បណ្ណាល័យ
មេរៀន​ទី ១១៤ ៖ កូរិនថូស​ទី២ ៤-៥


មេរៀន​ទី១១៤

កូរិនថូស​ទី២ ៤-៥

សេចក្តី​ផ្ដើម

នៅ​ក្នុង​សំបុត្រ​របស់​លោក​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ប៉ុល​បាន​បង្រៀន​ថា ការ​សាកល្បង និង​ការ​រងទុក្ខ​ក្នុង​ជីវិត​នេះ​គឺ​ជា​រឿង​បណ្ដោះ​អាសន្ន​ទេ ហើយ​វា​តូច​បំផុត​បើ​ប្រៀប​ទៅ​នឹង​ពរជ័យ​នៃ​ភាព​អស់កល្ប​ជានិច្ច ។ លោក​ក៏​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ផង​ដែរ​អំពី​ការ​កាត់​សេចក្ដី ហើយ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​យើង​បាន​ផ្សះផ្សារ​នឹង​ព្រះ​វិញ​បាន ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ទី២ ៤

ប៉ុល​ថ្លែង​ទីបន្ទាល់​ថា ទោះ​ជា​លោក​មាន​សេចក្ដី​រងទុក្ខ ក៏​លោក​មិន​ខ្លាច ឬ​ព្រួយចិត្ត​ឡើយ

សូម​ដាក់​បង្ហាញ រូបភាព​ទី១ ។

រូបភាព
man pussing another man
  • តើ​រូបភាព​នេះ​បង្ហាញ​ពី​អ្វី ?

  • តើ​អ្វី​ទៅ​ដែល​ជំរុញ​ឲ្យ​មនុស្ស​ម្នាក់​នេះ​គិត​ពី​បុគ្គល​ដែល​កំពុង​រុញ​គាត់ ?

សូម​ដាក់​បង្ហាញ រូបភាព​ទី ២ ។

រូបភាព
man pushing another man from street with automobile coming
  • តើ​ការ​មើល​ឃើញ​នូវ​រូបភាព​ទី​មួយ​នៅ​ក្នុង​បរិបទ​មួយ​ដ៏​ធំ​ បាន​ផ្លាស់​ប្ដូរ​ការ​កាត់​សេចក្ដី​របស់​អ្នក​ទៅ​លើ​អ្វី​ដែល​វា​បង្ហាញ​បាន​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ប៉ុល​បាន​សរសេរ​ទៅ​កាន់​​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ជួយ​គ្នា​មើល​ឃើញ​បរិបទ​ដ៏​ធំ​នៃ​សេចក្ដី​វេទនា​របស់​ពួកគេ ។ នៅ​ពេល​សិស្ស​សិក្សាកូរិនថូស ទី​២ ៤សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ ​ស្ដីពី​សេចក្ដី​វេទនា​របស់​ពួកគេ ។

សូម​សង្ខេប កូរិនថូសទី២ ៤:១–៧ ដោយ​ពន្យល់​ថា​ប៉ុល​បាន​អះអាង​ដល់​ពួក​បរិសុទ្ធ​ថា លោក​បាន​ប្រកាស​ដំណឹងល្អដល់​ពួកគេដោយ​សេចក្ដី​ពិត​ពេញ​លេញ​​ ។ លោក​បាន​បង្រៀន​ថា សាតាំង​ដែល​​ជា​ « ព្រះ​របស់​លោកិយ » ​( ខ​ទី ៤ ) ខិត​ខំ​ធ្វើ​ការ​ដើម្បី​រារាំង​មនុស្ស​មិន​ឲ្យ​ទទួល​យក​ដំណឹងល្អ ។ ប៉ុល​បាន​ប្រៀប​ធៀប​ខ្លួន​លោក​ និង​ពួក​អ្នក​បម្រើ​ផ្សេង​ទៀត​​​ ទៅ​នឹង​ថូដី​ដែល​មាន​នូវ « ទ្រព្យ​សម្បត្តិ » នៃ « រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរី​ល្អ​របស់​ព្រះ »​( ខ​ទី៦-៧ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ៤:៨-៩ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រក​មើល​ថាប៉ុល​បានពិពណ៌នាពី​ឧបសគ្គ​នៃ​ការ​ងារ​របស់​លោក​​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​យ៉ាង​ដូចម្ដេច ។

  • តើ​ប៉ុល​បាន​ពិពណ៌នា​ពី​ឧបសគ្គ​​នៃ​ការ​ងារ​របស់​លោក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​យ៉ាង​ដូច​ម្ដេច ?

  • តើ​ប៉ុល​បាន​ប្រើ​ឃ្លា​អ្វីខ្លះ ​ដើម្បីពិពណ៌នា​ពី​របៀប​ដែល​លោក​បាន​អនុវត្តតបនឹង​ឧបសគ្គ​ទាំងនេះ ?

  • ហេតុអ្វី​អ្នក​គិត​ថា ប៉ុល​អាច​នៅតែរ​​ក្សាឥរិយាបថ​វិជ្ជមាន​កាល​លោក​បាន​ជួប​នឹង​ឧបសគ្គ​ទាំងនេះ ?

សូម​សង្ខេប កូរិនថូសទី​២ ៤:១១–១៤ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា ទោះ​បី​ជា​មនុស្ស​ខ្លះ​នឹង​ស្លាប់​ដោយ​សារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក្ដី ក៏​សេចក្ដី​ស្លាប់​របស់​ពួកគេ​គ្រាន់តែជា​រឿង​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ៤:១៤-១៦​ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា ប៉ុល​បាន​ដឹង​អ្វីខ្លះដែល​​បាន​ជួយ​លោក​ឲ្យ​ប្រឈម​នឹង​ការ​សាកល្បង និង​ការ​បៀតបៀន​នោះ ។

  • តើ​ប៉ុល​បាន​ដឹង​អ្វីខ្លះ ដែល​វា​បាន​ជួយ​លោក​ឲ្យ​ប្រឈម​នឹង​ការ​សាកល្បង និង​ការ​បៀត​បៀន ?

  • តើ​ឃ្លា​ថា « ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុករលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុងកំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ » ( ខ​ទី១៦ ) មាន​ន័យ​ដូចម្ដេច ? ( ទោះ​បី​ជា​ប៉ុល និង​ពួក​ដៃ​គូ​របស់​លោក​នឹង​ស្លាប់​ខាង​រូបកាយក៏​​ពិត​មែន ប៉ុន្តែ​វិញ្ញាណ​ពួក​លោក​ត្រូវ​បាន​ពង្រឹង​ជា​រៀង​រាល់ថ្ងៃ ) ។

សូម​ចែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​ដៃ​គូ​នីមួយៗ​ឲ្យ​អាន កូរិនថូសទី​២ ៤:១៧–១៨​ឮៗ​រួមគ្នា រក​មើល​សេចក្ដី​ពិត​ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​អំពី​ការ​សាកល្បង និង​ការ​រងទុក្ខ ។ សូម​ឲ្យ​ដៃ​គូ​នីមួយៗ​ធ្វើ​ការ​រួម​គ្នា​ឆ្លើយ​នឹង​សំណួរ​ខាងក្រោមនេះ​ នៅក្នុង​សៀវភៅ​​កំណត់​ចំណាំ​ក្នុង​ថ្នាក់​របស់​ពួកគេ ឬ​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ អ្នក​អាច​ផ្ដល់​សំណួរ​នៅ​លើ​ឯកសារ​ចែកចាយ ឬ សរសេរ​វា​ដាក់​លើ​ក្ដារខៀន៖​

រូបភាព
handout

កូរិនថូសទី២ ៤:១៧-១៨

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី១១៤

  1. តើ​ប៉ុល​បាន​បង្រៀន​សេចក្ដី​ពិត​អ្វីខ្លះ​អំពី​ការ​សាកល្បង និង​ការ​រងទុក្ខ ?

  2. ហេតុអ្វី​វា​ជា​រឿង​សំខាន់​ដើម្បី​មើល​ឃើញ​ការ​រងទុក្ខ​របស់​យើងនៅ​ក្នុង​បរិបទ​ដ៏​ធំ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ?

  3. តើ​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ម្នាក់​បន្ត​មានជំហររឹងមាំ​នៅ​ក្នុង​ការ​សាកល្បង ដោយសារ​ពួកគេ​បាន​ឃើញ​ការ​រងទុក្ខ​របស់​ខ្លួន​ នៅ​ក្នុង​បរិបទ​ដ៏​ធំ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​នៅ​ពេល​ណា​ដែរ ?

បន្ទាប់​ពី​ឲ្យ​ពេល​គ្រប់គ្រាន់​ហើយ ចូរ​សុំ​ឲ្យ​សិស្ស​បីបួន​នាក់​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទីមួយ​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​សរសេរ​​សេចក្ដីពិត​មួយ​ចំនួន រួម​មាន​ដូច​ខាង​ក្រោម ៖ ការ​សាកល្បង និង​ការ​រង​ទុក្ខ​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ គឺ​មាន​ភាព​តូច​តាចណាស់​​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពរជ័យ និង​ការ​រីកចម្រើន​ដ៏​អស់​កល្ប​ ដែល​អាច​កើត​មាន​នៅ​ពេល​យើង​ស៊ូទ្រាំ​វា​ដោយ​ស្មោះត្រង់ ។ ដោយ​សារ​ការ​រងទុក្ខ​បណ្ដោះ​អាសន្ន ​អាច​នាំ​មក​នូវ​ការ​រីកចម្រើន និង​សិរីល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច នោះ​យើង​មិន​ត្រូវ​អស់​សង្ឃឹម​នៅ​ក្នុង​គ្រា​មាន​ឧបសគ្គ​ឡើយ ។ នៅ​ក្នុង​ការ​រងទុក្ខ​របស់​យើង​ វា​មាន​នូវ​គោលបំណង​ដ៏​នៅ​អស់​កល្ប សូម្បី​តែ​នៅ​ពេល​យើង​មិន​អាច​មើល​ឃើញ​វា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ក្ដី ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្រាប់​ចម្លើយ​របស់​​ពួកគេ​ចំពោះ​សំណួរ​ទីពីរ ។ បន្ទាប់​ពី​ពួកគេ​ប្រាប់​ពី​ចម្លើយ​រួច សូម​ពិចារណា​សួរ​ជា​សំណួរ​តាម​ដាន​ដូច​​ខាង​ក្រោម​នេះ ៖

  • តើ​ការ​សាកល្បង និង​ការ​រងទុក្ខ​របស់​យើង​អាច​នាំ​ឲ្យ​មាន​ការ​រីកចម្រើន​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ចងចាំ​ពី​សេចក្ដី​ពិត​ទាំងនេះ​អាច​ជួយ​យើងឲ្យ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង និង​ការ​រងទុក្ខ​ទាំងឡាយ​ដោយ​ស្មោះ​ត្រង់​តាម​របៀបណា ?

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​ចម្លើយ​​របស់​ពួកគេ​ចំពោះ​សំណួរ​ទីបី ។ សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ​របស់​អ្នក ។

កូរិនថូស​ទី២ ៥

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​អំពី​ការ​កាត់​សេចក្ដី និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់ៗ​បត់​ក្រដាស​នោះ​ជា​ពីរ ហើយ​សរសេរ​ឈ្មោះ​របស់​ខ្លួន​នៅ​ផ្នែក​ម្ខាង​នៃ​ក្រដាស​នោះ ហើយ​សរសេរ​ពាក្យ​ព្រះវរបិតា​សួគ៌​នៅ​ម្ខាង​ទៀត ។ សូម​ពន្យល់​ថា នៅ​ពេល​យើង​ចុះមក​ផែនដី យើង​បាន​ចាក​ចេញ​ពី​វត្តមាន​របស់​ព្រះវរបិតា​សួគ៌ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ហែក​ក្រដាស​ខ្លួន​ចំ​កណ្តាល​ជា​ពីរផ្នែក ហើយ​ដាក់​ក្រដាស​ទាំង​ពីរ​នោះ​ឲ្យ​ដាច់​ពី​គ្នា ។

  • តើ​ក្រដាស​ដែល​បាន​ហែក​នោះ​អាច​តំណាង​ឲ្យ​អ្វី​ដែល​បាន​កើត​ឡើង​ នៅ​ពេល​យើង​បាន​ចាក​ចេញ​ពី​វត្តមាន​របស់​ព្រះវរបិតា​សួគ៌ ហើយចុះ​មក​ផែនដី​ដើម្បី​ដក​ពិសោធន៍​នូវ​ជីវិត​រមែង​ស្លាប់​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​សិស្ស​សិក្សា កូរិនថូសទី​២ ៥ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិតដែល​នឹង​ជួយ​ពួកគេ​​ឲ្យ​យល់​ដឹង​ថា ពួកគេ​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ត្រឡប់​ទៅកាន់​​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​វិញ ។

សូម​សង្ខេប កូរិនថូសទី​២ ៥:១–៦ ដោយ​ពន្យល់​ថា ប៉ុល​បាន​ទទួល​ស្គាល់​ថា ទោះ​ជា​នៅ​ក្នុង​ជីវិត​រមែង​​ស្លាប់​នេះ ​យើង​បាន​បែក​ចេញ​ឆ្ងាយ​ពី​ព្រះ ហើយ​នឹង​ត្រូវ​ស្លាប់​ក៏​ពិត​មែន​ក្ដី​ ប៉ុន្តែ​យើង​នឹង​បាន​រស់​ឡើង​វិញ​ម្ដង​ទៀត ។

សូម​អញ្ជើញ​សិស្ស​អាន កូរិនថូសទី​២ ៥:៦–៧ ដោយ​ស្ងៀម​ស្ងាត់ រក​មើល​ថា ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​គួរ​ធ្វើ​អ្វីខ្លះ ដោយ​ដឹង​ថា​ពួកគេ​បាន​បែក​ចេញ​ពី​ព្រះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។

  • តើ​ប៉ុល​បាន​បង្រៀន​សេចក្ដី​ពិត​អ្វីខ្លះ​ទាក់​ទង​នឹង​រឿង​ដែល​យើង​បែក​ចេញ​ពី​ព្រះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ដូច​ខាងក្រោម​៖ ដោយ​សារ​យើង​បែកចេញ​ពី​ព្រះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ នោះ​យើង​ត្រូវ​ដើរ​ដោយ​សេចក្ដី​ជំនឿ ​ពុំ​មែន​ដោយ​ការ​មើល​​ឃើញ​នោះ​ទេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​សរសេរ​សេចក្ដីពិត​​នេះ​នៅ​លើ​ក្រដាស​ដែល​មាន​ឈ្មោះ​របស់​គាត់ ) ។

  • តើ​ការ « ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ »​ មាន​ន័យ​ដូចម្ដេច ? ( ខ​ទី ៧ ) ។

  • តើ​ឧទាហរណ៍​នៃ​ស្ថានភាព ឬ​ការ​សម្រេច​​ចិត្ត​មួយ​ចំនួន​ ដែល​អ្នក​អាច​ជួប​នោះ​មាន​អ្វីខ្លះ ដែល​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយមើល​ឃើញ​នោះទេ ? ( សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្តារខៀន ។ ចម្លើយ​របស់​ពួកគេ​អាច​រួម​បញ្ចូលនូវ​​បទដ្ឋាន​របស់​សាសនាចក្រ​ដូចជា​ ការ​សម្រេច​ចិត្ត​ចេញ​បម្រើ​បេសកកម្ម ឬ​ការ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​គ្រា​មួយ​ដែល​ពួកគេ ( ឬ​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ) បាន​​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​បទពិសោធន៍​របស់ពួក​គេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​ស្ថានភាព ឬ​ការ​សម្រេច​ចិត្ត​មួយ​ដែល​ពួកគេ​កំពុង​ជួប​នៅ​ពេល​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ដើរ​ដោយ​សេចក្ដី​ជំនឿ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដើរ​ដោយ​សេចក្ដី​ជំនឿ​នៅ​ក្នុង​ស្ថានភាព​នោះ និង​នៅ​គ្រប់​ស្ថានភាព​ទាំងអស់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ៥:៨-១០ឲ្យ​ឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា ប៉ុល​បាន​និយាយ​ថា​យើង​គួរ​ធ្វើ​អ្វីខ្លះ កាល​យើង​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

  • យោង​តាម ខ​ទី ៩ តើ​ប៉ុល​បាន​និយាយ​ថា​យើង​គួរ​ធ្វើ​អ្វីខ្លះ កាល​យើង​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ?

  • ដោយ​ផ្អែក​លើ​ការ​បង្រៀន​របស់​ប៉ុល​ដែល​បាន​កត់​ត្រា​នៅ​ក្នុង ខ​ទី ​១០​ តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​ទាក់​ទង​នឹង​ហេតុផល ​ដែល​យើង​គួរ​ធ្វើ​កិច្ចការ​ល្អ​នៅ​ក្នុង​ជីវិត​នេះ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗគ្នា ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ​នឹង​កាត់​សេចក្ដី​យើង​ម្នាក់ៗ ​ស្រប​តាម​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​គូស​ចំណាំ​ឃ្លា​នៅ​ក្នុង ខ​ទី ១០ ដែល​បង្រៀន​ពី​សេចក្ដី​ពិត​នេះ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ការ​ផ្លាស់​ប្ដូរ​នានា ​ដែល​ពួកគេ​ត្រូវធ្វើ​ដើម្បី​ត្រៀម​​ខ្លួន​សម្រាប់​គ្រា​ដែល​ពួកគេ​នឹង​ទទួល​ការ​កាត់​សេចក្ដី​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​តាម​ការបំផុស​គំនិត​ទាំងឡាយ ដែល​ពួកគេ​អាច​នឹង​ទទួល ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ៥:១៥-១៦​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​នេះ​អាន​ឲ្យ​ឮៗ​នៅ​ក្នុង​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ កូរិនថូសទី២ ៥:១៦   ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង​ដើម្បី​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​វិញ ។

  • យោងតាម ខ​ទី ១៥ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង​ ដើម្បី​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​កាន់់​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​វិញ​បាន ?

  • យោងតាម ខ​ទី ១៥–១៦ តើ​ពួក​អ្នក​ជឿ​ធ្វើ​អ្វីខ្លះ​ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( ពួក​អ្នក​ជឿ​រស់​នៅ​ក្នុង​ជីវិត​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ ហើយ​មិន​ដើរ​តាម​ផ្លូវ​នៃ​លោកិយ ឬ​ធ្វើ​តាម​ខាង​សាច់​ឈាម​ឡើយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​សរសេរ​ឃ្លា​នេះ​នៅ​លើ​ក្រដាស​ដែល​មាន​ឈ្មោះ​របស់​គាត់ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ៥:១៧-១៩​ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​វិញ​បាន​យ៉ាង​ដូចម្ដេច ។

  • តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​ត្រឡប់​ទៅ​កាន់វត្តមាន​របស់​ព្រះ​វរបិតា​សួគ៌​វិញ​បាន​យ៉ាង​ដូចម្ដេច ? (បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួច ​សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ប្រែ​ក្លាយ​ជា​មនុស្ស​ថ្មី ហើយ​បាន​ផ្សះផ្សា​នឹង​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​សរសេរ​សេចក្ដីពិត​នេះនៅ​លើ​ក្រដាស​ដែល​មាន​ពាក្យ « ព្រះ​វរបិតា​សួគ៌ » ) នៅលើនោះ ។

  • តើ​អ្នក​គិត​ថា​ឃ្លា « កើត​ជា​ថ្មី » ​មាន​ន័យ​ដូចម្ដេច ? ( ខ​ទី១៧ ) ។

សូម​អញ្ជើញ​សិស្សឲ្យ​​អាន ម៉ូសាយ ២៧:២៣–២៦ រកមើល​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ដោយ​​ស្ងៀម​ស្ងាត់ ​អំពី​អត្ថន័យ​នៃ​ឃ្លា​កើត​ជា​ថ្មី ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពី​របី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​នូវ​ការ​ពន្យល់​របស់​លោក​ទាក់ទង​នឹង​របៀប​ដែល​យើង​អាច​កើត​ជា​ថ្មី​បាន ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

«​ លក្ខណៈ​សំខាន់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​ និង​ជា​អចិន្ត្រៃ​ក្នុង​ចរិត​ធម្មជាតិ​របស់​យើង ដែល​ការផ្លាស់ប្ដូរ​នេះ​អាចកើតឡើង​តាម​រយៈ​​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ការប្រែចិត្តជឿពិតនាំឲ្យមានការផ្លាស់ប្ដូរ​នៅក្នុងការជឿ ក្នុងដួងចិត្ត និង​ក្នុង​​ជីវិតមនុស្សម្នាក់ឲ្យទទួលយក និងគោរពតាមព្រះហឫទ័យ​របស់​ព្រះ ( សូមមើល កិច្ចការ ៣:១៩,នីហ្វៃទី ៣ ៩:២០​ )​ ហើយរួមទាំងមនសិការ ក្នុងការធ្វើជាសិស្សរបស់ព្រះគ្រីស្ទ ។

« … ពេល​យើង​គោរព​ដល់​ពិធីបរិសុទ្ធ និង សេចក្ដី​សញ្ញា​នៃ​សេចក្ដី​សង្គ្រោះ និង ភាពលើក​តម្កើង ( សូម​មើល គ. និង ស. ២០:២៥ ) ‹ ឈានទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ › ( នីហ្វៃទី ២ ៣១:២០ ) និង ស៊ូទ្រាំ​ក្នុង​ជំនឿ​ដល់​ទីបញ្ចប់ ( សូម​មើល គ. និង ស. ១៤:៧ ) នោះ​យើង​បានកើត​ជាថ្មី​ក្នុង​ព្រះគ្រីស្ទ ( សូម​មើល កូរិនថូសទី​២ ៥:១៧ ) » ( « Converted unto the Lord » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ​ ២០១២ ទំព័រ ១០៧) ។

សូម​ឲ្យ​​សិស្ស​ម្នាក់​​ដាក់​ក្រដាស​ទាំង​ពីរ​នោះ​ចូល​គ្នា​វិញ ។ សូម​ពន្យល់​ថា ការ​ផ្សះផ្សា​គឺជា​ការ​នាំ​ភាគី​ទាំងពីរ​ដែល​បែក​ចេញ​ពី​គ្នា​កាល​ពី​មុន​ឲ្យ​មក​រួម​គ្នាវិញ ។ ដោយសារ​ការធ្លាក់​របស់​​លោក​អ័ដាម ក៏​ដូចជា​អំពើ​បាប​ផ្ទាល់​របស់​យើង​ដែរ យើង​បាន​បែក​ចេញ​ខាង​វិញ្ញាណ​ពី​ព្រះវរបិតា​សួគ៌​របស់​យើង ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្សះផ្សាយើង​ជាមួយ​នឹង​ព្រះវរបិតាតាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ហើយ​បាន​ស្ដារ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ទ្រង់​ឡើង​វិញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី២ ៥:២០-២១​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ថា ប៉ុល​បាន​ដាស់តឿន​ឲ្យ​ពួក​បរិសុទ្ធ​​ធ្វើ​អ្វីខ្លះ ។

  • តើ​ប៉ុល​បាន​ដាស់តឿន​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វីខ្លះ ?

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ទាក់​ទង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​ ដូច​ដែល​កត់​ត្រា​នៅ​ក្នុងខ​ទី ២១ ? ( ទោះ​បី​ជា​ព្រះយេស៊ូវ​គ្រីស្ទ​គ្មាន​អំពើ​បាប​ក្ដី ​ក៏​ទ្រង់​បាន​រងទុក្ខ​សម្រាប់​​អំពើបាប​របស់​យើង​ដែរ ដើម្បី​ធ្វើ​ឲ្យ​យើង​បាន​សុចរិត ) ។

សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដី​ពិត ​ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង​មេរៀន​នេះ ។ ចូរ​សុំ​ឲ្យ​សិស្ស​មើល​បញ្ជី​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​កត់​ទុក​ឡើង​វិញ ហើយ​ពិចារណា​ថា​ពួកគេ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ប្រែក្លាយ ឬ​បន្ត​បាន​ផ្សះផ្សានឹង​ព្រះ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​តាម​ការបំផុស​គំនិត​ទាំងឡាយ ដែល​ពួកគេ​អាច​នឹង​ទទួល ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូស ទី​២ ៤:៥–១០ ។ « ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ »

នៅ​ក្នុងគ្រា​ដ៏​លំបាក ចច អេ ស្ម៊ីធ ជា​ទីប្រឹក្សា​ទីមួយ​របស់​ ព្រិកហាំ យ៉ង់ បាន​ទទួល​ពាក្យ​ទូន្មាន​មក​ពី​បងប្អូន​ជីដូន​មួយ​របស់​លោក​ដែល​ជា​ព្យាការី យ៉ូសែប ស៊្មីធ ដែល​ស្រដៀង​គ្នា​នឹង​ការ​បង្រៀន​របស់​ប៉ុល​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ កូរិនថូស​​ដែរ ៖ 

« លោក​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​បាក់​ទឹក​ចិត្ត​នោះ​ទេ ទោះ​ជា​មាន​ការ​លំបាក​អ្វីអាច​ហ៊ុមព័ទ្ធ​ខ្ញុំ​ក្ដី ។ ប្រសិន​បើ​ខ្ញុំ​ត្រូវ​លិចលង់​ចូល​ទៅ​ក្នុង​បាត​​រណ្ដៅ​ ណូវ៉ា ស្កូទៀ ដ៏ជ្រៅបំផុត ហើយ​ភ្នំ​ធំៗ​ទាំងអស់​បានសង្កត់​មក​លើ​ខ្ញុំ​ក្ដី ខ្ញុំ​មិន​គួរ​បាក់​ទឹក​ចិត្តឡើយ ប៉ុន្តែ​ត្រូវ​តោង​ឲ្យ​ជាប់ អនុវត្ត​សេចក្ដី​ជំនឿ ហើយ​បន្ត​មាន​ចិត្ត​ក្លាហាន ហើយ​នៅ​ទីបំផុត ខ្ញុំ​នឹង​បាន​ក្រោក​ចេញ ហើយ​ឈរ​នៅ​លើ​កំពូល​នៃ​គំនរ​នោះ »​( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ​ ២០០៧ ] ទំព័រ ២៣៥ ) ។

កូរិនថូសទី ២ ៤:១៧ ។ មើល​ឃើញ​ទុក្ខ​លំបាក​របស់​យើងនៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ឲ្យ​បាន​វែង​ឆ្ងាយ

អែលឌើរ ផល វី ចនសុន នៃ​ពួក​ចិតសិប​នាក់​បាន​ប្រើ​ពាក្យ​របស់​ប៉ុល ​ដើម្បី​ជួយ​យើង​ឲ្យ​មើល​ឃើញ​ទុក្ខ​លំបាក​របស់​យើង​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​នៅ​ក្នុង​ទស្សនៈ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ៖

« សាវក​ប៉ុល​បាន​បង្រៀន​ថា ‹ ដ្បិតសេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ › [ កូរិនថូសទី២ ៤:១៧ ] ។ វា​គឺជា​រឿងដ៏​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​ប៉ុល​បាន​ប្រើ​ពាក្យ ‹ សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល › ។ ឃ្លា​នេះ​គឺ​បាន​លើក​ឡើង​ដោយ​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​គេ​វាយដំ ចោលនឹង​ដុំ​ថ្ម​ ត្រូវ​បាន​បញ្ជូន​ខ្លួន​តាម​សំពៅ បាន​ជាប់​ឃុំ និង​ជា​អ្នក​ដែល​បាន​ដក​ពិសោធន៍​នូវ​ការ​សាក​ល្បង​ផ្សេង​ទៀត​ជា​ច្រើន [ សូម​មើល កូរិនថូស ទី​២ ១១:២៣–២៨​ ] ។ ខ្ញុំ​គិត​ថា យើង​ទាំងអស់​គ្នា​ភាគ​ច្រើន​មិន​​​បាន​គិត​ថា ​ទុក្ខ​លំបាក​របស់​យើង​គឺ​ជា​រឿង​ស្រាល​នោះ​ទេ ។ ប៉ុន្តែ​បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ពរជ័យ និង​ការ​រីកចម្រើន​ដែល​យើង​ទទួល​បាន​នៅ​ពេល​ក្រោយ ទាំង​នៅ​ក្នុង​ជីវិត​នេះ និង​នៅ​អស់​កល្ប​ជានិច្ច នោះ​ទុក្ខ​លំបាក​របស់​យើង​ពិត​ជា​ស្រាល​មែន » ( « More Than Conquerors through Him That Loved Us » EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០១១ ទំព័រ ៧៩ ) ។

កូរិនថូសទី២ ៥:១៩ ។ « កំពុង​ផ្សះផ្សា​លោកីយ៍​នឹង​ព្រះអង្គ​ទ្រង់ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពី​ការ​បង្រៀន​របស់​ប៉ុល​ទាក់ទង​នឹង​ការ​ផ្សះផ្សា ៖

« ការ​ផ្សះផ្សា គឺជា​ដំណើរការ​នៃ​លោះ​មនុស្ស​ចេញពី​សភាព​នៃ​អំពើបាប​របស់​គេ និង​ភាពងងឹត​ខាង​វិញ្ញាណ ហើយ​ស្ដារ​គាត់​ឡើង​ទៅ​ក្នុង​សភាព​មួយ​នៃ​ភាពសុខដុម និង​បានជា​មេត្រី​ជាមួយ​នឹង​ព្រះអាទិទេព ។ តាម​រយៈ​ការ​ផ្សះផ្សា​នេះ ព្រះ និង​មនុស្ស​ពុំមែន​ជា​សត្រូវ​នឹង​គ្នា​ទៀត​ឡើយ ។ មនុស្ស​ដែល​គ្រា​មួយ​ធ្លាប់​ជា​មនុស្ស​ខាង​សាច់​ឈាម ហើយ​ធ្វើ​អាក្រក់ ដែល​រស់​នៅ​តាម​របៀប​ខាង​សាច់​ឈាម​បាន​កើត​ជា​ថ្មី​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​បុគ្គល​ដែល​បាន​កើត​ជា​ថ្មី​ម្ដង​ទៀត ហើយ​ក្លាយ​ខ្លួន​ដូចជា​កូន​ក្មេង ហើយ​មាន​ជីវិត​នៅ​ក្នុង​ព្រះគ្រីស្ទ » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ២:៤២២–២៣ ) ។