សេចក្ដីផ្ដើមនៃសំបុត្រទីពីររបស់ពេត្រុស
ហេតុអ្វីត្រូវសិក្សាគម្ពីរនេះ ?
ព្យាការី យ៉ូសែប ស្ម៊ីធ បានថ្លែងថា « ពេត្រុសបានសរសេរប្រើភាសាជ្រៅៗដ៏ប្រសើរបំផុតលើសពីព្យាការីណាៗទាំងអស់ » ( នៅក្នុង History of the Church ៥:៣៩២ ) ។ ដ៏ប្រសើរបំផុតមានន័យថា បានលើកតម្កើងនៅក្នុងគំនិត មានតម្លៃដ៏ធំអនេក ហើយមានទំនោរដើម្បីបំផុសឲ្យមានការសរសើរ ។
ក្នុងនាមជាសាក្សីមួយរូបនៃការប្រែរូបរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ពេត្រុសទី២ ១:១៦–១៨ ) ពេត្រុសបានដាស់តឿនពួកអ្នកអានរបស់លោកឲ្យរីកចម្រើននៅក្នុងចំណេះដឹងអំពីព្រះគ្រីស្ទ ហើយស្វែងរកដើម្បីទទួលបានគុណលក្ខណៈនៃព្រះ ដើម្បីពួកគេអាចទទួលបាន « និស្ស័យនៃព្រះ » ( សូមមើល ពេត្រុសទី២ ១:៤–៨ ) ។ លោកបានធានាដល់ពួកអ្នកអានរបស់លោកថា ការរីកចម្រើនខាងវិញ្ញាណនេះនឹងជួយពួកគេឲ្យ « ដំណើរដែលទ្រង់ហៅ ហើយរើសតាំង[ របស់ពួកគេ ] បានពិតប្រាកដឡើង » ( ពេត្រុសទី២ ១:១០ ) ។ « ពេត្រុសបានបញ្ជាក់ជាថ្មីថា ព្រះអម្ចាស់នឹងយាងចុះមកពីស្ថានសួគ៌នៅក្នុងសិរីល្អដ៏អស្ចារ្យ ហើយកាត់សេចក្ដីដល់ផែនដីនេះ » ( Bible Dictionary « Peter, Epistles of » ) ។ តាមរយៈការសិក្សាសំបុត្រទីពីររបស់ពេត្រុស នោះសិស្សអាចអភិវឌ្ឍសេចក្ដីជំនឿកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទ ហើយទទួលការណែនាំ និងការបំផុសគំនិត ដែលអាចជួយពួកគេឲ្យប្រែក្លាយកាន់តែដូចជាទ្រង់ ។
តើនរណាជាអ្នកសរសេរគម្ពីរនេះ ?
អ្នកនិពន្ធសំបុត្រទីពីររបស់ពេត្រុសគឺជា ស៊ីម៉ូន ពេត្រុស សាវករៀមច្បងរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ពេត្រុសទី២ ១:១ ) ។
តើនៅពេលណា និងនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរ ?
យើងពុំដឹងច្បាស់លាស់អំពីពេលវេលា និងទីកន្លែងដែលសំបុត្រត្រូវបានសរសេរឡើងឡើយ ។ មានការសន្និដ្ឋានរួមមួយថា ពេត្រុសបានសរសេរសំបុត្រនេះនៅរ៉ូម បន្ទាប់ពីសំបុត្រដែលគេហៅជាពេត្រុសទី ១ នោះមក ហើយដែលវាទំនងជាសរសេរឡើងប្រមាណជា គ.ស. ៦៤ ( សូមមើល Bible Dictionary « Peter, Epistles of » ) ។
តើគម្ពីរនេះត្រូវបានសរសេរឡើងសម្រាប់នរណា ហើយតើហេតុអ្វីដែរ ?
ប៉ុលបានថ្លែងថា លោកកំពុងសរសេរទៅ « ពួកអ្នកដែលបានទទួលសេចក្តីជំនឿដ៏វិសេស ត្រូវគ្នានឹងយើងខ្ញុំដែរ » ( ពេត្រុសទី២ ១:១ ) ។ ការណ៍នេះអាចបង្ហាញថា ពួកអ្នកអានរបស់ពេត្រុសគឺជាពួកគ្រីស្ទានដែលជាសាសន៍យូដាតែមួយ ដែលបានទទួលសំបុត្រទីមួយរបស់ពេត្រុស ( សូមមើល ពេត្រុសទី២ ៣:១ ) ។ មាតិកានៃ ពេត្រុសទី២ ១:១២–១៥ បង្ហាញថា ពេត្រុសមានបំណងចង់ឲ្យសំបុត្រនេះក្លាយទៅជាសារលិខិតលាគ្នាមួយ ទៅកាន់ពួកអ្នកអានរបស់លោក ។
មិនដូចជាសំបុត្រទីមួយរបស់ពេត្រុស ដែលបានជួយពួកបរិសុទ្ធឲ្យតតាំងនឹងការបៀតបៀនពីខាងក្រៅនោះឡើយ សំបុត្រទីពីររបស់ពេត្រុសបានលើកឡើងពីការក្បត់សាសនានៅខាងក្នុង ដែលបានគម្រាមកំហែងដល់អនាគតរបស់សាសនាចក្រ ។ ពួកព្យាការី និងពួកគ្រូបង្រៀនក្លែងក្លាយកំពុងពង្រីក « [ ការបង្រៀនខុសឆ្គង ] ដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ » ( ពេត្រុសទី២ ២:១ ) ។ ពេត្រុសបានសរសេរសំបុត្រនេះ ដើម្បីលើកទឹកចិត្តពួកបរិសុទ្ធឲ្យរីកចម្រើននៅក្នុងចំណេះដឹងរបស់ពួកគេអំពីព្រះអម្ចាស់ និងដើម្បីធ្វើឲ្យ« ដំណើរដែលទ្រង់ហៅ ហើយរើសតាំង[ របស់ពួកគេ ] បានពិតប្រាកដឡើង » ( ពេត្រុសទី២ ១:១០ ) ។
តើគម្ពីរនេះមានលក្ខណៈពិសេសអ្វីខ្លះ ?
« សំបុត្រទីពីរនេះទំនងជាសរសេរទៅព្រះវិហារតែមួយដូចជានៅក្នុងសំបុត្រទីមួយដែរ ( [ ពេត្រុសទី ២ ] ៣:១ ) ។ វាត្រូវបានសរសេរឡើងពីមុនការស្លាប់របស់ពេត្រុស ( [ ពេត្រុសទី២ ] ១:១៤ ) » ( Bible Dictionary « Peter, Epistles of » ) ។ វាក៏មាននូវពាក្យព្រមានដ៏មានប្រសិទ្ធភាពបំផុត និងទីបន្ទាល់ចុងក្រោយរបស់ពេត្រុសផងដែរ ។
បាវចនាដ៏សំខាន់មួយនៅក្នុងពេត្រុសទី ២ គឺជាសារៈសំខាន់នៃការទទួលបានចំណេះដឹងពីព្រះយេស៊ូវគ្រីស្ទ ។ ពេត្រុសបានសន្យាដល់ពួកអ្នកអានរបស់លោកថា ប្រសិនបើពួកគេខិតខំស្វែងរកចរិកលក្ខណៈរបស់ព្រះ ហើយអភិវឌ្ឍនិស្ស័យនៃព្រះ នោះពួកគេនឹង « មិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ » ( ពេត្រុសទី២ ១:៨ ) ហើយនឹង « ធ្វើឲ្យដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង » ( ពេត្រុសទី២ ១:១០ ) ។
ពេត្រុសបានបង្ហាញពីភាពខុសគ្នារវាងដំណឹងល្អពិតពីព្រះយេស៊ូវគ្រីស្ទ និងចំណេះដឹងក្លែងក្លាយ ហើយនិងការបង្រៀនដែលបានផ្សព្វផ្សាយដោយពួកក្បត់សាសនា ( សូមមើល ពេត្រុសទី២ ២ ) ។ នៅចុងបញ្ចប់នៃសំបុត្រនេះ ពេត្រុសបានផ្ដល់ការអញ្ជើញជាចុងក្រោយមួយឲ្យពួកបរិសុទ្ធ « ចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា » ( ពេត្រុសទី២ ៣:១៨ ) ។
គម្រោង
ពេត្រុសទី ២ ១ ពេត្រុសពន្យល់ថា ការសន្យារបស់ព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឲ្យពួកបរិសុទ្ធឲ្យក្លាយទៅជាអ្នក « បានចំណែកជានិស្ស័យនៃព្រះ » ( ពេត្រុសទី២ ១:៤ ) ។ លោកបានលើកទឹកចិត្តពួកគេឲ្យធ្វើឲ្យ « ដំណើរដែលទ្រង់ហៅ ហើយរើសតាំងអ្នករាល់គ្នា បានពិតប្រាកដឡើង » ( ពេត្រុសទី២ ១:១០ ) ។ ពេត្រុសនឹកចាំពីបទពិសោធន៍របស់លោកនៅលើភ្នំប្រែរូប កាលលោកបានឃើញព្រះគ្រីស្ទដ៏រុងរឿង ហើយស្ដាប់ឮព្រះសូរសៀងរបស់ព្រះវរបិតា ។ ពេត្រុសពោលថា លោក « មានពាក្យទំនាយដ៏ពិតជាង » ( ពេត្រុសទី២ ១:១៩ ) ។
ពេត្រុសទី២ ២ ពេត្រុសព្រមានសមាជិកសាសនាចក្រពីពួកព្យាការី និងពួកគ្រូបង្រៀនក្លែងក្លាយទាំងឡាយ ដែលនឹងមកនៅក្នុងចំណោមពួកគេ ហើយព្យាយាមនាំពួកបរិសុទ្ធឲ្យវង្វេង ។ ពួកគ្រូបង្រៀនទុច្ចរិតទាំងនេះនឹងបដិសេធព្រះអម្ចាស់ ហើយពោលពាក្យអាក្រក់ពី « ផ្លូវពិត »ពេត្រុសទី២ ២:២ ) ។ ពេត្រុសបង្រៀនថា វាប្រសើរជាង បើយើងមិនទទួលយកដំណឹងល្អ ជាជាងបានធ្វើសេចក្ដីសញ្ញាហើយ តែមិនបានរស់នៅតាមវានោះ ។
ពេត្រុសទី ២ ៣ ពេត្រុសបញ្ជាក់ពីភាពប្រាកដប្រជាថា ព្រះគ្រីស្ទនឹងយាងមកនៅក្នុងកាលវេលារបស់ទ្រង់ ដោយសម្អាតផែនដីនេះដោយភ្លើង បំផ្លាញពួកទុច្ចរិត ហើយសង្គ្រោះដល់ជនឧស្សាហ៍ និងស្មោះត្រង់ ។ ពេត្រុសលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យ « ចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់…ព្រះយេស៊ូវគ្រីស្ទ » ( ពេត្រុសទី២ ៣:១៨ ) ។