បណ្ណាល័យ
មេរៀន​ទី ១១០ ៖​ កូរិនថូស​ទី១ ១៣–១៤


មេរៀនទី ១១០

កូរិនថូស​ទី១ ១៣–១៤

សេចក្តី​ផ្ដើម

ប៉ុល​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​សេចក្តី​​សប្បុរស ។ លោក​បាន​ទូន្មាន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យទទួលបាន ហើយ​ស្វែង​រក​​​សេចក្ដី​សប្បុរស ព្រមទាំង​អំណោយទាន​ខាង​វិញ្ញាណ​ផ្សេង​ទៀត ។ ប៉ុល​បាន​បង្រៀន​ថា អំណោយទាន​នៃ​ការ​ចេះ​ព្យាករ​គឺ​ធំ​ជាង​អំណោយទាន​ខាង​ភាសា ហើយ​វា​ត្រូវ​បាន​ប្រទាន​ឲ្យ​ដល់​សមាជិក​សាសនាចក្រ​ ដើម្បី​ពួកគេ​អាច​ពង្រឹង​មនុស្ស​ដទៃ​ទៀត​ខាង​​វិញ្ញាណ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ទី១ ១៣

ប៉ុល​បង្រៀន​អំពី​​សារៈសំខាន់​នៃ​ការ​មាន​សេចក្តី​សប្បុរស

ពី​មុន​ថ្នាក់​ចាប់ផ្ដើម សូម​សរសេរ​សាច់​រឿង​ខាង​​ក្រោម​នេះ​នៅ​លើ ក្ដារខៀនឬ​ចម្លង​វា​ចែក​ដល់​សិស្ស ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សាច់​រឿង​នីមួយៗ​ឲ្យ​​ឮៗ ហើយ​សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ពិចារណា​ថា ​នៅ​ក្នុង​ចំណោម​ឃ្លា​ទាំងនេះ​ តើ​ឃ្លា​ណា​មួយ​ប្រាប់​អំពី​ពួកគេ ។

  1. ជា​ញឹកញាប់​អ្នក​មិន​ចូល​ចិត្ត ហើយ​អាក់អន់​ចិត្ត​ដោយសារ​ឥរិយាបថ​របស់​បង​ ឬ​ប្អូន​ម្នាក់ ។

  2. មិត្ត​រួម​ថ្នាក់​ម្នាក់​ប្រើ​ពាក្យ​មិន​ល្អ​ដាក់​អ្នក ដូច្នេះ​វា​ធ្វើ​ឲ្យ​អ្នក​ចង់​និយាយ​ពាក្យ​អាក្រក់​តប​ទៅ​វិញ ។

  3. អ្នក​មាន​ចិត្ត​ច្រណែន​ចំពោះ​ទេពកោសល្យ និង​​ភាព​ជោគ​ជ័យ​របស់​មិត្ត​ម្នាក់ ។

  4. ពេល​ខ្លះ​អ្នក​ឃើញ​ថា ការ​និយាយ​ដើម​គេ និង​ការ​និយាយ​អាក្រក់​អំពីមនុស្ស​ដទៃ​ជា​រឿង​ដ៏​ងាយ​ស្រួល​​នៅ​ក្នុង​កូរ៉ុម​បព្វជិតភាព ឬ​ថ្នាក់​យុវនារី​របស់​អ្នក ។

  • តើ​មានលទ្ធផល​អាក្រក់​អ្វី​ខ្លះ ​ដែល​អាច​កើត​ចេញ​ពី​ការ​មាន​លក្ខណៈ និង​ឥរិយាបថ​​ទាំងនេះ ?

នៅ​ពេល​សិស្ស​សិក្សា កូរិនថូសទី ១ ១៣ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដី​ពិត​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ចៀស​វាង​ពី​លក្ខណៈ និង​ឥរិយាបថ​ដែល​អាច​រំខាន​​ដល់​សុភមង្គល​ផ្ទាល់​ខ្លួន និង​ទំនាក់​ទំនង​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត ។

សូម​រំឭក​សិស្ស​ថា ពួក​បរិសុទ្ធ​នៅ​កូរិនថូស​កំពុង​តែ​មាន​ឥរិយាបថតាម​របៀប​ណា​មួយ ​ដែល​បាន​ដឹកនាំ​ពួកគេ​ទៅ​រក​ការ​ឈ្លោះ​ប្រកែក​គ្នា និង​ការ​បែក​បាក់​នៅ​ក្នុង​សាសនា​ចក្រ ។ នៅ​ក្នុង​សំបុត្រ​របស់​លោក ប៉ុល​បាន​បង្រៀន​ថា អំណោយទាន​ខាង​វិញ្ញាណ​ត្រូវ​បានប្រទាន​មក​ដើម្បី​​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំងអស់ ហើយ​ជួយ​សមាជិក​សាសនាចក្រ​ឲ្យ​បម្រើ ហើយ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ទាំងនោះ​ឲ្យខំប្រឹង​ស្វែង​រក​​ដោយ​ចិត្ត​ស្មោះនូវ​ « អំណោយទាន​យ៉ាង​វិសេស » ( សូម​មើល កូរិនថូសទី១ ១២:៧–៣១ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១៣:១–៣ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​លក្ខណៈ និង​អំណោយទាន​មួយ​នៃ​ព្រះវិញ្ញាណ​ដែល​​ប៉ុល​បាន​សរសើរ​យ៉ាង​ខ្លាំង ។

  • តើ​ចរិកលក្ខណៈ និង​អំណោយទាន​នៃ​ព្រះ​វិញ្ញាណ​អ្វី​ទៅ​ដែល​ប៉ុល​បាន​សរសើរ​យ៉ាង​ខ្លាំង ? ( សេចក្ដី​សប្បុរស ) ។

សូម​ពន្យល់​ថា « សេចក្តី​សប្បុរស​គឺជា​​សេចក្ដី​​ស្រឡាញ់​ដ៏​ខ្ពស់​បំផុត ឧត្តុង្គ​ឧត្ដម​បំផុត ជា​ប្រភេទនៃ​សេចក្ដី​​ស្រឡាញ់​ខ្លាំង​បំផុត មិន​ត្រឹមតែ​ការមាន​ការចាប់​ចិត្ត​ប៉ុណ្ណោះ​នោះទេ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សប្បុរស »​ ) ។

  • តើ​ប៉ុល​បាន​ពិពណ៌នា​ពី​ជន​ដែល​មាន​អំណោយ​ទាន​ខាង​វិញ្ញាណ​ផ្សេង​ទៀត​ ប៉ុន្តែ​ខ្វះ​សេចក្ដី​សប្បុរស​យ៉ាង​​ដូចម្ដេច​ដែរ ?

សូម​ពន្យល់​ថា ឃ្លា​ « ​លង្ហិន​ដែល​ឮ​ខ្ទរ » និង ​« ឈឹង​ដែល​ឮ​ទ្រហឹង » ​នៅ​ក្នុង ខ​ទី ១​ សំដៅ​ទៅ​លើ​ឧបករណ៍​ដែល​បន្លឺ​សំឡេង​ឮ ។ នៅ​ក្នុង​បរិបទ​នៃ ខទី ១ ឃ្លា​ទាំងនេះ​អាច​ផ្តល់ជា​និយម​ន័យ​ទៅ​លើ​ពាក្យ​​សម្ដី​ដែល​គ្មានខ្លឹមសារ ពេល​ដែល​អ្នក​និយាយ​ពុំ​បាន​បន្លឺ​វាចា​ឡើង​ចេញមក​ពី​​សេចក្ដី​សប្បុរស ។

  • ហេតុអ្វី​អ្នក​គិត​ថា យើង​ពុំ​ជា​អ្វី​សោះ​ដោយ​គ្មាន​សេចក្ដី​សប្បុរស ?

  • តើ​មនុស្ស​ម្នាក់​អាច​លះបង់​រាល់​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​ខ្លួន ​ដើម្បី​ផ្ដល់​អាហារ​ដល់​អ្នក​ក្រី​ក្រ ឬ​ស្ម័គ្រ​ចិត្ត​ស្លាប់​​ដើម្បី​សេចក្ដី​ពិត ប៉ុន្តែ​នៅ​តែ​គ្មាន​សេចក្ដី​សប្បុរស​បាន​ដោយ​របៀប​ណា ? ( សូម​ពន្យល់​ថា សេចក្ដី​សប្បុរស​គឺ​លើស​ពី​ការ​មាន​ចិត្ត​ទូលាយ និង​ការ​ស្លាប់​ដើម្បី​សេចក្ដី​ពិត​ទៅ​ទៀត ) ។

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ ក្ដារ​ខៀន ៖

សេចក្ដី​សប្បុរ​ជា​អ្វី ឬ​មាន​សកម្មភាព​បែបណា

សេចក្ដី​សប្បុរស​ពុំ​មែន​ជា​អ្វី ឬ​ពុំ​មាន​សកម្មភាព​បែបណា

សូម​ពន្យល់​ថា ប៉ុល​បានពិពណ៌នា​​អំពី​គុណសម្បត្តិ និង​បុគ្គលិក​លក្ខណៈ​នៃ​សេចក្ដី​​សប្បុរស ​ដើម្បី​ជួយ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឲ្យ​យល់​ពី​​អំណោយទាន​នេះ​កាន់​តែ​ប្រសើរ ។ សូម​ចែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន កូរិនថូសទី១ ១៣:៤–៨ ជាមួយ​នឹង​ដៃ​គូ​របស់​ពួកគេ ហើយ​រក​មើល​ការពិពណ៌នា​របស់​ប៉ុល​អំពី​សេចក្ដី​សប្បុរស ។

បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​​ឡើង​មក​ក្ដារ​ខៀន ហើយ​សរសេរ​ការពិពណ៌នា​របស់​ប៉ុល​អំពី​សេចក្ដី សប្បុរស​​នៅ​ក្រោម​ក្បាល​រឿង​​ត្រឹម​ត្រូវ​នៅ​លើ​តារាង ។ ប្រសិន​បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​​ពី​ការពិពណ៌នា​នីមួយៗ ។

  • តើ​នរណា​ទៅ​ដែល​សក្តិសម​នឹង​ពិពណ៌នា នៃចរិត​លក្ខណៈ​​នៃ​សេចក្ដី​សប្បុរស​ទាំង​អស់​នេះ ? ( ព្រះ​យេស៊ូវ​គ្រីស្ទ ) ។

សូម​រំឭក​សិស្ស​ថា ព្យាការី​មរមន​បាន​បង្រៀន​ថា « សេចក្តី​សប្បុរស គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ សូម​ពន្យល់​ថា សេចក្តី​សប្បុរស​អាច​ពិពណ៌នា​បាន​ជា​របៀប​ពីរ​​សំខាន់ៗ ៖ (១) សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ចំពោះ​យើង និង​ (២) សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស​ដទៃ​ឲ្យ​ដូចជា​ព្រះគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ជ្រើស​​យក​ការ​ពិពណ៌នា​ពីរ​បី​​អំពី​សេចក្ដី​សប្បុរស​ចេញ​ពី​តារាង​នៅលើ​ក្ដារខៀន ហើយ​ពន្យល់​ទៅ​សិស្ស​ក្នុង​ថ្នាក់​អំពី​របៀប​ដែល​វា​ពិពណ៌នា​យ៉ាង​ល្អ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​អ្នក​គិត​ថា​ឃ្លា « សេចក្តី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ »​ នៅ​ក្នុង ខ​ទី ៨ មាន​ន័យ​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« សេចក្ដី​សប្បុរស​ពិត … ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់ និង​យ៉ាង​បរិសុទ្ធ​នៅក្នុង​សេចក្ដី​​ស្រឡាញ់​ដ៏​ពិតប្រាកដ ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ដ៏​ធួន​របស់​ព្រះគ្រីស្ទ​សម្រាប់​យើង ។ … វា​គឺ​ជា​សេចក្ដី​សប្បុរស​នោះ—ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ទ្រង់​មាន​សម្រាប់​យើង—​បើ​គ្មាន​វា​ទេ យើង​នឹង​គ្មាន​ជា​អ្វី​ទាំងអស់ គ្មានសង្ឃឹម​ទាំងអស់ ជា​បុរស និង​ស្ត្រី​ដែល​វេទនា​បំផុត ។ …

« ជីវិត​នឹង​មាន​​នូវ​ការ​ភ័យ​ខ្លាច និង​ការ​បរាជ័យ ។ ពេល​ខ្លះ​រឿង​ទាំងឡាយ​នឹង​ជួប​ភាព បរាជ័យ ។ ពេល​ខ្លះ​មនុស្ស​ធ្វើ​ឲ្យ​យើង​បរាជ័យ ឬ​សេដ្ឋកិច្ច ឬ​អាជីវកម្ម ឬ​ក៏​រដ្ឋាភិបាល​ធ្វើ​ឲ្យ​យើង​បរាជ័យ ។ ប៉ុន្តែ​រឿង​មួយ​ក្នុង​ជីវិត​នេះ ឬ​ក្នុង​ភាព​អស់​កល្ប​​ជានិច្ច​ដែល​នឹង ពុំ ធ្វើ​ឲ្យ​យើង​បរាជ័យ—គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធ​សាធ​នៃ​ព្រះគ្រីស្ទ » ( Christ and the New Covenant [ ឆ្នាំ ​១៩៩៧ ] ទំព័រ ៣៣៧ ) ។

  • តើ​វាអាច​មាន​​ប្រយោជន៍​​យ៉ាង​ណា​​ដែរ ដោយ​​ចងចាំ​ថា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធ​សាធ​​នៃ​ព្រះគ្រីស្ទ​នឹង​ពុំ​ផុត​រលត់​ឡើយ​​នោះ ?

  • ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​យើង​បាន​រៀន​នៅ​ក្នុង កូរិនថូសទី១ ១៣:៤–៨ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង នៅ​ពេល​យើង​មាន​​អំណោយទាន​នៃ​សេចក្ដី​សប្បុរស ? ( សិស្ស​អាច​នឹង​ស្គាល់​សេចក្ដី​ពិត​ខុសៗ​គ្នា ប៉ុន្តែ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា នៅ​ពេល​យើង​ស្វែង​រក​ដើម្បី​​ទទួល​បាន​អំណោយ​ទាន​ខាង​វិញ្ញាណ​នៃ​សេចក្ដី​សប្បុរស នោះ​យើង​កាន់​តែ​ប្រែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

សូម​សង្ខេប កូរិនថូសទី ១ ១៣:៩–១២ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​អំពីហេតុផល​ ដែល​អំណោយទាន​ខាង​វិញ្ញាណ​នៃ​ចំណេះ​ដឹង និង​ការ​ព្យាករ​នឹង​រលាយ​បាត់​នៅ​ទី​បំផុត ។ ប៉ុល​បាន​សង្កេត​ឃើញ​ថា ចំណេះដឹង​ដែល​មាន​នៅ​ក្នុង​ជីវិត​នេះ​​គ្មាន​ភាព​ពេញ​លេញ​ទេ ហើយ​ថា​យើង​នឹង​ទទួល​បាន​ចំណេះដឹង​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​នៅ​ក្នុង​ភាព​អស់កល្ប​ជានិច្ច ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១៣:១៣​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អំណោយ​ទាន​បី​នៃ​ព្រះវិញ្ញាណ​ដែល​ប៉ុល​បាន​បង្រៀន​ថា​នឹង មាន ដែល​មាន​ន័យ​ថាទ្រាំទ្រ ឬ បន្ត​មាន​ជានិច្ច ។ សូម​អញ្ជើញ​សិស្សឲ្យ​​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • តើ​ប៉ុល​បាន​បង្រៀន​ថា អំណោយទាន​ខាង​វិញ្ញាណ​ដែល​ធំ​ជាង​គេ​គឺជា​អ្វី ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ សេចក្តីសប្បុរស​គឺជា​អំណោយ​នៃ​ព្រះវិញ្ញាណ​ដ៏​​​អស្ចារ្យ​បំផុត ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

  • តើ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស​មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា ? ( សេចក្ដី​ជំនឿ​ដឹកនាំ​ទៅ​រក​សេចក្ដីសង្ឃឹម ហើយ​សេចក្ដី​សង្ឃឹម​ដឹកនាំ​ទៅ​រក​សេចក្ដី​សប្បុរស ) ។

  • ដោយ​ផ្អែក​លើ​អ្វី​​ដែល​យើង​បាន​រៀន​នៅ​ក្នុង កូរិនថូសទី១ ១៣ ហេតុអ្វី​អ្នក​គិត​ថា​ សេចក្ដី​សប្បុរស​គឺជា​អំណោយទានដ៏​​ធំ​ជាង​គេ​នៃ​ព្រះវិញ្ញាណ ?

សូម​ចង្អុល​បង្ហាញ​អំពីការ​ទូន្មាន​របស់​ប៉ុល​នៅ​​ក្នុង កូរិនថូសទី ១ ១៤:១ ឲ្យ​« ដេញ​តាម​ សេចក្ដី​សប្បុរស » ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ « ដេញ​តាម » ឬ​ទទួល​បាន​អំណោយទាន​នៃ​សេចក្ដី​សប្បុរស ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន មរ៉ូណៃ ៧:៤៨ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​មរមន​បាន​បង្រៀន​ប្រជាជន​លោក​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​​ទទួល​បាន​អំណោយទាន​នៃ​សេចក្ដី​សប្បុរស ។ សូម​អញ្ជើញ​សិស្សឲ្យ​​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • តើ​ការ​មាន​សេចក្ដី​សប្បុរស​អាច​កែលម្អ​ទំនាក់​ទំនង​របស់​​យើង​ជាមួយ​គ្រួសារ មិត្ត​ភក្ដិ និង​មនុស្ស​មាន​ឋានៈ​ប្រហាក់​ប្រហែល​នឹង​យើង​បាន​​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​ពិពណ៌នា​អំពីគ្រា​មួយ​ ដែល​​អ្នក​បានមើល​ឃើញ​សេចក្ដី​សប្បុរស​នៅ​ក្នុង​របៀប​មួយ​ដែល​មនុស្ស​ម្នាក់​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក ឬ​មនុស្ស​ដទៃ​បាន​ទេ ? ( សូម​គិត​ពីការ​ចែកចាយ​នូវ​​បទពិសោធន៍​ផ្ទាល់ខ្លួន​អ្នក ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​រៀប​រាប់​ពីសេចក្ដី​សប្បុរស​ដែល​ពួកគេ​គិត​ថា វា​​ពិបាក​បំផុត​សម្រាប់​​ពួកគេ​ដើម្បី​ធ្វើ​តាម​ និង​​ពីហេតុផល​នៅ​លើ​ក្រដាស​មួយ​សន្លឹក ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សរសេរ​គោលដៅ​មួយ​ទាក់ទង​នឹង​កិច្ចការ ​ដែល​ពួកគេ​នឹងធ្វើ​ដើម្បី​បន្ត​ស្វែង​រក​ ដើម្បី​ទទួល​បាន​សេចក្ដី​សប្បុរស​ដែល​ធំ​ជាង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​វា​នៅ​ត្រង់​កន្លែង​ ដែល​​ពួកគេ​អាច​មើល​ឃើញ​ជា​រឿយៗ ហើយ​ត្រូវបាន​រំឭក​អំពី​គោលដៅ​របស់​ពួកគេ​នោះ ។

កូរិនថូស​ទី១ ១៤

ប៉ុល​បង្រៀន​ថា អំណោយទាន​នៃ​ការ​ព្យាករ​គឺ​ធំ​ជាង​អំណោយទាន​ខាង​ភាសា

សូម​យក​វត្ថុ​ដែល​អាច​សង់​ជា​ប៉ម​មួយ ដូច​ជា ដុំ​ផ្គុំមាន​រាង​ជា​ជ្រុង ប្រអប់ ប័ណ្ណ ឬ​សៀវភៅ​មក​ថ្នាក់​រៀន ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​ប្រើ​វត្ថុ​​ដែល​អ្នក​បាន​យក​មក ​ដើម្បី​សង់​ជា​ប៉ម​មួយ​ឲ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈ​ពេល​មួយ​នាទី ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​នោះ​​ឲ្យ​ទៅ​អង្គុយ​វិញ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន កូរិនថូសទី១ ១៤:១–៣ ដោយ​ស្ងាត់​ស្ងៀមរក​មើល​ពាក្យ​​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ ដែល​ទាក់ទង​នឹង​ការ​បង្ហាញ​​អំពីការ​សងសង់​ប៉ម​មួយ ។

  • នៅ​ក្នុង ខ​ទី ៣ តើ​ពាក្យ​អ្វី​ទៅ​ដែល​ទាក់ទង​នឹង​ការ​សង់​ប៉ម​មួយ ? ( ការ​ស្អាង​ចិត្ត ។ ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់​ថា ស្អាង​ចិត្ត មាន​ន័យ​ថា « ការ​សង់​ឡើង »​ ដូច​ជា​ការ​ពង្រឹង ឬ​ការ​កែលម្អ​ខាង​វិញ្ញាណ ) ។

នៅ​ពេល​សិស្ស​សិក្សា កូរិនថូស​ទី ១ ១៤ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​មួយ​ ដែល​នឹង​ជួយ​ពួកគេ​ស្គាល់​ថា​ពួកគេ​អាច​ស្អាង​មនុស្ស​ដទៃ​បាន​​តាម​របៀប​ណា ។

សូម​ពន្យល់​ថា ប៉ុល​បាន​ប្រាប់​សមាជិក​សាសនា​ចក្រ​​នៅ​កូរិនថូស​ដែល​កំពុង​មាន​បទពិសោធន៍​ពី​អំណោយទាន​ខាង​ភាសា ឬ​សមត្ថភាព​ដើម្បី​និយាយ​ភាសា​ផ្សេង​ទៀត ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១៤:១–៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ឲ្យ​ស្វែង​រក​អំណោយ​ទាន​ខាង​វិញ្ញាណ​អ្វី​ជំនួស​វិញ ។

  • តើ​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​ឲ្យ​មាន​បំណង​ប្រាថ្នា ហើយ​ស្វែង​រក​អំណោយទាន​ខាង​វិញ្ញាណ​អ្វី​ជំនួស​​វិញ ?

សូម​ពន្យល់​ថា « ការព្យាករ​មួយ​រួមមាន​ពាក្យ​ពេចន៍ ឬ ការសរសេរ​​បំផុស​គំនិត​ដ៏​ទេវភាព ដែល​មនុស្ស​ម្នាក់​ទទួល​បាន​តាមរយៈ​វិវរណៈ​មក​​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទីបន្ទាល់​អំពី​ព្រះយេស៊ូវ គឺជា​វិញ្ញាណ​នៃ​ការព្យាករណ៍ ( វិវរណៈ ១៩:១០ )​ ។ នៅពេល​មនុស្ស​ម្នាក់​ព្យាករ គាត់​និយាយ ឬ សរសេរ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​គាត់​ដឹង សម្រាប់​ការណ៍​​ល្អ​ផ្ទាល់ខ្លួន ឬ​ការណ៍​ល្អសម្រាប់​អ្នក​ដទៃ »​ ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្យាករ, ការ​ព្យាករ » scriptures.lds.org ) ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារ​ខៀន ៖ ការ​ព្យាករ = ការ​បង្រៀន និង​ការ​ថ្លែង​ទី​បន្ទាល់​តាមរយៈ​ការ​បំផុស​គំនិត

  • យោង​តាម ខ​ទី ៣ តើ​ការ​បង្រៀន និង​ការ​ថ្លែង​ទីបន្ទាល់​​តាមរយៈ​ការ​បំផុសគំ​និត​អាច​ជួយ​យើង​ ឲ្យផ្តល់​ពរ​ដល់​មនុស្ស​ដទៃ​បាន​យ៉ាង​ដូច​ម្ដេច ? ( ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនរបស់​ពួកគេ ​សិស្ស​គប្បី​ស្គាល់​នូវ​គោលការណ៍​មួយ​ស្រដៀង​​គ្នា​ដូច​តទៅនេះ ៖ នៅ​ពេល​យើង​បង្រៀន ហើយ​ថ្លែង​ទី​បន្ទាល់​​ប្រកប​ដោយ​ការ​បំផុស​គំនិត នោះ​យើង​អាច​ជួយ​ស្អាង ហើយ​លួង​លោម​ដល់​មនុស្ស​​ដទៃ​បាន ) ។

  • តើ​អ្នក​ធ្លាប់​ត្រូវ​​បាន​ស្អាង ហើយ​លួង​លោម​ដោយ​ការ​បង្រៀន និង​ទីបន្ទាល់​ដ៏​បំផុស​គំនិត​​នៃ​មនុស្ស​ម្នាក់​ទៀត​តាម​របៀប​ណា ?

សូម​សង្ខេប កូរិនថូសទី ១ ១៤:៤–៣០ ដោយ​ពន្យល់​ថា ប៉ុល​បាន​ដាស់តឿន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​អំពី​អំណោយ​ទាន​​ខាង​ភាសា ។ ប៉ុល​បាន​ព្រមាន​ថា ប្រសិន​បើ​វា​មិន​​បាន​ប្រើ​ក្នុង​ផ្លូវ​ត្រឹមត្រូវ​ទេ​នោះ អំណោយទាន​ខាង​ភាសា​​នឹង​បរាជ័យ​ក្នុង​ការ​ស្អាង​សាសនាចក្រ ហើយ​នឹង​បំបែក​សមាជិក​ចេញ​ពី​ការ​ស្វែង​រក​អំណោយទាន​ខាង​វិញ្ញាណ​ដ៏​មាន​ប្រយោជន៍​កាន់​តែ​ខ្លាំង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូស​ទី១ ១៤:៣១, ៣៣, ៤០​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​ថា ​ពាក្យ​ទូន្មាន​អ្វី​ទៅ​ដែល​ប៉ុល​បាន​ឲ្យ​ដល់​ពួក​បរិសុទ្ធ​អំពី​​ការ​ព្យាករ ។

  • តើ​ពាក្យ​ទូន្មាន​អ្វី​ខ្លះ ដែល​ប៉ុល​បានផ្តល់​ឲ្យ​ពួក​បរិសុទ្ធ​អំពី​ការ​ព្យាករ ? ( មនុស្ស​ទាំងអស់ ទាំង​ស្រី​ទាំង​ប្រុស ប្រហែល​ជា​អាច​ព្យាករ ឬ​បង្រៀន ហើយ​ថ្លែង​ទី​បន្ទាល់ ។ ការណ៍​នេះ​គួរ​ធ្វើ​ឡើង​តាម​លំដាប់​លំដោយ ​ម្នាក់​ម្តងៗ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​អំពី​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ មកពី​ខគម្ពីរ​ទាំងនេះ ? ( ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនរបស់​ពួកគេ ​សិស្ស​គប្បី​ស្គាល់​នូវ​គោលការណ៍​មួយ​ស្រដៀង​​គ្នា​ដូច​តទៅនេះ ៖ នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អ្វី​ៗ​គ្រប់​យ៉ាង​ត្រូវ​ធ្វើ​ឡើង​តាម​លំដាប់​លំដោយ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​​ដែល​រឿង​ទាំង​អស់​នៅ​ក្នុង​សាសនាចក្រ​​ត្រូវ​ធ្វើ​ឡើង​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ ?

សូម​ពន្យល់​ថា ការ​សរសេរ​របស់​ប៉ុល​នៅ​ក្នុង កូរិនថូសទី១ ១៤:៣៤–៣៥ ផ្ដល់​ជា​ឧទាហរណ៍​មួយ​អំពី​របៀប​ ដែល​លោក​បាន​ដឹកនាំ​ពួក​បរិសុទ្ធ​​នៅ​កូរិនថូស​ឲ្យ​រក្សា​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​សាសនាចក្រ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១៤:៣៤–៣៥​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​​ដល់​សមាជិក​សាសនា​ចក្រ​នៅ​កូរិនថូស ។ សូម​អញ្ជើញ​សិស្សឲ្យ​​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

សូម​ពន្យល់​ថា វា​ពិបាក​ដើម្បី​យល់​​ពីចេតនា​នៅ​ក្នុង​ការ​ទូន្មាន​របស់​ប៉ុល ដោយសារ​លោក​ពុំ​បាន​ហាម​ពួក​ស្ត្រី​មិន​ឲ្យ​​​អធិស្ឋាន ឬ​​​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​សាសនាចក្រ​ឲ្យ​ច្បាស់​នោះ​ទេ ( សូមមើល កូរិនថូសទី ១ ១១:៥ ) ។ ការ​បកប្រែ​ដោយ​យ៉ូសែប​ ស្ម៊ីធ ប្ដូរ​ពាក្យ និយាយ នៅ​ក្នុង ខ​ទី ៣៤ និង ៣៥ ជាមួយ​នឹង​ពាក្យ ដឹក​នាំ ។ ការ​ផ្លាស់ប្ដូរ​ពាក្យ​នេះ​បង្ហាញ​ពីឱកាស​ថា ប៉ុល​កំពុង​ព្យាយាម​កែតម្រូវ​ស្ថានភាព​មួយ​ដែល​​ស្ត្រី​នៅ​​ស្រុក​កូរិនថូសមួយ​ចំនួន​​ខ្វះ​សណ្ដាប់​ធ្នាប់​​នៅ​ក្នុង​កម្មវិធី​ថ្វាយ​បង្គំ ឬ​ស្វែង​រក​តំណែង​ដឹកនាំ​មិន​ត្រឹមត្រូវ​ ជា​ជាង​គាំទ្រ ហើយ​ធ្វើ​តាម​ថ្នាក់​ដឹកនាំ​បព្វជិតភាព ( សូម​មើល New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៣៨០ ) ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ថ្លែង​ទីបន្ទាល់​​ពីសេចក្ដីពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​កូរិនថូសទី១ ១៣–១៤ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូសទី១ ១៣:១–៣ ។ សេចក្តី​សប្បុរស​គឺ​លើស​ពី​ការ​មាន​ចិត្ត​ទូលាយ

អែលឌើរ ប៊្រុសូ ស៊ី ហាហ្វែន នៃ​ពួក​ចិត​សិប​នាក់​បាន​បង្រៀន​អំពី​សេចក្ដី​សប្បុរស​ដូច​ត​ទៅ​នេះ ៖

«​ការកាត់បន្ថយ​ភាពមនុស្ស​ធម៌​អាច​កើត​ឡើង​បាន​—សូម្បី​តែ ​‹ ពួក​គ្រីស្ទាន › —ការ​បម្រើ​ដោយ​គ្មាន​ការ​អភិវឌ្ឍ​អាកប្បកិរិយា​ដូចជា​ព្រះគ្រីស្ទដែល​ជា​ផ្នែក​មួយ​ដ៏​រឹង​មាំ​នៃ​ខ្លួន​របស់​បងប្អូន ។ ប៉ុល​បាន​យល់​អំពីរឿង​នេះ ​នៅ​ពេល​លោក​បាន​ព្រមាន​ទាស់​នឹង​ការ​ផ្ដល់​របស់​របរ​ល្អ​ចាំបាច់​ទាំងអស់​របស់​មនុស្ស​ម្នាក់​ទៅ​ឲ្យ​ជន​ក្រីក្រ​ដោយ​គ្មាន​សេចក្ដី​សប្បុរស​ពិត ។ … យើង​អាច​ផ្ដល់​ឲ្យ​ដោយ​គ្មាន​សេចក្ដី​ស្រឡាញ់ ប៉ុន្តែ​យើង​ពុំ​អាច​ស្រឡាញ់​ដោយ​គ្មាន​ការ​ផ្ដល់​ឲ្យ​​នោះ​ទេ ។ ប្រសិន​បើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ​មាន​ភាព​ពេញ​លេញ នោះ​តាម​រយៈ​ផល​ផ្លែ​នៃ​ទំនាក់​ទំនង​នោះ ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត​ក៏​មាន​ភាព​ពេញ​លេញ​ដែរ ។ បន្ទាប់​មក​ យើង​នឹង​​ធ្វើ​កិច្ចការ​សប្បុរស​ចំពោះ​​មនុស្ស​ដទៃ ពុំ​មែន​គ្រាន់​តែ​ដោយសារ​យើង​គិត​ថា យើង​គួរ​ធ្វើ​វា​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​ដួង​ចិត្ត​ពិត​របស់​យើងវិញ » ( The Broken Heart: Applying the Atonement to Life’s Experiences [ ឆ្នាំ​ ១៩៨៩ ] ទំព័រ ១៩៦–៩៧ ) ។

កូរិនថូសទី​១ ១៣:៤–៧ ។ សេចក្ដី​សប្បុរស

ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង កូរិនថូសទី១ ១៣:៤–៥ ប៉ុល​បានពិពណ៌នា​អំពីលក្ខណៈ​ផ្សេងៗ​គ្នា​អំពី​សេចក្ដី​សប្បុរស ឬ​និយាយ​ម្យ៉ាង​ទៀត​គឺ​មនុស្ស​ដែល​មាន​សេចក្ដី​សប្បុរស​ធ្វើ​កិច្ចការ​ទាំងនោះ ហើយ​មាន​នូវ​បុគ្គលិក​លក្ខណៈ​ដែល​លោក​បានពិពណ៌នា ។ ឃ្លា​ « តែង​តែ​អត់​ធ្មត់ » រៀបរាប់​អំពីមនុស្ស​ម្នាក់​ដែល​ស៊ូទ្រាំ​ការ​សាក​ល្បង​ដោយ​អត់​ធ្មត់ ។ « មិន​ចេះ​ឈ្នានីស » ​រៀបរាប់​អំពីមនុស្ស​ម្នាក់​ដែល​ពុំ​ចេះ​ច្រណែន​នឹង​​មនុស្ស​ដទៃ ។ « មិន​ចេះ​អួត​ខ្លួន » ​រៀបរាប់​អំពីមនុស្ស​ម្នាក់​​ដែល​មិន​ចេះ​អួតអាង ។ « មិន​ដែល​មាន​ចិត្ត​ធំ »​ រៀបរាប់​អំពី​គុណសម្បត្តិ​នៃ​ការ​រាបសា ។ « មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម »​ រៀប​រាប់​អំពីមនុស្ស​ម្នាក់​ដែល​មិន​ប្រើពាក្យ​សម្ដី​គ្រោត​គ្រាត ឬ​ឥត​គិត​ក្រែង ។ « មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន » ពិពណ៌នា​អំពីគុណសម្បត្តិ​នៃ​ការ​គិត​ដល់​​ព្រះ និង​មនុស្ស​ដទៃ​ពីមុន​គិត​ដល់​ខ្លួន​ឯង ។ « មិន​រហ័ស​ខឹង » ​រៀបរាប់​អំពីមនុស្ស​ម្នាក់​ដែល​មិន​ងាយ​ខឹង ។ « ជឿ​ទាំងអស់ » ​រៀបរាប់​អំពីមនុស្ស​ម្នាក់​ដែល​ទទួល​យករាល់សេចក្តី​ពិត ។

កូរិនថូសទី ១ ១៣:៨ ។ អំណោទាន​នៃ​ការ​ព្យាករ ភាសា និង​ចំណេះដឹង​នឹង​ « ឈប់ » ហើយ​ « បាត់​ទៅ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពី​ហេតុផល​​ដែល​អំណោយទាន​នៃ​ការ​ព្យាករ និង​ខាង​ភាសា​នៅ​ទី​បំផុត​នឹង​ឈប់ និង​ហេតុផល​ដែល​អំណោទាន​នៃ​ចំណេះដឹង​នឹង​បាត់​ទៅ ។

« តើ​​អំណោយទាន​នៃ​ព្រះវិញ្ញាណ​នឹង​ឈប់​មែន​ឬ ? តើ​នឹង​មាន​ថ្ងៃ​មួយ​ដែល​ពួក​បរិសុទ្ធ​នឹង​លែង​មាន​អំណោយ​ទាន​នៃ​ការ​ព្យាករ និង​ខាង​ភាសា​​មែន​ឬ ? ឬ​​លែង​មាន​អំណោយ​ទាន​នៃ​ចំណេះ​ដឹង ? ពិតណាស់ តាម​របៀប​នោះ អ្វីៗ​ទាំងនេះ​នឹង​ត្រូវ​បាន​លេប​ត្របាក់​ចូលទៅក្នុង​អ្វី​មួយ​ដែល​ធំ​ជាង ហើយ​នឹង​លែង​ត្រូវ​ការ​​នៅ​ក្នុង​ថ្ងៃ​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទៀត​ហើយ ។ នៅ​ពេល​ពួកគេ​ចេះ​ភាសា​ទាំង​អស់ គ្មាន​នរណា​​នឹង​អាច​និយាយ​ភាសា​មួយ​ដែល​ពុំ​ស្គាល់​ឡើយ ។ នៅ​ពេល​ពួក​បរិសុទ្ធ​ប្រែ​ក្លាយ​ជា​ព្រះ ហើយ​ដឹង​អ្វីៗ​ទាំងអស់—អតីតកាល បច្ចុប្បន្ន​កាល និង​អនាគតកាល—នោះ​នឹង​លែង​មាននូវ​ការ​ព្យាករ​សម្រាប់​អនាគត​ទៀត​ហើយ » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ២:៣៨០ ) ។

កូរិនថូសទី១ ១៤:១ ។ « ចូរ​ដេញ​តាម​ សេចក្ដី​សប្បុរស »

អែលឌើរ រ៉ូបឺត ជេ វ៉េតថេន នៃ​ពួក​ចិតសិប​នាក់​​បាន​ពន្យល់៖

« ដូចជា​សេចក្ដី​ជំនឿ​ដែរ សេចក្ដី​ស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ​គឺជា​អំណោយ​ទាន​មួយ​នៃ​ព្រះ​វិញ្ញាណ ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​លើ​គោល​ការណ៍​នៃ​សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន និង​ស្រប​តាម​​កម្រិត​នៃ​ការ​គោរព​ប្រតិបត្តិ​របស់​យើង​ចំពោះ​ក្រឹត្យវិន័យ​ដែល​វា​ពឹង​ផ្អែកទៅ​លើ ។ ដូច​ជា​សេចក្ដី​ជំនឿ​ដែរ សេចក្ដី​ស្រឡាញ់​ត្រូវ​តែ​មាន​ការ​អនុវត្ត​ដើម្បី​រីកចម្រើន » ( « True Followers » Ensign ខែ ឧសភា ឆ្នាំ ​១៩៩៩ ទំព័រ ៣០ ) ។

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« សេចក្តី​សប្បុរស ដែល​ជា​ ‹ សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ › (មរ៉ូ. ៧:៤៧ ) ពុំមែន​ជា សកម្មភាព មួយ​ទេ ប៉ុន្តែ​ជា​ លក្ខ​ខណ្ឌ ឬ​ស្ថានភាព​មួយ​​​របស់​មនុស្ស ។ សេចក្ដី​សប្បុរស​គឺ​ទទួលបាន​តាមរយៈ​ភាពជោគជ័យ​នៃទង្វើ​ដែល​បាន​មកពី​ការប្រែចិត្ត​ជឿ ។ សេចក្ដី​សប្បុរស​គឺជា​អ្វី​មួយ​ ដែល​មនុស្ស​ម្នាក់​អាច​ប្រែក្លាយទៅជា » ( « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៤ ) ។

កូរិនថូសទី១ ១៤:១–៣ ។ អំណោយ​ទាន​នៃ​ការ​ព្យាករ

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពីភាព​ខុស​គ្នា​រវាង​សមាជិក​សាសនាចក្រ​ដែល​​មាន​អំណោយ​ទាន​នៃ​ការ​ព្យាករ និង​អស់អ្នកដែលត្រូវ​បាន​ហៅឲ្យ​បម្រើ​​នៅ​ក្នុង​តំណែង​ជា​ព្យាការី ៖

« តាម​របៀប​ដែល​បាន​ប្រើ​នៅ​ក្នុង​ការនិយាយ​​អំពី​អំណោយទាន​ខាង​វិញ្ញាណ ព្យាការី​មួយ​រូប​គឺជា​បុគ្គល​ម្នាក់​ដែល​ថ្លែង​ទីបន្ទាល់​អំ​ពី​ព្រះយេស៊ូវ​គ្រីស្ទ បង្រៀន​បន្ទូល​របស់​ព្រះ ហើយក្រើន​រំឭក​ដល់​រាស្ត្រ​របស់​ព្រះ ។ នៅ​ន័យ​ខាង​បទគម្ពីរ ការ​ព្យាករ​មាន​ន័យ​​លើស​ពី​ការ​ទស្សន៍​ទាយ​អំពីអនាគត​ទៅ​ទៀត ។ …

« វា​ជា​រឿង​ដ៏​សំខាន់​ដែល​យើង​ត្រូវ​យល់​ពី​ភាព​ខុស​គ្នា​រវាង​ព្យាការី មួយ​រូប ដែល​មាន អំណោយទាន​ខាង​វិញ្ញាណ​នៃ​ការ​ព្យាករ និង ព្យាការី​ដែល​មាន តំណែង​ជា​ព្យាការី » ( « Spiritual Gifts »Ensign ខែ កញ្ញា ឆ្នាំ ១៩៨៦ ទំព័រ ៧១ ) ។

កូរិនថូសទី១ ១៤ ។ « ដ្បិត ​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ »

« ពួក​សាវក និង​មនុស្ស​ដទៃ​ទៀត​​ចេះ​‹ ភាសា​ដទៃ › ​នៅ​បុណ្យ​ថ្ងៃ​ទីហាសិប ( ​កិច្ចការ ២:៤–៨ ) ។ នៅ​ពេល​នេះ អំណោយទានខាង​ភាសា​ត្រូវ​បាន​​បង្ហាញ​ តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ព្រះ​ដែល​កំពុង​បង្រៀន​ដំណឹងល្អ​​នៅក្នុងភាសា​ជាច្រើន ​ដែល​ពួកអ្នក​ស្ដាប់​របស់​ពួកគេ​យល់ ប៉ុន្តែ​អ្នក​និយាយ​មិនធ្លាប់​​ចេះ ( សូម​មើល​បទ​អត្ថាធិប្បាយ​សម្រាប់ កិច្ចការ ២:៥–១១ ) ។ ការ​សម្ដែង​មួយ​ទៀត​អំពី​អំណោយទាន​ខាង​ភាសា​​កើត​ឡើង នៅ​ពេល​មនុស្ស​ម្នាក់​ត្រូវ​បាន​ដឹកនាំ​ចិត្ត​ដោយ​ព្រះវិញ្ញាណ​ឲ្យ​និយាយ​​ភាសា​មួយ ​ដែល​មិនដែល​ចេះសម្រាប់​អ្នកនិយាយ​ ឬ​អ្នក​ដែល​ស្ដាប់ ( សូម​មើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ២:៣៨៣ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៣៧៩ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​បម្រាម​ដ៏​សំខាន់​អំពី​គោលបំណង និង​ការ​ប្រើ​អំណោយទាន​ខាង​ភាសា សូម​មើល រ៉ូបឺត ឌី ហែល « Gifts of the Spirit » Ensign ខែ កុម្ភៈ ឆ្នាំ ​២០០២ ទំព័រ ១៤–១៥ ។