បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ម៉ាថាយ ២៣:១-២៦:៣០ ( មេរៀន​ទី ៦ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ាថាយ ២៣:១–២៦:៣0 ( មេរៀន​ទី ៦ )

ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀន ដល់ សិស្ស ដែល សិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង​ គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ២៣:១–២៦:៣០ ( មេរៀន​ទី ៦ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( ម៉ាថាយ ២៣ )

សិស្ស​​បាន​សិក្សា​ពី​ការ​ស្ដី​បន្ទោស​របស់​ព្រះយេស៊ូវ​ដល់​ពួក​អ្នកដឹកនាំ​សាសន៍​យូដា ហើយ​បាន​​រៀន​ថា យើង​អាច​ជ្រើស​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ សូម្បី​តែ​យើង​ឃើញ​អ្នកដទៃ​ធ្វើ​ដោយ​លាក់​ពុតក្តី ។ ពួក​គេ​បាន​រៀន​ថា ប្រសិន​បើ​យើង​ព្យាយាម​លើក​តម្កើង​ខ្លួន​ឯង​ខ្ពស់ជាងអ្នក​ដទៃ នោះយើង​នឹង​ត្រូវធ្លាក់ចុះ ហើយ​ប្រសិន​បើ​យើង​បន្ទាប​ខ្លួន ហើយ​បម្រើ​ដល់អ្នក​ដទៃ នោះ​ព្រះអម្ចាស់​នឹង​លើក​តម្កើង​យើង​វិញ ។ ពួក​គេ​ក៏​រៀន​ផង​ដែរ​ថា នៅ​ពេល​យើង​ខិតខំ​ឲ្យបានស្អាត​ស្អំ​ខាង​វិញ្ញាណ​នៅ​ក្នុង​ចិត្ត វា​នឹង​បាន​ឆ្លុះបញ្ចាំង​នៅ​ក្នុង​ការ​ជ្រើស​រើស​ផ្នែក​ខាង​ក្រៅ​របស់​​យើង ហើយ​ប្រសិន​បើ​យើង​នឹង​យល់​ព្រម​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ប្រមូល​ផ្ដុំ នោះ​យើង​នឹង​ទទួល​បាន​ការ​មើលថែទាំ និង ការ​ការពារ​របស់​ទ្រង់ ។

ថ្ងៃ​ទី ២ ( ម៉ាថាយ ២៤ )

នៅ​ក្នុង​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ សិស្ស​បាន​រៀន​ដូចតទៅ ៖ ប្រសិន​បើ​យើង​បន្ត​ខ្ជាប់ខ្ជួន ហើយ​មិនចុះចាញ់ នោះ​យើង​នឹង​ត្រូវ​បាន​សង្គ្រោះ ។ ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូ​គ្រីស្ទ អ្នករើសតាំង​របស់​ព្រះអម្ចាស់​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ ហើយ​ដំណឹងល្អ​នឹង​ត្រូវ​ប្រកាស​ទៅ​កាន់​ពិភពលោក​ទាំង​មូល ។ ប្រសិន​បើ​យើង​រក្សា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ទុក នោះ​យើង​នឹង​មិន​ត្រូវ​បាន​បោក​បញ្ឆោត​ឡើយ ។ មាន​តែ​ព្រះវរបិតា​សួគ៌​ប៉ុណ្ណោះ​ ទើប​ជ្រាបដឹងថា ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​កើត​ឡើងពេលណា ។ ប្រសិន​បើ​យើង​រក​មើល​ទីសម្គាល់ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រៀម​ខ្លួន​ជាស្រេចសម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។

ថ្ងៃ​ទី ៣ ( ម៉ាថាយ ២៥ )

នៅ​ពេល​សិស្ស​សិក្សា​រឿង​ប្រៀប​ប្រដូច​ស្ដីពី​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់ ពួកគេ​បាន​រៀន​ថា យើង​ពុំ​អាច​ខ្ចី​ការ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​ពី​អ្នក​ដទៃបាន​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​យើងត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​ដោយ​ការ​បង្កើន​ទីបន្ទាល់ និង​ការ​ប្រែចិត្ត​ជឿ​របស់​យើង​តាម​រយៈ​​សេចក្តី​សុចរិត​ប្រចាំ​ថ្ងៃ ។ ពួក​គេ​ក៏​បាន​រៀន​ផង​ដែរ​ថា ការ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​យាង​មក​របស់​ព្រះអម្ចាស់ ហើយ​មាន​ភាព​សក្ដិសម​ ដើម្បីឈរ​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ យើង​ត្រូវ​តែមក​ស្គាល់​ទ្រង់ ។ សិស្ស​បាន​សិក្សា​ដោយ​សង្ខេប​ពី​រឿង​ប្រៀប​ប្រដូច​ស្ដីពីទេពកោសល្យ ហើយ​បាន​រៀន​ថា ការ​ភ័យ​ខ្លាច​​រារាំង​យើង​​មិន​ឲ្យប្រើ​អំណោយ​ទាន និង សមត្ថភាព​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​​ឲ្យ​យើង ហើយ​ប្រសិន​បើ​យើង​ពុំ​អភិវឌ្ឍ ហើយ​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​របស់​យើង​សម្រាប់​សេចក្ដី​ល្អ​នោះទេ ​យើង​នឹង​បាត់បង់​វា ។

ថ្ងៃ​ទី ៤ ( ម៉ាថាយ ២៦:១-៣០ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ពី​ថ្ងៃ​ចុងក្រោយ​នៃ​ការងារ​បម្រើ​ ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​បាន​រៀន​ថា នៅ​ពេល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ពួកគេ​បាន​សាកល្បង​ជីវិត​ខ្លួនឯង ​ដើម្បី​មើល​ឃើញ​ថា​វា​អនុវត្ត​ចំពោះ​ពួកគេ​យ៉ាង​ដូចម្ដេច ។ ពួកគេ​បាន​រៀន​ថា និមិត្ត​សញ្ញា​នៃ​ពិធីសាក្រាម៉ង់​តំណាង​ឲ្យ​ព្រះកាយ និង ព្រះលោហិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​លះបង់​សម្រាប់​យើង ហើយ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ពិធី​សាក្រាម៉ង់​ ដើម្បី​ឲ្យ​យើង​ចងចាំ​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់​សម្រាប់​អំពើ​បាបទាំងឡាយ​របស់​យើង ។ ពួក​គេ​ក៏​បាន​រៀន​ថា នៅ​ពេល​យើង​ប្រែចិត្ត ហើយ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះយើង​អាច​ទទួល​ការផ្តាច់បាប​របស់​យើង ។

សេចក្តីផ្តើម

នៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​អំពី​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់​កាល​គង់​នៅ​លើ​ភ្នំ​អូលីវ ទ្រង់​បាន​លើក​ឡើង​ពី​រឿង​ប្រៀប​ប្រដូច​ស្ដី​ពី​ទេពកោសល្យ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៥:១៤-៣០

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​នូវ​រឿង​ប្រៀបប្រដូច​ស្ដីពី​ទេពកោសល្យ

ពីមុន​ចាប់ផ្ដើម​ថ្នាក់ សូម​ដាក់​កាក់​ប្រាំ​នៅ​ផ្នែក​ម្ខាង​នៃ​បន្ទប់ ហើយ​កាក់​ពីរ​នៅ​ផ្នែក​ម្ខាង​ទៀត ។ សូម​ដាក់​កាក់​ប្រាំបី​ទៀត​នៅ​ក្នុង​ហៅប៉ៅ​របស់​អ្នក ។

ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​ឡើង​មក​ក្ដារខៀន ដើម្បី​ជួយ​អ្នក​សម្ដែង​រឿង​ប្រៀបប្រដូច​មួយ ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់ ជា​ផ្នែក​មួយ​នៃ​សេចក្ដី​បង្គាប់​របស់​ទ្រង់​ទាក់ទិន​នឹង​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៥:១៤-១៨ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​អ្វី​ដែល​អ្នក​បម្រើ​ម្នាក់ៗ​បាន​ទទួល និង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ជាមួយ​នឹង​វត្ថុ​នោះ ។

  • តើ​ចៅហ្វាយ​បាន​ឲ្យ​អ្វី​ខ្លះ​ទៅ​ពួក​អ្នក​បម្រើ​របស់​គាត់​ម្នាក់ៗ ? ( សូម​ពន្យល់​ថា ទេពកោសល្យ​នៅ​ក្នុង​ដំណើរ​រឿង​នេះ​គឺជា​ចំនួន​សរុប​នៃ​ទឹកប្រាក់ ។ សូម​យក​កាក់​ប្រាំបី​ចេញ​ពី​ហោប៉ៅ​របស់​អ្នក ហើយ​ឲ្យ​សិស្ស​ទី​មួយ​កាក់​ប្រាំ សិស្ស​ទីពីរ​កាក់​ពីរ និង​សិស្ស​ទី​បី​កាក់​មួយ ។

  • តើ​អ្នក​បម្រើ​ម្នាក់ៗ​បាន​ធ្វើ​អ្វី​ខ្លះ​ជាមួយ​នឹង​ប្រាក់​ដែល​គាត់​បាន​ទទួល​ ?

សូម​អញ្ជើញ​សិស្ស​ដែល​មាន​កាក់​ប្រាំ​ ទៅ​យក​កាក់​ប្រាំ​បន្ថែម​ទៀត​ពី​ផ្នែក​ម្ខាង​នៃ​បន្ទប់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ដែល​មាន​កាក់​ពីរ​ទៅ​យក​កាក់​ពីរ​បន្ថែម​ទៀត​ពី​ផ្នែក​ម្ខាង​ទៀត​នៃ​បន្ទប់ ។ សូម​អញ្ជើញ​សិស្ស​ដែល​មាន​កាក់​មួយ​ យក​កាក់​របស់​ខ្លួនទៅ​លាក់ទុក ឬ​ធ្វើ​ពុត​ជា​កប់​កាក់​នោះ ។

ចូរ​សុំ​ឲ្យ​សិស្ស​ប្រគល់​កាក់​ទាំងនោះ​មក​ឲ្យ​អ្នក​វិញ ហើយ​ចូល​ទៅ​កន្លែង​អង្គុយ​វិញ ។ សូម​សរសេរ​កត្តា​ខាង​ក្រោម​នៃ​រឿង​ប្រៀប​ប្រដូច​នៅ​លើ ក្ដារខៀន ( ដោយ​គ្មាន​ការ​បក​ប្រែ​នៅ​ក្នុង​វង់​ក្រចក ) ៖

ចៅហ្វាយ​របស់​ពួក​អ្នក​បម្រើ (ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ )

ពួក​អ្នក​បម្រើ ( ពួក​សិស្ស​របស់​ព្រះអម្ចាស់ )

ទេពកោសល្យ ( អំណោយទាន និង សមត្ថភាព​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់ )

  • តើ​តើ​ធាតុ​នៃ​រឿង​ប្រៀបប្រដូច​នេះ​អាច​តំណាង​ឲ្យ​អ្វី​ទៅ ? ( ប្រសិន​បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​បុគ្គល ឬ​អ្វី​ដែល​ធាតុ​ទាំងនោះ​តំណាង​ឲ្យ ។ សូម​សរសេរ​ការ​បកប្រែ​នៅ​ក្បែរ​ចំណុចទាំងឡាយ លើ​ក្ដារ​ខៀន ។ សូម​ពន្យល់​ថា អំណោយទាន និង​ សមត្ថភាព​ខ្លះ​ដែល​យើង​មាន​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ត្រូវ​បាន​ទទួល ហើយ​អភិវឌ្ឍ​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ។ យើង​អាច​ជ្រើស​បន្ត​អភិវឌ្ឍ​អំណោយទាន​ទាំងនោះ និង ​អំណោយ​ទាន​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​បាន ) ។

  • យោងតាម ម៉ាថាយ ២៥:១៥ហេតុអ្វីចៅហ្វាយ​ឲ្យ​ចំនួន​ប្រាក់​ខុសៗគ្នា​ដល់​អ្នក​បម្រើ​ម្នាក់ៗ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ សូម​ចង្អុល​បង្ហាញ​ថា​ឃ្លា « តាម​ដំរិះ​គេ​រៀង​ខ្លួន » គូសបញ្ជាក់​ថា ព្រះ​ប្រទាន​អំណោយទាន និង សមត្ថភាពដល់​យើង​ម្នាក់ៗ​ ដែល​យើង​ត្រូវការ​​ស្រប​តាម​កាលៈទេសៈ​របស់​យើង ។ មនុស្ស​គ្រប់​រូប​ត្រូវ​បាន​ទទួល​អំណោយទាន​ខាង​វិញ្ញាណ​មួយ​មក​ពី​ព្រះ [ សូមមើល គ. និង ស. ៤៦:១១ ] ។ សូម​ពន្យល់​ថា ចំនួន​ទេពកោសល្យ​ដែល​យើង​ទទួល​បាន​ ពុំ​មែនជា​ការ​គូស​បង្ហាញ​មួយ​អំពី​តម្លៃ​ខ្លួន​របស់​យើង​នោះ​ទេ ) ។

សូម​អានឮៗ​នូវ​សំណួរ​ខាង​ក្រោម ហើយ​សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​វា ៖

  • តើ​អ្នក​គិត​ថា​អ្នក​ដូចជាអ្នកបម្រើ​ណា​មួយច្រើនជាងគេ៖ ​​អ្នក​បម្រើ​ដែលមានទេពកោសល្យ​ប្រាំ ទេពកោសល្យ​ពីរ ឬ​ទេពកោសល្យ​មួយ ? ហេតុអ្វី ?

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៥:១៩–២១ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​លោក​ចៅហ្វា​បាន​មាន​បន្ទូល​ទៅកាន់​អ្នក​បម្រើ​ដែល​បាន​ទទួល​ទេពកោសល្យ​ប្រាំ ។

  • តើ​ចៅហ្វាយ​បាន​និយាយ​អ្វី​ខ្លះ​ទៅ​អ្នក​បម្រើ​ទីមួយ ?

សូម​ពន្យល់​ថា ការ​តាំងឲ្យ​« ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត » និង ការ « ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » (ម៉ាថាយ ២៥:២១ )​មាន​​ន័យ​ថា​ការ​បំពេញ​នូវសក្ដានុពល​ដ៏​ទេវភាព​របស់​យើង និង​ការ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះវរបិតាសួគ៌ ។

  • តើ​យើងអាច​រៀន​គោលការណ៍​អ្វី​ខ្លះ មកពី​បទពិសោធន៍​របស់​អ្នក​បម្រើ​ទីមួយ ? ( គោលការណ៍​ខាង​ក្រោម​នេះ​គឺជា​គោលការណ៍​មួយ​ដែល​សិស្ស​អាចរកឃើញ ៖ ប្រសិន​បើ​យើង​ប្រើ​អំណោយទាន និង​ សមត្ថភាព​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​ ដោយ​ស្មោះត្រង់នោះ​យើង​អាច​បំពេញ​សក្ដានុពល​ដ៏ទេវភាព​របស់​យើង ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។

  • តើ​គំរូ​មួយ​ចំនួន​ស្ដីពី​របៀប​ដែល​យើង​អាច​ប្រើ​អំណោយទាន និង សមត្ថភាព​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​អ្វី​ខ្លះ ?

សូម​ចង្អុល​បង្ហាញ​ថា អ្នក​បម្រើ​ទី​ពីរ​អាច​ត្អូញត្អែរ​នៅ​ពេល​គាត់​បាន​ឃើញ​ថា អ្នកបម្រើ​ទីមួយ​បាន​ទទួល​ទេពកោសល្យ​ប្រាំ ហើយ​គាត់​បាន​ទទួល​តែ​ពីរ​នោះ ។ ផ្ទុយទៅវិញ គាត់​បាន​ប្រើ​ទេពកោសល្យ​ដែល​គាត់​បាន​ទទួល​ដោយ​ស្មោះត្រង់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៥:២២–២៣ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​លោក​ចៅហ្វាយ​បាន​មាន​បន្ទូល​ទៅកាន់​អ្នក​បម្រើ​ដែល​បាន​ទទួល​ទេពកោសល្យ​ពីរ ។

  • តើ​ចៅហ្វាយ​បាន​និយាយ​អ្វី​ខ្លះ​ទៅ​អ្នក​បម្រើ​ដែល​បាន​ទទួល​ទេពកោសល្យ​ពីរ ?

  • ទោះ​បី​ជា​លោកចៅហ្វាយ​នោះ​បាន​ឲ្យ​ប្រាក់​ខុស​គ្នា​ដល់​អ្នក​បម្រើ​ពីរ​នាក់​ដំបូង​ក៏​ដោយ ហេតុអ្វី​អ្នក​គិត​ថា​ពួក​គេ​ទាំងពីរ​នាក់​បាន​ទទួល​ចម្លើយ​ដូចគ្នា​មក​ពី​ចៅហ្វា​យ​របស់​ពួកគេ ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ពី​បទពិសោធន៍​របស់​បុរស​ដែល​បាន​ទទួល​ទេពកោសល្យ​​ពីរ​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ព្រះអម្ចាស់​នឹង​ប្រទាន​ពរដល់​យើង ប្រសិន​បើ​យើង​ប្រើ​អំណោយទាន និង សមត្ថភាព​ដែល​បាន​ប្រទាន​ឲ្យ​ដោយ​ស្មោះត្រង់ ដោយ​ពុំ​គិត​ថា​យើង​ទទួល​បាន​ប៉ុន្មាន ឬ​វា​ជា​អ្វី​នោះឡើយ ។ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត ប្រសិន​បើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ថា នរណា​ម្នាក់​មាន​អំណោយទាន ឬ​សមត្ថភាព​ច្រើនជាង ហើយ​ប្រសើរ​ជាងខ្លួន ។ សូម​ចង្អុល​បង្ហាញ​គោលការណ៍​ដែល​អ្នក​ទើប​សរសេរ​នៅ​លើ​ក្ដារខៀន ។

  • តើ​ការ​ចងចាំ​គោលការណ៍​នេះ​អាច​ជួយ​យើង​បែបណា​ខ្លះ នៅ​ពេល​យើង​មាន​អារម្មណ៍​ថា នរណា​ម្នាក់​បាន​ទទួល​អំណោយទាន​ច្រើនជាង ឬ​ប្រសើរ​ជាង​យើង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖

« ការ​រីកចម្រើន​នៅ​ក្នុង​ទេពកោសល្យ​របស់​យើង​គឺជា​រង្វាស់ដ៏​ល្អ បំផុត​នៃ​ការ​រីកចម្រើន​ផ្ទាល់​ខ្លួន ។ …ការ​ប្រៀបធៀប​ពរជ័យ​គឺ​ជា​ការដក​យក​សេចក្ដី​អំណរ​ចេញយ៉ាង​ពិត​ប្រាកដ ។ យើង​ពុំ​អាច​មាន​អំណរគុណ និង ការ​ច្រណែន​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ ។ ប្រសិន​បើ​យើង​ពិត​ជា​ចង់​បាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ហើយទទួល​​ពិសោធន៍​នូវ​សេចក្ដី​អំណរ និង សុភមង្គល យើង​គួរ​រីករាយ​នៅ​ក្នុង​ពរជ័យ​របស់​យើង ហើយ​ចូរ​មាន​អំណរគុណ » ( « Rejoice! » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ២៩, ៣០ ) ។

  • តើ​យើង​អាច​រកឃើញ​អំណោយទាន និង​សមត្ថភាព​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​ដោយ​របៀប​ណា ?

សូម​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស​ម្នាក់ៗ ហើយ​ចូរ​សុំ​ឲ្យ​ពួកគេ​សរសេរ​ឈ្មោះ​របស់​ខ្លួន​នៅ​ផ្នែក​ខាង​លើ​គេ​បង្អស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ហុច​ក្រដាស​របស់​ខ្លួន​ទៅ​ឲ្យ​សិស្ស​ដែល​អង្គុយ​នៅ​ក្បែរ​ពួកគេ ។ ចូរ​សុំ​ឲ្យ​សិស្ស​សរសេរ​អំណោយទាន ឬ​សមត្ថភាព​មួយ​ដែល​ពួកគេ​មើល​ឃើញ​នៅ​ក្នុង​បុគ្គល​ដែល​មាន​ឈ្មោះ​នៅ​លើ​ក្រដាស​នោះ ។ សូម​ណែនាំ​ពួកគេ​ឲ្យ​បន្ត​ហុច​ក្រដាស​នោះ​ដល់​សិស្ស​ដទៃទៀត ហើយ​សរសេរ​ពី​អំណោយទាន និង​ សមត្ថភាព​ដែល​ពួកគេ​បាន​សង្កេតឃើញ ។

ក្រោយ​ពីរ​បី​នាទី​មក ចូរ​សុំ​ឲ្យ​សិស្ស​ប្រគល់ក្រដាស់​នោះ​ទៅ​ម្ចាស់​ដើម​វិញ ។ ចូរ​ឲ្យ​ពេល​សិស្ស​អាន​អំពី​អំណោយទាន និង​សមត្ថភាព​ដែល​អ្នក​ផ្សេង​មើល​ឃើញ​ថាពួកគេ​មាន ។ រួច​សុំ​ឲ្យ​ពួកគេ​សរសេរ​នៅ​លើ​ក្រដាស​របស់​ខ្លួន​ពី​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ ៖

  • ​តើ​វិធី​មួយ​ដែល​អ្នក​អាច​ប្រើ​អំណោយទាន​មួយ​របស់​អ្នក ​ដើម្បី​ជួយ​ការងារ​បន្ថែម​ទៀត​របស់​ព្រះអម្ចាស់​គឺជា​អ្វី​ ?

សូម​ចង្អុល​បង្ហាញ​ថា រឿង​ប្រៀប​ប្រដូច​ពី​ទេពកោសល្យ​រួម​បញ្ចូល​ទាំង​ការ​ព្រមាន​អំពី​អំណោយទាន និង សមត្ថភាព​ដែល​យើង​បាន​ទទួល ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី ម៉ាថាយ ២៥:២៤-៣០ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​ចៅហ្វាយ​​បានឆ្លើយតបទៅ​នឹង​អ្នក​បម្រើ​ដែល​បាន​លាក់​ទេពកោសល្យ ។ បន្ទាប់​ពី​អាន ខ​ទី ២៧ សូម​ពន្យល់​ថា​ពាក្យ ទាំង​ដើម ទាំង​ការ​ មាន​ន័យ​ថា​ការ​ប្រាក់ ( ប្រាក់​ចំណូល​បាន​មក​ពី​ការ​វិនិយោគ ឬ​ប្រាក់កម្ចី ) ។

  • ហេតុអ្វី​បាន​ជា​អ្នក​បម្រើ​ចុងក្រោយ​លាក់​ទេពកោសល្យ​របស់​គាត់ ? តើ​ចៅហ្វា​យបាន​ឆ្លើយ​បែបណា​ ចំពោះ​ការ​ជ្រើស​រើស​របស់​អ្នក​បម្រើ​ម្នាក់​នេះ ?

  • ទោះ​បី​ជា អ្នកបម្រើ​នេះ​បាន​រក្សា​ប្រាក់​ចៅហ្វាយ​ខ្លួន​មិន​ឲ្យ​បាត់​ក៏​ដោយ តើទង្វើ​ខុស​ឆ្គង​របស់​អ្នក​បម្រើ​រូប​នេះ​ជា​អ្វី ?

  • តើ​អ្នក​គិត​ថា ចៅហ្វាយ​នឹងធ្វើដូចម្ដេចទៅ​អ្នក​បម្រើ​នេះ​ ប្រសិនបើ​គាត់​បាន​យក​ទេពកោសល្យ​ពីរ​ត្រឡប់​មក​ឲ្យ​វិញ ?

សូម​អញ្ជើញ​សិស្ស​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ អំពី​គោលការណ៍​ដែល​ពួកគេ​បាន​ពិភាក្សា ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ប្រើ​អំណោយទាន និង​ សមត្ថភាព​របស់​ពួកគេ​ដើម្បី​ជួយពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។

មេរៀន​បន្ទាប់ ( ម៉ាថាយ ២៦:៣១–ម៉ាកុស ៣ )

សូម​ពន្យល់​ថា នៅ​សប្ដាហ៍​ក្រោយ​សិស្ស​នឹង​សិក្សា​លម្អិត​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ចាប់ផ្ដើម​ដោយ​ការរងទុក្ខ​របស់​ទ្រង់​នៅ​សួនច្បារ​គែតសេមានី ហើយ​បាន​បន្ត​ទៅ​ការ​កាត់ទោស​ដោយ​ខុស​ច្បាប់ ការ​ប្រមាថ ការ​វាយដំ និង ​ការ​សុគត​របស់​ទ្រង់​លើ​ឈើ​ឆ្កាង ហើយ​នៅ​ទីបំផុត​បាន​បញ្ចប់​ដោយ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុង​រឿង​របស់​ទ្រង់ ។