បណ្ណាល័យ
មេរៀនទី ១១៨ ៖ កាឡាទី ១–៤


មេរៀន​ទី ១១៨

កាឡាទី ១–៤

សេចក្តី​ផ្ដើម

សាវក​ប៉ុល​បាន​ស្ដីបន្ទោស​ដល់​ពួកបរិសុទ្ធ​នៅ​កាឡាទី​ចំពោះ​ការ​ធ្វើ​តាម​ការបង្រៀន​ខុស​ឆ្គង ហើយ​បាន​បង្រៀន​ថា ពួកគេ​អាច​ក្លាយ​ជា​អ្នក​គ្រង​មរតក​របស់ព្រះ​ តាមរយៈ​ការ​មាន​សេចក្ដីជំនឿ និងការ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

កាឡាទី ១–២

ប៉ុល​បាន​ស្ដីបន្ទោស​ដល់ពួកបរិសុទ្ធ​​ចំពោះ​ការ​ធ្វើ​តាម​គ្រូបង្រៀន​ខុសឆ្គង ហើយ​លើក​ទឹក​ចិត្ត​​ពួកគេ​ឲ្យ​ត្រឡប់​មក​រក​ដំណឹងល្អ​វិញ

សូម​អញ្ជើញសិស្ស​ឲ្យ​នឹកស្រមៃ​ថា បងប្អូន ឬ​មិត្ត​របស់​ពួកគេ​ម្នាក់​បាន​បង្ហាញ​ប្រាប់​ថា ពួកគេ​ពុំ​ប្រាកដ​ថា ​ការបង្រៀន​របស់​សាសនា​ចក្រ​គឺជា​ការ​ពិត​ទៀតឡើយ ។ ជាលទ្ធផល បុគ្គល​នេះ​បាន​ឈប់​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​ឈប់​រស់នៅ​តាម​ដំណឹងល្អ​តទៅ​ទៀត ។ ចូរ​សុំ​ឲ្យ​សិស្ស​​សរសេរ​នៅក្នុងសៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពីអ្វី​ដែល​ពួកគេ​នឹង​និយាយ​ទៅកាន់​បងប្អូន ឬ​មិត្ត​ម្នាក់​នេះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ការបង្រៀន​របស់​សាសនា​ចក្រ​គឺ​ពិត ។

សូមអញ្ជើញសិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​មួយ នៅពេល​ពួកគេ​សិក្សាកាឡាទី ១ដែល​អាច​ជួយ​ពួកគេ​ឲ្យដឹង​ពី​របៀប​ដើម្បី​ទទួលស្គាល់ការ​បង្រៀន​ពិត ។

ចូរ​ពន្យល់​ថា​ កាឡាទី​គឺជា​តំបន់​មួយ​នៅ​​អាស៊ីតូច​កណ្ដាល​ភាគ​ខាង​ជើង ដែល​រួមមាន​នូវ​ទីក្រុង​ជាច្រើន ដែលប៉ុល​បាន​ទៅ​សួរ​សុខ​ទុក្ខ អំឡុង​ការ​ធ្វើដំណើរ​ផ្សព្វផ្សាយសាសនា​ទីពីរ និងទីបី​របស់លោក ( សូមមើល​កិច្ចការ ១៦:៦,​១៨:២៣) ។ ( អ្នកគួរតែ​អញ្ជើញ​​​ឲ្យ​សិស្ស​​រក​ទីតាំង​កាឡាទី​នៅ​លើ​ផែនទី​ក្នុង​ព្រះគម្ពីរប៊ីប ល.រ. ១៣​ ​« ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កាឡាទី ១:៦–៧ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើលបញ្ហា​មួយ ​ដែល​កើតមាន​នៅក្នុង​​ចំណោម​ពួក​បរិសុទ្ធ​​នៅ​កាឡាទី ។

  • ហេតុអ្វី​ក៏​មាន​ពួកបរិសុទ្ធ​​នៅ​កាឡាទី​ជាច្រើន​ងាក​ចេញ​ពី​ដំណឹងល្អ​ពិត ?

សូម​ពន្យល់​ ថា​អ្នកទាំងឡាយ​ណា​ដែល​​រុកគួន​ដល់​ពួក​កាឡាទី ហើយបង្ខូច​ការ​បង្រៀន​ដំណឹងល្អ​បាន​​កំពុង​បង្កើត​នូវ​ភាព​សង្ស័យ ( សូមមើល កាឡាទី ១:៧) អំពី​ការ​បង្រៀន​របស់​ប៉ុល​ថា សេចក្ដីសង្គ្រោះ​កើត​មាន​តែតាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ គ្រូបង្រៀន​ខុសឆ្គង​ទាំងនេះ គឺជា​ពួក​គ្រីស្ទាន​សាសន៍​យូដា​ដែល​បាន​អះអាង​ថា​ពួកបរិសុទ្ធ​កាឡាទី​ត្រូវ​តែ​កាត់ស្បែក ( សូមមើល Bible Dictionary« Circumcision ») ហើយ​​បាន​គោរព​តាម​ក្បួនសាសនា​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ដើម្បី​ត្រូវ​បាន​សង្គ្រោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កាឡាទី ១:៨–៩ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា​តើ​ប៉ុល​បាន​និយាយ​ដូចម្តេចអំពី​អ្នក​ទាំង​ឡាយ​ដែល​ផ្សាយ​ដំណឹងល្អ​ផ្ទុយ​ទៅ​នឹង​ដំណឹងល្អ​ ដែល​លោក​បាន​ផ្សាយ​ក្នុង​នាមជា​សាវក​មួយ​រូប​របស់ព្រះ​អម្ចាស់​នោះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន កាឡាទី ១:១០–១២ ​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​នរណា​ជា​ប្រភព​នៃ​ការបង្រៀន​​របស់​ប៉ុល ។

  • យោងតាមខទី ១២តើ​នរណា​ទៅ​ជា​ប្រភព​នៃ​ការបង្រៀន​​របស់​ប៉ុល ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​មកពី​ពាក្យសម្ដី​របស់​ប៉ុល​នៅក្នុងខទី ១០–១២​អំពី​គោលលទ្ធិ​ពិត ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែចូរ​ប្រាកដ​​ថា​​​ ពួកគេ​​ស្គាល់សេចក្ដីពិត​​ដូច​ខាង​ក្រោម​​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​បើក​សម្ដែង​គោលលទ្ធិ​ពិត​ដល់​ពួក​ព្យាការី​របស់​ទ្រង់ )

  • តើ​ការ​ចងចាំ​សេចក្ដីពិត​នេះ​ អាច​ជួយ​យើង​នៅពេល​យើង​មាន​ចម្ងល់​​អំពី​ការ​បង្រៀន​របស់​​ព្យាការី​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បើក​សម្ដែង​គោលលទ្ធិ​ពិត​ដល់​ពួក​ព្យាការី​របស់​ទ្រង់ នោះ​ទ្រង់​ក៏​អាច​បើក​សម្ដែង​ដល់​យើង​​នូវ​ភាព​ពិត​ពេញលេញ​អំពី​ការ​បង្រៀន​របស់​ព្យាការី​ផងដែរ ។

  • តើ​យើងអាច​ធ្វើ​ដូចម្តេចខ្លះ ​ដើម្បី​ទទួល​បាន​​វិវរណៈ​មកពី​ព្រះអម្ចាស់​​ដើម្បី​យើងអាច​ដឹង​ដោយ​ខ្លួន​យើង​​ថា ការបង្រៀន​របស់​ព្យាការី​​គឺ​ជា​ការ​ពិត ?

សូម​រំឭក​សិស្ស​ពី​ស្ថានភាព​ដែល​បាន​ណែនាំ​​កាល​​ពី​ខាង​ដើម​មេរៀន ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់ឲ្យ​​ពន្យល់​ដល់​សិស្ស​ក្នុងថ្នាក់​អំពី​​របៀប​ដែល​ពួកគេ​នឹង​ប្រើ​សេចក្ដីពិត ​ដែល​ពួកគេ​ទើប​តែ​បាន​ស្គាល់​​អំពី​វិវរណៈ​ ដើម្បី​ឆ្លើយ​តប​ទៅ​មនុស្ស​​ដែល​មាន​​ចម្ងល់​សង្ស័យ​អំពី​​ការ​បង្រៀន​របស់​សាសនាចក្រ ។

សូម​ថ្លែង​ទីបន្ទាល់​ថា យើងអាច​ទទួល​ស្គាល់​គោលលទ្ធិ​ពិត នៅពេល​យើង​សិក្សា​ពី​ការ​បង្រៀន​របស់​ព្យាការី ហើយ​ស្វែងរក​វិវរណៈ​មកពីព្រះអម្ចាស់ ។

សូម​សង្ខេប​កាឡាទី ១:១៣–២:២១ដោយ​ពន្យល់​ថា ប៉ុល​បាន​​រៀប​រាប់​អំពី​ការ​ផ្លាស់ប្រែ​ចិត្តជឿ​របស់​លោក និង​ការ​ធ្វើ​ដំណើរ​ផ្សព្វផ្សាយសាសនា​​កាល​ពី​ដំបូង ។ លោក​ក៏ពន្យល់​ផងដែរ​ថា ​សេចក្ដីសង្គ្រោះ​ពុំ​កើត​មាន​​នៅក្នុង​ក្រឹត​វិន័យ​របស់​ម៉ូសេ​ឡើយ ប៉ុន្តែ​យើង​ត្រូវ​បាន​អភ័យទោស ឬ​​​រាប់ជា​សុចរិត​​តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​វិញ​ទេ ។​

កាឡាទី ៣–៤

ប៉ុល​អញ្ជើញ​ពួក​កាឡាទី​ឲ្យទទួល​ពរជ័យ​ទាំង​អស់​ ដែល​បាន​សន្យា​ដល់​អ័ប្រាហាំ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អាន​ស្ថានភាព​ដូច​​​ខាង​ក្រោម​ឮៗ ៖ បន្ទាប់​ពី​ការ​អាន​នីមួយៗ​រួច​ហើយ ចូរ​សុំ​ឲ្យ​សិស្ស​​ពន្យល់​ថា​ ហេតុអ្វី​ក៏​បុគ្គល​ម្នាក់ៗ​នៅក្នុង​ស្ថានភាព​នោះ​អាច​មានអារម្មណ៍​ថា​ ឥត​ទទួល​ផល​ប្រយោជន៍​​នៅក្នុង​ការ​ទទួល​គ្រប់​ពរជ័យ​របស់ព្រះអម្ចាស់ បើ​ប្រៀប​​ធៀប​ទៅ​នឹង​អ្នកដទៃ​ទៀត​នៅក្នុង​សាសនាចក្រ ដែល​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ​ចាប់​តាំង​ពីវ័យ​ក្មេងមក ។

  1. យុវជន​ម្នាក់​បាន​ធំឡើង​នៅក្នុង​គ្រួសារ​មិន​សូវសកម្ម​មួយ ហើយ​មិន​បាន​រៀន​​​អំពី​ដំណឹងល្អ​កាល​ពីគាត់​នៅក្មេង​នោះ​ទេ ។ គ្រួសារ​គាត់​ឥឡូវនេះ បាន​ត្រឡប់​មក​សកម្ម​ក្នុង​សាសនាចក្រ ហើយ​កំពុង​ចាប់​ផ្ដើម​រៀន និង​រស់នៅ​តាម​ដំណឹងល្អ​វិញ ។

  2. ស្ត្រី​ម្នាក់​រិះគន់​សាសនាចក្រ​អស់ជា​ច្រើន​​ឆ្នាំ ។ ថ្មីៗ​នេះ គាត់​បានមាន​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ ហើយ​​បាន​ទទួលបុណ្យជ្រមុជទឹក ។

សូមអញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត ​នៅ​ពេល​​ពួកគេ​សិក្សា កាឡាទី ៣–៤​​​ដែលអាច​ជួយ​យើង​ឲ្យ​យល់​អំពី​ពរជ័យ​ដែល​មាន​ចំពោះ​មនុស្សគ្រប់រូប ទោះជា​ពួកគេ​មានស្ថានភាព និង​ការ​ជ្រើសរើស​ពី​អតីតកាល​យ៉ាងណា​ក៏ដោយ ។

ចូរ​ពន្យល់​ថា ពួកបរិសុទ្ធ​នៅ​កាឡាទី​ជាច្រើន​គឺជា​អ្នក​ផ្លាស់ប្រែចិត្តជឿ​សាសន៍​ដទៃ​​មកចូល​​គ្រីស្ទ​សាសនា ហើយ​ដូច្នេះ​ពួកគេ​ពុំ​មែនជា​ពូជ​អំបូ​របស់អ័ប្រាហាំ​ ដែល​ពរជ័យ​ទាំងអស់​របស់​ព្រះ​ត្រូវ​បាន​សន្យា​នោះ​ទេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កាឡាទី ៣:៧–៩ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថាតើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពី​អ្នកទាំង​ឡាយ​ដែល « មាន​សេចក្ដីជំនឿ » (​ខទី ៧) ឬ​ដែល​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពី​អ្នកទាំងឡាយ​ដែល​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • យោងតាមខទី ៨តើ​ព្រះអម្ចាស់​បានសន្យា​អ្វីខ្លះ​ដល់​អ័ប្រាហាំ ?

  • យោងតាមខទី ៩តើ​មានអ្វីខ្លះ​នឹង​កើត​ឡើង​ចំពោះ​អ្នកទាំងឡាយ​ដែល​មាន​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

ចូរ​ពន្យល់​ថាដើម្បី « បាន​ពរ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ ដែលជាអ្នកជឿ » សំដៅ​ទៅ​លើ​ការ​ទទួល​បាន​ប្រយោជន៍​មក​ពី​សេចក្ដីសញ្ញា​​ដែល​ព្រះ​បាន​ចុះ​ជាមួយ​អ័ប្រាហាំ​ថា តាមរយៈលោក នោះ​មនុស្ស​ទាំងអស់​អាច​រីករាយ​នឹង​ពរ​ជ័យ​ទាំង​ឡាយ​នៃ​ដំណឹងល្អ ( សូមមើល អ័ប្រាហាំ ២:១១) ។

សូម​សង្ខេបកាឡាទី ៣:១០–២៥​ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា ក្រឹត្យ​វិន័យ​របស់​ម៉ូសេ​មានបំណង​ចង់​ជួយឲ្យ​​ពួក​សាសន៍​អ៊ីស្រាអែល​មករក​ព្រះយេស៊ូវ​គ្រីស្ទ​ ហើយ​​ត្រូវ​បាន​រាប់​ទុក​ជា​សុចរិត​តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន កាឡាទី ៣:២៦–២៧ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្ទៀង​តាម ​រក​មើល​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​​ដើម្បី​ទទួលបាន​ពរជ័យ​ទាំងឡាយ​​ដែល​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ​ដើម្បី​ទទួល​ពរជ័យ​ដែល​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាង​ក្រោម​​នៅលើ​ក្ដារខៀន ៖ អស់​អ្នកទាំងឡាយ​ដែល​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចូល​ក្នុង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​នឹង​ក្លាយជា…

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន កាឡាទី ៣:២៨–២៩ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​​ផ្ទៀងតាម រក​មើល​ពាក្យ ឬ​ឃ្លា​ដែលគេ​អាចប្រើ​ដើម្បីបំពេញ​សេចក្ដី​ថ្លែង​ការណ៍​​អំពី​គោលការណ៍​នៅលើ​ក្ដារខៀនដែល​មិន​ពេញលេញ​នោះ​ ។

  • យោងតាមខទី ២៨តើ​បុគ្គល​ម្នាក់ៗ​មានការ​ប្រែប្រួល​យ៉ាងណា​ នៅពេល​ពួក​គេ​ចូល​មក​ក្នុង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ ?

  • យោង​តាមខទី ២៩តើ​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​រាប់បញ្ចូល​នៅក្នុង​ចំណោម​ពូជ​អ័ប្រាហាំ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រែ​​ទៅជា​យ៉ាងណា​ដែរ ?

ចូរ​ពន្យល់​ថា អ្នកគ្រង​មរតកគឺជា​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិ​តាមច្បាប់​ដើម្បី​ទទួល​​អចលនទ្រព្យ ឬ​របស់ផង​របស់​អ្នក​ដទៃ​ផ្សេងទៀត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កាឡាទី ៤:៧ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​​តាម ​រកមើល​ថា តើ​យើង​អាច​ក្លាយ​ជា​​អ្នកគ្រង​មរតក​របស់​នរណា ។

  • តើ​​យើង​អាច​ក្លាយ​ជា​​អ្នកគ្រង​មរតក​របស់​នរណា ? ( សូមប្រើ​ពាក្យ​របស់​សិស្ស ដើម្បី​​បំពេញ​សេចក្ដី​ថ្លែង​ការណ៍​​អំពី​គោលកាណ៍​នៅ​លើ​ក្ដារខៀន ​ដើម្បី​វា​នាំ​ទៅរក​សេចក្ដីពិតដូច​ខាង​ក្រោម​នេះ ៖ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា អស់​អ្នក​ទាំង​ឡាយ​ដែល​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ទៅ​ក្នុង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ​ នឹងប្រែ​ក្លាយ​ទៅ​ជា​តែ​មួយ​នៅក្នុង​ព្រះគ្រីស្ទ ហើយ​ជា​​​អ្នក​គ្រង​មរតករបស់​​ព្រះ​) ។

  • ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​ដឹង​ថា​ ព្រះ​សន្យា​ពរជ័យ​ទាំង​នេះ​ដល់​មនុស្សគ្រប់​គ្នា​ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា មិន​ថា​ពួកគេមានកាលៈទេសៈ​យ៉ាង​ណា​នោះ​ទេ ?

សូម​ថ្លែង​ទីបន្ទាល់​ថា ការសន្យា​របស់​ព្រះវរបិតា​សួគ៌ គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​ចូល​ទៅ​ក្នុង​​សេចក្ដីសញ្ញា​ដំណឹងល្អ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​ពួកគេ​បាន​ធ្វើ ។

សូម​សង្ខេប កាឡាទី៤:៨–៣១​ដោយ​ពន្យល់​ថា ប៉ុល​បានអញ្ជើញ​ពួក​បរិសុទ្ធ​នៅ​កាឡាទី​ឲ្យ​ត្រឡប់​ទៅ​រក​ព្រះគ្រីស្ទ និង​គេច​ចេញ​ពី​សេវកភាព​​ដែល​កើត​មាន​មកពី​ការ​បូជា​ខ្លួន​​តាម​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កាឡាទី១:៨–១០ ។ « ទេវតា​ពី​ស្ថានសួគ៌ »

ការ​បង្រៀន​របស់​ប៉ុល​បាន​កត់ត្រា​នៅក្នុង​កាឡាទី ១:៨–១០គឺ​ពេល​ខ្លះ​ត្រូវ​បាន​ប្រើ​ដោយ​ភាន់​ច្រឡំ​​​ ដើម្បី​ឈ្លោះ​ប្រកែក​ទាស់​នឹង​ការ​និមិត្ត​ពី​ពួកទេវតា និង​ការ​ផ្សាយ​ដំណឹងល្អ​ដែលត្រូវ​​បាន​ស្ដារឡើងវិញ ។ ទោះជាយ៉ាង​ណាក៏ដោយ ប៉ុល​ពុំ​បាន​បង្រៀន​ថា គ្រប់​ការ​បើក​សម្ដែង​មកពី​ពួកទេវតា​គឺ​ត្រូវ​តែ​បដិសេធ​នោះ​ទេ ដ្បិត​បទគម្ពីរ​បង្ហាញ​ថា ពួក​ទេវតា​នឹង​មក​នៅ​ថ្ងៃ​ចុង​ក្រោយ​​​យ៉ាង​ពិតប្រាកដ​ដើម្បី​ផ្សាយ​ដំណឹងល្អ​សារជាថ្មី ( សូមមើល​វិវរណៈ ១៤:៦) ។ តែ​ប៉ុល​បាន​បង្រៀន​ថា ប្រសិន​បើ​មានទេវតា​មួយអង្គ​នឹង​មក​​ដើម្បី​នាំ​មនុស្ស​ចេញ​ពី​ដំណឹងល្អ​​ពិត នោះ​ទេវតា​នោះ​គួរតែ​ត្រូវ​​បដិសេធ​ចោល​ទៅ (សូមមើល​ផងដែរ អាលម៉ា ៣០:៥៣)​ ។ ដំណឹងល្អ​ពិត​នៅ​សម័យ​នេះ ដូច​ជា​នៅក្នុង​សម័យ​​របស់​ប៉ុល​ដែរ គឺ​ត្រូវ​បាន​បម្រើ​ដោយ​ពួកព្យាការី និង​ពួក​សាវក​ដែល​មានសិទ្ធិ​អំណាច ( សូមមើលអេភេសូរ ២:១៩–២០​,​​​៤:១១–១៤) ហើយ​បានជាប់​នៅ​ក្នុង « ព្រះគុណ​នៃ​ព្រះគ្រីស្ទ » (​​​កាឡាទី ១:៦, សូមមើល​ផងដែរនីហ្វៃទី២ ២:៨​,១០:២៤) ។

កាឡាទី២:១១–១៦ ។ ការ​ប្រឈម​មុខ​គ្នា​របស់​ប៉ុល​ជាមួយ​នឹង​ពេត្រុស

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដី​អំពី​ការ​មិន​ចុះ​សម្រុង​ដែល​ប៉ុល​មាន​ជាមួយ​នឹង​ពេត្រុស ខណៈ​ដែល​ពេត្រុស​ទៅសួរសុខទុក្ខ​ពួកបរិសុទ្ធ​នៅអាន់ទីយ៉ូក សូមមើលNew Testament Student Manual Church Educational System manual ឆ្នាំ ២០១៤ ) ទំព័រ ៤១៣

កាឡាទី៣:១០–១៤ ។ « សេចក្តី​បណ្តាសា​របស់​ក្រឹត្យវិន័យ »

ដូច​បាន​កត់ត្រា​នៅក្នុងកាឡាទី ៣:១០​ប៉ុល​បាន​បង្រៀន​ថា អ្នក​ទាំង​ឡាយ​ដែល​ព្យាយាម​​ដើម្បី​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ក្រឹត្យវិន័យ​ម៉ូសេ គឺ​មាន​កាតព្វកិច្ច​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្ដី ។ ប៉ុល​បាន​មានប្រសាសន៍​ថា « ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ​វិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម » ។ តម្រូវ​ការ​ដែល​មិនអាច​ធ្វើ​ទៅបាននេះ បន្សល់​​ទុក​ឲ្យ​អស់​អ្នក​ដែល​ព្យាយាម​​ស្វែងរក​ការ​បាន​រាប់​ជា​សុចរិត​តាមរយៈ​ក្រឹត្យ​វិន័យ ស្ថិត​នៅក្រោម « សេចក្តី​​បណ្តាសា​​របស់​​ក្រឹត្យវិន័យ » ផងដែរ (កាឡាទី ៣:១៣) ។ ប៉ុល​បាន​ពន្យល់​បន្ថែម​ទៀត​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​សម្រាប់ « សេចក្តី​បណ្តាសា​របស់​ក្រឹត្យវិន័យ » ដោយ « ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់គ្នា » តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ (​កាឡាទី ៣:១៣) ។ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​ទាំង​អស់​អាច​ទទួល​បាន​ពរជ័យ​ទាំង​ឡាយ​នៃ​លោក​អ័ប្រាហាំ ដោយ​សារ​​ការ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​​​ចូល​ទៅក្នុង​សេចក្ដីសញ្ញា​ដំណឹង​ល្អ ។

កាឡាទី ៣:២៤។ « ​ក្រឹត្យវិន័យ​ធ្វើ​ជា​អ្នក​ដឹកនាំ​យើង​រាល់​គ្នា »

អែលឌើរ ផល វី ចនសុន នៃ​ពួកចិតសិបនាក់ បាន​ពន្យល់​ថា មនុស្ស​ជាច្រើន​នៅក្នុងជំនាន់​​គម្ពីរ​សញ្ញា​ថ្មី បាន​យល់​ខុស​អំពីគោលបំណង​នៃ​​ក្រឹត្យវិន័យ​របស់​ម៉ូសេ ៖

« ពួក​សាសន៍​យូដា​ជាច្រើន សូម្បី​តែ​ពួក​គ្រីស្ទាន​​សាសន៍យូដា… បាន​ភ្លេច​អំពី​គោល​បំណង និង​តំណែង​​ត្រឹមត្រូវ​នៃ​ក្រឹត្យវិន័យ ។ មូលហេតុមួយ​ចំពោះ​រឿងនេះ គឺ​ការ​ដាក់​បន្ថែម​នៃ​​តម្រូវ​ការ​ និង​ទំនៀម​ទម្លាប់​ដោយ​​ពុំ​មាន​​ការ​អនុញ្ញាត​នៅ​ជុំវិញ​​ក្រឹត្យវិន័យ ដែលវា​​ជួយ​ធ្វើ​ឲ្យមាន​ភាព​​ស្រពិចស្រពិល​ចំពោះ​គោលបំណង​ពិត​របស់​វា ។ ការបន្ថែម និង​ទំនៀមទម្លាប់​នានា​ទាំងនេះ​ធ្វើ​ឲ្យ​​ឈប់​​មាន ‹ ក្រឹត្យវិន័យ​ធ្វើ​ជា​អ្នក​ដឹកនាំ​យើង​រាល់​គ្នា…ទៅដល់ព្រះគ្រីស្ › (កាឡាទី ៣:២៤) ‹ ដឹកនាំ​ព្រលឹង​យើង​ទៅ​រក​ទ្រង់ ›​ ទៀត​ហើយ (យ៉ាកុប ៤:៥) ប៉ុន្តែ​​ទៅជាបន្ទុក​យ៉ាង​ខ្លាំង​ទៅវិញ ហើយ​ពួក​សាសន៍​យូដា​ជាច្រើន​បាន​មើល​ ‹ ហួស​ទីដៅ › (​យ៉ាកុប ៤:១៤) ហើយ​បាន​ដាក់ក្រឹត្យ​វិន័យ​ដែល​ត្រូវ​បាន​បង្ខូច​ក្នុង​អ្នក​ប្រតិបត្តិ​ច្បាប់​ផ្ទាល់ » (« Responding Appropriately to Change »address to Church Educational System religious educators ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ] ទំព័រ ១, si.lds.org) ។

កាឡាទី ៣:២៨។ « ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ »

ពេល​ខ្លះ​មនុស្ស​ស្ទាក់ស្ទើរ​នឹងទទួល​បុណ្យ​ជ្រមុជទឹក ឬ​ចូលរួម​ពេញលេញ​​នៅក្នុង​សាសនាចក្រ ដោយសារ​តែ​ពួកគេ​បារម្ភ​ថា ពួកគេ​អាច​នឹង​ត្រូវ​បោះបង់​ចោល​វប្បធម៌​ពួកគេ ឬ​ដោយសារ​ពួកគេ​មាន​អារម្មណ៍​ថា ពួក​គេ​មិន​ចុះ​សម្រុងនឹង​គេ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ថា សមាជិក​ភាព​នៃ​សាសនាចក្រ អាច​​ផ្សេង​ពីគ្នា និង​សាមគ្គីភាពគ្នា ៖

« យើង​ពុំ​បាត់បង់​អត្តសញ្ញាណ​របស់​យើង​ នៅ​ពេល​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​នេះ​នោះទេ ។ យើង​ក្លាយ​ជា​អ្នកគ្រងមរតក​ក្នុង​នគរ​ព្រះ បាន​​ចូលរួម​នៅក្នុង​តួអង្គ​ព្រះគ្រីស្ទ ហើយ​បាន​ទុក​ចោល​ភាព​ផ្សេងគ្នា​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួនមួយចំនួន​​របស់​យើង​នៅ​​មួយ​អន្លើរ ដើម្បី​បាន​រួបរួម​គ្នា​នៅក្នុង​បុព្វហេតុ​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំងវិញ ។ យើងសូម​​និយាយ​ទៅកាន់​មនុស្ស​ទាំងអស់​ ដែល​បាន​​ចូលរួម​ក្នុង​សាសនាចក្រ​ថា សូម​បន្ដ​រក្សា​អ្វីៗ​ទាំងអស់​ដែល​ថ្លៃថ្នូ​រ​ល្អ និង​លើក​តម្កើង​នៅក្នុងវប្បធម៌ និង​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​របស់អ្នក ។ ទោះជាយ៉ាងណា​ក៏ដោយ នៅក្រោម​សិទ្ធិ​អំណាច និង​អំណាច​នៃកូនសោបព្វជិតភាព នោះ​គ្រប់​ភាពផ្សេងគ្នាទាំង​អស់​ត្រូវ​បាន​ចុះចូល នៅពេល​យើង​ព្យាយាម​ប្រែក្លាយ​ទៅជា​អ្នក​គ្រងមរតក​ក្នុង​នគរ​ព្រះ » (« Heirs to the Kingdom of God »Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៦២ ) ។