បណ្ណាល័យ
មេរៀន​ទី ១៣៣ ៖ ទីតុស


មេរៀនទី ១៣៣

ទីតុស

សេចក្តី​ផ្ដើម

នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ទីតុស ដែល​ជា​អ្នកដឹកនាំ​ក្នុង​មូល​ដ្ឋាន​ម្នាក់​របស់​សាសនា​ចក្រ​នៅ​កោះ​ក្រេត នោះ​ប៉ុល​បាន​ដាស់​តឿន​គាត់​ឲ្យ​ប្រើ​គោលលទ្ធិ​ត្រឹមត្រូវ ​ដើម្បី​បង្រៀន និង​​កែតម្រូវ​​អ្នកដទៃ ។ ប៉ុល​ក៏​បាន​ទូន្មាន​ដល់​ទីតុស​ឲ្យ​បង្រៀន​ដល់​ពួកបរិសុទ្ធឲ្យ​​ធ្វើ​ជា​គំរូ​សុចរិត ឲ្យ​មាន​សង្ឃឹម​ចំពោះការ​ប្រោស​លោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​បន្ដ​នៅក្នុង​ការធ្វើ​កិច្ចការ​ល្អ​ផងដែរ ។ (កំណត់​ចំណាំ ៖ នៅក្នុង​ការ​រៀបចំ​សម្រាប់​មេរៀន​នេះ វា​អាច​នឹង​ជា​ជំនួយ​​ដើម្បី​រំឭក​គោលការណ៍​នានា​នៅ​គេហទំព័រ​seektruth.lds.org) ។

យោបល់​សម្រាប់​ការបង្រៀន

ទីតុស ១

ប៉ុល​ដាស់តឿន​ទីតុស​ឲ្យ​ប្រើ​គោលលទ្ធិ​ត្រឹមត្រូវ​ដើម្បី​បង្រៀន និង​កែតម្រូវ​ពួក​បរិសុទ្ធ និង​អ្នកដទៃ​ទៀត​នៅ​កោះ​ក្រេត

សូម​អញ្ជើញសិស្ស​ឲ្យ​គិត​អំពីគ្រា​មួយ ពេល​ដែល​ពួកគេ​បានស្ដាប់​ឮ​នរណា​ម្នាក់​និយាយ​ទាស់​នឹង​​សាសនាចក្រ ឬ​ទាស់​នឹង​គោលលទ្ធិ​សាសនាចក្រ ។

  • តើ​វិធីដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​ការ​ពារ​សាសនា​ចក្រ និង​គោលលទ្ធិសាសនាចក្រ នៅពេល​ដែល​​មនុស្ស​ម្នាក់​និយាយ​ទាស់​នឹង​សាសនា​ចក្រ​​គឺជាអ្វី ?

សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​សេចក្ដីពិត ​នៅ​ពេល​ពួកគេ​សិក្សា​គម្ពីរ​ទីតុស ដែល​អាច​ជួយ​ពួកគេឲ្យ​ដឹង​អំពី​របៀបការ​ពារ​​សាសនា​ចក្រ និងគោលលទ្ធិ​សាសនាចក្រដោយ​ត្រឹម​ត្រូវ​ នៅពេល​នរណា​ម្នាក់​និយាយ​ទាស់​នឹង​សាសនាចក្រ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​រក​មើល​កោះ​ក្រេត​នៅក្នុង​ផែនទី​ព្រះគម្ពីរ​ប៊ីប​ លេខ ១៣ « ដំណើរ​ទាំងឡាយ​ដែល​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ។ ចូ​រពន្យល់​ថា នៅជិត​នឹង​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ប៉ុល នោះ​ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​ទីតុស ដែល​កំពុង​បម្រើ​ជា​អ្នកដឹកនាំ​សាសនាចក្រ​នៅកោះ​ក្រេត ។ ទីតុស ត្រូវ​បាន​ផ្លាស់ប្រែ​ចិត្ត​ជឿ​ដោយសារ​ប៉ុល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​បន្ទាប់​ពី​បុណ្យជ្រមុជ​ទឹក​របស់គាត់​ នោះ​គាត់បាន​បម្រើ​​ជាមួយ​ប៉ុល​នៅក្នុង​កិច្ចការ​ផ្សេងៗ ។ នៅក្នុង​សំបុត្រ​របស់​លោក ប៉ុល​បាន​លើក​ទឹក​ចិត្ត​ដល់ទីតុស ហើយ​ទូន្មាន​គាត់​អំពី​ការ​ហៅ​បម្រើ​របស់​គាត់ ។

សូម​សង្ខេបទីតុស១:១–៦ដោយ​ពន្យល់​ថា ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​សង្ឃឹម​ ដែល​គាត់​មាន​ចំពោះ​ជីវិត​អស់កល្ប​ជានិច្ច ដោយសារ​តែ​ការ​សន្យា​របស់​ព្រះ​នៅ​ក្នុង​​ជីវិត​មុនជីវិត​លើ​ផែនដី​របស់​យើង ។ ប៉ុល​ក៏​បានពន្យល់​ផងដែរ​ថា លោក​បាន​បញ្ជូន​​ទីតុស​ទៅ​កោះ​ក្រេត ​ដើម្បី​រៀបចំ​សាសនា​ចក្រ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​នៅទីនោះ ។ កាតព្វកិច្ច​មួយ​របស់ទីតុស​​គឺ​ដើម្បី​ហៅ​បុរសៗ​​ឲ្យ​បម្រើ​ជា​ប៊ីស្សព ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អានទីតុស ១:៧–៨ដោយ​ស្ងាត់​ស្ងៀម ហើយ​រក​មើល​ចរិតលក្ខណៈ​​ដែល​ប៊ីស្សព​ម្នាក់​គួរ​មាន ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​​ឲ្យ​គូស​ចំណាំ​អ្វី ដែល​​ពួកគេ​បាន​រកឃើញ ។

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​ចរិតលក្ខណៈ​​របស់​ប៊ីស្សព​គួរ​តែ​មាន​អ្វីខ្លះ ? ( អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា​ចិត្ត​រឹងទទឹង​មានន័យ​ថា​ចចេស ឬ​ឆ្មើង​ឆ្មៃ ហើយ​ពាក្យ​ថា « ​​ស៊ីសំណូក » សំដៅ​ទៅលើ​ប្រាក់​ដែល​បាន​ទទួល​ដោយ​ភាព​មិន​ស្មោះ​ត្រង់ ឬដោយ​មធ្យោបាយ​មិន​សុចរិត​ផ្សេង​ទៀត ) ។​​

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់ដែល​ប៊ីស្សព​គួរតែ​មាន​ចរិត​លក្ខណៈ​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ទីតុស ១:៩ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​ចរិត​លក្ខណៈ​ផ្សេង​ទៀត​​ដែលប៊ីស្សព​គួរតែ​​មាន ។ ចូរ​ពន្យល់​ថា « សេចក្ដី​បង្រៀន​ដ៏ត្រឹមត្រូវ » សំដៅ​ទៅលើ​គោលលទ្ធិ​ពិត ។

  • តើ​ចរិតលក្ខណៈ​ផ្សេងទៀត​អ្វីខ្លះ ដែល​ប៊ីស្សព​គួរ​តែ​មាន ?

  • តើ​អ្នក​គិត​ថា « [ ទាំង ] កាន់​ខ្ជាប់ » តាម​​ព្រះបន្ទូល​នៃ​ព្រះ មានន័យ​ដូច​ម្ដេច ?

  • យោង​តាមខទី ៩ ហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះ​ប៊ីស្សព ​ដើម្បី​កាន់​ខ្ជាប់​តាម​​ព្រះបន្ទូល​នៃ​ព្រះ ? ( ដើម្បី​អាច​ប្រើ​គោលលទ្ធិពិត ​ដើម្បីលើក​ទឹក​ចិត្ត​អ្នក​ដទៃទៀត​ឲ្យ​រស់នៅ​តាម​ដំណឹង​ល្អ ហើយ​ឆ្លើយ​បដិសេធ​នឹង​ « ពួក​អ្នក​ដែល​ស្រដី​ទទឹង » ។ អ្នក​ដែល​ស្រដី​ទទឹង គឺ​ជា​មនុស្ស​ម្នាក់​ដែល​និយាយ​​ទាស់ ឬ​បដិសេធ​គំនិត​មួយ [ នៅ​ក្នុង​ករណីនេះ គឺ​និយាយ​ទាស់​នឹង​ភាព​ពិត​ពេញ​លេញ​​នៃ​ដំណឹងល្អ ] ។ អ្នក​ដែល​ស្រដី​ទទឹង អាច​ជា​សមាជិក និង​មិន​មែនជា​សមាជិក​នៃ​សាសនាចក្រ ) ។

  • ដូចជា​ប៊ីស្សព​ដែរ តើ​យើងអាច​ធ្វើ​អ្វី​បាន​ខ្លះ នៅពេល​យើងកាន់​ខ្ជាប់​តាម​​ព្រះបន្ទូល​នៃ​ព្រះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែចូរ​ប្រាកដ​​ថា ពួកគេ​គួរ​ស្គាល់​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​កាន់​ខ្ជាប់​តាម​​ព្រះ​បន្ទូលនៃ​ព្រះ នោះ​យើង​នឹង​អាច​ប្រើ​គោល​លទ្ធិ​​ពិត​ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដទៃ​ឲ្យ​រស់​នៅតាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ឆ្លើយ​បដិសេធ​ចំពោះ​ជន​ដែល​ទាស់​នឹង​វា ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យអាន​សេចក្ដី​ថ្លែង​ការណ៍​​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុមនៃ​ពួក​សាវក​ដប់​ពីរនាក់ឲ្យ​ឮៗ ៖ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ស្ដាប់​រកមើល​អំណាច ​ដែល​គោលលទ្ធិ​ពិត​មាន​នៅក្នុង​ការ​ជួយ​ដល់​បុគ្គល​ម្នាក់ៗ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« គោលលទ្ធិ​ពិត ពេល​ត្រូវ​បាន​យល់​ច្បាស់ វា​កែប្រែ​ឥរិយាបថ និង ចរិត​របស់​មនុស្ស ។

« ការសិក្សា​​ពី​គោលលទ្ធិ​នៃ​ដំណឹងល្អ នឹងកែ​លម្អ​ឥរិយាបថ​បាន​លឿន​ជាង​ការសិក្សា​ពី​ឥរិយាបថ ដើម្បីកែលម្អ​ឥរិយាបថ​​ទៅទៀត ។ …នោះ​ហើយ​ជា​មូលហេតុ ដែល​យើង​សង្កត់​ធ្ងន់​ជា​ខ្លាំង​​ទៅ​លើ​ការសិក្សា​ពី​​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹង​ល្អ » ( « Little Children » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ​ទំព័រ ១៧ ) ។

  • យោង​តាម​ប្រធាន ផាកកឺ ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បីសិក្សា ហើយ​រៀន​អំពីគោលលទ្ធិ​ពិត ?

សូម​បំបែក​សិស្ស​ជា​ក្រុម ដែល​មាន​គ្នា​ពីរ ឬ​​បី​នាក់ ។ សូមអញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​​ធ្វើ​ការ​រួម​គ្នា​​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម ហើយ​សរសេរ​ចម្លើយ​របស់​ពួកគេ​​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​គិតពី​​ការសរសេរ​សំណួរ​នេះ​នៅ​លើ​ក្ដារខៀន ។

  1. តើ​យើងអាច​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​ត្រៀម​ខ្លួន​បង្រៀន​​គោលលទ្ធិពិត​ ដើម្បី​យើងអាច​លើក​ទឹកចិត្ត​ដល់អ្នកដទៃ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ? ( សូម​មើល អាលម៉ា ១៧:២–៤ ។

  2. តើមាន​ឧទាហរណ៍​មួយចំនួនណា​ខ្លះ ចេញ​​មក​ពី​​បទគម្ពីរ​អំពី​គ្រា​ទាំងឡាយ​ នៅពេល​ដែល​មាន​នរណា​ម្នាក់​បង្រៀន​គោលលទ្ធិពិត​ទៅ​មនុស្ស​ម្នាក់​ទៀត ដែល​បង្ហាញ​ពី​ការ​សង្ស័យ ឬ​​កំហឹង​ចំពោះ​សាសនាចក្រ និង​គោលលទ្ធិ ? ( សូម​បញ្ចូល​​ឧទាហរណ៍​យ៉ាង​ហោច​ណាស់​​មួយ​ អំពី​គ្រា​ដែល​នរណា​ម្នាក់​​បាន​ប្រែចិត្ត ដោយសារ​ពួកគេ​ត្រូវ​បាន​បង្រៀន​​អំពី​គោល​លទ្ធិ​ពិត ) ។

  3. តើនៅពេល​ណា​ដែល​​ការ​រៀន​ពី​គោលលទ្ធិ​ពិត​​បាន​ជួយ​បញ្ចុះបញ្ចូល​អ្នក ឬ​នរណា​ម្នាក់​ដែលអ្នក​ស្គាល់​​ឲ្យ​រស់នៅ​កាន់តែ​ពេញលេញ​ក្នុងដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​​សិស្ស​បី​បួន​នាក់ឲ្យ​​ប្រាប់​ចម្លើយ​របស់​គេ​ជាមួយ​នឹង​សិស្សក្នុង​ថ្នាក់ ។ បន្ទាប់ពី​ពួកគេ​រៀបរាប់ហើយ​ ចូរ​ពន្យល់​ថា ខណៈ​ដែល​សេចក្ដីពិត​អាច​ជួយ​យើងឲ្យ​លើក​ទឹកចិត្ត​ដល់​អ្នកដទៃ​ឲ្យ​រស់នៅ​តាមដំណឹងល្អ ហើយ​បដិសេធអ្នកទាំងឡាយ ​ដែល​ជំទាស់​នឹង​សាសនាចក្រក្ដី ក៏​​ពុំ​មែន​មនុស្ស​ទាំងអស់​នឹង​ទទួល​យក​សេចក្ដីពិត​នោះ​ទេ ។ ដោយសារ​តែ​បុគ្គល​គ្រប់រូប​មានសិទ្ធិ​សេរីភាព នោះ​​ពួកគេ​អាច​ជ្រើសរើស​ទទួល​យក ឬក៏​​បដិសេធ​គោល​លទ្ធិ​ពិត​​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​ពួកគេ​បាន​រៀន​កន្លង​មក​នៅក្នុង​ឆ្នាំ​នេះ ។

  • តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយណា ដែល​អាច​ជួយ​លើក​ទឹកចិត្ត​ដល់អ្នកដទៃ​ ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​ជា​ពិសេស​នោះ ?

  • តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិមួយ​ណា អាច​ជួយ​ឆ្លើយ​បដិសេធ​នឹង​អស់អ្នក​ដែល​ជំទាស់​នឹង​សាសនាចក្រ ?

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​បន្ដ​ទន្ទេញ​ចាំ​វគ្គ​បទគម្ពីរ​សំខាន់ៗ ដូច្នេះ​ពួកគេ​នឹង​ត្រៀម​ខ្លួន​ដើម្បី​បង្រៀន​​គោលលទ្ធិ​ពិត​ដល់​អ្នកដទៃ ។

ចូរ​សង្ខេបទីតុស ១:១០–១៦​ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ទីតុស​ថា ប៊ីស្សព​ចាំបាច់​ត្រូវ​ពឹងផ្អែក​ទៅលើ​គោលលទ្ធិ​ពិត ដោយសារ​មាន​អ្នក​បោកបញ្ឆោត និង​គ្រូ​ក្លែង​ក្លាយ​​ជាច្រើននៅក្នុង​ចំណោម​ពួកគេ ។ លោក​បាន​ទូន្មាន​ដល់ទីតុស​ឲ្យ​ផ្ចាញ់​ផ្ចាល​​ដល់​គ្រូបង្រៀន​ក្លែង​ក្លាយ ដើម្បី​ឲ្យ​ពួកគេ​​បោះបង់​​ចោល​កំហុស​ឆ្គង​របស់ពួកគេ ហើយ « មាន​សេចក្ដី​ជំនឿ​ត្រឹមត្រូវ​វិញ » ( ខទី ១៣ ) ។ ប៉ុល​ក៏​បាន​ពន្យល់​ផងដែរ​ថា អ្នកកខ្វក់ទាំង​ឡាយ​​ដែល​​អះអាង​ថា ពួកគេ​ស្គាល់ព្រះ ​ប៉ុន្តែ​គេ​​បាន​​បដិសេធ​ទ្រង់តាម​កិច្ចការ​របស់​ពួកគេ ។

ទីតុស ២

ប៉ុល​បាន​ទូន្មាន​ទីតុស​ឲ្យ​បង្រៀន​ពួក​បរិសុទ្ធ​នៅ​​កោះ​ក្រេត​ឲ្យ​រស់នៅ​តាម​គោលលទ្ធិ​ពិត

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ទីតុស ២:១ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រកមើល​នូវអ្វី​​ផ្សេងទៀត​​ដែលប៉ុល​ណែនាំ​ដល់ ទីតុស​ ឲ្យ​ធ្វើ​ជាមួយនឹង​គោលលទ្ធិ​ពិត ។

  • តើ​ប៉ុល​បានណែនាំ​ដល់ទីតុស​​ឲ្យ​ធ្វើ​អ្វីខ្លះទៀត​ជាមួយ​នឹង​គោលលទ្ធិពិត ? ( បង្រៀន​វា​ទៅ​ដល់ពួកបរិសុទ្ធ​នៅកោះ​ក្រេត ) ។

សូម​សរសេរ​ពាក្យ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ បុរស ស្ត្រី យុវនារី​និងយុវជន ។

សូមអញ្ជើញ​យុវនារី​នៅក្នុង​ថ្នាក់​ឲ្យអាន​ទីតុស​ ២:៣–៥ដោយ​ស្ងាត់ស្ងៀម ហើយ​រក​មើល​ការ​ទូន្មាន​របស់​ប៉ុល​ អំពី​របៀប​ដែល​ស្ត្រី​​វ័យ​ចំណាស់​គួរ​រស់នៅ និង​អ្វី​ដែលពួកគេ​គួរ​បង្រៀន​ដល់​ស្ត្រី​វ័យ​ក្មេង ។ សូមអញ្ជើញ​យុវជន​ឲ្យអានទីតុស ២:២, ៦–៨ដោយ​ស្ងាត់ស្ងៀម ហើយរក​មើល​ការ​ទូន្មាន​របស់​ប៉ុល​អំពី​របៀ​ប​ដែល​បុរស​ចំណាស់ និងបុរសវ័យក្មេង​គួររស់នៅ​តាម ។

កំណត់​ចំណាំ ៖ ប្រសិន​បើ​មានសំណួរ​លើក​ឡើង​អំពី​អត្ថន័យ​នៃស្ត្រី​ដែល « ​ចុះ​ចូល​ចំពោះ​ប្ដី » (ខ ៥) អ្នក​អាច​យោង​ទៅលើ​ឯកសារ​នៅ​ក្នុង​​​មេរៀន​សម្រាប់អេភេសូរ ៥–៦

  • យោង​តាម​ប៉ុល តើ​បុរស​វ័យចំណាស់​គួរ​រស់នៅ​ដោយរបៀបណា ? ចុះស្ត្រី​វ័យ​ចំណាស់​វិញ ? រីឯស្ត្រីវ័យក្មេងវិញនោះ ? ហើយ​ចុះ​បុរស​វ័យ​ក្មេង​វិញនោះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារ​ខៀន​ក្រោម​ក្បាល​រឿង​ឆ្លើយឆ្លងគ្នា ឬ​សុំ​ឲ្យ​សិស្ស​ឡើងមក​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្ដារខៀន ។ អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ជួយ​ដល់សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​​ពាក្យ​មួយចំនួន ។ ឧទាហរណ៍ ពាក្យចិត្ត​ធ្ងន់ធ្ងរ​ មាន​ន័យថា ស្ងប់ស្ងាត់ ឬ​ហ្មត់​ចត់ ពាក្យ​ដឹងខ្នាតមានន័យថា​ គ្រប់​គ្រង​លើ​ខ្លួនឯង ហើយ​ពាក្យ​មាន​ចិត្ត​នឹង​ធឹង​មានន័យ​ថា​ប្រកប​ដោយ​ការ​គោរព ) ។

  • តើ​​ឃ្លា « ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក » មានន័យ​យ៉ាងណា ? ( ខ​ទី ៧ ) ។ ( ​ធ្វើ​ជា​គំរូ​ល្អ​​មួយ​ក្នុង​ការរស់​នៅ​តាម​ដំណឹង​ល្អ ) ។

  • អាស្រ័យ​ទៅលើ​ដំបូន្មាន​របស់​ប៉ុល​ទៅកាន់​ទីតុស តើ​ពួក​អ្នក​ដើរតាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​ត្រូវ​ធ្វើអ្វី​ខ្លះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែចូរ​ប្រាកដ​ថា​ពួកគេ​ស្គាល់សេចក្ដីពិត​​ដូចខាងក្រោម​នេះ ៖ អ្នក​ដើរ​តាមព្រះ​យេស៊ូវ​គ្រីស្ទ​គួរ​ធ្វើជា​គំរូ​ល្អ​ដល់​អ្នកដទៃ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សមាជិក​វ័យ​ចំណាស់​​ក្នុង​វួដ​ ឬ​សាខា​របស់ពួកគេ ដែល​បានធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​រស់នៅ​តាម​ដំណឹង​ល្អ ហើយ​បាន​លះបង់​ចំពោះ​ដំណឹងល្អ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​អំពី​មនុស្ស​ម្នាក់ ​ដែល​ពួកគេ​គិត​ដល់ ហើយ​​ពន្យល់​អំពីរបៀប​​ដែល​បុគ្គល​ម្នាក់​នោះ​បានជួយ​ពួក​គេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ឥរិយាបទ​មួយ​ ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ហើយ​រៀបចំ​គោល​ដៅ​​មួយ ​ដើម្បី​ភ្ជាប់​ឥរិយាបទ​នោះ​​ទៅក្នុងជីវិត​រស់​នៅ​របស់ពួកគេ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ឲ្យគំរូ​ល្អ​របស់ពួកគេ​អាច​​ប្រទានពរ​ដល់អ្នកដទៃ ។

សូម​សង្ខេបទីតុស ២:៩–១០​ដោយ​ពន្យល់​ថា ប៉ុល​បាន​ទូន្មាន​ដល់​ទីតុស​ឲ្យ​បង្រៀន​ដល់​សមាជិក​សាសនាចក្រ ដែល​ធ្វើ​ការ​​ជា​ពួក​អ្នកបម្រើ​ឲ្យ​មាន​ភាព​ស្មោះត្រង់ ហើយ​​​​ស្រុះ​ស្រួល​នៅក្នុង​ការ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​ចៅហ្វាយ​នាយ​របស់​ពួកគេ ។ តាមរយៈ​ភាព​ស្មោះត្រង់ និង​ភាព​ស្រុះស្រួល នោះ​សមាជិក​សាសនាចក្រ​ទាំងនេះ​នឹង​គោរព​ដល់ព្រះ ហើយ​ធ្វើជា​គំរូ​ល្អ​ដល់​ពួក​​ចៅ​ហ្វាយ​​នាយ​របស់ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ទីតុស ២:១១–១៥ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​នេះ អានការបកប្រែ​ដោយ​យ៉ូ​សែប ​ស្ម៊ីធ ទីតុស ២:១១  ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​ថាតើ​ព្រះគុណ​របស់ព្រះ​មាន​អានុភាព​ដូចម្តេចខ្លះ​ ដល់មនុស្ស​ទាំងអស់ ហើយ​រកមើល​អ្វី​ដែលព្រះគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង​ទាំងអស់គ្នា ។

  • តើ​ព្រះគុណ​របស់ព្រះ​បាន​មាន​អានុភាពដូចម្តេចខ្លះ​ដល់​មនុស្ស​ទាំងអស់ ?

  • យោងតាមខទី ១២តើ​ពួក​បរិសុទ្ធ​គប្បី​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួលបាន​ព្រះគុណ​នៃ​ព្រះ ?

  • តើ​យើង​រៀនអ្វីខ្លះ​មកពី​ការ​បង្រៀន​របស់​ប៉ុល​នៅក្នុងខទី ១៤អំពី​អ្វី​​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ស្រដៀង​គ្នា​មួយ​នឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​លះបង់​អង្គ​ទ្រង់​សម្រាប់​​យើង ដើម្បី​ទ្រង់​អាច​ប្រោស​លោះ​យើង ហើយ​ធ្វើ​ឲ្យ​យើង​​បាន​បរិសុទ្ធ ។ ចូរ​ពិចារណា​ធ្វើការ​​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា​នៅក្នុង​ខទី ១៤ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ ) ។

សូម​ចង្អុល​បង្ហាញ​ថា « ​​រាស្ត្រ​របស់​ផងទ្រង់​ » (ខទី ១៤) សំដៅ​ទៅលើ​រាស្ត្រ​ដ៏ល្អ ដែល​ទ្រង់​បាន​ទិញ ឬ​បាន​ប្រោសលោះ ( សូម​មើល​ពេត្រុស​ទី ១:១៨–១៩​,២:៩) និង​អ្នក​ដែល​ចុះ​សេចក្ដី​សញ្ញា​ដើម្បី​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ( សូមមើលនិក្ខមនំ ១៩:៥–៦) ។

ទីតុស ៣

ប៉ុល​បានប្រាប់​ទីតុស​អំពី​អ្វី​ដែល​ពួកបរិសុទ្ធ​នៅកោះ​ក្រេត​ត្រូវ​ធ្វើ បន្ទាប់ពី​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក

សូម​សង្ខេបទីតុស ៣:១–២​ដោយពន្យល់​ថា​ ប៉ុល​បាន​ទូន្មាន​ទីតុស​ឲ្យ​បង្រៀន​ពួកបរិសុទ្ធនៅ​កោះ​ក្រេត ​ឲ្យគោរព​តាម​ច្បាប់​ដែនដី ហើយ​មាន​ចិត្ត​ទន់ភ្លន់ និង​រាបសា​​នៅក្នុង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​នឹង​​អ្នកដទៃ ។

សូមអញ្ជើញ​​សិស្ស​ជា​ច្រើន​​នាក់​ប្ដូរ​វេន​គ្នា​អាន​ឲ្យឮៗ​ចេញ​មក​​ពី ទីតុស៣:៣–៨​ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​​​នូវ​អ្វី​ដែល​​ប៉ុល​បាន​និយាយ​អំពី​របៀប​ដែល​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ បាន​ផ្លាស់ប្ដូរ​គាត់ និងពួកបរិសុទ្ធ​នៅ​កោះ​ក្រេត ។

  • យោង​តាមខទី ៣តើ​ប៉ុល​បាន​ពិពណ៌នា​ខ្លួនគាត់ និង​សមាជិក​សាសនាចក្រ​ដទៃទៀតថា​យ៉ាង​ដូចម្ដេច ពីមុន​ពេល​ពួកគេ​បាន​រៀន​អំពី​ដំណឹងល្អ​នៃព្រះយេស៊ូវ​គ្រីស្ទ ?

  • យោងតាមខទី ៥–៦តើ​អ្វីខ្លះ​បាន​ផ្លាស់ប្ដូរ​ប្រជាជន​ ?

  • ស្របតាមខទី ៧តើ​មានអ្វី​នឹង​កើតឡើង​ចំពោះ​ប្រជាជន ដែល​ជាលទ្ធផល​មក​ពីការផ្លាស់ប្ដូរ​តាមរយៈ​ព្រះគុណ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ?​

សូមអញ្ជើញសិស្ស​ឲ្យ​គិត​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​បានផ្លាស់ប្ដូរ ដោយសារ​តែ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • យោងតាមខទី ៨តើ​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ​អ្វីខ្លះ បន្ទាប់ពី​ពួកគេ​បាន​ផ្លាស់ប្ដូរ ហើយ​ទទួលបុណ្យជ្រមុជទឹក ?

សូមសង្ខេបទីតុស ៣:៩–១៥​ដោយពន្យល់​ថា ប៉ុល​បាន​ផ្តល់ដំបូន្មាន​ដល់​ពួកបរិសុទ្ធ​ឲ្យចៀសវាង​ពី​ការ​ឈ្លោះ​ប្រកែក​​​ជាមួយ​នឹង​មនុស្ស​លាក់ពុត ។ ប៉ុល​ក៏​បាន​ស្នើ​សុំ​ឲ្យទីតុស​មក​ជួប​នឹង​លោក​នៅ​​ខេត្ត​ម៉ាសេដូន ។

សូម​បញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​បង្ហាញ​នៅ​ក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ទីតុស ១–៣ ។ ធនធាន​សម្រាប់​ការ​ឆ្លើយ​តប​នឹង​​សំណួរ​ពិបាកៗ

« វាជា​ពុំមែនជារឿងចម្លែក ឬ​​ក៏​​គួរឲ្យ​គាប់​ចិត្តដែរ ដែល​សិស្ស​នៃ​ដំណឹង​ល្អ​មាន​សំណួរ​អំពី​គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ ប្រវត្តិសាស្ត្រ ឬ​ជំហរ​លើ​បញ្ហា​សង្គម​នោះទេ ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈ​ប្រធាន​ទីមួយ​បាន​ទទួល​ស្គាល់​ថា ‹ វាជា​រឿង​ធម្មតា​ដើម្បី​មាន​សំណួរ ។ …មាន​សមាជិក​សាសនា​ចក្រ​មួយ​ចំនួន នៅ​ពេល​ខ្លះ ពុំ​ស្វិតស្វាញ​នឹង​សំណួរ​ធ្ងន់ធ្ងរ ឬ​សំណួរ​ដែល​ប៉ះពាល់​ដល់​ចិត្ត​ឡើយ » ( ‹ មក​ចូល​រូម​ជាមួយ​យើង › Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ​ទំព័រ ២៣ ) ។ ដូច្នេះ វាមាន​សារៈ​សំខាន់​ណាស់​សម្រាប់​គ្រូ​បង្រៀន ដើម្បី​រៀន​ពី​របៀប​ឆ្លើយ​តប​ឲ្យ​បាន​សម​​ស្រប​ទៅនឹង​សំណួរ​របស់​សិស្ស ។ អែលឌើរ ផល វី ចនសុន នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀន​ថា ‹ វិធី​សាស្ត្រដោះ​ស្រាយរបស់​យើង​ជាមួយ​សិស្ស​ដែល​មាន​​ការ​សង្ស័យ អាច​សំខាន់​ខ្លាំង​ណាស់​ ក្នុង​របៀប​ដែល​គេ​ជ្រើស​រើស​ដើម្បី​ឆ្លើយ​តប​ › ( ‹ លំនាំ​ដើម្បី​រៀន​នូវ​រឿង​ខាង​វិញ្ញាណ › [ ការ​ចាក់​ផ្សាយ​តាម​ផ្កាយ​រណប​សាសនា​នៃ​ថ្នាក់​សិក្ខា​សាលា និង​ថ្នាក់​វិទ្យាស្ថាន ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ២០១២ ] ) ។ ពេល​គ្រូបង្រៀន​អនុវត្ត​​ការ​ស្ដាប់ ការ​ថ្លែង​ទីបន្ទាល់ ការ​អញ្ជើញ និង​ការតាមដាន នោះ​ពួកគេ​​កាន់តែអាច​ជួយ​សិស្សជាច្រើននាក់​ឲ្យ​រក្សា​សេចក្ដី​ជំនឿ និង​ឆ្លើយ​តបនឹង​សំណួរ​ទាំងឡាយ​របស់​គេ » (seektruth.lds.org) ។

ទីតុស២:១–១២ ។ ឥទ្ធិពល​នៃ « សេចក្ដី​បង្រៀន​ដ៏​ត្រឹមត្រូវ »

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានបង្រៀន​អំពីតម្លៃ​នៃ​ការ​បង្រៀន​គោល​លទ្ធិ​នៃ​ដំណឹងល្អ ៖

« គោលលទ្ធិ​ និង​គោលការណ៍​ដែល​បាន​បង្រៀន​យ៉ា​ង​ល្អ មាន​អានុភាព​ប្រកប​ដោយ​ឥទ្ធិពល​កាន់តែ​ខ្លាំង​​ទៅលើ​ឥរិយាបទ​ជា​ជាង​ច្បាប់​នានា ។ នៅពេល​យើងបង្រៀន​គោលលទ្ធិ និង​គោល​ការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ នោះយើង​អាច​សក្ដិសម​ដើម្បី​ជា​សាក្សី និង​ទទួល​បាន​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​ ដើម្បីពង្រឹង​ដល់​ការ​បង្រៀន​របស់​យើង » (​​« Gospel Teaching »​Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៧៩ ) ។​