បណ្ណាល័យ
សេចក្ដីផ្ដើម​ស្ដីពី​​​សំបុត្រ​ទី​ពីរ​របស់​ប៉ុល​ដល់ពួក​ថែស្សាឡូនិច


សេចក្ដីផ្ដើម​ស្ដីពី​​​សំបុត្រ​ទី​ពីរ​របស់​ប៉ុល​ដល់ពួក​ថែស្សាឡូនិច

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

នៅ​ក្នុងសំបុត្រ​ទីពីរ​របស់​លោក​ដល់​​ពួកថែស្សាឡូនិច ប៉ុល​បាន​សរសេរ​ពាក្យ​ទូន្មាន និង​ការ​បញ្ជាក់​ទៅ​ដល់​សមាជិក​សាសនាចក្រ​ ដែល​យល់​ខុសពី​កត្តា​ជាក់លាក់​នៃ​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​សិក្សា​លើ​ការ​បង្រៀន​របស់​លោក​អាច​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​ពី​លក្ខណៈ​នៃ​ការ​ក្បត់សាសនា និង​របៀបត្រៀម​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវសម្រាប់​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​អម្ចាស់ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

ប៉ុល​បាន​សរសេរថែស្សាឡូនីចទី ២ ( សូមមើល ថែស្សាឡូនីចទី ២ ១:១ សូមមើល​ផង​ដែរ ថែស្សាឡូនីចទី ២ ២:៥, ៣:១៧ ) ។ នៅ​ដើម​សំបុត្រ​នេះ​ក៏​មាន​នូវ​ពាក្យ​ស្វាគមន៍​មួយ​មក​ពី​ស៊ីឡាស និង​ធីម៉ូថេ​ផង​ដែរ ( ថែស្សាឡូនីចទី ២ ១:១ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះត្រូវ​បាន​សរសេរ ?

« ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​​ដល់​ពួក​ថែស្សាឡូនីច កាល​លោក​នៅ​កូរិនថូស​ក្នុង​ដំណើរ​ផ្សព្វផ្សាយ​សាសនាលើក​ទីពីរ​របស់​លោក​ » ប្រមាណ​ជា គ.ស. ៥០-៥១ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សំបុ​ត្រ​របស់​ប៉ុល » scriptures.lds.org ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​​ចំពោះ​នរណា ហើយ​តើ​ហេតុអ្វី ?

ប៉ុល​បាន​សរសេរ​ថែស្សាឡូនីចទី ២ ដល់​សមាជិក​សាសនាចក្រ​នៅ​ថែស្សាឡូនីច ។ ប្រធានបទ​​នៃ​ថែស្សាឡូនីចទី ១ និង ថែស្សាឡូនីចទី ២ គឺ​មាន​ភាព​ស្រដៀង​គ្នា​ដោយ​បង្ហាញ​ថា ប៉ុល​បាន​សរសេរ​ថែស្សាឡូនីចទី ២ ដើម្បី​គូស​បញ្ជាក់ ហើយ​ពន្យល់​អំពី​សំបុត្រ​ទី​មួយ​របស់​លោក ។ វា​ទំនង​ដូចជា​ពួក​ថែស្សាឡូនីច​បាន​ទទួល​សំបុត្រ​ក្លែង​ក្លាយ​មួយ ដែល​អះអាង​ថា​ជា​សំបុត្រ​មក​ពី​ប៉ុល ហើយ​ទំនងជា​សំបុត្រនេះបាន​បណ្ដាល​ឲ្យ​មនុស្ស​​មួយ​ចំនួន​ជឿ​ថា ការ​យាង​​មក​ជា​លើក​ទីពីរបាន​កើត​ឡើង​រួច​ហើយ ( សូមមើល ថែស្សាឡូនីចទី ២ ២:២ ) ។

« នៅ​ក្នុង​ការ​សម្រាក​រយៈពេល​ខ្លី​នៅ​ចន្លោះ​សំបុត្រ​ទាំងពីរ សាសនាចក្រ​បាន​ទទួលរងនូវ​ការ​បៀតបៀន ( ២ ថែស្សា. ១:៤ ) ទិដ្ឋភាព​នៃ​ការយាងមក​ភ្លាមៗ​មួយ​របស់​ព្រះអម្ចាស់​បានបង្កើត​ឲ្យមាន​ការរំជើប​រំជួល​​ដ៏​អពមង្គល​មួយ​ ( ២:២ ) » ( សេចក្ដីណែនាំ​ដល់​បទ​គម្ពីរ​​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ ប៉ុល​បាន​សរសេរ​ថែស្សាឡូនីចទី ២ ដើម្បី​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​សមាជិក​ទាំងនេះ ហើយ​កែតម្រូវ​នូវការ​យល់​ខុស​ពី​គោលលទ្ធិ​នានា ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

សំបុត្រ​ទីពីរដល់​ពួក​ថែស្សាឡូនីចទី ២ ផ្ដល់​ព័ត៌មាន​លម្អិត​ដ៏​សំខាន់​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍​មួយ​ចំនួន​រួម​មាន​ទាំង​គំនិត​ថា ព្រះអម្ចាស់​នឹង​យាង​ត្រឡប់​មក​វិញ​ក្នុង « អណ្ដាតភ្លើង » ហើយ​ថា​មនុស្ស​ទុច្ចរិត​នឹង​ « រងទុក្ខទោស​ ជា​សេចក្ដី​ហិនវិនាស​អស់​កល្ប​ជានិច្ច ឃ្លាត​ពី​ព្រះភក្ត្រ​នៃ​ព្រះអម្ចាស់ » ( ថែស្សាឡូនីចទី ២ ១:៨–៩ ) ។

នៅ​ក្នុង​សំបុត្រ​នេះ​ យើងបាន​អាន​ថា ប៉ុល​ក៏​បាន​ព្យាករ​ពី​ការក្បត់​សាសនា​ដ៏​ធំ ដោយ​បង្រៀន​ថា សាសនាចក្រ​នឹង​ស្ថិតក្នុង « សេចក្តីក្បត់​សាសនា » ឃ្លាត​ចេញ​ពីដំណឹងល្អ​ ពីមុន​ការ​យាង​មក​ជាលើក​ពីរ​របស់​ព្រះអម្ចាស់ ( សូមមើល ថែស្សាឡូនីចទី ២ ២:២–១២ ) ។ ការ​បង្រៀន​របស់​ប៉ុល​អំពី​ការ​ក្បត់​សាសនា​ រំឭក​ដល់​សមាជិក​សាសនាចក្រ​សម័យ​បច្ចុប្បន្ន​ពី​ហេតុផលដែល​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​​នា​ថ្ងៃចុង​ក្រោយ​​មាន​ភាព​ចាំបាច់ ។

គម្រោង

ថែស្សាឡូនីចទី ២ ១ ប៉ុល​ថ្លែង​ពាក្យ​ស្វាគមន៍ ហើយ​ឲ្យ​យោបល់​ដល់​ពួក​បរិសុទ្ធ​នៅ​ស្រុក​ថែស្សាឡូនីច ។ លោក​បង្រៀន​ថា មនុស្ស​ទុច្ចរិត​នឹង​ដកពិសោធន៍​នូវ​ការ​សងសឹក​របស់​ព្រះអម្ចាស់​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ ។

ថែស្សាឡូនីចទី ២ ២ ប៉ុលកែតម្រូវ​គំនិត​ខុស​ឆ្គង​ដែលថា ការយាង​មក​ជា​លើក​ទីពីរ​បាន​កើត​ឡើង​រួចហើយ ហើយ​បាន​ព្យាករ​ថា ការក្បត់សាសនា​មួយ​នឹង​កើត​មាន ​​មុននឹង​ការ​យាង​ត្រឡប់​មកវិញ​របស់​ព្រះអម្ចាស់ ។ លោក​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីចឲ្យ​បន្ត​ស្មោះត្រង់ ។

ថែស្សាឡូនីចទី ២ ៣ ប៉ុលទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ​ធ្វើការ​ដើម្បី​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវការ​ខាង​សាច់​ឈាម​របស់​ពួកគេ ហើយ​កុំឲ្យ​រសាយ​ចិត្តខាង​ឯការ​ល្អ​ឡើយ ។