មេរៀនទី ៨១
កិច្ចការ ១:១-៨
សេចក្ដីផ្ដើម
បន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានបម្រើដល់សាវករបស់ទ្រង់អស់រយៈពេល ៤០ ថ្ងៃ ។ ទ្រង់បានរៀបចំពួកគេដើម្បីធ្វើជាសាក្សីរបស់ទ្រង់នៅទូទាំងផែនដី ។
យោបល់សម្រាប់ការបង្រៀន
កិច្ចការ ១:១-៨
ព្រះយេស៊ូវបម្រើដល់ពួកសិស្សរបស់ទ្រង់អស់រយៈពេល ៤០ ថ្ងៃ
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា មានមិត្តដែលមានជំនឿផ្សេងម្នាក់ បានមកកាន់ពួកគេដោយមានបំណងចង់ដឹងអំពីសាសនាចក្ររបស់យើង ហើយបានសួរថា « តើនរណាជាដឹកនាំសាសនាចក្ររបស់អ្នក ? »
សូមឲ្យសិស្សសរសេរចម្លើយរបស់ពួកគេសម្រាប់សំណួរនេះ ចូលក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។
នៅពេលសិស្សសិក្សា កិច្ចការ ១:១-៨សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតមួយដែលអាចជួយឆ្លើយសំណួរថា នរណាដឹកនាំសាសនាចក្រនេះ ។
សូមអញ្ជើញសិស្សឲ្យបើកទៅគម្ពីរកិច្ចការ ហើយប្រាប់អំពីចំណងជើងពេញលេញនៃគម្ពីរនេះ ។ សូមឲ្យសិស្សប្រាប់ពីអ្វីដែលពួកគេរកឃើញ ។
-
ដោយផ្អែកទៅលើចំណងជើងពេញលេញនោះ តើអ្នកគិតថា យើងអាចរៀនអ្វីខ្លះអំពីគម្ពីរនេះ ?
ចូរពន្យល់ថា គម្ពីរកិច្ចការគូសចំណាំពីការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ គម្ពីរម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន ផ្ដល់ដំណើររឿងអំពីការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ រួមទាំងដង្វាយធួន និងមានព្រះជន្មឡើងវិញរបស់ទ្រង់ ។ គម្ពីរកិច្ចការរៀបរាប់អំពីការងារបម្រើរបស់ពួកសាវក បន្ទាប់ពីការយាងឡើងទៅស្ថានសួគ៌វិញរបស់ព្រះអង្គសង្គ្រោះ ។
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ១:១-២ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា គម្ពីរនេះបានសរសេរឡើងសម្រាប់នរណា ។
-
តើគម្ពីរនេះបានសរសេរឡើងសម្រាប់នរណា ?
ចូរពន្យល់ថា លូកា គឺជាអ្នកសរសេរគម្ពីរកិច្ចការ ហើយថា « រឿងមួយច្បាប់មុន » សំដៅទៅលើនៅក្នុងខទី ១គឺជាគម្ពីរលូកា ក៏បានសរសេរទៅកាន់លោកថេវភីលផងដែរ ។ គោលបំណងរបស់លូកានៅក្នុងការសរសេរនេះ គឺដើម្បីជួយថេវភីលឲ្យទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពី ព្រះយេស៊ូវគ្រីស្ទ ( សូមមើលលូកា ១:១-៤) ។
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ១:២-៤ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ព្រះយេស៊ូវគ្រីស្ទបានធ្វើការងារបម្រើដល់ពួកសាវករបស់ទ្រង់ដោយផ្ទាល់យូរប៉ុណ្ណាដែរ បន្ទាប់ពីការមានព្រះជន្មឡើងវិញរបស់ទ្រង់ ។ ( អ្នកគួរពន្យល់ថា នៅក្នុងខទី ៣ពាក្យថា « បានរងទុក្ខ » សំដៅទៅលើពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ ហើយពាក្យ « ភស្ដុតាងជាច្រើន » សំដៅទៅលើភស្ដុតាងដែលពុំអាចបដិសេធបានដែលព្រះយេស៊ូវបានបង្ហាញថា ទ្រង់មានព្រះជន្មរស់ឡើង ) ។
-
តើព្រះយេស៊ូវគ្រីស្ទចំណាយពេលប៉ុន្មាន គង់នៅជាមួយពួកសិស្សរបស់ទ្រង់ បន្ទាប់ពីទ្រង់មានព្រះជន្មឡើងវិញ ?
-
តើព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់ពួកគេក្នុងរយៈពេល ៤០ ថ្ងៃនោះ ? ( អស់ទាំងសេចក្តីខាងឯនគរព្រះ ) ។
សូមចាប់ផ្ដើមគូសពង្រាងនូវគ្រោងផ្ទះមួយលើក្ដារខៀន ។ ( ឬអ្នកអាចសង់ជាគំរូកូនផ្ទះតូចមួយដោយប្រើឈើ ឬដីឥដ្ឋ ) ។
នៅពេលអ្នកបញ្ចប់បានពាក់កណ្ដាល សូមអញ្ជើញសិស្សម្នាក់ឲ្យឡើងមកក្ដារខៀន ហើយបញ្ចប់គំនូរនោះឲ្យអ្នក ។ សូមផ្តល់ការណែនាំជាក់លាក់ដល់សិស្សនោះ អំពីរបៀបបញ្ចប់ផ្ទះនោះ ។ អ្នកគួរសុំឲ្យគាត់បន្ថែមដំបូល បង្អួចខ្លះៗ និងទេសភាព ។ បន្ទាប់ពីធ្វើការជាមួយគ្នារយៈពេលខ្លី សូមដើរទៅជ្រុងម្ខាងទៀតនៃបន្ទប់ ហើយបន្ដផ្ដល់ការណែនាំដល់សិស្សនោះ ។ នៅពេលផ្ទះនោះបានចប់សព្វគ្រប់ សូមអរគុណដល់សិស្សនោះ ហើយសុំឲ្យគាត់អង្គុយចុះវិញ ។
ចូរសុំឲ្យសិស្សក្នុងថ្នាក់នឹកស្រមៃថា ការគូសរូបផ្ទះនោះតំណាងឲ្យនគរព្រះនៅលើផែនដី ដែលជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
-
តើវិធីសាស្ត្រនៃការគូសរូបផ្ទះរបស់យើងនេះអាចបង្ហាញអំពីរបៀបដែលព្រះយេស៊ូវបានស្ថាបនាសាសនាចក្ររបស់ទ្រង់ នៅគ្រានៃការងារបម្រើរបស់ទ្រង់ក្នុងជីវិតរមែងស្លាប់ និងបន្ទាប់ពីទ្រង់មានព្រះជន្មឡើងវិញយ៉ាងដូចម្ដេច ? ( នៅគ្រានៃការងារបម្រើរបស់ទ្រង់ក្នុងជីវិតរមែងស្លាប់ ព្រះអង្គសង្គ្រោះបានចាប់ផ្ដើមស្ថាបនាសាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានហៅមនុស្សដទៃទៀតឲ្យជួយទ្រង់ស្ថាបនាវាឡើង ហើយបន្ទាប់ពីទ្រង់មានព្រះជន្មឡើងវិញ ទ្រង់បានដឹកនាំកិច្ចខិតខំរបស់ពួកគេ ទោះជាទ្រង់គ្មានវត្តមានគង់នៅជាមួយនឹងពួកគេដោយផ្ទាល់ក្ដី ) ។
-
យោងតាមខទី ២តើព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់យ៉ាងដូចម្ដេច ? ( សូមសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ដោយប្រើពាក្យរបស់សិស្សផ្ទាល់ ៖ព្រះយេស៊ូវដឹកនាំសាសនាចក្ររបស់ទ្រង់ ដោយការបើកសម្ដែងអំពីព្រះឆន្ទៈរបស់ទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅក្នុងខទីមួយ [ នៃគម្ពីរកិច្ចការ ] ការប្រកាសនោះគឺថា សាសនាចក្រនឹងបន្ដដឹកនាំដោយព្រះ ពុំមែនដឹកនាំដោយមនុស្សទេ ។ … ប្រាកដណាស់ ចំណងជើងពេញលេញនៃគម្ពីរកិច្ចការអាចនឹងសមរម្យ បើមានចំណងជើងដូចនេះថា ‹ កិច្ចការរបស់ព្រះគ្រីស្ទដែលមានព្រះជន្មឡើងវិញកំពុងធ្វើការតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិត និងការងារបម្រើនៃពួកសាវករបស់ទ្រង់ដែលបានតែងតាំង › ។ …
« ការដឹកនាំរបស់សាសនាចក្រគឺនៅដដែល ។ ទីតាំងនៃព្រះអង្គសង្គ្រោះត្រូវបានផ្លាស់ប្ដូរ ប៉ុន្តែការដឹកនាំ និងភាពដឹកនាំក្នុងសាសនាចក្រ គឺដូចគ្នាទាំងស្រុង » (« Therefore, What ? » [ Church Educational System conference on the New Testament ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០០០ ] ទំព័រ ៦, si.lds.org ) ។
-
ហេតុអ្វីក៏វាសំខាន់ដើម្បីដឹងថា ព្រះយេស៊ូវគ្រីស្ទបន្ដដឹកនាំសាសនាចក្រតាមរយៈវិវរណៈនាសព្វថ្ងៃនេះ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីបទពិសោធន៍ទាំងឡាយ ដែលបានពង្រឹងដល់ទីបន្ទាល់របស់ពួកគេថា ព្រះយេស៊ូវបានដឹកនាំសាសនាចក្ររបស់ទ្រង់នាសព្វថ្ងៃនេះតាមរយៈវិវរណៈ ។ សូមអញ្ចើញសិស្សបីបួននាក់ឲ្យចែកចាយបទពិសោធន៍របស់ខ្លួន ។ អ្នកក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយផងដែរ ។
សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗក្នុង កិច្ចការ ១:៤-៨ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថា ព្រះយេស៊ូវបានបង្គាប់ឲ្យពួកសាវកធ្វើអ្វីខ្លះ ។
-
យោងតាម ខទី ៤តើព្រះយេស៊ូវបានបង្គាប់ឲ្យពួកសាវកធ្វើអ្វីខ្លះ ?
-
យោងតាមខទី ៥តើព្រះអង្គសង្គ្រោះសន្យាដល់ពួកសាវកថាពួកគេនឹងទទួលបានអ្វីខ្លះ ប្រសិនបើពួកគេបន្ដនៅក្នុងទីក្រុងយេរូសាឡិម ?
-
យោងតាមខទី ៨តើព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានអំណាចដល់ពួកសាវកឲ្យធ្វើអ្វីខ្លះ ?
-
តើយើងអាចរៀនអ្វីខ្លះ អំពីពួកសាវកនៅក្នុងអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងខទី ៨ ? ( សិស្សអាចនឹងប្រើពាក្យខុសៗគ្នា ប៉ុន្តែត្រូវប្រាកដថា ពួកគេស្គាល់សេចក្ដីពិតខាងក្រោមនេះ ៖ពួកសាវកគឺជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ហើយថ្លែងទីបន្ទាល់អំពីទ្រង់នៅទូទាំងផែនដីនេះ) ។
ដើម្បីជួយសិស្សឲ្យយល់សេចក្ដីពិតនេះ សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ៖
« នៅជំនាន់របស់យើង ព្រះអម្ចាស់បានហៅសាក្សីពិសេសចំនួន ១៥ រូបដើម្បីថ្លែងទីបន្ទាល់ អំពីភាពជាព្រះរបស់ទ្រង់ទៅកាន់ពិភពលោកទាំងមូល ។ ការហៅរបស់ពួកលោក គឺជាការហៅពិសេសមួយ ពួកលោកគឺជាសាវករបស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានជ្រើសរើស ហើយប្រទានសិទ្ធិអំណាចឲ្យ ។ ពួកលោកត្រូវបានបង្គាប់ឲ្យថ្លែងជាសាក្សី អំពីភាពពិតនៃការមានព្រះជន្មរបស់ទ្រង់ ដោយសិទ្ធិអំណាច និងអំណាចនៃភាពជាសាវកដ៏បរិសុទ្ធ ដែលបានប្រគល់ឲ្យនៅក្នុងខ្លួនពួកលោក » ( « Special Witnesses of Christ »Ensignខែ មេសា ឆ្នាំ ២០០១ ទំព័រ ៤ ) ។
ចូរសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន៖ពួកសាវកនៅជំនាន់របស់យើងថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ …
ប្រសិនបើអាចធ្វើទៅបាន សូមផ្ដល់ឯកសារអំពី« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » (Ensign ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ដល់សិស្សម្នាក់ៗនៅក្នុងថ្នាក់ ។ អ្នកក៏អាចគិតផងដែរអំពីការយកច្បាប់ចម្លងមួយច្បាប់មក កាត់វាទៅជាវគ្គតូចៗ ហើយចែកវគ្គទាំងឡាយទៅឲ្យសិស្ស ។ សូមឲ្យសិស្សអានឯកសារឬវគ្គនោះដោយ ស្ងៀមស្ងាត់ ហើយរកមើល ថា ពួកគេអាចបំពេញប្រយោគនេះនៅលើក្ដារខៀនតាមរបៀបណា ។ នៅពេលសិស្សបានបញ្ចប់ការអាន ចូរសុំឲ្យសិស្សម្នាក់ឡើងមកក្ដារខៀន ហើយធ្វើជាអ្នកសរសេរ ។ ចូរអញ្ជើញសិស្សឲ្យប្រាប់ពីអ្វី ដែលពួកគេបានរកឃើញ ហើយសុំឲ្យសិស្សនៅឯក្ដារខៀនសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។
-
តើ នៅក្នុងសេចក្ដីប្រកាសទាំងនេះសេចក្ដីប្រកាសមួយណាសំខាន់ខ្លាំងបំផុតចំពោះអ្នក ?
-
តើសាក្សីរបស់ពួកសាវកសម័យថ្មីមានឥទ្ធិពល ទៅលើសាក្សីផ្ទាល់ខ្លួនរបស់អ្នក ឬទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ចូរពន្យល់ថា ទោះជាកិច្ចការ ១:៨សំដៅជាក់លាក់ទៅលើតួនាទីរបស់ពួកសាវក ថាជាសាក្សីពិសេសរបស់ព្រះអង្គសង្គ្រោះក្ដី ក៏វាបានបង្រៀនយើងអំពីអ្វី ដែលអាចជួយយើងធ្វើជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទនៅទូទាំងពិភពលោកផងដែរ ។
-
ផ្អែកទៅលើការសន្យារបស់ព្រះអម្ចាស់ចំពោះពួកសាវក នៅក្នុងកិច្ចការ ១:៨តើអ្វីទៅធ្វើឲ្យយើងអាចក្លាយជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទបាន ? ( សិស្សអាចនឹងប្រើពាក្យខុសៗគ្នា ប៉ុន្តែត្រូវប្រាកដថា ពួកគេស្គាល់សេចក្ដីពិតខាងក្រោមនេះ ៖តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ យើងអាចក្លាយជាសាក្សីនៃព្រះយេស៊ូវគ្រីស្ទ )។
-
តើព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងក្លាយជាសាក្សីរបស់ព្រះអង្គសង្គ្រោះតាមរបៀបណា ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីគ្រា ដែលពួកគេទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកដទៃបានចែកចាយទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ពីរបីនាទីក្រោយមក សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។ សូមរំឭកសិស្សថា ពួកគេមិនគួរចែកចាយពីបទពិសោធន៍ ឬ រឿងផ្ទាល់ខ្លួនច្រើនពេកនោះទេ ) ។
-
តើអ្នកបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទទៅកាន់អ្នកដទៃនៅពេលណាដែរ ?
សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកឱកាសចែកចាយទីបន្ទាល់របស់ពួកគេជាមួយអ្នកដទៃ ហើយទុកចិត្តថា ព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជាក់សេចក្ដីពិតអំពីអ្វីដែលពួកគេធ្វើជាសាក្សី ។
កិច្ចការ-វិវរណៈ
ទិដ្ឋភាពទូទៅនៃព្រះគម្ពីរសញ្ញាថ្មីពាក់កណ្ដាលទីពីរ
ចូរពន្យល់ថាកិច្ចការ ១:៨ពុំគ្រាន់តែបង្រៀនសេចក្ដីពិតទេ ប៉ុន្តែក៏ផ្ដល់នូវទិដ្ឋភាពទូទៅនៃគម្ពីរសញ្ញាថ្មីពាក់កណ្ដាលចុងក្រោយផងដែរ ។
-
យោងតាមកិច្ចការ ១:៨តើព្រះអង្គសង្គ្រោះបានព្យាករថា ពួកសិស្សរបស់ទ្រង់នឹងធ្វើជាសាក្សីអំពីទ្រង់នៅកន្លែងណា ?
សូមសរសេរចំណុចដូចខាងក្រោមនេះនៅលើក្ដារខៀន ៖កិច្ចការ ១–៥ = យេរូសាឡិម, កិច្ចការ ៦–៩ = ស្រុកយូដា និងសាម៉ារី , កិច្ចការ ១០–២៨= ចុងបំផុតនៃផែនដី ( សូមមើល Bible Dictionary « Acts of the Apostles » ) ។
ចូរពន្យល់ថា ពួកសិស្សបានចាប់ផ្ដើមធ្វើជាសាក្សីអំពីព្រះយេស៊ូវដូចបានដឹកនាំ ។ ទីមួយ ពួកសាវកបានផ្សាយនៅក្នុងទីក្រុងយេរូសាឡិម បន្ទាប់មក នៅស្រុកយូដា និងស្រុកសាម៉ារី រួចហើយទៅទីឆ្ងាយបំផុតនៃផែនដី ។
ចូរសុំឲ្យសិស្សបើក ទៅតារាងមាតិការបស់ ព្រះគម្ពីរប៊ីប ។ សូមអញ្ជើញសិស្សឲ្យរកក្នុងគម្ពីរសញ្ញាថ្មីនូវគម្ពីរ ដែលនៅបន្ទាប់នឹងគម្ពីរកិច្ចការ ។ សូមពន្យល់ថា គម្ពីររ៉ូមរហូតដល់គម្ពីរហេព្រើរ គឺជាសំបុត្រ ( លិខិត ) ដែលត្រូវបានសរសេរដោយសាវកប៉ុល ។ សិស្សនឹងរៀនអំពីការផ្លាស់ប្រែចិត្តជឿ និងការបម្រើរបស់ប៉ុល នៅពេលពួកគេសិក្សាកិច្ចការ ៩,១៣-២៨ ។
ចូរសុំឲ្យសិស្សបើកទៅកាន់ថែស្សាឡូនីច ទី ១ ។ ចូរពន្យល់ថា ធីម៉ូថេ គឺជាប្រជាជនដែលរស់នៅក្នុងទីក្រុងថែស្សាឡូនីច ។ សូមអញ្ជើញសិស្សឲ្យបើកទៅផែនទីគម្ពីរប៊ីបលេខ ១៣« ការធ្វើដំណើរផ្សព្វផ្សាយសាសនារបស់សាវកប៉ុល »និងទីតាំងទីក្រុងថែស្សាឡូនីចនៅលើផែនទី ។ ចូរពន្យល់ថា សំបុត្រជាច្រើននៅក្នុងគម្ពីរសញ្ញាថ្មី ត្រូវបានសរសេរទៅកាន់ក្រុមជំនុំនៃសាសនាចក្រនៅទីក្រុងផ្សេងៗគ្នា ដើម្បីប្រាប់អំពីតម្រូវការជាក់លាក់របស់ពួកគេ ។ អ្នកក៏អាចនឹងចង់ពន្យល់ថា សំបុត្រទាំងនេះ គឺពុំបានរៀបចំតាមលំដាប់លំដោយនៃកាលប្រវត្តិវិទ្យា នៅក្នុងគម្ពីរសញ្ញាថ្មីទេ ។ គម្ពីរថែស្សាឡូនីចទី ១គឺត្រូវបានជឿថាជាសំបុត្រទីមួយដែលប៉ុលបានសរសេរ ។
ចូរសុំសិស្សឲ្យរកមើលតារាងមាតិកា ហើយប្រាប់អំពីគម្ពីរផ្សេងៗមួយចំនួន ដែលបានសរសេរជាសំបុត្រទៅកាន់ក្រុមជំនុំនៃពួកបរិសុទ្ធ ។
ចូរពន្យល់ថា បន្ថែមពីលើការសរសេរទៅកាន់ក្រុមជំនុំនៃពួកបរិសុទ្ធ ប៉ុលបានសរសេរទៅកាន់បុគ្គលម្នាក់ៗដូចជា ធីម៉ូថេទី ទីតុស និង ភីលេម៉ូន ។
ចូរសុំឲ្យសិស្សរកមើលថា តើគម្ពីរអ្វីនៅបន្ទាប់ពីហេព្រើរនៅក្នុងតារាងមាតិកា ។
ចូរពន្យល់ថា បន្ថែមពីលើប៉ុល ពួកសាវក និងអ្នកដឹកនាំសាសនាចក្រដទៃទៀតបានសរសេរទៅកាន់សមាជិកនៃសាសនាចក្រ ។ យើងនៅតែមានសំបុត្រទាំងនេះមួយចំនួន ដែលជាគម្ពីរយ៉ាកុបទៅដល់គម្ពីរពួកចៅហ្វាយ ។ គម្ពីរវិវរណៈកត់ត្រាការនិមិត្តមួយ ដែលសាវកយ៉ូហានបានមើលឃើញ ។
សូមអញ្ជើញសិស្សឲ្យបន្ដការអានទៅព្រះគម្ពីរសញ្ញាថ្មីពាក់កណ្ដាលទីពីរដោយខ្លួនគេផ្ទាល់ ។ សូមលើកទឹកចិត្តពួកគេឲ្យអធិស្ឋាន នៅពេលពួកគេសិក្សាដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចបំភ្លឺគំនិតពួកគេ ហើយជួយពួកគេទទួលបានការយល់ដឹងកាន់តែជ្រាលជ្រៅ នៅពេលពួកគេសិក្សាការបង្រៀនទាំងឡាយរបស់ពួកសាវកក្នុងគម្ពីរសញ្ញាថ្មី ។