បណ្ណាល័យ
មេរៀនទី ៣៣ ៖ ម៉ាថាយ ២៧:៥១–២៨:២០


មេរៀនទី ៣៣

ម៉ាថាយ ២៧:៥១–២៨:២០

សេចក្ដី​ផ្ដើម

នៅ​ពេល​ព្រះគ្រីស្ទ​សុគត វាំងនន​នៃ​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​រហែក​ជា​ពីរ ។ ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ បាន​ប្ដឹង​លោក​ពី​ឡាត់​ឲ្យ​ការពារ​ផ្នូរ​ដែល​ទុក​ព្រះសព​របស់​ព្រះយេស៊ូវ ។ ព្រះយេស៊ូវ​គ្រីស្ទ​បានរស់ឡើងវិញ ហើយបាន​បង្ហាញ​ព្រះកាយ​ដល់​បុគ្គលជាច្រើន រួមទាំង​ពួកសាវក​របស់ទ្រង់​ផង​ដែរ ។ ទ្រង់​បាន​បង្គាប់​ពួកសាវក​របស់ទ្រង់​ឲ្យ​នាំ​យក​ដំណឹងល្អ​ទៅ​ទូទាំង​ផែនដី ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៧:៥១–៥៦

បន្ទាប់​ពី​ការ​សុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​វាំង​នង​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន​រហែក ហើយ​ផែន​ដី​ក៏​រញ្ជួយ

ចូរ​សុំ​ឲ្យ​សិស្ស​គិត ប្រសិនបើ​ពួកគេ ឬនរណា​ម្នាក់​ដែលពួកគេ​ស្គាល់ មាន​មនុស្ស​ម្នាក់​ដែលជិត​ដិត​នឹង​ពួកគេ​បាន​ស្លាប់ ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • ហេតុអ្វី​ការ​បាត់​បង់​អ្នកជា​ទី​ស្រឡាញ់​ម្នាក់​ អាច​រឿង​មួយ​ដ៏​ពិបាក ?

ចូរ​សុំ​ឲ្យ​សិស្ស​ស្វែងរក​សេចក្ដីពិត នៅពេលពួកគេ​សិក្សាម៉ាថាយ ២៧:៥១–២៨:២០ដែល​នឹង​ជួយពួកគេ​រកបាន​នូវការលួងលោមចិត្ត នៅ​ពេល​មនុស្ស​ជាទីស្រឡាញ់ម្នាក់​បានស្លាប់ ។ ដើម្បី​ផ្ដល់​បរិបទ​សម្រាប់​មេរៀន​នៅ​ថ្ងៃ​នេះ អ្នក​អាច​សុំ​ឲ្យ​សិស្ស​សង្ខេប​ដោយ​ខ្លីៗ​ពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដកពិសោធន៍នៅ​ចន្លោះ​គ្រា​ដែល​ទ្រង់​ត្រូវ​គេ​ចាប់​ខ្លួន និង​គ្រា​ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៧:៥១ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វីដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ​កាល​ព្រះយេស៊ូវ​បាន​សុគត ។

  • តើ​មាន​អ្វី​បាន​កើត​ឡើង​ កាល​ព្រះយេស៊ូវ​បាន​សុគត ? (Invite students to look at Matthew 27:51, footnote b, to understand that “rent in twain” means “torn into two pieces.”)

រូបភាព
temple veil diagram

សូម​ពិចារណា​ចម្លង តារាង នៃ​ផ្នែក​ខាង​ក្នុង​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅ​លើ​ក្ដារ​ខៀន ។

សូម​ពន្យល់​ថា នៅ​ក្នុង​សម័យ​ព្រះយេស៊ូវ ព្រះវិហារបរិសុទ្ធ​មាន​បន្ទប់​ពីរ ៖ ទីបរិសុទ្ធ និង ទីបរិសុទ្ធ​ដ៏​ពិសិដ្ឋ ។ ទី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​តំណាង​ឲ្យ​វត្តមាន​របស់​ព្រះ ។ បន្ទប់​ទាំង​ពីរ​នេះ ​ត្រូវ​ខណ្ឌ​ដាច់​ពី​គ្នា​ដោយ​វាំង​នន ឬ​រនាំង​មួយ ។ មួយ​ឆ្នាំ​ម្ដង នៅ​ថ្ងៃ​បុណ្យ​យញ្ញបូជា សង្ឃជាន់ខ្ពស់​បាន​ដើរ​កាត់​ពី​ទី​បរិសុទ្ធ​តាម​វាំង​នន​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធនៃអស់ទាំងទី​បរិសុទ្ធ ជា​កន្លែង​ដែល​គាត់​បាន​បង្ហូរ​ឈាម​នៃ​ដង្វាយ​លោះ​បាប​មួយ ​ដើម្បី​ឲ្យ​ធួន​សម្រាប់​អំពើ​បាប​នៃ​ក្រុម​ជំនុំ​ទាំងអស់​របស់​អ៊ីស្រាអែល ( សូម​មើល លេវីវិន័យ ១៦ ) ។ កាល​វាំង​នន​ព្រះវិហារ​បរិសុទ្ធ​បាន​រហែក​ជា​ពីរ​ នៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​សុគត វា​គឺជា​និមិត្ត​សញ្ញា​ដ៏​អស្ចារ្យ​មួយ​ថា ព្រះយេស៊ូវគ្រីស្ទ សង្ឃជាន់ខ្ពស់​ដ៏​អស្ចារ្យ បាន​ឆ្លង​កាត់​តាម​វាំង​នន​នៃ​សេចក្ដី​ស្លាប់ ហើយ​មិន​យូរ​ប៉ុន្មាន​នឹង​យាង​ចូល​ទៅ​ក្នុង​ទីវត្តមាន​នៃ​ព្រះ​ជា​ព្រះវរបិតា ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​កាន់​តែ​ប្រសើរ​អំពី​សារៈសំខាន់​នៃ​ការ​រហែក​វាំងនន​នោះ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« ឥឡូវ​នេះ​ទីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​បាន​បើក​សម្រាប់​មនុស្ស​គ្រប់​រូប តាមរយៈ​ព្រះលោហិត​ដ៏​ធួន​នៃ​កូនចៀម ឥឡូវ​នេះ​មនុស្ស​ទាំងអស់​អាច​ចូល​ទៅ​ក្នុង​ទី​ដ៏​ខ្ពស់បំផុត ហើយ​បរិសុទ្ធ​ជាង​ទី​ណាៗ​ទាំងអស់ ជា​នគរ​ដែល​រកឃើញនូវ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ … ពិធីបរិសុទ្ធ​នានា​ដែល​បាន​ធ្វើ​ឡើង​តាម​វាំង​នន​នៃ​ព្រះវិហារ​បរិសុទ្ធ​បុរាណ​នោះ​ គឺ​តំណាង​ឲ្យ​អ្វី​ដែល​ព្រះគ្រីស្ទ​ត្រូវ​ធ្វើ ដែល​ឥឡូវ​នេះ​ទ្រង់​កំពុង​ធ្វើ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​មាន​សិទ្ធិ​ឆ្លង​កាត់​វាំង​នន​នោះ​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ អម្ចាស់​ដើម្បី​គ្រង​ភាព​តម្កើង​ឡើង​ដ៏​ពេញ​លេញទុកជាមរតក » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ១:៨៣០ ) ។

  • តើ​សេចក្ដី​ពិត​ដ៏​សំខាន់​អ្វី​ខ្លះ ​ដែល​អ្នក​អាច​រៀន​ពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចេញ​ពី​ការ​រហែក​វាំង​នន​នោះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ដោយសារ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យើង​ទាំងអស់​គ្នា​អាច​ចូល​ទៅ​ក្នុង​ទីវត្តមាន​​របស់​ព្រះ​បាន ប្រសិន​បើ​យើង​ប្រែ​ចិត្ត ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ) ។

  • តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ​អាច​ធ្វើ​ឲ្យ​យើង​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ​បាន​ដោយ​របៀប​ណា ?

ចូរ​ចង្អុល​បង្ហាញ​ថា ទោះ​ជា​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​យើងអាច​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ​ក្ដី ក៏​យើង​ត្រូវ​ធ្វើ​ផ្នែក​របស់​យើង​ដើម្បី​មាន​ភាព​សក្ដិសម​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​របស់​យើងដ៏​អស់​កល្ប​ជានិច្ច ។

  • តើ យើង ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី ឲ្យបានសក្ដិសម​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​ដ៏​អស់​កល្ប​ជានិច្ច ?

សូម​សង្ខេប ម៉ាថាយ ២៧:៥២–៥៦ ដោយ​ពន្យល់​ថា បន្ទាប់​ពីការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​មនុស្ស​សុចរិត​ជាច្រើន​ដែល​បាន​ស្លាប់ហើយ​ក៏​បាន​រស់​ឡើង​វិញ ហើយ​បាន​បង្ហាញ​ខ្លួន​ដល់​មនុស្ស​ជាច្រើន​នៅ​យេរូសាឡិម​ផង​ដែរ ។ ខគម្ពីរ​ទាំងនេះ​ក៏​លើក​ឡើង​ផង​ដែរ​ថា នៅ​ក្នុង​ចំណោម​ជន​ដែល​បាន​ឃើញ​ការ​សុគត​​របស់​ព្រះយេស៊ូវ​គឺ​មេបញ្ជាការ​រ៉ូម​ម្នាក់ និង​ស្ត្រី​ជា​ច្រើន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៧:៥៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​រក​មើល​របៀប​ដែល​មេបញ្ជា​ការ​រ៉ូម និង​អ្នក​ដែល​បាន​នៅ​ជាមួយ​នឹង​ទ្រង់​បានធ្វើ កាល​ពួកគេ​បាន​ឃើញ​ព្រឹត្តិការណ៍​ដូច​តទៅ​នេះ​ពី​ការ​ឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ ៖

  • តើ​អ្វី​ទៅ​ជា​ការ​ឆ្លើយ​តប​របស់​មេបញ្ជា​ការ​នោះ និង​ជន​ដែល​បាន​នៅ​ជាមួយ​ទ្រង់ ?

  • តើ​ពូកគេ​បាន​ឃើញ​អ្វី​​ដែលប្រហែលជាបានធ្វើ​ឲ្យ​ពួកគេ​ប្រកាស​ថា « [ ព្រះ​យេស៊ូវ ] ពិត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ?

ម៉ាថាយ ២៧:៥៧–៦៦

ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​រួម​ផ្សំ​គំនិត​ជាមួយ​នឹង​ពីឡាត់​ ដើម្បី​ការពារ​ផ្នូរ​របស់​ព្រះយេស៊ូវ ។

សូម​សង្ខេប ម៉ាថាយ ២៧:៥៧–៦១ ដោយ​ពន្យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​សុគត មាន​សិស្ស​ម្នាក់​ដែល​មាន​សម្បត្តិ​ស្ដុកស្ដម​ឈ្មោះ យ៉ូសែប ​ដែល​នៅ​ភូមិ​អើរីម៉ាថេ​បាន​ « សូម [ យក ] ​ព្រះសព​ព្រះយេស៊ូវ » ( ខ​ទី ៥៨​ ) ។ គាត់​បាន​រុំ​ព្រះសព​ព្រះយេស៊ូវ​នឹង​ក្រណាត់​យ៉ាង​ស្អាត រួច​តម្កល់​ទុក​នៅ​ក្នុង​ផ្នូរ​មួយ ( ឬក្នុងកន្លែងបញ្ចុះសព​) ដែល​ជា​របស់​គាត់ ហើយ​បន្ទាប់​មក​បាន​បាំង​ច្រក​ចូល​ផ្នូរ​នោះ​ដោយ​ថ្ម​មួយ​ផ្ទាំង​ធំ ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី ម៉ាថាយ ២៧:៦២–៦៦​ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី​​ដែល​ពួក​មេសង្ឃ និង​ពួក​ផារិស៊ី​បាន​ដាក់​ស្នើ​ដល់​ពីឡាត់ ។

  • តើ​ពួក​មេ​សង្ឃ និង​ពួក​ផារិស៊ី​បាន​ស្នើ​អ្វី​ខ្លះ​ដល់​ពីឡាត់ ?

  • ហេតុអ្វី​បាន​ជា​ពួកគេ​ចង់​បាន​ការណ៍​នេះ ?

ម៉ាថាយ ២៨:១–២០

ព្រះយេស៊ូវ​គ្រីស្ទមាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយបា​ន​បង្ហាញ​ព្រះកាយដល់​មនុស្ស​ជាច្រើន

ចូរ​ពន្យល់​ថា នៅព្រឹក​ព្រលឹម​នា​ថ្ងៃដំបូង​នៃ​សប្ដាហ៍​នោះ ឬ​ថ្ងៃ​អាទិត្យ ម៉ារា ម៉ាក់ដាឡា និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះថា ម៉ារា បាន​ទៅ​ផ្នូរ​នោះ​ដើម្បី​ចាក់​ប្រេង​លាប​ព្រះកាយ​របស់​ព្រះយេស៊ូវ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង កោត​សរសើរ​​របស់​ពួកគេ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​នៅ​ក្នុង ម៉ាថាយ ២៨:១-៦​ឲ្យ​ឮៗ ។

  • តើ​ស្ត្រី​ទាំងនោះ​បានរកឃើញ​អ្វីខ្លះ ពេល​ពួកគេ​បាន​ទៅដល់​​ផ្នូរ​ខ្មោច​ ? ( សូមពន្យល់​ថា ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ បញ្ជាក់​ថា ស្ត្រី​ពីរ​នាក់​នោះ​បាន​ឃើញ​ទេវតា​ពីរ​អង្គ ពុំ​មែន​មួយ​អង្គទេ )។

  • តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ដែរ ប្រសិន​បើ​អ្នក​បាន​ឃើញ​ទេវតា​ពីរ​អង្គ ? តើ​ពួក​អ្នក​យាម​មាន​ប្រតិកម្ម​យ៉ាង​ណា ?

  • យោង​តាម ខ​ទី ៥-៦តើ​ពួក​ទេវតា​បាន​ប្រាប់​អ្វី​ខ្លះ​ដល់​ស្ត្រី​ទាំង​នោះ ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​យើង​រៀន​នៅ​ក្នុង​បន្ទូល​ទាំង​នេះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ព្រះយេស៊ូវ​បាន​រស់ឡើង​វិញ​ពី​ការសុគត )

ដើម្បីជួយសិស្ស​យល់​គោលលទ្ធិ​នៃការ​រស់ឡើងវិញ សូមបំបែក​ពួកគេ​ជាក្រុមៗ​មាន​គ្នាពីរ​នាក់ ឬ​បីនាក់ ហើយ​អញ្ជើញពួកគេ​ឲ្យ​បំពេញឯកសារ​ចែកចាយ​ខាង​ក្រោម ​នៅ​ក្នុង​ក្រុម​របស់​ពួកគេ ៖

រូបភាព
handout, He is risen

« ទ្រង់រស់ឡើងវិញ » (ម៉ាថាយ ២៨:៦)

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៣៣

សូមសិក្សាចំណងជើង​« Resurrection » នៅក្នុង​Bible Dictionary ។ បន្ទាប់​មក​​ពីភាក្សា​អំពី​សំណួរ​ដូចខាង​ក្រោម ហើយ​កត់ត្រា​ចម្លើយ​របស់អ្នក​នៅ​ក្នុង​ចន្លោះ​ដែល​បានផ្ដល់ឲ្យ ។

តើ​មានភាព​ខុសគ្នា​អ្វីខ្លះ​ រវាង​ការ​ត្រូវបាន​ប្រោស​ពី​សេចក្ដីស្លាប់ និង​ការ​ត្រូវ​បាន​រស់​ឡើង​វិញ ?

តើនឹងមានអ្វីកើតឡើងខ្លះ​ចំពោះ​មនុស្ស​លោកគ្រប់រូប ដែលជា​លទ្ធផល​មួយ​មក​ពី​ការ​រស់ឡើងវិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ ?

តើ​ការ​យល់ដឹង​អំពីគោលលទ្ធិ​នៃ​ការ​រស់ឡើងវិញអាច​ផ្ដល់​នូវការ​លួងលោម​ចិត្ត​​ដល់​អ្នក​ទាំងឡាយ​ដែលបាន​បាត់បង់​មនុស្សជាទីស្រឡាញ់​យ៉ាង​ដូចម្ដេច ?

ចូរ​សុំ​ឲ្យសិស្ស​ពីរបីនាក់​ចែកចាយ​នឹង​សិស្ស​ ក្នុងថ្នាក់​អំពី​អ្វី​ដែលពួក​គេ​បាន​រៀន តាមរយៈ​ការ​បំពេញ​ឯកសារចែកចាយ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« អព្ភូតហេតុ​នៅព្រឹក​នៃ​ការ​រស់ឡើងវិញ​នោះ ជា​ថ្ងៃអាទិត្យ​បុណ្យអ៊ីស្ទើរ​ដំបូង គឺជា​អព្ភូត​ហេតុ​​មួយ​សម្រាប់​មនុស្ស​លោក​គ្រប់រូប ។ វា​គឺជា​អព្ភូតហេតុ​នៃ​ព្រះចេស្ដា​របស់ព្រះ ជា​ព្រះរាជបុត្រា​សំណព្វ បាន​ប្រទានជីវិត​របស់ទ្រង់​ដើម្បី​ធ្វើឲ្យធួន​ចំពោះអំពើបាប​នៃ​មនុស្ស​ទាំងអស់ ជាពលិកម្ម​នៃ​ក្ដីស្រឡាញ់សម្រាប់​បុត្រា និងបុត្រី​គ្រប់រូប​របស់ព្រះ ។ នៅក្នុងការ​ធ្វើដូច្នោះ ទ្រង់បាន​បំបាក់​ចំណង​នៃ​សេចក្ដីស្លាប់ ។ …

« ហើយ​ដូចជា​ទ្រង់បាន​យកព្រះកាយរបស់ទ្រង់មក​វិញ ហើយ​យាង​ចេញពី​ផ្នូរដែរ នោះ​យើង​ទាំងអស់​គ្នា​នឹង​រីករាយ​ចំពោះ​ការ​រួបរួមនៃ​រូបកាយ និងវិញ្ញាណ​​ដើម្បី​ក្លាយ​ជា​មនុស្ស​រស់​នៅ​ថ្ងៃនៃការ​រស់ឡើងវិញផ្ទាល់ខ្លួន​របស់​យើង​ផងដែរ ។

« ហេតុដូច្នោះហើយ យើង​រីករាយ ដូចជា​មនុស្សជាច្រើន​ផងដែរ ហើយ​ក៏ដូចជា​មនុស្ស​គ្រប់​រូប​​ផងដែរ នៅពេល​យើងចងចាំ​អំពី​ព្រឹត្តការណ៍​ដ៏​រុងរឿង​បំផុត ដ៏​លួងលោមចិត្ត​បំផុត ដ៏​បញ្ជាក់អះអាង​បំផុត​នៃ​គ្រប់ព្រឹត្តិការណ៍​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស—គឺជា​ជោគជ័យ​ឈ្នះលើ​សេចក្ដីស្លាប់ » ( « The Victory over Death »Ensign ខែ មេសា ឆ្នាំ ១៩៩៧ ទំព័រ ៤ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៨:៧-១០ ឲ្យ​ឮៗ ។

  • យោង​តាម ខទី ៧តើ​ពួក​ទេវតា​បញ្ជា​ឲ្យ​ស្ត្រី​ទាំងនោះ​ធ្វើ​អ្វី​ខ្លះ ?

  • ហេតុអ្វី​ក៏អ្នកគិត​ថា ស្ត្រី​ទាំងនោះ​បានចាកចេញ « ទាំង​ភ័យ ហើយ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ផង » ដូច្នេះ ?​

  • តើ​មានអ្វីកើតឡើង​ចំពោះស្ត្រីទាំងនោះ នៅពេល​ពួកគេ​បានទៅប្រាប់​ដល់ពួកសិស្ស​អំពី​បទពិសោធន៍​របស់ពួកគេ ?

ចូរ​សង្ខេបម៉ាថាយ ២៨:១១-១៥ដោយ​ពន្យល់​ថា ខណៈ​ដែល​ស្ត្រី​ទាំងនោះ​ប្រញាប់​ទៅប្រាប់ដំណឹង​ដល់ពួកសិស្ស​អំពី​ការ​រស់ឡើងវិញ​របស់ព្រះ​យេស៊ូវ​ នោះ​ពួក​មេសង្ឃ​ទាំងឡាយ​​បានស្ដាប់ឮ​អំពី​អ្វីដែលបានកើតឡើង​មកពី​ពួកទាហាន​ដែល​បាន​ចាំ​យាម​​ផ្នូរ ។ ពួកអ្នកដឹកនាំ​សាសន៍​យូដា​បានភ័យ​ខ្លាច​ថា​មនុស្ស​អាច​ដឹង​អំពី​សេចក្ដីពិត នោះ​ពួកគេ​បាន​ឲ្យ​ប្រាក់​ដល់អ្នកយាម​ឲ្យ​និយាយ​រឿង​កុហក​ថា ពួកសិស្ស​របស់​ព្រះអង្គសង្គ្រោះ​បាន​យក​ព្រះសព​របស់ទ្រង់​ចេញពី​ផ្នូរ​ ខណៈ​ដែល​អ្នកយាម​កំពុង​ដេកលក់ ។

ចូរ​សុំ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៨:១៦-១៨ ឲ្យ​ឮៗ ។ សូមអញ្ជើញសិស្ស​ឲ្យ​ផ្ទៀងតាម ហើយរកមើល​នូវពរជ័យ​ដែល​កើតមាន​ដល់​សាវក​ដប់មួយ​នាក់ ពេលពួកគេ​បានគោរព​តាម​ពាក្យសម្តីដែល​ស្ត្រីទាំងឡាយ​បាន​ប្រាប់ពួកគេ ហើយ​បាន​​ចេញទៅ​ស្រុក​កាលីឡេ ។

  • តើ​មានពរជ័យអ្វីខ្លះ ​កើត​មានដល់ពួក​សិស្ស​ដប់មួយនាក់ ដោយសារ​តែ​ពួកគេ​បានគោរព​តាម​​ពាក្យ​សម្ដី​របស់​ស្ត្រី​ទាំង​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៨:១៩-២០ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្គាប់​ដល់​ពួក​សាវក​របស់​ទ្រង់​ឲ្យ​ធ្វើ​បន្ទាប់​ពី​ពួកគេ​បាន​ឃើញ​ទ្រង់ ។

  • តើ​ពួកសិស្ស​ត្រូវបាន​បញ្ជា​ឲ្យធ្វើអ្វីខ្លះ បន្ទាប់ពីពួកគេ​បាន​មើល​ឃើញ​ព្រះអង្គ​សង្គ្រោះ​?

  • តើយើងអាច​រៀន​អ្វីខ្លះពី​បទពិសោធន៍​របស់ពួកគេ​ អំពី​ទំនួលខុសត្រូវ​ដែល​យើងមាន នៅពេលយើង​ទទួល​បានទីបន្ទាល់​មួយអំពី​ព្រះយេស៊ូវ​គ្រីស្ទ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ នៅពេល​យើងទទួលបានទីបន្ទាល់​មួយអំពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើងមាន​ទំនួលខុសត្រូវ​ដើម្បី​ថ្លែងទីបន្ទាល់​អំពីទ្រង់​ដល់​អ្នកដទៃ )

សូម​អញ្ជើញ​សិស្ស​ឡើង​មក​ក្ដារ​ខៀន សរសេរ​ពី​របៀប​ដែល​យើងអាច​ថ្លែង​ទី​បន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​មនុស្ស​ដទៃ ។ អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់ ឬ​ផ្ដល់​ឧទាហរណ៍​ពី​គំនិត​ដែល​ពួកគេ​សរសេរ ។ បន្ទាប់មក សួរ​​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • យោងតាមខ​ទី ២០តើមាន​ការសន្យាអ្វីខ្លះ ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​ពួក​សាវក​របស់​ទ្រង់ ?

  • តើ​ព្រះអម្ចាស់​បាន « គង់នៅនឹង​អ្នក » ឬ​បានជួយអ្នក​នៅក្នុង​កិច្ចខិតខំ​ដើម្បី​ចែកចាយ​ដំណឹងល្អ​តាមរបៀប​ណា ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​មនុស្ស​ដទៃ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​នេះ ចូរ​សុំ​ឲ្យ​សិស្ស​ប្រើ​គំនិត​មួយ​ ដែល​បាន​សរសេរ​នៅ​លើ​ក្ដារ​ខៀន ដើម្បី​បង្កើត​ជា​គោលដៅ​ផ្ទាល់​ខ្លួន​មួយ​ នៅ​ក្នុង​ការ​ថ្លែង​ទី​បន្ទាល់​​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ទីបន្ទាល់​របស់​ទ្រង់​ដល់​សមាជិក​គ្រួសារ មិត្ត និង​មនុស្ស​ដទៃ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលដៅ​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។

រូបភាព
រូប​សញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—ម៉ាថាយ ២៨:១៩-២០

ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ចាំ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ សូម​បំបែក​សិស្ស​ជា​គូ ហើយ​​អញ្ជើញ​សិស្ស​ម្នាក់​ពី​ដៃគូ​នីមួយៗឲ្យ​សរសេរ​វគ្គ​នោះ​នៅ​លើ​ក្រដាស ។ ចូរ​សុំ​ឲ្យ​សិស្ស​កាត់​ក្រដាស​នោះ​ជា​បន្ទះៗ ដោយ​ទុក​ឃ្លា​នៅ​ក្នុង​វគ្គ​បទគម្ពីរ​នោះ​នៅ​ដដែល ។ ចូរ​សុំ​ឲ្យ​សិស្ស​ច្របល់​បន្ទះ​ក្រដាស​ទាំង​នោះចូលគ្នា ហើយ​បន្ទាប់​មក​តម្រៀប​វា​ឡើង​វិញ​តាម​លំដាប់​លំដោយ ( ដោយ​យោង​ទៅ​លើ​ព្រះគម្ពីរ​របស់​ពួកគេ ប្រសិន​បើ​ចាំបាច់ ) ។ ចូរ​សំណូម​ពរ​ឲ្យ​សិស្ស​បន្ត​អនុវត្ត​តាម​របៀប​នេះ​ រហូត​ដល់​ពួកគេ​ឈប់​ត្រូវ​ការ​ប្រើ​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ដក​យក​បន្ទះ​ក្រដាស​មួយ​ចេញ ហើយ​សូត្រ​ឃ្លា​ដែល​បាត់​ដោយ​ការ​ចងចាំ ។ បន្ទាប់​ពី​សិស្ស​បាន​ទន្ទេញ​ចាំ​មួយ​ឃ្លា​ហើយ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដក​ឃ្លា​មួយ​ទៀត ហើយ​សូត្រ​ឃ្លា​ទាំងពីរ​ឡើង​វិញ​ពីការ​ចងចាំ ។ ចូរ​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​ដំណើរ​ការ​នេះ​រហូត​ពួកគេ​អាច​សូត្រ​វគ្គ​ខគម្ពីរ​ទាំង​ស្រុង​ដោយ​ការ​ចងចាំ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ២៨:៦ ។ « ទ្រង់មានព្រះជន្មរស់ឡើងវិញ »

ប្រធាន​ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ប្រកាស​ថា គ្មាន​ព្រឹត្តិការណ៍​សំខាន់​ជាង​ការ​មាន​​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​នោះឡើយ ៖

« ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ​គឺជា​រឿង​ដែល​​មាន​អនុភាព​​យ៉ាង​អស្ចារ្យ​បំផុត ហើយ​មាន​រយៈពេល​យូរ​អង្វែង ។ តាមរយៈ​បទដ្ឋាន​នេះ គ្មាន​ព្រឹត្តិការណ៍​ណា​មួយ​អាច​មាន​សារៈសំខាន់​ដល់​បុគ្គល​ទាំងឡាយ ឬ​ប្រជាជាតិ​នានា ​ជាង​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​លោក​ចៅ​ហ្វាយ​បានឡើយ ។ ការ​រស់​ឡើង​វិញ​ជា​យថាហេតុ​នៃ​ព្រលឹង​គ្រប់​រូប​ដែល​បាន​រស់​នៅ ហើយ​ស្លាប់​នៅ​លើ​ផែនដី​គឺជា​ការ​សបញ្ជាក់​យ៉ាង​ច្បាស់​មួយ​នៅ​ក្នុង​ព្រះគម្ពីរ ហើយ​ប្រាកដ​ណាស់ គឺ​គ្មាន​ព្រឹត្តិការណ៍​ណា​ទៀត​ឡើយ ​ដែល​មនុស្ស​ម្នាក់​គួរ​ត្រៀម​ខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន​នោះ ។ គ្មាន​អ្វី​ដែល​ធំធេង​ជាង​ការ​រស់​ឡើង​វិញនោះ​ឡើយ ។ មនុស្ស​គ្រប់​រូប​នឹង​បាន​រស់​ឡើង​វិញ » ( « The Greatest Event in History » New Era ខែ ​មេសា ឆ្នាំ ​២០០៤ ទំព័រ ៤៥ ) ។

ម៉ាថាយ ២៨:១៩ ។ « ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំងសាសន៍ »

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា សមាជិក​សាសនាចក្រ​អាច​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ចែកចាយ​ដំណឹងល្អ ៖

« ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ហើយ​វា​ពុំ​មែន​ជា​រឿង​ចៃដន្យ​ឡើយ​ដែល​ការ​បង្កើត​ថ្មី និង​ការ​ច្នៃ​ប្រឌិត​ដ៏​មាន​អនុភាព​ខាង​ការ​ទំនាក់​ទំនង កំពុង​កើត​មាន​នៅ​ក្នុង​សម័យ​កាន់​កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់នេះ ។ បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​គឺជា​ឧបករណ៍​សាកល​ដែល​អាច​ជះឥទ្ធិពល​វិជ្ជមាន​ផ្ទាល់​ខ្លួន​ដល់​បុគ្គល​ម្នាក់ៗ និងដល់​ក្រុម​គ្រួសារ​ដ៏​ច្រើន ។ ហើយ​ខ្ញុំ​ជឿ​ថា ពេលវេលា​បាន​មក​ដល់​ហើយ​ដែល​យើង​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ​ ត្រូវ​ប្រើ​ឧបករណ៍​មកពីការបំផុស​គំនិត​ទាំង​នេះ​ឲ្យ​បាន​សមរម្យ ហើយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​សម្រាប់​កូនចៅ​របស់​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ដើម្បី​ប្រកាស​ពីភាព​ពិត​នៃ​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​នៅ​ថ្ងៃ​ចុង​ក្រោយ ហើយ​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់ » ( « To Sweep the Earth as with a Flood » [ Brigham Young University Campus Education Week devotional ថ្ងៃ​ទី ​១៩ ខែ ​សីហា ឆ្នាំ​ ២០១៤ ] LDS.org ) ។