បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ម៉ាថាយ ១៨:១-២២:២៦ ( មេរៀន​ទី ៥ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ាថាយ ១៨:១-២២:២៦ ( មេរៀន​ទី ៥ )

ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀន ដល់ សិស្ស ដែល សិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ១៨:១-២២:២៦ ( មេរៀន​ទី ៥ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( ម៉ាថាយ ១៨-២០ )

នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​ស្ដីពី​អ្នក​បម្រើ​ដែល​គ្មាន​ក្ដី​មេត្តា សិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​ចង់​ឲ្យ​ព្រះ​អភ័យ​ទោស​ដល់​យើង នោះ​យើង​ត្រូវ​មាន​ឆន្ទៈ​អភ័យទោស​ឲ្យអ្នក​ដទៃជាមុន​សិន ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ពី​បរិសុទ្ធភាព​នៃ​អាពាហ៍ពិពាហ៍ ។

ថ្ងៃ​ទី ២ ( ម៉ាថាយ ២១:១-១៦ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ពី​ការយាងចូល​ក្នុង​ទីក្រុង​​យេរូសាឡិម​ដ៏​ជោគជ័យ​របស់​ព្រះអម្ចាស់​ ពួកគេ​បាន​រៀន​ថា នៅ​ពេល​យើង​ទទួល​ស្គាល់ ហើយ​និយាយ​ជា​សាធារណៈ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យអភិវឌ្ឍ​បំណង​ប្រាថ្នា​មួយ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់ ។ នៅ​ក្នុង​ការ​សម្អាត​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអង្គ​សង្គ្រោះ សិស្ស​បាន​រៀន​ថា ដំណាក់​របស់​ព្រះអម្ចាស់​គឺជា​ទីកន្លែង​ដ៏​ពិសិដ្ឋ​មួយ ហើយ​ទ្រង់​មាន​ព្រះរាជបំណង​ចង់​ឲ្យ​យើង​មាន​គារវភាព​ចំពោះ​វា ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា នៅ​ពេល​យើង​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​អាច​ព្យាបាល​យើង​បាន ។

ថ្ងៃ​ទី ៣ ( ម៉ាថាយ ២១:១៧–២២:១៤ )

សិស្ស​បាន​សិក្សា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ដាក់​បណ្ដាសា​ដល់​ដើម​ល្វា​មួយ​ដើម រួច​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច​មួយ​ចំនួន​កាល​ទ្រង់​បាន​បង្រៀន​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​បាន​រៀន​ថា ដើម្បី​ចូល​ក្នុង​នគរ​ព្រះ​បាន យើង​ត្រូវ​គោរព​តាម​ព្រះវរបិតាសួគ៌​យើង ហើយ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​យើង ជា​ជាង​គ្រាន់​តែ​និយាយ ឬ​ធ្វើ​ពុត​ថា​យើង​គោរព​ទ្រង់ ។ សេចក្ដី​ពិត​មួយ​ទៀត​ដែល​សិស្ស​បាន​រៀន​គឺ​ថា ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មាន​ទំនួល​ខុសត្រូវ ​ដើម្បី​បង្កើត​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត ។

ថ្ងៃ​ទី ៤ ( ម៉ាថាយ ២២:១៥-៤៦ )

សិស្ស​បាន​រៀន​ថា ព្រះយេស៊ូវ​បាន​បន្ត​សេចក្ដី​បង្គាប់​របស់​ទ្រង់នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​បង្រៀន​ប្រជាជន​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ធ្វើ​ជា​ពលរដ្ឋ​ល្អ ហើយ​គោរព​តាម​ច្បាប់ទាំងឡាយ​នៃ​ដែនដី ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ដែល​ពុំ​បាន​ផ្សារ​ភ្ជាប់​នឹង​ស្វាមី ឬ​ភរិយា​របស់​ខ្លួន​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ឬ​តាមរយៈ​ពិធី​បរិសុទ្ធ​ជំនួស​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​នោះ​ទេ ពួកគេ​នឹង​ពុំ​បាន​រៀបអាពាហ៍​ពិពាហ៍​នៅ​ក្នុង​ជីវិត​ខាង​មុខ​ឡើយ ។ សិស្ស​ក៏​បាន​រៀន​ផង​ដែរ​ថា ប្រសិន​បើ​យើងស្រឡាញ់​ព្រះ​ពិត ហើយ​ស្រឡាញ់​អ្នក​ជិតខាង​ដូចជា​ខ្លួន​យើង នោះយើង​នឹង​ខំព្យាយាម​គោរព​តាម​រាល់​បញ្ញត្តិ​របស់​ព្រះ ។

សេចក្តីផ្តើម

មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី សារៈសំខាន់​នៃ​ការ​ធ្វើ និង ការ​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ជាមួយ​នឹង​ព្រះ ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ពី​សារៈ​សំខាន់​នៃ​ការមានចិត្តរីករាយ នៅ​ពេល​អ្នកដទៃ​ត្រូវ​បាន​ព្រះប្រទាន​ពរ​ឲ្យ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១៩:២៨–២០:១៦ ។

ព្រះយេស៊ូវ​បង្រៀន​អំពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​ប្រទាន​រឿង​ប្រៀប​ប្រដូច​ស្ដីពី​ពួក​អ្នក​ធ្វើ​ការ​ក្នុង​ចម្ការ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើង​មក​ខាង​មុខ​ក្ដារខៀន ។ សូម​ប្រាប់​សិស្ស​ថា ប្រសិន​បើ​គាត់​អាច​អាវ៉ង់​បាន ​១០ ដង គាត់​នឹង​ទទួល​បាន​រង្វាន់​តូច​មួយ ( ដូចជាស្ករ​គ្រាប់ ១០ គ្រាប់ ) ។ បន្ទាប់​ពី​សិស្ស​អាវ៉ង់​បាន​ ១០ ដង​ហើយ សូម​ឲ្យ​រង្វាន់​ដល់​គាត់ រួចសួររកអ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់ទៀត ។ ចូរ​សុំ​ឲ្យ​សិស្ស​ទីពីរ​អាវ៉ង​តែ រួច​សួរ​ដល់​សិស្ស​ក្នុង​ថ្នាក់​តើ​ពួកគេ​គិត​ថា​សិស្ស​ម្នាក់​នេះ​គួរ​ទទួល​បាន​រង្វាន់​អ្វី​ដែរ និង​ហេតុអ្វី ។ សូម​អញ្ជើញ​សិស្ស​ទាំង​ពី​រនាក់​ឲ្យ​ត្រឡប់​ទៅកាន់​កន្លែង​អង្គុយ​វិញ ។ សូម​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​ថា នៅ​ពេល​ក្រោយ​ទៀត​ក្នុង​មេរៀន​នេះ​ សិស្ស​ទី​ពីរ​នឹង​ទទួល​រង្វាន់​មួយ​អាស្រ័យ​ទៅ​លើ​អ្វី​ ដែល​សិស្ស​រៀន​នៅ​ក្នុង​ព្រះគម្ពីរ ។

សូម​ពន្យល់​ថា នៅពេល​ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅ​លើ​ឆ្នេរ​យូដា ពេត្រុស​បាន​ទូល​សួរ​ពី​អ្វី​ដែល​ពួក​សិស្ស​នឹង​ទទួល​បាន ដោយសារ​ពួកគេ​បាន​លះបង់​ទ្រព្យសម្បត្តិ​ខាង​លោកិយ​របស់​ខ្លួន​មក​ដើរតាម​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៩:២៨-៣០ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពេត្រុស ។

  • យោង​តាម ខ​ទី ២៩តើ​មនុស្ស​គ្រប់​គ្នា​ដែល​លះបង់​អ្វី​ទាំងអស់​មក​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​នឹង​គ្រង់​អ្វី​ជា​មរតក ?

សូម​ពន្យល់​ថា​ បន្ទាប់​មក​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​នូវ​រឿង​ប្រៀបប្រដូច​មួយ ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពីព្រះរាជ​បំណង​របស់​ព្រះវរបិតា​សួគ៌​ដើម្បី​ប្រទាន​ឱកាស​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​កូនចៅ​របស់​ទ្រង់​ទាំងអស់គ្នា ។ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ មាន​បុរស​ម្នាក់​បាន​ជួល​ពួក​អ្នក​ធ្វើ​ការ​នៅ​ពេលវេលា​ខុស​គ្នា​ពេញ​មួយ​ថ្ងៃ ​ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​គាត់ ។ អ្នក​គួរ​ពន្យល់​ថា ថ្ងៃ​ធ្វើ​ការ​ធម្មតា​មួយ​នៅ​ក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី​គឺ​ប្រហែល​ពី​ម៉ោង ៦:០០ ព្រឹក​រហូត​ដល់ ៦:០០​​ យប់ ដោយ​មាន​ការ​ផ្លាស់ប្ដូរ​បន្តិច​បន្តួច​តាម​រដូវកាល​ខុសៗ​គ្នា​នៃ​ឆ្នាំ​នោះ ។​

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ឬ រៀបចំ​វា​ជា​ឯកសារ​ចែក​ឲ្យ​សិស្ស ៖

ពួក​អ្នក​ធ្វើការ ( ម៉ោង​ចាប់ផ្ដើម )

ប្រាក់​បៀវត្សរ៍​ដែល​បាន​ព្រម​ព្រៀង

ចំនួន​ម៉ោង​ដែល​បាន​ធ្វើ​ការ

ចំនួន​ប្រាក់ដែល​ត្រូវ​បង់

ព្រឹក​ព្រលឹម ( ៦:០០ ​ព្រឹក )

ម៉ោង​ទី ​៣ ( ៩:០០ ​ព្រឹក )

ម៉ោង​ទី​ ៦ ( ១២:០០ ​ថ្ងៃ​ត្រង់ )

ម៉ោង​ទី​ ៩ ( ៣:០០ ​រសៀល )

ម៉ោង​ទី ១១ ( ៥:០០ ​ល្ងាច )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ការ​ជា​ក្រុម​តូចៗ ។ ចូរ​សុំ​ឲ្យ​ពួកគេ​អាន ម៉ាថាយ ២០:១–៧ នៅ​ក្នុង​ក្រុម​របស់​ខ្លួន រក​មើល​រយៈពេល​ធ្វើ​ការ​ដែល​​ក្រុមនីមួយៗ​បាន​ធ្វើ​ និង​ប្រាក់​បៀវត្សរ៍ដែល​ពួកគេ​បាន​ព្រម​ព្រៀង ។ ( សូម​ពន្យល់​ថា « ១ កាក់ »​ សំដៅ​លើ​ប្រាក់​មួយ​កាក់ ​ដែល​ជា​ប្រាក់​មួយ​កាក់​របស់​រ៉ូម ហើយវា​ប្រហាក់​ប្រហែល​នឹង​ថ្លៃ​ធ្វើការមួយ​ថ្ងៃ​សម្រាប់​​អ្នក​ធ្វើ​ការ​ម្នាក់ ) ។

លុះ​ដល់​ពេល​កំណត់​ហើយ សូម​ឲ្យសិស្ស​ពីរ​បី​នាក់​ឡើង​មក​ក្ដារខៀន ហើយ​បំពេញ​ជួរ​ឈរ​ទី​មួយ​ក្នុង​តារាង ( ឬ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​បំពេញ​វា​នៅ​លើ​សំណៅ​ដែល​អ្នក​បាន​ផ្ដល់​ឲ្យ ) ។

  • តើ​អ្នក​គិត​ថា​នរណា​ទៅ​ដែល​គួរ​ទទួល​បាន​កម្រៃ​ច្រើន​ជាង​គេ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២០:៨-១០ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាមរក​មើល​ពី​ប្រាក់​កម្រៃ​ដែល​ពួក​អ្នក​ធ្វើ​ការ​មួយ​ក្រុមៗ​ទទួល​បាន ។

  • តើ​ប្រាក់​កម្រៃ​អ្វី​ដែល​ពួក​អ្នក​ធ្វើ​ការ​មួយ​ក្រុមៗ​ទទួល​បាន ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ ​សូមសរសេរ ១ កាក់ នៅ​ក្នុង​ប្រអប់​នីមួយៗ​ក្នុង​ជួរ​ឈរ​ដែល​សរសេរ​ថា « ចំនួន​ប្រាក់ដែល​ត្រូវ​បង់ » ) ។

  • ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ធ្វើ​ការ​ទាំងនោះ​ ដែល​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​បែបណាដែរ ពេល​អ្នក​ទទួល​បាន​រង្វាន់​ដូចគ្នា​នឹង​អ្នក​ដែល​បាន​ធ្វើការ​តែ​មួយ​ម៉ោង​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២០:១១-១៤ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​ជន​ ដែល​បាន​ធ្វើ​ពេញ​មួយ​ថ្ងៃ​និយាយ​អ្វី​ខ្លះ​ទៅ​ម្ចាស់​ចម្ការ និង​ អ្វី​ដែល​គាត់​បាន​និយាយ​មក​ពួកគេ​វិញ ។

  • តើអ្វីទៅជា​ការ​ត្អូញត្អែរ​របស់​ជន​ដែល​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ ?

  • តើម្ចាស់​ចម្ការ​បាន​និយាយ​តបមកវិញយ៉ាង​ម៉េច​ខ្លះ ?

  • តើ​ម្ចាស់​ចម្ការ​មាន​ភាព​យុត្តិធម៌ ( ភាព​ស្មើ​គ្នា ) ​ចំពោះ​ជន​ដែល​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​យ៉ាង​ដូចម្ដេច​ដែរ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដី​ពិត​មួយ​នៅ​ក្នុង​រឿងប្រៀប​ប្រដូច​នេះសូម​ពន្យល់​ថា ប្រាក់​កម្រៃ​មួយ​កាក់​នោះ​អាច​តំណាង​ឲ្យ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដូចដែល​បាន​ចែង​នៅ​ក្នុង ម៉ាថាយ ១៩:២៩ ។ សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម ​នៅលើ​ក្ដារខៀន ៖ ព្រះ​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស​ទាំង​អស់​ដែល …

  • ប្រសិន​បើ​រង្វាន់​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ​តំណាង​ឲ្យ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តើ​អ្នក​ធ្វើ​ការ​តំណាង​ឲ្យ​អ្វី ? ( សិស្ស​អាច​មាន​ចម្លើយ​ខុសៗ​គ្នា ប៉ុន្តែ​ត្រូវ​គូសបញ្ជាក់​ថា អ្នក​ធ្វើ​ការ​ក្នុងរឿង​ប្រៀបប្រដូច​នេះ​អាច​តំណាង​ឲ្យ​ការ​ធ្វើ និង​ ការ​រក្សា​សេចក្ដី​សញ្ញាដ៏​ពិសិដ្ឋ​ជាមួយ​ព្រះ ។ ( បន្ទាប់​ពី​សិស្ស​ឆ្លើយ សូម​បំពេញ​សេចក្ដីពិត​នៅ​លើ​ក្ដារខៀន​ដូច​ខាង​ក្រោម​នេះ ៖ ព្រះ​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស​គ្រប់​រូបដែលជ្រើសរើស​ធ្វើ​ ហើយ រក្សាសេចក្តីសញ្ញា​ជាមួយទ្រង់  ) ។

សូម​ចង្អុល​បង្ហាញ​ថា សេចក្ដី​ពិត​នេះ​ជួយ​យើង​ឲ្យ​យល់​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុគ្គល​ទាំងឡាយ​ ដែល​ពុំ​បាន​ធ្វើ ឬ​រក្សា​សេចក្ដី​សញ្ញា​កាល​ពី​ក្មេង និង​ សម្រាប់​ជន​ដែល​គ្មាន​ឱកាស​ធ្វើ​កិច្ចការ​នេះ​រហូត​ក្រោយ​ពី​ពួកគេ​ស្លាប់ ( សូម​មើល គ. និង ស. ១៣៧:៧–៨ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ការ​ដឹង​ថា​ព្រះប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស​គ្រប់​រូប​ដែល​ជ្រើស​ធ្វើ ហើយ​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ជាមួយនឹង​ទ្រង់​ ជា​រឿង​សំខាន់​សម្រាប់​យើង មិន​ថា​វា​​អាច​កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ ?

សូម​រំឭក​សិស្ស​ពី​សិស្ស​ទីពីរ​ដែល​បាន​អាវ៉ង់​តែ​ម្ដង រួច​សួរ ៖

  • តើ​អ្នក​គិត​ថា​សិស្ស​ម្នាក់​នេះ​គួរ​ទទួល​បាន​រង្វាន់​អ្វី​ទៅ​សម្រាប់​ការ​ធ្វើ​អាវ៉ង់​តែ​ម្ដងនោះ? ( សូម​ឲ្យ​សិស្ស​នោះ​នូវ​រង្វាន់​ដូចគ្នា ​ដែល​អ្នកបាន​ឲ្យ​ទៅ​សិស្ស​ដែល​បាន​អាវ៉ង់ ១០​ ដង ) ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២០:១៥-១៦ ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា​ម្ចាស់​ចម្ការ​បាន​តប​ទៅ​កាន់​ជន​ដែល​ត្អូញ​ត្អែរ​ពី​សេចក្ដី​សប្បុរស​របស់​លោក​ចំពោះ​ពួក​អ្នក​ធ្វើ​ការផ្សេង​​ទៀតយ៉ាង​ដូចម្ដេច​ដែរ ។

  • តើ​អ្នក​គិត​ថា​ម្ចាស់​ចម្ការ​ចង់​មាន​ន័យ​យ៉ាង​ដូចម្ដេច នៅ​ពេល​លោក​បាន​សួរ​ថា « តើ​ភ្នែក​អ្នក​ឃើញ​អាក្រក់ ពី​ព្រោះ​ខ្ញុំ​ល្អ​ឬ​អី ? » ( ខទី ១៥ ) ។

សូម​ពន្យល់​ថា អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បក​ស្រាយ​សំណួរ​នេះ​ដូច​ខាង​ក្រោម ៖ « ហេតុ​អ្វីបាន​ជា អ្នក មានចិត្តច្រណែន​ដោយសារ យើង ជ្រើសរើស​ដើម្បី​មាន​ចិត្ត​ល្អ ? » ( « The Laborers in the Vineyard » EnsignLiahona ខែ​ឧសភា ឆ្នាំ​២០១២ ទំព័រ ៣១ ) ។

  • តើ​ឃ្លា​ថា « ​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ »​ ដែល​ចែង​ក្នុង​ខ​ទី ១៦ មាន​ន័យ​ដូច​ម្ដេច ? ( ការ​បាន ហៅ មាន​ន័យ​ថា ការ​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ចការ​របស់​ព្រះវរបិតា​សួគ៌ ។ ការ រើស មាន​ន័យ​ថា​ការ​ទទួល​បាន​ពរជ័យ​របស់​ទ្រង់—រួម​បញ្ចូល​ទាំង​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូមមើល​ផងដែរ គ. និង ស. ១២១:៣៤-៤០ ) ។

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើង​រៀន​ក្នុង ខ​ទី ១៦ ? ( សិស្ស​អាច​នឹង​រកឃើញ​គោលការណ៍​ជាច្រើន រួម​បញ្ចូល​ទាំង​គោលការណ៍​ខាង​ក្រោម​ផងដែរ ៖ ប្រសិន​បើ​យើង​ជ្រើស​មាន​ចិត្តច្រណែន​ចំពោះ​ពរជ័យ​របស់​ព្រះវរបិតា​សួគ៌​ដល់​មនុស្ស​ដទៃទៀត នោះ​យើងប្រហែលជា​បាត់​បង់​ពរជ័យ​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ប្រទាន​ឲ្យ​យើង ) ។

សូម​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​របៀប ​ដែល​ពួកគេ​អាច​ល្បួង​ឲ្យ​ច្រណែន​នឹង​ពរជ័យ​ដែល​ព្រះវរបិតា​សួគ៌​ប្រទាន​ដល់​អ្នក​ដទៃ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« មានពេលខ្លះនៅក្នុងជីវិតរបស់យើង ពេលដែលមាននរណាម្នាក់ទៀតទទួលបានពរជ័យ ដែលនឹកស្មានមិនដល់​ ឬទទួលបានការទទួលស្គាល់ជាពិសេសខ្លះ ។ តើ​ខ្ញុំ​អាច​សុំ​អង្វរ​យើង​កុំ​ឲ្យ​ឈឺចាប់—ហើយ​កុំឲ្យ​មានចិត្ត​ច្រណែន​បាន​ទេ—នៅពេល​​សំណាងល្អ​បាន​ឲ្យ​ទៅ​អ្នក​ផ្សេងនោះ ? យើង​មិន​ត្រូវ​អន់ថយ​នោះ​ទេ នៅពេល​អ្នកផ្សេង​ត្រូវ​បាន​ផ្ដល់ពរ​បន្ថែម​នោះ ។ យើងពុំមែនរស់នៅក្នុងការប្រកួតគ្នា ដើម្បីមើល ឃើញ ថា តើនរណាគឺជាអ្នកមានជាងគេបំផុត ឬមានទេពកោសល្យជាងគេបំផុត ឬស្អាតជាងគេបំផុតឬក៏មានពរជ័យជាងគេបំផុតនោះទេ ។ ការប្រកួត​ដែល​យើង​កំពុង​ធ្វើ​នោះ តាម​ពិត​ទៅ គឺជា​ការប្រកួត​ទាស់​នឹង​អំពើបាប ។ …

« … ការមានចិត្តលោភលន់ ការត្អូញត្អែរ ការបំបាក់បំបែកសុភមង្គល របស់គេ មិន​បាន​ជួយ​អ្នក​ឲ្យ​ឈរ​ខ្ពស់​ជាង​មុន​ទេ ឬ​ការ​ធ្វើ​ឲ្យ​អ្នកដទៃ​ខ្មាស់គេ​ក៏​មិន​បាន​ធ្វើឲ្យមុខមាត់របស់អ្នក​បាន​ល្អ​ប្រសើរដែរ ។ ដូច្នេះសូមមានចិត្តល្អ និងមានអំណរគុណដែលព្រះមានព្រះទ័យល្អ ។ វា​ជា​របៀប​មួយ​សប្បាយ​ក្នុង​ការរស់នៅ » ( « Laborers in the Vineyard » ទំព័រ ៣១, ៣២ ) ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ពី សេចក្ដី​ពិត​ដែល​សិស្ស​បាន​ស្គាល់ នៅ​ពេល​ពួកគេ​បាន​សិក្សា​រឿង​ប្រៀប​ប្រដូច​ស្តីពី​ពួក​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ ។

សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​បំពេញ​សេចក្ដីថ្លែង​ការណ៍​នោះ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ៖ ផ្អែក​លើ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ ខ្ញុំ​នឹង …

លុះ​ដល់​ពេល​កំណត់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ដែល​ឥត​ភ័យ​បារម្ភ​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

មេរៀន​បន្ទាប់ ( ម៉ាថាយ ២៣:១-២៦:៣០ )

ដើម្បី​ជួយ​រៀបចំ​សិស្ស​សម្រាប់​មេរៀន​បន្ទាប់ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ថា ពួកគេ​អាច​រៀបចំខ្លួន​យ៉ាងណា ​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ តើ​សេចក្ដីពិត​អ្វី​ខ្លះ​ ដែល​ត្រូវ​បាន​បង្រៀននៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​រឿង​ប្រៀប​ប្រដូច​ស្ដីពី​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់ ទេពកោសល្យ និង​សត្វ​ចៀម និង​សត្វ​ពពែ ? តើ​ពិធី​បរិសុទ្ធ​អ្វី​ខ្លះ​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្កើត​ដើម្បី​ជំនួស​ឲ្យបុណ្យ​រំលង ? សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ចម្លើយ​នៅ​ក្នុង​ការ​សិក្សា​​នៅ​សប្ដាហ៍​ក្រោយ ។