បណ្ណាល័យ
មេរៀនទី ៣៥ ៖ ម៉ាកុស ២-៣


មេរៀនទី ៣៥

ម៉ាកុស ២-៣

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បាន​អភ័យទោស​ និង ​បាន​ព្យាបាល​ដល់​មនុស្ស​ខ្វិន​ម្នាក់ រួច​ហើយ​បាន​ហៅ​ម៉ាថាយ​ឲ្យ​ដើរ​តាមទ្រង់ ។ ទ្រង់​បាន​បង្រៀន​ពួកអាចារ្យ និង ​ពួក​​ផារ៉ាស៊ីអំពី​ថ្ងៃ​ឈប់​សម្រាក ។ ព្រះអង្គសង្គ្រោះ​បានបន្ដ​ព្យាបាល​មនុស្សជាច្រើន បានបញ្ជូន​ពួក​សាវក​របស់ទ្រង់​ទៅ​ផ្សាយដំណឹងល្អ ហើយព្រមាន​អំពី​ការ​និយាយ​ប្រមាថ​ទាស់​នឹង​ព្រះវិញ្ញាណបរិសុទ្ធ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ២: ១-១២

ព្រះយេស៊ូវ​អភ័យទោស និង ព្យាបាល​បុរសខ្វិនម្នាក់

សូមអញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងស្រមៃ​ថា មាននរណា​ម្នាក់​ដែល​ពួកគេ​ស្រឡាញ់​កំពុង​រងទុក្ខ​ដោយ​សារ​​ឧបសគ្គ​ខាងរូបកាយ​ដែល​គំរាម​គំហែង​ដល់ជីវិត តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ជា​ពិសេស ។

  • តើ​នរណា​ដែលអ្នកនឹងបែរទៅ​រក​ជំនួយ ​ដើម្បីជួយ​ដល់​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក ? ហេតុអ្វី ?

  • តើអ្នកនឹង​ស្ម័គ្រចិត្ត​ធ្វើ​អ្វីខ្លះ ប្រសិន​បើ​​មាន​តែ​វេជ្ជបណ្ឌិត​ម្នាក់​ដែល​អាច​ជួយបាន ប៉ុន្តែវា​មាន​ការ​​ពិបាកណាស់​ ដើម្បី​​នឹង​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​នោះ ?

សូម​សង្ខេបម៉ាកុស ២:១-៤ដោយពន្យល់​ថា នៅក្នុង​ភូមិ​នៃ​ស្រុក​កាពើណិម ក្នុង​ស្រុក​កាលីឡេ នោះមាន​បុរស​ម្នាក់ « មានជំងឺ​ស្លាប់​ដៃជើង » (​ខទី ៣) ដែល​មានន័យ​ថា​គាត់​ខ្វិន ។ មនុស្សបួននាក់​ទៀត​បាន​សែង​បុរស​នេះ​ទៅ​ផ្ទះ​ដែល​ព្រះយេស៊ូវ​គង់នៅ ។ នៅពេល​ពួកគេ​បានឃើញ​ថា ​ផ្ទះ​នោះ​មានមនុស្ស​ច្រើន​កុះករដែលពួក​គេ​ពុំ​អាច​ចូល​ទៅ​ក្នុង​បាន នោះ​ពួកគេ​ក៏​បាន​បើក​ផ្នែក​នៃ​ដំបូល​ផ្ទះ ហើយ​បាន​សម្រូត​បុរស​ខ្វិន​មក​នៅ​ក្នុង​វត្តមាន​របស់ព្រះអង្គសង្គ្រោះ ។

ចូរ​សុំ​សិស្ស​ម្នាក់​អានម៉ាកុស ២:៥ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវអ្វី​ដែល​ព្រះយេស៊ូវ​បានមានបន្ទូល​ទៅកាន់​បុរស​ដែល​ខ្វិន​នោះ ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី ម៉ាកុស ២:៦-១២ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​រកមើលអ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់ទៀត។

  • យោងតាមខទី ៦-៧តើ « មាន​ពួក​អាចារ្យ​ខ្លះ » បាន​ឆ្លើយ​តប​នឹង​ព្រះបន្ទូល​របស់ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ? ( ពួកគេ​បាន​ខឹង​ដោយ​សារ​ការប្រកាសរបស់ទ្រង់ចំពោះ​ការអភ័យ​ទោស​នឹងអំពើបាប​ទាំងឡាយ ) ។

  • តើព្រះយេស៊ូវ​បាន​សួរ​ដល់ពួក​អាចារ្យ​អ្វីខ្លះ ?

  • តើព្រះអង្គសង្គ្រោះ​បាន​បង្ហាញ និង ​បង្រៀន​អ្វីខ្លះ តាមរយៈ​ការ​ព្យាបាល​ដល់​បុរស​នេះ ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​តប សូម​ជួយ​ពួកគេ​ឲ្យស្គាល់នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ មានព្រះចេស្ដា​ដើម្បី​ព្យាបាល​យើង​ខាង​វិញ្ញាណ និង​ ខាង​សាច់ឈាម )

សូម​ចង្អុល​បង្ហាញ​ថា នៅពេល​ពួកអាចារ្យ​បាន​មើល​ឃើញ​បុរស​ខ្វិន​ក្រោក​ឡើង​ពី​គ្រែ​ដើរ​ទៅ នោះពួកគេ​បាន​ទទួល​​ភស្ដុតាង​ដែល​ពុំ​អាច​បដិសេធ​បាន​ថា ព្រះយេស៊ូវ​គ្រីស្ទ​មានព្រះចេស្ដា​ដើម្បី​ព្យាបាល​អ្នកឈឺ ហើយ​ពួកគេ​បាន​ស្ដាប់​ឮទ្រង់ថ្លែងទីបន្ទាល់​ថា ទ្រង់​អាច​អភ័យទោស​អំពើបាបទាំងឡាយ ។ ទោះជា​យ៉ាងណា​ក៏ដោយ​ វា​ពុំ​មាន​នូវ​ការ​ចង្អុល​បង្ហាញ​ថា បុរស​ទាំង​នេះ​បាន​មក​រក​ព្រះយេស៊ូវ​បន្ទាប់ពី​នោះ ហើយ​ស្វែងរកនូវការ​អភ័យទោស​ចំពោះ​អំពើបាប​ផ្ទាល់ខ្លួន​របស់គេ​ទេ ។

(កំណត់ចំណាំ ៖ ព្រឹត្តការណ៍​ទាំងឡាយ បានកត់ត្រា​នៅក្នុងម៉ាកុស ២:១-១២នឹង​ត្រូវ​បាន​ពិភាក្សា​កាន់តែ​ស៊ីជម្រៅ​នៅក្នុងមេរៀន​សម្រាប់​លូកា ៥) ។

ម៉ាកុស ២:១៣-២២

ព្រះយេស៊ូវ​ហៅ​ម៉ាថាយ​ឲ្យ​ទៅតាម​ទ្រង់ ហើយ​សោយ​​អាហារ​ជាមួយ​នឹង​អ្នក​យក​ពន្ធ និង ​មនុស្ស​មានបាប

សូម​បំបែក​សិស្ស​ជា​ដៃគូ ហើយ​ឲ្យ​ក្រដាស​មួយសន្លឹក​ដល់​ដៃគូ​នីមួយៗ ។ សូមអញ្ជើញ​សិស្ស​ឲ្យពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម​ជាមួយ​នឹង​ដៃគូ​របស់ពួកគេ ហើយ​​ឲ្យ​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្រដាស ។

  • តើ​មាន​មូលហេតុអ្វីខ្លះ​ដែល​បុគ្គល​ម្នាក់ៗ​ប្រហែលជា​មិន​ស្វែងរក​ការអភ័យ​ទោស​របស់ព្រះអម្ចាស់​ចំពោះ​អំពើបាប​របស់ពួកគេ ?

ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បីនាក់​រៀបរាប់​ពី​ចម្លើយ​របស់ពួកគេ ដែលអាច​នឹង​មាន​បញ្ចូល​នូវអ្វី​ដូច​តទៅនេះ ៖ បុគ្គល​ខ្លះ​ពុំ​ចង់​ឈប់​មានអំពើបាប​ទេ ខ្លះទៀង​ពុំ​ចង់​ទទួល​ស្គាល់ ឬ​សារភាព​អំពើបាប​របស់ពួកគេ​ទេដោយសារ​តែ​ភាព​ឆ្មើង​ឆ្មៃ ឬ​ការ​ខ្មាស់អៀន ឯអ្នក​ដទៃ​ទៀតអាច​នឹង​សង្ឃឹម​ថា​ព្រះអម្ចាស់​នឹង​អភ័យ​ទោស​ដល់ពួកគេ​ទោះជា​ពួកគេ​ពុំ​ប្រែចិត្ត​ក្ដី ហើយ​មួយចំនួន​ទៀត​អាច​នឹង​ជឿ​ថា ព្រះអម្ចាស់​មានព្រះចេស្ដា​ដើម្បី​​អភ័យ​ទោស ប៉ុន្តែ​ពួកគេ​ខ្វះ​សេចក្ដីជំនឿ​ថា ទ្រង់​នឹង​អភ័យ​ទោស​ចំពោះ​អំពើបាប​ជាក់លាក់​របស់ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​ទាំងឡាយ​ក្នុងម៉ាកុស ២:១៣-២២ដែលអាច​លើក​ទឹកចិត្ត​យើង​ឲ្យ​ស្វែងរក​ការ​អភ័យទោស​របស់ព្រះអម្ចាស់ ។

ចូរ​សុំ​សិស្ស​ម្នាក់​អាន ម៉ាកុស ២: ១៣– ១៥ ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី​ដែល​​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ បន្ទាប់ពី​ការ​ព្យាបាល​ដល់​បុរស​ខ្វិន ។

  • តើព្រះអង្គសង្គ្រោះ​បានធ្វើអ្វី​ខ្លះ ​បន្ទាប់ពី​ការ​ព្យាបាល​ដល់បុរស​នេះ ?

  • តើលេវី​បាន​ឆ្លើយ​តបយ៉ាង​ដូចម្ដេច ​ចំពោះ​ការ​អញ្ជើញ​របស់ព្រះអង្គសង្គ្រោះ​ ?

ចូរ​ពន្យល់​ថា លេវី ក៏​មាន​ឈ្មោះ​ថា​ម៉ាថាយ​ផងដែរ ហើយ​គឺជាម៉ាថាយ​​ដែលបាន​សរសេរ​ដំណឹងល្អ​របស់​ម៉ាថាយ ។ ឃ្លា​ថា​« អង្គុយ​នៅ​ត្រង់​កន្លែង​យក​ពន្ធ » (ខ ១៤) មានន័យ​ថា ម៉ាថាយគឺជា​អ្នក​យកពន្ធ ហើយ « ជា​អ្នក​ប្រមូល​ពន្ធ​នៅ​ស្រុក​កាពើណិម ប្រហែលជា​ធ្វើ​ការ​បម្រើ​ឲ្យ ហេរ៉ូឌ អាន់ទីប៉ាស »​ ( Bible Dictionary« Matthew ») ។ មាន​ពួកសាសន៍​យូថា​ជាច្រើន​បាន​ស្អប់​អ្នក​យកពន្ធ ដោយសារ​ពួកគេ​មើល​ទៅ​ពួក​យក​ពន្ធ​ជា​មនុស្ស​ក្បត់ជាតិ ដែល​ប្រមូល​ប្រាក់​ពី​ប្រជាជន​របស់ខ្លួន​សម្រាប់​ពួក​ជនជាតិ​រ៉ូម ។

  • យោងតាម​ខទី ១៥តើ​ម៉ាថាយ​បានធ្វើ​អ្វីខ្លះ​សម្រាប់​ព្រះអង្គ​សង្គ្រោះ និង​ ពួក​សាវក​របស់ទ្រង់ ?

  • តើនរណា​បាន​ចូល​រួម​នៅក្នុង​ពិធីជប់លៀង​នេះ ?

ចូរ​ពន្យល់​ថា​ អំឡុង​ពេល​នៃការ​បម្រើ​របស់ព្រះអង្គសង្គ្រោះ​ក្នុង​ជីវិត​រមែងស្លាប់ ការ​ចែក​ចាយ​អាហារ​មានន័យច្រើន​ជាង​ការគ្រាន់តែ​ទទួលទាន និង​ ផឹក​ជាមួយគ្នា ។ វា​បញ្ជាក់​ថា មាន​ចំណង​មិត្តភាព និង ​ភាព​សុខសាន្ដ​នៅក្នុង​ចំណោម​មនុស្ស​ទាំងអស់​ដែល​បាន​មក​ចូលរួម ។

សូម​អញ្ជើញសិស្ស​ម្នាក់​​អានម៉ាកុស ២:១៦ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​រកមើល​របៀប​ដែល​ពួកអាចារ្យ និង​ពួក​ផារ៉ាស៊ីបានមានប្រតិកម្ម​ ពេល​ពួកគេ​បាន​មើល​ឃើញ​ព្រះអង្គសង្គ្រោះ​ទទួលទាន​ជាមួយ​នឹង​អ្នក​យកពន្ធ​នោះ ។

  • តើ​ពួកអាចារ្យ និង​ ពួក​ផារ៉ាស៊ី​បាន​និយាយអ្វីខ្លះ ?

  • ហេតុអ្វី​ក៏អ្នកគិត​ថា ពួកគេ​បានរិះគន់​ដល់ព្រះយេស៊ូវ​​ចំពោះការទទួលទាន​អាហារ​ជាមួយនឹង​ពួក​យកពន្ធ និង ​មនុស្ស​មានបាប​ដូច្នេះ ?

ចូរ​សុំ​សិស្ស​ម្នាក់អានម៉ាកុស ២:១៧ឲ្យ​ឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​រក​មើល​ការ​ឆ្លើយ​តប​របស់ព្រះអង្គសង្គ្រោះ ​ចំពោះ​ការ​រិះគន់​របស់ពួក​អាចារ្យ និង​ ពួក​ផារ៉ាស៊ី ។

  • តើ​ព្រះអង្គសង្គ្រោះ​បានប្រើ​បន្ទូល​អ្វីខ្លះពិពណ៌នា​អំពី​ព្រះអង្គ​ទ្រង់ ? ( សូម​ចង្អុល​បង្ហាញ​ថា តាមរយៈ​ការប្រើពាក្យ​គ្រូពេទ្យ​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជាក់​សាជាថ្មី​អំពី​ព្រះចេស្ដា​របស់ទ្រង់​ដើម្បីព្យាបាល​ទាំង​ខាង​វិញ្ញាណ និង​ ខាង​សាច់ឈាម ) ។

  • តើ​ការ​ឆ្លើយ​តប​របស់ព្រះអង្គសង្គ្រោះ​អាច​ប្រហែលជាជួយ​ដល់ពួក​អាចារ្យ និង ​ពួក​ផារ៉ាស៊ី​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ទ្រង់​បាន​ទំនាក់ទំនង​នឹង​ពួក​អ្នកយកពន្ធ និង ​មនុស្ស​មានបាប​យ៉ាងដូចម្ដេច ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ ដែល​​យើងអាច​រៀនមកពីខទី ១៧ អំពី​របៀប​​ដែលព្រះអង្គ​សង្គ្រោះ​ឆ្លើយ​តប​ចំពោះ​អំពើបាប​របស់​យើង ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ សូមសរសេរ​សេចក្ដីពិត​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ព្រះអង្គសង្គ្រោះ​មានព្រះទ័យ​ចង់ជួយ​យើង​ឲ្យប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយបាន​ជាសះស្បើយ )

  • ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​ជឿ​ថា ព្រះយេស៊ូវ​មានព្រះទ័យ​ចង់​ជួយ​យើ​ងឲ្យ​ប្រែចិត្ត ហើយ​ត្រូវ​បាន​ព្យាបាល​ឲ្យជា​សះស្បើយ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ក្រេហ្គ អេ ខារដុន នៃ​ក្រុម​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ក្រេហ្គ អេ ខារដុន

« ព្រះអម្ចាស់​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​យល់​ពី​ព្រះ​ឆន្ទៈ​​អភ័យ​ទោស​របស់ទ្រង់ ។ …

«… យើង​ទាំងអស់គ្នា រួម​ទាំង​អស់​អ្នក​ដែល​កំពុង​ពុះពារ​​យកឈ្នះ​លើ​ឥរិយាបទ​ញៀន ដូចជា​ការ​បំពាន​លើ​សារធាតុ ឬ​រូបអាសគ្រាម និង​ អស់​អ្នក​ដែល​ជិតស្និត​នឹង​ពួកគេ អាច​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​នឹង​ទទួល​ស្គាល់​នូវការ​ខិតខំ​ដោយសុចរិត​របស់​យើង ហើយ​នឹង​អភ័យទោស​ដោយ​ក្ដីស្រឡាញ់​នៅពេល​ការ​ប្រែចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង​ចប់​សព្វគ្រប់​​នោះ » (« The Savior Wants to Forgive »EnsignLiahonaខែ ​ឧសភា ឆ្នាំ ២០១៣ ទំព័រ ១៦ ) ។

  • តើ​យើងអាច​ដឹង​ថា ព្រះអម្ចាស់​មានព្រះទ័យ​ចង់​ជួយ​យើង​ឲ្យ​ប្រែចិត្ត ហើយ​ទទួល​ការ​អភ័យទោស​របស់ទ្រង់របៀបណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​ថា​ តើ​ពួកគេ​ដូចជាពួក​អ្នក​យកពន្ធ និង​ មនុស្ស​មាន​បាប ( ដែល​ទទួល​ស្គាល់​នូវសេចក្តីត្រូវការ ចំពោះ​ព្រះអង្គ​សង្គ្រោះ​របស់ពួកគេ ហើយ​បាន​មក​រក​ទ្រង់ ) ឬ​ក៏​ពួកគេ​ដូចជា​ពួក​អាចារ្យ និង ​ពួក​ផារ៉ាស៊ី ( ដែល​ពុំ​មក​រក​ព្រះ​អង្គសង្គ្រោះ​ដើម្បី​សុំ​ការ​អភ័យទោស និង ​ព្រះចេស្ដារ​ព្យាបាល​របស់ទ្រង់ឡើយ ) ។​

សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា​ និង ​ព្រះរាជបំណង​របស់​ព្រះអង្គសង្គ្រោះ​​ដើម្បី​ព្យាបាល​យើង ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ការ​អភ័យទោស​ពីទ្រង់ តាមរយៈ​ការ​កែប្រែ​ចិត្ត នៅពេល​ចាំបាច់ ។

សូម​សង្ខេបម៉ាកុស២:១៨-២២ដោយ​ពន្យល់​ថា ព្រះយេស៊ូវ​បាន​បង្រៀន​ថា​ហេតុអ្វី​ក៏ពួក​សាវក​របស់ទ្រង់​ពុំ​បានតមអាហារ ខណៈ​ដែល​ទ្រង់​គង់នៅ​ជាមួយ​នឹង​ពួកគេ ។ ទ្រង់​ក៏​បាន​បង្រៀន​ផងដែរ​ថា ​ហេតុអ្វី​ក៏​វា​ពិបាក​សម្រាប់​មនុស្ស​មួយចំនួន​ដើម្បីទទួល​យក​ដំណឹងល្អ​របស់ទ្រង់ ។ (កំណត់ចំណាំ ៖ ការ​បង្រៀន​ទាំង​នេះ​នឹង​គ្របដណ្ដប់​​កាន់តែ​ជ្រៅជ្រះ​នៅក្នុង​មេរៀន​សម្រាប់​​លូកា ៥) ។

ម៉ាកុស ២:២៣-៣:៦

ព្រះយេស៊ូវ​បង្រៀន​អំពី​ថ្ងៃ​ឈប់​សម្រាក

ចូរ​សួរ​សិស្ស​ប្រសិន​បើ​ពួកគេ​ធ្លាប់​ជ្រើសរើស​មិន​ចូលរួម​ក្នុង​សកម្មភាព​មួយ ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​បទពិសោធន៍​របស់ពួកគេ ។

ចូរ​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​​អំពី​សំណួរនោះ នៅពេល​ពួកគេ​បន្ដ​សិក្សា​នៅក្នុង​ម៉ាកុស ២-៣ ៖ តើ​អ្នក​ដឹង​ថា​សកម្មភាព​មួយ​ត្រឹមត្រូវ​ឬអត់ ដើម្បី​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​យ៉ាង​ដូច​ម្ដេច ?

សូមបែងចែក​ថ្នាក់​ជា​ពី​រក្រុម ។ សូម​អញ្ជើញ​មួយក្រុម​អានម៉ាកុស ២:២៣-២៨ដោយ​ស្ងាត់​ស្ងៀម ។ ( សូម​លើក​ទឹកចិត្ត​សិស្ស​ទាំងនេះ​ឲ្យ​អានការ​បក​ប្រែ​របស់ ​​យ៉ូសែប ស្ម៊ីធ ម៉ាកុស ២:២៦-២៧ ផងដែរ [នៅក្នុង​សេចក្ដីបន្ថែមព្រះគម្ពីរ​ប៊ីប ] ) ។ ចូរ​សុំ​សិស្សពាក់កណ្តាលថ្នាក់ទៀត​អានម៉ាកុស ៣:១-៦ដោយ​ស្ងាត់ស្ងៀម ។ សូម​ណែនាំ​ដល់​សិស្ស​ឲ្យ​ស្វែងរក​អ្វី​ដែលព្រះអង្គសង្គ្រោះ និង ​ពួក​សាវក​របស់ទ្រង់​បានធ្វើ ដែល​ពួក​​សាឌូស៊ី​បានជឿ​ថា ជា​ការបំពាន​ល្មើស​នឹង​បទបញ្ញត្តិ​នៃ​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​​ឲ្យ​បរិសុទ្ធ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ពួក​ផារិស៊ី​បានជឿ​អ្វីខ្លះ​ថា​ជា​ការធ្វើ​ខុសច្បាស់ ដែល​ព្រះអង្គ​សង្គ្រោះ និង​ ពួក​សិស្ស​របស់ទ្រង់​បាន​ធ្វើ​នៅថ្ងៃ​ឈប់​សម្រាក ? ( ការ​បេះពោត និង ការ​ព្យាបាល​មនុស្សណាម្នាក់ ) ។

  • ហេតុអ្វី​ក៏ពួក​ផារ៉ាស៊ី​គិត​ថា​​ការ​បេះ​ពោត ឬ​ព្យាបាល​មនុស្ស​ណាម្នាក់ នៅ​ថ្ងៃ​ឈប់សម្រាក​នោះ ជា​ការ​ល្មើស​នឹង​ច្បាប់​របស់ព្រះ​ ?

ប្រសិន​បើចាំបាច់ សូម​រំឭក​សិស្ស​ថា ពួក​គ្រូ​បង្រៀន​សាសន៍​យូដាបាន​បន្ថែម​ច្បាប់ និង​ ការ​បកប្រែ​​ផ្ទាល់ខ្លួន​របស់​ពួកគេ​ចូលទៅ ដែល​ហៅ​ថា​ជា​ច្បាប់​តាមមាត់ ឬ​ទំនៀមទំលាប់ ចំពោះ​ក្រិត្យវិន័យ​របស់​ម៉ូសេ ។ ច្បាប់​ដែលបាន​បន្ថែម​ទាំងនេះ មានបំណង​ដើម្បី​រារាំង​ដល់ការ​ល្មើស​ច្បាប់​របស់ព្រះ ប៉ុន្តែ​វា​ក៏​បាន​រារាំង​មនុស្ស​មួយចំនួន ​មិន​ឲ្យ​យល់​ពី​គោលបំណង​ពិត​នៃ​បទបញ្ញត្តិ​ជាក់លាក់ រួមមាន​ទាំងការ​បង្គាប់​ឲ្យ​រក្សា​ថ្ងៃ​ឈប់សម្រាក​ទុកជា​បរិសុទ្ធផងដែរ ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ យើង​អាច​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យបានបរិសុទ្ធ​ដោយ …

  • តើ​អ្នក​បញ្ចប់​សេចក្ដីថ្លែង​ការ​ណ៍​នេះ​ ដោយ​ផ្អែក​លើ​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ​នៅក្នុងម៉ាកុស ២-៣យ៉ាង​ដូចម្ដេច ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប សូម​បំពេញ​​ប្រយោគ​នៅ​លើ​ក្ដារខៀន​ដើម្បី​វា​នាំ​ទៅរក​សេចក្ដីពិតដូច​ខាង​ក្រោម​នេះ ៖ យើង​អាច​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ ដោយ​ការ​ថ្វាយសិរីល្អដល់ព្រះ និង​ការ​ធ្វើការ​ងារ​ល្អ )

  • តើ​យើងអាច​ថ្វាយ​សិរីល្អ​ដល់​ព្រះ ​នៅថ្ងៃ​បរិសុទ្ធ​របស់ទ្រង់​ដោយ​របៀប​ណា ?

  • តើគំរូ​មួយចំនួន​នៃ​ការ​ធ្វើការ​ងារ​ល្អ​នៅថ្ងៃ​បរិសុទ្ធ​មានអ្វី​ខ្លះ ?

ដើម្បីជួយ​សិស្ស​យល់​អំពី​របៀប​ដែលពួកគេ​អាចសម្រេចអំពីសកម្មភាព ដែល​សមរម្យ​សម្រាប់​ថ្ងៃ​ឈប់សម្រាក ចូរ​សុំ​ឲ្យ​សិស្ស​អាន​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយ​ប្រធាន ជេមស៍ អ៊ី ហ្វោស្ដ នៃ​គណៈប្រធានទីមួយ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« តើ​បទដ្ឋានយ៉ាងជាក់ច្បាស់ណា​ ដែលត្រូវអាចទទួលយក​បាន និង​ មិនអាច​ទទួល​យក​បាន​នៅ​ថ្ងៃឈប់​សម្រាក ? នៅ​ក្នុង​សេចក្ដីណែនាំ យើង​ម្នាក់​ៗ​ត្រូវ​តែ​​ឆ្លើយ​សំណួរ​នេះ​សម្រាប់​ខ្លួន​យើង ។ ខណៈ​ដែល​សេចក្ដីណែនាំ​ទាំងនេះ មាននៅក្នុង​ខគម្ពីរ និង ​ពាក្យ​សម្ដី​របស់ពួក​ព្យាការី​សម័យទំនើប នោះសេចក្តីណែនាំទាំងនេះក៏​ត្រូវបាន​សរសេរ​នៅក្នុង​ដួងចិត្ត​របស់យើង ហើយ​គ្រប់គ្រង​ដោយ​មនសិកា​របស់​យើង​ផងដែរ ។ … វា​មិន​ទំនង​ថា​នឹង​មាន​ការបំពាន​ល្មើស​ដ៏​ធ្ងន់ធ្ងរ​ណា​មួយ ​ក្នុង​ការ​ថ្វាយបង្គំ​ថ្ងៃ​ឈប់​សម្រាក​ទេ ប្រសិន​បើ​យើង​មក​ដោយ​មានដួងចិត្តរាបទាប នៅចំពោះ​ព្រះ​អម្ចាស់ ហើយ​ថ្វាយ​ដួងចិត្ត​ ព្រលឹង និង គំនិត​របស់​យើង​ទាំងអស់​ទៅ​ទ្រង់នោះ ។ ( សូម​មើល ម៉ាថាយ ២២:៣៧) ។

« អ្វី​ដែល​សក្តិសម ឬ មិន​សក្តិសម​ស្តី​ពី​ថ្ងៃ​ឈប់​សម្រាក​នឹង​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​យើង​ម្នាក់ៗ តាមរយៈ​ការព្យាយាម​ស្មោះត្រង់ ជាមួយ​ព្រះអម្ចាស់ ។ នៅ​ថ្ងៃ​ឈប់សម្រាក យើង​គួរតែ​ធ្វើ​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ និង អ្វី​ដែល​យើង​គួរតែ​ធ្វើ​ក្នុង​ឥរិយាបថនៃ​ការថ្វាយ​បង្គំ ហើយ​បន្ទាប់​មក​ដាក់​កំហិត​លើ​សកម្មភាព​ដទៃ​ផ្សេង​ទៀត​របស់​យើង » (« The Lord’s Day » Ensign ខែ​វិច្ឆិកា ឆ្នាំ ១៩៩១, ៣៥ ) ។

  • តើ​អ្នក​មាន​អារម្មណ៍​ថាជា​ពរជ័យ​យ៉ាង​ណា ពេល​អ្នក​បានព្យាយាម​ដើម្បី​ថ្វាយបង្គំ​ព្រះ ហើយធ្វើ​ការងារ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​មួយ ដែល​ពួកគេ​អាច​រក្សា​ថ្ងៃ​ឈប់​សម្រាក​​ឲ្យ​បរិសុទ្ធ​បាន​កាន់តែល្អ​ប្រសើរ ហើយ​សរសេរ​គោលដៅ​មួយ​ដើម្បី​ធ្វើដូច្នោះ នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីររបស់​ពួកគេ ។

ម៉ាកុស ៣:៧-៣៥

ព្រះយេស៊ូវ​ព្យាបាល​មនុស្ស​ជាច្រើន ទ្រង់បញ្ជូន​ពួកសាវក​របស់ទ្រង់​ឲ្យ​ទៅផ្សព្វផ្សាយ និង​ ព្រមាន​អ្នកដទៃ​អំពី​ការ​ប្រមាថ ។

សូម​សង្ខេបម៉ាកុស ៣:៧-៣៥ដោយ​ពន្យល់​ថា ព្រះយេស៊ូវ​បាន​យាង​ចេញ​ទៅ​សមុទ្រ​កាលីឡេ ហើយ​បាន​ព្យាបាល​មនុស្ស​ជាច្រើន​ដែល​បាន​ដើរ​តាម​ទ្រង់​នៅទីនោះ រួម​មានទាំង​មនុស្ស​មួយចំនួន​ដែល​មាន​វិញ្ញាណ​អសោច​ផងដែរ ។ បន្ទាប់ពី​ការ​ជ្រើសរើស​ពួក​សាវក​ដប់ពីរ​នាក់ ព្រះយេស៊ូវ​បាន​តែងតាំង​ពួកគេ ហើយ​បាន​បញ្ជូន​ពួកគេ​ឲ្យ​ចេញ​ទៅផ្សាយ ព្យាបាល និង​បណ្ដេញ​អារក្ស ។ បន្ទាប់មក ទ្រង់​បាន​ព្រមាន​ពួក​អាចារ្យ​អំពី​ការ​និយាយ​ប្រមាថ​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​បង្រៀន​ថា គ្រួសារ​របស់​ទ្រង់​គឺជា​មនុស្ស​ដែល​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​វរបិតាសួគ៌ ។

(កំណត់ចំណាំ ៖ ព្រឹត្តការណ៍​មួយចំនួន បានកត់ត្រា​នៅក្នុងម៉ាកុស ៣:៧-៣៥នឹង​ត្រូវ​បាន​ពិភាក្សា​កាន់តែ​ស៊ីជម្រៅ​នៅក្នុងមេរៀន​សម្រាប់​ម៉ាថាយ ១២:២២-៣៥) ។

ដើម្បី​បញ្ចប់ អ្នកអាច​នឹង​ចង់​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​បាន​រៀបរាប់ប្រាប់​នៅ​ក្នុង​មេរៀន ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាកុស ២:៧។ ព្រះយេស៊ូវ​បាន​ព្យាបាល​មនុស្ស​ខ្វិន​ទាំង​ខាង​វិញ្ញាណ និង ​ខាង​រាងកាយ

អែលឌើរ ប្រូស អរ ម៉ាក់ខនគី បានបង្រៀន​ថា ព្រះយេស៊ូវបាន​ផ្ដល់​ភស្ដុតាង​ដែលពុំ​អាច​បដិសេធ​បាន​ថា ទ្រង់​គឺជា​ព្រះមែស៊ី នៅពេល​ទ្រង់​បាន​ព្យាបាល​ដល់​បុរស​ខ្វិន ៖

« ព្រឹត្តការណ៍​នៅក្នុង​ជីវិត​របស់​ព្រះអម្ចាស់​របស់​យើងនេះ​ ត្រូវ​បានមើល​ឃើញ​នៅនឹងភ្នែក ហើយវា​ជា​ភស្ដុតាង​ពុំអាច​បដិសេធ​បាន ថា​ទ្រង់គឺ​ជា​ព្រះ​មែស៊ី ហើយ​ត្រូវ​បាន​មនុស្ស​ទាំងឡាយ​ដែលទ្រង់​បាន​បម្រើ ​បានស្គាល់ទ្រង់​យ៉ាង​ច្បាស់ ។ ទ្រង់​បានថ្លែង​ទីបន្ទាល់​ជាញឹក​ញាប់​ដោយព្រះឱស្ឋ​ទ្រង់​ថា ព្រះគឺ​ជា​ព្រះបិតា​របស់ទ្រង់ ហើយ​បាន​គាំទ្រជា​​សាក្សី​ផ្ទាល់ខ្លួន​តាម​ការ​បម្រើនៃការ​ផ្សាយ និង​ ការ​ព្យាបាល​ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន ។ ឥឡូវ​វា​គឺ​ជា​ព្រះរាជ​បំណង​របស់​ទ្រង់​ដើម្បី​ប្រកាស​ថា ទ្រង់បានធ្វើ​កិច្ចការ​ដែលគ្មាន​នរណា​ម្នាក់​អាច​ធ្វើបាន​ មានតែព្រះអង្គប៉ុណ្ណោះ ហើយ​បាន​បង្ហាញ​ថា ទ្រង់​បាន​ធ្វើ​កិច្ចការ​នោះ​ដោយ​ការ​បើក​សម្ដែង​បន្ថែម​ទៀត​នៃ​ព្រះចេស្ដា​របស់ព្រះបិតា​ទ្រង់ ។

« អ្នកដែ​ល​មាន​វត្តមាននៅទីនោះ​បានដឹង​ថា ព្រះយេស៊ូវ និង ‹ ជាអ្នក​ប្រាជ្ញ​ច្បាប់ › គឺគ្មាន​នរណា​ក្រៅពី​ព្រះទេ ដែល​អាច​អភ័យទោស​អំពើបាប​បាន ។​ អាស្រ័យហេតុនោះ វា​ជា​សាក្សី​ដោយផ្ទាល់ និង ​ជាក់ស្ដែង​មួយ​ថា ព្រះចេស្ដា​នៃព្រះ​គង់​នៅ​ក្នុង​ទ្រង់ ព្រះយេស៊ូវ​ ( ប្រហែលជា​ ) បាន​ឆ្លៀត​យក​ឱកាស​សមរម្យ​មួយ​នេះ​ដើម្បី​អភ័យទោស​អំពើបាប ។ នៅ​គ្រា​នោះ ទ្រង់ត្រូវ​ពួក​អ្នក​ចេះដឹង​បទគម្ពីរដែល​បាន​ដឹង ( ហើយ​បានដឹង​ច្បាស់ ) ចោទ​ប្រកាន់ថា ការ​ស្មាន​ខុសឆ្គង​អំពី​ព្រះចេស្ដា​នៃ​ការ​អភ័យទោស​ដល់​អំពើបាប គឺ​ជា​ការ​ប្រមាថ ​ព្រះយេស៊ូវ​បាន​ធ្វើ​នូវ​អ្វី​ដែលគ្មាន​មនុស្ស​ក្លែង​បន្លំ​ណា​អាច​ធ្វើ​បាន--​ទ្រង់​បាន​បង្ហាញ​ពី​ព្រះចេស្ដា​ដ៏​ទេវភាព​របស់ទ្រង់ តាមរយៈ​ការ​ព្យាបាល​ដល់​មនុស្ស​ដែល​ទទួលបាន​ការ​អភ័យទោស ។ ទ្រង់សួរ​សំណួរថា ‹ តើ​វា​តម្រូវ​ឲ្យ​មាន​ព្រះចេស្ដា​ច្រើន​​​ដើម្បី​អភ័យទោសដល់​អំពើ​បាប ជាជាង​ធ្វើ​ឲ្យ​អ្នកឈឺ​ក្រោក​ដើរ​ឡើងទៅ​​ឬអី ? › នោះ​អាច​ជា​ចម្លើយ​តែ​មួយគត់ ! ព្រះចេស្ដា​ដើម្បី​អភ័យទោស​ដល់អំពើបាប និង ​ព្យាបាល​ជំងឺ​​ទាំងពីរ​នេះ គឺ​ដូចតែ​គ្នាទេ ទ្រង់​​អាច​ធ្វើ​បាន​មួយ នោះ​នឹង​អាច​ធ្វើបាន​មួយ​ទៀតដែរ​ » (Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣], ១:១៧៧–៧៨ ) ។

ម៉ាកុស ២:២៧-២៨។ ជា​ថ្ងៃ​មួយ​សម្រាប់​ថ្វាយសិរីល្អ​ដល់​ព្រះ

អែលឌើរ ម៉ាក អ៊ី ភីធើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដ់ពីរនាក់​បាន​ពន្យល់​អំពី​អ្វី​ខ្លះ​ដែល​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក ទាក់ទង​នឹង​ព្រះវរិបិតា​សួគ៌ និង​ព្រះយស៊ូវ​​គ្រីស្ទ ៖

« ការ​គោរព ឬ​ការ​មិនគោរព​របស់​យើង​ចំពោះ​ថ្ងៃ​ឈប់​សម្រាក គឺជា​រង្វាស់​ដ៏​ច្បាស់​អំពី​អាកប្បកិរិយា​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ដោយ​ផ្ទាល់ និង​ ចំពោះ​ការ​រងទុក្ខ​របស់ទ្រង់​នៅក្នុង​សួន​ច្បារ​គែតសេម៉ានី ការ​សុគត​របស់​ទ្រង់នៅ​លើ​ឈើ​ឆ្កាង និង​ ការ​រស់ឡើងវិញ​របស់ទ្រង់ពី​សេចក្ដីស្លាប់ » («The Sabbath Day,»Ensignខែ​ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៤៩ ) ។

ម៉ាកុស ៣:៤។ « នៅ​ថ្ងៃ​ឈប់​សំរាក តើ​បើក​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់ ? »

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ជួយ​បញ្ជាក់​នូវ​អត្ថន័យ​ដើម្បី « ធ្វើ​ការ​ល្អ » នៅថ្ងៃ​ឈប់សម្រាក​ ៖

« ថ្ងៃឈប់សម្រាក គឺ​ជា​ថ្ងៃ​បរិសុទ្ធ​ដើម្បី​ធ្វើ​កិច្ចការ​នានា​ដែល​សក្តិសម និង បរិសុទ្ធ ។ ការសម្រាក​ពី​ការងារ និង ការកម្សាន្ត​ផ្សេងៗ​គឺ​សំខាន់ ប៉ុន្តែ​វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ។ ថ្ងៃ​ឈប់​សម្រាក​អំពាវ​នាវ​ឲ្យ​មាន​នូវ​គំនិត និង សកម្មភាព​ដែល​មាន​ប្រយោជន៍ ហើយ​បើសិន​នរណា​ម្នាក់​ពិតជា​ព្រងើយ​កន្តើយ​ពុំ​ធ្វើ​អ្វី​សោះ​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​អ្នកនោះ​កំពុង​តែ​រំលង​ច្បាប់​នេះ​ហើយ » (« The Sabbath—a Delight, » Ensign, ខែ​ មករា ឆ្នាំ ១៩៧៨, ៤) ។

ប្រធាន​ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ដំបូន្មាន​ដូច​​ខាង​ក្រោម​អំពីការ​រក្សា​ថ្ងៃ​ឈប់​សម្រាក ៖

« កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​សិក្សា​ពី​បញ្ជី​មួយ ដែល​គេ​ចុះ​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង កិច្ចការ​ដែលមិន​ត្រូវ ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ក្រោយ​មក​ទើប​ខ្ញុំ​បាន​រៀន​ពី​ព្រះគម្ពីរ​ថា ការប្រព្រឹត្ត និង ​អាកប្បកិរិយា​របស់​ខ្ញុំ​នៅ​ថ្ងៃ​ឈប់សម្រាក បាន​បង្កើត​​ជា​ទីសម្គាល់​រវាង​ខ្ញុំ និង​ព្រះវរបិតាសួគ៌​ខ្ញុំ [ សូមមើល និក្ខមនំ ៣១:១៣, អេសេគាល ២០:១២, ២០] ។ ដោយ​មាន​ការយល់ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ។ ពេល​ខ្ញុំ​សម្រេចចិត្ត​ថា​តើ​សកម្មភាព​ណា ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​សួរ​ខ្លួន​ឯង​ថា « តើ​ទីសម្គាល់​ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ដល់​ព្រះ » ? សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ជម្រើស​ខ្ញុំ នៅ​ថ្ងៃ​ឈប់​សម្រាក​មាន​ភាព​ច្បាស់លាស់​ឡើង ។ …

«… តើ​ទីសម្គាល់​អ្វី​ខ្លះ​ដែល​អ្នកនឹង​ថ្វាយ​ដល់ព្រះអម្ចាស់​ដើម្បី​បង្ហាញ​ពី​ក្ដីស្រឡាញ់​របស់​អ្នក​ចំពោះទ្រង់ ? » (« The Sabbath Is a Delight » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣០) ។