បណ្ណាល័យ
មេរៀនទី ១៦ ៖ ម៉ាថាយ ១៣:២៤-៥៨


មេរៀនទី ១៦

ម៉ាថាយ ១៣:២៤-៥៨

សេចក្ដីផ្ដើម

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​រឿង​ប្រៀបប្រដូច ​ដើម្បី​បង្រៀន​ពី​នគរ​ស្ថានសួគ៌ ការ​ស្ដារ​ឡើង​វិញ និង​ការ​រីកចម្រើន​នៃ​សាសនាចក្រ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ ការ​ប្រមូល​ផ្ដុំ​ពួក​សុចរិត និង​ការ​បំផ្លិចបំផ្លាញ​ពួក​ទុច្ចរិត​ នៅពេលនៃ​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣

ព្រះអង្គ​សង្គ្រោះ​បង្រៀន ហើយ​ពន្យល់​ពី​រឿងប្រៀប​ប្រដូច​នៃ​ស្រូវសាលី និង ស្រងែ

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ ក្ដារខៀន ៖

តើ​អ្នក​ធ្លាប់​មាន​ចិត្តតប់ប្រមល់ ឬ អន់ចិត្ត​​ដោយសារ​តែ​មាន​អំពើ​អាក្រក់​ច្រើន​ពេក​នៅ​ក្នុង​ពិភពលោក​នេះ​ដែរ​ឬទេ ?

ហេតុអ្វី​ព្រះអម្ចាស់​មិន​ដក​យក​អំពើ​អាក្រក់​នៅ​ជុំវិញ​ខ្លួន​យើង​តែ​ម្ដង​ទៅ ?

ហេតុអ្វី​ខ្ញុំ​គួរ​ជ្រើស​រើសធ្វើ​ជា​មនុស្ស​សុចិរត កាល​មនុស្ស​មួយ​ចំនួន​ជុំវិញ​ខ្លួន​ខ្ញុំ​ហាក់​ដូចជា​ពុំ​បាន​ដកពិសោធន៍ជួបនឹង​ផល​អវិជ្ជមាន​នៃ​ការ​ជ្រើសរើស​ទុច្ចរិត​របស់​ពួកគេ​ផងនោះ ?

នៅ​ពេល​ចាប់ផ្ដើម​មេរៀន​នេះ ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​សំណួរ​នៅ​លើ​ក្ដារខៀន រួច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយនឹង​សិស្ស​ក្នុង​ថ្នាក់ ។ នៅ​ពេល​សិស្ស​សិក្សា ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣សូម​អញ្ជើញ​ពួកគេ​រកមើល​សេចក្ដីពិត​មួយ​ដែល​នឹង​ជួយ​លួង​លោម​ចិត្ត​ពួកគេ​ កាល​កំពុង​ខិតខំ​រស់នៅ​ដោយ​សុចរិត​នៅ​ក្នុង​ពិភពលោក​ទុច្ចរិត​មួយ ។

រូបភាព
wheat, tares

សូមដាក់តាំង រូបភាព ស្រូវសាលី និង​ស្រងែ​ ឬ​គូរវា​នៅលើ​ក្ដារខៀន ។ ចូរ​ពន្យល់​ថា ស្រងែ​ជា​ប្រភេទ​ស្មៅ​ពុល ។ ស្រូវ និង​ស្រងែ គឺ​មើល​ទៅ​ស្ទើរតែដូចគ្នា នៅពេល​វា​ដុះ​ពន្លក​ចេញមក ប៉ុន្តែ​វា​អាច​មើល​ទៅខុសគ្នា​ពេលវា​ទំ ។​

សូម​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​រឿង​ប្រៀប​ប្រដូច​មួយ​ពី​ស្រូវ​សាលី និង​ស្រងែ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់ប្ដូរ​វេនគ្នា​អាននៅក្នុង ម៉ាថាយ ១៣:២៤–៣០ ឲ្យ​ឮៗ និង​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៣:២៩ ដែល​បាន​កែប្រែ​ផ្នែក​ខ្លះៗ​នៃ​ខ​ទី ២៩​ ទៅ​ជា « ចូរ​អ្នក​ប្រមូល​ស្រូវ​សាលី​រួម​គ្នា​ដាក់​ក្នុង​ជង្រុក​របស់​យើង​ជា​មុន​សិន ហើយ​ស្រងែត្រូវ​ឃើញ​ឆេះ​ទាំង​បាច់ៗ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថាតើ​មាន​អ្វី​បានកើត​ឡើង​ចំពោះ​ស្រូវ​សាលី និង ​ស្រងែ ។

  • តើ​មានអ្វី​កើតឡើង​ចំពោះ​ស្រូវ​សាលី និង​ស្រងែ ? ( វា​ត្រូវ​បាន​ព្រោះ [ បាន​ដាំ ] ហើយ​អនុញ្ញាត​ឲ្យ​លូតលាស់​រួម​គ្នា ។ រួច​ស្រូវ​សាលី​ត្រូវ​បាន​ប្រមូល​ដាក់​ជង្រុក រីឯ​ស្រងែ​ត្រូវបាន​យក​ទៅ​ដុត​ចោល ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​អ្នក​ព្រោះ​គ្រាប់​ពូជ​បាន​ប្រាប់​ពួក​អ្នក​បម្រើ​របស់​គាត់​​ឲ្យទុក​ស្រូវសាលី និង ​ស្រងែ « ឲ្យ​វា​ដុះ​ជា​មួយ​គ្នា ដរាប​ដល់​ពេល​ច្រូត »​ដូច្នេះ ? ( ប្រសិន​បើ​អ្នកច្រូតកាត់ ព្យាយាម​ដក​ស្រងែចេញ​មុនពេល​ស្រូវ និង​ស្រងែ​ទំ នោះហាក់ដូចជា​គាត់​បំផ្លាញ​ស្រូវ​សាលីអស់​ច្រើនផងដែរ ) ។

  • យោងតាម ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៣:២៩​រវាង​ស្រូវ​សាលី និង​ស្រងែ—តើ​មួយណា​ត្រូវ​បាន​ប្រមូលផល​មុន ?

សូម​ពន្យល់​ថា បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​រឿង​ប្រៀបប្រដូច​អំពី​ស្រូវ​សាលី និង​ស្រងែ​ម​ក ពួក​សិស្ស​របស់​ទ្រង់​បាន​ទូល​សួរ​ទ្រង់​ឲ្យ​ពន្យល់​ពី​អត្ថន័យ​របស់​វា ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​ក្នុង ម៉ាថាយ ១៣:៣៦-៤៣ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​ការ​ពន្យល់​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​រឿង​ប្រៀប​ប្រដូច​នេះ ។

  • តើ​នរណា​ទៅ​ដែល​បាន​ព្រោះ ឬ​ដាំ​គ្រាប់ពូជ​ល្អ​នោះ ? ( ព្រះអង្គ​សង្គ្រោះ ) ។

  • តើ​នរណា​ទៅ​ដែល​បាន​ព្រោះ ឬ​ដាំ​ស្រងែ​នោះ ? ( អារក្ស ) ។

  • តើ​ស្រូវ​សាលី និង ​ស្រងែ​តំណាង​ឲ្យ​អ្វី ? ( មនុស្ស​សុចរិត និង​ មនុស្ស​ទុច្ចរិត ។ សូម​ពន្យល់​ថា មនុស្ស​ទុច្ចរិត​គឺជា​មនុស្ស​ដែល​មិន​ព្រម​ប្រែចិត្ត [ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១៧ ] ) ។

សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ​បញ្ជាក់​ប្រាប់​ថា « ពេល​ច្រូត » ឬ ​« ចុង​បញ្ចប់​នៃ​លោកិយ »​ ដែល​បាន​ចែង​ក្នុង ខទី ៣៩ សំដៅ​ទៅ​លើ​ការ​បំផ្លិច​បំផ្លាញ​ពួក​ទុច្ចរិត ​នៅ​ឯ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ ​ក៏​ជួយ​យើង​ឲ្យ​យល់​ថា នៅ​ថ្ងៃ​ចុងក្រោយ​ព្រះអម្ចាស់​នឹង​បញ្ជូន​ពួកទេវតា និង ពួក​សារទូត​ដើម្បី​មកជួយ​ញែក​ពួក​សុចរិត​ចេញ​ពី​ពួក​ទុច្ចរិត ( សូម​មើល ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៣:៣៩–៤៤ [ នៅ​ក្នុង​វចនានុក្រ​មព្រះគម្ពីរ​ប៊ីប​ នៃ​កំណែព្រះគម្ពីរ​ប៊ីប​ជា​ភាសា​អង់គ្លេស​របស់​ អិល.ឌី.អែស. ] ) ។

  • យោង​តាម​រឿង​បៀបប្រដូច​នេះ តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ពួក​សុចរិត និង​ ពួក​ទុច្ចរិត​នៅថ្ងៃ​ចុង​ក្រោយ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះអម្ចាស់​នឹង​ប្រមូល​ពួកសុចរិត​អំឡុង​ថ្ងៃ​ចុង​ក្រោយ រួច​ហើយ​បំផ្លាញ​ពួក​ទុច្ចរិត​ពេល​ទ្រង់យាងមក ។ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​សេចក្ដី​ពិត​នេះ​អាច​នាំ​មក ហើយផ្ដល់​ការ​លួង​លោម​ចិត្ត​ដល់​យើង ​កាល​យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដ៏​អាក្រក់​បាន​ដោយ​របៀបណា ? ( នៅ​ទីបំផុត ព្រះអម្ចាស់​នឹង​ដក​យក​សេចក្ដី​ទុច្ចរិត​ចេញ​ពី​ផែនដី ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​ស្មោះត្រង់ ) ។

សូម​ពន្យល់​សិស្ស​ថា ដោយសារ​សិទ្ធិ​ជ្រើសរើស​របស់​យើង យើងកំណត់​ការ​ជ្រើសរើស​របស់​យើង​ថាតើ​យើង​នឹង​ចង់​ឲ្យ​បាន​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​ពួក​សុចរិត ឬ​ត្រូវ​រងទុក្ខ​ជាមួយ​នឹង​ពួកគេ​ទុច្ចរិត ។

  • តើ​យើង​ត្រូវ​ធ្វើអ្វីខ្លះ ដើម្បី​ឲ្យ​ព្រះអម្ចាស់​បាន​ប្រមូល​ផ្ដុំ​យើង ?

ដើម្បី​ជួយឲ្យ​សិស្ស​យល់​អំពី​អ្វី ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ព្រះអម្ចាស់​ប្រមូល​ផ្ដុំ​យើង សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​ នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« ព្រះអម្ចាស់ ប្រមូល​រាស្ត្រ​ទ្រង់ នៅពេល​ពួកគេ​ទទួល​​ទ្រង់ ហើយ​គោរព​តាមព្រះបញ្ញត្តិ​របស់ទ្រង់ ។ …

« … ព្រះអម្ចាស់​ប្រមូល​រាស្ត្រ​របស់​ទ្រង់​ដើម្បី​ថ្វាយ​បង្គំ ស្ថាបនា​សាសនាចក្រ ទុក​ជា​ការការពារ​មួយ ហើយ​ទទួល​ការ​ប្រឹក្សា និង​ ការ​ណែនាំ ។ …

« ព្យាការី​យ៉ូសែប ស្ម៊ីធ ​បាន​ប្រកាស​ថា នៅ​គ្រប់​ជំនាន់​ទាំងអស់ ​ព្រះរាជ​បំណង​នៃ​ការ​ប្រមូល​ផ្ដុំ​ គឺជា​ការ​សង់​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ឲ្យ​កូនចៅ​របស់​ព្រះអម្ចាស់​អាច​ទទួល​ពិធី​បរិសុទ្ធ​ដ៏​ខ្ពស់​បំផុត ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច [ សូមមើល Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ​២០០៧ ] ទំព័រ​៤១៦–១៧ ] » ( « The Spirit and Purposes of Gathering »Brigham Young University–Idaho devotional ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០០៦ ] byui.edu ) ។

  • យោង​តាម​អែលឌើរ បែដណា តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះដើម្បី​ឲ្យ​ព្រះអម្ចាស់ប្រមូល​ផ្ដុំ​យើង ?

  • តើ​មាន​ពរជ័យ​អ្វីខ្លះ​បាន​កើត​មាន​ក្នុង​ជីវិត​របស់​អ្នក នៅ​ពេល​ព្រះអម្ចាស់​បាន​ប្រមូល​ផ្ដុំ​អ្នក ?

រូបភាព
ពួកអ្នកផ្សព្វផ្សាយសាសនា ៖ ​ពួកអែលឌើរ
រូបភាព
ពួកអ្នកផ្សព្វផ្សាយសាសនា ៖​ ពួក​ស៊ីស្ទើរ
រូបភាព
ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សលត៍ លេក

សូម​ដាក់​បង្ហាញ រូបភាព ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា ៖ អែលឌើរ, ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា ៖ ស៊ិស្ទើរនិង ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ( Gospel Art Book [ ឆ្នាំ​ ២០០៩ ] ល.រ. ១០៩, ១១០, ១១៩ សូមមើល​ផងដែរ LDS.org ) ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ ដើម្បីជួយ​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការ​ប្រមូល​ផ្ដុំ​កូនចៅ​របស់​ព្រះ​វរបិតា​​សួគ៌ ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​អ្វីខ្លះ នៅ​ពេល​អ្នក​ជួយ​ព្រះអម្ចាស់​ប្រមូល​ផ្ដុំ​ពួក​សុចរិត​តាម​រយៈ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ឬ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ?

សូម​បញ្ជាក់​ប្រាប់​សិស្ស​ថា ដោយសារ​យើង​ទាំងអស់​គ្នា​ធ្វើ​ខុស ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើងឲ្យ​ប្រែចិត្ត ​ដើម្បី​យើងអាច​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​ពួក​សុចរិត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ ដើម្បី​ប្រមូល​ខ្លួន​ឯង ក្រុម​គ្រួសារ​របស់​ពួកគេ និង​មនុស្ស​ដទៃ​ទៀត​ទៅ​រក​ព្រះអង្គ​សង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។

ម៉ាថាយ ១៣:៣១–៣៥, ៤៤–៥២

ព្រះយេស៊ូវ​ប្រើ​រឿង​ប្រៀបប្រដូច​ដើម្បី​បង្រៀន​អំពី​នគរ​ស្ថានសួគ៌

សូម​ដាក់​បង្ហាញ រូបភាព នៃ​វត្ថុ​ខាង​ក្រោម ឬ​គូរ​វា​នៅលើ​ក្ដារខៀន ៖ គ្រាប់​ពូជ​ម្យ៉ាង, ដំបែ ( ឬ​មេ​នំប៉័ង—សូម​ពន្យល់​ថា​ដំបែ​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុងការ​ចំអិន​អាហារ ឬ​ដាក់​ជាមួយ​ម្សៅ​ធ្វើ​នំប៉័ង​ដើម្បី​ឲ្យ​វា​ឡើង​ពី​មុន​យក​ទៅ​ដុត ) កែវ​មុក្ដា, ហិប​កំណប់​តូច និង​សំណាញ់ ។

រូបភាព
mustard seed, yeast, pearl, treasure chest, net

សូម​ពន្យល់​ថា នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​ខុសៗ​គ្នា​ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀប​ធៀប​វត្ថុ​ទាំងនេះ​នីមួយៗ​ទៅ​នឹង​នគរ​ស្ថានសួគ៌ ។ សូម​រំឭក​សិស្ស​ថា នគរស្ថានសួគ៌​តំណាង​ឲ្យ​សាសនាចក្រ និង​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើក្ដារខៀន ៖ ម៉ាថាយ ១៣:៣១–៣២, ម៉ាថាយ ១៣:៣៣, ម៉ាថាយ ១៣:៤៤, ម៉ាថាយ ១៣:៤៥–៤៦, ម៉ាថាយ ១៣:៤៧–៥០ ។ សូម​ចែក​សិស្ស​ជា​ដៃគូ ឬ​ជា​ក្រុម​តូចៗ ហើយ​ចាត់​តាំង​សេចក្ដី​យោង​មួយ​ដែល​មាន​សរសេរ​នៅលើ ក្ដារខៀន​ដល់​ដៃគូ ឬ​ក្រុម​នីមួយៗ ។ សូម​អញ្ជើញ​ដៃគូ ឬ​ក្រុម​នីមួយៗ​ឲ្យ​បំពេញ​សកម្មភាព​ខាង​ក្រោម​នេះ ( អ្នក​អាច​នឹង​ផ្ដល់​បញ្ជី​នេះ​នៅ​លើ​ឯកសារ​ចែកឲ្យ ) ៖

  1. ចូរអាន​រួម​គ្នា​នូវ​ខគម្ពីរ​ដែល​បាន​ចាត់​ឲ្យ​អ្នក ។

  2. ចូរ​ពិភាក្សា​តើ​វត្ថុអ្វី​ទៅ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបប្រដូច​ទៅ​នឹង​សាសនាចក្រ និង​ ដំណឹងល្អ​របស់​ទ្រង់ ។

  3. ចូរ​ពិភាក្សា​តើ​សេចក្ដី​ពិត​អ្វី​ទៅ​ដែល​អ្នក​គិត​ថា​ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​អំពី​សាសនាចក្រ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​សរសេរ​សេចក្ដី​ពិត​នោះ​ នៅ​ក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ។

បន្ទាប់ពី​ឲ្យ​ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ដែល​បាន​ចាត់​ឲ្យ​អាន​រឿង​ប្រៀប​ប្រដូច​អំពី​ដំបែ និង​សិស្ស​ម្នាក់ទៀត​ដែលបាន​ចាត់​ឲ្យ​អាន​រឿង​ប្រៀប​ប្រដូច​អំពី​គ្រាប់​ពូជ​ម្យ៉ាង​ ឲ្យអាន​រឿង​នោះ​ឮៗ​ឲ្យ​សិស្ស​ដទៃ​ទៀត​ស្ដាប់ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​អាន សេចក្ដីពិត​នានា​ដែល​ពួកគេ​បាន​កត់ទុក​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដី​ពិត​មួយ​ដែល​ស្រដៀង​នឹង​សេចក្ដី​ពិត​ខាង​ក្រោម​នេះ ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ​នឹង​រីកចម្រើន​ពី​ការ​ចាប់ផ្ដើម​ដ៏​តូច​រហូត​ដល់​បាន​បំពេញ​ផែនដី​ទាំង​មូល ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ដែល​លោក​បាន​បង្រៀន​ពី​របៀប​ដែល​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បានប្រៀបប្រដូចទៅ​នឹង​ដំបែ ៖

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« ទោះជា​និយាយ​ថា យើង​មាន​ចំនួន​តិច បើ​ប្រៀបធៀប​នឹង​ពិភពលោក​ក្ដី ប៉ុន្តែ​យើង​​អាច​ប្រៀប​ធៀប​នឹង​មេ​ដំបែ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​នៅ​ទី​បំផុត វា​នឹង​ឡើង​មាន​ពាស​ពេញ​ពិភពលោក » ( Gospel Doctrine​ កំណែ​ទី ៥ [ ឆ្នាំ​១៩៣៩ ] ទំព័រ ៧៤ ) ។

  • ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តើ​យើង​អាចធ្វើ​អ្វី​ខ្លះ​ ដើម្បី​ជួយ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​រីកចម្រើន ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ដែល​បាន​ចាត់​ឲ្យ​អាន​រឿង​ប្រៀប​ប្រដូច ​ពី​ទ្រព្យ​សម្បត្តិ​នៅ​ទីវាល សិស្ស​ម្នាក់​ដែល​ចាត់​ឲ្យ​អាន​រឿង​ប្រៀប​ប្រដូច​អំពី​កែវ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា និង​សិស្ស​ម្នាក់​ទៀត​​ដែល​បាន​ចាត់​ឲ្យ​អាន​រឿង​ប្រៀប​ប្រដូច​អំពី​សំណាញ់​ឲ្យ​អាន​ឮៗ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​អាន សេចក្ដីពិត​នានា​ដែល​ពួកគេ​បាន​កត់ទុក​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​គោលការណ៍​មួយ​ ដែល​ស្រដៀង​នឹង​សេចក្ដី​ពិត​ខាង​ក្រោម​នេះ ៖ ដោយសារ​ពរជ័យ​នៃ​ដំណឹងល្អ​គឺជា​តម្លៃ​ដ៏​អស់កល្ប​ជានិច្ច នោះ​វា​មាន​តម្លៃ​សក្ដិសម​សម្រាប់​រាល់​ការ​លះបង់​ទាំងអស់ ។ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​យល់ពី​គោលការណ៍​នេះ ចូរ​សរសេរ​ចំណង​ជើង​ខាង​ក្រោម​នៅ​លើ ក្ដារ​ខៀន ៖

ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ

ពលិកម្ម​ដើម្បី​ទទួល​បាន​ពរជ័យ

ចូរ​សុំ​ឲ្យ​សិស្ស​សរសេរ​ពរជ័យ​មួយ​ចំនួន​នៃ​ដំណឹងល្អ ( ឧទាហរណ៍ អាច​រួម​បញ្ចូល​ចំណេះដឹង​នៅ​ក្នុង​បទគម្ពីរ ការ​ដឹកនាំ​ពី​ពួក​ព្យាការី​នៅ​រស់ ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។ ចំពោះ​ពរជ័យ​នីមួយៗ​ដែល​បាន​សរសេរ ចូរ​សុំ​ឲ្យ​សិស្ស​ពន្យល់​ពី​ពលិកម្ម​អ្វី​ខ្លះ ​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​នោះ ។ សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្តារខៀន ។

ចូរ​សុំ​ឲ្យ​សិស្ស​ជ្រើស​យក​ពរជ័យ​មួយ​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ហើយ​ពន្យល់​ពី​ហេតុផលដែល​ថា ការទទួល​បាន​ពរជ័យ​នោះ​​មាន​តម្លៃ​សក្ដិសមចំពោះ​រាល់​ពលិកម្ម​ទាំងអស់ ។

  • តើ​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ធ្លាប់​លះបង់​អ្វី​មួយ ​ដើម្បី​ទទួល​បាន​ពរជ័យ​មួយ​នៃ​ដំណឹងល្អ​នៅ​ពេល​ណា​ដែរ ?

ចូរ​សរសេរ​សំណួរ​ដូចខាង​ក្រោម​នៅលើ ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មួយ ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ៖

តើ​ពរជ័យ​អ្វីនៃ​ដំណឹងល្អ ​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ?

ហេតុ​អ្វី​អ្នក​ប្រាថ្នា​ចង់​បាន​ពរជ័យ​នោះ ?

តើ​អ្នក​ត្រូវ​ពលិកម្ម​​ដោយ​របៀប​ណា ដើម្បី​ទទួល​បាន​ពរជ័យ​នោះ ?

ម៉ាថាយ ១៣:៥៣-៥៨

ព្រះយេស៊ូវ​បង្រៀន​នៅ​ស្រុក​ណាសារ៉ែត ហើយ​ត្រូវ​បាន​បដិសេធ​ដោយ​រាស្ត្រ​របស់​ទ្រង់

សូម​សង្ខេប ម៉ាថាយ ១៣:៥៣–៥៨ ដោយ​ពន្យល់​ថា​ប្រជាជន​នៅ​ស្រុក​ណាសារ៉ែត​បាន​បដិសេធ​ព្រះអង្គ​សង្គ្រោះ និង​ការ​បង្រៀន​របស់​ទ្រង់ ។ ដោយ​សារ​តែ​ការ​ឥត​ជំនឿ​របស់​ពួកគេ ព្រះអង្គ​សង្គ្រោះ​ពុំ​បានបង្កើត​អព្ភូតហេតុ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ពួកគេទេ ( សូម​មើល​ផង​ដែរ មរ៉ូណៃ ៧:៣៧ ) ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១៣ ។ ការប្រមូល​ផ្ដុំ​កូន​ចៅ​នៃអ៊ីស្រាអែល

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សង្ខេប​ប្រធាន​បទ​នៃ ម៉ាថាយ ១៣ ពេល​លោក​បាន​បង្រៀន​ដូច​តទៅ​នេះ ៖

« ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​កត់ត្រា​ទុក​នៅ​ក្នុង​ជំពូក​ទី ១៣​ នៃ​ដំណឹង​ល្អ​របស់​ទ្រង់​យោង​តាម​ម៉ាថាយ … ធ្វើ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់​នៅ​លើ​ប្រធាន​បទ​ដ៏​សំខាន់​អំពី​ការ​ប្រមូល​ផ្ដុំ ដូចជា​អ្វីៗ​ ដែល​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ផង​ដែរ » ។ ( នៅ​ក្នុង History of the Church ២:២៦៤ ) ។

អែលឌើរ​ រ័សុល អិម ណិលសុន​ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា យើង​អាច​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ទាំង​សងខាង​នៃ​វាំងនន ៖

« គោលលទ្ធិ​នៃ​ការ​ប្រមូល​ផ្ដុំ​នេះ ​គឺជាការ​បង្រៀន​មួយ​ដ៏សំខាន់​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួក​បរិសុទ្ធថ្ងៃចុងក្រោយ ។ … យើង​មិន​គ្រាន់តែ​បង្រៀន​ពី​គោលលទ្ធិ​នេះប៉ុណ្ណោះទេ ប៉ុន្តែ​យើង​ក៏ចូល​រួម​ចំណែក​នៅ​ក្នុង​កិច្ចការ​នេះ​ដែរ ។ យើង​ធ្វើ​ដូច្នេះ នៅពេល​យើង​ជួយ​ប្រមូល​អ្នករើសតាំង​របស់​ព្រះអម្ចាស់នៅ​ផ្នែក​ទាំង​សង្ខាង​នៃ​វាំងនន ។ …

« … យើង​ប្រមូល​តារាងពង្សាវលី បង្កើត​សន្លឹកបញ្ជី​ក្រុម​គ្រួសារ ហើយ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ផ្សេងៗ​គ្នា ​ដើម្បី​ប្រមូល​បុគ្គល​ទាំងឡាយ​ទៅ​កាន់​ព្រះអម្ចាស់ និង​ទៅ​រក​ក្រុម​គ្រួសារ​របស់​ពួកគេ » (« The Gathering of Scattered Israel » EnsignLiahona ខែ ​វិច្ឆិការ ឆ្នាំ​ ២០០៦ ទំព័រ ៨០–៨១ ) ។

តារាង ខាង​ក្រោម​បង្ហាញ​ពី​របៀប​ដែល​រឿង​ប្រៀបប្រដូច​នៃ ម៉ាថាយ ១៣ បង្រៀន​អំពី​ការ​ប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល និង​ការ​រីកចម្រើន​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ ចាប់​តាំង​ពី​សម័យ​នៃ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ រហូត​ដល់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

រឿង​ប្រៀប​ប្រដូច​នៅ​ក្នុង ម៉ាថាយ ១៣

ការ​ប្រមូល​ផ្ដុំ

អ្នក​ព្រោះ​គ្រាប់​ពូជ ( ខទី ៣-២៣ ) ។

ព្រះយេស៊ូវគ្រីស្ទ និង ​ពួក​សាវក​របស់​ទ្រង់​បាន​ព្រោះ​គ្រាប់​ពូជ​នៃ​ដំណឹងល្អនៅ​ក្នុង​ជំនាន់​របស់​ខ្លួន ។

ស្រូវ​សាលី និង ​ស្រងែ (ខ​ទី ២៤–៣០, ៣៦–៤៣ )

មនុស្ស​សុចរិត និង ​ជន​ទុច្ចរិត​រីកចម្រើន​រួម​គ្នា​នៅ​ក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី នៅ​ទី​បំផុត​បាន​ដឹកនាំ​ទៅ​រក​ការ​ក្បត់​សាសនា​ដ៏​ធំ ។ នៅ​ថ្ងៃ​ចុងក្រោយ មនុស្ស​សុចរិត​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​សាសនាចក្រ ហើយ​ជន​ទុច្ចរិត​នឹង​ត្រូវ​បាន​បំផ្លាញ ។

គ្រាប់​ពូជ​ម្យ៉ាង ( ខទី ៣១–៣២ ) ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។ ពី​ការ​ចាប់ផ្ដើម​ដ៏​តូច ​វា​នឹង​លូតលាស់រីកសាយ ហើយ​មាន​ឫទ្ធិ​យ៉ាង​អស្ចារ្យ​ជា​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក ។

ដំបែ ( ខទី ៣៣ ) ។

សាសនាចក្រ​នៅ​ថ្ងៃ​ចុងក្រោយ នឹង​រីកសាយ​នៅ​ទូទាំង​ផែនដី បាន​គាំទ្រ​ដោយ​ដំបែ​នៃ​ទីបន្ទាល់​នៃ​ពួក​សាក្សីបីនាក់ និង​បទគម្ពីរ​ថ្ងៃ​ចុងក្រោយ ។

ទ្រព្យ​សម្បត្តិ​ដែល​លាក់​ទុក ( ខទី ៤៤ ) ហើយ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ​( ខ​ទី ​៤៥-៤៦ ) ។

ពួក​សុចរិត​នឹង​ប្រមូល​ទៅ​នគរ​ព្រះ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នឹង​លះបង់ ហើយ​ធ្វើ​ការ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ។

សំណាញ់ (ខទី ៤៧-៥០) ។

មនុស្ស​គ្រប់​ប្រភេទ​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​ក្នុង​សាសនាចក្រ ។ នៅ​ចុង​បញ្ចប់​នៃ​ពិភពលោក ជន​ទុច្ចរិត​នឹង​ត្រូវ​បណ្ដេញ​ចេញ ហើយ​បំផ្លាញ​ចោល ។

( សម្រួល​ចេញ​ពី​New Testament Student Manual​[ Church Educational System manual ឆ្នាំ ​២០១៤ ]ទំព័រ​៣៤-៤៤ ) ។

ម៉ាថាយ ១៣:៣១-៣២ ។ រឿងប្រៀបប្រដូច​អំពី​គ្រាប់​ពូជ​ម្យ៉ាង និង​ដំបែ

ព្យាការី​ យ៉ូសែប ស្ម៊ីធ​ បាន​ផ្ដល់​ការ​ពន្យល់​ដូចខាង​ក្រោម​នេះ ​អំពី​រឿង​ប្រៀបប្រដូច​អំពី​គ្រាប់​ពូជ​ម្យ៉ាង និង​ដំបែ ៖

«‹ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​គ្រាប់​ពូជ​ម្យ៉ាង ។ … ›​ [ ម៉ាថាយ ១៣:៣១  ] ។ ឥឡូវ​នេះ​យើង​អាច​រក​ឃើញ​យ៉ាង​ច្បាស់​ថា រូបភាព​នេះ​ដែល​បានផ្តល់ឲ្យនេះតំណាង​ឲ្យ​សាសនាចក្រ​ដូច​ដែល​វា​នឹង​មក​ដល់​នៅ​ថ្ងៃ​ចុងក្រោយ ។ …

« ចូរ​យើង​យក​ព្រះគម្ពីរ​មរមន ដែល​បុរស​ម្នាក់​បាន​យក​ទៅ​លាក់​នៅ​ទីវាល​របស់​គាត់ ថែរក្សា​វាទុក​ដោយ​សេចក្ដី​ជំនឿ​របស់​គាត់ ធ្វើ​ឲ្យ​វា​រីក​ ស្គុះស្គាយ​នៅ​ថ្ងៃ​ចុងក្រោយ ឬ​រហូត​ដល់​កាល​កំណត់ ចូរ​យើង​មើល​ឃើញ​វា​ចេញ​មក​ពី​ដី ដែល​ត្រូវបានរាប់ទុកជា​គ្រាប់​ពូជ​ដ៏តូចបំផុតនៃគ្រាប់ពូជទាំងអស់ ប៉ុន្តែ​មើល​ចុះ​វា​ដុះ​ចេញ​មក មែនហើយ ថែម​ទាំង​ដុះចេញ​ដោយ​មាន​មែក​យ៉ាង​ខ្ពស់​ត្រដែត ហើយ​ដូចជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​រហូត​វា​បាន​ក្លាយ​ជា​រុក្ខជាតិ​ដ៏​អស្ចារ្យ​បំផុត នៃគ្រាប់ពូជទាំងអស់ ។ ហើយ​វា​គឺជា​សេចក្ដី​ពិត ហើយ​បាន​រីកសាយ ហើយ​ចេញ​មក​ពី​ផែនដី ហើយ​សេចក្ដី​សុចរិត​ចាប់ផ្ដើម​ទត​ចុះ​មក​ពីស្ថានសួគ៌ [ សូមមើល ទំនុកតម្កើង ៨៥:១១, ម៉ូសេ ៧:៦២ ] ហើយ​ព្រះ​នឹង​បញ្ជូន​ព្រះ​ចេស្ដា ​អំណោយទាន និង​ពួក​ទេវតា​ទ្រង់​ឲ្យ​ចុះ​មក​ដើម្បី​ដាក់ផ្សាំជាប់​នៅ​ក្នុង​មែក​ទាំងនោះ ។ …

«‹ … នគរ​ស្ថានសួគ៌​ប្រៀប​ដូច​គ្រាប់​ពូជ​ម្យ៉ាង ។ … › [ ម៉ាថាយ ១៣:៣៣ ] ។ វា​អាច​ត្រូវ​បាន​យល់​ថា សាសនាចក្រ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​រីក​ឡើង​ចេញ​ពី​ដំបែ​តូច​ដែល​បាន​ដាក់​នៅ​ក្នុង​ពួក​សាក្សី​ទាំង​បី​នាក់ ។ មើល​ចុះ តើ​ការណ៍​នេះ​ដូច​នឹង​រឿង​ប្រៀបប្រដូច​នេះ​ប៉ុណ្ណា​ទៅ ! វា​កំពុង​ធ្វើ​ឲ្យ​ដុំ​ពក​រីក​ឡើង​យ៉ាង​លឿន ហើយ​មិន​យូរ​ប៉ុន្មាន​នឹង​រីក​ឡើង​ពេញ​ផែនដី​ទាំងមូល » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ​២០០៧ ] ទំព័រ ៣០១, ៣០២-៣ ) ។

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​របៀប​ដែល​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ដូច​នឹង​ដំបែ ៖

« យើង​ត្រូវ​រស់​នៅ​ក្នុង​លោកិយ ប៉ុន្តែ​មិន​មែន ​ជា​ កម្មសិទ្ធិ​លោកិយ​ឡើយ ។ យើង​ត្រូវ​រស់​នៅ​ក្នុង​លោកិយ ពីព្រោះ​ដូច​ជា​ព្រះ​យេស៊ូវ​ បាន​បង្រៀន​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​​ថា នគរ​ទ្រង់​គឺ ‹ ដូចជាដំបែ › ដែល​​មុខងាររបស់វាគឺ​ដើម្បីពង្រីក​​ម្សៅមី​ទាំងមូលក្រោម​ឥទ្ធិ​ពល​របស់​វា ( សូមមើល លូកា ១៣:២១, ម៉ាថាយ ១៣:៣៣សូមមើល​ផង​ដែរ កូរិនថូសទី ១ ៥:៦–៨ ) ។ ពួក​អ្នក​ដើរ​តាម​ទ្រង់​មិន​អាច​ធ្វើ​កិច្ចការ​នោះ​បាន​ទេ ប្រសិន​បើ​ពួកគេ​រាប់​អាន​តែ​ជាមួយ​មនុស្ស​ដែល មាន​ជំនឿ និង​ការ​អនុវត្តដូចខ្លួននោះ » (« Loving Others and Living with Differences » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ​២០១៤ ទំព័រ ២៥ ) ។