មេរៀនទី ២៨
ម៉ាថាយ ២៥:១-១៣
សេចក្តីផ្តើម
នៅពេលព្រះយេស៊ូវគ្រីស្ទបានបង្រៀនតែពួកសិស្សរបស់ទ្រង់នៅលើភ្នំអូលីវ អំពីការយាងមកជាលើកទីពីររបស់ទ្រង់ ទ្រង់បានបង្រៀនរឿងប្រៀបប្រដូចមួយស្ដីពីស្ត្រីព្រហ្មចារីដប់នាក់ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ២៥:១-១៣
ព្រះយេស៊ូវគ្រីស្ទបង្រៀនរឿងប្រៀបប្រដូចមួយស្ដីពីស្ត្រីព្រហ្មចារីដប់នាក់
សុំឲ្យសិស្សម្នាក់អានឮៗពីដំណើររឿងខាងក្រោមដែលអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រាប់ពីយុវជនម្នាក់ដែលបានត្រឡប់មកពីបេសកកម្មវិញដែលបានចែកចាយបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងការប្រជុំថ្លែងទីបន្ទាល់ ។ សុំឲ្យសិស្សនឹកស្រមៃពីអារម្មណ៍ដែលពួកគេមាន ប្រសិនបើពួកគេគឺជាយុវជននៅក្នុង រឿងនេះ ។
« គាត់ … បានប្រាប់ពីពេលដែលគាត់ត្រឡប់មកផ្ទះវិញ បន្ទាប់ពីដើរលេងជាគូ ដែលមិនយូរប៉ុន្មានក្រោយពីគាត់ត្រូវបានតែងតាំងជាអែលឌើរនៅអាយុ ១៨ ឆ្នាំ ។ មានអ្វីមួយបានកើតឡើងនៅក្នុងការដើរលេងជាគូនេះ ដែលធ្វើឲ្យគាត់ពុំមានមោទនភាពសោះ ។ គាត់ពុំបានអធិប្បាយយ៉ាងល្អិតល្អន់ ហើយគាត់ក៏មិនគួរនិយាយអ្វីៗបែបនោះនៅមុខមនុស្សជាច្រើនឡើយ ។ រហូតមកដល់ថ្ងៃនេះ ខ្ញុំមិនបានដឹងពីរឿងពិតនៃហេតុការណ៍ដែលបានកើតឡើងនោះទេ ប៉ុន្តែវាពិតជាសំខាន់ចំពោះគាត់ ដែលបានប៉ះពាល់ដល់វិញ្ញាណរបស់គាត់ និង ការឲ្យតម្លៃលើខ្លួនឯង ។
« ខណៈដែលគាត់កំពុងអង្គុយនៅក្នុងឡានមួយសន្ទុះ លើច្រកផ្លូវចូលផ្ទះរបស់គាត់ ដោយគិតអំពីរឿងរ៉ាវនានា និង មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង នោះម្តាយរបស់គាត់ដែលមិនមែនសមាជិក បានរត់ចេញមកពីផ្ទះតម្រង់ទៅកាន់ឡានរបស់គាត់ទាំងក្តីបារម្ភ ។ រំពេចនោះ ម្តាយរូបនេះ បាននិយាយប្រាប់ថា ប្អូនប្រុសរបស់យុវជនម្នាក់នោះ ទើបតែបានដួលនៅក្នុងផ្ទះ បានប៉ះទង្គិចក្បាលយ៉ាងខ្លាំង ហើយបានប្រកាច់ ឬកន្ត្រាក់ផងដែរ ។ ឪពុកដែលមិនមែនជាសមាជិកនោះ បានទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់ ប៉ុន្តែវាចំណាយពេលច្រើនទម្រាំមកដល់ដើម្បីជួយសង្គ្រោះ ។
« ម្តាយរូបនោះបានស្រែកយំថា ‹ សូមមកនេះ ហើយធ្វើអ្វីមួយដើម្បីជួយ › ។ ‹ តើពុំមានអ្វីដែលកូនធ្វើនៅក្នុងព្រះវិហាររបស់កូននៅចំពេលបែបនេះទេឬ ? កូនមានបព្វជិតភាពរបស់ពួកគេ ។ សូមមកនេះ ហើយធ្វើអ្វីមួយដើម្បីជួយ › ។ …
« … នៅពេលយប់នេះ នៅពេលមនុស្សម្នាក់ដែលគាត់ស្រឡាញ់យ៉ាងខ្លាំងត្រូវការសេចក្តីជំនឿ និង កម្លាំងរបស់គាត់ នោះយុវជនរូបនេះពុំអាចឆ្លើយតបបានឡើយ ។ ដោយបានមានអារម្មណ៍ដែលគាត់ទើបតែបានពុះពារ និង អារម្មណ៍រវើរវាយចំពោះអ្វីដែលគាត់ទើបតែបានធ្វើ—មិនថាជាអ្វីនោះទេ—គាត់មិនអាចចូលខ្លួនរបស់គាត់ ទៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយអំពាវនាវសម្រាប់ពរជ័យដែលត្រូវការបានឡើយ( « The Confidence of Worthiness » Liahona ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៥៨–៥៩ ) ។
-
តើអ្នកប្រហែលនឹងគិតអ្វីខ្លះ ប្រសិនបើអ្នកជាយុវជននោះ ហើយស្ថិតនៅក្នុងស្ថានភាពនេះ ? ហេតុអ្វីបានជាវាសំខាន់ដើម្បីត្រៀមខ្លួនជានិច្ច ?
សូមដាក់បង្ហាញរូប រឿងប្រៀបប្រដូចពីស្ត្រីព្រហ្មចារីដប់នាក់ ( Gospel Art Book [ ឆ្នាំ២០០៩] ល.រ. ៥៣សូមមើលផងដែរ LDS.org ) ។ សូមរំឭកសិស្សថា កាលព្រះយេស៊ូវគ្រីស្ទគង់នៅលើភ្នំអូលីវជាមួយនឹងពួកសិស្សរបស់ទ្រង់ ទ្រង់បានបង្រៀនពួកគេពីការយាងមកជាលើកទីពីរ ( សូមមើល ម៉ាថាយ ២៤ ) ។ រួចទ្រង់បាននិទានរឿងប្រៀបប្រដូចពីស្ត្រីព្រហ្មចារីដប់នាក់ ដើម្បីចង្អុលបង្ហាញពីរបៀបដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ២៥:១-៤ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលធាតុដ៏សំខាន់នៃរឿងប្រៀបប្រដូចនេះ ។ សូមអញ្ជើញពួកគេឲ្យប្រាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមសរសេរឃ្លាខាងក្រោមនេះនៅលើ ក្ដារខៀន ៖
សូមពន្យល់ថា យោងតាមទំនៀមទម្លាប់នៃអាពាហ៍ពិពាហ៍របស់សាសន៍យូដា កូនប្រុស ឬកូនកម្លោះ ត្រូវបានអមដំណើរដោយមិត្តជិតស្និទ្ធរបស់ខ្លួន នឹងទៅផ្ទះកូនក្រមុំនៅពេលយប់សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ ។ បន្ទាប់ពីពិធីនោះ ពិធីជប់លៀងទទួលអាហារសម្រាប់អាពាហ៍ពិពាហ៍បានធ្វើឡើងនៅផ្ទះកូនប្រុស ។ ភ្ញៀវដែលមកចូលរួមត្រូវបានតម្រូវឲ្យកាន់ចង្កៀងរបស់ខ្ឡួន ឬចន្លុះដើម្បីបង្ហាញថាពួកគេជាផ្នែកមួយនៃពិធីជប់លៀងសម្រាប់អាពាហ៍ពិពាហ៍នេះ ហើយដើម្បីបន្ថែមពន្លឺ និង ភាពស្រស់បំព្រងដល់ឱកាសនោះ ។
សូមអញ្ជើញសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង ម៉ាថាយ ២៥:៥-១៣ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើល អ្វីដែលស្ត្រីព្រហ្មចារីដ៏ឆ្លាតវៃប្រាំនាក់បានធ្វើ និង អ្វីដែលស្ត្រីព្រហ្មចារីដ៏ល្ងង់ខ្លៅប្រាំនាក់បានធ្វើ ។
-
តើស្ត្រីព្រហ្មចារីឆ្លាតវៃប្រាំនាក់បានធ្វើអ្វីខ្លះ ? តើស្ត្រីព្រហ្មចារីល្ងង់ខ្លៅប្រាំនាក់បានធ្វើអ្វីខ្លះ ?
សូមយោងទៅលើកត្តានានានៃរឿងប្រៀបប្រដូចនេះ ដែលបានសរសេរនៅលើក្ដារខៀន ។ ចូរសុំឲ្យសិស្សផ្ដល់ជាយោបល់ តើពួកគេគិតថាកត្តានីមួយៗតំណាងឲ្យអ្វីដែរ ។
សូមសរសេរពាក្យ ព្រះយេស៊ូវគ្រីស្ទ នៅក្បែរ កូនកម្លោះ លើក្ដារខៀន ។ សូមពន្យល់ថា ឃ្លា « តែដោយព្រោះប្ដីក្រមកពេក »( ខទី ៥ ) និង « លុះដល់កណ្ដាលអធ្រាត្រ ស្រាប់តែឮសូរសម្រែក » ( ខទី ៦ ) សំដៅទៅលើការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើយើងអាចរៀនអ្វីខ្លះពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងឃ្លាទាំងនេះ ?
សូមពន្យល់ថា ទាំងស្ត្រីព្រហ្មចារីឆ្លាតវៃ និង ល្ងង់ខ្លៅដែលត្រូវបានអញ្ជើញឲ្យមកបរិភោគអាហារ តំណាងឲ្យសមាជិកនៃសាសនាចក្រនេះ ( សូមមើល ដាល្លិន អេក អូក « Preparation for the Second Coming » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។ សូមសរសេរ សមាជិកនៃសាសនាចក្រ នៅក្បែរ ស្ត្រីព្រហ្មចារីឆ្លាតវៃ និង ល្ងង់ខ្លៅ លើក្ដារខៀន ។
សូមអញ្ជើញសិស្សឲ្យរំឭក ម៉ាថាយ ២៥:៨–៩ ឡើងវិញ ហើយសញ្ជឹងគិតពីហេតុផលដែលស្ត្រីព្រហ្មចារីឆ្លាតវៃពុំឲ្យប្រេងរបស់ខ្លួនទៅស្ត្រីព្រហ្មចារីដែលល្ងង់ខ្លៅ ។ ចូរសុំឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ស្ដាប់រកមើលថាតើប្រេងតំណាងឲ្យអ្វីទៅ ហើយថាហេតុអ្វីបានជាវាពុំអាចចែកបាន ។
« ទង្វើបែបនេះពុំមែនជាភាពអាត្មានិមយ ឬការខ្វះសណ្ដានចិត្តល្អនោះទេ ។ ប្រេងដែលយើងត្រូវការដើម្បីស្វែងរកការដឹកនាំ និង បង្កើនចំណេះដឹង មិនអាចចែកចាយបានឡើយ ។ តើយើងអាចចែកចាយការគោរពប្រតិបត្តិចំពោះគោលការណ៍នៃដង្វាយមួយភាគក្នុងដប់ ចិត្តគំនិតដ៏សុខសាន្តដែលកើតចេញពីការរស់នៅដោយសុចរិតភាព ឬ ចែកចាយភាពរីកចម្រើននៃចំណេះដឹង បានយ៉ាងដូចម្ដេចទៅ ? តើបុគ្គលម្នាក់អាចចែកចាយសេចក្ដីជំនឿ ឬ ទីបន្ទាល់បានយ៉ាងដូចម្ដេចទៅ ? តើបុគ្គលម្នាក់អាចចែកចាយឥរិយាបថ ឬ បរិសុទ្ធភាព ឬ ចែកចាយបទពិសោធន៍ក្នុងបេសកកម្ម បានយ៉ាងដូចម្ដេចទៅ ? តើបុគ្គលម្នាក់អាចចែកចាយអាទិភាព ដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធបានយ៉ាងដូចម្ដេចទៅ ? បុគ្គលម្នាក់ៗត្រូវតែមានប្រេងនោះផ្ទាល់ខ្លួន ។ …
« ក្នុងរឿងប្រៀបប្រដូចនោះ ប្រេងអាចរកទិញបាននៅឯផ្សារ ។ នៅក្នុងជីវិតយើង ប្រេងនៃការត្រៀមខ្លួនជាស្រេច ប្រមូលសន្សំមួយតំណក់ម្ដងៗ តាមរយៈការរស់នៅដោយសុចរិត ។ … រាល់ទង្វើនៃការលះបង់ និង ការគោរពប្រតិបត្តិគឺជាតំណក់ប្រេងមួយតំណក់ដែលបានបន្ថែមនៅក្នុងចង្កៀងរបស់យើង » ( Faith Precedes the Miracle [ ឆ្នាំ១៩៧២ ] ទំព័រ ២៥៥–៥៦ ) ។
-
តើប្រេងតំណាងឲ្យអ្វីដែរនៅក្នុងរឿងប្រៀបប្រដូចនេះ ? ( សូមសរសេរចម្លើយរបស់សិស្ស ដូចជា ការរៀបចំខ្លួនខាងវិញ្ញាណ ទីបន្ទាល់ សេចក្ដីជំនឿ ការប្រែចិត្តជឿ និង បទពិសោធន៍ នៅក្បែរ ចង្កៀង និង ប្រេង លើក្ដារខៀន ។ ដើម្បីជាគំនិតបន្ថែមចំពោះនិមិត្តរូបរបស់ប្រេង អ្នកគួរណែនាំឲ្យសិស្សអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៥៦–៥៧ ហើយយោងឆ្លងវាទៅ ម៉ាថាយ ២៥:៨ ) ។
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះនៅក្នុងរឿងប្រៀបប្រដូចនេះ និង មកពីសេចក្ដីអធិប្បាយរបស់ប្រធាន ឃឹមបឹល អំពីការខ្ចីនូវការរៀបចំខ្លួនខាងវិញ្ញាណ ? ( បន្ទាប់ពីសិស្សឆ្លើយសូមសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ យើងពុំអាចខ្ចីការរៀបចំខាងវិញ្ញាណពីអ្នកដទៃបានឡើយ ) ។
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះនៅក្នុងរឿងប្រៀបប្រដូចនេះ អំពីរបៀបត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែត្រូវប្រាកដថាពួកគេស្គាល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ យើងត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរដោយការបង្កើនទីបន្ទាល់ និង ការប្រែចិត្តជឿរបស់យើងតាមរយៈសេចក្ដីសុចរិតប្រចាំថ្ងៃ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
ចូរឲ្យសំណៅ ឯកសារដែលភ្ជាប់មកជាមួយដល់សិស្សម្នាក់ៗ ។ សុំឲ្យពួកគេសរសេរនៅលើក្រដាសនោះពីរបៀបដែលពួកគេអាចទទួលបាន « ប្រេង » នៃការត្រៀមខ្លួនខាងវិញ្ញាណ ។
ការត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់
សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់គ្រូថ្នាក់សិក្ខាសាលា—មេរៀនទី ២៨
ដើម្បីត្រៀមខ្លួនសម្រាប់យាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ខ្ញុំនឹងបន្ថែម« ប្រេង » នៅក្នុង « ចង្កៀង »របស់ខ្ញុំដោយ ៖
© ២០១៥ ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ ចូរសុំឲ្យសិស្សពីរបីនាក់ចែកចាយគំនិតមួយចំនួនរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
ចូរសុំឲ្យសិស្សម្នាក់អាន ម៉ាថាយ ២៥:១០-១២ ឮៗ ។ សុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលកូនកម្លោះបានថ្លែងទៅស្ត្រីព្រហ្មចារីដែលល្ងង់ខ្លៅ ។ សុំឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថា ការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ២៥:១១ បញ្ជាក់ថាកូនកម្លោះបានថ្លែងថា « ខ្ញុំមិនស្គាល់នាងទេ » ។
-
តើសេចក្ដីថ្លែងថា « ខ្ញុំមិនស្គាល់នាងទេ » ប្រាប់យើងអ្វីខ្លះពីស្ត្រីព្រហ្មចារីដ៏ល្ងង់ខ្លៅ ? តើការស្គាល់ព្រះអម្ចាស់ ខុសពីការគ្រាន់តែដឹងពីទ្រង់ដោយរបៀបណា ?
-
តើយើងអាចរៀនអ្វីខ្លះចេញពីខគម្ពីរនេះ អំពីអ្វីដែលយើងត្រូវធ្វើដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់ការយាងមករបស់ព្រះអម្ចាស់ ? ( សូមជួយសិស្សឲ្យស្គាល់ពីគោលការណ៍នេះ ៖ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមករបស់ព្រះអម្ចាស់ ហើយមានភាពសក្ដិសមឈរនៅក្នុងវត្តមានរបស់ទ្រង់ យើងត្រូវស្គាល់ទ្រង់ ) ។
-
តើអ្នកបានមកស្គាល់ព្រះអង្គសង្គ្រោះ ឲ្យប្រសើរជាងមុនក្នុងពេលថ្មីៗនេះតាមរបៀបណាដែរ ?
សូមរំឭកសិស្សពីដំណើររឿងនៅដើមមេរៀននេះស្ដីពីអ្នកកាន់បព្វជិតភាពវ័យក្មេងម្នាក់ ដែលពុំបានត្រៀមខ្លួននៅក្នុងគ្រាដ៏ចាំបាច់មួយ ។ សូមពន្យល់ថា យុវជននោះបានប្រញាប់ប្រញាល់ទៅផ្ទះរបស់បុរសចំណាស់ម្នាក់នៅក្នុងវួដរបស់ខ្លួនដែលរស់នៅក្បែរផ្ទះរបស់គាត់ ។ បុរសចំណាស់នោះបានប្រសិទ្ធពរឲ្យប្អូនប្រុសយុវជននោះ ដើម្បីធ្វើឲ្យស្ថានភាពគាត់មានភាពនឹងធឹង រហូតដល់វេជ្ជបណ្ឌិតជំនួយបានមកដល់ ។ សុំឲ្យសិស្សម្នាក់អានឮៗនូវទីបន្ទាល់របស់យុវជននោះ ដែលអែលឌើរ ហូឡិន បានលើកឡើង ៖
រូបភាពអែលឌើរ ជែហ្វ្រី អ័រ ហូឡិន« គ្មាននរណាម្នាក់ដែលមិនធ្លាប់ប្រឈមមុខ ដូចអ្វីដែលខ្ញុំប្រឈមមុខនៅយប់នោះ ដែលនឹងដឹងពីក្តីអាម៉ាសដែលខ្ញុំបានទទួលអារម្មណ៍ និង ក្តីសោកសៅដែលខ្ញុំទ្រាំទ្រចំពោះអារម្មណ៍ ដែលគ្មានភាពសក្តិសមដើម្បីប្រើបព្វជិតភាពដែលខ្ញុំកាន់នោះទេ ។ នេះគឺជាអនុស្សាវរីយ៍ដែលកាន់តែឈឺចាប់សម្រាប់ខ្ញុំ ដោយសារវាគឺជាប្អូនប្រុសរបស់ខ្ញុំផ្ទាល់ ដែលត្រូវការខ្ញុំ និង ឪពុកម្តាយជាទីស្រឡាញ់ដែលមិនមែនជាសមាជិករបស់ខ្ញុំដែលមានការភ័យខ្លាចយ៉ាងខ្លាំង ហើយដែលមានសិទ្ធរំពឹងចង់បានច្រើនជាងនេះពីរូបខ្ញុំ ។ គាត់បាននិយាយថា ប៉ុន្តែនៅពេលខ្ញុំឈរនៅពីមុខអ្នកទាំងអស់គ្នាថ្ងៃនេះ នោះខ្ញុំអាចសន្យានឹងអ្នកបែបនេះ ។ ‹ ខ្ញុំមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែចាប់តាំងពីយប់នោះមក ខ្ញុំមិនធ្លាប់ធ្វើអ្វីដែលធ្វើឲ្យខ្លួនខ្ញុំចាកចេញពីការទៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់ ជាមួយនឹងទំនុកចិត្ត ហើយអធិស្ឋានសម្រាប់ជំនួយរបស់ទ្រង់នៅពេលចាំបាច់ឡើយ ។ គាត់ទទួលស្គាល់ថា ‹ ភាពសក្តិសមផ្ទាល់ខ្លួន គឺជាសង្គ្រាមមួយនៅក្នុងពិភពលោកនេះ ដែលយើងរស់នៅ ប៉ុន្តែវាគឺសង្គ្រាមមួយដែលខ្ញុំមានជ័យជំនះ › ។ ខ្ញុំបានទទួលអារម្មណ៍ដឹងថាមានម្រាមដៃនៃការកាត់ទោសចង្អុលមកកាន់ខ្ញុំម្តងនៅក្នុងជីវិតខ្ញុំ ហើយបើសិនខ្ញុំអាចធ្វើអ្វីបាននោះ ខ្ញុំគ្មានបំណងទទួលអារម្មណ៍បែបនេះម្តងទៀតឡើយ ។ គាត់បានបញ្ចប់ថា ‹ ហើយប្រាកដណាស់ ខ្ញុំអាចធ្វើកិច្ចការទាំងនោះបាន គ្រប់យ៉ាង › »( « The Confidence of Worthiness »ទំព័រ ៥៩ ) ។
ចូរសុំឲ្យសិស្សពិចារណាពីអ្វីដែលពួកគេត្រូវធ្វើដើម្បី ត្រៀមខ្លួនខាងវិញ្ញាណសម្រាប់ការយាងមករបស់ព្រះអម្ចាស់ និង ដើម្បីមានភាពសក្ដិសមឈរនៅក្នុងវត្តមានរបស់ទ្រង់ ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យគូសរង្វង់ត្រង់ទង្វើមួយ ឬពីរដែលពួកគេបានសរសេរនៅលើក្រដាស ហើយដាក់គោលដៅមួយ ដើម្បីធ្វើតាមរបៀបដែលនឹងបង្កើនការត្រៀមខ្លួនខាងវិញ្ញាណរបស់ពួកគេ ។ សូមអញ្ជើញពួកគេយកក្រដាសរបស់ពួកគេទៅផ្ទះ ទុកជាការរំឭកមួយពីគោលដៅរបស់ពួកគេ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
ម៉ាថាយ ២៥:១-៤ ។ ស្ត្រីព្រហ្មចារីឆ្លាតវៃ និង ល្ងង់ខ្លៅ
អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថាតើ ស្ត្រីព្រហ្មចារីទាំងដប់នាក់តំណាងឲ្យនរណា ៖
« ស្ត្រីព្រហ្មចារីទាំងដប់នាក់ តំណាងឲ្យសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ដ្បិតសមាជិកទាំងអស់គ្នាត្រូវបានអញ្ជើញឲ្យទទួលភោជនាអាហារ ហើយសមាជិកទាំងអស់គ្នាបានដឹងហើយថា ត្រូវបានអនុញ្ញាតឲ្យចូលទៅ នៅពេលកូនកម្លោះបានមកដល់ ។ ប៉ុន្តែមានតែសមាជិកពាក់កណ្ដាលប៉ុណ្ណោះ ដែលត្រៀមខ្លួនជាស្រេច នៅពេលកូនកម្លោះបានមកដល់នោះ » ( « Preparation for the Second Coming, » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។
ម៉ាថាយ ២៥:១-១៣ ។ រឿងប្រៀបប្រដូចស្ដីពីស្ត្រីព្រហ្មចារីទាំងដប់ និង ទីបន្ទាល់របស់យើង
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ៖
« ឥឡូវខ្ញុំចង់ប្រើនូវការបកស្រាយមួយ ដែលអាចកើតបានពីរឿងប្រៀបធៀបនៃស្ដ្រីព្រហ្មចារីដប់នាក់ ដើម្បីបញ្ជាក់ពីទំនាក់ទំនងរវាងទីបន្ទាល់ និង ការប្រែចិត្តជឿ ។ ស្ដ្រីព្រហ្មចារីដប់នាក់ មានប្រាំនាក់ឆ្លាតវៃ និងប្រាំនាក់ល្ងង់ខ្លៅបានយកចង្កៀងរបស់គេ ហើយបានទៅជួបនឹងកូនកំលោះ ។ សូមគិតពីចង្កៀង ដែលពួកស្ដ្រីព្រហ្មចារីប្រើ ថាជាចង្កៀងនៃទីបន្ទាល់ ។ ស្ដ្រីព្រហ្មចារីដែលល្ងង់បានយកចង្កៀងនៃទីបន្ទាល់របស់គេ តែពុំបានយកប្រេងទៅជាមួយទេ ។ សូមគិតពីប្រេងថា ជាប្រេងនៃការប្រែចិត្តជឿ ។ …
« តើស្រីព្រហ្មចារីឆ្លាតប្រាំនាក់មានចិត្តកំណាញ់ និងមិនចង់ចែកចាយឬ ឬក៏ពួកគេកំពុងបង្ហាញយ៉ាងត្រឹមត្រូវថា បេ្រងនៃការប្រែចិត្តជឿមិនអាចខ្ចីបាននោះទេ ? តើកម្លាំងខាងវិញ្ញាណដែលជាលទ្ធផលនៃការគោរពតាមព្រះបញ្ញត្តិដោយខ្ជាប់ខ្ជួនអាចត្រូវបានប្រគល់ដល់មនុស្សផ្សេងទៀតបានឬទេ ? តើចំណេះដឹងដែលទទួលបានតាមរយៈការសិក្សា និង ការសញ្ជឹងគិតដោយឧស្សាហ៍លើព្រះគម្ពីរនោះអាចត្រូវបានចែករំលែកដល់អ្នកដែលត្រូវការឬ ? តើសេចក្ដីសុខសាន្ដនៃដំណឹងល្អដែលនាំមកដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ អាចត្រូវបានផ្ទេរទៅឲ្យបុគ្គលម្នាក់ដែលបានជួបនឹងឧបសគ្គ ឬការលំបាកដ៏ខ្លាំងបានឬទេ ? ចម្លើយដ៏ច្បាស់ចំពោះសំណួរទាំងនេះនីមួយៗគឺ ទេ ។
« នៅពេលស្រីព្រហ្មចារីឆ្លាតបានបញ្ជាក់យ៉ាងត្រឹមត្រូវ នោះយើងម្នាក់ៗត្រូវតែ ‹ ទិញសម្រាប់ខ្លួនយើង › ។ ស្ដ្រីដ៏បំផុសទាំងនេះ មិនបានរៀបរាប់ពីការផ្លាស់ប្ដូរពាណិជ្ជកម្មនោះទេ ប៉ុន្ដែគេបានបញ្ជាក់ពីទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់យើងក្នុងការរក្សាចង្កៀងនៃទីបន្ទាល់របស់យើង ឲ្យឆេះ និង ទទួលបានការផ្គត់ផ្គង់ដ៏ច្រើននៃប្រេងនៃការប្រែចិត្តជឿ ។ ប្រេងដ៏មានតម្លៃនេះត្រូវការមួយតំណក់ម្ដងៗ — ‹ មួយបន្ទាត់ម្ដងៗ [ ហើយ ] មួយសិក្ខាបទម្ដងៗ › ( នីហ្វៃទី ២ ២៨:៣០ ) ប្រកបដោយការអត់ធ្មត់ និង ខ្ជាប់ខ្ជួន ។ គ្មានផ្លូវកាត់ទេ គ្មានការរៀបចំភ្លាមៗនោះទេ ។
« ‹ ហេតុដូច្នោះហើយ ចូរមានចិត្តស្មោះត្រង់ដោយអធិស្ឋានជានិច្ច ដោយមានចង្កៀងបង្កាត់ ហើយឆេះ ហើយមានប្រេងនៅជាមួយអ្នកផង ដើម្បីឲ្យអ្នកអាចប្រុងប្រៀបជាស្រេចក្នុងកាលការយាងមកនៃប្ដីថ្មោងថ្មី › ( គ. និង ស. ៣៣:១៧ ) » ( « Converted unto the Lord » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ ១០៩ ) ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងបញ្ជាក់ស្រដៀងនេះ ៖
« ប្រាំនាក់មានចិត្តខ្នះខ្នែង ហើយលះបង់ រីឯប្រាំនាក់ទៀតខ្ជិលច្រអូស ហើយគ្មានចិត្តរំភើប ស្ត្រីដប់នាក់មានទីបន្ទាល់ពីព្រះយេស៊ូវ ប៉ុន្តែមានតែប្រាំនាក់ប៉ុណ្ណោះដែលមានចិត្តក្លាហាន » ( វ៉ុលទី ៣ [ ឆ្នាំ១៩៦៥–៧៣ ] ១:៦៨៥ ) ។
ម៉ាថាយ ២៥:៦ ។ ផ្នែកសំខាន់ដែលកូនកម្លោះមកនាពាក់កណ្ដាលអាធ្រាត្រ
ព្រះយេស៊ូវគ្រីស្ទនឹងយាងមក កាលយើងពុំរំពឹងទុកនឹងមកដល់ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានពន្យល់ ៖
« ស្ត្រីព្រហ្មចារីល្ងង់ខ្លៅ ពុំបានផ្ដោតអារម្មណ៍ទៅលើការទិញប្រេងនោះទេ ។ ពួកគេដឹងថា ពួកគេគួរតែមានប្រេង ។ ពួកគេបានពន្យារពេលឲ្យកន្លងហួសទៅធម្មតា ដោយពុំបានដឹងអំពីពេលវេលាដែលកូនកម្លោះនឹងមកដល់ឡើយ ។ …
« ពាក់កណ្ដាលអាធ្រាត្រគឺជាការហួសពេលសម្រាប់ជនដែលពន្យារពេល » ( Faith Precedes the Miracle [ ឆ្នាំ១៩៧២ ] ទំព័រ ២៥៦ ) ។
ម៉ាថាយ ២៥:៧ ។ ស្ត្រីព្រហ្មចារីទាំងឡាយ« ក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន »
ឃ្លា « រៀបចំចង្កៀងរៀងរាល់ខ្លួន » ( ម៉ាថាយ ២៥:៧ ) មានន័យថា ស្ត្រីព្រហ្មចារីទាំងឡាយបានកាត់ប្រឆេះចង្កៀងខ្លួនតាមរបៀបដែលធ្វើឲ្យចង្កៀងអាចបញ្ឆេះទៅបាន ។