បណ្ណាល័យ
មេរៀន​ទី ១១៩ ៖ កាឡាទី ៥–៦


មេរៀនទី ១១៩

កាឡាទី ៥–៦

សេចក្តី​ផ្ដើម

​ប៉ុល​បាន​លើក​ទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ​នៅ​​កាឡាទី ឲ្យ​ស្ថាបនា​​​សេចក្ដីជំនឿ​របស់ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទឡើង​វិញ ហើយ​ទុកចិត្ត​ថា សេចក្ដី​សង្គ្រោះ​គឺ​អាច​ទទួលបាន​តែ​តាម​រយៈ​ទ្រង់ប៉ុណ្ណោះ ពុំ​មែន​តាមរយៈ​ការ​គោរព​តាម​​ក្រឹត្យវិន័យ​របស់​​លោក​ម៉ូសេ​ឡើយ ។ ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ ដោយ​ការ​អញ្ជើញ​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​ប្រែក្លាយ​ទៅជា​សត្វលោក​ថ្មី​តាមរយៈ​ព្រះគ្រីស្ទ ហើយ​ជួយ​អ្នកដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

កាឡាទី ៥

ប៉ុលបាន​លើក​ទឹកចិត្ត​ដល់​​ពួក​បរិសុទ្ធ​នៅ​​កាឡាទី​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​របស់​ខ្លួនទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ

រូបភាព
drawing, tug-of-war

សូម​គូ​រ​រូប​ភាពទាញ​ព្រាត់នៅលើ​ក្ដារខៀន ។

  • តើ​ការ​ទាញ​ព្រាត់​ជា​អ្វី ? តើ​អ្នកអាច​ឈ្នះ​វា​ដោយ​របៀប​ណា ?

  • តើ​ជីវិត​របស់​យើង​ស្រដៀងគ្នា​នឹង​ការ​ទាញ​ព្រាត់​​តាមវិធីណា ?

ប្រសិន​បើ​សិស្ស​ពុំ​បាន​​ប្រាប់​អំពី​វា​ទេ សូម​ចង្អុល​បង្ហាញ​ថា ទិដ្ឋភាព​មួយ​នៃ​ជីវិត​របស់​យើង​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ទាញ​ព្រាត់ គឺ​ការ​ពុះពារ​របស់​យើង​ទប់ទល់​នឹង​ការល្បួង ។ សូមអញ្ជើញសិស្សឲ្យ​រកមើល​សេចក្ដីពិត ​នៅ​ពេល​​ពួកគេ​សិក្សាកាឡាទី ៥​ដែល​អាច​ជួយ​ពួកគេ​ឲ្យដឹង ​អំពី​របៀប​ដើម្បី​យក​ឈ្នះ​លើ​ការ​ពុះពារ​​ទប់ទល់​នឹង​ការល្បួង ។

សូម​រំឭក​សិស្ស​ថា ​ពួក​គ្រីស្ទាន​ដែល​ជា​សាសន៍​យូដាមួយចំនួន​ បាន​ដឹកនាំ​ពួក​បរិសុទ្ធ​ឲ្យ​ភាន់ច្រឡំ​នៅក្នុង​ក្រុង​​កាឡាទី ដោយ​​បង្រៀន​ពួកគេ​ថា ពួកគេ​ចាំបាច់​ត្រូវ​រស់នៅ​តាម​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ ហើយ​ត្រូវ​កាត់ស្បែក​​ដើម្បី​​អាច​បាន​សង្គ្រោះ ។ ​ប៉ុល​បាន​ពិពណ៌នា​អំពី​ការ​បង្រៀន​ខុស​ឆ្គង​អំពី​ក្រឹត្យវិន័យ​លោក​ម៉ូសេ​​ទាំង​នេះថា « ​ជាប់​ចំណង​ជា​បាវ​បម្រើ » (កាឡាទី៥:១) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កាឡាទី៥:១ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ថា​ តើនរណា​ដែល​ប៉ុល​បាន​និយាយថា នឹង​នាំ​មក​នូវ​​សេរីភាព​​​ចេញ​ពី​ការ​ជាប់​ចំណង​ជា​បាវ​បម្រើ​នេះ ។

  • តើ​នរណា​នាំមកនូវ​​សេរីភាព​​ចេញ​ពី​ការ​ជាប់​ចំណង​​ជា​បាវ​បម្រើ​នេះ ?

សូម​សង្ខេបកាឡាទី៥:២-១៥​ដោយ​​ពន្យល់​ថា​ ប៉ុល​បាន​វាយផ្ចាល​​ពួក​បរិសុទ្ធ​នៅ​កាឡាទី​ ដោយសារ​ការ​ងាយ​នឹងងាកចេញ​ពី​សេរីភាព​នៃ​ដំណឹងល្អ​​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រឡប់​ទៅ​រក​ការ​ជាប់​ចំណង​​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេវិញ​នោះ ។ បន្ទាប់​មក​លោក​បាន​បញ្ជាក់​ថា ទោះ​ជា​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​បាន​សេរីភាព ចេញពី​ការ​ជាប់​ចំណង​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ក្ដី ក៏​ការណ៍​នោះ​ពុំ​មែន​មានន័យ​ថា ពួកគេ​មាន​សេរីភាព​​​ដើម្បី​ប្រព្រឹត្ត​អំពើបាប​ដោយ​សេរី​នោះ​ទេ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន កាឡាទី៥:១៦-១៧ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​កម្លាំង​​ប្រកួត​ប្រជែង​ពីរ​​ដែល​ប៉ុល​បានពិពណ៌នា ។

  • តើ​កម្លាំង​​ប្រកួត​ប្រជែង​ពីរ ​ដែល​ប៉ុល​បាន​ពិពណ៌នា​មានអ្វីខ្លះ ?

ចូរ​បង្កើត​តារាង​មួយ​នៅ​លើ​ក្ដារខៀន​​ដោយ​​គូស​បន្ទាត់​ឈរនៅ​ត្រង់​កណ្ដាល​នៃ​រូបភាព​ការ​ទាញព្រាត់ ។ សូម​សរសេរដើរ​នៅ​ក្នុង​ព្រះវិញ្ញាណ​នៅ​ខាង​លើ​ផ្នែកម្ខាង​នៃ​ការ​ទាញ​ព្រាត់ ហើយ​​សរសេរបំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​នៅ​ខាង​លើ​ផ្នែក​ម្ខាង​ទៀត ។

  • តើ « ការ​ដើរនៅ​ក្នុង​ព្រះវិញ្ញាណ​​ » មាន​ន័យ​ដូចម្ដេច ? (ខទី ១៦ ) ។ ( ដើម្បី​រស់នៅ​ដោយ​សក្ដិសម ហើយ​ធ្វើ​តាម​ព្រះវិញ្ញាណបរិសុទ្ធ ) ។

  • តើ​ « បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម » (ខទី ១៦)​ សំដៅ​ទៅលើ​អ្វី ? ( ការ​ល្បួង​ឲ្យ​ធ្វើ​អំពើបាប ) ។

  • តើ​រឿង​ទាំងពីរ​នេះ​ចាត់ទុក​ថាជា​​ឋាមពល​​ប្រកួត​ប្រជែង​យ៉ាង​ដូចម្ដេច ?

  • តើគោលការណ៍​អ្វីខ្លះ ដែល​យើងអាច​រៀន​ចេញមកពីខទី ១៦អំពី​របៀប​ដែល​​យើង​អាច​យក​ឈ្នះ​លើ​ការ​ល្បួង​ខាង​សាច់​ឈាម ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ស្រដៀង​គ្នានេះ​ដូច​តទៅ ៖ នៅពេល​យើង​ដើរ​នៅក្នុង​ព្រះវិញ្ញាណ នោះ​យើង​​នឹង​យកឈ្នះ​លើ​ការ​ល្បួង​នានា​​ខាង​សាច់​ឈាម ។ សូម​សរសេរ​​គោលការណ៍​​នេះ​​នៅលើ​​ក្ដារខៀន ) ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា តើ​ពួកគេ​ស្ថិត​នៅ​ខាង​ណា​ក្នុង​ការ​ទាញ​ព្រាត់​នោះ ហើយ​តើ​កម្លាំង​ណាមួយ​កំពុង​តែ​យកឈ្នះ​នៅក្នុងជីវិត​របស់ពួកគេ ។

សូម​ចែក​សិស្ស​ជា​ក្រុម ដែល​មាន​គ្នា​ពីរ ឬ​បី​នាក់ ។ ចូរ​ចាត់​ឲ្យ​សិស្ស​ក្នុង​ក្រុម​​ពាក់​កណ្ដាល​អាន​កាឡាទី ៥:១៩-២១​ ឮ​ៗ​ជាមួយ​គ្នា ហើយ​រកមើល​លទ្ធផល​នៃ « [ ការបំពេញ​តាម ] សេចក្ដីប៉ងប្រាថ្នា​ខាង​សាច់ឈាម » ។ សូម​អញ្ជើញ​សិស្ស​ពាក់កណ្ដាល​ក្រុម​ទៀត​ឲ្យ​អានកាឡាទី៥:២២-២៣​ ឮៗ​ជាមួយ​គ្នា ហើយ​រក​មើល​លទ្ធផល​នៃការ​ដើរ​នៅក្នុង​ព្រះវិញ្ញាណ ។ នៅពេល​អ្នក​បញ្ចប់​ការ​អាន សូម​អញ្ជើញ​សមាជិក​ម្នាក់​មកពី​ក្រុម​នីមួយៗ ឲ្យសរសេរ​​នៅក្នុង​កូឡោន​ត្រឹមត្រូវ​នៅលើ​ក្ដារខៀន​ នូវ​ចម្លើយ​មួយ​ដែលពួកគេ​បាន​រក​ឃើញ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បន្ដ​សរសេរ​ចម្លើយ​របស់​ពួកគេ ​រហូត​ដល់​តារាង​នោះ​ឆ្លុះ​បញ្ចាំង​ទៅនឹង​អ្វី​​ដែល​ប៉ុល​បាន​រៀបរាប់ ។ អ្នកអាច​នឹង​ចង់​​យក​វចនានុក្រម​មក​ថ្នាក់​រៀន ហើយអញ្ជើញសិស្ស​ឲ្យ​រក​មើល​ពាក្យ​ណា​ដែល​ពិបាក​យល់ ។

  • យោងតាមខទី ២១តើ​ប៉ុល​បង្រៀន​ថា​អ្វីខ្លះ ​នឹង​កើត​មានឡើង​​​ចំពោះ​មនុស្ស​ដែល​ចុះចាញ់ « កិច្ចការ​ខាង​សាច់​ឈាម » ?

  • យោង​តាមខទី ២២-២៣តើ​ផល​ផ្លែ ឬ​លទ្ធផល​អ្វីខ្លះ​ ដែល​ចង្អុល​បង្ហាញ​ថា នរណា​​ម្នាក់​កំពុង​តែ​ដើរ​នៅក្នុង​ព្រះវិញ្ញាណ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែចូរ​ប្រាកដ​​ថា ​​ពួកគេ​​ស្គាល់​សេចក្ដីពិត​​ដូចខាងក្រោម​នេះ ៖ ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​នោះ​​គឺ​ជា​សេចក្តី​ស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត និង​ដឹងខ្នាត ។ អ្នក​អាច​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​​គូស​ចំណាំសេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

ចូរ​យោង​ទៅ​ផ្នែក​ម្ខាង​នៃ​តារាង​ត្រង់​កន្លែង​ផលផ្លែ​នៃ​ព្រះវិញ្ញាណ​ដែល​​បាន​រៀបរាប់ ។

  • ហេតុអ្វី​ពរជ័យ​ទាំងនេះ​សក្ដិសម​នឹង​មាន ?

នៅ​ខាង​ក្រោម​តារាង​នោះ សូម​គូស​​សញ្ញា​ព្រួញ​ធំមួយ​ចង្អុល​ទៅ​ត្រង់​កន្លែង ​ដែល​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ត្រូវ​បាន​រៀបរាប់ ។ សូម​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា នៅ​ក្នុង​​និមិត្តរូបនៃ​ការ​ទាញ​ព្រាត់​នេះ យើង​អនុញ្ញាត​​ឲ្យ​ខ្លួន​យើង​រំកិល​ទៅរក​សេចក្ដីប៉ងប្រាថ្នា​ខាង​សាច់ឈាម ។

  • តើ​មានអ្វី​កើតឡើង​ចំពោះ​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ នៅពេល​យើង​ចុះចាញ់​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាងសាច់​ឈាម ? ( យើង​ចាប់​ផ្ដើម​បាត់បង់​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ ) ។

សូម​លុប​សញ្ញា​ព្រួញ​ចេញ ហើយ​គូស​រូប​សញ្ញា​ព្រួញ​មួយ​ទៀត​ចង្អុល​ទៅ​រក​ផល​ផ្លែ​ខាង​វិញ្ញាណ ។ សូម​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា ឥឡូវ​យើង​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​រំកិល​ទៅ​​ខាង​នេះ ។

  • តើ​មានអ្វីកើត​ឡើង​ចំពោះ​កិច្ចការ​ខាង​សាច់​ឈាម ពេល​យើង​ដើរ​នៅ​ក្នុង​ព្រះវិញ្ញាណ ? ( វា​ឈប់​មាន​ចំណែក​នៅក្នុង​ជីវិត​យើង​ទៀត​ហើយ ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​​របស់​ពួកគេ​អំពី​គ្រា​មួយ​ដែល​ពួកគេ​ទទួលអារម្មណ៍ ឬ​មានបទពិសោធន៍​អំពី​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​មួយ​ក្នុងចំណោមផលផ្លែ​ទាំងនេះ ។ ចូរ​សុំ​ពួកគេ​ឲ្យ​ដាក់បញ្ចូល​នូវ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ ដើម្បី​ដើរ​នៅក្នុង​ព្រះវិញ្ញាណ​នៅ​គ្រា​នោះ ។ នៅពេល​បញ្ចប់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន កាឡាទី ៥:២៤-២៥ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ពីអ្វី​​ ដែលពួកសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ព្យាយាម​​ធ្វើ​ជាមួយ​នឹង​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម ។

  • តើពួក​សិស្ស​របស់ព្រះយេស៊ូវ​ព្យាយាម​ធ្វើ​អ្វីខ្លះ ​ជាមួយ​នឹង​សេចក្ដីប៉ងប្រាថ្នា​ខាង​សាច់ឈាម​នេះ ? ( ឆ្កាង​វា ឬ​លុបបំបាត់វា​ចេញ​ពី​ជីវិត​របស់​ពួកគេ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​​អំពី​អ្វី​ដែល​ពួកគេ​​នឹង​ធ្វើ​ដើម្បី​ដើរ​កាន់តែ​ពេញលេញ​នៅក្នុង​ព្រះវិញ្ញាណ ។ សូម​លើក​ទឹក​ចិត្ត​ដល់ពួកគេ​ឲ្យ​ធ្វើ​តាម​ការ​បំផុសគំនិត ដែល​ពួកគេ​បាន​ទទួល ​ដើម្បី​ពួកគេ​អាច​រីករាយ​នឹង​ផលផ្លែ​ខាង​ព្រះ​វិញ្ញាណ ។

កាឡាទី ៦

ប៉ុល​អញ្ជើញ​ពួកបរិសុទ្ធ​​នៅ​កាឡាទី​​ឲ្យ​ផ្លាស់ប្ដូរ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ

សូមអញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​នរណាម្នាក់​ ដែល​ពួកគេ​ស្គាល់​ថ្មីៗ​នេះ ដែល​ពុំ​បាន​ទទួល​ពរជ័យ​នៃ​ដំណឹង​ល្អ ទោះជា​​បុគ្គល​នោះ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​ហើយ​ក្ដី ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​រក​មើល​គោលការណ៍​មួយ នៅពេល​ពួកគេ​សិក្សាកាឡាទី ៦​ដែល​អាច​ដឹកនាំ​ពួកគេ​នៅក្នុង​កិច្ច​ខិតខំ​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ ដែល​ពួកគេ​បាន​គិត​ដល់​នោះ ឲ្យ​ទទួល​បាន​នូវ​​ពរជ័យ​នៃ​ដំណឹង​ល្អ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កាឡាទី ៦:១-២ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​ថា​តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ ​អំពី​របៀប​ដែល​សមាជិក​នៃ​សាសនាចក្រ​គួរ​ឆ្លើយ​តប​ទៅ​នរណា​​ម្នាក់​ ដែល​បាន​ធ្វើ​អំពើ​បាប​នោះ ។ ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា « ធ្វើ​ខុស​អ្វីមួយ » [ខទី ១] មានន័យ​ថា​ធ្វើ​អំពើបាប ) ។

  • យោង​តាម​ប៉ុល តើ​សមាជិក​នៃ​សាសនាចក្រ​គួរ​ឆ្លើយ​តប​ចំពោះនរណា​ម្នាក់​ ដែល​បាន​ធ្វើ​អំពើបាប​យ៉ាង​ដូចម្ដេច ? ( « ស្ថាបនា » មនុស្សនោះ ឬ​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​មក​កាន់​មាគ៌ា​នៃ​ដំណឹងល្អ​វិញ ) ។

  • ហេតុអ្វី​ក៏​វាសំខាន់​ដើម្បី​​មាន « ​វិញ្ញាណ​ស្លូតបូត » (ខទី ១) នៅពេល​យើង​ជួយ​នរណា​ម្នាក់​​ឲ្យ​ត្រឡប់​មក​កាន់​មាគ៌ា​នៃ​ដំណឹងល្អ​វិញ ?

  • តើ​វិធីមួយចំនួន​ណា​ខ្លះ​ដែល​យើង​អាច « ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក… » ? ( ខ​ទី ២ ) ។

សូម​សង្ខេបកាឡាទី ៦:៣-៥​ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា យើង​ពុំ​គួរមានភាព​ឆ្មើងឆ្មៃ និង​គិត​សុចរិត​តែ​ខ្លួន​ឯង​ ហើយ​ថា​មនុស្ស​គ្រប់រូប​នឹង​ « ត្រូវ​ទទួល​បន្ទុក​របស់ ​[ ពួកគេ ] ផ្ទាល់ » (ខទី ៤) ឬ​​ត្រូវ​តែ​ទទួល​ខុសត្រូវ​​ចំពោះ​ជម្រើស​​របស់​ពួកគេ​នោះ​ទេ ។

សូម​បង្ហាញ​គ្រាប់ពូជ​ផ្លែឈើ ឬ​គ្រាប់ពូជ​បន្លែមួយ​ចំនួន​ដែល​សិស្ស​ងាយ​នឹង​ស្គាល់ ។ ចូរ​សួរ​ពួកគេ​ឲ្យ​ប្រាប់​ថា​ តើ​នោះ​ជា​គ្រាប់ពូជ​អ្វី ។​

  • តើ​អ្នកអាច​រំពឹង​ចង់​បានអ្វី​ខ្លះ បើ​អ្នក​ដាំ​គ្រាប់​ពូជ​ទាំង​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កាឡាទី ៦:៧-៨ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​ថា​តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ អំពីអ្វី​ដែល​យើងអាច​រំពឹង​ចង់​បាន នៅពេល​យើង​ដាំ​គ្រាប់​ពូជ ។

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពីអ្វី​ ដែល​យើង​អាច​រំពឹង​ចង់​បាន នៅពេល​យើង​ដាំ​គ្រាប់​ពូជ ? ( អ្វីដែល​អ្នក​ដាំ ឬ​បណ្ដុះ គឺជា​អ្វី​ដែល​អ្នក​នឹង​​ច្រូត​កាត់ ឬ​ប្រមូលផល ។ នេះ​ត្រូវ​បាន​ហៅថា ច្បាប់​នៃ​ការ​ប្រមូល​ផល ) ។​

  • តើ​ច្បាប់​នៃ​ការ​ប្រមូល​ផល​ទាក់ទង​ទៅ​នឹង​ការ​សម្រេច​ចិត្ត​ ដែល​យើង​ធ្វើ​យ៉ាង​ដូច​ម្ដេច ?

សូម​ឲ្យ​សិស្ស​អាន កាឡាទី ៦:៩-១០ ដោយ​ស្ងៀមស្ងាត់ ។ ចូរ​សុំ​ឲ្យ​ពួកគេ​រក​មើល​ថា​ ហេតុអ្វី​ប៉ុល​បាន​បង្រៀន​អំពីច្បាប់​នៃ​ការ​ប្រមូល​ផល ។

  • ហេតុអ្វី​ក៏អ្នក​គិត​ថា ប៉ុល​បានបង្រៀន​អំពី​ច្បាប់​នៃ​ការ​ប្រមូលផល បន្ទាប់ពី​លោក​បាន​អញ្ជើញ​ឲ្យ​​ពួក​កាឡាទី​​​ជួយ​គ្នាទៅវិញ​ទៅមក​ឲ្យ​ស្ថិត​នៅលើ ឬ​ត្រឡប់​មក​កាន់​មាគ៌ា​នៃ​ដំណឹង​ល្អ​វិញ​ដូច្នេះ ?

  • តើគោលការណ៍អ្វីខ្លះ ដែល​យើង​អាច​រៀន​មក​ពី​ខគម្ពីរ​ទាំងនេះ អំពីការ​ជួយ​អ្នកដទៃ​ដែល​ពុំ​មាន​ចិត្តរីករាយ​នឹង​ពរជ័យ​នៃ​ដំណឹង​ល្អ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ស្រដៀង​គ្នានេះ​ដូច​តទៅ ៖ ប្រសិន​យើង​យើង​ឧស្សាហ៍​ព្យាយាម​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​ល្អ នោះយើង​នឹង​ច្រូតកាត់​នូវ​ពរជ័យ​នៃ​ទង្វើ​របស់​យើង )

  • តើ​ការ​សន្យា​ថា​ យើង​នឹង​ច្រូតកាត់ « ​​តាម​ពេល​​កំណត់ » អាច​ជួយ​យើង​មិនឲ្យ « រសាយ​ចិត្ត​ » ( ខទី ៩ ) ឬបោះបង់​ចោលការ​ខិតខំ​របស់យើង​ដើម្បី​បម្រើ​​ដល់​អ្នក​ដទៃ ហើយ​រស់នៅ​ក្នុង​ដំណឹងល្អ​​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​នៅពេលណា ដែល​​​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​ធ្វើការ​ល្អ ទោះជា​​អ្នក​ពុំ​បាន​ទទួល​ពរជ័យ​​ភ្លាមៗ​ក្ដីនោះ ? ( អ្នក​ក៏​អាច​ពិចារណា​ក្នុង​ការ​​ចែកចាយ​បទពិសោធន៍​​មួយ​ផងដែរ ) ។

សូមសង្ខេបកាឡាទី ៦:១១-១៨​ដោយ​ពន្យល់​ថា​ ប៉ុល​បានបញ្ចប់​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួកបរិសុទ្ធ​នៅ​​កាឡាទី ​ដោយ​ប្រាប់​​ឡើងវិញថា ​​សេចក្ដីសុខសាន្ដ និង​ក្ដី​មេត្តា​​ករុណា​របស់ព្រះយេស៊ូវ​គ្រីស្ទ គឺកើត​មាន​លើ​មនុស្ស​ទាំងអស់​ ដែល​បាន​ក្លាយ​ជា​សត្វលោក​ថ្មី​តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះ​នាម​ទ្រង់ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ « កុំឲ្យយើង​ណាយ​ចិត្ត​​​នឹង​ធ្វើ​ការល្អ​ឡើយ » (ខទី ៩)​ ហើយឲ្យ​​គិត​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​នរណា​ ដែល​ពួក​គេ​អាច​ជួយ​ឲ្យ​ត្រឡប់​មក​កាន់​​មាគ៌ា​របស់​ព្រះអម្ចាស់​​វិញ ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​តាម​ការបំផុសគំនិត ​ដែល​ពួកគេ​ទទួល​បាន​​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​​ដោយ​ឧស្សាហ៍​ព្យាយាម ។

រូបភាព
រូប​សញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—កាឡាទី៥:២២-២៣

ដើម្បី​ជួយសិស្សឲ្យ​​ទន្ទេញចាំកាឡាទី ៥:២២-២៣សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​សូត្រ​វា​មួយ​ពាក្យម្ដងៗ ​ម្ដង​ម្នាក់ៗ ។ ឧទាហរណ៍ សិស្សទីមួយ​នឹង​និយាយថា « តែ » សិស្ស​ទីពីរ​និយាយ​ថា « ឯ » សិស្ស​ទីបី​នឹង​និយាយ​​ថា « ផល » ជាដើម​ រហូត​ដល់​ខ​ទាំង​ពីរ​នេះ​ត្រូវ​បាន​បញ្ចប់ ។ សូម​កំណត់​ម៉ោង​សិស្ស ហើយ​ឲ្យ​ពួកគេ​ព្យាយាមសូត្រវាជា​ច្រើន​ដង ​រហូត​អស់​ម៉ោង​​ដែល​កំណត់​នោះ ។ នៅពេល​ដែល​អ្នក​ធ្វើ​សកម្មភាព​នេះ​ម្តងហើយ​ម្តង​ទៀត សូមគិត​អំពីការ​ឆ្លាស់​វេណ​​សិស្ស ដើម្បី​ឲ្យ​ពួកគេ​និយាយ​ពាក្យ​ខុសៗ​គ្នា ។ អ្នក​ក៏​អាច​ផ្ដល់​យោបល់​ឲ្យ​សិស្ស​ហាត់​វា​ ​នៅ​ពេល​​ចាប់​ផ្ដើម​ថ្នាក់​ក្នុងរយៈពេល​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ដើម្បី​ឲ្យ​ពួកគេ​អាច​សូត្រ​វា​ក្នុង​ពេល​កាន់​តែ​ខ្លី​ផង​ដែរ​ ។ បន្ទាប់ពី​សិស្ស​បានស្ដាប់​ឮ​បទគម្ពីរ​សូត្រ​​ឡើង​វិញ​ជា​ច្រើន​ដង​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ព្យាយាម​សូត្រ​វាចេញ​​មកពី​ការ​ទន្ទេញចាំ​​ទៅ​ដល់​នរណា​ម្នាក់​ ដែល​អង្គុយ​នៅជិត​ពួកគេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កាឡាទី ៥:២៤។ « ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្តី​រំជួល និង​សេចក្តី​ប៉ងប្រាថ្នា​ទាំង​ប៉ុន្មាន​ផង »

ការបង្រៀន​របស់​ប៉ុលដែល​ថា « អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះគ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​​​ហើយ ព្រម​ទាំង​សេចក្តី​រំជួល និង​សេចក្តី​ប៉ងប្រាថ្នា​ទាំង​ប៉ុន្មាន​ផង » គឺ​ពុំ​មែន​មាន​ន័យ​​ថា អ្នកទាំងឡាយ​ដែល​​ធ្វើ​តាម​ព្រះគ្រីស្ទ​នឹង​​ឈប់​ជួប​ការល្បួង​នោះទេ ។ តែ​វា​មានន័យ​ថា ពួកគេ​នឹង​រៀន​អំពី​របៀប​ដើម្បី​យកឈ្នះ​លើ​ការ​ល្បួង​ទាំងឡាយ​របស់​ពួកគេ​វិញ ។