បណ្ណាល័យ
មេរៀនទី ៦ ៖ ម៉ាថាយ ១–២


មេរៀនទី ៦

ម៉ាថាយ ១–២

សេចក្តីផ្តើម

ម៉ាថាយ​បាន​ផ្ដល់​ពង្សាវតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​ទេវតា​មួយ​អង្គ​បាន​ប្រកាស​ទៅ​កាន់​យ៉ូសែប​ថា ព្រះយេស៊ូវ​ពិត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ពួក​អ្នក​ប្រាជ្ញ​មក​ពីទិស​ខាង​កើត​បាន​ធ្វើ​ដំណើរ​ទៅ​រក​ព្រះយេស៊ូវ ដើម្បី​បាន​ថ្វាយ​បង្គំ​ទ្រង់ ។ យ៉ូសែប​ត្រូវ​បាន​ប្រាប់​នៅ​ក្នុង​សុបិន​ឲ្យ​នាំ​គ្រួសារ​របស់​គាត់​ទៅ​ប្រទេស​អេស៊ីព្ទ​ ដើម្បី​ចៀស​ផុត​ពី​ការ​សម្លាប់​កុមារ​នៅ​ភូមិ​បេថ្លេហិមរបស់​ស្ដេច​ហេរ៉ូឌ​​ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១:១-១៧

ពង្សាវតា​របស់​ព្រះយេស៊ូវ

សូម​ដាក់​បង្ហាញ​រូបថត​ឪពុកម្ដាយ​របស់​អ្នក រួច​សួរ​សិស្ស​ថាតើ​ពួកគេ​អាច​ប្រាប់​ពី​លក្ខណៈ​និស័្សយ​ណាមួយ​ដែល​អ្នក​ទទួល​បាន​ពី​ឪពុកម្ដាយ​ដែរ​ឬទេ ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​ពីរ​បី​នាក់​យក​រូប​ថត​ឪពុក​ម្ដាយ​របស់​ពួកគេ​មក រួច​សួរ​ដល់​សិស្ស​ដទៃ​ទៀត​ក្នុង​ថ្នាក់​ឲ្យ​ទស្សន៍​ទាយ​ថា តើ​រូប​ក្នុង​រូបថត​នោះ​គឺជា​ឪពុកម្ដាយ​របស់​នរណា ។ សុំ​ឲ្យ​សិស្ស​ពិភាក្សា​គ្នា​ពី​លក្ខណៈ​និស្ស័យ​នានា​ដែល​ពួកគេ​បាន​ទទួល​ពី​ឪពុក​ម្ដាយ​​ខ្លួន ( ដូចជា ពណ៌ភ្នែក ពណ៌​សក់ ឬ​កម្ពស់ ) ។

នៅ​ពេល​ពួកគេ​សិក្សា ម៉ាថាយ ១–២ សុំ​ឲ្យ​សិស្ស​រក​មើល​សេចក្ដី​ពិត​អំពី​មាតាបិតា និង លក្ខណៈ​និស្ស័យ​​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ទ្រង់​បាន​ទទួល​មកពីពួកគាត់ ។ សកម្មភាព​នេះ​នឹង​រៀបចំ​សិស្ស​ឲ្យ​យល់​នូវ​សេចក្ដី​ពិត​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះវរបិតា​សួគ៌ និង ម៉ារា ហើយ​ថា​ទ្រង់​គឺជា​បុត្រ​សំណព្វ​តែ​មួយ​គត់​របស់​ព្រះវរបិតា​​នៅ​ក្នុង​សាច់ឈាម ។

សូម​ពន្យល់ថា ម៉ាថាយ ១:១–១៧ សរសេរ​ពី​ដូនតា​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ចង្អុល​បង្ហាញ​ថា ខ​ទី ១ ចែង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពូជ​ហ្លូង​ដាវីឌ និង អ័ប្រាហាំ ។

សូម​ពន្យល់​ថា ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ប្រកាស​ថា ព្រះមែស៊ី​នឹង​ជា​ពូជ​ហ្លូង​ដាវីឌ ( សូមមើល សាំយូអែលទី ២ ៧:១២–១៣, អេសាយ ៩:៦–៧, យេរេមា ២៣:៥–៦) ហើយ​ថា​ពូជពង្ស​របស់​អ័ប្រាហាំ​នឹង​ឲ្យ​ពរ « អស់​ទាំង​នគរ​នៅ​ផែនដី » (  លោកុប្បត្តិ ២២:១៨, សូម​មើល​ផង​ដែរ អ័ប្រាហាំ ២:១១ ) ។ ម៉ាថាយ​ចង់​ឲ្យ​ពួក​អ្នក​អាន​ដឹង​ថា ព្រះយេស៊ូវ​បាន​បំពេញ​ការ​ព្យាករ​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ទាក់ទង​នឹង​ព្រះមែស៊ី ( សូមមើល ម៉ាថាយ ១:២២–២៣, ២:៥, ១៥, ២៣, ២៦:៥៥–៥៦) ។ ពង្សាវតា​នៅ​ក្នុង ម៉ាថាយ ១:១–១៧ បង្ហាញ​ថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា និង​ជា​អ្នក​គ្រង​មរត​​ដ៏​ពេញ​សិទ្ធិនៃ​បល្ល័ង្ក​របស់​ដាវឌី ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១:១៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរក​មើល​ងារ​ដែល​ព្រះយេស៊ូវ​បាន​ទទួល ហើយ​រាយការណ៍​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់ថាពាក្យ ព្រះគ្រីស្ទ ជា​ភាសា​ទម្រង់​ភាសា​អារ៉ាម​ ប្រែ​ថា ព្រះមែស៊ី ដែល​មាន​ន័យ​ថា « អង្គ​ដែល​ធួន » ។

  • ​នៅ​ក្នុង​ជីវិត​មុន​ផែនដី តើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ចាក់ប្រេងតាំង ឬ​ជ្រើស​ឲ្យ​ធ្វើ​អ្វី​ដែរ ? ( ព្រះវរបិតា​សួគ៌​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជា « ព្យាការី សង្ឃ ស្ដេច និង​ជា​អ្នក​រំដោះ » [ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះមែស៊ី »​, scriptures.lds.org) ។

ម៉ាថាយ ១:១៨–២៥

ទេវតា​មួយ​អង្គ​បាន​ប្រកាស​ទៅ​កាន់​យ៉ូសែប​ថា ព្រះយេស៊ូវ​ពិត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ

សូម​ចង្អុល​បង្ហាញ​ថា ម៉ាថាយ ១:១៦ ក៏​ចែង​ផងដែរ​ថា ម៉ារា​គឺជា​ប្រពន្ធ​របស់ ​យ៉ូសែប ។ យោង​តាម ម៉ាថាយ ១:១៨យ៉ូសែប និង ម៉ារា​ បាន រៀបការ​ជា​ប្ដី​ប្រពន្ធ ។ ការណ៍​នេះ​មាន​ន័យ​ថា ពួកគេ​បាន​ភ្ជាប់​ពាក្យ ឬ​ស្ដីដណ្ដឹង ហើយត្រូវបាន​ភ្ជាប់​ជាមួយ​គ្នា​​ស្រប​ច្បាប់ ប៉ុន្តែ​ពុំទាន់​បាន​រួម​រស់​នឹង​គ្នា​ជា​លក្ខណៈ​ប្ដី​ប្រពន្ធ​នៅឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពីមុន​អាពាហ៍ពិពាហ៍​នេះ​កើត​ឡើង យ៉ូសែប​បាន​ដឹង​ថា ម៉ារាបាន​មាន​គភ៌ ។ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១:១៩ ឲ្យឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​យ៉ូសែប​មាន​បំណង​ចង់​ធ្វើ ។

  • តើ​យ៉ូសែប​មាន​បំណង​ចង់​ធ្វើដូចម្តេច នៅ​ពេល​គាត់​បាន​ដឹង​ថា ម៉ារា​មាន​គភ៌​នោះ ? ( សូម​ពន្យល់​ថា « លែង​នាង​ចេញ ដោយ​សម្ងាត់ » មាន​ន័យ​ថា យ៉ូសែប​មាន​គម្រោង​លុប​ចោល​ការ​ភ្ជាប់​ពាក្យ​នោះ​ដោយ​សម្ងាត់ ដើម្បី​កុំ​ឲ្យ​ម៉ារា​ត្រូវ​ប្រឈម​នឹង​អាម៉ាសមុខ ឬ​ក៏​ត្រូវ​ថ្កោល​ទោស​ដោយ​ការ​ចោល​នឹង​ដុំ​ថ្ម ) ។

  • តើ​ខគម្ពីរ​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​បុគ្គលិក​លក្ខណៈ​របស់​យ៉ូសែប ?

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១:២០ ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ យ៉ូសែប កាល​គាត់​កំពុង​សម្រេច​ចិត្ត​បញ្ចប់​ការ​ភ្ជាប់​ពាក្យ​នឹង​ម៉ារា ។

  • ហេតុអ្វី​ទេវតា​ប្រាប់​កុំ​ឲ្យ​យ៉ូសែប​ខ្លាច​នឹង​រៀបការ​ជាមួយ​ម៉ារា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា « ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ម៉ាថាយ ១:១៨, ២០ ) សុំ​ឲ្យ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោមដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« តាម​របៀប​ដូច​គ្នា​ដែល​ថា ​ព្រះយេស៊ូវ​គឺ​ពិត​ជា​បុត្រា​របស់​ម៉ារា នោះ​ទ្រង់​ក៏​ជា​បុត្រា​ផ្ទាល់ ហើយ​ពិត​របស់​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​ដែរ ។ … ការ​ថ្លែង​ប្រាប់​របស់​ម៉ាថាយ​ថា ‹ នាង​មាន​គភ៌​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ › ប្រសិន​ជា​បកប្រែ​ឲ្យ​ត្រឹមត្រូវ​គួរ​តែ​និយាយ​ថា ‹ នាង​មាន​គភ៌ ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ › ។ ( ម៉ាថាយ ១:១៨ ) ។ … អាលម៉ា​អត្ថាធិប្បាយ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ពី​ការ​ចាប់​បដិសន្ធិ និង ការ​ប្រសូត​របស់​ព្រះអម្ចាស់​ដោយ​ការព្យាករ ៖ ព្រះគ្រីស្ទ ‹ នឹង​ប្រសូត​មក​ពី​នាង​ម៉ារា … នាង​ជា​ស្ត្រី​ព្រហ្មចារី គឺជា​ប្រដាប់​ដ៏​ជម្រើស ហើយ​ពិសេស​មួយ​ដែល​នឹង​ត្រូវ​គ្រប​ដណ្ដប់ ហើយ ចាប់​ទំ​ផ្ទៃ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ប្រសូត​បាន​បុត្រ​មួយ មែនហើយ គឺជា ព្រះរាជបុត្រា​នៃ​ព្រះ › ។ ( អាលម៉ា ៧:១០ ) »។ (  វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៨២ ) ។

  • តើ​យើង​បាន​រៀន​អ្វីខ្លះ​ពី​អត្តសញ្ញា​នៃ​មាតាបិតា​​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​ការ​បង្រៀន​ទាំងនេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលលទ្ធិ​ខាងក្រោម​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះវរបិតា​សួគ៌និងម៉ារា ។ អ្នក​គួរ​ណែនាំ​សិស្ស​ឲ្យ​សរសេរ​គោលលទ្ធិ​នេះ​ នៅ​រឹម​ទំព័រ​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ាថាយ ១:១៨-២៥ ) ។

សូម​និយាយ​ពី​រូបថត​ឪពុកម្ដាយ​អ្នក រួច​និយាយ​បញ្ជាក់ឡើង​វិញ​ពី​លក្ខណៈ​និស្ស័យ​ខ្លះៗ​ដែល​អ្នក​បាន​ទទួល​ពី​ពួកគាត់ ។ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយអែលឌើរ ជេម អ៊ី ថាលម៉េហ្គ​ក្នុង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖ សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​ហេតុផល​ដ៏​សំខាន់​ដើម្បី​យល់​ដឹង​ថា ព្រះយេស៊ូវ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះវរបិតា​សួគ៌ និង ម៉ារា ។

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

« បុត្រ​នោះ​ម៉ារា​នឹង​ប្រសូត​មក​គឺជា​ព្រះរាជបុត្រា​នៃ​អេឡូហីម ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច ។ … នៅ​ក្នុង​លក្ខណៈ​សម្បត្តិ​របស់​ទ្រង់ វា​នឹងរួម​ផ្សំ​បញ្ចូល​អំណាច​ជា​ភាព​ជា​ព្រះ​ជាមួយ​នឹង​សមត្ថភាព និង លទ្ធភាព​នៃ​ជីវិត​រមែង​ស្លាប់ ។ បុត្រា​យេស៊ូវ ត្រូវ​ទទួល​មរតក​បន្ដ​ខាង​សាច់ឈាម សតិ​អារម្មណ៍ និង​លក្ខណៈ​ខាង​វិញ្ញាណ និន្នាការ និង​ព្រះចេស្ដា​ដែល​កាត់​តាម​ឪពុក​ម្ដាយ​របស់​ទ្រង់—​ដែល​ម្ខាង​ជា​អង្គ​ដ៏​អមតៈ និង​មាន​សិរីល្អ—​គឺ​ព្រះ និង​ម្ខាង​ទៀត​ជា​មនុស្ស—​ស្ដ្រី » (Jesus the Christ,ការ​បោះ​ពុម្ព​លើក​ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៨១ ) ។

  • តើ​លក្ខណៈ​និស្ស័យ​អ្វីទៅ​ដែល​ព្រះយេស៊ូវ​ទទួល​បាន​ពី​ព្រះវរបិតា​របស់​ទ្រង់ ? តើ​លក្ខណៈ​និស្ស័យ​អ្វីទៅ​ដែល​ទ្រង់​ទទួល​បាន​ពី​ព្រះមាតា​របស់​ទ្រង់ ?

សូម​ពន្យល់​ថា ដោយសារ​ព្រះយេស៊ូវ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះវរបិតា​ដ៏​អតមៈ និង​ព្រះមាតា​ដែលជា​ស្ត្រី​មាន​ជីវិត​រមែង​ស្លាប់ នោះ​ទ្រង់​មាន​សមត្ថភាព​រស់នៅ​ដ៏​នៅ​អស់​កល្ប ឬ​ក៏​សុគត​ប្រសិន​បើ​ទ្រង់​ជ្រើស​ធ្វើ​ដូច្នោះ ។ និស្ស័យ​នៃ​ព្រះ​នេះ​ធ្វើ​ឲ្យ​ទ្រង់​មាន​លក្ខណៈ​សម្បត្តិ​វិសេស​ដាច់​ដោយ​ឡែក ​ដែល​អាច​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​យើង សុគត​លើ​ឈើ​ឆ្កាង ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

ម៉ាថាយ ២:១-១២

ពួកហោរា​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ទៅរក​ព្រះយេស៊ូវ

រូបភាព
ប្រអប់រុំ​ជិត​ចំនួន​ ៣

សូម​ដាក់​បង្ហាញ​អំណោយ​រុំ​ជិត​ចំនួន​បី​នៅ​ខាង​មុខ​សិស្ស ឬ​គូរ រូប អំណោយ​ចំនួន​បី​នៅ​លើ​ក្ដារខៀន ។

  • តើ​នរណា​ទៅ​ដែល​បាន​ទិញ​អំណោយ​ថ្វាយ​ព្រះអង្គ​សង្គ្រោះ ​បន្ទាប់​ពី​ទ្រង់​បាន​ប្រសូត​មក ?

សូម​ពន្យល់​ថា ដំណឹងល្អ​របស់​ម៉ាថាយ​គឺជា​ដំណឹងល្អ​តែ​មួយ​គត់​ដែល​បាន​ដាក់​បញ្ចូល​ដំណើរ​រឿង​របស់​ពួក​ហោរា ។ សូម​ចែក ក្រដាស លំហាត់​ខាង​ក្រោម​នេះ ឬ​សរសេរ​សំណួរ​ទាំងនោះ​លើ​ក្ដារ​ខៀន​ពី​មុន​ចាប់​ផ្ដើម​បង្រៀន ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បី​អាន​សំណួរ ហើយ​សរសេរ​ចម្លើយ​របស់​ខ្លួន ។

រូបភាព
handout, Wise Men

តើ​អ្នក​ស្គាល់​ពួក​ហោរា​ទាំង​នោះ​ដល់​កម្រិត​ណា​ដែរ ?

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៦

  1. តើ​ពួក​ហោរា​បាន​ដឹង​ថា ​ព្រះមែស៊ី​បាន​ប្រសូត​ដោយ​របៀប​ណា ?

  2. ហេតុអ្វី​ពួក​ហោរា​ចង់​ស្វែង​រក​ព្រះមែស៊ី ?

  3. តើ​ពួក​សង្ឃរាជ និង ពួក​អាចារ្យ​បាន​ដឹង​ពី​ទីកន្លែង ​ដែល​ព្រះមែស៊ី​បាន​ប្រសូត​ដោយ​របៀបណា ?

  4. តើ​ស្ដេច​ហេរូឌ​ចង់​ឲ្យ​ពួក​ហោរា​ធ្វើ​អ្វី​ខ្លះ ក្រោយ​ពី​ពួកគេ​បាន​រក​ឃើញ​ព្រះយេស៊ូវ ?

  5. តើ​ពួកហោរា​បាន​ធ្វើ​អ្វី​ជំនួស​វិញ ?

លុះ​ដល់​ពេល​កំណត់​ហើយ សុំ​ឲ្យ​សិស្ស​អាន ម៉ាថាយ ២:១–១២ ដោយ​ស្ងៀម​ស្ងាត់ ដោយ​រក​មើល​ចម្លើយ​ទៅ​នឹង​សំណួរ​របស់​លំហាត់ ។

សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​រឿងថ្មីៗ​ ដែល​ពួក​គេ​បាន​រៀន​អំពី​ពួកហោរា ។ សេចក្ដី​លម្អិត​នៅ​ក្នុង ខ​ទី ១១ និង ១៦ ណែនាំ​ថា ប្រហែល​ជា​ពីរ​ឆ្នាំ​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ប្រសូត​មក​ទើប​ពួក​ហោរា​ត្រូវ​បាន​ដឹកនាំ​ទៅ​កាន់​គ្រួសារ​ដ៏​បរិសុទ្ធ​នេះ ( ពួក​ហោរា​បាន​រក​ឃើញ​ព្រះយេស៊ូវ​នៅ​ក្នុង​ផ្ទះ​មួយ ពុំ​មែន​នៅ​ក្នុង​ស្នូក​ទេ ហើយ​ទ្រង់​ជា​ « ព្រះកុមារ » គឺ​ពុំ​មែន​ជា​ព្រះឱរស​ឡើយ ) ។ សូម​ចង្អុល​បង្ហាញ​ថា ហេតុផល​ដែល​ស្ដេច​ហេរូឌ​ចង់​ឲ្យ​ពួក​ហោរា​រាយការណ៍​ពី​ទីកន្លែង​ដែល​ពួកគាត់​រក​ឃើញ​ព្រះមែស៊ី​គង់​នៅ ​ដើម្បី​នឹង​ទៅ​ធ្វើ​គត់​ទ្រង់ ( សូមមើល ម៉ាថាយ ២:១៣ ) ។

  • តើ​ពួក​ហោរា​បាន​ដឹង​ពី​ទីកន្លែង​ទៅ​រក​ព្រះមែស៊ីឃើញ​​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ ​ពី​គំរូ​របស់​ពួកហោរា​ក្នុង​ការ​ស្វែង​រក​ព្រះអង្គ​សង្គ្រោះ ? ( ចម្លើយ​របស់​សិស្ស​អាច​ផ្សេងៗ​គ្នា ប៉ុន្តែ​សូម​ជួយ ពួកគេ​ឲ្យ​រក​ឃើញ​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​ដោយ​ស្មោះត្រង់​ និង ដោយ​ឧស្សាហ៍ នោះ​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ទៅ​រក​ទ្រង់ ) ។

  • តើ​យើង​អាច​ស្វែង​រក​ព្រះអង្គ​សង្គ្រោះ​ដោយ​ឧស្សាហ៍​តាម​របៀប​ណា ?

  • តើ​ពួក​ហោរា​បាន​ធ្វើ​អ្វី​ខ្លះ នៅ​ពេល​ពួកគាត់​បាន​រកឃើញ​ព្រះអង្គ​សង្គ្រោះ ? ហេតុអ្វី ? ( គោលបំណង​មួយ​សម្រាប់​ការ​ថ្វាយ​អំណោយ​ដល់​ព្រះអង្គ​សង្គ្រោះ​ គឺ​ដើម្បី​ថ្វាយ​បង្គំ​ទ្រង់ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​គំរូ​របស់​ពួកហោរា​ ក្នុង​ការ​ថ្វាយ​អំណោយ​ដល់​ព្រះអង្គ​សង្គ្រោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ យើង​អាច​ថ្វាយ​បង្គំ​ព្រះអម្ចាស់​ដោយ​ថ្វាយ​អំណោយ​ដ៏​មាន​ន័យ​ដល់​ទ្រង់ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​យើង​អាច​ថ្វាយ​អំណោយ​ដ៏​មាន​អត្ថន័យ​ដល់​ព្រះអង្គ​សង្គ្រោះ ​សុំ​ឲ្យ​សិស្ស​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោមដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« នៅក្នុង​សម័យ​បុរាណ ពេលដែល​ប្រជាជន​ចង់​ថ្វាយ​បង្គំ​ព្រះអម្ចាស់ និង ស្វែងរក​ពរជ័យ​របស់​ទ្រង់ នោះ​ជាញឹកញាប់​ពួកគេ​បាននាំ​មក​នូវ​អំណោយ​មួយ ។ …

« តើ​មាន​អ្វី​មួយ​នៅក្នុង​អ្នក ឬ នៅក្នុង​ជីវិត​អ្នក ដែល​មិន​បរិសុទ្ធ ឬ មិន​សក្ដិសម​ទេ ? ពេល​អ្នក​លះបង់​វា​ចោល នោះ​ហើយ​ជា​អំណោយ​ដល់​ព្រះអង្គ​សង្គ្រោះ ។ តើ​មាន​ទម្លាប់​ល្អ ឬ គុណសម្បត្តិ​ណា​មួយ ​ដែល​អ្នក​ខ្វះខាត​នៅក្នុង​ជីវិត​អ្នក​ទេ ? នៅ​ពេល​អ្នក​ជ្រើសយក ហើយ​ធ្វើ​ឲ្យ​វា​ជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​អ្នក នោះអ្នកកំពុង​ថ្វាយ​អំណោយ​មួយ​ដល់​ព្រះអម្ចាស់ ។ ពេលខ្លះ ការណ៍​នេះ​ពិបាក​ធ្វើ ចុះ​តើ​អំណោយ​នៃ​ការ​ប្រែចិត្ត និង ការ​គោរព​ប្រតិបត្តិ​របស់​អ្នក​នឹង​ជា​អំណោយ​ដ៏​សក្ដិសម​ដែរ​ឬទេ ប្រសិន​បើ​អ្នក​ពុំ​បាន​បង់​ថ្លៃ​អ្វីសោះ ? » ( « When Thou Art Converted » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១២ ) ។

  • តើ​យើងអាច​ថ្វាយ​អ្វី​ខ្លះ ​ធ្វើ​ជា​អំណោយ​ដ៏​មាន​ន័យ​ដល់​ព្រះអង្គ​សង្គ្រោះ ?

សុំ​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ហើយ​ពិចារណា​ថា​តើ​អំណោយ​អ្វី​ខ្លះ​ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​គួរ​ថ្វាយ​ដល់​ព្រះអង្គ​សង្គ្រោះ ។ សុំ​ឲ្យ​ក្រដាស​មួយ​សន្លឹក​ទៅ​សិស្ស​ម្នាក់ៗ​ ដើម្បី​សរសេរ​ពី​គំនិត​របស់​ពួកគេ ។ សុំ​ឲ្យ​ពួកគេ​រៀប​គម្រោង​ពី​របៀប​ ដែល​ពួកគេ​នឹង​ថ្វាយ​អំណោយ​ទាំងនេះ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ។

ម៉ាថាយ ២:១៣-២៣ ។

យ៉ូសែប ម៉ារា និង ព្រះយេស៊ូវ​ ភៀសខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ

សូម​ពន្យល់​ថា យោង​តាម ម៉ាថាយ ២:១២–២៣ស្ដេច​ហេរូឌ​បាន​ក្រោធ​ខឹង​បន្ទាប់​ពី​ពួក​ហោរា « វិល​ទៅ​ស្រុក​គេ​វិញ » (ម៉ាថាយ ២:១២) ដោយ​ពុំ​បាន​ប្រាប់​ទ្រង់​ពី​ទីកន្លែង​ដែល​ព្រះមែស៊ី​គង់​នៅ ។ ដោយ​មាន​សង្ឃឹម​ថា​អាច​ធ្វើ​ឲ្យ​ព្រះមែស៊ី​សុគត​បាន ទ្រង់​បាន​បង្គាប់​ថា​ ក្មេង​អាយុ​ពីរ​ឆ្នាំ​ចុះ​ក្រោម​នៅ​ភូមិបេថ្លេហិម និង​តំបន់​ជុំវិញ​នោះ​ត្រូវ​តែ​សម្លាប់​ចោលទាំងអស់ ។

សូម​អាន ម៉ាថាយ ២:១៣-១៤ ឮៗ ។ សុំ​ឲ្យ​សិស្ស​ផ្ទៀងតាម ដោយ​រកមើល​ពី​របៀប​ដែល​ យ៉ូសែប​ បាន​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​រក្សា​​គ្រួសារ​គាត់ឲ្យមានសុវត្ថិភាព ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​យ៉ូសែប​បាន​នាំ​ម៉ារា និង ព្រះយេស៊ូវ​ ទៅ​ទីណា ?

សូម​សង្ខេប ម៉ាថាយ ២:១៥–២៣ ដោយ​ពន្យល់​ថា យ៉ូសែប ម៉ារា និង ព្រះយេស៊ូវ​ បាន​ស្នាក់​នៅ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ស្ដេច​ហេរូឌ​សុគត ។ ព្រះ​បាន​បង្គាប់​យ៉ូសែប​ក្នុង​សុបិន​ឲ្យ​នាំ​គ្រួសារ​គាត់​ត្រឡប់​ទៅ​អ៊ីស្រាអែល​វិញ ហើយ​ពួកគាត់​បាន​តាំង​លំនៅ​ក្នុង​ស្រុក​ណាសារ៉ែត ។

  • តើ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​យ៉ូសែប​ទៅ​នឹង​រឿង​ខាង​វិញ្ញាណ​ បាន​ប្រទានពរ​ដល់​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ពី​យ៉ូសែប ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​នឹង​ព្រះវិញ្ញាណ នោះយើង​អាច​ទទួល​បាន​វិវរណៈ និង ការ​ដឹកនាំ ) ។

សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ ដើម្បី​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ទៅ​ព្រះវិញ្ញាណ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ដាក់​គោលដៅ​មួយ​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១:១–១៧ ។ ពង្សាវតា​របស់​ព្រះយេស៊ូវ

« ព្រះយេស៊ូវ​ពុំ​មែន​ជា​កូន​ប្រុស​បង្កើត​របស់​យ៉ូសែប​ទេ ប៉ុន្តែ​ពង្សាវតា​របស់​យ៉ូសែប និង របស់​ម៉ារា​គឺ​សំខាន់​ដូចគ្នា ដោយសារ​ពួកគាត់​ជា​បងប្អូន​ជីដួន​មួយ​នឹង​គ្នា ព្រះយេស៊ូវ​បាន​ទទួល​ពី​មាតា​ទ្រង់ ម៉ារា នូវ​តំណ​ពូជ​ពង្ស​របស់​ដាវីឌ ហេតុដូច្នេះ​ហើយ​ទ្រង់​មាន​សិទ្ធិ​គ្រង​បល្ល័ង្ក​របស់​ដាវីឌ ។ ព្រះយេស៊ូវ​បាន​ប្រសូត​នៅ​ក្នុង​ខ្សែ​ស្រឡាយ​រាជវង្ស ហើយ​ដូច​ដែល​អែលឌើរ ជេម អ៊ី ថាលម៉េហ្គ បាន​ពន្យល់​ថា ‹ ប្រសិន​បើ​សាសន៍​យូដា​ជា​ប្រជាជាតិ​មួយ​ដែល​មាន​សេរីភាព ហើយ​ឯករាជ្យ ដោយត្រូវបាន​គ្រប់​គ្រង​ដោយ​អធិបតេយ្យភាព​ដ៏​ពេញ​លេញ​របស់​ខ្លួន នោះ​យ៉ូសែប​ ជា​ជាង​ឈើ​រូបនេះ​នឹង​បាន​ក្លាយ​ជា​ស្ដេច ហើយ​ព្រះយេស៊ូវ​នៃ​ស្រុក​ណាសារ៉ែត​នឹង​ក្លាយ​ជា​អ្នក​ស្នងរាជ​ពេញ​ច្បាប់​របស់​គាត់ គឺជា​ស្ដេច​របស់​សាសន៍​យូដា › [ Jesus the Christ ការ​បោះ​ពុម្ព​លើក​ទី ( ឆ្នាំ​ ១៩១៦ ) ទំព័រ ៨៧ សូមមើល​ផងដែរ Jesus the Christ ទំព័រ ៨៣–៨៦, ៨៩–៩០, Bruce R. McConkie Doctrinal New Testament Commentary វ៉ុលទី ៣ (ឆ្នាំ​ ១៩៦៥–៧៣), ១:៩៤–៩៥ ] » ( The Life and Teachings of Jesus and His Apostles ការ​បោះ​ពុម្ព​លើក​ទី ២ [ Church Educational System manual ឆ្នាំ​១៩៧៩ ]ទំព័រ ២២ ) ។

ម៉ាថាយ ១:១៨ ។ « យ៉ូសែប​បាន​ដណ្ដឹង​ម៉ារា »

នៅ​អ៊ីស្រាអែល​កាល​ពី​បុរាណ អាពាហ៍ពិពាហ៍​រវាង​យុវជន និង យុវនារី​ម្នាក់​ត្រូវ​រៀបចំ ហើយ​យល់ព្រម​ដោយ​មេគ្រួសារ—ជា​ធម្មតា​គឺ​ ឪពុក ។ នៅពេល​ស្ត្រី​ដែល​នឹង​ក្លាយ​ជា​ប្រពន្ធ​ត្រូវ​បាន​ឪពុក ឬ​មេគ្រួសារ​ខាង​កូនកំលោះ​បាន​ជ្រើស​រើស​រួច​ហើយ នោះ​ការ​ចរចា​នឹង​ត្រូវ​ចាប់ផ្ដើម ។ ពួកគេ​បាន​ផ្ដោត​លើ​ថ្លៃ ‹ បណ្ណាការ › ជា​គ្រឿងភ័ស្តុភារ​មួយ​ប្រភេទ ដែល​ត្រូវបាន​បង់​ថ្លៃ​ដោយ​ឪពុក​ ឬ​មេ​គ្រួសារ​របស់​កូន​កំលោះ​ទៅ​គ្រួសារ​កូន​ក្រមុំ ប៉ុន្តែ​មិនដាក់​កំហិត​ទេ ។ នៅពេល​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ព្រម​ព្រៀង នោះ​អាពាហ៍ពិពាហ៍​មាន​ពីរ​ដំណាក់កាល ៖ ការ​ស្ដី​ដំណ្ដឹង ( ហៅ​ថា​ការ​ភ្ជាប់​ពាក្យ​ក៏​បាន សូមមើល ម៉ាថាយ ១:១៨ ) និង​ពិធី​រៀបអាពាហ៍ពិពាហ៍ ។

ការ​ស្ដីដំណ្ដឹង​ដែល​ស្រប​តាម​ច្បាប់ និង តាម​សាសនា​ គឺ​សំខាន់​ជាង​ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​ពេល​ក្រោយ ជា​ពេល​ដែល​គូស្វាមី​ភរិយា​ចាប់ផ្ដើម​រួម​រស់​នឹង​គ្នា​ទៅ​ទៀត ។ ការ​ស្ដី​ដណ្ដឹង​គឺ​បាន​ចាត់​ទុក​ថា​ ជា​ផ្នែក​ចុងក្រោយ​គេ​បង្អស់​នៃ​សេចក្ដី​សញ្ញា​ដ៏​ឧឡារិក​មួយ ។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សេចក្ដី​សញ្ញា​មួយ​ ដែល​ភាគី​ទាំង​សងខាង​ត្រូវ​មាន​ភាព​ស្មោះត្រង់​ក្នុង​នាម​អ្នក​កោត​ខ្លាច​ដល់​ព្រះ ( សូម​មើល លោកុប្បត្តិ ២:២៤, អេសេគាល ១៦:៨, អេភេសូរ ៥:២១–៣៣) ។ ទោះ​បី​ជា​គូដណ្ដឹង​ត្រូវ​បាន​ចាត់​ទុកដោយ​ស្រប​ច្បាប់​ថា​ជា​ប្ដី​ប្រពន្ធក្តី ( សូម​មើល ចោទិយកថា ២២:២៣–២៤ )​ក៏​នៅ​ចន្លោះ​ពេល​នៃ​ការ​ស្ដី​ដណ្ដឹង និង ពិធី​រៀប​អាពាហ៍ពិពាហ៍​ក្ដី នោះ​ការ​រឹត​បន្តឹង​ខា​ងព្រហ្មចារីភាព​ត្រូវ​បាន​គេ​អនុវត្ត ( សូមមើល ម៉ាថាយ ១:១៨, ២៥ ) ។

ម៉ាថាយ ១:១៨–២៥ ។ ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​ យ៉ូសែប

« ដោយ​បាន​ដឹង​ថា​ម៉ារា​មាន​គភ៌ ហើយ​ដឹង​ថា​គាត់​ពុំ​មែន​ជា​ឪពុក នោះ​យ៉ូសែប​មាន​ជម្រើស​មួយ​ចំនួន ។ ទីមួយ គាត់​អាច​សុំ​លះលែងម៉ារា​ជា​សាធារណៈ ហើយ​ប្រហែល​ជា​ត្រូវ​ថ្កោល​ទោស​ដល់ស្លាប់ ចំពោះមនុស្ស​ដទៃ​ទៀត​នឹង​សន្មត់ថា ម៉ារា​មាន​ទោស​ផិត​ក្បត់—ជា​ទោស​ដល់​ស្លាប់​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ( សូមមើល លេវីវិន័យ ២០:១០, យ៉ូហាន ៨:៥) ។ ទីពីរ យ៉ូសែប​អាច​ធ្វើ​ឲ្យ​ការ​ស្ដី​ដំណ្ដឹង​របស់​គាត់​ជាមួយ​នឹង​ម៉ារា​ទៅ​ជា​មោឃៈ​ ដោយ​សម្ងាត់​នៅ​ចំពោះ​មុខ​សាក្សី​ពីរ​នាក់ ។ ជម្រើស​ទី​បី​ គឺ​បន្ត​ជាមួយ​នឹង​ការ​រៀប​អាពាហ៍ពិពាហ៍ ។ យ៉ូសែប​បានមាន​ចិត្ត​មេត្តា​ដល់​ម៉ារា​ដោយ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នៃ​ការ​ស្ដី​ដណ្ដឹង​ក្លាយ​ជា​មោឃៈ​ដោយ​សម្ងាត់ ( សូមមើល ម៉ាថាយ ១:១៩ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ទេវតា​បាន​ប្រាប់​ថា​ បុត្រ​របស់​ម៉ារា​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ​ នោះ​យ៉ូសែប​បាន​ជ្រើសរើស​រៀប​ការ​ជាមួយ​នាង ទោះ​បី​ជា​ការណ៍​នេះ​ធ្វើ​ឲ្យ​គាត់​អាម៉ាស់មុខ ហើយ​ទទួល​ការ​ចំអក​ពី​មនុស្ស​ទូទៅ​ក្ដី ( សូម​មើល ម៉ាថាយ ១:២០–២៥, លូកា ៣:២៣, យ៉ូហាន ៨:៤១ ) ។

« ជើរ៉ល អិន ឡាន ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៃ​ពួក​ចិតសិប​នាក់ បាន​ពិភាក្សា​ពី​ទស្សនៈវិស័យ និង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ខាង​វិញ្ញាណ​របស់​យ៉ូសែប ៖ ‹ ម៉ាថាយ​ប្រាប់​យើង​ថា [ យ៉ូសែប ]​ គឺជា​តំណ​ពូជពង្ស​របស់​ស្ដេច​ដាវីឌ ថាគាត់​ជា​មនុស្ស​សុចរិត ហើយ​ចេះ​គិត​គូរ ដែលនៅ​ក្នុង​សុបិន​មួយ មាន​ទេវតា​បាន​ប្រាប់​គាត់​ថា​ព្រះយេស៊ូវ​នឹង​ក្លាយ​ជា​នរណា ​គាត់​បាន​គោរព​តាម ហើយ​គាត់​បាន​ឲ្យ​ព្រះនាម​ទ្រង់​ថា​ព្រះយេស៊ូវ​ដែល​មាន​ន័យ​ថា ព្រះអង្គ​សង្គ្រោះ ។ ( សូម​មើល ម៉ាថាយ ១ ) ។ យើង​ដឹង​ថា គាត់​បាន​នាំ​ម៉ារា​ទៅ​ភូមិ​បេថ្លេហិម ជា​ទី​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត ។ ( សូមមើល លូកា ២:៤-៦ )។ តិចជាង​ពីរ​ឆ្នាំ​ក្រោយ​មក យ៉ូសែប​ បាន​នាំ​គ្រួសារ​គាត់​ទៅ​ស្រុក​អេស៊ីព្ទ​ដើម្បី​រត់គេច​ពី​ស្ដេច​ហេរូឌ បន្ទាប់​ពី​ត្រូវបានព្រមាន​នៅ​ក្នុង​សុបិន ។ នៅ​ស្រុក​អេស៊ីព្ទ គាត់​ត្រូវ​បាន​ប្រាប់​ពី​ពេល​ឲ្យ​ត្រឡប់​ទៅ​វិញ​នៅ​ក្នុង​សុបិន ហើយ​គាត់​ត្រូវ​បាន​ប្រាប់​ឲ្យ​ទៅ​ស្រុក​កាលីឡេ​នៅ​ក្នុង​សុបិន​មួយ​ទៀត ។ ( សូម​មើល ម៉ាថាយ ២:១៣–១៥, ១៩–២២ ) ។ សុបិន​ទាំង​បួន​មក​ពី​ព្រះ ! យ៉ូសែប​ ប្រហែល​ជា​បុរស​ម្នាក់​ដែលមាន​ចក្ខុវិស័យ​ពិសេស ហើយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ខាង​វិញ្ញាណ › (Jesus Christ, Key to the Plan of Salvation [ ឆ្នាំ ១៩៩១ ] ទំព័រ ៥១–៥២ ) » (Church Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ១៣–១៤) ។