បណ្ណាល័យ
មេរៀន​ទី១១៣ ៖ កូរិនថូស​​ទី ២ ១-៣


មេរៀន​ទី១១៣

កូរិនថូស​​ទី ២ ១-៣

សេចក្តី​ផ្ដើម

ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធនៅ​កូរិនថូស ហើយ​បាន​ពន្យល់​ពី​របៀប​ដែល​ពួកគេ​អាច​លួង​លោម​ដល់​មនុស្ស​ដទៃទៀត ។ លោក​ក៏​បាន​ដាស់​តឿន​ដល់​ពួកគេ​ឲ្យអភ័យទោសដល់​ពួក​អ្នក​មាន​បាន​ដែល​បាន​មក​ក្នុង​ក្រុម​ជំនុំ​របស់​ពួកគេ​ផង​ដែរ ។ ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ថា ប្រសិន​បើ​ពួកគេ​ងាក​ទៅ​រក​ព្រះអម្ចាស់ ពួកគេ​នឹង​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ ទី​២ ១

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ពី​របៀប​ដើម្បី​លួង​លោម​មនុស្ស​ដទៃ​ទៀត

សូម​ឲ្យ​សិស្ស​គិត​ពី​ពេល​មួយ​កាល​មនុស្ស​ម្នាក់​ ដែល​ពួកគេ​ស្គាល់​ បាន​ជួប​នឹង​ការ​សាក​ល្បង ឬ​ទុក្ខ​វេទនា​ដ៏​លំបាក​មួយ ។

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​គាត់ ?

  • តើ​អ្នក​ធ្លាប់​មាន​បំណង​ចង់​លួងលោម​មនុស្ស​ម្នាក់ ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាក​ល្បង​​មួយ ប៉ុន្តែ​ពុំ​ដឹង​ពី​របៀប​ធ្វើ​វា​ដែរ​ទេ ?

នៅ​ពេល​សិស្ស​សិក្សា កូរិនថូស​ទី ២ ១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ​ ដែល​អាច​ជួយ​ឲ្យ​ពួកគេ​ស្គាល់​ពី​​របៀបដើម្បី​​លួងលោម​ដល់​មនុស្ស​ដទៃ​នៅ​ក្នុង​ការ​សាកល្បង និង​ទុក្ខ​លំបាក​របស់​ពួកគេ ។

សូម​ពន្យល់​ថា បន្ទាប់​ពី​ប៉ុល​បាន​សរសេរ កូរិនថូសទី១ មាន​កុបកម្ម​មួយ​បាន​កើត​ឡើង​នៅ​អេភេសូ​រ ​ដោយ​ឆ្លើយ​តប​នឹង​ការ​បង្រៀន​របស់​លោក ។ ( សូមមើល កិច្ចការ ១៩:២៣-៤១ ។ កំណត់ចំណាំ ៖ ស្រុក​អាស៊ី​គឺជា​ខេត្ត​មួយ​របស់​រ៉ូម​ ដែល​ជា​ប្រទេស​​តួកគី​នៅ​បច្ចុប្បន្ន​នេះ ) ។ ប៉ុល​បាន​ចេញ​ពី​អេភសូរ​​ទៅ​ម៉ាសេដូនី ជា​កន្លែង​ដែល​ទីតុស​បាន​នាំ​យក​ដំណឹង​ប្រាប់​លោក​ថា សំបុត្រ​របស់​ប៉ុល​កាល​ពី​លើក​មុន​ត្រូវ​បាន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​បាន​ទទួល​យក​ដោយ​អំណរ ។ ប៉ុល​ក៏​បាន​ដឹង​ផង​ដែរ​ថា ពួក​បរិសុទ្ធ​កំពុង​ជួប​នូវ​សេចក្តី​ឈឺចាប់ ហើយ​បាន​ដឹង​ថា មាន​គ្រូ​ក្លែង​ក្លាយ​មួយ​ចំនួន​នៅ​កូរិនថូស​កំពុង​តែ​បំផ្លាញ​គោលលទ្ធិ​ពិត​របស់​ព្រះគ្រីស្ទ ។ ប៉ុល​បាន​សរសេរ​កូរិនថូស​ទី ២ ដើម្បី​លួង​លោម​ដល់​ពួក​បរិសុទ្ធ ហើយ​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​គ្រូ​ក្លែង​ក្លាយ​ទាំង​នេះ​បាន​បង្ក​ឡើង ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង កូរិនថូសទី២ ១:១-៥ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើ​ប៉ុល​បាន​ប្រាប់​អ្វីខ្លះ​ដល់​ពួក​បរិសុទ្ធ​ទាក់​ទង​នឹង​សេចក្ដី​ឈឺ​ចាប់​របស់​ពួកគេ ។

  • តើ​ប៉ុល​បាន​ប្រាប់​អ្វីខ្លះ​ដល់​ពួក​បរិសុទ្ធ​អំពី​ព្រះ​នៅ​ក្នុង ខ​ទី ៣ ដែល​វា​បាន​លួង​លោម​ពួកគេ​​នៅ​ក្នុង​សេចក្ដី​ឈឺចាប់​របស់​ពួកគេ​នោះ ?

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​នៅ​ក្នុង ខ​ទី ៤ អំពី​រឿង​ដែល​យើង​អាច​ធ្វើ នៅ​ពេល​យើង​ទទួល​ការ​លួង​លោម​ពី​ព្រះវរបិតា​សួគ៌ ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ស្រដៀង​គ្នា​មួយ​នឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ នៅ​ពេល​ព្រះវរបិតា​សួគ៌​លួង​លោម​យើង​នៅ​ក្នុង​សេចក្ដី​ឈឺចាប់​របស់​យើង នោះ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទទួល​ការ​លួង​លោម​របស់​ទ្រង់ ) ។

  • តើ​ការ​ទទួល​បាន​ការ​លួង​លោម​របស់​ព្រះ​នៅ​ក្នុង​ការ​សាកល្បង​មួយ​ បាន​ជួយ​អ្នក​ឲ្យ​ជួយ​ដល់​មនុស្ស​ម្នាក់​ផ្សេង​ទៀត​​ឲ្យ​ទទួល​បាន​ការ​លួង​លោម​របស់​ទ្រង់​បាន​យ៉ាង​ដូចម្ដេច ? ( សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​របស់​អ្នក​មួយ កាល​សិស្ស​គិត​ពី​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ) ។

សូម​សង្ខេប កូរិនថូសទី២ ១:៦–៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ​អំពី​ទុក្ខទោស​ដល់​ជីវិត​ដែល​លោក និង​ពួក​ដៃ​គូ​របស់​លោក​បាន​ជួប កាល​កំពុង​ប្រកាស​ដំណឹងល្អ​នៅ​អេភេសូរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ១:៩-១១ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ​រកមើល​ថា​អ្វីទៅ​បាន​ជួយ​ប៉ុល និង​ពួក​ដៃ​គូ​របស់​លោក​នៅ​ក្នុង​ការ​សាកល្បង​របស់​ពួក​លោក ។

  • តើ​អ្វីទៅ​បាន​ជួយ​ប៉ុល និង​ពួក​ដៃ​គូ​របស់​លោក​នៅ​ក្នុង​ការ​សាកល្បងរបស់​ពួក​លោក ?

  • តើ​អ្នក​អាច​រក​ឃើញ​សេចក្ដី​ពិត​អ្វី​នៅ​ក្នុង ខ​ទី ១១ អំពី​របៀប​​ដែល​យើង​អាច​ជួយ​មនុស្ស​ដែល​កំពុង​ជួប​ការ​សាក​ល្បង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាង​ក្រោម​នេះ ៖ ការ​អធិស្ឋាន​របស់​យើង​អាច​ជួយ​មនុស្ស​ដែល​កំពុង​ជួប​ការ​សាកល្បង​បាន ) ។

  • តើ​ការ​អធិស្ឋាន​របស់​យើង​អាច​ជួយ​មនុស្ស​ម្នាក់​ ដែល​កំពុង​ជួប​ការ​សាកល្បង​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​អធិស្ឋាន​របស់​មនុស្ស​ដទៃ​ធ្លាប់​ជួយ​អ្នក ​នៅ​ក្នុង​ការ​សាកល្បង​របស់​អ្នក​បាន​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប កូរិនថូសទី២ ១:១២–២៤ ដោយ​ពន្យល់​ថា ប៉ុល​បាន​រីករាយ​ចំពោះ​អ្នក​ដែល​បាន​ទទួល​ពាក្យ​ទូន្មាន ដែល​លោក​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​សំបុត្រ​​ទីមួយ​របស់​លោក ។ នៅ​ក្នុង ខ​ទី ១៥–២០ ប៉ុល​បាន​ឆ្លើយតប​ទៅ​អ្នក​ដែល​បាន​ចាប់​កំហុស​លោក ​កាល​លោក​បាន​ផ្លាស់​ប្ដូរ​ផែនការ​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ ។ ការ​រិះគន់​មួយ​ចំនួន​ទៅ​លើ​ប៉ុល​នោះ​ទំនង​ដោយ​សារ​តែ​លោក​បាន​ផ្លាស់​ប្ដូរ​ផែនការ​ធ្វើ​ដំណើរ​របស់​លោក ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ទុក​ចិត្ត​លោក ឬ​លើ​ការ​បង្រៀន​របស់​លោក​ទៀត​ឡើយ ។ ប៉ុល​បាន​ប្រកាស​ថា សារលិខិត​នៃ​ដំណឹងល្អ​គឺ​​ពិត មិន​ថា​លោក​ផ្លាស់​ប្ដូរ​ផែនការ​របស់​លោក​យ៉ាង​ណា​នោះ​ទេ ។

កូរិនថូស​ទី២ ២

ប៉ុល​ដាស់តឿន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យអភ័យទោសដល់​អ្នក​មាន​បាប

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​គ្រា​មួយ​​ដែល​មនុស្ស​ម្នាក់​បាន​ធ្វើ​ឲ្យ​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​​ស្រឡាញ់​ឈឺចាប់ ឬ​រវាទ​ចិត្ត ។

  • ហេតុអ្វី​វា​ពិបាក​នឹង​អភ័យទោស​ឲ្យ​មនុស្ស​ម្នាក់​នោះ ?

នៅពេល​សិស្ស​សិក្សា កូរិនថូសទី ២ ២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​សេចក្ដី​ពិត​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​ហេតុផល​ថា ការ​អភ័យទោស​ដល់​មនុស្ស​ទូទៅ​គឺ​ជា​រឿង​ដ៏​សំខាន់ ។

សូម​រំឭក​សិស្ស​ថា នៅ​ក្នុង​សំបុត្រ​ទីមួយ​របស់​ប៉ុល​ទៅ​ពួក​កូរិនថូស លោក​បាន​ផ្ចាញ់ផ្ចាល​ពួកគេ​ដោយសារ​តែ​ការ​មិន​គោរព​ប្រតិបត្តិ និង​ការ​ខ្វះ​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូស​ទី២ ២:១-៤ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ប៉ុល​បាន​សង្ឃឹម​ឲ្យ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​បាន​ស្គាល់​អ្វីខ្លះ​ទាក់ទង​នឹង​ការ​ស្តី​បន្ទោស​​របស់​លោក ។

  • យោង​តាមខ​ទី ៤ តើ​ប៉ុល​ចង់​ឲ្យ​បរិសុទ្ធ​ស្គាល់​អ្វីខ្លះ​ ទាក់ទង​នឹង​ការ​ជំរុញ​ឲ្យ​លោក​​ស្ដីបន្ទោស​ដល់​ពួកគេ ?

  • តើ​ការ​ផ្ចាញ់ផ្ចាល ឬ​ការ​កែ​តម្រូវ​អាច​ជា​ភស្ដុតាង​​នៃ​ការ​ស្រឡាញ់​របស់​មនុស្ស​ម្នាក់​ចំពោះ​​យើង​បាន​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប កូរិនថូសទី ២ ២:៥–៦ ដោយ​ពន្យល់​ថា ប៉ុល​បាន​សរសេរ​អំពី​សមាជិក​សាសនាចក្រ​ម្នាក់​ដែល​មាន​បាប​ទាស់​នឹង​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត ហើយ​រឿង​នេះ​បាន​បណ្ដាល​ឲ្យ​ពួកគេ​​មាន​ទុក្ខ​ព្រួយ ។ ជា​លទ្ធផល សាសនាចក្រ​បាន​ដាក់​វិន័យ​ចំពោះ​​បុរស​ម្នាក់​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ២:៧-៨ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុលបាន​និយាយ​អ្វីខ្លះ​អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​គួរ​ប្រព្រឹត្ត​ចំពោះ​បុរស​ម្នាក់​នេះ ។

  • តើ​ពួក​បរិសុទ្ធ​គួរ​ប្រព្រឹត្ត​បែប​ណា​ទៅ ​ចំពោះ​បុរស​ដែល​បាន​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​នោះ ?

សូម​ពន្យល់​ថា ទោះ​បី​ជា​បុរស​នេះ​មាន​បាប​ក្ដី ក៏​តម្លៃ​នៃ​ព្រលឹង​របស់​គាត់​នៅ​តែ​អស្ចារ្យ​ចំពោះ​​ព្រះនេត្រ​នៃ​ព្រះ​ដែរ ( សូម​មើល គ. និង ស. ១៨:១០ ) ។ ប៉ុល​បាន​ដាស់​តឿន​ពួក​បរិសុទ្ធ​ឲ្យ​អត់ទោស លួងលោម ហើយ​ស្រឡាញ់​បុរស​នេះ​​ដើម្បី​ជួយ​គាត់​ឲ្យ​ប្រែ​ចិត្ត ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន កូរិនថូសទី២ ២:៩–១១ ដោយ​ស្ងៀម​ស្ងាត់​រកមើល​ហេតុផល​​ដែល​ប៉ុល​បាន​និយាយ​ថា ពួក​បរិសុទ្ធ​គួរ​តែ​អភ័យទោស​ដល់​មនុស្ស​​ដទៃ ។

  • យោង​តាម​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​នៅ​ក្នុង ខ​ទី ​១១​ តើ​អ្វី​ទៅ​ជា​ហេតុផល​មួយ​ទៀត​ដែល​យើង​គួរ​អភ័យទោស​ដល់​មនុស្ស​ដទៃ ? ( ដោយ​ប្រើ​ពាក្យ​ផ្ទាល់ខ្លួន សិស្ស​គួរ​ស្គាល់​សេចក្ដី​ពិត​ដូចខាង​ក្រោម ៖ ប្រសិន​បើ​យើង​មិន​អភ័យទោស​ដល់​មនុស្ស​ដទៃ​ទេ​នោះ​ សាតាំង​នឹង​មាន​អំណាច​មក​លើ​យើង ។ អ្នក​គួរ​ឲ្យ​យោបល់​សិស្ស​គូស​ចំណាំ​សេចក្ដីពិត​នេះ​នៅក្នុងខ​ទី ១១) ។

សូម​ចង្អុល​បង្ហាញ​ថា ការ​អភ័យទោស​ដល់​មនុស្ស​ដទៃ​ពុំ​មែន​មាន័យ​ថា អ្នក​មាន​បាប​នោះ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ខ្លួន​នោះ​ទេ ។ ហើយ​វា​ក៏​ពុំ​មែន​មានន័យ​ថា យើង​បន្ត​ទ្រាំ​ឲ្យ​មនុស្ស​ធ្វើ​ខុស​ចំពោះ​យើង​ដែរ ។ ផ្ទុយ​ទៅ​វិញ ការ​អភ័យទោស​ដល់​មនុស្ស​ដទៃ​មាន​ន័យ​ថា ការ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​ធ្វើ​ខុស​ចំពោះ​យើង​ដោយ​សេចក្ដីស្រឡាញ់ ហើយដោយមិន​ទុក​ការ​អាក់អន់​ចិត្ត ឬ​កំហឹង​ក្នុង​ចិត្ត​របស់​​ពួកគេឡើយ ។ យើង​បាន​បង្គាប់​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ទាំង​អស់ ។ ( សូម​មើលសេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អត់ទោស » ​scriptures.lds.org, គ. និង ស. ៦៤:៩–១១ ) ។

  • តើ​អ្នក​គិត​ថា​ សាតាំង​មាន​អំណាច​មក​លើ​យើង​បាន​ដោយ​របៀប​ណា នៅ​ពេល​​យើង​មិន​អភ័យទោស​ដល់​មនុស្ស​ដទៃ​នោះ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​​ការ​អភ័យទោស​ដល់​មនុស្ស​​ដទៃ ។ ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​មនុស្ស​ម្នាក់​​ដែល​ពួកគេ​ត្រូវ​អភ័យទោស​ឲ្យ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​គោលដៅ​មួយ​ដើម្បី​អភ័យទោស​ដល់​បុគ្គល​ម្នាក់​នោះ​ ដើម្បី​កុំ​ឲ្យ​សាតាំង​មាន​អំណាច​មក​លើ​ពួកគេ​បាន ។

សូម​ពន្យល់​ថា យើង​អាន​នៅ​ក្នុង កូរិនថូសទី២ ២:១៤ ថា ប៉ុល​​បាន​សរសេរ​ថ្លែង​អំណរគុណ​ដល់​ព្រះ ជា​អង្គ​ដែល​តែង​តែ « ​នាំ​ [ លោក ] ឲ្យ​មាន​ជ័យ​ជំនះ​ក្នុង​ព្រះគ្រីស្ទ » ទោះ​ជា​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ក្ដី ។

កូរិនថូស​ទី២ ៣

ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ថា ប្រសិន​បើ​ពួកគេ​ងាក​ទៅ​រក​ព្រះអម្ចាស់ នោះ​ពួកគេ​នឹងប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះ

សូម​ពន្យល់​ថា កាល​ប៉ុល​បាន​ចាកចេញ​ពី​កូរិនថូស នោះ​មាន​ពួក​គ្រូ​ក្លែងក្លាយ​មួយ​ចំនួន​​បាន​ចាប់ផ្ដើម​បដិសេធ​​នូវ​ការ​បង្រៀន​របស់​​ប៉ុល ហើយ​បាន​ព្យាយាម​មួល​បង្កាច់​ប៉ុល ដោយ​ប្រាប់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ថា ពួកគេ​នៅ​តែ​ត្រូវ​ធ្វើ​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ដដែល ។ សូម​សង្ខេប កូរិនថូសទី២ ៣:១ ដោយ​ពន្យល់​ថា ជា​ការ​ឆ្លើយ​តប​ចំពោះ​អ្នក​ដែល​ព្យាយាម​មួល​បង្កាច់​រូបលោក ប៉ុល​បាន​សួរ​ទៅ​សមាជិក​នៅ​កូរិនថូស​ដោយ​ប្រើ​សំណួរ​ត្រិះរិះ​ថា ត្រូវ​ឲ្យ​លោក​ផ្ដល់​ដល់​ពួកគេ​នូវ​ « សំបុត្រ​ផ្ទុកផ្តាក់ » ​មួយ​ដែល​ជា​ភស្ដុតាង​ពី​បុគ្គលិក​លក្ខណៈ និង​ភាព​ស្រប​ច្បាប់​របស់​លោក​ក្នុង​នាម​ជា​សាវក​ពិត​ម្នាក់​របស់​ព្រះយេស៊ូវ​​គ្រីស្ទ​មែន​ទេ ។ ( សូម​ពន្យល់​ថា នៅ​ក្នុង​សម័យ​របស់​ប៉ុល ពួក​អ្នក​មក​ថ្មី​នៅ​ក្នុង​សហគមន៍​មួយ​ត្រូវ​មាន​សំបុត្រផ្ទុកផ្តាក់​​ជាមួយ​នឹង​ពួកគេ ។ សំបុត្រ​ទាំងនេះ​ឧទ្ទេសនាម​ពី​អ្នក​មក​ថ្មី ហើយ​បាន​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ​ដ៏​ល្អ​របស់​ពួកគេ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន កូរិនថូសទី២ ៣:២-៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា ប៉ុល​បាន​និយាយ​អ្វីខ្លះ​ ក្នុង​សំបុត្រ​​ផ្ទុក​ផ្ដាក់​របស់​លោក ។

  • តើ​អ្វី​ទៅ​ដែល​បានដើរ​តួ​ជា​សំបុត្រ​ផ្ទុក​ផ្ដាក់​របស់​ប៉ុល ? ( ជីវិត​ផ្លាស់​ប្ដូរ​របស់​ពួកបរិសុទ្ធ​ប្រៀប​បាន​នឹង​សំបុត្រ​មួយ​មក​ពី​ព្រះគ្រីស្ទ​ផ្ទាល់ ) ។

  • តើ​ឃ្លា​ថា « មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ » ​នៅ​ក្នុងខ​ទី ២​មាន​ន័យ​ដូចម្ដេច ? ( ដំបូង​មនុស្ស​ជាច្រើន​នឹង​បាន​​ស្គាល់​សាសនាចក្រ ហើយ​វិនិច្ឆ័យពី​ភាព​ពេញលេញ​នៃ​សេចក្ដីពិត​របស់​វា​ តាមរយៈ​ការ​ប្រព្រឹត្ត​ផ្ទាល់​ខ្លួន និង​គំរូ​របស់​សមាជិក​​សាសនាចក្រ​ទាំងឡាយ ) ។

សូម​ចង្អុល​បង្ហាញទៅឃ្លា « មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ » ​នៅ​ក្នុង ខ​ទី ៣ ហើយ​ពន្យល់​ថា នៅ​ក្នុង​សម័យ​របស់​ម៉ូសេ ព្រះ​បញ្ញត្តិ​ទាំងឡាយ​ត្រូវ​បាន​ចារ​នៅ​លើ​បន្ទះ​ថ្ម ។ ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ថា តាម​រយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះបញ្ញត្តិ​បាន​ចារ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ ។

សូម​សង្ខេប កូរិនថូសទី ២ ៣:៥–១៣ ដោយ​ពន្យល់​ថា ប៉ុល​បាន​ចោទ​សួរ​ថា ប្រសិន​បើ​ក្រឹត្យវិន័យ​ចាស់​របស់​ម៉ូសេ​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​ភាព​រុង​រឿង​របស់​វា នោះ​ភាព​រុង​រឿង​នៃ​សេចក្ដី​សញ្ញា​ក្នុង​ដំណឹងល្អ​​ដ៏​នៅ​អស់​កល្ប​គឺ​លើស​ពី​នោះ​ទៅ​ទៀត ។ ប៉ុល​បាន​រំឭក​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ថា ម៉ូសេ​បាន​យក​ស្បៃ​មក​បាំង​មុខ​របស់​លោក​កាល​ចុះ​មក​ពី​សន្ទនា​នឹង​ព្រះអម្ចាស់​នៅ​លើ​ភ្នំ​ស៊ីណាយ​វិញ ដោយសារ​កូនចៅ​អ៊ីស្រាអែល​ខ្លាច​សិរី​ល្អ​ដែល​នៅ​លើ​មុខ​របស់​លោក ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ២ ៣:១៤–១៥ ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ប៉ុល​បាន​ប្រៀបធៀប​ពួក​អ៊ីស្រាអែល​ដែល​ខ្លាច​ដល់​សិរីល្អ​ដែល​មាន​នៅ​លើ​មុខ​របស់​ម៉ូសេទៅ​នឹង​ពួក​សាសន៍​យូដា​នៅ​សម័យ​លោក​តាម​របៀប​ណា ។

  • តើ​ប៉ុល​បាន​ប្រៀបធៀប​ពួក​អ៊ីស្រាអែល​ ដែល​បានបង្គាប់​​ឲ្យ​ម៉ូសេ​យក​ស្បៃ​បាំង​មុខ​របស់​លោក​នោះ​ ទៅ​នឹង​ពួក​សាសន៍​យូដា​​នៅ​សម័យ​របស់​លោក​តាម​របៀប​ណា ?

  • តើ​ឃ្លា​ថា « ចិត្ត​គេ​បាន​រឹងទទឹង »​ នៅ​ក្នុង ខ​ទី ១៤ និង « [ ពួកគេ​មាន ] ស្បៃ… ​បាំង​ចិត្ត​គេ » ខ​ទី ១៥ ​មាន​ន័យ​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ៣:១៦-១៨​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា អ្វីទៅ​ដែល​ប៉ុល​បាន​សន្យា ​ថាវា​​នឹង​ដក​យក​ស្បៃ​នៃ​ការ​យល់​ខុស​ចេញ​ពី​ដួងចិត្ត និង​គំនិត​របស់​ប្រជាជន​នោះ ។ សូម​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បាន​កែ​ឃ្លា « កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ » នៅក្នុង​ខទី ១៦​ទៅ​ជា « កាល​ដួង​ចិត្ត​បាន​ងាក​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ » ( ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ កូរិនថូសទី២ ៣:១៦ ) ។

  • យោង​តាម​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ​សម្រាប់ កូរិនថូសទី២ ៣:១៦​ តើ​មនុស្ស​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ដក​យក​ស្បៃ​នៃ​ការ​យល់​ខុស​ចេញ ?

សូម​សរសេរ​នៅ​លើ​ក្ដារខៀន ៖ នៅ​ពេល​យើង​បែរ​ដួង​ចិត្ត​យើង​ងាក​មក​រក​ព្រះអម្ចាស់ …

  • យោង​តាម ខ​ទី ១៨ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​អស់អ្នក​ដែល​បែរ​មក​រក​ព្រះអម្ចាស់ ហើយ​ដោះ​ស្បៃ​នៃ​ការ​យល់​ខុស​នោះ​ចេញ ? ( សូម​ពន្យល់​ថា ឃ្លា « ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរីល្អ​ទៅ​ដល់​សិរីល្អ » ​សំដៅ​ទៅ​លើ​ការ​ផ្លាស់​ប្រែ​ជា​បន្ត​បន្ទាប់​ដែល​យើង​ទទួល​បាន​តាមរយៈ​ព្រះវិញ្ញាណ​ដែល​ជួយ​យើង​​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូចជា​ព្រះ ) ។

សូម​បំពេ​ញឃ្លា​នៅ​លើ​ក្ដារ​ខៀន ដើម្បី​ឲ្យ​វា​បាន​អាន​ថា « នៅ​ពេល​យើង​បែរ​ដួង​ចិត្ត​យើង​ងាក​មក​រក​ព្រះអម្ចាស់ នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​ដែល​នឹង​ជួយ​យើង​ជា​បន្ត​បន្ទាប់​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូចជា​ព្រះ » ។

  • តើ​អ្នក​គិត​ថា ការ​បង្វែរ​ចិត្ត​របស់​យើង​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​មួយ​នាទី​ ដើម្បី​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​វិធី​ដែល​មនុស្ស​អាច​បង្វែរ​ដួង​ចិត្ត​របស់​ពួកគេ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយបញ្ជី​របស់​ពួក​គេ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា ព្រះវិញ្ញាណ​បាន​កែប្រែ​ពួកគេ ឬ​មនុស្ស​ម្នាក់​ដែល​ពួកគេ​​ស្គាល់​តាម​របៀប​ណា ។ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍​របស់​ពួកគេ​ជា​មួយសិស្ស​នៅ​ក្នុង​​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ថា ពួកគេ​អាច​ធ្វើ​អ្វីខ្លះ ​ដើម្បី​ងាកទៅ​រក​ព្រះអម្ចាស់​កាន់​តែ​ប្រសើរ ។ ចូរ​សុំ​ឲ្យ​ពួកគេ​ដាក់​គោលដៅ​មួយ​ដើម្បី​ងាក​ទៅ​រក​ព្រះអម្ចាស់ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ព្រះវិញ្ញាណ ហើយ​ប្រែ​ក្លាយ​កាន់​តែ​ដូច​ជា​ព្រះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូសទី​២ ២:១-៤ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បានផ្ចាញ់​ផ្ចាល​​សមាជិក​សាសនាចក្រ​ដោយ​​សេចក្ដី​ស្រឡាញ់

ប្រធាន ព្រិកហាំ យ៉ង់ បាន​ពន្យល់​ពី​ហេតុផល​ដែល​លោក​បានផ្ចាញ់ផ្ចាលដល់​សមាជិក​សាសនាចក្រ ៖

« ពេល​ខ្លះ មាន​បងប្អូន​ប្រុស​ជា​ច្រើន​មើល​មក​ខ្ញុំ​ថា​ជា​មនុស្ស​ម៉ឺង​ម៉ាត់ ។ ពេល​ខ្លះ​ខ្ញុំ​បាន​ផ្ចាញ់​ផ្ចាល​ពួកគេ ប៉ុន្តែ​វា​ដោយសារ​តែ​ខ្ញុំ​ចង់​ឲ្យ​ពួកគេ​រស់​នៅ​ដើម្បី​​ឲ្យ​ព្រះចេស្ដា​នៃ​ព្រះ​នឹង​គង់​នៅ​ក្នុង​ខ្លួន​ពួកគេ ហើយ​ហ៊ុម​ព័ទ្ធ​ពួកគេ​ដូច​ជា​អណ្ដាត​ភ្លើង » ( Discourses of Brigham Young, selJohn A. Widtsoe [ ឆ្នាំ​ ១៩៥៤ ] ទំព័រ ១១៥ ) ។

កូរិនថូសទី​២ ២:៥-១១ ។ សារៈសំខាន់​នៃ​ការ​អភ័យទោស​ដល់​មនុស្ស​ដទៃ

យើង​ទទួល​បាន​ចំណេះដឹង​មួយ​អំពី​​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ប៉ុល​នៅ​ក្នុង កូរិនថូសទី​២ ២:៥–១១ ។ យើង​មិន​ដឹង​ថា​ តើ​អំពើ​រំលង​ដែល​ប៉ុល​បាន​លើកឡើង​​នោះ​ គឺជា​អំពើ​រំលង​មួយ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង កូរិនថូស ទី១ ៥:១ ឬ​អ្នក​រវាទ​ចិត្ត​ម្នាក់​ទៀត​ឬ​អត់​នោះ​ទេ—វា​ប្រហែល​ជាអំពី​​គ្រូ​ក្លែង​ក្លាយ​ម្នាក់​នៅ​​កូរិនថូស​ដែល​បាន​បដិសេធ​ប៉ុល និង​ការ​បង្រៀន​របស់​លោក ។ ប៉ុល​បាន​លើក​ទឹក​ចិត្ត​សមាជិក​សាសនាចក្រ​ឲ្យ​អភ័យទោស​ដល់​បុរស​នោះ ហើយ​លួង​លោម​គាត់​ដើម្បី​កុំ​ឲ្យ​គាត់​ « កើត​ទុក្ខ​ព្រួយ​កាន់​តែ​ខ្លាំង​ឡើង » ( កូរិនថូសទី២ ២:៧ ) ។

កូរិនថូសទី​២ ៣:១-២ ។ មនុស្ស​មួយ​ចំនួន​កាត់​សេចក្ដី​សាសនាចក្រ​តាម​គំរូ​របស់​សមាជិក

« មាន​មនុស្ស​ជា​ច្រើន​នៅ​ទូទាំង​​ពិភពលោក​មាន​អារម្មណ៍​បែប​នេះ​​ចំពោះ​សាសនាចក្រ ដោយសារ​ទង្វើ​សប្បុរស​ធម៌ និង​ការ​បម្រើ​ដែល​ពួកគេ​ឃើញ​​នៅ​ក្នុង​ជីវិត​របស់​សមាជិក​សាសនាចក្រ ( សូម​មើល កូរិនថូសទី២ ៣:២ ) ។

« ការ​ប្រកាស​របស់​ប៉ុល​ថា សមាជិក​សាសនាចក្រ​​ប្រៀប​ដូចជា​សំបុត្រ​ដែល ‹ មនុស្ស​ទាំងអស់​អាន ›​ បានផ្តល់យោបល់ថា ការ​ប្រព្រឹត្ត​ផ្ទាល់​ខ្លួន​របស់​សមាជិក​សាសនាចក្រ​គឺជា​វិធី​មួយ​ដំបូង​គេ​បង្អស់​ ដែល​មនុស្ស​ជាច្រើន​បាន​ស្គាល់​សាសនាចក្រ ហើយ​កាត់​សេចក្ដី​ពី​ភាព​ពេញលេញ​នៃ​សេចក្ដី​ពិត​របស់​វា ។ ដូចជា​ម្ចាស់​ហាង​ដែល​ត្រូវ​បាន​កាត់​សេចក្ដី​ដោយ​​របស់​របរ​ដែល​គាត់​លក់​ដែរ គឺ​វា​មិន​ខុស​ពីសាសនាចក្រ​ទេ​—ហើយ​ពេល​ខ្លះ​សូម្បី​តែ​ព្រះយេស៊ូវ​គ្រីស្ទ​​ក៏ដូច្នេះដែរ​​​—ត្រូវ​បាន​កាត់​សេចក្ដី​ដោយ​ជីវិត​ដែល​យើង​រស់​នៅ​ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី … បាន​បង្រៀន​ថា ‹ ​នៅ​ក្នុង​ន័យ​ដ៏​សំខាន់​បំផុត​ថា ដំណឹង​ល្អ​មិន​បាន​ចារ​នៅ​លើ​បន្ទះ​ថ្ម ឬ​នៅ​ក្នុង​ព្រះគម្ពីរ​ទេ ប៉ុន្តែ​វា​ចារ​នៅ​ក្នុង​រូបកាយ​នៃ​បុគ្គល​ដែល​ស្មោះ​ត្រង់ ហើយ​គោរព​ប្រតិបត្តិ ដូច្នេះ​ហើយ ពួក​បរិសុទ្ធ​កំពុង​រស់​នៅ​តាម​សេចក្ដី​​ពិត ជា​សៀវភៅ​ជីវិត​ដែល​បើក​ឲ្យ​មនុស្ស​​ទាំងអស់​បាន​អាន › ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​ ១៩៦៥–៧៣ ] ២:៤១៤ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៣៩៥ ) ។