មេរៀនទី ៨៩
កិច្ចការ ១០-១១
សេចក្ដីផ្ដើម
ព្រះបានបើកសម្ដែងដល់ពេត្រុសនៅក្នុងការនិមិត្តមួយថា ដំណឹងល្អគួរប្រកាសដល់ពួកសាសន៍ដទៃ ពេត្រុសបានបង្រៀនដំណឹងល្អដល់កូនេសាល និងគ្រួសារគាត់ ហើយក្រោយមកបានដោះស្រាយជម្លោះក្នុងចំណោមពួកបរិសុទ្ធសាសន៍យូដាអំពីការប្រកាសដំណឹងល្អដល់ពួកសាសន៍ដទៃ ។ កិច្ចការរបស់ព្រះអម្ចាស់បានបន្តឆ្ពោះទៅមុខទោះបីជាមានការបៀតបៀនយ៉ាងណាក្តី ។
យោបល់សម្រាប់ការបង្រៀន
កិច្ចការ ១០
ព្រះបើកសម្ដែងដល់ពេត្រុសនៅក្នុងការនិមិត្តមួយថា ដំណឹងល្អគួរប្រកាសដល់ពួកសាសន៍ដទៃ
សូមអញ្ជើញសិស្សឲ្យស្រមៃថា មានមិត្តម្នាក់សួរថា ៖« ខ្ញុំបានឮថានៅឆ្នាំ ១៩៧៨ ព្រះវិហារឯងបានផ្លាស់ប្ដូរជំហរខ្លួន ដើម្បីអនុញ្ញាតឲ្យបុរសទាំងអស់ទទួលបព្វជិតភាពដោយពុំគិតពីពូជសាសន៍ ។ ប្រសិនបើអ្នកឯងជឿថា ព្រះវិហារឯងដឹកនាំដោយព្រះ ហើយព្រះគឺជាអង្គដែលពុំចេះផ្លាស់ប្ដូរ តើរឿងនោះកើតឡើងបានយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេពីរបៀបដែលពួកគេនឹងឆ្លើយតបទៅកាន់មិត្តនេះយ៉ាងដូចម្ដេច ។ (កំណត់ចំណាំ ៖ត្រូវប្រាកដថាសិស្សឆ្លើយតបចំពោះសំណួរនៃការផ្លាស់ប្ដូរការអនុវត្តរបស់សាសនាចក្រ ជាជាងគិតពីហេតុផលដែលអាចកើតមានចំពោះការដាក់កំហិតដល់បព្វជិតភាព ។ ហើយក៏កុំគិតពីហេតុផលដែលការដាក់កំហិតនៃបព្វជិតភាពបានកើតឡើងដែរ ដោយសារហេតុផលទាំងនេះពុំបានបើកសម្ដែងឡើយ [ សូមមើល សេចក្ដីប្រកាសជាផ្លូវការទី ២ ] ) ។
នៅពេលសិស្សសិក្សា កិច្ចការ ១០-១១ សូមអញ្ជើញពួកគេឲ្យរកមើលគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលអាចជួយពួកគេឲ្យឆ្លើយនូវសំណួរអំពីរបៀបដែលព្រះអម្ចាស់ដឹកនាំ ណែនាំ ផ្លាស់ប្ដូរ ហើយគ្រប់គ្រងសាសនាចក្ររបស់ទ្រង់ ។
សូមពន្យល់ថា រហូតមកដល់ត្រង់នេះនៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី ដំណឹងល្អត្រូវបានប្រកាសដល់ពួកសាសន៍យូដាភាគច្រើន ដូចដែលបានណែនាំដោយព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ១០:៥–៦ ) ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គសង្គ្រោះបានប្រាប់ពួកសិស្សរបស់ទ្រង់ផងដែរថា បន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើពួកគេ នោះពួកគេបានផ្សព្វផ្សាយដំណឹងល្អ « រហូតដល់ចុងផែនដីបំផុត » (កិច្ចការ ១:៨) ។ នៅក្នុង កិច្ចការ ១០ យើងអានអំពីការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងរបៀប ដែលសាសនាចក្របានធ្វើ ដែលនឹងជួយសម្រួលដល់ការណ៍នេះបាន ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន កិច្ចការ ១០:១-២ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលព័ត៌មានលម្អិតអំពីសាសន៍ដទៃម្នាក់ឈ្មោះកូនេលាស ។ ( អ្នកគួរចង្អុលបង្ហាញថា កូនេលាស « ខ្លាចដល់ព្រះ » ( ខទី ២ ) ។ ពួកអ្នកកោតខ្លាចដល់ព្រះ គឺជាពួកសាសន៍ដទៃដែលបានថ្វាយបង្គំព្រះអម្ចាស់ ប៉ុន្តែមិនបានផ្សព្វផ្សាយ ឬប្រែចិត្តជឿដល់សាសនាយូដាទេ ហេតុដូច្នេះហើយពួកគេមិនបានរស់នៅតាមក្រឹត្យវិន័យរបស់ម៉ូសេទាំងស្រុងឡើយ ) ។
-
តើកូនេលាសធ្វើការអ្វី ? ( គាត់ជាមេបញ្ជាការទ័ពរ៉ូម ហើយគ្រប់គ្រងទ័ពមួយរយនាក់ ) ។
សូមរំឭកសិស្សថា ពីមុនគ្រានេះ ពួកសាសន៍ដទៃម្នាក់មិនអាចចូលរួមក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទដោយគ្មានការប្រែចិត្តជឿជាមុនដល់សាសនាយូដាបានឡើយ ដោយសារដំណឹងល្អត្រូវបានផ្សព្វផ្សាយទៅដល់តែពួកសាសន៍យូដាប៉ុណ្ណោះ ។
-
ទោះជាកូនេសាលពុំអាចចូលរួមសាសនាចក្រក្នុងនាមជាសាសន៍ដទៃ តើគាត់អាចបង្ហាញសេចក្តីជំនឿរបស់គាត់ដល់ព្រះយ៉ាងដូចម្តេច ?
សូមអញ្ជើញឲ្យសិស្សពីរនាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង កិច្ចការ ១០:៣-៦ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលអ្វីដែលបានកើតឡើងចំពោះកូនេលាស ។ ( សូមពន្យល់ថា « ម៉ោង ៣ រសៀល » [ ខទី ៣ ] គឺប្រហែលជាម៉ោង៣:០០ រសៀល ) ។
-
យោងតាម ខទី ៤ តើទេវតាបានប្រាប់កូនេលាសអ្វីខ្លះ អំពីការអធិស្ឋាន និងការដាក់ទានរបស់គាត់ ?
-
តើទេវតាបានប្រាប់កូនេលាសឲ្យធ្វើអ្វីខ្លះ ?
សូមសង្ខេប កិច្ចការ ១០:៧–៨ ដោយពន្យល់ថា កូនេលាសបានបញ្ជូនមនុស្សបីនាក់រកពេត្រុសនៅយ៉ុបប៉េ ។ ( ដើម្បីជួយសិស្សឲ្យយល់ទំនាក់ទំនងរវាងសេសារា និងយ៉ុបប៉េ អ្នកគួរឲ្យសិស្សបើកទៅផែនទី « ទឹកដីបរិសុទ្ធនៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាថ្មី » [ ផែនទីព្រះគម្ពីរប៊ីប លេខ ១១ ] ) ។
សូមពន្យល់ថា កាលបុរសទាំងនេះបានធ្វើដំណើរទៅយ៉ុបប៉េ នោះពេត្រុសមានការនិមិត្តដ៏អស្ចារ្យមួយ ខណៈពេលស្នាក់នៅក្នុងផ្ទះបុរសម្នាក់ដែលមានឈ្មោះថា ស៊ីម៉ូន ។ សូមចែកក្រដាសមួយសន្លឹកដល់សិស្ស ។ សូមអញ្ជើញសិស្សឲ្យអាន កិច្ចការ ១០:៩–១៦ ដោយស្ងៀមស្ងាត់ ហើយគូររូបនៃការនិមិត្តរបស់ពេត្រុស ដូចដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សុំឲ្យសិស្សប្រើរូបរបស់ពួកគេ ដើម្បីពន្យល់ដល់មិត្តរួមថ្នាក់ពីអ្វី ដែលបានកើតឡើងនៅក្នុងការនិមិត្តរបស់ពេត្រុស ។ ដោយធ្វើតាមសកម្មភាពនេះ សូមសួរ ៖
-
នៅក្នុងការនិមិត្តនោះ តើពេត្រុសបានបង្គាប់ឲ្យបរិភោគអ្វី ?
-
យោងតាម ខទី ១៤តើអ្វីជាប្រតិកម្មដំបូងគេបង្អស់របស់ពេត្រុស ចំពោះព្រះបញ្ញត្តិនេះ ? ( សូមពន្យល់ថា នៅក្រោមក្រឹត្យវិន័យរបស់លោកម៉ូសេ ពួកសាសន៍យូដាបានហាមមិនឲ្យបរិភោគសត្វដែលបានចាត់ទុកថាជាសត្វសាមញ្ញ ឬមិនស្អាតឡើយ [ សូមមើល លេវីវិន័យ ១១ ] ) ។
-
យោងតាម ខទី ១៥តើព្រះអម្ចាស់បានមានបន្ទូលយ៉ាងណាដែរ អំពីសត្វមិនស្អាតដែលទ្រង់បានបង្គាប់ឲ្យពេត្រុសបរិភោគនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន កិច្ចការ ១០:១៧-២០ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលអ្វីដែលបានកើតឡើង កាលពេត្រុសកំពុងសញ្ជឹងគិតអំពីអត្ថន័យនៃការនិមិត្តរបស់លោក ។
-
តើឃ្លានៅក្នុង ខទី ១៧ បង្ហាញអ្វីខ្លះថា កាលដំបូងឡើយពេត្រុសពុំបានយល់ពីការនិមិត្តរបស់លោកនោះទេ ?
-
កាលពេត្រុសកំពុងសញ្ជឹងគិតពីការនិមិត្តរបស់លោក តើនរណាបានមកដល់ ?
-
តើព្រះវិញ្ញាណបានប្រាប់ឲ្យពេត្រុសធ្វើអ្វីខ្លះ ?
សូមសង្ខេប កិច្ចការ ១០:២១-២៤ ដោយពន្យល់ថា បុរសទាំងបីនាក់នោះបានប្រាប់ពេត្រុសពីការនិមិត្តរបស់កូនេលាស ។ លុះស្អែកឡើង ពេត្រុស និងសិស្សផ្សេងទៀតបានអមដំណើរពួកគេទៅជួបនឹងកូនេលាស ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានឮៗក្នុង កិច្ចការ ១០:២៥-២៨ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើពេត្រុសបានធ្វើអ្វីខ្លះ កាលលោកបានទៅដល់ផ្ទះរបស់កូនេលាស ។
-
យោងតាម ខទី ២៨ តើពេត្រុសបាននិយាយអ្វីខ្លះអំពីការប្រាស្រ័យទាក់ទងរវាងពួកយូដា និងពួកសាសន៍ដទៃ ?
-
តើឥឡូវនេះពេត្រុសបានយល់អ្វីខ្លះ ?
សូមសង្ខេប កិច្ចការ ១០:២៩–៣៣ ដោយពន្យល់ថា កូនេសាលបានប្រាប់ពេត្រុសពីការនិមិត្តខ្លួន ។ កូនេសាលក៏បានប្រមូលគ្រួសារ និងមិត្តគាត់មកជុំគ្នាដើម្បីឲ្យពេត្រុសអាចបង្រៀនដល់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ១០:៣៤-៣៥ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលថាពេត្រុសបានរៀនអ្វីខ្លះ ។
-
តើអ្នកនឹងសង្ខេបអំពីអ្វី ដែលពេត្រុសបានដឹងយ៉ាងដូចម្ដេច ?
សូមសង្ខេប កិច្ចការ ១០:៣៦–៤៣ ដោយពន្យល់ថា ពេត្រុសបានបង្រៀនកូនេសាល និងគ្រួសារគាត់អំពីព្រះយេស៊ូវគ្រីស្ទ និងកិច្ចការល្អ ការឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ពេត្រុសបានថ្លែងទីបន្ទាល់ថា ជនដែលជឿលើព្រះយេស៊ូវគ្រីស្ទនឹងទទួលបានការផ្តាច់បាបរបស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ១០:៤៤-៤៨ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីប្រសិទ្ធភាពដែលការបង្រៀនរបស់ពេត្រុសបានមានចំពោះពួកសាសន៍ដទៃទាំងនេះ ។ សូមពន្យល់ថា ឃ្លា « ពួកកាត់ស្បែក » ខទី ៤៥ សំដៅទៅលើពួកសិស្សសាសន៍យូដាដែលមកពីយ៉ុបប៉េជាមួយនឹងពេត្រុស ។
-
យោងតាម ខទី ៤៤–៤៦តើការបង្រៀនរបស់ពេត្រុសមានឥទ្ធិពលអ្វីខ្លះទៅលើគ្រួសាររបស់កូនេលាស ?
-
ហេតុអ្វីពួកយូដាដែលបានមានវត្តមាន នៅពេលនោះមានការភ្ញាក់ផ្អើល ?
-
តាមរយៈបទពិសោធន៍របស់ពេត្រុសដែលបានកត់ត្រានៅក្នុង កិច្ចការ ១០តើព្រះអម្ចាស់បានបើកសម្ដែងអ្វីខ្លះដល់លោកពាក់ព័ន្ធនឹងពួកសាសន៍ដទៃ ? ( ដំណឹងល្អគួរបានផ្សាយដល់ពួកសាសន៍យូដា ហើយពួកគេគួរបានជ្រមុជទឹកចូលទៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ) ។
ដើម្បីជួយសិស្សឲ្យស្គាល់គោលលទ្ធិ ដែលយើងអាចរៀននៅក្នុង កិច្ចការ ១០ សូមចែកពួកគេជាក្រុមដែលមានគ្នាពីរ ឬបីនាក់ ។ សូមផ្ដល់ដល់ក្រុមនីមួយៗនូវសំណៅនៃ ឯកសារខាងក្រោមនេះ ឬសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យធ្វើការជាមួយនឹងក្រុមខ្លួន ដើម្បីឆ្លើយសំណួរ ។
ព្រះគម្ពីរសញ្ញាថ្មី សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា—មេរៀនទី ៨៩
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះ នៅក្នុងដំណើររឿងរបស់ពេត្រុស និងកូនេលាសស្ដីពីរបៀបដែលព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់ ?
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះនៅក្នុងព្រឹត្តិការណ៍ ដែលព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតដល់ពេត្រុសម្ដងបន្តិចៗ ជាជាងបើកសម្ដែងទាំងអស់ក្នុងពេលតែមួយ ?
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះ នៅក្នុងដំណើររឿងនេះស្ដីពីអ្វីដែលព្រះអាចនឹងធ្វើចំពោះសេចក្ដីបង្គាប់ដែលទ្រង់បានប្រទានកាលពីមុន ?
© 2015 by Intellectual Reserve, Inc. All rights reserved.
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សបីបួននាក់ឡើងមកក្ដារខៀន ដើម្បីសរសេរសេចក្ដីពិតនានា ដែលក្រុមខ្លួនបានរកឃើញ ។ សូមប្រាកដថា សេចក្ដីពិតខាងក្រោមនេះត្រូវបានបង្ហាញនៅក្នុងអ្វីដែលពួកគេសរសេរ ៖
ព្រះដឹកនាំសាសនាចក្ររបស់ទ្រង់ដោយប្រទានវិវរណៈដល់ព្យាការីរបស់ទ្រង់ ដែលជាសាវករៀមច្បង ។
យើងអាចទទួលបានវិវរណៈ និងការយល់ដឹងជាបន្តបន្ទាប់ នៅពេលយើងគោរពតាមព្រះអម្ចាស់ ។
ព្រះអាចនឹងផ្លាស់ប្ដូរ ឬបន្ថែមទៅក្នុងសេចក្ដីណែនាំ ដែលទ្រង់បានប្រទានកាលពីមុនស្របតាមព្រះប្រាជ្ញាញាណរបស់ទ្រង់ និងសេចក្ដីត្រូវការរបស់កូនចៅទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលថា សេចក្ដីពិតទីបីនៅក្នុងបញ្ជីត្រូវបានឆ្លុះបញ្ចាំងយ៉ាងដូចម្ដេចខ្លះ នៅក្នុងសេចក្ដីថ្លែងការណ៍របស់អែលឌើរ គ្រីស្តូហ្វឺសិន ។
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន« តាមរយៈបទពិសោធន៍នេះ និង វិវរណៈទៅកាន់ពេត្រុស ព្រះអម្ចាស់បានកែទម្លាប់របស់សាសនាចក្រ ហើយបានបើកសម្ដែងឲ្យមានការយល់ដឹងកាន់តែពេញលេញអំពីគោលលទ្ធិដល់ពួកសិស្សរបស់ទ្រង់ ។ ហេតុដូច្នេះហើយ ការប្រកាសដំណឹងល្អបានលាតសន្ធឹងដល់មនុស្សគ្រប់រូប » ( « The Doctrine of Christ »Ensign ឬLiahona ខែ ឧសភា ឆ្នាំ២០១២ ទំព័រ ៨៨ ) ។
សូមទុកពេលឲ្យសិស្សរំឭកឡើងវិញ នូវអ្វីដែលពួកគេបានសរសេរអំពីរបៀប ដែលពួកគេនឹងឆ្លើយសំណួររបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរគំនិតដែលពួកគេទទួលបានបន្ថែមទៀតពេលកំពុងសិក្សា កិច្ចការ ១០ហើយអនុញ្ញាតឲ្យពួកគេចែកចាយគំនិតទាំងនេះដល់សិស្សក្នុងថ្នាក់ ។
អ្នកនឹងត្រូវចង្អុលបង្ហាញថា ទោះបីជាព្រះអាចនឹងកែសម្រួលការអនុវត្តរបស់សាសនាចក្រ ហើយបន្ថែមដល់ការយល់ដឹងខាងគោលលទ្ធិរបស់យើងតាមរយៈវិវរណៈជាបន្តបន្ទាប់ក្ដី ( សូមមើល មាត្រានៃ សេចក្ដីជំនឿ ១:៩ ) ក្ដី ក៏និស្ស័យ លក្ខណៈ សេចក្ដីសញ្ញា គោលលទ្ធិ និងផែនការរបស់ទ្រង់នឹងមិនផ្លាស់ប្ដូរឡើយ ។ ការដឹងពីបញ្ហានេះអាចជួយយើងឲ្យមានសេចក្តីជំនឿលើព្រះ ហើយទុកចិត្តថា ទ្រង់នឹងដឹកនាំសាសនាចក្ររបស់ទ្រង់ស្របតាមព្រះឆន្ទៈរបស់ទ្រង់ និងសេចក្ដីត្រូវការរបស់កូនចៅទ្រង់ ។
កិច្ចការ ១១:១-១៨
ពេត្រុសបានដោះស្រាយជម្លោះក្នុងចំណោមពួកបរិសុទ្ធសាសន៍យូដា អំពីការបង្រៀនដំណឹងល្អ ដល់ពួកសាសន៍ដទៃ ។
-
តើអ្នកគិតថា សមាជិកសាសនាចក្រជាសាសន៍យូដាមួយចំនួនមានអារម្មណ៍បែបណា នៅពេលពួកគេស្ដាប់ឮពីការប្រាស្រ័យទាក់ទងរបស់ពេត្រុសជាមួយនឹងសាសន៍ដទៃ ? ( ការប្រាស្រ័យទាក់ទងរបស់ពេត្រុសជាមួយនឹងសាសន៍ដទៃគឺជាការផ្លាស់ប្ដូរមួយដ៏ធំមួយពីទម្លាប់ចាស់ ហើយសមាជិកមួយចំនួនមានការលំបាកដើម្បីទទួលយកការផ្លាស់ប្ដូរនេះ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន កិច្ចការ ១១:១-៣ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថា ពួកសិស្សទាំងនោះបានឆ្លើយតបយ៉ាងដូចម្ដេចចំពោះអ្វីដែលពេត្រុសបានធ្វើ ។
-
តើពួកសិស្សទាំងនោះបានឆ្លើយតបយ៉ាងដូចម្ដេច ចំពោះអ្វីដែលពេត្រុសបានធ្វើ ?
សូមសង្ខេប កិច្ចការ ១១:៤-១៥ដោយពន្យល់ថា ពេត្រុសបានពិពណ៌នាទៅពួកសិស្សពីការនិមិត្តដែលលោក និង កូនេលាសបានទទួល ។ លោកបានប្រាប់ពួកគេថា កូនេលាស និង គ្រួសាររបស់លោកបានទទួលការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយក្រោយមកបានទទួលបទពិសោធន៍នៃព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ដូចគ្នាទៅនឹងពេត្រុស និងពួកសិស្សផ្សេងទៀតបានមានផងដែរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន កិច្ចការ ១១:១៦-១៧ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសុន្ទរកថាបញ្ចប់របស់ពេត្រុសទៅកាន់ពួកសិស្សទាំងនោះ ។
-
តើអ្នកគិតថា ពេត្រុសចង់មានន័យយ៉ាងណាដែរ នៅពេលលោកបានមានប្រសាសន៍ថា « ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន » (ខ ១៧) ? ( ពេត្រុសពុំបានបដិសេធព្រះទ័យរបស់ព្រះអំពីការប្រទានឱកាសដល់ពួកសាសន៍ដទៃដើម្បីទទួលដំណឹងល្អ ប្រែចិត្ត ហើយជ្រមុជទឹកនោះឡើយ ) ។
សូមអញ្ជើញសិស្សឲ្យអានកិច្ចការ ១១:១៨ដោយស្ងាត់ស្ងៀម ហើយរកមើលថា ពួកសិស្សបានឆ្លើយតបយ៉ាងដូចម្ដេចដល់ការពន្យល់របស់ពេត្រុស ។
-
តើពួកសិស្សបានឆ្លើយតបយ៉ាងដូចម្តេច នៅពេលពួកគេបានដឹងថា ពេត្រុសត្រូវបានដឹកនាំដោយព្រះនោះ ?
-
តើដំណើររឿងនេះបង្រៀននូវគោលការណ៍អ្វីខ្លះ អំពីរបៀបដែលយើងអាចគាំទ្រ ហើយធ្វើតាមអ្នកដែលធ្វើជាអធិបតីនៅក្នុងសាសនាចក្រនោះ ? ( សិស្សអាចរកឃើញគោលការណ៍ខុសៗគ្នា ប៉ុន្តែសូមធ្វើឲ្យប្រាកដថា ពួកគេយល់ថានៅពេលយើងដឹងថា ពួកអ្នកដែលធ្វើជាអធិបតីលើសាសនាចក្រត្រូវបានដឹកនាំដោយព្រះ នោះយើងអាចគាំទ្រដោយមានទំនុកចិត្ត ហើយធ្វើតាមពួកគាត់ ។ គោលការណ៍នេះត្រូវបានបញ្ជាក់នៅក្នុងព្រះគម្ពីរសម័យទំនើប ដែលបានកត់ត្រាថា ព្រះបានបើកសម្តែងព្រះឆន្ទៈរបស់ទ្រង់ដល់អស់អ្នក ដែលកាន់កូនសោបព្វជិតភាពជា អធិបតី [ សូមមើល គ. និង ស. ២៨:២, ៧, ៤២:១១, ១០៧:៦៥–៦៦ ] ) ។
-
តើអ្នកបានដឹងថា អស់អ្នកដែលធ្វើជាអធិបតីលើសាសនាចក្រត្រូវបានដឹកនាំដោយព្រះយ៉ាងដូចម្តេច ?
-
តើមានការទូន្មានអ្វីខ្លះ មកពីព្យាការីដែលអ្នកបានជ្រើសធ្វើតាម ដោយសារអ្នកដឹងថាព្យាការីត្រូវបានដឹកនាំដោយព្រះនោះ ?
សូមអញ្ជើញសិស្សឲ្យដាក់គោលដៅមួយដើម្បីទទួលបានទីបន្ទាល់មួយដ៏រឹងមាំថា អស់អ្នកដែលធ្វើជាអធិបតីលើសាសនាចក្រត្រូវបានដឹកនាំដោយព្រះ ។
កិច្ចការ ១១:១៩–៣០
កិច្ចការរបស់ព្រះអម្ចាស់ឆ្ពោះទៅមុខទោះបីជាមានការបៀតបៀនយ៉ាងណាក្តី ។
សូមសង្ខេបកិច្ចការ ១១:១៩-៣០ ដោយពន្យល់ថា ដោយសារការបៀតបៀន សិស្សមួយចំនួនត្រូវបានខ្ចាត់ខ្ចាយទៅទូទាំងតំបន់នានា ប៉ុន្តែពួកអ្នកស្មោះត្រង់នៅតែបន្តផ្សព្វផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមិនថាទីណាដែលពួកគេបានទៅនោះទេ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
កិច្ចការ ១០:២១-២៤ ។ កូនេលាសត្រូវតែបញ្ជូនទៅរកពេត្រុស ដើម្បីទទួលពិធីបរិសុទ្ធនៃដំណឹងល្អ
« ការមើលឃើញទេវតាមួយអង្គ ឬការយាងមកជួបរបស់ព្រះពុំបាននាំមកនូវសេចក្ដីសង្គ្រោះឡើយ ប៉ុន្តែការគោរពតាមបទបញ្ញត្តិទៅវិញទេ ដែលអាចនាំមកនូវសេចក្ដីសង្រ្គោះនោះ ។ កូនេលាសប្រាថ្នាចង់បានសេចក្ដីសង្គ្រោះ ហើយដើម្បីទទួលបានវា គាត់ត្រូវគោរពតាមបញ្ញត្តិរបស់វា ។ ទេវតាដែលបានយាងមក ហើយផ្ដល់ការណែនាំដំបូងដល់កូនេលាសនោះ អាចមានបន្ទូលប្រាប់គាត់ថាត្រូវធ្វើអ្វីខ្លះ ប៉ុន្តែទ្រង់បានបញ្ជូនគាត់ទៅរកពេត្រុស ដែលកាន់សិទ្ធិអំណាចនោះនៅលើផែនដី ។ នេះគឺជាគំរូនៅក្នុងនគរព្រះ ។ បន្ទាប់មក យ៉ូសែប ស៊្មីធ បានសង្កេតឃើញ ៖… ‹ ទេវតាអង្គនោះបានមានបន្ទូលប្រាប់កូនេលាសដ៏ល្អពីជំនាន់មុននោះថា គាត់ត្រូវទៅរកពេត្រុសដើម្បីរៀនពីរបៀបដើម្បីទទួលការសង្គ្រោះ ៖ពេត្រុសអាចជ្រមុជទឹកបាន ខណៈពួកទេវតាពុំអាចធ្វើកិច្ចការនេះបានទេ ដរាបណាមានអ្នកកាន់តំណែងស្របច្បាប់នៅក្នុងសាច់ឈាមកាន់កូនសោនៃនគរ ឬសិទ្ធិអំណាចនៃបព្វជិតភាព»[Teachings of Presidents of the Church: Joseph Smith (ឆ្នាំ ២០០៧ ), ១១០; italics added] » (The Life and Teachings of Jesus and His Apostles [Church Educational System manual, ឆ្នាំ ១៩៧៩ ], ២៥២) ។
កិច្ចការ ១០:៤៥ ។ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
នៅក្នុង កិច្ចការ ១០:៤៥ ឃ្លា « អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ » សំដៅទៅលើព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានកើតមានដល់ពួកសាសន៍ដទៃទាំងនេះ ។ វាខុសពី អំណោយទាន នៃព្រះវិញ្ញាណបរិសុទ្ធ ដែលយើងទទួលតាមរយៈពិធីបរិសុទ្ធនៃពិធីបញ្ជាក់បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក [ សូមមើល កិច្ចការ ៨:១៤–១៧, Teachings of Presidents of the Church:Joseph Smith [ ឆ្នាំ ២០០៧ ], ៩៧] ) ។
កិច្ចការ ១១ ។ ព្រះដឹកនាំសាសនាចក្ររបស់ទ្រង់ដោយប្រទានវិវរណៈដល់ព្យាការីរបស់ទ្រង់ ដែលជាសាវករៀមច្បង
អែលឌើរ អិល ថម ភែរី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងអំពីរបៀប ដែលវិវរណៈត្រូវបានទទួលសម្រាប់សាសនាចក្រ ៖
« មានរបៀបមួយរបស់ព្រះអម្ចាស់ដែលទ្រង់បើកសម្តែងពីព្រះឆន្ទៈរបស់ទ្រង់ដល់មនុស្សលោក ។ យើងទាំងអស់គ្នាមានសិទ្ធិដើម្បីទូលសុំព្រះអម្ចាស់ ហើយទទួលការបំផុសគំនិតតាមរយៈព្រះវិញ្ញាណរបស់ទ្រង់នៅក្នុងព្រំសីមានៃទំនួលខុសត្រូវរបស់យើង ។ ឪពុកម្តាយអាចទទួលវិវរណៈសម្រាប់ក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ ប៊ីស្សពអាចទទួលវិវរណៈសម្រាប់ក្រុមជំនុំរបស់ខ្លួន ហើយគណៈប្រធានទីមួយសម្រាប់សាសនាចក្រទាំងមូល ។ ប៉ុន្តែ យើងមិនអាចទទួលវិវរណៈសម្រាប់ការទទួលខុសត្រូវរបស់មនុស្សម្នាក់ទៀតបានឡើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាស ៖
« ‹ វាគឺជាការផ្ទុយពីរបៀបរបស់ព្រះ ដែលសមាជិកគ្រប់រូបនៃសាសនាចក្រ ឬមនុស្សគ្រប់រូប ក្នុងការទទួលបានការណែនាំសម្រាប់អ្នកទាំងឡាយដែលមានសិទ្ធិអំណាចខ្ពស់ជាងពួកគេនោះ » [ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ), ទំព័រ ១៩៧–៩៨]” (« We Believe All That God Has Revealed »Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៨៥–៨៦ ) ។
កិច្ចការ ១១ ។ ជារឿយៗ វិវរណៈមកតាមកម្រិត នៅពេលយើងធ្វើតាមអ្វីដែលយើងដឹង
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រៀបប្រដូចវិវរណៈដែលកើនតាមកម្រិតទៅនឹងការរះឡើងនៃព្រះអាទិត្យ ៖
« ការបង្កើនពន្លឺបន្ដិចម្ដងៗ មកពីពន្លឺព្រះអាទិត្យរះ គឺដូចជាការទទួលសារលិខិតមួយមកពីព្រះ ‹មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ› (នីហ្វៃទី 2 28:30)។ ជានិច្ចកាល វិវរណៈកើតឡើងនៅក្នុងចំនួនដ៏តូចបន្តិចម្ដងៗ ហើយត្រូវបានផ្ដល់ឲ្យស្របតាមបំណងប្រាថ្នា ភាពសក្ដិសម និងការរៀបចំខ្លួនរបស់យើង ។ ការប្រាស្រ័យទាក់ទងបែបនោះ ដែលមកពីព្រះវរបិតាសួគ៌បន្តិចម្តងៗ ‹ ចុះមកលើ [ ព្រលឹងរបស់យើង ] ដូចជាទឹកសន្សើមចុះពីលើមេឃ › (គ. និង ស. ១២១:៤៥ ) ។ លំនាំវិវរណៈនេះកើតឡើងជាញឹកញាប់ជាង » ( « The Spirit of Revelation »Ensign ឬLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។