មេរៀនទី ១០៥
កូរិនថូសទី១ ៥-៦
សេចក្តីផ្ដើម
សាវកប៉ុលបានព្រមានពួកបរិសុទ្ធទាស់នឹងការអនុញ្ញាត ឲ្យពួកទុច្ចរិតជះឥទ្ធិពលលើពួកគេ ។ លោកបានព្រមានពួកបរិសុទ្ធឲ្យចៀសវាងពីទស្សនៈ និងទម្លាប់អសីលធម៌ដែលបាននិយមនៅកូរិនថូស ។
យោបល់សម្រាប់ការបង្រៀន
កូរិនថូសទី១ ៥
ប៉ុលព្រមានពួកបរិសុទ្ធទាស់នឹងការសេពគប់នឹងជនដែលជ្រើសដោយចេតនា នឹងធ្វើអំពើបាប
សូមគូររូបសាមញ្ញមួយអំពីផ្លែឈើរលួយមួយចាន ហើយមានតែផ្លែឈើស្រស់មួយបំណែកនៅក្នុងចាននោះ ។ អ្នកអាចដាក់បង្ហាញផ្លែឈើរលួយមួយចំណិតក៏បាន ។
-
តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកបន្តដាក់ផ្លែឈើរលួយនោះឲ្យលាយឡំជាមួយផ្លែឈើស្រស់ៗផ្សេងទៀតនោះ ?
-
តើផ្លែឈើរលួយមួយចំណិតនោះអាចតំណាងឲ្យអ្វីនៅក្នុងជីវិតយើង ? ( ឥទ្ធិពលដែលអាចបំផ្លាញយើង ) ។
នៅពេលសិស្សសិក្សា កូរិនថូសទី ១ ៥ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយ ដែលអាចជួយពួកគេឲ្យតបតនឹងឥទ្ធិពលអាក្រក់នៅក្នុងជីវិតរបស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី១ ៥:១-២ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលទម្លាប់អាក្រក់មួយ នៅក្នុងចំណោមពួកបរិសុទ្ធនៅកូរិនថូស ។
-
តើទម្លាប់អាក្រក់អ្វីទៅដែលមាននៅក្នុងចំណោមពួកបរិសុទ្ធនៅកូរិនថូស ? ( សូមពន្យល់ថា អំពើកំផឹត សំដៅទៅលើទំនាក់ទំនងផ្លូវភេទណាមួយក្រៅចំណងអាពាហ៍ពិពាហ៍ ។ មានសមាជិកម្នាក់នៅកូរិនថូសបានធ្វើអំពើបាបខាងផ្លូវភេទជាមួយនឹងម្ដាយចុងរបស់ខ្លួន ) ។
-
យោងតាម ខទី ២តើប៉ុលបានប្រឹក្សាឲ្យថ្នាក់ដឹកនាំសាសនាចក្រធ្វើអ្វីខ្លះចំពោះបុរសម្នាក់នេះ ? ( សូមពន្យល់ថា ឃ្លា « ឲ្យថយចេញពីចំណោមអ្នករាល់គ្នា » នៅក្នុង ខទី ២ មានន័យថា អ្នកធ្វើបាបនោះគួរត្រូវបានកាត់កាលចេញពីសាសនាចក្រ ) ។
សូមចង្អុលបង្ហាញថា ថ្នាក់ដឹកនាំសាសនាចក្របានពិចារណាពីកត្តាជាច្រើន មុនធ្វើការកាត់កាលចេញ ឬធ្វើការដាក់វិន័យតាមទម្រង់ណាមួយនៅក្នុងសាសនាចក្រ ។ បន្ថែមពីលើការសម្រេចចិត្តថា អំពើរំលងនោះមានភាពធ្ងន់ធ្ងរដល់កម្រិតណា ថ្នាក់ដឹកនាំសាសនាចក្រពិចារណាពីគោលបំណងជាច្រើនសម្រាប់ការដាក់វិន័យរបស់សាសនាចក្រ ៖ ដើម្បីជួយបុគ្គលម្នាក់ឲ្យប្រែចិត្ត ដើម្បីការពារជនដែលអាចរងឥទ្ធិពលអវិជ្ជមានពីទង្វើនៃជននោះ ឬការបែកសាយនៃជំនឿរបស់បុគ្គលនោះ និងដើម្បីការពារសេចក្ដីទៀងត្រង់នៃការបង្រៀនរបស់សាសនាចក្រ ( សូមមើល « Church Discipline » mormonnewsroom.org/articles/church-discipline ) ។
សូមអញ្ជើញសិស្សអាន កូរិនថូសទី១ ៥:៦–៧ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលរឿបប្រៀបធៀបដែលប៉ុលបានប្រើដើម្បីពន្យល់ថា ហេតុអ្វីបុគ្គលនេះត្រូវដកចេញពីសាសនាចក្រ ។
-
តើប៉ុលបានប្រៀបធៀបពួកអ្នកធ្វើបាបដែលមិនបានប្រែចិត្តទៅនឹងអ្វី ? ( សូមពន្យល់ថាដំបែ ឬមេនំប៉័ង នៅទីបំផុតនឹងធ្វើឲ្យនំប៉័ងខូច ឬទៅជាដុះផ្សិត ) ។
-
តើត្រូវដាក់ដំបែប៉ុន្មានដើម្បីឲ្យមានប្រសិទ្ធិភាពចំពោះដុំម្សៅទាំងមូល ?
-
តើម្សៅតំណាងឲ្យអ្វី ? ( សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ ) ។
-
តើអ្នកនឹងសង្ខេបពីអត្ថន័យនៃរឿងប្រៀបធៀបនេះ ទៅជាគោលការណ៍មួយយ៉ាងដូចម្ដេច ? ( ដោយប្រើពាក្យសម្ដីផ្ទាល់ខ្លួនរបស់ពួកគេ សិស្សគប្បីស្គាល់នូវគោលការណ៍មួយស្រដៀងគ្នាដូចតទៅនេះ ៖ ប្រសិនបើយើងជ្រើសរើសសេពគប់ជាមួយនឹងអស់អ្នកដែលឱបក្រសោបអំពើបាប នោះយើងអាចរងឥទ្ធិពលពីអំពើទុច្ចរិតរបស់ពួកគេ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី១ ៥:៩-១១ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលពាក្យទូន្មាន ដែលប៉ុលបានផ្តល់ឲ្យដល់ពួកបរិសុទ្ធនៅកូរិនថូស ។
-
តើប៉ុលបានណែនាំពួកបរិសុទ្ធនៅកូរិនថូសឲ្យចៀសវាងអ្វី ?
ដើម្បីជួយសិស្សឲ្យយល់បន្ថែមទៀតពីការទូន្មានរបស់ប៉ុល កុំឲ្យសេពគប់នឹងពួកអ្នកប្រព្រឹត្តអំពើសាហាយស្មន់ ឬមនុស្សផ្សេងទៀតដែលឱបក្រសោបអំពើបាប សូមឲ្យសំណៅនៃសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដល់សិស្ស ។ សូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« សូមកុំសេពគប់នឹងពួកអ្នកប្រព្រឹត្តអំពើសាហាយស្មន់—ពុំមែនដោយសារអ្នកជាមនុស្សល្អពេកសម្រាប់ពួកគេនោះទេ ប៉ុន្តែដូចជា [ ស៊ី. អែស. ] ល្វីសបានសរសេរថា ដោយសារអ្នកមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ ។ សូមចងចាំថា ស្ថានភាពអាក្រក់នានាអាចបំផ្លិចបំផ្លាញ សូម្បីតែមនុស្សល្អ » ( « The Stern but Sweet Seventh Commandment » New Era ខែ មិថុនា ឆ្នាំ ១៩៧៩ ទំព័រ ៤២ ) ។
-
តើការសេពគប់យ៉ាងជិតស្និទ្ធជាមួយនឹងជនដែលឱបក្រសោបអំពើបាប អាចធ្វើឲ្យសមត្ថភាពរបស់យើងដើម្បីធ្វើការជ្រើសរើសត្រឹមត្រូវចុះខ្សោយដូចម្តេច ?
-
តើគំរូមួយចំនួននៃស្ថានភាពអាក្រក់ ដែលអាចបំផ្លិចបំផ្លាញមនុស្សល្អមានអ្វីខ្លះ ?
-
តើយើងអាចធ្វើអ្វីខ្លះ ដោយមិនបង្ខូចដល់បទដ្ឋានរបស់យើងដើម្បីជួយបុគ្គលដែលបានឱបក្រសោបអំពើបាបទាំងនោះ ? ( យើងអាចអធិស្ឋានឲ្យពួកគេ បង្ហាញចិត្តសប្បុរស ហើយគោរពពួកគេក្នុងនាមជាកូនចៅនៃព្រះ ហើយធ្វើគំរូល្អមួយក្នុងការគោរពតាមព្រះបញ្ញត្តិ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាប្រកបដោយការអធិស្ឋាននូវអ្វីដែលពួកគេអាចធ្វើ ដើម្បីជះឥទ្ធិពលទៅលើមនុស្សដទៃទៀតតាមរបៀបវិជ្ជមានមួយដោយមិនបង្ខូចដល់បទដ្ឋានរបស់ពួកគេ ។
សូមសង្ខេប កូរិនថូសទី ១ ៥:១២–១៣ ដោយពន្យល់ថា ប៉ុលបានបង្រៀនថា សាសនាចក្រមានការទទួលខុសត្រូវមួយដើម្បីហៅសមាជិកឲ្យប្រែចិត្ត ហើយនៅក្នុងករណីមួយចំនួនគឺដើម្បី « បណ្ដេញ [ ចេញពីសាសនាចក្រ ] » ( ខទី ១៣ ) ចំពោះជនដែលប្រព្រឹត្តអំពើរំលងយ៉ាងធ្ងន់ធ្ងរ ។
កូរិនថូសទី១ ៦
ប៉ុលបង្រៀនដល់ពួកបរិសុទ្ធអំពីសាមគ្គីភាព និងច្បាប់ព្រហ្មចារីភាព ។
ចូរគូរ រូប សាមញ្ញាមួយទៀតនៅលើក្ដារខៀនអំពីផ្លែឈើរលួយមួយចាន ហើយមានតែផ្លែឈើស្រស់មួយបំណែកនៅក្នុងចាននោះ ។ សូមអញ្ជើញសិស្សឲ្យពិចារណាថា ពួកគេធ្លាប់មានការងឿងឆ្ងល់ពីរបៀបចៀសវាងពីអំពើបាបដែរឬទេ កាលដែលវាហ៊ុមព័ទ្ធពួកគេនោះ ។ ចូរចង្អុលបង្ហាញថា រឿងនេះគឺជាការប្រឈមមួយដែលពួកបរិសុទ្ធនៅកូរិនថូសបានជួប ។
នៅពេលសិស្សសិក្សា កូរិនថូសទី១ ៦សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតដែលប៉ុលបានបង្រៀន ដែលវាអាចជួយពួកគេឲ្យរស់នៅដោយសុចរិត ទោះជាត្រូវបានហ៊ុមព័ទ្ធដោយឥទ្ធិពលអាក្រក់ក្ដី ។
សូមសង្ខេប កូរិនថូសទី ១ ៦:១–៨ ដោយពន្យល់ថា ប៉ុលបានទូន្មានដល់ពួកបរិសុទ្ធកូរិនថូសឲ្យដោះស្រាយជម្លោះដោយសុចរិតនៅក្នុងចំណោមពួកគេជាជាងសម្រេចចិត្តឡើងទៅតុលាការភ្លាមៗនោះ ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី ១ ៦:៩-១១ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការអនុវត្តអំពើបាបនៅក្នុងកូរិនថូស ដែលប៉ុលបានបង្រៀនឲ្យសមាជិកសាសនាចក្រចៀសវាង ។
-
តើឥរិយាបថអាក្រក់ប្រភេទណាដែលប៉ុលបានបង្រៀន ឲ្យសមាជិកសាសនាចក្រចៀសវាង ?
-
យោងតាម ខទី ១១តើបានរំឭកពួកបរិសុទ្ធទាំងនេះអំពីខ្លួនពួកគេនូវអ្វីខ្លះ ? ( ពួកអ្នកប្រែចិត្តជឿជាច្រើនមកពីកូរិនថូសបានចូលរួមនៅក្នុងឥរិយាបថអាក្រក់ទាំងនេះ មុននឹងចូលរួមក្នុងសាសនាចក្រ ប៉ុន្តែពួកគេបានប្រែចិត្ត ហើយបានជ្រះស្អាតពីអំពើបាបរបស់ពួកគេ ) ។
សូមពន្យល់ថា កូរិនថូសកាលពីបុរាណល្បីឈ្មោះខាងរឿងអសីលធម៌ ហើយពួកកូរិនថូសជាច្រើនបានលើកកម្ពស់គំនិត ដែលថារូបកាយរបស់យើងបានបង្កើតឡើងសម្រាប់ភាពរីករាយ ។ សូមសង្ខេបការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ កូរិនថូសទី ១ ៦:១២ ដោយពន្យល់ថា ប៉ុលបានបង្រៀនទាស់នឹងទស្សនៈថា គ្មានរឿងត្រូវ ឬខុសនោះទេ ។
-
តើគំនិត និងការអនុវត្តនៅក្នុងកូរិនថូសស្រដៀងគ្នានឹងទំនោរ ដែលយើងបានឃើញនៅក្នុងពិភពលោកសព្វថ្ងៃនេះយ៉ាងដូចម្ដេចដែរ ?
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី១ ៦:១៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ប៉ុលបានបង្រៀនអ្វីខ្លះអំពីគោលបំណងនៃរូបកាយរបស់យើង ។
-
តើប៉ុលបានបង្រៀនអ្វីខ្លះពីរូបកាយរបស់យើង ? ( កាលពួកកូរិនថូសជាច្រើនទំនងជាជឿថា រូបកាយត្រូវបានបង្កើតឡើងសម្រាប់ភាពត្រេកត្រអាលខាងរូបកាយប៉ុណ្ណោះ នោះប៉ុលបានកែតម្រូវទស្សនៈនោះដោយបង្រៀនថា រូបកាយយើងត្រូវបានបង្កើតឡើងដើម្បីបំពេញគោលបំណងរបស់ព្រះអម្ចាស់ ) ។
សូមសង្ខេប កូរិនថូសទី ១ ៦:១៤–១៧ ដោយពន្យល់ថា ជនដែលចូលរួមនឹងសាសនាចក្របានចូលរួមនឹងព្រះគ្រីស្ទក្នុងនាមជា « សមាជិក » ខាងវិញ្ញាណនៃព្រះកាយរបស់ទ្រង់ ។ ប៉ុលក៏បានពន្យល់ផងដែរថា រឿងអសីលធម៌ខាងផ្លូវភេទគឺមិនដែលចុះសម្រុងជាមួយនឹងទំនាក់ទំនងខាងវិញ្ញាណមួយជាមួយនឹងព្រះយេស៊ូវគ្រីស្ទឡើយ ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី ១ ៦:១៨ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ប៉ុលបានបង្រៀនពួកបរិសុទ្ធនៅកូរិនថូសឲ្យធ្វើអ្វីខ្លះ ( អ្នកគួរចង្អុលបង្ហាញថា ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ កូរិនថូសទី១ ៦:១៨ ផ្លាស់ប្ដូរឃ្លា « នៅខាងក្រៅរូបកាយ » ទៅជា « ទាស់នឹងព្រះកាយរបស់ព្រះគ្រីស្ទ » ) ។
-
តើប៉ុលបានបង្រៀនពួកបរិសុទ្ធនៅកូរិនថូសឲ្យធ្វើអ្វីខ្លះ ?
-
តើប៉ុលបានបង្រៀនសេចក្ដីពិតអ្វីខ្លះ អំពីជនដែលប្រព្រឹត្តអំពើសហាយស្មន់ ? ( អ្នកគួរអញ្ជើញសិស្សឲ្យគូសចំណាំពាក្យនៅក្នុងខទី ១៨ដែលបង្រៀនពីសេចក្ដីពិតដូចខាងក្រោម ៖ ជនដែលប្រព្រឹត្តអំពើសហាយស្មន់ នោះឈ្មោះថាធ្វើបាបដល់រូបកាយខ្លួនឯង ) ។
សូមពន្យល់ថា បន្ទាប់មកទៀត ប៉ុលបានបង្រៀនពីហេតុផលដែលការសហាយស្មន់ ឬភាពអសីលធម៌ខាងផ្លូវភេទ គឺជាអំពើបាបមួយដែលមាន « ឈ្មោះថា ធ្វើបាបទាស់នឹងរូបកាយខ្លួនឯង » ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី ១ ៦:១៩ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ប៉ុលបានប្រៀបធៀបរូបកាយយើងទៅនឹងអ្វី ។
-
តើប៉ុលបានប្រៀបធៀបរូបកាយយើងនឹងអ្វី ?
សូមដាក់តាំងរូបភាពនៃព្រះវិហារបរិសុទ្ធមួយ ។
-
តើព្រះវិហារបរិសុទ្ធ និងអគារផ្សេងទៀតខុសពីគ្នាដូចម្តេច ?
-
តើអ្នកនឹងសង្ខេបសេចក្ដីពិត ដែលប៉ុលបានបង្រៀននៅក្នុងខទី ១៩ យ៉ាងដូចម្ដេច ? ( សិស្សអាចនឹងប្រើពាក្យផ្សេងគ្នា ប៉ុន្តែពួកគេគួរស្គាល់ពីគោលលទ្ធិខាងក្រោមនេះ ៖ រូបកាយយើងគឺជាព្រះវិហារបរិសុទ្ធរបស់ព្រះ ដែលព្រះវិញ្ញាណអាចគង់នៅបាន ) ។
-
តើការយល់ដឹងថា រូបកាយរបស់យើងគឺជាព្រះវិហារបរិសុទ្ធ អាចជះឥទ្ធិពលដល់ការប្រព្រឹត្តរបស់យើងទៅលើរូបកាយរបស់យើង និងរូបកាយរបស់មនុស្សដទៃទៀតយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ចូរឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកការយល់ដឹងបន្ថែមទៀតថា ការយល់ដឹងពីសេចក្ដីពិតនេះអាចជះឥទ្ធិពលដល់ការប្រព្រឹត្តរបស់យើងទៅលើរូបកាយរបស់យើងយ៉ាងដូចម្ដេច ។
« ដោយទទួលស្គាល់សេចក្ដីពិតទាំងនេះ [ នៅក្នុង កូរិនថូសទី១ ៦:១៩–២០ ] … នោះយើងនឹងមិនបង្ខូចរូបកាយរបស់យើងដោយការសាក់ខ្លួន ឬធ្វើឲ្យចុះខ្សោយដោយសារការប្រើថ្នាំ ឬប្រមាថវាដោយអំពើសហាយស្មន់ អំពើកំផិត ឬរឿងអសីលធម៌ឡើយ ។ … ដោយសាររូបកាយយើងគឺជាឧបករណ៍សម្រាប់វិញ្ញាណយើង នោះវាជារឿងដ៏សំខាន់ដែលយើងត្រូវមើលថែវាឲ្យអស់ពីលទ្ធភាព ។ យើងគួរគិតឲ្យបានដិតដល់ពីអំណាចរបស់វា ដើម្បីបម្រើ ហើយជួយជម្រុញដល់កិច្ចការរបស់ព្រះគ្រីស្ទ » ( « Reflections on a Consecrated Life » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៧ ) ។
-
តើអ្នកគិតថា ប៉ុលចង់មានន័យដូចម្ដេចដោយពោលថា « អ្នករាល់គ្នាមិនមែនផងខ្លួនទេ » នៅក្នុង ខទី ១៩ ?
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី១ ៦:២០ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីមូលហេតុដែលរូបកាយយើងពុំមែនជារបស់យើង ។
-
តើឃ្លាអ្វីទៅដែលបង្ហាញពីហេតុផលថា រូបកាយយើងពុំមែនជារបស់យើង ? ( សូមពន្យល់ថាឃ្លា « ចេញថ្លៃលោះ » មានន័យថា ការប្រោសលោះ ឬការនាំត្រឡប់មកវិញតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ) ។
-
តើអ្នកនឹងសង្ខេបសេចក្ដីពិតនៅក្នុងខទី ១៩–២០ យ៉ាងដូចម្ដេច ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមពិចារណាអញ្ជើញពួកគេឲ្យសរសេរសេចក្ដីពិតខាងក្រោមនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ខទី ១៩–២០ ៖ ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបានចេញថ្លៃលោះយើង នោះរូបកាយយើងពុំមែនជារបស់យើងឡើយ ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះឮៗដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សូមកុំពោល ៖ ‹ តើវាធ្វើឲ្យនរណាឈឺចាប់ ? ហេតុអ្វីមានសេរីភាពបន្តិចក៏មិនបាន ? ខ្ញុំអាចធ្វើអំពើរំលងនៅពេលនេះ ហើយចាំប្រែចិត្តនៅពេលក្រោយ › ។ សូមកុំល្ងង់ឆោតគ្មានមេត្តាបែបនេះឡើយ ។ បងប្អូនមិនអាចគ្មានទោស ដោយ ‹ ឆ្កាងព្រះគ្រីស្ទ › បានទេ [ សូមមើល ហេព្រើរ ៦:៦ ] ។ ‹ រត់ពីការសហាយស្មន់ › [ កូរិនថូសទី១ ៦:១៨ ] ប៉ុលបានស្រែក ហើយរត់គេចខ្លួនដូចជាមិនបាន ‹ ប្រព្រឹត្តអំពើអ្វីដូចនោះឲ្យសោះ › [ គ. និង ស. ៥៩:៦ការគូសបញ្ជាក់បានបន្ថែម ] គោលលទ្ធិ និង សេចក្តីសញ្ញាបន្ថែម ។ ហេតុអ្វី ? ពិតណាស់ ដោយសារហេតុផលមួយ គឺដោយសារការរងទុក្ខទាំងខាងរូបកាយ និងខាងវិញ្ញាណដ៏មិនអាចគណនាបានដែលព្រះអង្គសង្គ្រោះនៃលោកិយបានស៊ូទ្រាំ ដើម្បីឲ្យយើង អាច រួចខ្លួន [ សូមមើលជាពិសេស គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–២០ ] ។ យើងជំពាក់គុណទ្រង់ចំពោះរឿងនោះ ។ ពិតណាស់ យើងជំពាក់គុណទ្រង់គ្រប់យ៉ាងសម្រាប់រឿងនោះ » ( « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ ) ។
-
តើការចងចាំថា រូបកាយយើងពុំមែនជារបស់យើង អាចជះឥទ្ធិពលដល់ការជ្រើសរើសរបស់យើងទាក់ទងនឹងរូបកាយរបស់យើងយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សមើលរូបភាពផ្លែឈើស្រស់មួយបំណែក ដែលហ៊ុមព័ទ្ធដោយផ្លែឈើរលួយនៅលើក្ដារខៀន ។
-
តើការយល់ដឹងសេចក្ដីពិតទាំងនេះអំពីរូបកាយយើង អាចជួយយើងឲ្យបន្តមានភាពបរិសុទ្ធបានដោយរបៀបណា នៅពេលយើងត្រូវបានហ៊ុមព័ទ្ធទៅដោយអំពើទុច្ចរិតនោះ ?
ចូរថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សា ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអារម្មណ៍ ឬការបំផុសគំនិតដែលពួកគេបានទទួលនៅក្នុងមេរៀននេះ ហើយធ្វើតាមការបំផុសគំនិតទាំងនោះ ។
ចំណេះចំណានខគម្ពីរ—កូរិនថូសទី ១ ៦:១៩-២០
សូមអញ្ជើញសិស្សឲ្យសរសេរការឡើងនិយាយសង្ខេបមួយដោយផ្អែកលើ កូរិនថូសទី១ ៦:១៩-២០ ។ សូមលើកទឹកចិត្តពួកគេឲ្យដាក់បញ្ចូលចំណុចដូចខាងក្រោម ៖ (១) ព័ត៌មានផ្ទៃរឿងដែលទាក់ទងនឹងវគ្គគម្ពីរនេះ ( ព័ត៌មានផ្ទៃរឿងដែលអាចរកបាននៅលើកាតចំណេះចំណានខគម្ពីរ ) (២) គោលការណ៍ដែលវាបង្រៀន និង (៣) បទពិសោធន៍ផ្ទាល់ខ្លួន ដែលបង្ហាញពីសេចក្ដីពិត ដែលវគ្គគម្ពីរនេះបង្រៀន ។ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ធ្វើបទបង្ហាញការនិយាយរបស់ពួកគេក្នុងថ្នាក់ ។ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាពីឱកាស ដែលពួកគេមានដើម្បីបង្ហាញការនិយាយរបស់ខ្លួនដល់គ្រួសារ ឬនៅឯសាសនាចក្រ ។