មេរៀនទី ១០៩
កូរិនថូសទី១ ១២
សេចក្តីផ្ដើម
ប៉ុលបានសរសេរអំពីអំណោយទានយ៉ាងច្រើននៃព្រះវិញ្ញាណ ។ លោកបានប្រៀបធៀបសាសនាចក្រទៅនឹងរូបកាយ ហើយបានពន្យល់ថា ដូចជារូបកាយត្រូវការគ្រប់ផ្នែកទាំងអស់ឲ្យដំណើរការត្រឹមត្រូវដែរ ដូច្នេះសមាជិកសាសនាចក្រម្នាក់ៗអាចប្រើអំណោយទាននៃព្រះវិញ្ញាណឲ្យចូលរួមចំណែក ហើយពង្រឹងដល់សាសនាចក្រ ។
យោបល់សម្រាប់ការបង្រៀន
កូរិនថូសទី១ ១២:១-១១
ប៉ុលបង្រៀនអំពីអំណោយទានខាងវិញ្ញាណ
សូមដាក់បង្ហាញរូបភាពថ្មដូចខាងក្រោមនេះ ៖
សូមឲ្យសិស្សម្នាក់អានអក្សរនៅផ្នែកខាងលើថ្មនោះឲ្យឮៗ ។ សូមពន្យល់ថា កាលប្រធាន ដេវីឌ អូ មិកឃេ បានបម្រើបេសកកម្មមួយនៅប្រទេសស្កតឡង់ លោកបានឃើញថ្មនេះនៅពីលើទ្វារនៃអគារមួយក្បែរប្រាសាទស្ទើលីង ហើយបានបំផុសគំនិតដោយសារតែសារលិខិតរបស់វា ( សូមមើល Francis M. Gibbons, David O. McKay: Apostle to the World, Prophet of God [ ឆ្នាំ ១៩៨៦ ] ទំព័រ ៤៥ ) ។
សូមពន្យល់ថា និមិត្តសញ្ញានីមួយៗនៅលើថ្មជ្រុងប្រាំបួនដុំនេះតំណាងឲ្យតម្លៃជាលេខមួយ ។ ចូរសុំឲ្យសិស្សបង្ហាញពីតម្លៃជាលេខនៃថ្មនីមួយៗ ។ ( ពីឆ្វេងទៅស្ដាំ និមិត្តសញ្ញាតំណាងលេខ ៥, ១០ និង ៣ នៅជួរខាងលើ និងលេខ ៤, ៦ និង ៨ នៅជួរកណ្ដាល និងលេខ ៩, ២ និង ៧ នៅជួរខាងក្រោម ) ។
-
តើផលបូកនៃលេខទាំងបីនៅជួរខាងលើតំណាងឲ្យអ្វី ? ជួរកណ្ដាលតំណាងឲ្យអ្វី ? ជួរក្រោមតំណាងឲ្យអ្វី ?
សូមពន្យល់ថា លេខនៅក្នុងជួរដេក ជួរឈរ ឬ អង្កត់ទ្រូងលើថ្មនេះតំណាងបូកបញ្ចូលគ្នាស្មើ ១៨ ។ ហេតុផលមួយដែលរាងទាំងនេះអាចដាក់បញ្ចូលឃ្លា « អ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ សូមធ្វើផ្នែករបស់អ្នកឲ្យល្អ » គឺថា ប្រសិនបើរាងទាំងនេះមានរាងណាមួយបានផ្លាស់ប្ដូរ ឬប្រសិនបើតម្លៃរបស់វាផ្លាស់ប្ដូរ នោះជួរដេក និងជួរឈរនៅលើថ្មនោះនឹងមិនស្មើ ១៨ ពីគ្រប់ទិសទាំងអស់ទៀតឡើយ ។
នៅពេលសិស្សសិក្សា កូរិនថូសទី១ ១២ សូមអញ្ជើញពួកគេឲ្យពិចារណាថា ក្នុងនាមយើងជាសមាជិកសាសនាចក្រ ប្រៀបបាននឹងរាងនៅលើថ្មនោះបានដោយរបៀបណា ។
សូមសង្ខេប កូរិនថូសទី១ ១២:១–២ ដោយពន្យល់ថា ប៉ុលចង់បង្រៀនសមាជិកសាសនាចក្រនៅកូរិនថូសអំពីអំណោយទានខាងវិញ្ញាណ ដែលពួកបរិសុទ្ធជាច្រើនបានយល់ខុស ។ ប៉ុលបានរំឭកពួកគេថា ពីមុនពួកគេបានប្រែចិត្តជឿ ពួកគេត្រូវបាននាំឲ្យវង្វេងដោយជំនឿអសារឥតការ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន កូរិនថូសទី១ ១២:៣ ឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលយើងអាចដឹងដោយខ្លួនឯងថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះតាមរបៀបណា ។ សូមពន្យល់ថា យ៉ូសែប ស៊្មីធ បានបង្រៀនថា ពាក្យ នឹងថា នៅក្នុង ខទី ៣ គួរតែយល់ថាជាពាក្យ ដឹងថា ( នៅក្នុង History of the Church ៤:៦០២–៣ ) ។
-
យោងតាម កូរិនថូសទី១ ១២:៣ តើយើងអាចទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ? ( បន្ទាប់ពីសិស្សឆ្លើយ សូមសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ មានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដែលយើងអាចទទួលបានទីបន្ទាល់មួយផ្ទាល់ខ្លួនថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់យើង ។ អ្នកគួរពន្យល់ថា គោលការណ៍ដដែលនេះអនុវត្តចំពោះការទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនមួយអំពី យ៉ូសែប ស្ម៊ីធ ឬព្រះគម្ពីរមរមន ) ។
ដើម្បីជួយឲ្យយល់សេចក្ដីពិតនេះកាន់តែប្រសើរឡើង ចូរសុំឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយឲ្យឮៗ ៖
« ទីបន្ទាល់មួយគឺជាទ្រព្យមួយដ៏មានតម្លៃបំផុត ដោយសារវាមិនបានតម្រូវឲ្យមានការពិចារណា ឬហេតុផលតែម្យ៉ាង វាមិនអាចទិញដោយទ្រព្យសម្បត្តិនៅលើផែនដីនេះ ហើយវាអាចឲ្យជាអំណោយ ឬបានគ្រងជាមរតកមកពីជីដូនជីតារបស់យើងបានឡើយ ។ យើងមិនអាចពឹងផ្អែកលើទីបន្ទាល់របស់អ្នកដទៃបានឡើយ ។ យើងត្រូវដឹងដោយខ្លួនឯង ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍ថា ‹ រាល់ពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងឡាយ មានទំនួលខុសត្រូវដើម្បីដឹងដោយខ្លួនឯងយ៉ាងច្បាស់លាស់លើសពីការសង្ស័យថា ព្រះយេស៊ូវ គឺជាព្រះរាជបុត្រាដែលបានរស់ឡើងវិញ ដែលនៅមានព្រះជន្មរបស់ព្រះដ៏មានព្រះជន្មរស់នៅ › ( ‹ Fear Not to Do Good › Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៨០ ) ។ …
« យើងទទួលបានទីបន្ទាល់នេះ នៅពេលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់វិញ្ញាណដែលនៅក្នុងខ្លួនយើង ។ យើងនឹងទទួលបានភាពស្ងប់ស្ងាត់មួយ និងភាពប្រាកដជាក់លាក់មួយដែលនឹងក្លាយជាប្រភពនៃទីបន្ទាល់ និងជំនឿរបស់យើង » ( « The Power of a Personal Testimony » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៨ ) ។
-
ហេតុអ្វីជារឿងសំខាន់ដើម្បីយល់ថា ទីបន្ទាល់មួយអំពីព្រះយេស៊ូវគ្រីស្ទកើតឡើងតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធឲ្យចូលមកក្នុងជីវិតរបស់យើង ?
សូមពន្យល់ថា ដូចដែលបានកត់ត្រានៅក្នុង កូរិនថូស ទី១ ១២:៤–៦ ប៉ុលបានបង្រៀនថា មានភាពខុសគ្នាមួយរវាងអំណោយទានខាងវិញ្ញាណទាំងឡាយដែលមានដំណើរការតាមរបៀបខុសៗគ្នា ប៉ុន្តែអំណោយទានទាំងអស់នោះមកពីព្រះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកគួរពន្យល់ថា អំណោយទាននៃព្រះវិញ្ញាណគឺជាពរជ័យ ឬសមត្ថភាពដែលបានប្រទានឲ្យតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយថាព្រះបានប្រទានយ៉ាងហោចណាស់អំណោយទានមួយ ដល់សមាជិកសាសនាចក្រគ្រប់រូប ( សូមមើល គ. និង ស. ៤៦:១១ ) ។
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី១ ១២:៧ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីហេតុផលដែលអំណោយទាននៃព្រះវិញ្ញាណត្រូវបានប្រទានដល់យើង ។ ( ប្រសិនបើចាំបាច់ សូមពន្យល់ថា « ដើម្បីឲ្យកើតបានផល » មានន័យថា សេចក្ដីល្អរួមនៃពួកបរិសុទ្ធគ្រប់រូប ) ។
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះ ពីប៉ុលស្ដីពីហេតុផលដែលអំណោយទាននៃព្រះវិញ្ញាណត្រូវបានប្រទានដល់កូនចៅរបស់ព្រះវរបិតាសួគ៌ ? (សិស្សគួររកឃើញសេចក្ដីពិតស្រដៀងគ្នាមួយនឹងសេចក្ដីពិតដូចខាងក្រោម ៖ អំណោយទាននៃព្រះវិញ្ញាណត្រូវបានប្រទានឲ្យ ដើម្បីជាប្រយោជន៍ដល់កូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សឲ្យយល់ពីសេចក្ដីពិតនេះ សូមចម្លងតារាងដូចខាងក្រោមនៅលើក្ដារខៀន ហើយសុំឲ្យសិស្សចម្លងវាចូលទៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ ។
អំណោយទាំងឡាយខាងវិញ្ញាណ |
របៀបដែលអំណោយទានខាងវិញ្ញាណទាំងនេះអាចជាប្រយោជន៍ដល់កូនចៅរបស់ព្រះ |
---|---|
សូមចែកសិស្សជាក្រុម ដែលមានគ្នាពីរ ឬបីនាក់ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យសិក្សា កូរិនថូសទី១ ១២:៨–១១ ហើយធ្វើតាមសេចក្ដីណែនាំដែលភ្ជាប់មកជាមួយ ។ អ្នកគួរសរសេរសេចក្ដីណែនាំទាំងនេះនៅលើក្ដារខៀន ឬ ចែកជាឯកសារដល់ពួកគេ ។
-
នៅក្នុងជួរឈរទីមួយនៃតារាងរបស់អ្នក សូមសរសេរអំណោយទានខាងវិញ្ញាណនីមួយៗដែលបានលើកឡើងនៅក្នុង កូរិនថូសទី១ ១២:៨–១១ ។
-
សូមពិភាក្សាពីអត្ថន័យ ឬឲ្យឧទាហរណ៍មួយនៃអំណោយទានខាងវិញ្ញាណនីមួយៗ ។
សូមអញ្ជើញក្រុមនីមួយៗឲ្យប្រាប់ពីអំណោយទានខាងវិញ្ញាណដែលពួកគេបានរកឃើញ និងអត្ថន័យនៃអំណោយទាននីមួយៗ ។ ប្រសិនបើចាំបាច់ សូមពន្យល់ថា « ពាក្យសំដីនៃប្រាជ្ញាវាងវៃ » ( ខទី ៨ ) សំដៅទៅលើការវិនិច្ឆ័យល្អ និងការអនុវត្តចំណេះដឹងដ៏ត្រឹមត្រូវ « ពាក្យសំដីនៃចំណេះចេះស្ទាត់ » ( ខទី ៨ ) សំដៅទៅលើចំណេះដឹងពីព្រះ និងក្រឹត្យវិន័យរបស់ទ្រង់ « សង្កេតស្គាល់អស់ទាំងវិញ្ញាណ » ( ខទី ១០ ) សំដៅទៅលើការស្គាល់សេចក្ដីពិត និងមិនពិត ព្រមទាំងយល់ដឹងអំពីសេចក្ដីល្អ និងអំពើអាក្រក់នៅក្នុងអ្នកដទៃ និង « ចេះនិយាយភាសា » ( ខទី ១០ ) សំដៅទៅលើសមត្ថភាពដើម្បីនិយាយភាសាបរទេស ឬភាសាដែលគេពុំចេះ ។
ចូរសុំឲ្យក្រុមនីមួយៗរើសយកអំណោយទានខាងវិញ្ញាណចំនួនពីរដែលបានលើកឡើងនៅក្នុង ខទី៨–១០ ហើយសរសេរនៅក្នុងជួរឈរទីពីរនៃតារាងពីរបៀប ដែលអំណោយទានទាំងនោះអាចជាប្រយោជន៍ដល់កូនចៅរបស់ព្រះ ។ បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ ចូរអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់ពីចម្លើយរបស់ពួកគេនៅក្នុងជួរឈរទីពីរមួយណាក៏បានទៅដល់សិស្សក្នុងថ្នាក់ ។
ចូរចង្អុលបង្ហាញថា អំណោយទានខាងវិញ្ញាណ ដែលបានលើកឡើងយ៉ាងជាក់លាក់នៅក្នុងខគម្ពីរទាំងនេះ គ្រាន់តែជាអំណោយទានមួយចំនួនតូចប៉ុណ្ណោះ ដែលយើងអាចទទួលបានតាមរយៈព្រះវិញ្ញាណ ។
-
តើអំណោយទានផ្សេងទៀតណាខ្លះ ដែលអាចកើតមានចំពោះយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
-
តើអំណោយទានខាងវិញ្ញាណអ្វីខ្លះ ដែលអ្នកបានសម្គាល់ឃើញនៅក្នុងសមាជិកគ្រួសារ មិត្តភក្ដិ និងមិត្តរួមថ្នាក់របស់អ្នក ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីរកឃើញអំណោយទានខាងវិញ្ញាណរបស់យើង ? ( ទូលសូមព្រះវរបិតាសួគ៌អំពីអំណោយទានទាំងនោះនៅក្នុងការអធិស្ឋាន ហើយទទួលយក ព្រមទាំងសិក្សាពីពររបស់លោកអយ្យកោរបស់អ្នក ) ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអំណោយទានខាងវិញ្ញាណដែលពួកគេបានទទួល និងរបៀបដែលវាអាចជាប្រយោជន៍ដល់ពួកគេ ហើយប្រើវាដើម្បីផ្តល់ប្រយោជន៍ដល់មនុស្សដទៃ ។
កូរិនថូសទី១ ១២:១២-៣១
អំណោយទាននៃព្រះវិញ្ញាណបានប្រទានឲ្យ ដើម្បីសមាជិកសាសនាចក្រទាំងមូលបានពរ
សូមឲ្យសិស្សបួននាក់ឡើងមកកាន់ក្ដារខៀន ។ សូមចាត់ពាក្យមួយខាងក្រោមនេះដល់សិស្សម្នាក់ៗដោយកុំឲ្យសិស្សផ្សេងទៀតក្នុងថ្នាក់ស្ដាប់ឮ ៖ ជើង ដៃ ត្រចៀកនិងភ្នែក ។ សូមណែនាំសិស្សម្នាក់ៗឲ្យគូររូបភាពមួយនៅលើក្ដារខៀនអំពីពាក្យរបស់ខ្លួន ហើយចូរសុំឲ្យសិស្សក្នុងថ្នាក់ទាយថា សិស្សម្នាក់ៗគូររូបអ្វី ។ បន្ទាប់ពីសិស្សក្នុងថ្នាក់ស្គាល់រូបភាពនោះត្រឹមត្រូវហើយ សូមអញ្ជើញសិស្សទាំងនោះឲ្យត្រឡប់ទៅកាន់កន្លែងអង្គុយពួកគេវិញ ។ ចូរសុំឲ្យសិស្សពិចារណាថា ជើង ត្រចៀក និងភ្នែករួមចំណែកចំពោះកិច្ចការដែលរូបកាយធ្វើយ៉ាងដូចម្ដេច ។
-
តើអ្នកធ្លាប់ត្រូវរបួសត្រង់ផ្នែកតូចមួយនៃរូបកាយដូចជា ម្រាមដៃ ធ្មេញ ឬម្រាមជើងដែរទេ ? តើរបួសតូចនេះបានជះឥទ្ធិពលយ៉ាងណាដែរ សូម្បីតែចំពោះការងារដ៏សាមញ្ញប្រចាំថ្ងៃ ?
សូមអញ្ជើញសិស្សម្នាក់អាន កូរិនថូសទី១ ១២:១២-១៤ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ប៉ុលបានប្រៀបធៀបរូបកាយ និងអវៈយវៈផ្សេងទៀតនឹងអ្វី ។
-
តើប៉ុលបានប្រៀបធៀបរូបកាយ និងអវៈយវៈផ្សេងទៀតទៅនឹងអ្វី ? ( សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ និងសមាជិកសាសនាចក្រ ) ។
សូមសរសេរសេចក្ដីយោងខគម្ពីរ និង សំណួរខាងក្រោមនៅលើក្ដារខៀន ៖
សូមចែកសិស្សជាក្រុមដូចពីមុន ។ ចូរសុំឲ្យក្រុមនីមួយៗអាន កូរិនថូសទី១ ១២:១៥–២២, ២៥-៣០ឮៗរួមគ្នា រកមើលវិធីដែលប៉ុលបានប្រៀបធៀបសមាជិកសាសនាចក្រទៅនឹងផ្នែកនៃរូបកាយ ។ អ្នកគួរណែនាំឲ្យសិស្សរកមើលថា ប៉ុលបានបង្រៀនអ្វីខ្លះអំពីរូបកាយ និងអវៈយវៈផ្សេងទៀតពីមុនបង្ហាញពីរបៀបដែលលោកបានប្រដូចអវៈយវៈទៅនឹងសមាជិកសាសនាចក្រ ។ ក្រោយពីទុកពេលឲ្យគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យប្រាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
ហេតុអ្វីអ្នកគិតថា ប៉ុលបានពិភាក្សាពីតួនាទីរបស់សមាជិកសាសនាចក្រម្នាក់ៗ បន្ទាប់ពីលោកបានសរសេរអំពីអំណោយទានខាងវិញ្ញាណ ?
-
តើសមាជិកសាសនាចក្រសព្វថ្ងៃអាចមានកង្វល់អ្វីខ្លះ ដែលអាចដោះស្រាយបានដោយការបង្រៀនរបស់ប៉ុលអំពីសមាជិកសាសនាចក្រប្រៀបដូចជាអវៈយវៈនៃរូបកាយ ?
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះនៅក្នុងការប្រៀបធៀបរបស់ប៉ុលអំពីសមាជិកសាសនាចក្រទៅនឹងអវៈយវៈនៃរូបកាយ ? ( សូមប្រាកដថា សិស្សរកឃើញគោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងប្រើអំណោយទានខាងវិញ្ញាណដ៏វិសេសរបស់យើងដើម្បីបម្រើមនុស្សដទៃ នោះយើងអាចពង្រឹងសាសនាចក្របាន ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ ចូរពិចារណាឯកសារនៃសេចក្ដីថ្លែងការណ៍នេះដល់សិស្សម្នាក់ៗ ។
« យើងទាំងអស់គ្នាគឺនៅក្នុងការខិតខំដ៏អស្ចារ្យនេះរួមគ្នា ។ យើងនៅទីនេះដើម្បីជួយព្រះវរបិតាយើងនៅក្នុងកិច្ចការរបស់ទ្រង់ និងសិរីល្អរបស់ទ្រង់ ‹ នាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស › ( ម៉ូសេ ១:៣៩ ) ។ ទំនួលខុសត្រូវក្នុងការហៅបម្រើរបស់អ្នក សំខាន់ដូចជាទំហំនៃការទទួលខុសត្រូវរបស់ខ្ញុំក្នុងការហៅបម្រើរបស់ខ្ញុំដែរ ។ គ្មានការហៅបម្រើមួយណានៅក្នុងសាសនាចក្រ ដែលមិនសំខាន់នោះទេ ។ យើងទាំងអស់គ្នាខិតខំបំពេញតួនាទីរបស់យើង ដើម្បីប្រទានពរដល់ជីវិតរបស់អ្នកដទៃ » ( « This Is the Work of the Master » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៧១ ) ។
-
តើពរជ័យនឹងកើតមានចំពោះសាសនាចក្រ ដោយសារតែអំណោយទានខាងវិញ្ញាណ និងការហៅខុសៗគ្នារបស់សមាជិកម្នាក់ៗយ៉ាងដូចម្ដេច ?
-
តើអ្នកធ្លាប់ឃើញគ្រួសាររបស់អ្នក ថ្នាក់សិក្ខាសាលា ឬវួដ ឬសាខាមួយត្រូវបានពង្រឹងដោយអំណោយទានខាងវិញ្ញាណរបស់សមាជិកខ្លួនយ៉ាងដូចម្ដេច ?
ចូសុំឲ្យសិស្សសញ្ជឹងគិតថា ពួកគេអាចប្រើអំណោយទានខាងវិញ្ញាណរបស់ខ្លួនដើម្បីពង្រឹងដល់សាសនាចក្រ ហើយឲ្យពរដល់ជីវិតមនុស្សដទៃទៀតយ៉ាងដូចម្ដេចដែរ ។
ចូរសុំឲ្យសិស្សអាន កូរិនថូសទី១ ១២:៣១ ដោយស្ងៀមស្ងាត់ ហើយរកមើលថា ប៉ុលបានទូន្មានឲ្យពួកបរិសុទ្ធនៅកូរិនថូសធ្វើអ្វីខ្លះ ។
-
តើប៉ុលបានទូន្មានឲ្យពួកបរិសុទ្ធនៅកូរិនថូសធ្វើអ្វីខ្លះ ? (សូមពន្យល់ថា សង្វាត នៅក្នុងខគម្ពីរនេះមានន័យថា « ការស្វែងរកដោយស្មោះត្រង់ » ) ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីស្វែងរក « អំណោយទានយ៉ាងវិសេស » នៃព្រះវិញ្ញាណដោយស្មោះត្រង់ ( សូមមើលផងដែរ គ. និង ស. ៤៦:៨–៩ ) ?
សូមបង្ហាញទីបន្ទាល់ និងការដឹងគុណរបស់អ្នកចំពោះអំណោយទានខាងវិញ្ញាណ ហើយលើកទឹកចិត្តសិស្សឲ្យស្វែងរកដោយស្មោះត្រង់ ហើយប្រើអំណោយទានខាងវិញ្ញាណដើម្បីបម្រើ ហើយពង្រឹងដល់សាសនាចក្រ ។