បណ្ណាល័យ
មេរៀនទី ៩៣ ៖ កិច្ចការ ១៦


មេរៀនទី ៩៣

កិច្ចការ ១៦

សេចក្ដីផ្ដើម

ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ណែនាំ ប៉ុល និង ដៃគូ​របស់​លោក​ឲ្យ​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ខេត្ត​ម៉ាសេដូន ( ប្រទេស​ក្រិក​ភាគ​ខាង​ជើង ) ។ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ លីឌា បាន​ទទួល​សារ​លិខិត​របស់​ពួក​លោក ហើយ​បាន​ជ្រមុជទឹក ។ បន្ទាប់​ពី​ប៉ុល​បាន​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​បាវ​បម្រើ​ស្រី​ម្នាក់ លោក និង​ស៊ីឡាស​ត្រូវ​បាន​គេ​វាយ​ដំ ហើយ​ត្រូវ​គេ​ចាប់​ដាក់គុក ។ នៅ​យប់​នោះ ពួក​លោក​ត្រូវ​​បាន​ដោះ​លែង​ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ បន្ទាប់​មក​ពួក​លោក​បាន​ជ្រមុជទឹក​ដល់​អ្នក​យាម​គុក និង​គ្រួសារ​របស់​គាត់ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១៦:១-១៥

ប៉ុល និង ដៃគូ​របស់​លោក​ផ្សាយ​ដំណឹងល្អ​នៅ​ខេត្ត​ម៉ាសេដូន

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​មក​ពី​ប្រធាន ថូម៉ាស អេស ម៉នសុន នៅ​ក្ដារខៀន ។ ( ឃ្លា​នេះ មាន​នៅក្នុង« The Spirit Giveth Life,»Ensignខែ មិថុនា ឆ្នាំ ១៩៩៧ ទំព័រ ៥ ) ។

« សូម​កុំ​ពន្យារ​ពេល​ចំពោះការបំផុសគំនិត » ( ប្រធាន ថូម៉ាស អេស ម៉នសុន ) ។

  • ការ​បំផុស​គំនិត សំដៅ​ទៅ​លើ​អារម្មណ៍ ដែល​បណ្ដាល​ចិត្ត​ឲ្យ​យើង​និយាយ​ ឬ​ធ្វើ​អ្វី​មួយ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​មាន​អ្វី​អាច​កើត​ឡើង ប្រសិន​បើ​មនុស្ស​ម្នាក់​បាន​ពន្យារពេល​ស្ដាប់​តាម​ការ​បំផុស​គំនិត​នោះ ?

នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ១៦ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​​គោលការណ៍​មួយ​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​បន្ថែម​ទៀត ​អំពីសារៈសំខាន់​នៃ​ការ​ស្ដាប់​តាម​ការ​បំផុស​គំនិត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​សង្ខេប កិច្ចការ ១៦:១–៥ ដោយ​ពន្យល់​ថា ប៉ុល ស៊ីឡាស និង​អ្នក​ប្រែ​ចិត្ត​ជឿ​ម្នាក់​ជា​សាសន៍​ដទៃ​ឈ្មោះ ធីម៉ូថេធាស ( ក៏​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ធីម៉ូថេ ) បាន​ធ្វើ​ដំណើរ​ទៅ​សាខា​សាសនាចក្រ​ជាច្រើន ​ដើម្បី​ប្រកាស​អំពីការ​​សម្រេច​ចិត្ត​​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​យេរូសាឡិម​​បាន​ធ្វើ​ឡើង ​ដែល​វា​បាន​ជះ​ឥទ្ធិពល​ដល់​សាសនាចក្រ​ទាំងមូល ហើយ​ពង្រឹង​ដល់​​​សេចក្ដី​​ជំនឿរបស់សមាជិក​​សាសនាចក្រ​​ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ១៦:៦-១០ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ​រកមើល​ថា តើ​ប៉ុល និង​ពួក​ដៃ​គូ​របស់​លោក ​( ទំនង​ជាមាន​ទាំង លូកា ផងដែរ ) បាន​ដឹង​ថា​ត្រូវ​ទៅ​ទីណា​យ៉ាង​ដូច​ម្ដេច កាល​​ពួក​លោក​កំពុង​ធ្វើ​ដំណើរ ។

  • តើ​ប៉ុល និង​ដៃ​គូ​របស់​លោក​បាន​ដឹង​អំពី​កន្លែង​ដែល​ពុំ​ត្រូវ​ទៅ​យ៉ាង​ដូច​ម្ដេច ? តើ​ពួក​លោក​បាន​ដឹង​អំពីកន្លែង​​ដែល​ត្រូវ​ទៅ​​យ៉ាង​ដូច​ម្ដេច ?

  • តើ​ប៉ុល​បានមើល​ឃើញ​អ្វី​នៅ​ក្នុង​ការ​និមិត្ត​មួយ ?

  • តើ​ប៉ុល និង​ដៃ​គូ​របស់​លោក​បាន​ឆ្លើយ​តប​នឹង​​ការ​និមិត្ត​របស់​ប៉ុល​បាន​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប កិច្ចការ ១៦:១១–១៣ ដោយ​ពន្យល់​ថា ប៉ុល និង​ស៊ីឡាស​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ រហូត​ដល់​ពួក​លោក​បាន​មក​កាន់​ក្រុង​ភីលីព ជា​ក្រុង​មួយ​នៅ​ស្រុក​ម៉ាសេដូន ។ ( អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប ល.រ. ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ហើយ​ស្វែង​រក​ក្រុង​ភីលីព ) ។ នៅ​ថ្ងៃ​ឈប់​សម្រាក ពួក​លោក​បាន​ចេញ​ពី​ក្រុង​នោះ​ទៅ​អធិស្ឋាន​នៅ​ក្បែរ​មាត់​ទន្លេ ហើយ​​បាន​ចាប់ផ្ដើម​និយាយ​នឹង​ពួក​ស្ត្រី​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីនោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១៦:១៤-១៥ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា ស្ត្រី​ឈ្មោះ​លីឌា បាន​ឆ្លើយ​តប​នឹង​ការ​បង្រៀន​របស់​ប៉ុល​យ៉ាង​ដូចម្ដេច ។ ( អ្នក​គួរ​ពន្យល់​ថា ឃ្លា​ « អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ » [ ខ​ទី ១៤ ] សំដៅ​ទៅ​លើ​ធាតុពិត​ថា លីឌា ​លក់​ថ្នាំ​ជ្រលក់​ពណ៌​ស្វាយ​​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​ប្រហែល​ជា​ចង្អុល​បង្ហាញ​ថា លីឌា​ គឺជា​ស្ដ្រី​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ និង​ឥទ្ធិពលខ្លាំង ) ។

  • តើ​លីឌា​បាន​ឆ្លើយ​តប​ចំពោះ​ការ​បង្រៀន​របស់​​ប៉ុល​យ៉ាង​ដូចម្ដេច ? ( អ្នក​អាច​នឹង​ត្រូវ​ពន្យល់​ថា យក​ចិត្ត​ទុកដាក់ មាន​ន័យ​ថា​ផ្ដោត​អារម្មណ៍ ឬ​ស្ដាប់​តាម ) ។

  • តើ​ឃ្លា​នៅ​ក្នុង កិច្ចការ ១៦:១៤ បង្ហាញ​អ្វី​ខ្លះ​ថា​លីឌា​បាន​ត្រៀម​ខ្លួន​ទទួល​យក​ដំណឹងល្អ ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​ ចេញ​ពី​បទពិសោធន៍​របស់​ប៉ុល​អំពី​អ្វី​ដែល​​អាច​កើត​ឡើង​ប្រសិន​បើ​យើង​ធ្វើ​តាម​វិវរណៈ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​សូម​​ប្រាកដ​ថា ពួកគេ​យល់​ថា នៅ​ពេល​យើង​​​ធ្វើ​តាម​វិវរណៈ​មក​ពី​ព្រះ យើង​អាច​ទទួល​បាន​ការ​ដឹកនាំ​​ទៅ​រក​អស់អ្នកដែល​ត្រៀម​ខ្លួន​ទទួល​យក​ដំណឹងល្អ ។ សូម​សរសេរគោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ចង្អុល​បង្ហាញ​ថា តាមរយៈ​ការ​ធ្វើ​តាម​វិវរណៈ​ យើង​ក៏​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ចាប់​ផ្ដើម ឬ​បន្ត​ដំណើរ​ការ​នៃ​ការ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ដំណឹងល្អ​ផង​ដែរ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ទៀត​អំពី​គោលការណ៍​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាងក្រោម​មក​ពី​អែល​ឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ថា តើ​​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​ការ​ដឹកនាំ​ទៅ​រក​មនុស្ស​​ដែល​ត្រៀមខ្លួន​ទទួល​យក​​ដំណឹងល្អ​នោះ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« យើង​ត្រូវ​តែ​អធិស្ឋាន​ទូល​សូម​ជំនួយ និង ការណែនាំ​ពី​ព្រះអម្ចាស់ ប្រយោជន៍​ឲ្យ​យើង​អាច​ក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​ទ្រង់​សម្រាប់​បុគ្គល​ណា​ម្នាក់​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច—ជា​បុគ្គល​ម្នាក់​ដែល​ចង់​ឲ្យ​យើង​ជួយ​គេ​នា​ថ្ងៃ​នេះ ។ បន្ទាប់​មក យើង​ត្រូវ​ស្ដាប់​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​អំពី​របៀប​ដែល​យើង​ដំណើរ​ការ​នោះ ។

« ការបំផុសគំនិត​ទាំង​នោះ​នឹង​កើត​ឡើង ។ យើង​ដឹង​ពី​ទីបន្ទាល់​ផ្ទាល់​ខ្លួន​រាប់​មិន​អស់​មក​ហើយ​ថា ព្រះអម្ចាស់​កំពុង​រៀបចំ​មនុស្ស​ទាំងឡាយ​ឲ្យ​ទទួល​យក​ដំណឹង​ល្អ​របស់​ទ្រង់​តាម​វេលា​របស់​ទ្រង់ និង​តាម​របៀប​របស់​ទ្រង់ ។ មនុស្ស​ទាំងនោះ​កំពុង​ស្រាវជ្រាវ ហើយ​នៅពេល​យើង​ស្វែងរក​ពួកគេ នោះ​ព្រះអម្ចាស់​នឹង​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ​តាមរយៈ​ការឆ្លើយ​តប​ចំពោះ​ការអធិស្ឋាន​របស់​យើង ។ ទ្រង់​នឹង​បំផុស​គំនិត ហើយ​ណែនាំ​ដល់​អស់​អ្នក​ដែល​មាន​បំណង និង មាន​ចិត្ត​ស្មោះសរ​ស្វែងរក​ការណែនាំ​ពី​របៀប ទីកន្លែង ពេលវេលា និង មនុស្ស​ដែល​យើង​ត្រូវ​ចែកចាយ​ដំណឹង​ល្អ​របស់​ទ្រង់ » (« Sharing the Gospel »Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៨ ) ។

  • យោង​តាម​អែលឌើរ អូក តើ​យើងត្រូវធ្វើអ្វីខ្លះ​ដើម្បីទទួល​បាន​ការ​ដឹកនាំ​ទៅ​រក​អស់​អ្នក​ដែល​ត្រៀមខ្លួន​ទទួលយក​​ដំណឹងល្អ ?

សូម​ពិចារណា​ធ្វើ​ការ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ទាក់ទង​នឹង​​របៀប​ដែល​ការ​ស្ដាប់​តាម​ការ​បំផុស​គំនិត​ពី​ព្រះ​វិញ្ញាណ​​​បាន​ដឹកនាំ​អ្នក​ទៅ​រក​មនុស្ស​ម្នាក់​​ដែល​បាន​ត្រៀម​ខ្លួន​ទទួល​យក​ដំណឹងល្អ​ ឬ​ទាក់​ទង​នឹង​​របៀប​ដែល​ការ​ស្ដាប់​​តាម​ការ​បំផុស​គំនិតពីព្រះវិញ្ញាណ​​របស់​មនុស្ស​ម្នាក់​បាន​ដឹកនាំ​គាត់​ឲ្យ​រក​ឃើញ​អ្នក កាល​អ្នក​បាន​ត្រៀម​ខ្លួន​ទទួល​យក​ដំណឹងល្អ​ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែក​ចាយ​បទពិសោធន៍​មួយ​ដែល​ពួកគេ ឬ​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ទទួល​ការ​ដឹកនាំ​ឲ្យ​ទៅ​រក​មនុស្ស​ម្នាក់​ ដែល​ត្រៀម​ខ្លួន​ទទួល​យក​​ដំណឹងល្អ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពីរបៀប ទីកន្លែង ពេលវេលា និង​មនុស្ស​​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​បាន​ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​កត់ត្រា​ការ​បំផុស​គំនិត​នានា​​ដែល​ពួកគេ​បាន​ទទួល ហើយ​បន្ត​អធិស្ឋាន​ទូល​សូម​ការ​ដឹកនាំ ។

កិច្ចការ ១៦:១៦-៤០

ប៉ុល និង ស៊ីឡាស​ត្រូវបាន​ចាប់​ដាក់​គុក ហើយ​ក្រោយ​មក​ត្រូវបាន​ដោះលែង​វិញ

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេណគ្នា​អាន​ឲ្យ​ឮៗ​នៅ​ក្នុង កិច្ចការ ១៦:១៦-១៩​ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រក​មើល​ថា​តើ​ប៉ុល​បាន​ធ្វើ​អ្វីខ្លះ​ នៅ​ពេល​លោក​បាន​ជួប​នឹង « បាវ​ស្រី »​ ម្នាក់ ( ខ​ទី ១៦ ) ឬ​បាវ​បម្រើ​ស្រី​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល ។ អ្នក​គួរ​ពន្យល់​ថា អារក្សភីថង់ គឺជា​ដំណើរការ​នៃ​ការ​ទស្សទាយ ឬ​ការ​ព្យាយាម​ប្រាប់​​ទុក​ជា​មុន​ពី​អនាគត ​ដោយ​ប្រើ​មធ្យោ​បាយ​ខាងអបីយ​ជំនឿ​ ។

  • តើ​នៅ​ទីបំផុត​ប៉ុល​បាន​ធ្វើ​អ្វីខ្លះ​ដល់​វិញ្ញាណ​អាក្រក់​ដែល​ចូល​បាវបម្រើស្រីនោះ ?

  • តើ​ពួក​ចៅហ្វាយ​របស់​បាវបម្រើស្រីនេះ​នៅ​ក្នុង​ក្រុង​បាន​ជួប​បញ្ហា​អ្វីខ្លះ បន្ទាប់​ពី​ប៉ុល​បាន​បណ្ដេញ​វិញ្ញាណ​អាក្រក់​នោះ​ចេញ​ពី​នាង ?

សូម​សង្ខេប កិច្ចការ ១៦:២០–២៤ ដោយ​ពន្យល់​ថា ពួក​បុរស​ដែល​លែង​បានទទួលប្រយោជន៍​ពីបាវ​ស្រី​នោះ​ បាន​នាំ​យក​ប៉ុល និង​ស៊ី​ឡាស់​ទៅ​ជួប « តម្រួត​នគរបាល » ( ខ​ទី ២០ ) ឬ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ហើយ​បាន​អះអាង​ថា​​ប៉ុល និង​ស៊ីឡាស​​បាន​បង្រៀន​ដល់​ប្រជាជន​ថា ពួកគេ​ពុំ​គួរ​ធ្វើ​តាម​ច្បាប់​រ៉ូម​ឡើយ ។ ដោយ​មាន​​ការ​បង្គាប់​របស់​តម្រួត​នគរបាល ក្រោយ​មក​ប៉ុល និង​ស៊ីឡាស​ត្រូវ​បាន​គេ​វាយ​ដំ ហើយ​យក​ទៅ​ឃុំ ហើយ​ជើង​របស់​ពួក​លោក​ត្រូវ​គេចង ដើម្បី​កុំ​ឲ្យ​ដើរ​បាន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពីមាតិកា​នៃ កិច្ចការ ១៦:២៥–៣៦ សូម​បំបែក​សិស្ស​ជា គូ ហើយ​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​ដៃ​គូ​នីមួយៗ ។ សូម​ចម្លង​តារាង​ខាង​ក្រោម​​ដាក់​នៅ​លើ ក្ដារខៀន ហើយ​អញ្ជើញ​ដៃ​គូ​នីមួយៗ​ឲ្យ​ចម្លង​តារាង​នេះ​ដាក់​ក្នុង​ក្រដាស​របស់​ពួកគេ ។

កិច្ចការ ១៦:២៥


កិច្ចការ ១៦:២៦


កិច្ចការ ១៦:២៧–២៨


កិច្ចការ ១៦:២៩–៣០


កិច្ចការ ១៦:៣១–៣២


កិច្ចការ ១៦:៣៣–៣៤


សូម​អញ្ជើញ​ដៃ​គូ​នីមួយៗ​​ឲ្យ​អាន​ឮៗ​នូវ​ខគម្ពីរ​នៅ​លើ​តារាង រួចហើយ​ប្ដូរ​វេន​​គ្នា​គូរ​រូប​សាមញ្ញ​​ដើម្បី​តំណាង​ឲ្យ​ក្រុម​នីមួយៗ​​នៃ​ក្រុម​​ខគម្ពីរ​ទាំង​ប្រាំ​មួយ​នោះ ( សិស្ស​ម្នាក់​មកពីដៃគូ​មួយ​អាច​គូរ​រូប​ដើម្បី​តំណាង​ឲ្យ​ក្រុម​នៃ​ខគម្ពីរ​បី ហើយ​សិស្ស​ម្នាក់​ទៀត​នៅ​ក្នុង​​ដៃ​គូ​​ដដែល​នោះ​អាច​គូរ​រូប​ដើម្បី​តំណាង​ឲ្យ​ក្រុម​នៃ​ខគម្ពីរ​បី​ផ្សេង​ទៀត ) ។ បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​​សិស្ស​ឲ្យ​ដាក់​បង្ហាញ ហើយ​ពន្យល់​ដោយ​សង្ខេប​អំពីរូបភាព​របស់​ពួកគេ​ទៅ​ដៃ​គូ​ផ្សេង​​ទៀត ឬ​ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំង​មូល ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ស៊ី​ជម្រៅ​អំពីកិច្ចការ ១៦:២៥–៣៦ សូម​សួរ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​ប៉ុល និង​ស៊ីឡាស​បាន​ឆ្លើយ​យ៉ាង​ណា​​ដែរ ទៅ​នឹង​សំណួរ​របស់​អ្នក​យាម​គុក​អំពី​របៀប​ដែល​គាត់​អាច​ទទួល​បាន​ការ​សង្គ្រោះ ?

  • តើ​អ្នក​យាម​គុក​នោះ​បាន​ធ្វើ​អ្វីខ្លះ​ ដើម្បី​បង្ហាញ​ពីជំនឿ​របស់​ខ្លួនលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​យើងអាច​រៀន​គោលការណ៍​អ្វីខ្លះ នៅ​ក្នុង​កិច្ចការ ១៦:៣១–៣៣អំពី​កិច្ចការ​​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ ពួកគេ​ស្គាល់​សេចក្ដីពិត​ខាង​ក្រោម​​នេះ ៖សេចក្ដីសង្គ្រោះ​តម្រូវ​ឲ្យ​​មាន​ការ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​យើង​បង្ហាញ​ជំនឿ​របស់​យើង​លើ​ទ្រង់​តាម​រយៈ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក) ។

សូម​ពន្យល់​ថា សេចក្ដី​សង្គ្រោះ មាន​ន័យ​ថា « ដើម្បី​ឲ្យ​បាន​រួច​ផុត​ពីសេចក្ដី​ស្លាប់​ខាង​សាច់ឈាម ព្រម​ទាំង​ពីសេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ផង » ( សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « Salvation » scriptures.lds.org ) ។

  • តើ​ការ​ទទួល​បុណ្យ​ជ្រមុជទឹក​បង្ហាញ​ពី​សេចក្ដី​​ជំនឿ​របស់យើងទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

  • បន្ថែម​ពី​លើ​ការ​ទទួល​បុណ្យ​ជ្រមុជទឹក តើ​អ្វីទៅ​ជា​វិធី​ផ្សេង​ទៀត​ ដែល​យើង​អាច​បង្ហាញ​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ?

សូម​សង្ខេប កិច្ចការ ១៦:៣៥–៤០ ដោយ​ពន្យល់​ថា តម្រួត​នគរបាល​នោះ​បាន​បង្គាប់​ឲ្យ​អ្នក​យាម​គុក​ដោះ​​លែង​ប៉ុល និង ស៊ីឡាស ។ ប៉ុល​បាន​បដិសេធ​ពី​ការដោះលែង​នោះ ដោយសារ​លោក​បាន​ដឹង​ពី​សិទ្ធិ​របស់​លោក​ក្នុង​នាម​ជា​ពលរដ្ឋ​សាសន៍​រ៉ូម ហើយ​បាន​ដឹង​ថា​ការប្រព្រឹត្ត​របស់​ពួកគេ​ចំពោះ​លោក​គឺ​អយុត្តិធម៌ ។ វា​ជា​រឿង​ខុស​ច្បាប់​ដែល​វាយ​ដំ​ពលរដ្ឋ​សាសន៍​រ៉ូម ដោយ​ពុំ​បាន​ធ្វើ​ការកាត់​ទោស​ជា​មុន​នោះ ។ នៅ​ពេល​ពួក​តម្រួត​នគរបាល​បាន​ដឹង​ថា ប៉ុល និង​​ស៊ីឡាស​គឺជា​សាសន៍​រ៉ូម ពួកគេ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ពួកគេ​បាន​ដឹង​ថា ប្រសិន​​បើ​មេ​របស់​ពួកគេបាន​ដឹង​ថា ​ពួកគេ​​បាន​ប្រព្រឹត្ត​ដាក់​ពលរដ្ឋ​រ៉ូម​បែបនេះ នោះ​ពួកគេ​អាច​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​រហូត​ដល់​ស្លាប់ ។ ពួក​តម្រួត​នគរ​បាល​នោះ បាន​មក​ទី​ឃុំ​ឃាំង ដើម្បី​​ដោះ​លែង​ប៉ុល និង​ស៊ីឡាស ហើយ​បាន​សូម​ឲ្យ​ពួក​លោក​ចាក​ចេញ​ពី​ក្រុង​នោះ ។

សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ ដែល​បាន​បង្រៀន​នៅ​ក្នុង កិច្ចការ ​១៦​ ។

រូបភាព
និមិត្តសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ការរំឭកអំពី​ចំណេះចំណាន​ខគម្ពីរ

សូម​ប្រើ​តារាង​​ដែល​ភ្ជាប់​មក​ជាមួយ​ដើម្បី​រំឭក​ឡើង​វិញ​នូវ​វគ្គ​ចំណេះចំណាន​ខគម្ពីរ ដែល​សិស្ស​បាន​សិក្សា​រួច​មក​ហើយ​នៅ​ក្នុង​​ឆ្នាំ​នេះ ។ សូម​អាន​ឮៗ​នូវ​សំណួរ ឬ​កង្វល់​នៅ​ក្នុង​ជួរ​ឈរ​ខាង​ឆ្វេង​នៃ​តារាង ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​​ដែល​អាច​ផ្ដល់​ចម្លើយ​មួយ ​( ចម្លើយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ជួរ​ឈរ​ខាង​ស្ដាំ​នៃ​តារាង ) ។ អ្នក​​អាច​ចង់​អានសំណួរ ឬ​កង្វល់​ទាំង​នេះ​ឮៗ មិន​​​​​តាម​លំដាប់​លំដោយបាន ។ បន្ទាប់​ពី​សិស្ស​រកឃើញ​បទគម្ពីរ​មួយ​ហើយ សូម​សួរ​ពួកគេ​ថា តើ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​នោះ​អាច​ជួយ​មនុស្ស​ម្នាក់​​ដែល​​មាន​កង្វល់​នេះ​យ៉ាង​ដូចម្ដេច ។

ខ្ញុំ​ភ័យ​ខ្លាច​នឹង​រស់​នៅ​តាម​ជំនឿ​របស់​ខ្ញុំ ។ ខ្ញុំ​ព្រួយ​ចិត្ត​ពី​ការ​គិត​របស់​មនុស្ស​ដទៃចំពោះ​ខ្ញុំ ។

ម៉ាថាយ ៥:១៤–១៦

ខ្ញុំ​មាន​ការថប់​បារម្ភ​យ៉ាងលើសលប់ ដោយ​សារ​តែ​ការ​សាកល្បង និង​ឧបសគ្គ​របស់​របស់​ខ្ញុំ ។

ម៉ាថាយ ១១:២៨–៣០

ហេតុអ្វី​ព្យាការី​អាច​ទទួល​វិវរណៈ​សម្រាប់​សាសនាក្រ​ទាំងមូល ?

ម៉ាថាយ ១៦:១៥–១៩

ខ្ញុំ​ស្រឡាញ់​ព្រះវរបិតា​សួគ៌ ប៉ុន្តែ​នៅ​ពេល​នេះ​ខ្ញុំ​ពិបាក​​ក្នុង​ការ​ផ្ដល់​ក្ដី​​ស្រឡាញ់​ដល់​មិត្ត​ម្នាក់ ។ តើ​ព្រះ​ពិត​ជា​ចង់ឲ្យ​ខ្ញុំ​ស្រឡាញ់​គាត់​ដែរ​មែន​ទេ ?

ម៉ាថាយ ២២:៣៦–៣៩

ខ្ញុំ​ដឹង​ថា ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​ម្នាក់ ខ្ញុំ​មាន​កាតព្វ​កិច្ច​បម្រើ​បេសកកម្ម​នៅ​ទី​ណា​ដែល​ព្រះ​អម្ចាស់​ឲ្យ​ខ្ញុំ​ទៅ ប៉ុន្តែ​ខ្ញុំ​ព្រួយចិត្ត​អំពីការ​ឃ្លាត​ឆ្ងាយ​ពី​មនុស្ស​គ្រប់​គ្នា​​ដែល​ខ្ញុំ​ស្គាល់ និង​ត្រូវ​នៅ​ឯកោ ។

ម៉ាថាយ ២៨:១៩–២០

តើ​យើង​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ពិត​ជា​មាន​ព្រះជន្ម​រស់​ឡើង​វិញ​​ដោយ​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង​តាម​របៀប​ណា ?

លូកា ២៤:៣៦–៣៩

តើ​បុណ្យជ្រមុជទឹក​ពិត​ជា​ចាំបាច់​​ដើម្បី​រស់​នៅ​ជាមួយ​នឹង​ព្រះ​មែន​ឬ ?

យ៉ូហាន ៣:៥

មនុស្ស​មួយ​ចំនួន​និយាយ​ថា វា​មិន​សំខាន់​អ្វី​ទេ​ដែល​ថា ខ្ញុំ​ជ្រើស​រើស​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ឬ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​នោះ ។ ដរាប​ណា​ខ្ញុំ​ជា​មនុស្ស​ល្អ ខ្ញុំ​នឹង​បាន​ឡើង​ទៅ​ស្ថានសួគ៌ ។

យ៉ូហាន 14:6

តើ​អ្វីទៅ​ជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ ដើម្បី​បង្ហាញ​ព្រះអម្ចាស់​ថា​ខ្ញុំ​ស្រឡាញ់​ទ្រង់ ?

យ៉ូហាន ១៤:១៥

ហេតុអ្វី​ការ​ស្គាល់​ព្រះវរបិតាសួគ៌ និង ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​រឿង​សំខាន់ ?

យ៉ូហាន ១៧:៣

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​អំណោយ​ទាន​​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ?

កិច្ចការ ២:៣៦–៣៨

តើ​មនុស្ស​គ្រប់​គ្នា​ដែល​បាន​រស់​​នៅ​ក្នុង​ជំនាន់​ព្រះគម្ពីរ​ប៊ីប​បាន​ដឹង ហើយ​បាន​ព្យាករ​ថា​នឹង​មាន​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែរ​ឬ​ទេ ?

កិច្ចការ ៣:១៩–២១

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ១៦:១-៣។ ហេតុអ្វី​បាន​ជា​ប៉ុល​កាត់​ស្បែក​ធីម៉ូថេ ទោះ​ជា​វា​លែង​តម្រូវ​ឲ្យ​ធ្វើ​ទៀត​ក្ដី ?

« ទោះ​ជា​ពួក​អ្នក​ប្រែចិត្តជឿ​​ជា​សាសន៍​ដទៃ​ពុំ​តម្រូវ​ឲ្យ​កាត់​ស្បែក​ក្ដី … ក៏​ប៉ុល​បាន​កាត់​ស្បែក​​ធីម៉ូថេ ពីមុន​ធ្វើ​ការ​ផ្សព្វផ្សាយ​សាសនា​រួម​គ្នា​ដែរ ‹ ដោយ​ព្រោះ​ពួក​សាសន៍​យូដា​​ដែល​នៅ​ស្រុក​ទាំង​នោះ › ( កិច្ចការ ១៦:៣ ) ។ បន្ទាប់​ពី​កាត់​ស្បែក​រួច [ នៅ​ក្នុង​គ្រា​នៃ​ការ​ផ្លាស់ប្ដូរ​នេះ ] ធីម៉ូថេ​អាច​ធ្វើ​ការ​កាន់តែ​​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ចំណោម​​ពួក​សាសន៍​យូដា​ដែល​មាន​អារម្មណ៍​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ពុំ​បាន​កាត់​ស្បែក​ខ្វះ​ការ​គោរព​ចំពោះ​ព្រះ​នៃ​អ៊ីស្រាអែល និង​ក្រឹត្យវិន័យ​ទាំងឡាយ​របស់​ទ្រង់ ។ … ដើម្បី​ជា​ប្រយោជន៍​ដល់​ដំណឹងល្អ ពេល​ខ្លះ​ប៉ុល​បាន​កែសម្រួល​ឥរិយាបថ​រ​បស់​លោក​​ដើម្បី​សម្រប​តាម​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ( សូម​មើល កិច្ចការ ២១:២០–២៦, កូរិនថូសទី១ ៩:២០–២២ ) ។ លោក​ក៏​បាន​បង្រៀន​ដល់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ជា​សាសន៍​ដទៃ ​ឲ្យ​មានចិត្ត​អត់​ធ្មត់​ចំពោះ​ឥរិយាបថ​នានា​​ដែល​អាច​ចាត់​ទុក​ថា​ជា​រឿង​រវាទ​ចិត្ត​ដល់​ពួក​សាសន៍​យូដា ទោះ​ជា​វា​ពុំ​បាន​ហាមឃាត់​​នៅ​ក្នុង​បទបញ្ញត្តិ​ណា​មួយ​ក្ដី ( សូម​មើល រ៉ូម ១៤:១៣–១៥, កូរិនថូសទី ១ ៨:៩–១៣ ) » ( New Testament Student Manual​​ [ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ​៣១២ ) ។

កិច្ចការ ១៦:១៦–១៨ ។ ហេតុអ្វីបាន​ជា​ការឃើញបាវបម្រើស្រី ដែលបានមានវិញ្ញាណ​អាក្រក់​ចូល​គឺជា​បញ្ហា​មួយ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ថា ៖

« ទីបន្ទាល់​អំពី​ការ​ណ៍​ដែល​​អារក្ស​បាន​ដឹកនាំ​បាវបម្រើស្រីគឺ​ជា​រឿង​ពិត ។ ប៉ុល និង​ស៊ីឡាស​​គឺជា​ព្យាការី ពួកលោក​មាន​ពាក្យ​ពេចន៍ និង​អំណាច​នៃ​ការ​សង្គ្រោះ ។ ប៉ុន្តែ​ទីបន្ទាល់​ពិត​​មក​ពី​ពលបរិវារ​របស់​សាតាំង​ពុំ​បាន​ដឹកនាំ​ទៅ​រក​សេចក្ដី​សង្គ្រោះ​ទេ ។ ជាលទ្ធផល ​បាវបម្រើ​ស្រី​នោះ​​បាន​ពោលថា ៖ ‹ ចូរ​ជឿ​លើ​ប៉ុល និង​ស៊ីឡាស ព្រមទាំង​ព្រះ​យេស៊ូវ​ដែល​ពួកគេ​បាន​ផ្សាយ​ចុះ ។ ខ្ញុំ​យល់​ព្រម​ថា​ពួកគេ និង​ចៅហ្វាយ​របស់​ពួកគេ​​មក​ពី​ព្រះ ហើយ​ឥឡូវ​នេះ​ដោយ​សារ​យើង​​មាន​ទស្សនៈ​ដូចគ្នា អ្នក​ក៏​អាច​បន្ត​ដើរ​តាម​ខ្ញុំ ហើយ​រីករាយ​នឹង​ផល​ផ្លៃ​នៃ​ការ​ទស្សទាយ​​របស់​ខ្ញុំ​ដែរ › ។ ហើយ​ចុះ​មាន​ពួក​អ្នក​អនុវត្ត​សាសនា​ខុស​ឆ្គង​ផ្សេង​ទៀត​ប៉ុន្មាន​នាក់​ ដែល​បម្រើ​ព្រះយេស៊ូវ និង​គោលការណ៍​របស់​ទ្រង់ តែនឹងបបូរមាត់របស់ខ្លួន ដើម្បី​ឲ្យ​មនុស្ស​ជាច្រើន​ដើរ​តាម​​តាម​ការឃោសនា និង​គុណ​បំណាច់នៃ ​‹ ការសង្គ្រោះ ›​ ដ៏​ពិសេស​របស់គេ​នោះ ។ នៅ​ត្រង់​នេះ វា​គឺជា​ហេតុផល​សំខាន់​ដែល​ព្រះយេស៊ូវ​ត្រូវ​ហាម​ឃាត់​អារក្ស​ ដែល​ទ្រង់​បាន​បណ្ដេញ​ចេញ​មិន​ឲ្យ​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះនោះ ។ (លូកា ៤:៤១ ) » ។ (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:១៤៩ ) ។