មេរៀនទី ១៤៥
ពេត្រុសទី ១ ៣–៥
សេចក្តីផ្ដើម
ពេត្រុសបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យត្រៀមខ្លួនជានិច្ច ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយរស់នៅដោយសុចរិត ដើម្បីពួកគេអាចបណ្តេញនូវការចោទប្រកាន់ខុសឆ្គង ដែលបានធ្វើឡើងប្រឆាំងនឹងពួកគេ ។ លោកបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានផ្សាយដំណឹងល្អនៅក្នុងពិភពវិញ្ញាណ បន្ទាប់ពីទ្រង់សុគត ។ ពេត្រុសក៏បានទូន្មានពួកអែលឌើរនៃសាសនាចក្រផងដែរ ឲ្យមើលថែទាំហ្វូងចៀមរបស់ព្រះ ឲ្យដូចជាការមើលថែទាំរបស់ព្រះយេស៊ូវគ្រីស្ទដែរ ដែលទ្រង់ជាប្រធាននៃអ្នកគង្វាល ។
យោបល់សម្រាប់ការបង្រៀន
ពេត្រុសទី១ ៣:១–១៧
ពេត្រុសទូន្មានឲ្យពួកបរិសុទ្ធមានភាពសាមគ្គីគ្នានៅក្នុងភាពសុចរិត ហើយត្រៀមខ្លួនជានិច្ចដើម្បីថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ
សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ថូម៉ាស អេស ម៉នសុន ៖
« យើងនឹងមានឱកាសនានាពេញមួយជីវិតយើង ដើម្បីចែកចាយជំនឿរបស់យើង ទោះបីជាយើងមិនបានដឹងពីពេលដែលយើងនឹងត្រូវបានហៅឲ្យធ្វើយ៉ាងដូច្នេះជានិច្ចក្តី ។ ឱកាសមួយបែបនេះបានកើតមានចំពោះខ្ញុំក្នុងឆ្នាំ ១៩៥៧ កាលខ្ញុំធ្វើការក្នុងអាជីពផ្នែកបោះពុម្ព ហើយត្រូវបានសុំឲ្យទៅទីក្រុង ដាឡាស រដ្ឋ តិចសាស [ ស.រ.អា. ] ពេលខ្លះត្រូវបានហៅថា ‹ ទីក្រុងដែលមានព្រះវិហារច្រើន › ដើម្បីថ្លែងសុន្ទរកថាក្នុងការប្រជុំមុខជំនួញ ។ បន្ទាប់ពីបញ្ចប់សុន្ទរកថាខ្ញុំបានជិះឡានក្រុងមើលទេសភាពតាមជាយក្រុងក្នុងទីក្រុងនោះ ។ ពេលយើងបានឆ្លងកាត់ព្រះវិហារមួយចំនួន តៃកុងឡានបាននិយាយថា ‹ នៅខាងឆ្វេងដៃ អ្នកនឹងឃើញព្រះវិហារមេតូឌីស › ឬ ‹ នៅខាងស្តាំដៃគឺជាព្រះវិហារកាតូលិក › ។
ពេលយើងឆ្លងកាត់អគារឥដ្ឋពណ៌ក្រហមដ៏ស្រស់ស្អាតមួយដែលសង់នៅលើភ្នំ តៃកុងឡានបាននិយាយថា ‹ អគារនោះគឺជាកន្លែងដែលពួកមរមនប្រជុំគ្នា › ។ មានស្ត្រីម្នាក់នៅក្នុងឡានក្រុងផ្នែកខាងក្រោយបានស្រែកឡើងថា ‹ តៃកុងឡាន តើអ្នកអាចប្រាប់ពួកយើងបន្ថែមទៀតពីពួកមរមនបានទេ ? ›
តៃកុងឡាននោះបានឈប់ឡានក្រុងនៅក្បែរគែមផ្លូវ ហើយបានងាកមកក្រោយដោយនិយាយថា ‹ អ្នកស្រី អ្វីដែលខ្ញុំដឹងពីពួកមរមនគឺថា ពួកគេជួបជុំគ្នានៅក្នុងអគារឥដ្ឋក្រហមនោះ ។ តើមាននរណាម្នាក់នៅលើឡាននេះដឹងរឿងបន្ថែមទៀតពីពួកមរមនដែរឬទេ ? › » ( « Dare to Stand Alone » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦៧ ) ។
-
ប្រសិនបើអ្នកនៅក្នុងឡានក្រុងនោះ តើអ្នកនឹងធ្វើអ្វីខ្លះ ?
-
ហេតុអ្វីពេលខ្លះវាអាចជាការលំបាក ដើម្បីប្រាប់មនុស្សដទៃអំពីជំនឿរបស់យើង ?
សូមអញ្ជើញសិស្សឲ្យរកមើលគោលការណ៍មួយ នៅពេលពួកគេសិក្សា ពេត្រុសទី ១ ៣:១–១៧ដែលនឹងជួយដឹកនាំពួកគេ នៅពេលពួកគេមានឱកាសជាច្រើនដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។
សូមសង្ខេបពេត្រុសទី ១ ៣:១–១១ដោយពន្យល់ថា ពេត្រុសបានដាស់តឿនភរិយាទាំងឡាយឲ្យជួយដល់ស្វាមីដែលពុំជឿលើព្រះគ្រីស្ទ តាមរយៈទង្វើសុចរិតរបស់ពួកគេ ។ លោកបានទូន្មានស្វាមីឲ្យគោរពស្រឡាញ់ភរិយារបស់ខ្លួន ។ លោកក៏បានទូន្មានដល់សមាជិកទាំងឡាយឲ្យរស់នៅស្របតាមបទដ្ឋានដំណឹងល្អផងដែរ ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន ពេត្រុសទី១ ៣:១៤–១៦ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលថាតើពេត្រុសទូន្មានដល់ពួកបរិសុទ្ធឲ្យធ្វើអ្វីខ្លះ នៅពេលពួកគេរងនូវការបៀតបៀន ដោយសារតែពួកគេរស់នៅដោយសុចរិតនោះ ។
-
តើពេត្រុសទូន្មានដល់ពួកបរិសុទ្ធឲ្យធ្វើអ្វីខ្លះ នៅពេលពួកគេរងទុក្ខនូវការបៀតបៀនដោយសារតែពួកគេរស់នៅដោយសុចរិតនោះ ?
-
យោងតាមខទី ១៥តើពេត្រុសបានមានប្រសាសន៍ថា ពួកអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទគួរធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនជានិច្ចនោះ ?
-
តើទិដ្ឋភាពនៃដំណឹងល្អអ្វីខ្លះ ដែលអ្នកគិតថាបានផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្ស ?
សូមពន្យល់ថាពាក្យ ឆ្លើយតប នៅក្នុង ខទី ១៥ អាចបកប្រែថា « ការពារ » ផងដែរ ។ ពេត្រុសបានទូន្មានពួកបរិសុទ្ធឲ្យចែកចាយ និង ការពារជំនឿសាសនារបស់ពួកគេ ។
-
តើពាក្យនៅក្នុងខទី ១៥អ្វីខ្លះ ដែលពិពណ៌នាអំពីរបៀបដែលយើងគួរចែកចាយ និងការពារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ? ( អ្នកអាចនឹងចង់ពន្យល់ថា ពាក្យ ភ័យខ្លាចមានន័យថា គារវភាព ឬស្ងើចសរសើរនៅក្នុងបរិបទនេះ ) ។
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះមកពីពេត្រុសទី ១ ៣:១៥អំពីអ្វីដែលយើងគួរព្យាយាមធ្វើដើម្បីត្រៀមខ្លួនជានិច្ច ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទនោះ ? ( សិស្សគួរស្គាល់សេចក្តីពិតស្រដៀងគ្នាមួយ ដូចខាងក្រោម៖ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ យើងគប្បីព្យាយាមត្រៀមខ្លួនជានិច្ចដើម្បីចែកចាយ និង ការពារជំនឿរបស់យើងដោយចិត្តសុភាពរាបសា និង ការគោរព ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់ដើម្បីចែកចាយជំនឿរបស់យើងដោយចិត្តសុភាពរាបសា និង ការគោរពនោះ ?
ដើម្បីបង្ហាញអំពីសេចក្ដីពិតនៅលើក្ដារខៀន សូមអញ្ជើញសិស្សម្នាក់ឲ្យអានឭៗអំពីដំណើររឿងរបស់ប្រធាន ម៉នសុន អំពីបទពិសោធន៍របស់លោកនៅលើឡានក្រុង ៖
« ខ្ញុំបានចាំមើលក្រែងមាននរណាម្នាក់ឆ្លើយតប ។ ខ្ញុំបានក្រឡេកមើលទៅទឹកមុខរបស់មនុស្សគ្រប់គ្នា រកមើលសញ្ញានៃការស្គាល់ពួកមរមន និងបំណងរបស់អ្នកខ្លះដែលអាចចង់បញ្ចេញយោបល់ ។ គ្មានសោះ ។ ខ្ញុំបានដឹងថា វាអាស្រ័យលើខ្ញុំ ដើម្បីធ្វើដូចជាសាវកពេត្រុស បានផ្តល់ដំបូន្មាន ‹ ចូរប្រុងប្រៀបជានិច្ច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុផលនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា › ។ ខ្ញុំក៏ដឹងពីសេចក្តីពិតដែលបាននិយាយថា ‹ នៅពេលវេលានៃការសម្រេចចិត្តមកដល់ នោះពេលនៃការត្រៀមខ្លួនគឺបានកន្លងហួសបាត់ទៅហើយ › ។
« អស់រយៈពេល ១៥ នាទីក្រោយមក ខ្ញុំមានឯកសិទ្ធិចែកចាយជាមួយអស់អ្នកដែលនៅលើឡាននោះ ដោយថ្លែងទីបន្ទាល់របស់ខ្ញុំអំពីសាសនាចក្រ និង ជំនឿរបស់យើង ។ ខ្ញុំមានអំណរគុណចំពោះទីបន្ទាល់របស់ខ្ញុំ ហើយមានអំណរគុណដែលខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីចែកចាយវា » ( « Dare to Stand Alone » ទំព័រ ៦៧ ) ។
-
តើមានអ្វីខ្លះដែលអ្នកអាចធ្វើ ដើម្បីត្រៀមខ្លួនជានិច្ចដើម្បីចែកចាយជំនឿរបស់អ្នក ?
សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាមួយ ដែលពួកគេមានអំណរគុណ ដែលពួកគេបានត្រៀមខ្លួនដើម្បីចែកចាយជំនឿ ឬ ទីបន្ទាល់របស់ពួកគេ ។ ចូរសុំឲ្យសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេនឹងធ្វើដើម្បីត្រៀមខ្លួនជានិច្ច ដើម្បីចែកចាយ និងការពារដល់សេចក្ដីជំនឿរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេធ្វើសកម្មភាព តាមការបំផុសគំនិតដែលពួកគេបានទទួល ។
ពេត្រុសទី១ ៣:១៨–៤:១៩
ព្រះយេស៊ូវគ្រីស្ទបានផ្សាយដំណឹងល្អនៅក្នុងពិភពវិញ្ញាណ បន្ទាប់ពីទ្រង់សុគត
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា ពួកគេជាអ្នកផ្សព្វផ្សាយសាសនា ដែលកំពុងបង្រៀនដល់មនុស្សម្នាក់ដែលនិយាយដូចតទៅនេះ ៖
« ខ្ញុំជឿលើអ្វីដែលអ្នកកំពុងបង្រៀនខ្ញុំថាជាការពិត ប៉ុន្តែខ្ញុំងឿងឆ្ងល់អំពីមនុស្សដែលស្លាប់ទៅដោយពុំមានឱកាសស្ដាប់ឮសេចក្ដីពិតនោះ ។ វាហាក់បីដូចជាមិនយុត្តិធម៌ទេ ដែលព្រះដាក់ទោសពួកគេ ឬរាំរាំងពួកគេមិនឲ្យរស់នៅជាមួយទ្រង់ម្តងទៀត ប្រសិនបើពួកគេពុំធ្លាប់មានឱកាសដើម្បីរៀនអំពីផែនការនៃសេចក្តីសង្គ្រោះរបស់ទ្រង់សោះនោះ » ។
សូមសុំឲ្យសិស្សពិចារណាថា តើពួកគេនឹងឆ្លើយតបយ៉ាងណា ។
សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ឲ្យអានពេត្រុសទី ១ ៣:១៨–២០ដោយស្ងាត់ស្ងៀម រួមទាំងការបកប្រែដោយ យ៉ូសែបស្ម៊ីធ ។ រួចសុំឲ្យពាក់កណ្ដាលទៀតអានពេត្រុសទី ១ ៤:៥–៦ដោយស្ងាត់ស្ងៀម រួមមានទាំងការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ។ចូរសុំសិស្សឲ្យរកមើលសេចក្ដីពិតដែលពេត្រុសបង្រៀន ដើម្បីពួកគេអាចចែកចាយជាមួយនឹងមនុស្សនៅក្នុងស្ថានភាពនេះ ។ សូមពន្យល់ថា ឃ្លា « ពួកវិញ្ញាណដែលជាប់ឃុំ » នៅក្នុង ពេត្រុសទី១ ៣:១៩ សំដៅទៅលើអស់អ្នកនៅក្នុងពិភពវិញ្ញាណ ដែលពុំបានទទួលយកដំណឹងល្អ ឬមានឱកាសស្តាប់ឮពីដំណឹងល្អកាលនៅក្នុងជីវិតរមែងស្លាប់នេះ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមសួរ ៖
-
តើយើងរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ អំពីអស់អ្នកនៅក្នុងពិភពវិញ្ញាណ ដែលពុំបានទទួលយកដំណឹងល្អ ឬ មានឱកាសទទួលយកដំណឹងល្អកាលនៅក្នុងជីវិតនេះ ?
ចូរដាក់បង្ហាញរូបភាព ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ (សៀវភៅសិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ], ទំព័រ ១២៧ សូមមើលផងដែរ LDS.org). សូមពន្យល់ថា ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានពិចារណាអំពីអត្ថន័យនៅក្នុង ពេត្រុសទី១ ៣:១៨–២០ និង ពេត្រុសទី១ ៤:៦ កាលលោកបានទទួលវិវរណៈ និង ការនិមិត្តអំពីការយាងទៅជួបពិភពវិញ្ញាណរបស់ព្រះអង្គសង្គ្រោះ ។ លោកបានមើលឃើញព្រះយេស៊ូវគ្រីស្ទ នៅចន្លោះពេលនៃការសុគត និងការរស់ឡើងវិញរបស់ទ្រង់ លោកបានបង្រៀនដំណឹងល្អ ហើយបានបម្រើដោយផ្ទាល់ដល់ពួកវិញ្ញាណសុចរិត ។ បន្ទាប់មកព្រះយេស៊ូវគ្រីស្ទបានរៀបចំ និង ផ្តល់អំណាចដល់អ្នកបម្រើសុចរិតនានា ឲ្យបង្រៀនដំណឹងល្អដល់វិញ្ញាណនៅក្នុងស្ថានឃុំវិញ្ញាណ ( សូមមើល គ. និង ស. ១៣៨:១–១១, ២៩–៣០ ) ។
-
យោងតាម ពេត្រុសទី១ ៤:៦ ហេតុអ្វីដំណឹងល្អត្រូវផ្សព្វផ្សាយដល់មរណជនដូច្នេះ ? ( ដើម្បីនាំមកនូវការជំនុំជម្រះដោយសុចរិត និងយុត្តិធម៌ដល់កូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់ តាមរយៈការផ្ដល់នូវឱកាសដល់ពួកគេស្ដាប់ និងរស់នៅស្របតាមក្រឹត្យវិន័យរបស់ព្រះ ) ។
-
តើសេចក្ដីពិតអ្វីខ្លះ ដែលយើងអាចស្គាល់មកពីការបង្រៀនរបស់ពេត្រុស អំពីដំណឹងល្អដែលត្រូវបានបង្រៀនដល់មរណជន ? ( សិស្សអាចនឹងប្រើសម្ដីរបស់ពួកគេផ្ទាល់ ប៉ុន្តែត្រូវប្រាកដថា ពួកគេស្គាល់សេចក្ដីពិតស្រដៀងគ្នាដូចខាងក្រោម ៖ដំណឹងល្អត្រូវបានផ្សាយដល់អ្នកទាំងឡាយដែលបានទទួលមរណភាព ដើម្បីពួកគេអាចមានឱកាសដូចគ្នានឹងអស់អ្នកដែលបានស្ដាប់ឮដំណឹងល្អក្នុងជីវិតរមែងស្លាប់នេះដែរ )។
សូមរំឭកដោយសង្ខេបអំពីស្ថានភាព ដែលបានបង្ហាញនៅខាងដើមនៃបណ្ដុំបទគម្ពីរនេះ រួច ហើយសួរ ៖
-
តើគោលលទ្ធិនៃសេចក្ដីសង្គ្រោះសម្រាប់មរណជន គឺជាភស្តុតាងនៃសេចក្ដីមេត្តាករុណារបស់ព្រះចំពោះកូនចៅទ្រង់ដោយរបៀបណា ?
សូមសង្ខេប ពេត្រុសទី ១ ៤:៧–១៩តាមរយៈការពន្យល់ថា ពេត្រុសបានដាស់តឿនដល់ពួកបរិសុទ្ធឲ្យមានសេចក្ដីសប្បុរសដ៏ក្លៀវក្លា ដោយសារសេចក្ដីសប្បុរសគ្របបាំង ឬទប់ស្កាត់ពីអំពើបាបជាច្រើន ( សូមមើលការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ពេត្រុសទី ១ ៤:៨ ។ ពេត្រុសក៏បានបង្រៀនពួកបរិសុទ្ធឲ្យរីករាយផងដែរ នៅពេលពួកគេរងទុក្ខក្នុងការសាកល្បង និងការស្ដីបន្ទោស ដោយសារតែពួកគេជឿទៅលើព្រះយេស៊ូវគ្រីស្ទនោះ ។
ពេត្រុសទី១ ៥
ពេត្រុសបានប្រឹក្សាដល់ពួកអែលឌើរឲ្យមើលថែទាំហ្វូងចៀមរបស់ព្រះ ហើយបានលើកទឹកចិត្តឲ្យពួកបរិសុទ្ធបន្តកាន់ខ្ជាប់នៅក្នុងសេចក្តីជំនឿ
សូមពន្យល់ថា ដើម្បីជួយរៀបចំពួកបរិសុទ្ធសម្រាប់ការសាកល្បងដែលពួកគេនឹងជួប នោះពេត្រុសបានបង្រៀនពួកអែលឌើរនៃសាសនាចក្រអំពីការទទួលខុសត្រូវរបស់ពួកគេ ក្នុងនាមជាថ្នាក់ដឹកនាំសាសនាចក្រ ។ សូមអញ្ជើញសិស្សម្នាក់អាន ពេត្រុសទី១ ៥:១–៣ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវការប្រឹក្សារបស់ពេត្រុសដល់ពួកអែលឌើរក្នុងសាសនាចក្រ ។
-
តើពេត្រុសបានផ្ដល់ការប្រឹក្សាអ្វីខ្លះដល់ពួកអែលឌើរក្នុងសាសនាចក្រ ?
សូមពន្យល់ថា « ឃ្វាលហ្វូងចៀមរបស់ព្រះ » ( ខទី ២ ) មានន័យថា មើលថែទាំ និងថែរក្សាសមាជិកសាសនាចក្រ ។ ថ្នាក់ដឹកនាំសាសនាចក្រត្រូវបម្រើដោយស្មោះពីចិត្ត និង ដោយក្ដីស្រឡាញ់ ជាជាងដោយបម្រើដោយរអ៊ូរទាំ ឬ ដោយមានចិត្តចង់បានរង្វាន់ ។ ពួកគេត្រូវធ្វើជាគំរូដល់សមាជិកនានា ជាជាងធ្វើជា « អ្នកមានអំណាច » ( ខទី ៣ ) លើពួកគេ ។
-
ចេញមកពីការប្រឹក្សារបស់ពេត្រុសដល់ពួកអែលឌើរក្នុងសាសនាចក្រ តើមានសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនអំពីការទទួលខុសត្រូវរបស់អ្នកដឹកនាំសាសនាចក្រ ? ( សូមជួយសិស្សឲ្យស្គាល់សេចក្តីពិតមួយស្រដៀងគ្នាដូចខាងក្រោម ៖ ថ្នាក់ដឹកនាំសាសនាចក្រមានការទទួលខុសត្រូវ ដើម្បីថែទាំ និងឃ្លាំមើលដល់ហ្វូងចៀមរបស់ព្រះដោយសេចក្តីស្រឡាញ់ និងគំរូ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សឲ្យអាន ពេត្រុសទី១ ៥:៤ ដោយស្ងាត់ស្ងៀម ហើយរកមើលរបៀបដែលពេត្រុសបានថ្លែងអំពីព្រះអង្គសង្គ្រោះ ។ សូមឲ្យសិស្សរាយការណ៍អំពីអ្វីដែលពួកគេរកឃើញ ។
សូមដាក់បង្ហាញរូបភាព ព្រះយេស៊ូវលើកព្រនរចៀមដែលបាត់Gospel Art Book[ ឆ្នាំ ២០០៩ ] លេខ៦៤, សូមមើលផងដរLDS.org) រួចសួរថា
-
ហេតុអ្វីក៏អ្នកគិតថា ព្រះអង្គសង្គ្រោះត្រូវបានពិពណ៌នាជាញឹកញាប់ថាជាអ្នកគង្វាលដូច្នេះ ?
-
តើគុណសម្បត្តិ និង បុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទអ្វីខ្លះ ដែលអាចជួយថ្នាក់ដឹកនាំសាសនាចក្រឲ្យមើលថែ និង ថែទាំដល់សមាជិកសាសនាចក្រនោះ ?
-
តើអ្នកធ្លាប់បានទទួលពរជ័យ ដោយសារតែថ្នាក់ដឹកនាំសាសនាចក្រមានសេចក្តីស្រឡាញ់ ឬ គំរូដូចជាព្រះគ្រីស្ទយ៉ាងដូចម្ដេច ?
សូមសង្ខេបពេត្រុសទី ១ ៥:៧–១៤ដោយពន្យល់ថា ពេត្រុសបានបង្រៀនដល់ពួកបរិសុទ្ធឲ្យទុកកង្វល់ ( មានន័យថា ការមានចិត្តអន្ទះសា ) របស់ពួកគេមកលើព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ហើយបន្ដនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿរបស់ពួកគេ ទោះជាមានការរងទុក្ខជាច្រើនក្ដី ។ ពេត្រុសបានអះអាងនឹងពួកគេថា ប្រសិនបើពួកគេធ្វើបែបនោះបាន នោះព្រះនឹងធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍ និង មានភាពរឹងមាំ ។
សូមបញ្ចប់ដោយលើកទឹកចិត្តដល់សិស្សឲ្យទុកចិត្ត និងធ្វើតាមអ្នកទាំងឡាយដែលព្រះអម្ចាស់បានហៅឲ្យជួយឃ្វាល ហើយមើលថែពួកគេខាងវិញ្ញាណ ។
ចំណេះចំណានខគម្ពីរ—ពេត្រុសទី១ ៤:៦
ដើម្បីលើកទឹកចិត្តដល់សិស្សឲ្យចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះដល់ជីដូនជីតារបស់ពួកគេ សូមរំឭកពេត្រុសទី ១ ៤:៦ជាមួយពួកគេ រួចហើយសួរ ៖
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយជីដូនជីតារបស់អ្នកដែលបានទទួលដំណឹងល្អនៅពិភពវិញ្ញាណ ហើយកំពុងរង់ចាំដើម្បីបានរំដោះឲ្យមានសេរីភាពពីស្ថានឃុំវិញ្ញាណវិញ ?
-
តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច នៅពេលអ្នកត្រូវបានប្រទានពរតាមរយៈការធ្វើពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់ជីដូនជីតារបស់អ្នកនោះ ?
សូមអញ្ជើញសិស្សឲ្យស្វែងរកឱកាស ដើម្បីធ្វើការស្រាវជ្រាវពង្សប្រវត្តិអំពីជីដូនជីតារបស់ពួកគេ ហើយចូលរួមក្នុងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ជំនួសឲ្យជីដូនជីតាទាំងឡាយនោះ ។