មេរៀនទី ១៣
ម៉ាថាយ ៨–១០
សេចក្ដីផ្ដើម
នៅពេលព្រះយេស៊ូវគ្រីស្ទយាងឆ្លងកាត់ស្រុកកាលីឡេ ទ្រង់បានធ្វើអព្ភូតហេតុជាច្រើន ។ ទ្រង់ក៏បានហៅពួកសាវកដប់ពីរនាក់ បានប្រគល់អំណាច ហើយបានបង្គាប់ពួកគាត់ ហើយបានបញ្ជូនពួកគាត់ទៅបម្រើដល់ប្រជាជន ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ៨:១-៩:៣៤
ព្រះយេស៊ូវធ្វើអព្ភូតហេតុជាច្រើន
នៅពេលចាប់ផ្ដើមថ្នាក់រៀន ចូរអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះ ៖
-
ប្រសិនបើអ្នកបានដឹងថា ព្រះអង្គសង្គ្រោះនឹងយាងមកក្រុងរបស់អ្នកនៅថ្ងៃនេះ តើអ្នកនឹងនាំនរណាទៅឲ្យទ្រង់ព្យាបាល ? ហេតុអ្វី ?
សូមចម្លងសេចក្ដីយោងបទគម្ពីរដូចខាងក្រោមនៅលើក្ដារខៀន ៖ ម៉ាថាយ ៨:១–៤, ម៉ាថាយ ៨:៥–១៣, ម៉ាថាយ ៨:១៤–១៥, ម៉ាថាយ ៨:២៣–២៧, ម៉ាថាយ ៨:២៨–៣២, ម៉ាថាយ ៩:១–៨, ម៉ាថាយ ៩:១៨–១៩, ២៣–២៦, ម៉ាថាយ ៩:២០–២២, ម៉ាថាយ ៩:២៧–៣១, និង ម៉ាថាយ ៩:៣២–៣៣ ។ ចូរចាត់សេចក្ដីយោងបទគម្ពីរមួយដល់សិស្សម្នាក់មួយៗ ។ ( ប្រសិនបើអ្នកមានថ្នាក់តូច សិស្សមួយចំនួនអាចអានវគ្គបទគម្ពីរច្រើនជាងមួយ ) ។
សូមអញ្ជើញសិស្សអានវគ្គបទគម្ពីរដែលពួកគេបានទទួល ហើយរកមើលអព្ភូតហេតុដែលព្រះយេស៊ូវបានធ្វើ ។ លុះដល់ពេលកំណត់ហើយ ចូរសុំឲ្យសិស្សរៀបរាប់ខ្លីៗពីអ្វីដែលពួកគេបានរៀន ។ ( កំណត់ចំណាំ ៖ សិស្សនឹង សិក្សា អព្ភូតហេតុទាំងនេះកាន់តែស៊ីជម្រៅថែមទៀតនៅក្នុង ម៉ាកុស ១–៥ ) ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៨:១៦-១៧ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីការព្យាករមួយដែលព្រះយេស៊ូវគ្រីស្ទបានបំពេញ នៅពេលទ្រង់បានធ្វើអព្ភូតហេតុទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើសេចក្ដីពិតអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទដែលយើងអាចរៀនពីដំណើររឿងនៃអព្ភូតហេតុទាំងនេះ ? ( សិស្សអាចនឹងប្រើពាក្យខុសៗគ្នា ប៉ុន្តែត្រូវប្រាកដថាពួកគេស្គាល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះយេស៊ូវអាចព្យាបាលយើងពីពិការភាព និងជំងឺនានារបស់យើង ។ អ្នកអាចនឹងត្រូវពន្យល់ថា ពិការភាព គឺជាជំងឺ គុណវិបត្តិ ឬភាពទន់ខ្សោយ ) ។
-
តើព្រះអង្គសង្គ្រោះអាចព្យាបាលយើង ឬពង្រឹងភាពទន់ខ្សោយរបស់យើងដោយរបៀបណា ប្រសិនបើទ្រង់ពុំបានយាងមកក្នុងចំណោមយើងសព្វថ្ងៃនេះ ? ( តាមរយៈដង្វាយធួនរបស់ទ្រង់ ។ សូមមើល អាលម៉ា ៧:១១–១៣ ) ។
ម៉ាថាយ ៩:៣៥–១០:៨
ព្រះយេស៊ូវហៅពួកសាវកដប់ពីរនាក់
សូមដាក់បង្ហាញរូបភាពមួយ ឬរូបភាពជាច្រើននៃពួកសាវកបច្ចុប្បន្នរបស់សាសនាចក្រ រួមទាំងគណៈប្រធានទីមួយផងដែរ ។ ( រូបភាពទាំងនោះអាចរកបាននៅ LDS.org [ សូមមើល Meet Today’s Prophets and Apostles ] និង នៅក្នុងការចេញផ្សាយទស្សនាវដ្ដី Ensign ឬ Liahonaសម្រាប់សន្និសីទទូទៅ ) ។
-
តើអ្វីទៅដែលធ្វើឲ្យបុគ្គលទាំងនេះ មានភាពពិសេសខុសគ្នានៅក្នុងចំណោមមនុស្សទាំងអស់នៅលើផែនដីសព្វថ្ងៃនេះ ?
សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតនានា នៅពេលពួកគេសិក្សា ម៉ាថាយ ៩–១០ អំពីតួនាទីរបស់ពួកសាវក និងពរជ័យដែលពួកគាត់អាចនាំមកក្នុងជីវិតរបស់យើង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ម៉ាថាយ ៩:៣៥ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះយេស៊ូវគ្រីស្ទ បានធ្វើបន្ថែមពីលើការព្យាបាលដល់មនុស្សដទៃ ។
-
លើសពីការព្យាបាលដល់មនុស្សដទៃ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ នៅក្នុងការងារបម្រើរបស់ទ្រង់ ?
សូមពន្យល់ថា នៅពេលព្រះយេស៊ូវបានប្រកាសដំណឹងល្អ ហើយបានធ្វើអព្ភូតហេតុពេញក្នុងស្រុកយូដា ចំនួនមនុស្សដែលបានដើរតាមទ្រង់ និងស្វែងរកទ្រង់ បានកើនឡើង ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៩:៣៦-៣៨ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើនរណាទៅដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា គាត់ត្រូវជួយទ្រង់ធ្វើការងារបម្រើដល់មនុស្សទាំងអស់ដែលបានដើរតាមទ្រង់ ។
-
យោងតាម ខទី ៣៧–៣៨ថាតើនរណាទៅ ដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា គាត់ត្រូវជួយទ្រង់មើលថែមនុស្សដែលបានដើរតាមទ្រង់ ?
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១០:១-៤ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះយេស៊ូវ បានធ្វើដើម្បីបំពេញសេចក្ដីត្រូវការរបស់មនុស្សទាំងនោះ ។
-
តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ ដើម្បីជួយហ្វូងមនុស្សដែលបានដើរតាមទ្រង់ ?
-
តើយើងអានរៀនគោលលទ្ធិអ្វីខ្លះ ពីខគម្ពីរទាំងនេះស្ដីពីរបៀបមួយដែលព្រះយេស៊ូវគ្រីស្ទធ្វើការងារបម្រើដល់មនុស្សនៅលើផែនដី ? ( សិស្សអាចនឹងប្រើពាក្យខុសៗគ្នា ប៉ុន្តែត្រូវប្រាកដថាពួកគេស្គាល់ពីគោលលទ្ធិខាងក្រោមនេះ ៖ ព្រះយេស៊ូវគ្រីស្ទហៅពួកសាវក ហើយប្រគល់សិទ្ធិអំណាចដល់ពួកគាត់ ។ អ្នកគួរផ្ដល់យោបល់ឲ្យសិស្សសរសេរគោលលទ្ធិនេះនៅក្បែរ ម៉ាថាយ ១០:១-៤ ) ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ១០:៥-៨ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្គាប់ឲ្យពួកសាវករបស់ទ្រង់ទាំងអស់ធ្វើ ។
-
តើព្រះយេស៊ូវបានបង្គាប់ពួកសាវករបស់ទ្រង់ឲ្យធ្វើអ្វីខ្លះ ?
សូមពន្យល់ថាពាក្យ សាវក ចេញមកពីពាក្យមួយរបស់ក្រិកដែលមានន័យថា « មនុស្សម្នាក់ដែលត្រូវបានបញ្ជូនទៅ » ។ ដំបូងឡើយ ពួកសាវកត្រូវបានបញ្ជូនតែនៅក្នុងចំណោមពួកសាសន៍អ៊ីស្រាអែលប៉ុណ្ណោះ ។ ក្រោយមកទៀត ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញបានបង្គាប់ថា ដំណឹងល្អក៏ត្រូវប្រកាសនៅក្នុងចំណោមពូជសាសន៍ដទៃ ឬជនដែលពុំមែនជាពួកសាសន៍អ៊ីស្រាអែលផងដែរ ។
-
តើអ្នកបានសង្កេតឃើញភាពស្រដៀងគ្នាអ្វីខ្លះ រវាងកិច្ចការដែលព្រះយេស៊ូវបានធ្វើ និងកិច្ចការដែលទ្រង់បានបង្គាប់ឲ្យពួកសាវករបស់ទ្រង់ធ្វើ ?
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះ មកពីខគម្ពីរទាំងនេះ អំពីអ្វីដែលព្រះអម្ចាស់ហៅឲ្យពួកសាវករបស់ទ្រង់ធ្វើ ? ( សិស្សគួររកឃើញគោលការណ៍មួយដែលស្រដៀងគ្នានឹងគោលការណ៍ខាងក្រោម ៖ ព្រះអម្ចាស់ហៅពួកសាវកឲ្យប្រកាសដំណឹងល្អរបស់ទ្រង់ ហើយធ្វើកិច្ចការរបស់ទ្រង់ ។ សូមពិចារណាពីការសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។
សូមយោងទៅរូបពួកសាវកបច្ចុប្បន្នម្ដងទៀត ។ ចូរសុំឲ្យសិស្សផ្ដល់ជាឧទាហរណ៍ អំពីរបៀបដែលពួកសាវកបច្ចុប្បន្នប្រកាស ហើយធ្វើការងារបម្រើដូចជាព្រះយេស៊ូវគ្រីស្ទធ្វើ ប្រសិនបើទ្រង់បានគង់នៅទីនេះ ។
ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ពី សារៈសំខាន់ នៃសេចក្ដីពិតដែលពួកគេបានស្គាល់ខាងលើ សូមអាន ឬបង្ហាញផ្នែកមួយនៃសុន្ទរកថាថ្មីៗមួយដែលធ្វើឡើងដោយសាវកបច្ចុប្បន្នមួយរូបដែលពាក់ព័ន្ធនឹងយុវវ័យ ។ បន្ទាប់ពីអានសេចក្ដីថ្លែងការណ៍នោះ ឬបង្ហាញជាវីដេអូហើយ សូមសួរ ៖
-
តើការយល់ដឹងថា ពួកសាវកត្រូវបានហៅដោយព្រះយេស៊ូវគ្រីស្ទឲ្យធ្វើកិច្ចការរបស់ទ្រង់ អាចជះឥទ្ធិពលដល់របៀបដែលយើងឆ្លើយតបនឹងអ្វីដែលពួកគាត់បានបង្រៀន ហើយប្រឹក្សាឲ្យយើងធ្វើយ៉ាងដូចម្ដេចដែរ ?
-
តើការងារបម្រើ និង សារលិខិតនៃពួកសាវកបច្ចុប្បន្នបានជះឥទ្ធិពលដល់ជីវិតរបស់អ្នកតាមរបៀបណាដែរ ?
សូមអញ្ជើញសិស្សឲ្យស្វែងរកដោយស្មោះនូវឱកាសដើម្បីស្ដាប់ សិក្សា ហើយអនុវត្តប្រសាសន៍នៃពួកសាវករបស់ព្រះអម្ចាស់ ។
ម៉ាថាយ ១០:៩-៤២
ព្រះយេស៊ូវណែនាំពួកសាវកទាំងដប់ពីរនាក់ពីមុនពួកលោកចេញទៅប្រកាស ហើយធ្វើការងារបម្រើ
សូមសង្ខេប ម៉ាថាយ ១០:៩–១៦ ដោយពន្យល់ថា ព្រះអម្ចាស់បានណែនាំពួកសាវកឲ្យទុកចិត្តលើព្រះវរបិតាសួគ៌ ដើម្បីផ្ដល់ដល់សេចក្ដីត្រូវការរបស់ពួកគាត់ នៅពេលពួកលោកបានធ្វើដំណើរទៅប្រកាសដំណឹងល្អ ។ ព្រះអង្គសង្គ្រោះក៏បានបង្រៀនដល់ពួកគាត់ឲ្យប្រសិទ្ធពរដល់មនុស្ស ដែលបានទទួលពួកគាត់ ហើយផ្ដល់ផ្ទះឲ្យពួកគាត់ស្នាក់នៅផងដែរ ។
ចូរសុំឲ្យសិស្សគិតពីគ្រាមួយដែលមានមនុស្សម្នាក់ ដែលមានសាសនាខុសពីពួកគេបានមកសួរពួកគេនូវសំណួរដ៏ពិបាកមួយអំពីដំណឹងល្អ ឬបានសួរពួកគេអំពីអ្វីមួយដែលបង្កហេតុពាក់ព័ន្ធនឹងសាសនាចក្រ ។
-
តើអ្នកមានជំនឿចិត្តយ៉ាងណាដែរ ដោយដឹងពីអ្វីដែលអ្នកគួរនិយាយនៅក្នុងស្ថានភាពនោះ ? ហេតុអ្វី ?
សូមអញ្ជើញសិស្សឲ្យរកមើលគោលការណ៍មួយ នៅក្នុងការបង្រៀនរបស់ព្រះយេស៊ូវទៅកាន់ពួកសាវករបស់ទ្រង់នៅផ្នែក សេសសល់ក្នុង ម៉ាថាយ ១០ ដែលអាចជួយយើងនៅពេលយើងត្រូវពន្យល់ដំណឹងល្អ ឬចែកចាយទីបន្ទាល់របស់យើង ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានឮៗក្នុង ម៉ាថាយ ១០:១៦–២០ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការសាកល្បងដែលព្រះយេស៊ូវបានមានបន្ទូលថា ពួកសាវកនឹងជួបនៅពេលពួកគេបានធ្វើដំណើរទៅប្រកាសដំណឹងល្អ ។
-
តើការសាកល្បងអ្វីខ្លះ ដែលព្រះយេស៊ូវបានមានបន្ទូលថា ពួកសាវករបស់ទ្រង់នឹងជួបនៅពេលពួកគាត់ចេញទៅប្រកាសដំណឹងល្អ ?
-
យោងតាម ខទី ១៩–២០តើពួកសាវកដឹងពីអ្វីដែលត្រូវនិយាយនៅក្នុងស្ថានភាពដ៏លំបាកទាំងនេះបានដោយរបៀបណា ? ( អ្នកអាចនឹងត្រូវពន្យល់ថា ឃ្លា « កុំថប់ព្រួយ » មានន័យថា « កុំឲ្យបារម្ភខ្លាំងពេក » ) ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះ មកពីខគម្ពីរទាំងនេះ អំពីការនិយាយទៅកាន់មនុស្សដទៃ នៅពេលយើងស្ថិតនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ ? ( សិស្សអាចនឹងប្រើពាក្យខុស ៗគ្នា ប៉ុន្តែពួកគេគួរស្គាល់ពីគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងស្ថិតនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ ទ្រង់នឹងបំផុសគំនិតយើងពីអ្វីដែលត្រូវនិយាយ នៅពេលដែលចាំបាច់ ) ។
-
តើអ្នកធ្លាប់មានអារម្មណ៍ថា ព្រះអម្ចាស់បានបំផុតគំនិតអ្នកឲ្យដឹងពីអ្វីដែលត្រូវនិយាយទៅកាន់មនុស្សម្នាក់ទៀតនៅពេលណាដែរ ? ( អ្នកគួរទុកពេលឲ្យសិស្សគិត ពីមុនសុំឲ្យពួកគេឆ្លើយនឹងសំណួរនេះ ) ។
សូមសង្ខេប ម៉ាថាយ ១០:២១–៤២ ដោយពន្យល់ថា ព្រះយេស៊ូវគ្រីស្ទបានបន្តប្រទានការណែនាំ ការព្រមាន និងការលួងលោមដល់ពួកសាវករបស់ទ្រង់ពីការសាកល្បងដែលពួកគាត់នឹងជួប ។ ដើម្បីជួយសិស្សសិក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ១០:៣៧–៣៩សូមបំបែកពួកគេជាគូ ឬជាក្រុមតូចៗ ហើយឲ្យដៃគូ ឬក្រុមនីមួយៗនូវសំណៅនៃ ឯកសារដែលភ្ជាប់មកជាមួយ ។ សូមអញ្ជើញសិស្សឲ្យធ្វើតាមសេចក្ដីណែនាំនៅលើឯកសារនោះដោយសិក្សារួមគ្នានូវខគម្ពីរដែលបានចាត់ឲ្យ ហើយពិភាក្សាចម្លើយរបស់ពួកគេចំពោះសំណួរនានា ។
សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់គ្រូថ្នាក់សិក្ខាសាលា—មេរៀនទី ១៣
សូមសិក្សារួមគ្នាជាដៃគូ ឬជាក្រុមតូចៗនូវខគម្ពីរដែលបានចាត់ឲ្យ ហើយពិភាក្សាពីចម្លើយរបស់អ្នកចំពោះសំណួរនានា ។
សូមអាន ម៉ាថាយ ១០:៣៧–៣៨ដោយរកមើលការលះបង់ដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា យើងត្រូវព្រមធ្វើដូចជាពួកសាវករបស់ទ្រង់ដែរ ។ ឃ្លាថា « គួរនឹងខ្ញុំ » នៅក្នុងខគម្ពីរទាំងនេះមានន័យថា អ្នកតំណាងដ៏សក្ដិសមមួយរូបរបស់ព្រះអម្ចាស់ ហើយសក្ដិសមនឹងពរជ័យរបស់ទ្រង់ ។
-
ហេតុអ្វីអ្នកគិតថា វាជាការចាំបាច់សម្រាប់ពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទត្រូវស្រឡាញ់ទ្រង់លើសអ្វីៗផ្សេងទៀត—រួមបញ្ចូលទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ ?
ពាក្យ ឈើឆ្កាង ដែលបានលើកឡើងក្នុង ខទី ៣៨ និយាយទៅដល់ឈើឆ្កាងដែលព្រះយេស៊ូវគ្រីស្ទបានលី ហើយត្រូវបានលើកឡើង ដើម្បីបំពេញតាមព្រះទ័យរបស់ព្រះវរបិតាទ្រង់ ។ ក្នុងន័យធៀបព្រះយេស៊ូវគ្រីស្ទបានអំពាវនាវឲ្យពួកអ្នកដើរតាមទ្រង់ « ផ្ទុកឈើឆ្កាងខ្លួនមកតាម [ ទ្រង់ ] » ( ម៉ាថាយ ១៦:២៤ ) ។
សូមអានការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៦ ( នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ) ហើយរកមើលអត្ថន័យរបស់វាចំពោះយើងក្នុងការផ្ទុកឈើឆ្កាងរបស់យើង ហើយដើរតាមព្រះយេស៊ូវគ្រីស្ទ ។
សូមអាន ម៉ាថាយ ១០:៣៩ដោយរកមើលគោលការណ៍ ដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនអំពីការលះបង់ ។ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ បញ្ជាក់ពីការចាប់ផ្ដើមនៃខគម្ពីរនេះថា « អ្នកដែលចង់ឲ្យរួចជីវិត … » ) ។ នៅក្នុងបរិបទនេះ ឃ្លាថា « រួចជីវិត » មានន័យថាការរស់នៅដោយកំណាញ់ជាជាងខិតខំបម្រើព្រះ និងកូនចៅរបស់ទ្រង់ ។
-
តើអ្នកគិតថា មនុស្សដែលផ្ដោតលើបំណង និងក្ដីប្រាថ្នាដ៏កំណាញ់របស់ខ្លួន នៅទីបំផុតនឹង « បាត់ » ជីវិតទៅដោយរបៀបណា ?
យោងតាមអ្វីដែលអ្នកបានអាន សូមបំពេញគោលការណ៍ខាងក្រោម ៖
ប្រសិនបើយើងខិតខំដើម្បីបានរួចជីវិតនោះ ។
សូមពិចារណាគូសចំណាំនៅក្នុង ខទី ៣៩ នូវសន្យាដែលព្រះអង្គសង្គ្រោះបានធ្វើដល់អស់អ្នកដែលបានបាត់ជីវិតសម្រាប់កិច្ចការរបស់ទ្រង់ ។ ការបាត់ជីវិតសម្រាប់កិច្ចការរបស់ទ្រង់ គឺលើសពីការសុខចិត្តស្លាប់ដើម្បីទ្រង់ទៅទៀត ។ វាមានន័យថា ការយល់ព្រមថ្វាយខ្លួនយើងរាល់ថ្ងៃដើម្បីបម្រើទ្រង់ និងមនុស្សដែលនៅជុំវិញយើង ។
-
តើអ្នកគិតថា កាលដែលយើងរកឃើញជីវិតមកវិញ នៅពេលយើងបាត់ជីវិតសម្រាប់ទ្រង់នោះមានន័យដូចម្ដេច ?
យោងតាមអ្វីដែលអ្នកបានអាន សូមបំពេញគោលការណ៍ខាងក្រោម ៖
ប្រសិនបើយើងបាត់ជីវិតសម្រាប់ព្រះយេស៊ូវគ្រីស្ទ នោះ ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ថូម៉ាស អេស ម៉នសុន រួចពិភាក្សាចម្លើយរបស់អ្នកសម្រាប់សំណួរបន្ទាប់ពីនោះ ។
រូបភាពប្រធាន ថូម៉ាស អេស ម៉នសុន« ខ្ញុំជឿថា ព្រះអង្គសង្គ្រោះកំពុងតែប្រាប់យើងថា លើកលែងតែយើងលះបង់ខ្លួនយើង ដើម្បីបម្រើដល់អ្នកដទៃ នោះទើបជីវិតរបស់យើងផ្ទាល់នឹងមានគោលបំណងបន្តិចបន្តួចវិញ ។ អ្នកទាំងឡាយណាដែលរស់នៅសម្រាប់តែខ្លួនឯង ទីបំផុតនឹងហួតហែង ហើយមាននិមិត្តរូបជា ការបាត់ជីវិតរបស់ខ្លួន ខណៈដែលមនុស្សដែលបាត់បង់ខ្លួនពួកគេដើម្បីបម្រើអ្នកដទៃ នឹងរីកចម្រើន ហើយលូតលាស់—និងជាប្រយោជន៏សំរាប់សង្គ្រោះ ជីវិតរបស់ពួកគេវិញ » ( « What Have I Done for Someone Today ? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៥ ) ។
-
តើមនុស្សដែលអ្នកស្គាល់ដែលបានជ្រើសរើសបាត់បង់ជីវិតសម្រាប់ព្រះយេស៊ូវគ្រីស្ទជានរណា ? តើការសម្រេចចិត្តនេះមានផលប៉ះពាល់អ្វីខ្លះចំពោះបុគ្គលនេះ ?
© ២០១៥ ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។
បន្ទាប់ពីសិស្សបានបំពេញឯកសារនោះរួច អ្នកអាចសុំឲ្យពួកគេពីរបីនាក់សង្ខេបប្រាប់សិស្សផ្សេងទៀតពី អ្វីដែលពួកគេបានរៀន ។
អ្នកគួរចែកចាយទីបន្ទាល់របស់អ្នកពីគោលការណ៍ ដែលសិស្សបានស្គាល់ពាក់ព័ន្ធនឹងការបាត់ជីវិតរបស់យើងសម្រាប់ព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យសរសេរនៅ ក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេពីរឿងមួយចំនួនដែលពួកគេអាចធ្វើនៅសព្វថ្ងៃនេះ ឬនៅអនាគតដើម្បីបាត់ជីវិតខ្លួននៅក្នុងការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ និង អ្នកដទៃ ។ សូមអញ្ជើញពួកគេកំណត់គោលដៅមួយ ហើយអនុវត្តតាមគោលដៅនោះ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
ម៉ាថាយ ១០:៣៥-៣៧ ។ « អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ »
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានអធិប្បាយពី ម៉ាថាយ ១០:៣៥–៣៧ដោយបានកត់សម្គាល់ថា ជម្រើសមួយដែលមនុស្សម្នាក់ពិបាកធ្វើបំផុត គឺជាការជ្រើសរវាងព្រះ និងសមាជិកគ្រួសារ ៖
« ការសាកល្បងដ៏ពិបាកបំផុតមួយ គឺនៅពេលអ្នកត្រូវជ្រើសរវាងការធ្វើឲ្យព្រះសព្វព្រះទ័យ ឬការធ្វើឲ្យមនុស្សម្នាក់ដែលអ្នកស្រឡាញ់ ឬគោរព—ជាពិសេសសមាជិកគ្រួសារ ។
« នីហ្វៃបានជួបនឹងការសាកល្បងនោះ ហើយបានដោះស្រាយវាបានយ៉ាងល្អ នៅពេលឪពុកដ៏ល្អរបស់លោកបានត្អូញត្អែរ ទាស់នឹងព្រះអម្ចាស់ដោយបណ្ដោះអាសន្ន ( សូមមើល នីហ្វៃទី ១ ១៦:១៨–២៥ ) ។ យ៉ូបបានរក្សាសេចក្ដីទៀងត្រង់របស់លោកចំពោះព្រះអម្ចាស់ ទោះបីជាប្រពន្ធរបស់លោកបានប្រាប់ឲ្យលោកជេរប្រមាថដល់ព្រះ ហើយស្លាប់ទៅក៏ដោយ ( សូមមើល យ៉ូប ២:៩–១០ ) ។
« ព្រះគម្ពីរបានចែងថា ‹ ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ › (និក្ខមនំ ២០:១២, សូមមើលផងដែរ ម៉ូសាយ ១៣:២០ ) ។ ពេលខ្លះមនុស្សម្នាក់ត្រូវជ្រើសគោរពព្រះវរបិតាសួគ៌លើសពីឪពុកក្នុងជីវិតរមែងស្លាប់ » (« The Great Commandment—Love the Lord » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។