មេរៀនទី ៩៤
កិច្ចការ ១៧
សេចក្ដីផ្ដើម
ក្រោយពីចាកចេញពីភីលីព ប៉ុល និងស៊ីឡាសបានបង្រៀនដំណឹងល្អនៅថែស្សាឡូនីច និងក្រុងបេរា ។ ការបៀតបៀនមកពីពួកអ្នកឥតជំនឿនៅក្នុងទីក្រុងទាំងនេះ បានជម្រុញប៉ុលឲ្យភៀសខ្លួនទៅក្រុងអាថែន ជាកន្លែងដែលលោកបានបង្រៀនដល់ប្រជាជននៅទីនោះអំពីលក្ខណៈពិតរបស់ព្រះនៅលើភ្នំអើរីយ៉ូស ។
យោបល់សម្រាប់ការបង្រៀន
កិច្ចការ ១៧:១-១៥
មានពួកយូដាមួយចំនួននៅក្រុងថែស្សាឡូនីចព្យាយាមបញ្ឈប់ប៉ុលមិនឲ្យប្រកាសដំណឹងល្អ
សូមអញ្ជើញសិស្សឲ្យពន្យល់ថា តើពួកគេនឹងឲ្យដំបូន្មានអ្វីទៅមនុស្សដែលនៅក្នុងស្ថានភាពខាងក្រោមនេះ ៖
-
យុវជនម្នាក់ដែលជាសមាជិកសាសនាចក្របានស្ដាប់សមាជិកមួយរូបនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថ្លែងអំពីសារសំខាន់នៃអាពាហ៍ពិពាហ៍ និងគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ មិត្តមួយចំនួនរបស់យុវជននោះបានសម្ដែងការមិនពេញចិត្តជាមួយនឹងការបង្រៀនរបស់សាវករូបនោះ ។ យុវជននោះចង់ដឹងដោយខ្លួនឯងថា តើការបង្រៀនរបស់សាវករូបនោះជាការពិតដែរឬទេ ។
-
យុវនារីម្នាក់បានចោទសួរពីសារៈសំខាន់នៃការរក្សាថ្ងៃឈប់សម្រាកជាថ្ងៃបរិសុទ្ធ ។ មិត្តនាងភាគច្រើនបានចំណាយពេលនៅថ្ងៃអាទិត្យដើរផ្សារ និងដេក ហើយពួកគេមិនគិតចង់ទៅព្រះវិហារនោះទេ ។ ម្ដាយនាងពន្យល់ពីពរជ័យដែលអាចកើតមានមកពីការគោរពដល់ព្រះអម្ចាស់នៅថ្ងៃអាទិត្យ ប៉ុន្តែយុវនារីម្នាក់នេះនៅតែពិបាកនឹងជឿថា ការរក្សាថ្ងៃឈប់សម្រាកជាថ្ងៃបរិសុទ្ធគឺជារឿងដ៏មានសារៈសំខាន់ ។
នៅពេលសិស្សសិក្សា កិច្ចការ ១៧ សូមអញ្ជើញពួកគេឲ្យរកមើលគោលការណ៍ ដែលនឹងជួយពួកគេឲ្យដឹងដោយខ្លួនឯងពីសេចក្ដីពិតដ៏ពេញលេញនៃសារលិខិតដែលយើងទទួលពីពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ។
សូមពន្យល់ថា ប៉ុល និងស៊ីឡាសបានធ្វើដំណើរទៅថែស្សាឡូនីច ជាកន្លែងដែលពួកលោកបានបង្រៀននៅក្នុងសាលាប្រជុំរបស់ពួកយូដា ។ ( អ្នកគួរអញ្ជើញសិស្សឲ្យស្វែងរកថែស្សាឡូនីច និងម៉ាសេដូនី នៅលើផែនទីក្នុងព្រះគម្ពីរ ល.រ. ១៣ « ដំណើរទាំងឡាយដែលសាវកប៉ុលទៅផ្សាយសាសនា » ) ។ សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ១៧:១-៣ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាប៉ុលបានប្រើអ្វី ដើម្បីបង្រៀនដល់ពួកយូដា ។
-
តើប៉ុលបានប្រើអ្វីដើម្បីបង្រៀនដល់ពួកយូដា ?
សូមពន្យល់ថា បើកសម្ដែង ( ខទី ៣ ) មានន័យថាបង្ហាញ ឬប្រកាស ។ ប៉ុលបានប្រើវគ្គបទគម្ពីរដើម្បីប្រកាស ឬបង្ហាញថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។
សូមអញ្ជើញសិស្សម្នាក់អានកិច្ចការ ១៧:៤-៥ឲ្យឮៗ ហើយសុំសិស្សក្នុងថ្នាក់ឲ្យរកមើលរបៀប ដែលប្រជាជននៅថែស្សាឡូនីចបានឆ្លើយតបចំពោះការបង្រៀនរបស់ប៉ុល ។ អ្នកគួរពន្យល់ថា ពាក្យ បានចូលខាង មានន័យថាមកជួបជុំជាមួយ ឬចូលរួម ហើយថាពាក្យ មនុស្សពាលអនាថា មានន័យថា អារក្ស ។
-
តើប្រជាជនបានឆ្លើយតបទៅនឹងការបង្រៀនរបស់ប៉ុលយ៉ាងដូចម្ដេច ?
សូមសង្ខេប កិច្ចការ ១៧:៦–៩ ដោយពន្យល់ថា មានក្រុមពួកឥតជំនឿមួយក្រុមបានព្យាយាមស្វែងរកប៉ុល និងស៊ីឡាស ។ នៅពេលពួកគេរកមិនឃើញ ក្រុមមនុស្សកំណាចនេះបានទៅរកពួកដឹកនាំនៅថែស្សាឡូនីច ហើយបានចោទប្រកាន់ថាការបង្រៀនរបស់ប៉ុលបានគំរាមកំហែងដល់សិទ្ធិអំណាចរបស់ស្ដេចសេសា ។
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ១៧:១០-១២ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា ប៉ុល និងស៊ីឡាសបានគេចខ្លួនទៅទីណា ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
យោងតាម ខទី ១២ តើពួកយូដានៅក្រុងបេរាបានឆ្លើយតបនឹងការបង្រៀនរបស់ប៉ុលយ៉ាងដូចម្ដេច ?
សូមចម្លងសមីការមិនពេញលេញខាងក្រោមនេះដាក់លើក្ដារខៀន ៖
-
យោងតាម ខទី ១១ តើដំបូងឡើយប្រជាជនបានធ្វើអ្វីខ្លះ ដែលបានដឹកនាំពួកគេឲ្យជឿលើការបង្រៀនរបស់ប៉ុល ? (បន្ទាប់ពីសិស្សឆ្លើយរួចហើយ សូមសរសេរឃ្លាខាងក្រោមនេះនៅលើក្ដារខៀនជាផ្នែកទីមួយនៃសមីការនោះ ៖ពួកគេបានរៀបចំចិត្តគំនិតសព្វគ្រប់នឹងទទួលយកពាក្យសម្ដីរបស់ប៉ុល )។
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃការ « ប្រុងប្រៀបសព្វគ្រប់នឹង [ ទទួល ] ព្រះបន្ទូល » សូមយកបាល់មួយមកថ្នាក់ ហើយអញ្ជើញសិស្សពីរនាក់ឲ្យឡើងមកក្ដារខៀន ។ ចូរសុំឲ្យសិស្សម្នាក់ត្រៀមខ្លួនចាប់បាល់នោះ ហើយប្រាប់សិស្សម្នាក់ទៀតឲ្យបោះបាល់ទៅសិស្សទីមួយ ។ ក្រោយមកទៀត ចូរសួរដល់សិស្សក្នុងថ្នាក់ថា តើពួកគេអាចប្រាប់ថា សិស្សទីមួយបានត្រៀមខ្លួនចាប់បាល់ដោយរបៀបណា ។
បន្ទាប់មក សូមអញ្ជើញសិស្សទីមួយឲ្យបង្ហាញពីការ មិន ត្រៀមខ្លួនចាប់បាល់នោះ ហើយបន្តធ្វើបែបនោះកាលដែលសិស្សម្នាក់ទៀតបោះបាល់ឲ្យម្ដងទៀត ។ ចូរឲ្យសិស្សម្នាក់ទៀតបោះបាល់មក ( ដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យកើតមានការរងរបួស ) ។ ចូរសួរដល់សិស្សក្នុងថ្នាក់ថា តើពួកគេអាចប្រាប់ថាសិស្សទីមួយមិនបានត្រៀមខ្លួនដើម្បីចាប់បាល់ដោយរបៀបណា ។ សូមអញ្ជើញសិស្សទាំងពីរនាក់ឲ្យត្រឡប់ទៅកាន់កន្លែងអង្គុយវិញ ។
សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យបង្ហាញថា ការត្រៀមខ្លួនទទួលយកពាក្យសម្ដីរបស់ពួកអ្នកបម្រើរបស់ព្រះមានលក្ខណៈបែបណាដែរ ។ បន្ទាប់មក ចូរសុំឲ្យពួកគេបង្ហាញថា ប្រសិនបើមនុស្សម្នាក់មិនបានត្រៀមខ្លួនទទួលយកពាក្យសម្ដីរបស់ពួកអ្នកបម្រើរបស់ព្រះ តើវាមានលក្ខណៈបែបណាដែរ ។ ( ឧទាហរណ៍ សិស្សអាចបិទព្រះគម្ពីរ និយាយជាមួយអ្នកជិតខាង ឬលេងតែជាមួយនឹងឧបករណ៍អេឡិចត្រនិច) ។
-
ក្រៅពីអាការៈខាងក្រៅរបស់គាត់ តើអ្វីទៅអាចនឹងកើតឡើងនៅក្នុងដួងចិត្ត និងគំនិតរបស់មនុស្សម្នាក់ ដែលត្រៀមខ្លួនទទួលយកសារលិខិតនៃដំណឹងល្អ ?
សូមទាញចំណាប់អារម្មណ៍របស់សិស្សទៅលើចន្លោះទីពីរនៅក្នុងសមីការនៅលើក្ដារខៀន ។
-
យោងតាម ខទី ១១ តើប្រជាជនបានធ្វើអ្វីផ្សេងទៀត ដែលបានដឹកនាំពួកគេឲ្យជឿលើការបង្រៀនរបស់ប៉ុល ? (បន្ទាប់ពីសិស្សឆ្លើយរួចហើយ សូមសរសេរឃ្លាខាងក្រោមនេះនៅលើក្ដារខៀនជាផ្នែកទីពីរនៃសមីការនោះ ៖ពួកគេបានស្រាវជ្រាវពីព្រះគម្ពីររាល់ថ្ងៃ ដើម្បីយល់ពីពាក្យសម្ដីរបស់ប៉ុល )។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះពីកិច្ចការ ១៧:១០-១២ដែលអាចពង្រឹងជំនឿរបស់យើង លើពាក្យសម្ដីនៃពួកអ្នកបម្រើរបស់ព្រះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែចូរប្រាកដថា ពួកគេគួរស្គាល់គោលការណ៍ដូចខាងក្រោមនេះ ៖ ប្រសិនបើយើងទទួលពាក្យសម្ដីនៃពួកអ្នកបម្រើរបស់ព្រះអម្ចាស់ដោយត្រៀមគំនិតជាស្រេច ហើយស្រាវជ្រាវបទគម្ពីរប្រចាំថ្ងៃ នោះជំនឿរបស់យើងលើប្រសាសន៍របស់ពួកលោកនឹងមានភាពរឹងមាំ ។
សូមមើលឡើងវិញពីស្ថានភាព ដែលបានពិពណ៌នានៅខាងដើមមេរៀន ។
-
តើគោលការណ៍នេះអាចជួយមនុស្ស នៅក្នុងស្ថានភាពទាំងនេះបានយ៉ាងដូចម្ដេច ?
-
តើការសិក្សាព្រះគម្ពីរប្រចាំថ្ងៃអាចជះឥទ្ធិពលដល់សមត្ថភាពរបស់យើង ដើម្បីនឹងជឿលើសេចក្ដីពិតយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យពិចារណាពីពេលវេលា ដែលពួកគេបានធ្វើជាសាក្សីអំពីភាពពេញលេញនៃសេចក្ដីពិតនៃគោលការណ៍នេះ ។ អ្នកគួរអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ។
សូមលើកទឹកចិត្តសិស្សឲ្យទទួលយកពាក្យសម្ដីរបស់ពួកព្យាការី ថ្នាក់ដឹកនាំ គ្រូបង្រៀន និងឪពុកម្ដាយដោយ « ប្រុងប្រៀបសព្វគ្រប់ » ហើយអានព្រះគម្ពីររាល់ថ្ងៃ ។
សូមសង្ខេប កិច្ចការ ១៧:១៣–១៥ ដោយពន្យល់ថា នៅពេលពួកយូដានៅក្នុងថែស្សាឡូនីចបានស្ដាប់ឮថា ប៉ុលកំពុងប្រកាសដំណឹងល្អនៅក្រុងបេរា នោះពួកគេបានមកធ្វើឲ្យប្រជាជននៅក្រុងបេរាខឹង ។ ប៉ុលបានរត់ភៀសខ្លួនម្ដងទៀត ដូច្នេះលោកបានធ្វើដំណើរទៅក្រុងអាថែន ។
កិច្ចការ ១៧:១៦-៣៤
ប៉ុលបង្រៀននៅភ្នំអើរីយ៉ូស
សូមអញ្ជើញសិស្សឲ្យបើកទៅរូបថតអំពីព្រះគម្ពីរប៊ីប ល.រ. ២៩ « អាថែន » នៅក្នុងផែនទី និងរូបថតទាំងឡាយអំពីព្រះគម្ពីរប៊ីប ។ សូមចង្អុលបង្ហាញថា រូបថតនេះបង្ហាញពីព្រះវិហារបរិសុទ្ធមួយនៃព្រះវិហារបរិសុទ្ធជាច្រើននៅក្រុងអាថែនដែលបានប្រើប្រាប់សម្រាប់ជាការថ្វាយបង្គំរូបព្រះក្លែងក្លាយ ។ នៅខាងក្នុងព្រះវិហារបរិសុទ្ធទាំងនេះ គឺជារូបសំណាកព្រះដែលបង្កើតដោយស្នាដៃមនុស្ស ។ នៅខាងក្រៅគឺជាអាសនាបូជាថ្វាយដល់ព្រះក្លែងក្លាយទាំងនេះត្រូវបានគេធ្វើឡើង ។
សូមសង្ខេប កិច្ចការ ១៧:១៦–២១ ដោយពន្យល់ថា ប៉ុលមានកង្វល់យ៉ាងខ្លាំងចំពោះការថ្វាយបង្គំព្រះក្លែងក្លាយនៅក្រុងអាថែន ហើយលោកបានបង្រៀននៅក្នុងសាលាប្រជុំ និងតាមផ្សារនៅទីនោះ ។ បន្ទាប់មក ពួកទស្សនវិទូបានអញ្ជើញប៉ុលឲ្យពន្យល់ពី « គោលលទ្ធិថ្មី » របស់លោក ( ខទី១៩ ) ទៅដល់ក្រុមប្រឹក្សាច្បាប់ ដែលលោកបានជួបនៅលើភ្នំអេរីយ៉ូស ។
សូមអញ្ជើញសិស្សម្នាក់អាន កិច្ចការ ១៧:២២-២៣ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថា តើប៉ុលបានសង្កេតឃើញអ្វីនៅលើអាសនាមួយនៅអាថែន ។
-
តើប៉ុលបានឃើញអ្វីនៅលើអាសនាមួយនៅអាថែន ?
សូមពន្យល់ថា ខទី ២២ កត់ត្រាថា ប៉ុលបានសរសើរដល់ពួកអាថែនដោយពោលថា ពួកគេ « ឧស្សាហ៍ខ្នះខ្នែង » មានន័យថាពួកគេ « កាន់សាសនាណាស់ » ឬ « ខ្វាល់ខ្វាយពីរឿងរបស់ព្រះ » ។ អាសនាសម្រាប់ « ព្រះដ៏ពុំស្គាល់ » ( ខទី ២៣ ) គឺជាការប៉ុនប៉ងរបស់ពួកអាថែនដើម្បីចុះសម្រុងនឹងព្រះដែលខ្លួនពុំស្គាល់ ឬព្រះដែលពុំស្គាល់ពីនាមនោះទៀតផង ។ តាមមើលទៅ ពួកគេមិនចង់ធ្វើខុស ឬ ព្រងើយកន្កើយនឹងព្រះណាមួយរវាទចិត្ត ឬទទួលការប្រមាថ ។
សូមចង្អុលបង្ហាញថា ប្រយោគចុងក្រោយក្នុង កិច្ចការ ១៧:២៣ រួចសួរ ៖
-
ហេតុអ្វីប៉ុលបានធ្វើសេចក្ដីយោងទៅអាសនានេះ ទៅលើ « ព្រះដ៏ពុំស្គាល់ » នេះ ? ( លោកបានប្រើវាដើម្បីឧទ្ទេសនាមនូវគំនិតពីព្រះដ៏ពិត ជាព្រះវរបិតាសួគ៌ ជាព្រះដែលពួកគេពុំស្គាល់ ) ។
សូមបំបែកសិស្សជាដៃគូ ឬ ជាក្រុមតូចៗ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យស្វែងរក កិច្ចការ ១៧:២៤–៣១ នូវសេចក្ដីពិតឲ្យបានច្រើនតាមដែលពួកគេអាចរកឃើញ អំពីព្រះដែលប្រជាជនអាថែនមិនបានស្គាល់នោះ ។ កាលពួកគេកំពុងសិក្សា សូមសរសេរលេខខគម្ពីរនីមួយៗ ( ២៤-៣១ ) នៅលើក្ដារខៀន ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបីបួននាក់ឡើងមកក្ដារខៀន សរសេរពីសេចក្ដីពិតមួយ ដែលពួកគេបានរកឃើញ នៅក្បែរលេខនៃខគម្ពីរដែលពួកគេបានរកឃើញវា ។ ( ដើម្បីជួយសិស្សឲ្យស្គាល់ពីសេចក្ដីពិតមួយនៅក្នុង កិច្ចការ ១៧:២៧សូមពន្យល់ថាការបកប្រែដោយយ៉ូសែប ស្ម៊ីធ សម្រាប់ខគម្ពីរនេះបានចែងថា « ពួកគេត្រូវស្វែងរកព្រះអម្ចាស់ ប្រសិនបើពួកគេមានឆន្ទៈរកទ្រង់ ដ្បិតទ្រង់គង់នៅមិនឆ្ងាយពីយើងរាល់គ្នាឡើយ ។
អ្នកក៏អាចណែនាំឲ្យសិស្សគូសចំណាំសេចក្ដីពិតនីមួយៗនៅក្នុងព្រះគម្ពីររបស់ពួកគេផងដែរ ។ សេចក្តីពិតមួយចំនួនដែលពួកគេបានសរសេរនៅលើក្ដារខៀន អាចរួមមានដូចខាងក្រោមនេះ ៖
-
ខ ២៤៖ ព្រះបានបង្កើតពិភពលោក ។
-
ខ ២៥ ៖ ព្រះបានប្រទានជីវិតដល់វត្ថុសព្វសារពើ ។
-
ខ ២៦ ៖ ព្រះគ្រប់គ្រងលើជីវិតទាំងអស់ ។
-
ខ ២៧ ៖ប្រសិនបើយើងមានឆន្ទៈស្វែងរកព្រះ យើងនឹងឃើញថា ទ្រង់គង់នៅមិនឆ្ងាយពីយើងឡើយ ។
-
ខ ២៨ ៖យើងគឺជាកូនចៅរបស់ព្រះ ។
-
ខ ២៩ ៖ យើងត្រូវបានបង្កើតឡើងតាមរូបរបស់ព្រះ ។
-
ខ ៣០៖ ព្រះបង្គាប់មនុស្សគ្រប់គ្នាឲ្យប្រែចិត្ត ។
-
ខ ៣១៖ព្រះនឹងកាត់សេចក្ដីយើង ព្រះនឹងប្រោសមនុស្សទាំងអស់ឲ្យរស់ពីស្លាប់ ។
សូមអញ្ជើញសិស្សឲ្យជ្រើសយកសេចក្ដីពិតមួយនៅលើក្ដារខៀន ដែលវាមានន័យចំពោះពួកគេ ។ ចូរសុំឲ្យសិស្សពីរបីនាក់ចែកចាយពីសេចក្ដីពិតដែលពួកគេបានជ្រើស ហើយហេតុអ្វីបានជាវាមានន័យចំពោះពួកគេ ។
សូមចង្អុលបង្ហាញពី គោលលទ្ធិ« យើងគឺជាកូនចៅរបស់ព្រះ » ។
-
តើពាក្យថាជា « កូនចៅ » របស់ព្រះមានន័យដូចម្ដេច ? ( យើងគឺជាកូនខាងចៅវិញ្ញាណរបស់ព្រះវរបិតាសួគ៌ ) ។
-
ហេតុអ្វីវាជារឿងដ៏សំខាន់ ដែលត្រូវយល់ដឹងពីសេចក្ដីពិតនេះ ? ( វាអាចជួយយើងឲ្យស្គាល់ពីតម្លៃគ្មានដែនកំណត់របស់យើងចំពោះព្រះវរបិតាសួគ៌ និងសក្ដានុពលរបស់យើងដើម្បីប្រែក្លាយដូចជាទ្រង់ដែរ ) ។
-
តើបញ្ហា ឬការភាន់ច្រឡំអ្វីខ្លះ ដែលអាចកើតឡើងតាមរយៈការមិនយល់ពីគោលលទ្ធិនេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលថា ហេតុអ្វីយើងត្រូវចងចាំ ដើម្បីមើលឃើញខ្លួនឯងថាជាកូនចៅដ៏សំខាន់របស់ព្រះ ។
« ចូរប្រុងប្រយ័ត្នពីរបៀបដែលអ្នកសម្គាល់ចរិតខ្លួនឯង ។ ចូរកុំសម្គាល់ចរិត ឬកំណត់ខ្លួនឯងដោយគុណសម្បត្តិបណ្ដោះអាសន្នមួយចំនួនឡើយ ។ គុណសម្បត្តិតែមួយគត់ដែលចង្អុលបង្ហាញចរិតយើងគឺថា យើងគឺជាបុត្រាបុត្រីនៃព្រះ ។ ការពិតនោះមានគុណសម្បត្តិលើសពីបុគ្គលិកលក្ខណៈផ្សេងទៀតទាំងអស់ រួមទាំងជាតិសាសន៍ ការងារ បុគ្គលិកលក្ខណៈ កិត្តិយស ឬសូម្បីតែសាសនា » ( « How to Define Yourself » New Era ខែ មិថុនា ឆ្នាំ ២០១៣ ទំព័រ ៤៨ ) ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីចងចាំថា យើងគឺជាកូនចៅនៃព្រះជាមុន ?
សូមយោងទៅគោលការណ៍ « ប្រសិនបើយើងមានឆន្ទៈស្វែងរកព្រះ យើងនឹងឃើញថា ទ្រង់គង់នៅមិនឆ្ងាយពីយើងឡើយ » ។
-
តើយើងអាចខិតខំស្គាល់ ហើយខិតមកជិតព្រះតាមរបៀបណា ?
-
តើការយល់ដឹងពីទំនាក់ទំនងយើងជាមួយនឹងព្រះ អាចជះឥទ្ធិពលដល់បំណងប្រាថ្នារបស់យើងដើម្បីស្វែងរកទ្រង់យ៉ាងដូចម្ដេច ?
-
តើអ្នកមានអារម្មណ៍ថាធ្លាប់នៅជិតនឹងព្រះវរបិតាសួគ៌នៅពេលណាដែរ ?
សូមសង្ខេប កិច្ចការ ១៧:៣២–៣៤ ដោយពន្យល់ថា ពួកអាថែនបានមានប្រតិកម្មលាយឡំគ្នានឹងការលើកឡើងរបស់ប៉ុលអំពី « មនុស្សស្លាប់រស់ឡើងវិញ » ( ខទី ៣២ ) ។ មានពួកគេមួយចំនួនបានចំអកឲ្យប៉ុល រីឯអ្នកផ្សេងទៀតចង់ស្ដាប់ថែមទៀត ហើយមានមនុស្សខ្លះបានជឿ ។
អ្នកគួរថ្លែងទីបន្ទាល់ថា សិស្សអាចស្គាល់ ហើយយល់ពីព្រះ ទោះជាមនុស្សជាច្រើនមិនបានស្គាល់ទ្រង់ក្ដី ។ សូមអញ្ជើញសិស្សឲ្យសរសេរឃ្លា ព្រះដែលអាចស្គាល់ នៅលើក្រដាសមួយសន្លឹក ឬប័ណ្ណមួយ ហើយសរសេរពីវិធីដែលពួកគេនឹងខិតខំ ហើយអភិវឌ្ឍទំនាក់ទំនងមួយជាមួយនឹងព្រះ ។ សូមលើកទឹកចិត្តពួកគេឲ្យដាក់ក្រដាសនេះនៅត្រង់កន្លែង ដែលវាអាចជួយរំឭកពួកគេពីគោលដៅទាំងនោះ ។