បណ្ណាល័យ
មេរៀនទី១៤៧ ៖​ ពេត្រុស​ទី២ ២-៣


មេរៀនទី ១៤៧

ពេត្រុស​ទី២ ២-៣

សេចក្ដីផ្ដើម

ពេត្រុស​បាន​ព្រមាន​ថា ពួក​ព្យាការី និង​ពួក​គ្រូបង្រៀន​ក្លែងក្លាយ​នឹង​ដឹកនាំ​ប្រជាជន​ឲ្យ​វង្វេង ។ លោក​បាន​ព្យាករ​ថា នៅ​ថ្ងៃ​ចុងក្រោយ មនុស្ស​ទុច្ចរិត​នឹង​ចំអក​ដល់​មនុស្ស​សុចរិត​​ដែល​​​ជឿ​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​វិញ ។ ពេត្រុស​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ ឲ្យ​ព្យាយាមរៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

យោបល់​សម្រាប់​ការបង្រៀន

ពេត្រុសទី២ ២

ពេត្រុស​ព្រមាន​អំពី​ការ​បោកបញ្ឆោត​របស់​ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ

សូម​សរសេរ​សំណួរ​ដូចតទៅ​នេះ​នៅ​​លើ​ក្ដារខៀន ៖ ហេតុអ្វី​មនុស្ស​ជ្រើស​យក​អំពើ​បាប ទោះជា​​ពួកគេ​ដឹង​ថា រឿង​ដែល​ពួកគេ​កំពុង​ធ្វើ​គឺជា​រឿង​ខុសឆ្គង​ក្ដី ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពីសំណួរ​នេះ រួច​ហើយ​សូម​ឲ្យ​ពួកគេ​ពីរ​បីនាក់​ប្រាប់​ពី​ចម្លើយ​របស់​ពួកគេ ។

សូម​ពន្យល់​ថា នៅ​ក្នុង ពេត្រុសទី ២ ២ យើង​អាន​ថា សាវក​ពេត្រុស​បាន​ព្រមាន​ពួក​បរិសុទ្ធ​ អំពី​មនុស្ស​ដែល​កំពុង​ស្វែង​រក​បោក​បញ្ឆោត​ពួកគេ ។ នៅ​ពេល​សិស្ស​សិក្សា ពេត្រុសទី ២ ២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ស្គាល់ ហើយ​ចៀស​ផុត​ពី​ការ​បោក​បញ្ឆោត​ដែល​ដឹក​នាំ​ទៅ​រក​អំពើ​បាប ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុសទី​២ ២:១-៣ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ព្រមាន​របស់​ពេត្រុស​ អំពី​ជន​ដែល​នឹង​ព្យាយាម​បោក​បញ្ឆោត​ពួក​បរិសុទ្ធ ។

  • តើ​ពេត្រុស​បាន​ព្រមាន​ពួក​បរិសុទ្ធ​អំពី​នរណា ?

  • តើ​ពួក​ព្យាការី និង​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​ទាំងនេះ​បង្រៀន​អំពី​អ្វី ? ( សូម​ពន្យល់​ថា « បក្សពួក​ដែល​បង្ខូច​បំផ្លាញ » [ ខទី ១ ] គឺជា​ការ​បង្រៀន​ក្លែង​ក្លាយ ហើយ​បំផ្លិច​បំផ្លាញ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​មក​ពី​ពេត្រុស​ថា ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​ខិតខំ​ធ្វើ​អ្វីខ្លះ​ដល់​យើង ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដី​ពិត​មួ​យស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​ស្វែង​រក​បោក​បញ្ឆោត​យើង ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​ថា ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​បង្រៀន​អ្វីខ្លះ​នៅ​សព្វថ្ងៃ​នេះ​ដើម្បី​បោក​បញ្ឆោត​យើង ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ពួកព្យាការី​ក្លែង​ក្លាយ និង​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ គឺជា​ពួក​អ្នក​ដែល​ប្រកាស​ថា ព្យាការី យ៉ូសែប ស្ម៊ីធ ជា​អ្នក​បោកប្រាស់​ចម្លង​សំណៅ ពួកគេ​មានការសង្ស័យថាការនិមិត្ត​ដំបូងជា​បទពិសោធន៍​ដ៏​ពិត​មួយឬយ៉ាងណា ។ ពួកគេ​ប្រកាស​ថា ព្រះគម្ពីរ​មរមន និង​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​មាន​ចែង​ក្នុង​សាសនា ពុំ​មែន​​ជា​បញ្ជី​ព្រះគម្ពីរ​មក​ពី​បុរាណ​នោះ​ទេ ។ ពួកគេ​ក៏​ព្យាយាម​ប្រឌិត​និយម​ន័យ​ធម្មជាតិ​នៃ​ក្រុមព្រះ​ផងដែរ ហើយ​ពួកគេ​បដិសេធ​ថា ព្រះ​បាន​ប្រទាន និង​បន្ត​ប្រទាន​វិវរណៈ​នៅ​សព្វថ្ងៃ​នេះដល់​ព្យាការី​របស់​ទ្រង់​ដែល​ត្រូវបាន​តែងតាំង និង​គាំទ្រ ។ …

« ពួក​ព្យាការី​ក្លែងក្លាយ និង​គ្រូបង្រៀន​ក្លែង​ក្លាយ​ក៏​ជា​ពួក​អ្នក​ដែល​ព្យាយាម​ផ្លាស់ប្ដូរ​គោលលទ្ធិ​​ដែល​ព្រះ​ប្រទាន និង​គោលលទ្ធិ​ដែល​ផ្អែក​លើ​ព្រះគម្ពីរ ដែល​ការពារ​ភាពស័ក្ដិសិទ្ធិ​នៃ​អាពាហ៍ពិពាហ៍ លក្ខណៈ​ដ៏​ទេវភាព​នៃ​ក្រុម​គ្រួសារ និង​គោលលទ្ធិ​ចាំបាច់​សម្រាប់​សីលធម៌​ផ្ទាល់​ខ្លួនផងដែរ ។ « ពួកគេ​គាំទ្រ​ដល់​ការផ្ដល់​និយមន័យ​ជា​ថ្មី​ដល់​សីលធម៌ ដើម្បី​​ដំណោះសារ​ចំពោះអំពើ​កាម​គុណ ផិតក្បត់ និង​ទំនាក់ទំនង​ភេទ​ដូច​គ្នា » ( « Beware of False Prophets and False Teachers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៣, ៦៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​គ្រា​ ដែល​ពួកគេ​ធ្លាប់​ជួប​ប្រទះនឹង​ការ​បង្រៀន ឬ​សារលិខិត​មក​ពី​ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ ។

  • ហេតុអ្វី​ក៏​វា​ជា​រឿង​មាន​ប្រយោជន៍​ដើម្បី​ដឹង​ពី​សារលិខិត និង​ការ​បង្រៀន​របស់​ពួក​គ្រូ​បង្រៀន​​ក្លែង​ក្លាយ ?

សូម​សង្ខេប ពេត្រុសទី​ ២ ២:៤–១៧ ដោយ​ពន្យល់​ថា ពេត្រុស​បាន​ផ្ដល់​ជា​ឧទាហរណ៍​បីបួន​​អំពី​រឿង​ដែល​បាន​កើត​ឡើង​ចំពោះ​ប្រជាជន​ ដែល​បាន​ដើរ​តាម​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​កាល​ពី​បុរាណ ។ ពេត្រុស​ក៏​បាន​ផ្ដល់​ជា​ឧទាហរណ៍​អំពី​បុគ្គល​ ដែល​ពុំ​បាន​រង​ឥទ្ធិពល​ពី​ពួក​គ្រូ​បង្រៀន​​ក្លែង​ក្លាយ​ផងដែរ ។ បន្ទាប់​មក ​ពេត្រុស​បាន​រៀបរាប់​ពី​ឥរិយាបថ​ទុច្ចរិត​របស់​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ ។

រូបភាព
fishing hook, worm

សូម​ដាក់​បង្ហាញដង​សន្ទូច​មួយ និង​នុយ​ខ្លះៗ ឬ​ដាក់​បង្ហាញ ឬ​គូរ​រូបភាព​មួយ​អំពី​វត្ថុ​ទាំងនេះ​នៅលើ​ក្ដារខៀន ។ ( ប្រសិន​បើ​វិធី​ចាប់​ត្រី​មួយ​ទៀត​ងាយ​នឹង​ធ្វើ​ឲ្យ​សិស្ស​របស់​អ្នក​យល់​ជាង សូម​ប្រើ​វត្ថុ ឬ​រូបភាព​ដែល​បង្ហាញ​​ពី​វិធី​នោះ ) ។

សូម​ពន្យល់​ថា វិធី​មួយ​ដែល​អ្នក​ស្ទួច​ត្រី​ចាប់​ត្រី​បាន​គឺ ដោយ​ការ​ប្រើ​នុយ​ដើម្បី​ទាក់ទាញ​ត្រី​​ឲ្យ​ចូល​ទៅ​ក្នុង​អន្ទាក់ ឬ​ខាំ​ផ្លែ​សន្ទួច​ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា វិធីសាស្ត្រ​របស់​អ្នក​ស្ទួច​ត្រី​ម្នាក់​ គឺ​ដូចគ្នា​ទៅ​នឹង​ជន​ដែល​ជា​គ្រូបង្រៀន​ក្លែង​ក្លាយ​យ៉ាង​ដូចម្ដេច ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុសទី២ ២:១៨-១៩ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​អូស​ទាញ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​តាម​ការ​បង្រៀន​របស់​ពួកគេ​យ៉ាង​ដូច​ម្ដេច ។

  • តើ​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​អូស​ទាញ ហើយ​បោក​បញ្ឆោត​សមាជិក​សាសនាចក្រ​យ៉ាង​ដូចម្ដេច ? ( សូម​ចង្អុល​បង្ហាញ​ថា ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​មួយ​ចំនួន​អាច​មាន​ចិត្ត​ស្មោះ​ត្រង់ ប៉ុន្តែ​បាន​បោក​បញ្ឆោត​ខ្លួន​ឯង ) ។

  • តើ​ការ​បង្រៀន​ទាំងឡាយរបស់​ពួក​ព្យាការី និង​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ ​ដូចគ្នា​នឹង​នុយ​ចាប់​ត្រី​យ៉ាង​ដូចម្ដេច ?

  • យោង​តាម ខ​ទី ១៩ តើ​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ​ទាំង​នេះ​សន្យា​អ្វីខ្លះ ? ( « ឥស្សរភាព » ។ និយាយ​ម្យ៉ាង​ទៀត គឺ​ពួកគេ​បង្រៀន​ថា អំពើបាប​ដឹកនាំ​ទៅ​រក​សេរីភាព​ធំជាង​ការ​គោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ ) ។

សូម​ដាក់​បន្ថែម​ទៅ​លើ​សេចក្ដីពិត​នៅ​លើ​ក្ដារខៀន​ ដើម្បី​ឲ្យ​មាន​ន័យ​ដូចតទៅ​នេះ ៖ ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ​ស្វែង​រក​បោក​បញ្ឆោត​យើង​ឲ្យ​ជឿ​ថា អំពើ​បាប​ដឹកនាំ​ទៅ​រក​ឥស្សរភាព​ដ៏​កាន់តែអស្ចារ្យ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ខទី ១៩ ម្ដង​ទៀត​ដោយ​ស្ងៀម​ស្ងាត់ រក​មើល​ថា​មាន​រឿង​អ្វី​បាន​កើត​ឡើង​ចំពោះ​ប្រជាជន​ ដែលធ្លាក់ខ្លួន​ក្រោមឥទ្ធិពល​នៃ​ការ​បង្រៀន​ក្លែង​ក្លាយ និង​អំពើ​បាប ។

  • តើ​មាន​រឿង​អ្វី​បាន​កើត​ឡើង​ចំពោះ​ប្រជាជន​ដែលធ្លាក់ខ្លួន​ក្រោម​ឥទ្ធិពល​នៃ​ការ​បង្រៀន​​ក្លែង​ក្លាយ និង​អំពើ​បាប ? ( ពួកគេ​ក្លាយ​ជា​ទាសករ​ចំពោះ​រឿង​ទាំង​នោះ ) ។

  • តើ​ការ​បង្រៀន​ក្លែង​ក្លាយ​មួយ​ចំនួន​ដែល​ទំនង​ជា​លើក​កម្ពស់​ដល់​សេរីភាព ប៉ុន្តែ​តាម​ពិត​ទៅ​វា​ដឹកនាំ​ទៅ​រក​សេវកភាព​វិញនោះ​​មាន​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុសទី២ ២:២០-២២ ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា ពេត្រុស​បាន​បង្រៀន​អ្វីខ្លះ​ អំពី​ជន​​ដែល​ត្រឡប់​ទៅ​រក​អំពើបាប បន្ទាប់​ពី​បាន​រួច​ផុត​ពី​វា​ម្ដង​ហើយ ។

  • ហេតុអ្វី​អ្នក​គិត​ថា ជន​ដែល « បាន​រួច​ពី​សេចក្តី​​ស្មោកគ្រោករបស់​លោកីយ៍​នេះ ដោយ​បាន​ស្គាល់​ព្រះ … យេស៊ូវគ្រីស្ទ » ( ខ​ទី ២០ ) អាចនឹងត្រូវបាន​ល្បួង​ឲ្យ​ត្រឡប់​ទៅ​ផ្លូវ​នៃ​អំពើបាប​របស់​ពួកគេ​វិញ ?

  • តើ​អ្នក​នឹង​ផ្ដល់​ពាក្យ​ទូន្មាន​អ្វីខ្លះ ​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ឲ្យ​បន្ត​ស្មោះ​ត្រង់នឹង​​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ ជា​ជាង​ត្រឡប់​ទៅ​រក​អំពើបាប​ពីមុន​វិញ ?

ពេត្រុសទី២ ៣

ពេត្រុស​ថ្លែង​ទីបន្ទាល់​អំពី​ការយាង​មក​ជា​លើក​ទីពីរ

សូម​ពន្យល់​ថា នៅ​ពេល​ពេត្រុស​បាន​បញ្ចប់​សំបុត្រ​របស់​លោក លោក​បាន​រំឭក​ពួក​បរិសុទ្ធ​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​បង្រៀន​ពួកគេ​ថា​ត្រូវ​​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​នោះ​យ៉ាង​ដូចម្ដេច ។ សូម​សង្ខេប ពេត្រុសទី២ ៣:១–៩ ដោយ​ពន្យល់​ថា ពេត្រុស​បាន​បង្រៀន​ថា ​នៅ​ថ្ងៃ​ចុង​ក្រោយ មនុស្ស​មួយ​ចំនួន​នឹង​សើច​ចំអក​ដាក់​​ជន​ដែល​ជឿ​លើ​ការ​យាង​មក​ជា​លើក​ទីពីរ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ពន្យល់​ថា ហេតុអ្វី​បាន​ជា​ពួកគេ​ជឿ​លើ​ការ​យាង​មក​ជា​លើក​ទីពីរ ទោះ​ជា​មាន​មនុស្ស​ជាច្រើន​ពុំ​បាន​ជឿ​ពី​រឿង​នេះ​ក្ដី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុសទី២ ៣:១០-១៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រកមើល​ថា ពេត្រុស​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ ។ សូម​ពន្យល់​ថា កិរិយា នៅ​ក្នុង ខ​ទី ១១ មាន​ន័យ​ថា ការ​ប្រព្រឹត្ត ហើយ « ការ​ទន្ទឹង​ចាំ » នៅ​ក្នុង ខ​ទី ១២ មាន​ន័យ​ថា ការ​រង់ចាំ​អ្វី​មួយ​យ៉ាង​អន្ទះសា ។

  • យោង​តាម ខ​ទី១០តើ​ពេត្រុស​បាន​បង្រៀន​អ្វីខ្លះ​ អំពី​ការ​យាង​មក​ជា​លើក​ទីពីរ ?

  • យោងតាម ខ​ទី ១១–១៤ តើ​ពេត្រុស​បាន​ទូន្មាន​អ្វីខ្លះ ​ដល់​ពួក​បរិសុទ្ធ​ដើម្បី​រៀបចំខ្លួន​ពួកគេ​សម្រាប់​ការ​យាង​មក​ជា​លើក​​ទីពីរ ? ( ខំប្រឹង​រស់​នៅក្នុង​ជីវិត​បរិសុទ្ធ និង​រង់ចាំ​ដោយ​អន្ទះសា​ដល់​​ការ​យាង​មក​ជា​លើក​ទីពីរ ហើយ​ខិតខំ​ដោយ​ឧស្សាហ៍​ដើម្បី​បាន​រកឃើញ​ជា « ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​​បាន » [ ខ​ទី ១៤ ] ) ។

សូម​ពន្យល់​ថាឃ្លា « ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​​បាន » ( ខ​ទី ១៤ ) មាន​ន័យ​ថា ការ​ជ្រះ​ស្អាត​ពី​អំពើបាប ។ ជន​ដែល​ជ្រះ​ស្អាត​ពី​អំពើបាប​ត្រូវ​បាន​ផ្សះផ្សា​នឹង​ព្រះ ហើយ​នឹង​រកឃើញ​នូវ​សេចក្ដី​សុខសាន្ត​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ កាល​ទ្រង់​នឹង​​យាង​មក ។

  • តើ​អ្នក​នឹង​សង្ខេប​គោលការណ៍​ដែល​ពេត្រុស​បាន​បង្រៀន​ អំពី​របៀប​ដែល​យើង​អាច​រៀបចំខ្លួន​សម្រាប់​ការ​​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​ស្រដៀង​គ្នា​មួយ​នឹង​គោលការណ៍​ដូចតទៅ​នេះ ៖ យើង​អាច​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ​ ដោយ​ការ​រស់​នៅ​ក្នុង​ជីវិត​ដែល​គោរព​ដល់​ព្រះ ហើយ​រង់ចាំ​នូវ​ការ​យាង​មក​របស់​ទ្រង់​ដោយ​អន្ទះសា » ។ សូម​ពន្យល់​ថា « ការចាំមើល » អាច​មាន​ន័យ​ថា យើង​កំពុង​រង់​ចាំ ដោយ​អន្ទះ​សា​ដល់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ) ។

  • តើ​រឿង​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដើម្បី​រស់នៅ​ក្នុង​ជីវិត​ដែល​គោរព​ដល់​ព្រះ នៅ​ពេល​យើង​រង់ចាំ​​ដោយ​អន្ទះសា​ដល់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​អ្វីខ្លះ ?

សូម​សង្ខេប ពេត្រុសទី ២ ៣:១៥–១៨ ដោយ​ពន្យល់​ថា ពេត្រុស​បាន​ព្រមាន​អំពី​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​អំពើ​ទុច្ចរិត ។ លោក​បាន​អញ្ជើញ​ពួក​បរិសុទ្ធ​ឲ្យ « ចំរើន​ឡើង​ក្នុង​ព្រះគុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ [ ព្រះអម្ចាស់ ] » ( ខ​ទី ១៨ ) ។

សូម​បញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​បង្រៀន​នៅ​ក្នុង​ពេត្រុសទី២ ២–៣ ។ សូម​អញ្ជើញសិស្ស​ឲ្យ​ខិតខំ​ដើម្បី​ស្គាល់ ហើយ​ចៀស​វាង​ពី​ការ​បង្រៀន​ក្លែង​ក្លាយ ហើយ​ព្យាយាមរៀបចំខ្លួន​សម្រាប់​ការ​យាង​មក​ជាលើក​ទីពីរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

(ពេត្រុស​ទី២ ៣:១២) ។ « ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់ »

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ទីបន្ទាល់​​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះគ្រីស្ទ ៖

« [ នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ ] បទពិសោធន៍​ដែល​មិន​អាច​នឹក​ដល់​ [ នឹង​កើត​មាន ] ៖ ‹ ព្រះ​អម្ចាស់​​មាន​បន្ទូល​ថា អស់​ទាំង​មនុស្ស​នឹង​បាន​ឃើញ​យើង​គ្រប់​គ្នា › [ គ. និង ស. ១០១:២៣ ] ។ តើ​ការណ៍​នេះ​កើត​ឡើង​ដោយ​របៀប​ណា ? យើង​មិន​ដឹង​នោះទេ ។ ប៉ុន្តែ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា​ វា​នឹង​កើត​ឡើង—​គឺ​ពិត​ជា​កើត​ឡើង​តាម​ពាក្យ​ព្យាករ ។ យើង​នឹង​លុត​ជង្គង់​ចុះ​ដោយ​គាវរភាព ‹ ហើយ​ព្រះអម្ចាស់ ទ្រង់​នឹង​បន្លឺ​សំឡេង​របស់​ទ្រង់ ហើយ​អស់​ទាំង​ចុង​ផែនដី​នឹង​បាន​ឮ › [ គ. និង ស. ៤៥:៤៩ ] ។ ‹ ហើយ​សំឡេង​នោះ​នឹង… ដូច​ជា​សូរ​ទឹក​ច្រើន ហើយ​ដូច​ផ្គរ​លាន់​យ៉ាង​ខ្លាំង [ គ. និង ស. ១៣៣:២២ ] ។ ‹ ហើយ​ព្រះអម្ចាស់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​ទ្រង់​នឹង​ឈរ​នៅ​កណ្តាល​រាស្ត្រ​ទ្រង់ › [ គ. និង ស. ១៣៣:២៥ ] ។ …

« នៅ​ក្នុង​ថ្ងៃ​នោះ អ្នក​សួរ​ដេញ​ដោល​ច្រើន​នឹង​ត្រូវ​បាន​ស្ងាត់​មាត់ ‹ ព្រោះ​គ្រប់​ទាំង​ត្រចៀក​នឹង​បាន​ឮ… ហើយ​គ្រប់​ទាំង​ជង្គង់​ត្រូវ​លុត​ចុះ ហើយ​គ្រប់​​ទាំង​អណ្តាត​ត្រូវ​ទទួល​ស្គាល់ › [ គ. និង ស. ៨៨:១០៤ ] ថា​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ព្រះរាជ​បុត្រា​នៃ​ព្រះ ព្រះ​អង្គ​សង្គ្រោះ និង ព្រះ​ប្រោសលោះ​នៃ​ពិភព​លោក » ( « Thy Kingdom Come » EnsignLiahona ខែ ឧសភា ឆ្នាំ ​២០១៥ ទំព័រ ១២២ ) ។