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារខៀន ៖ នៅ​ពេល​យើង​អភិវឌ្ឍ​លក្ខណៈ​ដ៏​ទេវភាព​នៅ​ក្នុង​ខ្លួន​យើង នោះ​យើង​អាច …

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុសទី ២ ១:៨-៩ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្ទៀង​តាម​ រក​មើល​ពរជ័យ​មួយ​ដែល​យើង​អាច​ទទួល​បាន នៅ​ពេល​យើង​អភិវឌ្ឍ​ចរិតលក្ខណៈដ៏​ទេវភាព​របស់​ព្រះអង្គសង្គ្រោះ ។

  • តើ​យើង​អាច​ទទួល​បាន​ពរជ័យ​អ្វីខ្លះ​ នៅ​ពេល​យើង​អភិវឌ្ឍ​លក្ខណៈ​ដ៏​ទេវភាព ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​ហើយ​ សូម​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន​ដើម្បី​ឲ្យ​វា​មាន​ន័យ​ដូចតទៅ ៖ នៅ​ពេល​យើង​អភិវឌ្ឍ​លក្ខណៈ​ដ៏​ទេវភាព​នៅ​ក្នុង​ខ្លួន​យើង នោះ​យើង​អាច​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ការ​អភិវឌ្ឍ​លក្ខណៈដ៏​ទេវភាព​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុសទី២ ១:១០-១១ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ពរជ័យ​មួយ​ទៀត​ដែល​អាច​កើត​មាន​ចំពោះ​​ជន​ដែល​ឧស្សាហ៍​​នៅ​ក្នុង​ការ​អភិវឌ្ឍ​លក្ខណៈ​ដ៏​ទេវភាព ។

  • តើ​ពរជ័យ​អ្វី​អាច​កើត​មាន​ចំពោះ​ជន​ដែល​ឧស្សាហ៍​នៅ​ក្នុង​ការ​អភិវឌ្ឍ​លក្ខណៈដ៏​ទេវភាព​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ? ( សូម​ពន្យល់​ថា ឃា្ល « ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង » [ ខ​ទី ១០ ] មាន​ន័យ​ថា ដើម្បីទទួល​បាន​នៅ​ក្នុង​ជីវិត​នេះ​​នូវ​ការ​បញ្ជាក់​របស់​ព្រះ​ថា ​អ្នក​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅអស់​កល្ប​ជានិច្ច ។ ពេត្រុស​ក៏​ហៅ​វា​ថា​ជា​ការ « មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ផង​ដែរ​ ( ពេត្រុស​ទី២ ១:១៩ ) ។ សូមមើល​ផងដែរ គ. និង ស. ១៣១:៥ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​ហេតុផល​​ដែល​យើង​គួរ​តែ​ព្យាយាម​នៅ​ក្នុង​ការ​អភិវឌ្ឍ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង ? ( សិស្ស​គួរ​ស្គាល់​គោលការណ៍​ដូច​តទៅ ៖ ប្រសិន​បើ​យើង​ឧស្សាហ៍​នៅ​ក្នុង​ការ​អភិវឌ្ឍ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ នោះ​យើង​អាច​ទទួល​បាន​នូវ​ការ​បញ្ជាក់​របស់​ព្រះ​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ការ​អភិវឌ្ឍ​លក្ខណៈ​ដ៏​ទេវភាព នឹង​​ជួយ​យើង​ឲ្យ​មក​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​​រៀប​ចំ​ខ្លួន​យើង​ឲ្យ​ទទួលបាន​នូវ​​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​លក្ខណៈ​ដ៏​ទេវភាព​មួយ​ដែល​ពួកគេ​ចង់​អភិវឌ្ឍ​បំផុត ។ សូម​ឲ្យ​ពួកគេ​សរសេរ​សកម្មភាព​ជាក់​លាក់​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​អភិវឌ្ឍ​លក្ខណៈ​​នោះ ។

ពេត្រុសទី២ ១:១២-២១

ពេត្រុស​ចែកចាយ​សាក្សី​របស់​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បង្រៀន​អំពី​បទគម្ពីរ

សូម​ពិចារណា​សរសេរ​​អាយុ​របស់​សាវក​នា​ពេល​បច្ចុប្បន្ន​មួយ​ចំនួន ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅ​លើ​ក្ដារខៀន​ ។ សូម​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« អ្នក​ខ្លះ​ពោល​ថា យើង​ចាស់​ពេក​ហើយ ។ អូ ពិត​ណាស់​ គឺ​មាន​សាវក​ប្រាំ​បួន​រូប​​ដែល​មាន​​វ័យ​ចាស់​ជាង ៨០ ឆ្នាំ ! ខ្ញុំ​មាន​វ័យ ៨៥ ឆ្នាំ​ហើយ » ​( « Be Still, and Know That I Am God » [ Church Educational System devotional ថ្ងៃ​ទី​ ៤ ខែ​ ឧសភា ឆ្នាំ​ ២០១៤ ] broadcasts.lds.org ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​ មនុស្ស​មួយ​ចំនួន​ចង់​រិះគន់​​អំពី​វ័យ​របស់​ពួក​ព្យាការី និង​ពួក​សាវក​មួយ​ចំនួន ?

  • តើ​អ្នក​នឹង​ឆ្លើយ​តប​តាម​របៀប​ណា ចំពោះ​ការ​រិះគន់​ថា​ ពួក​ព្យាការី និង​ពួក​សាវក​សម័យ​ទំនើប​មាន​វ័យ​ចំណាស់​ពេក​ដែល​ពុំសូវមាន​ប្រសិទ្ធភាព ?

នៅ​ពេល​សិស្ស​បន្ត​សិក្សា ពេត្រុស​ទី២ ១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​សេចក្ដី​ពិត​មួយ​អំពី​ពួក​ព្យាការី និង​ពួក​សាវក​ដែល​សំខាន់​ជាង​វ័យ​របស់​ពួក​លោក ។

សូម​ពន្យល់​ថា​នៅ​ក្នុង ពេត្រុស​ទី ២ ១:១២–១៩ ពេត្រុស​បាន​ចែកចាយ​សាក្សី​​របស់​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុសទី ២ ១:២០–២១ ឲ្យ​ឮៗ ហើយ​បន្ទាប់ពីសិស្ស​បាន​បញ្ចប់​ការ​អាន​ហើយ សូម​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ ​សម្រាប់​ពេត្រុស​ទី ២ ១:២០ ចែង​ថា « ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ថ្លែង​ឡើង​បាន​តាម​តែ​ចិត្ត​របស់​មនុស្ស​នោះ​ឡើយ » ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ អំពី​តួនាទី​នៃ « មនុស្ស​បរិសុទ្ធ​របស់​ព្រះ » ដែល​​នៅ​ក្នុង​ករណី​នេះ​មាន​ន័យ​ថា ពួក​ព្យាការី ។

  • តើ​ពេត្រុស​បាន​បង្រៀន​អ្វីខ្លះ​អំពី​តួនាទី​របស់​ពួក​ព្យាការី ? ( សិស្ស​គួរ​ស្គាល់​សេចក្ដី​ពិត​ដូច​តទៅ ៖ ពួក​ព្យាការី​ទទួល​បទគម្ពីរ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។​ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​បទគម្ពីរ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ឲ្យ​ឮៗ ៖

« [ ព្រះគម្ពីរ​គឺជា ] ​ពាក្យ​ពេចន៍ ព្រម​ទាំង​ពាក្យ​សរសេរ និង​ពាក្យ​និយាយ ដោយ​ពួក​បុរស​បរិសុទ្ធ​នៃ​ព្រះ កាល​បាន​សណ្ឋិត​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគម្ពីរ » scriptures.lds.org, សូម​មើល​ផង​ដែរ គ. និង ស. ៦៨:២–៤ ) ។ បទគម្ពីរ​មួយ​ចំនួន​ត្រូវ​បាន​ក្លាយ​ជា​កាណុង ។ កាណុង​គឺ​ « ជា​ប្រជុំ​គម្ពីរ​ដ៏​ពិសិដ្ឋៗ ដែល​ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​មាន​សិទ្ធិ​អំណាច ។ នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នោះ គម្ពីរ​កាណុង​ទាំង​ប៉ុន្មានហៅថា គម្ពីរ​បមាណីយ ហើយ​មាន​ទាំង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ព្រះ​គម្ពីរ​មរមន គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ព្រម​ទាំង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កាណុង » scriptures.lds.org ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​សាក្សី​របស់​លោក​ថា ពួក​ព្យាការី​នៅតែបន្ត​ទទួល​បទគម្ពីរនា​សព្វ​ថ្ងៃ​នេះ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« [ ពួក​ព្យាការី​គឺជា ] បណ្ដាញ​ដែល​ព្រះ​បាន​មាន​បន្ទូល​ទៅ​កាន់​កូនចៅ​របស់​ទ្រង់​ តាម​រយៈ​បទគម្ពីរ​កាល​ពី​បុរាណ ។ ហើយ​វា​គឺជា​បណ្ដាញ​ដែល​ទ្រង់​បាន​មាន​បន្ទូ​ល​នៅ​បច្ចុប្បន្ន​នេះ​តាមរយៈ​ការ​បង្រៀន និង​ពាក្យ​ទូន្មាន​នៃ​ពួក​ព្យាការី និង​ពួក​សាវក​នៅ​រស់ ព្រមទាំង​ថ្នាក់​ដឹកនាំ​ដ៏​បំផុស​គំនិត​ផ្សេង​ទៀត » ( ​« Two Lines of Communication » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ​ ២០១០ ទំព័រ ​៨៤ ) ។

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា ​វា​ជា​រឿង​សំខាន់​ដើម្បី​ដឹង​ថា ព្រះ​ប្រើ​គន្លង​នេះ​​ដើម្បី​បង្កើត​បទគម្ពីរ​សម្រាប់​កូនចៅ​ទ្រង់ ?

  • តើ​ការ​យល់ពី​គន្លង​នេះ​ផ្ដល់​ការ​ជឿជាក់​យ៉ាង​ខ្លាំង​ដល់​អ្នក​យ៉ាង​ដូចម្ដេច​ដែរ នៅ​ក្នុង​ការ​ថ្លែង និង​ការ​សរសេរ​អំពី​ព្យាការីទាំងឡាយទាំង​សម័យ​​បុរាណ និង​សម័យ​ទំនើប ?

ចូរ​អាន​សំណួរ​​ដូចខាង​ក្រោម​នេះ​ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​នៅក្នុង​​​សៀវភៅ​កំណត់​ចំណាំ​ក្នុង​ថ្នាក់​ ឬ​ក្នុង​សៀវភៅ​​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ ។

  • តើ​វគ្គ​បទគម្ពីរណា​ដែល​បាន​ជះ​ឥទ្ធិល​​មក​លើ​ជីវិត​របស់​អ្នក មិន​ថា​វា​មក​ពី​ព្យាការី​ពី​បុរាណ ឬ​ពី​ព្យាការី​សព្វថ្ងៃ​នេះទេ ? តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរជ័យ តាមរយៈ​បទ​គម្ពីរ​ទាំងនោះ​យ៉ាង​ដូចម្តេច ?

សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​ថ្នាក់ ។ អ្នក​ក៏​គួរ​ចែកចាយ​ឧទាហរណ៍​មួយ​ផង​ដែរ​ថា​អ្នក​ធ្លាប់​មាន​ពរ​តាមរយៈ​បទគម្ពីរ​យ៉ាង​ណា​ដែរ ។

សូម​លើក​ឡើងអំពីប្រសាសន៍​ខាងក្រោម របស់​អែលឌើរ អូក​ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​ដល់​សិស្ស​ដទៃ​ទៀត ដូច​ដែល​ព្រះវិញ្ញាណ​ដឹកនាំ​អំពី​ភាពពិត​នៃ​ពួក​ព្យាការី និង​បទគម្ពីរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ពេត្រុស​ទី២ ១:១០ ។ « គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា « ការ​ធ្វើ​ការ​ហៅ ហើយ​រើស​តាំង​របស់​មនុស្ស​ម្នាក់​ដែល​​ពិត​ប្រាកដ​ឡើង គឺ​ជា​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច វា​ត្រូវ​មាន​ការ​បញ្ជាក់​ដ៏​គ្មាន​លក្ខខណ្ឌ​នៃ​ភាព​តម្កើង​ឡើង​នៅ​ក្នុង​ស្ថានសួគ៌​ក៏​ខ្ពស់​បំផុត​នៃ​ភព​សេឡេស្ទាល … ពី​មុន​ថ្ងៃ​ដែល​ពួក​ស្មោះ​ត្រង់​ចូល​ទៅក្នុង​វត្តមាន​របស់​ព្រះ​ ដើម្បី​អង្គុយ​ជាមួយ​នឹង​ព្រះ​គ្រីស្ទ​នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ​១៩៦៥–៧៣ ] ៣:៣៣០–៣១ ) ។

អែលឌើរ ម៉ាក់ខន់ឃី ក៏​បាន​បង្រៀន​ដូចតទៅ​នេះ​ដែរ ៖

« មនុស្ស​គ្រប់​រូប​នៅ​ក្នុង​សាសនាចក្រ​ដែល​ស្ថិត​នៅ​លើ​ផ្លូវតូច ហើយ​ចង្អៀត​នេះ ដែល​កំពុង​ខិតខំ ហើយ​កំពុង​ជួប​ឧបសគ្គ ហើយ​កំពុង​មាន​បំណង​ប្រាថ្នា​ធ្វើ​រឿង​ត្រឹមត្រូវ ទោះ​ជា​ពុំ​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ជីវិត​នេះ​ក្ដី ប្រសិន​បើ​គាត់​ចាកចេញ​ពី​ជីវិត​នេះ​ទៅ ​កាល​ស្ថិត​នៅលើ​ផ្លូវតូច ហើយ​ចង្អៀត​នេះ នោះ​គាត់​នឹង​បន្ត​ទៅរក​រង្វាន់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​​នៅ​ក្នុង​នគរ​របស់​ព្រះវរបិតា​គាត់ ។

« … ប្រសិន​បើ​បងប្អូន​ស្ថិត​នៅ​លើ​ផ្លូវ​នោះ ហើយ​កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខ ហើយ​បងប្អូន​ស្លាប់ នោះ​បងប្អូន​នឹង​ពុំ​ដើរ​ចេញ​ពី​ផ្លូវ​នោះ​ឡើយ ។ … អ្វី​ដែល​បងប្អូន​ត្រូវ​ធ្វើ​ គឺ​បន្ត​នៅ​ក្នុង​សាសនាចក្រ​នេះ ហើយ​រស់​នៅ​ជា​មនុស្ស​ល្អ​រស់​នៅ​ក្នុង​សាសនា​ចក្រ—ដោយ​គោរព​តាម​បទបញ្ញត្តិ បង់​ដង្វាយ​មួយ​ភាគ​ក្នុងដប់​របស់​​បងប្អូន បម្រើ​នៅ​ក្នុង​អង្គការ​នានា​នៃ​សាសនាចក្រ ស្រឡាញ់​ព្រះអម្ចាស់ បន្ត​នៅ​លើ​ផ្លូវតូច ហើយ​ចង្អៀត​នោះ ។ ប្រសិន​បើ​បងប្អូន​ស្ថិត​នៅ​លើ​ផ្លូវ​នោះ កាល​សេចក្ដី​ស្លាប់​ឈាន​ចូល​មក—ដោយ​សារ​ពេល​នេះ​គឺជា​វេលា និង​ជា​ថ្ងៃ​ដែល​បាន​កំណត់ឲ្យ វា​ជា​ស្ថានភាព​សាកល្បង—បងប្អូន​នឹង​ពុំ​ធ្លាក់​ចេញ​ពី​ផ្លូវ​នោះ​ឡើយ ហើយ​សម្រាប់​រាល់​គោលបំណង​សំខាន់ៗ ការ​ហៅ និង​ការ​រើស​តាំង​របស់​បងប្អូនត្រូវ​​បាន​ធ្វើ​ឲ្យ​ពិត​ប្រាកដ​ឡើង ។ ឥឡូវ​នេះ នោះ​ពុំ​មែន​ជា​និយមន័យ​នៃ​លក្ខខណ្ឌ​នោះ​ទេ ប៉ុន្តែ​នៅ​ទីបំផុត​វា​នឹង​ដូចគ្នា »​ ( « The Probationary Test of Mortality » Salt Lake Institute of Religion devotional ថ្ងៃ​ទី​ ១០ ខែ​ មករា ឆ្នាំ​ ១៩៨២ ទំព័រ​ ១២–១៣ ) ។

ពេត្រុស​ទី២ ១:១៩ ។ « ពាក្យ​ទំនាយ​ដ៏​ពិត​ជាង »

វិវរណៈ​ទំនើប​អះអាង ហើយ​បញ្ជាក់អំពីអត្ថន័យ​នៃ​ឃ្លា « មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ( ពេត្រុសទី២ ១:១៩ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:៥​ចែង​ថា « ដូច្នោះ ដូច​ព្យាការី​បាន​មាន​ប្រសាសន៍ ‹ ពាក្យ​ព្យាករណ៍​ដ៏​ពិត​ជាង មាន​ន័យពីមនុស្ស​ដែល​ដឹងថា​ ខ្លួន​បាន​ផ្សារភ្ជាប់​ទុក​ចំពោះ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​វិវរណៈ និង​វិញ្ញាណ​នៃ​ការព្យាករ តាមរយៈ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ » ។

សមាជិក​សាសនាចក្រ​ដ៏​ស្មោះ​ត្រង់​ទាំង​បុរស​ទាំង​ស្ត្រី​អាច​​ទទួល​បាន​ពរជ័យ​នៃ​ការ​មាន​ការ​ហៅ និង​ការ​រើសតាំង​របស់​មនុស្ស​ម្នាក់​បាន​ពិត​ប្រាកដ​ឡើង ឬ​ការ​ទទួល​បាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« សមាជិក​សាសនាចក្រ​ទាំង​នោះ​ ដែល​បាន​លះបង់​ខ្លួន​របស់​ពួកគេ​ទាំងស្រុង​ចំពោះ​ភាព​សុចរិត រស់នៅ​តាម​គ្រប់​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស​របស់​ព្រះ នោះ​នឹង​ធ្វើ​ឲ្យ​ការហៅ និង ការរើសតាំង​របស់​ពួកគេ​បាន​ប្រាកដ​ឡើង ។ នោះ​ស​បញ្ជាក់​ថា ​ពួកគេ​ទទួល​ពាក្យ​ព្យាករណ៍​ដ៏​ពិត​ជាង ដែល​មាន​ន័យ​ថា​ព្រះអម្ចាស់​ផ្សារភ្ជាប់​ភាព​តម្កើងឡើង​របស់​ពួកគេ​លើ​ពួកគេ ខណៈ​ដែល​ពួកគេ​មិន​ទាន់​មក​នៅក្នុង​ជីវិត​នេះ​ម្ល៉េះ ។ ពេត្រុស​បាន​សង្ខេប​ដំណើរ​នៃ​ភាពសុចរិត​​ដែល​ពួក​បរិសុទ្ធ​ត្រូវតែ​ធ្វើតាម ​ដើម្បី​ធ្វើ​ឲ្យ​ការហៅ និង​ការរើសតាំង​របស់​ពួកគេ​ត្រូវបាន​ប្រាកដ​ឡើង ហើយ​បន្ទាប់​មក ( សំដៅ​លើ​បទពិសោធន៍​របស់​លោក​នៅលើ​ភ្នំ​ប្រែរូប​ជាមួយ យ៉ាកុប និង យ៉ូហាន ) បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​បី​នាក់​នោះ​បាន​ទទួល​ពាក្យ​ព្យាករណ៍​ដ៏​ពិត​ជាង​នេះ ។ (១ ពេត្រុស ១) » ។ ( Mormon Doctrine កំណែ​លើក​ទី​ពីរ [ ឆ្នាំ ១៩៦៦ ] ទំព័រ ១០៩ ) ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន ៖

« បន្ទាប់​ពី​មនុស្ស​ម្នាក់​មាន​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ប្រែចិត្តពីអំពើ​បាប​របស់​ខ្លួន ហើយត្រូវ​បាន​ជ្រមុជទឹក​សម្រាប់​ការផ្តាច់បាប​ខ្លួន ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ( ដោយ​ការដាក់ដៃ​លើ​ក្បាល ) ដែល​ជា​ព្រះ​ដ៏​ជា​ជំនួយ​ដំបូង​គេ បន្ទាប់​មក​ទុក​ឲ្យ​គាត់​បន្ត​បន្ទាបខ្លួន​ចំពោះ​ព្រះ ដោយការស្រេកឃ្លាន​ចំពោះ​​សេចក្តី​សុចរិត​ ហើយ​រស់នៅ​តាម​គ្រប់​ទាំង​ព្រះបន្ទូល​នៃ​ព្រះ នោះ​មិន​យូរ​ប៉ុន្មាន​ព្រះអម្ចាស់​នឹង​មាន​បន្ទូល​ទៅ​គាត់​ថា បុត្រអើយ ចូរ​ឯង​ទទួល​ភាព​តម្កើងឡើង​ចុះ ។ នៅពេល​ព្រះអម្ចាស់​បាន​ធ្វើការសាកល្បង​យ៉ាង​ខ្លាំង​ជាមួយ​គាត់ ហើយ​ឃើញ​ថា គាត់​សម្រេច​ចិត្ត​ដើម្បី​បម្រើ​ទ្រង់​គ្រប់​យ៉ាង នោះ​គាត់នឹង​ឃើញ​ថា​ការហៅ និង ការរើសតាំង​របស់​ខ្លួន​ត្រូវបាន​ប្រាកដ​ឡើង បន្ទាប់​មក​វា​គឺ​ជា​ឯកសទ្ធិ​របស់​គាត់​​ដើម្បី​ទទួល​ព្រះ​ដ៏​ជា​ជំនួយមួយអង្គ​ទៀត ។ …

« តើ​ព្រះ​ដ៏​ជា​ជំនួយមួយអង្គទៀត​ជា​នរណា ? វា​ពុំ​ច្រើន ឬ​តិច​ជាង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់​ឡើយ … នៅ​ពេល​មនុស្ស​ណា​ម្នាក់​ទទួល​បាន​ព្រះ​ដ៏​ជា​ជំនួយ​ចុង​ក្រោយ​នេះ គាត់​នឹង​មាន​តួអង្គ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មក​គង់នឹងគាត់ ឬ​បង្ហាញ​ឲ្យ​គាត់​ឃើញ » ( នៅ​ក្នុង History of the Church ៣:៣៨០–៨១ ) ។

ពេត្រុសទី២ ១:២០-២១ ។ « មនុស្ស​បរិសុទ្ធ​របស់​ព្រះ »

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែងអំពីអានុភាព​នៃ​ការ​មាន​ថ្នាក់​ដឹកនាំ​ចាស់ទុំ​ ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជា​អធិបតី​របស់​សាសនាចក្រ ៖

« មាន​អ្វី​មួយ​ស្ដីពី​ប្រាជ្ញា​ផ្ទាល់ខ្លួន និង​ប្រាជ្ញា​រួមគ្នា​រវាង​បងប្អូន​ប្រុស ដែល​នឹង​ផ្ដល់​ការលួង​លោម​ចិត្ត​ខ្លះៗ ។ យើង​បាន​ដកពិសោធន៍​នូវ​ការណ៍​ទាំងអស់​នោះ​ហើយ រួមទាំង​មាន​លទ្ធផលអំពីច្បាប់​សាធារណៈ និង​គោលនយោបាយ​នានា ការ​ខកចិត្ត​ផ្សេងៗគ្នា និង​សោកនាដកម្ម និង​មរណភាព​ក្នុង​គ្រួសារ​យើង​ផ្ទាល់​ជាច្រើន ។ យើង​យល់អំពីអ្វី​ដែល​កើតឡើង​ក្នុង​ជីវិត​អ្នក ។

« ខ្ញុំ​សម្គាល់​ថា គ្មាន​សាវក​ណា​មួយ​ដែល​អៀនប្រៀន​នោះ​ទេ ។ យើង​មាន​បុគ្គលិក​​លក្ខណៈរឹងមាំ ។ ដូច្នេះ ពេល​យើង​រួបរួម​លើ​ការសម្រេច​ចិត្ត​មួយ អ្នក​អាច​ប្រាកដ​ថា យើង​បាន​ប្រឹក្សា​ជាមួយ​គ្នា ហើយ​រក​ឃើញ​ការសម្រេច​ចិត្ត​នោះ ​បន្ទាប់​ពី​ការអធិស្ឋាន​ជា​ច្រើន និង​ការពិភាក្សា​យ៉ាង​ល្អិតល្អន់ ។ …

« យើង​មាន​កម្លាំង​រឹងមាំ ហើយ​ព្រះអម្ចាស់​ប្រទានពរ​យើង​ឲ្យ​ជម្រុញ​កិច្ចការ​ទ្រង់​ទៅ​មុខ​តាម​របៀប​ដ៏​ប្រសើរ » ​( « Be Still, and Know That I Am God » [ Church Educational System devotional ថ្ងៃ​ទី ​៤ ខែ ​ឧសភា ឆ្នាំ ​២០១៤ ] broadcast.lds.org ) ។